Thursday, April 04, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចពីកិច្ចការអាទិភាព៤ចំណុចពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ



ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ដែលធ្វើឡើងនៅមជ្ឈមណ្ឌល The Premier Center Sen Sok នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ពីកិច្ចការអាទិភាព និងគោលបំណងជាយុទ្ធសាស្រ្តមួយចំនួនដែលមានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់។


កិច្ចការអាទិភាពដែលត្រូវយកចិត្តទុកដាក់នោះរួមមាន៖

ទី១- ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដែលផ្តោតលើការកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ដើម្បីផលប្រយោជន៍ប្រជាជនឱ្យកាន់តែល្អប្រសើរ និងឆ្លើយតបក្នុងកម្រិតខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន។


ទី២- ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើការកសាងធនធានមនុស្សនៅក្នុងវិស័យសាធារណៈទាំងនៅក្នុងកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានប្រសិទ្ធភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន។


ទី៣- ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈដែលផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿទុកចិត្តចំពោះរដ្ឋបាលសាធារណៈ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។


ទី៤- ការលើកកម្ពស់ ការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ ដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននានា៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតក្នុងការកែទម្រង់




នៅក្នុងឱកាស «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងាឆ្នាំ២០២៤របស់ក្រសួងមុខងារសាធារណៈ» នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើស្មារតីនៃការលើកកម្ពស់អភិបាលកិច្ចនៅក្នុងរដ្ឋបាលសាធាណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតក្នុងការកែទម្រង់។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត ស្អាតស្អំ។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ត្រូវបំពេញការងារនៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធិភាពខ្ពស់គ្រប់ទិដ្ឋភាពប្រតិបត្តិការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តនៅក្នុងបរិការនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងសភាពការសង្គម និងសេដ្ឋកិច្ច៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការងារអាទិភាពជាងគេ គឺការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ




សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងការកែទម្រង់ប្រព័ន្ធវិជ្ឈការ និងវិសហមជ្ឈការ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅរាជធានីភ្នំពេញ។


សម្តេចធិបតី បានថ្លែងបន្តថា ក្រសួងមុខងារសាធារណៈត្រូវយកចិត្តទុកដាក់លើប្រព័ន្ធកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជា វិស័យអប់រំ វិស័យសុខាភិបាលជាដើម។ នៅក្នុងអាណត្តិទី៧ នេះ រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈត្រូវដើរតួនាទីគន្លឹះនៅក្នុងកិច្ចការងារដែលត្រូវធ្វើជាចាំបាច់ ដើម្បីឱ្យប្រព័ន្ធកែទម្រង់មានប្រសិទ្ធខ្ពស់៕




នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពដ៏សំខាន់




សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងមុខងារសាធារណៈត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដូចជាការគាំទ្រដល់ការកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យអប់រំសុខាភិបាលជាដើម។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ» នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ កំណែទម្រង់រដ្ឋបាលសាធារណៈគឺជាអាទិភាពសំខាន់ ហើយក្រសួងមុខងារសាធារណៈក៏បន្តដើរតួនាទីគន្លឹះ នៅក្នុងកិច្ចការងារដែលត្រូវធ្វើនេះឱ្យកាន់តែល្អប្រសើរផងដែរ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងមុខងារសាធារណៈ សម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ



នៅក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូក​សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ​របស់ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានប្រគល់បេសកកម្មដ៏មានសារៈសំខាន់ ដល់ក្រសួងមុខងារសាធារណៈ នៅក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ផ្អែកលើសេចក្តីទុកចិត្តនេះ ក្រសួងមុខងារសាធារណៈ បានខិតខំបំពេញការងារសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់យ៉ាងច្រើនគួរជាទីកត់សម្គាល់ដូចជា៖

- ការគាំទ្រដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យមុខងារសាធារណៈទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ 

- ការកែទម្រង់ប្រព័ន្ធបៀរវត្សរ៍សម្រាប់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីដ៏ទៃទៀត 

- ការកែលម្អប្រព័ន្ធសោធននិវត្តន៍សម្រាប់អតីតមន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន នៅក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តី និងស្ថាប័ន 

- ការជំរុញ និងកែលម្អគុណភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងការលើកកម្ពស់ភាពជាដៃគូនៃអង្គភាព ផ្តល់សេវាសាធារណៈ។





រាជរដ្ឋាភិបាលកម្ពុជាជំរុញនិងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ



នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ ផលិតផល១» រាជរដ្ឋាភិបាលកម្ពុជាបានប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយរៀបចំទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដោយឈរលើស្មារតីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ និងផុសផុល ។


ក្នុងពេលបច្ចុប្បន្ន ចលនាភូមិមួយផលិតផលមួយ ដែលមានចរិតជាការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះនៅមូលដ្ឋាន បានជួយជំរុញឱ្យការផលិតវត្ថុធាតុដើម ការដាំដុះ និងចិញ្ចឹមសត្វ ការកែច្នៃ មានលក្ខណៈល្អ  ជាពិសេសគុណភាពល្អតម្លៃសមរម្យ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសសម្រេចបាននូវសេដ្ឋកិច្ចមាត្រដ្ឋាន សំដៅធ្វើឱ្យកំណើនសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសារមានភាពរស់រវើក ប្រកបដោយចីរភាព។ ជាក់ស្តែង ចលនានេះបានលើកទឹកចិត្តឱ្យផលិតករ ទាំងកសិករ សិប្បករឬឧស្សាហករ និងពាណិជ្ជករ ឬសេវាករ។


រាជរដ្ឋាភិបាលបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធជាសមាជិក ដែលបានខិតខំប្រឹងប្រែងសហការគ្នាយ៉ាងល្អនាពេលកន្លងមក បើទោះបីជាលក្ខខណ្ឌនៃការអនុវត្តត្រូវជួបប្រទះនូវស្ថានភាពលំបាកខ្លះក៏ដោយ ក៏យើងបានរួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមសំខាន់ៗជាច្រើន៕





សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ចំនួន៤ចំណុចក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៧ ឆ្នាំ២០២៤

 


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ផលិត និងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១» បានផ្ដល់អនុសាសន៍ចំនួន៤ចំណុច ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍ គុណភាពផលិតផល ការពង្រីកឱកាសទីផ្សារនិងការពង្រឹងភាពប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចអំណោយផល និងការធ្វើបរិវត្តកម្មសំខាន់ៗលើគ្រប់វិស័យ។


អនុសាសន៍ទាំង៤ចំណុចរួមមាន៖ 

ទី១- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្តុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអាហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងនិងក្រៅប្រទេស ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវភាពពលរដ្ឋខ្មែរគ្រប់រូបឱ្យកាន់តែល្អប្រសើរឡើង។


ទី២- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព។


ទី៣- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តខិតខំសហការជាមួយគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទូទាំងប្រទេស ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពលនានាជាផលិតផលភូមិ១ផលិតផល១ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយ ឱ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់។


ទី៤- គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្ត ដើម្បីរៀបចំឱ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិ១ផលិតផល១ នៅតាមទីកន្លែងដែលមានសក្តានុពលឱ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និងផ្សព្វផ្សាយលក់ផលិតផលខ្មែរ៕














អាជីវករលក់ដូរក្នុងផ្សារកំពង់បឹង បង្ហាញសេចក្តីរីករាយក្រៃលែងក្រោយទទួលបានដំណោះស្រាយល្អក្រោមកិច្ចសម្របសម្រួលពីអភិបាលខេត្តកំពង់ឆ្នាំង




ក្រុមអាជីវករលក់ដូរនៅផ្សារកំពង់បឹង បានស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពង់ឆ្នាំង ដោយសុំឲ្យជួយសម្របសម្រួលពន្យារពេល នៃការសាងសង់ផ្សារកំពង់បឹងខាងលើនេះសិន ដោយសារតែអាជីវករលក់ដូរក្នុងផ្សារ ពុំទាន់មានលទ្ធភាពក្នុងការរកប្រាក់សម្រាប់ទិញតូបលក់ដូរបាននៅឡើយ។


ក្រោយពីបានទទួលសំណើរបស់ប្រជាពលរដ្ឋ ដែលជាអាជីវករលក់ដូរខាងលើនេះ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក-លោកស្រី អភិបាលរងខេត្ត និងក្រុមការងារ រដ្ឋបាលខេត្ត បានជួបជាមួយតំណាងអាជីវករផ្សារកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន២៥នាក់ (តំណាងអាជីវករមានតូបលក់ដូរក្នុងផ្សារសរុប៥០តូប) ដែលបានសំណូមពរដល់តំណាង ក្រុមហ៊ុនវិនិយោគផ្សារកំពង់បឹងសន្តិភាព ពន្យារពេលនៃការសាងសង់ផ្សារជាបណ្ដោះអាសន្នរយៈពេល៣ឆ្នាំទៀតសិន ដើម្បីទុកលទ្ធភាពដល់បងប្អូនអាជីវករ ដែលកំពុងជួបការលំបាកក្រោយអំឡុងពេលកូវីដ-១៩ និងកត្តាសេដ្ឋកិច្ចសកលឲ្យបានបន្តលក់ដូរជាបន្តទៀត។


ជាលទ្ធផល ក្រោមការសម្របសម្រួលរបស់រដ្ឋបាលខេត្តត្រឹមម៉ោង១៖០០នាទីរសៀល បានសម្រេចគោលការណ៍ឯកភាពដូចខាងក្រោម៖

១- តំណាងក្រុមហ៊ុនវិនិយោគបានឯកភាពរយៈពេលសរុប៥ឆ្នាំគិតតាំងពីពេលមុន និងចាប់គិតសារជាថ្មីដោយចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះរហូតដើមខែកញ្ញា ឆ្នាំ២០២៥ (រយៈពេល១ឆ្នាំកន្លះ)

២- ខាងក្រុមហ៊ុនចាប់ផ្តើមសាងសង់ ហើយតម្រូវឲ្យអាជីវកររើតូបលក់ដូរ ទៅទីតាំងដីអគារគ្រោះមហន្តរាយ និងតាមបណ្តោយផ្លូវបេតុងក្បែរផ្សារកំពង់បឹង។ ចាប់ពីកំឡុងខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុនវិនិយោគ ចាប់ផ្តើមដំណើការសាងសង់ផ្សារមារយៈពេល១៨ខែ

៣- ក្រោយការសាងសង់ផ្សារកំពង់បឹងសន្តិភាពរួច ទើបអនុញ្ញាតឲ្យអាជីវករជួលតូបចូលលក់ដូរក្នុងផ្សារដោយមិនយកថ្លៃជួលតូបរយៈពេល២ឆ្នាំបន្តទៀត និងតម្រូវបង់តែថ្លៃភាស៊ីផ្សារតែប៉ុណ្ណោះ។


ការសម្របសម្រួលខាងលើនេះ ធ្វើឲ្យតំណាងអាជីវករមានក្តីរីករាយ និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ឲ្យឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ ដើម្បីជួយសម្របសម្រួលនូវទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ស្នើសុំរយៈពេលតែ៣ឆ្នាំ តែក្រុមហ៊ុនឯកភាពជូនពួកគាត់រហូតដល់៥ឆ្នាំ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ជូនបងប្អូនអាជីវករ ដើម្បីសម្រួលមធ្យោបាយធ្វើដំណើរ និងអាហារថ្ងៃត្រង់ដល់ពួកគាត់ទាំងអស់គ្នា ដែលពួកគាត់ទទួលប្រកបដោយទឹកចិត្តរីករាយយ៉ាងក្រៃលែងផងដែរ៕







លោក ពុយ គា៖ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីក្លាយជាប្រធានព្រឹទ្ធសភា មានអ្វីប្លែក?

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាប្រធានព្រឹទ្ធសភា នៅថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ជាតំណែងដែលផ្តល់តួនាទីកាន់តែទូលាយមិនត្រឹមតែជាដើមខ្សែអូសបន្ទាត់នយោបាយទៅលើស្ថាប័ននីតិប្រតិបត្តិប៉ុណ្ណោះទេ ប៉ុន្តែបានបន្លាយរហូតដល់ស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូលមួយទៀត។

ក្រោយចាកចេញពីកៅអីនយោបាយកំពូលបាន៧ខែ លោកក៏វិលត្រលប់មកវិញ កាន់តំណែងជាប្រធានព្រឹទ្ធសភានៅពេលដែលលោកចូលដល់វ័យចំណាស់៧២ឆ្នាំ “ជាឆ្នាំលេខគូកន្ទុយដូចគ្នា” បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្រ្តីកាលពីនៅវ័យ៣២ឆ្នាំ ហើយក៏ជាឆ្នាំគាប់ជួននឹងពេលវេលាបញ្រ្ចាសពី៧២ទៅនឹង២៧ដែលលោកក្លាយជារដ្ឋមន្ត្រីការបរទេសនៅវ័យ២៧ឆ្នាំ។

បទចម្រៀង “បុរីជូឡុង” បានរៀបរាប់អំពី “ស្នេហ៍វ័យចំណាស់ ចេះថ្នាក់ថ្នមចិត្ត” បានបង្កប់នូវអត្ថន័យបែបមនោសញ្ចេតនាផ្អែមល្ហែមដែលគួរឱ្យទាក់ទាញក្នុងបរិបទស្នេហា ប៉ុន្តែក្នុង បរិបទនយោបាយ ប្រហែលពិបាករកអ្នកនិពន្ធដែលហ៊ានអះអាងថាលោកនឹងផ្អែមល្ហែម ស្រទន់ដូចបទចម្រៀងមួយនេះ។
ជាប្រធានគណបក្សកាន់អំណាច លោកអាចតែងតាំង ដោះដូរ និងមានឥទ្ធិពលពេញសំណុំទៅលើឥស្សរជននយោបាយគ្រប់រូប សូម្បីតែនាយករដ្ឋមន្ត្រី ដរាបណាឥស្សរជនទាំងនោះមកពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច។

ជាប្រធានព្រឹទ្ធសភា លោកនឹងក្លាយជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពីប្រទេស។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភា លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជក្រឹត្យនានានៅពេលព្រះមហាក្សត្រអវត្តមាន។ ជាស្វ័យប្រវត្តិ លោកក៏ជាប្រធានក្រុមប្រឹក្សារាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យនៅពេលវេលាណាមួយចូលមកដល់។ ក្រៅពីនោះ លោកក៏ជាប្រធានក្រុមឧត្តមប្រឹក្សានៃព្រះមហាក្សត្រដែលប្រជុំដោយឥស្សរជនដែលមានបរមងារសុទ្ធសឹងជាសម្តេច និងជាអតីតឧបនាយករដ្ឋមន្រ្តី។ និយាយមួយបែបសម្តេចតេជោ មានអាត់នៅនឹងដៃចំនួន៣រួចទៅហើយ នោះគឺប្រធានគណបក្ស, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រីឯអាត់ចុងក្រោយគឺប្រមុខរដ្ឋស្តីទីនោះតែម្តង។

យោងទៅលើមុខតំណែង និងតួនាទីដូចបានរៀបរាប់ខាងលើ សម្តេចតេជោ ប្រៀបដូចជា ប្រទេសមហាអំណាចមួយនៅលើអាណាចក្រនយោបាយនៅកម្ពុជា ព្រោះសូម្បីតែនៅរាល់ព្រឹត្តិការណ៍ជាតិទាំងឡាយ លោកនឹងត្រូវស្ថិតនៅទីតាំងដែលមានឋានានុក្រមខ្ពស់ជាងគេបន្ទាប់ពីព្រះមហាក្សត្រ និងនៅតែខ្ពស់ជាងកូនប្រុសរបស់លោកដែលជានាយករដ្ឋមន្រ្តី។

ក្រោយកាន់អំណាចបាន៣៨ឆ្នាំ សម្តេចតេជោ បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីកាលពីខែសីហាឆ្នាំ២០២៣ ហើយតំណែងនេះក៏បានបន្តដោយកូនប្រុសច្បងរបស់លោក គឺ សម្តេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ អាចគ្រប់គ្រងលើអាសនៈចំនួន១២០ ក្នុងចំណោមអាសនៈរដ្ឋសភាចំនួន១២៥ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែ កក្កដា ឆ្នាំ២០២៣ និង៥៥អាសនៈលើ៥៨នៅព្រឹទ្ធសភាដែលបានប្រកួតប្រជែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ពីរថ្ងៃមុនក្លាយជាប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរូបនេះ បានថ្លែងនៅឯសភាជាន់ទាបថា លោកបានអង្គុយក្នុងរដ្ឋសភាជាតិអស់រយៈពេល៤៣ឆ្នាំ (ជាងពាក់កណ្តាលជីវិតរបស់លោក) ប៉ុន្តែលោកត្រូវលាលែងទាំងក្តីអាល័យពីអាសនៈដ៏ចំណាស់មួយនេះដើម្បីទៅបំពេញភារកិច្ចថ្មី។

ជំរំថ្មីលើដែនដីចាស់ ឥស្សរជននយោបាយជាន់ខ្ពស់ចំនួន៥រូបបានចាកចេញពីជំរំការបរទេស រួមមាន៖ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋលេខាធិការចំនួន៤រូបផ្សេងទៀត ក្នុងនោះពីររូបធ្លាប់ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (លោកអ៊ុច បូររិទ្ធ និងលោក ចែម វីឌ្យ៉ា, លោក ឡាយ សំកុល និងលោក ឈីវ យីស៊ាង)។

តាំងពីដំបូងមកម្លេះ ខ្ញុំបានសាកល្បងប្រមើលមើលថា វត្តមានមន្ត្រីការទូតកំពូលនិងជាន់ខ្ពស់ទាំង៥រូប ដែលបាន “លាជំរុំចាស់ទៅកាន់ជំរុំថ្មី” ប្រហែលជាការគូសវាសរបស់សម្តេចតេជោដែលនឹងប្រើប្រាស់ព្រឹទ្ធសភាជាខ្សែទំនាក់ទំនងការទូតសម័យថ្មីដើម្បីធ្វើការជាមួយទាំងប្លុកខាងកើតនិងប្លុកខាងលិច ដោយដើរលើផ្លូវស្របតែមួយជាមួយនឹងកូនប្រុសរបស់លោកដែលកំពុងកាន់អំណាចនីតិប្រតិបត្តិ។

ការប្រមើលមើលរបស់ខ្ញុំអាចប្រហែលត្រូវមួយជ្រុងបន្ទាប់ពីសម្តេចតេជោបានថ្លែងនៅឯវិមានព្រឹទ្ធសភានៅថ្ងៃពុធនេះថា “តួនាទីរបស់ព្រឹទ្ធសភា ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍទំនាក់ទំនងអន្តរជាតិ។ ដោយហេតុផលនោះ និងសម្រាប់នីតិកាលនេះ ទូលបង្គំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ស្ថាប័នយើង”។

បណ្តាំចងចាំមិនភ្លេចថ្លែងដោយជំនឿយ៉ាងមុតមាំ សម្តេចតេជោ បានផ្ញើបណ្តាំដល់សមាជិកព្រឹទ្ធសភាអាណត្តិថ្មីទាំង៦២រូប សូមឱ្យថែរក្សាសុខភាពយ៉ាងហោចណាស់ឱ្យដល់ “ចប់អាណត្តិ” រយៈពេលប្រាំមួយឆ្នាំ។ បណ្តាំមួយនេះ ប្រហែលជាសមាជិកព្រឹទ្ធសភាទាំងអស់មិនអាចបំភ្លេចបានឡើយ។

ទិដ្ឋភាពដ៏កម្រនៃតំណាងប្រទេសមហាអំណាចពីរនៅជាប់គ្នាពិតជាគួរឱ្យចាប់អារម្មណ៍នូវទិដ្ឋភាពដ៏កម្រដែលតំណាងនៃប្រទេសមហាអំណាចពីរ ឯកអគ្គរដ្ឋទូតអាម៉េរិក និងចិន ត្រូវបានគេរៀបចំឱ្យអង្គុយនៅក្បែរគ្នាដោយកាយវិការទន់ភ្លន់រកគ្នា ទោះបីជាកម្តៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមិនទាន់ធ្លាក់ចុះមកវិញនៅឡើយ។ រូបថតមួយសន្លឹកនេះ នឹងធ្វើឱ្យអ្នកតាមដាននយោបាយបង្កើតជាចម្ងល់ថាជាចេតនារបស់លោកទូតទាំងពីរ? ជាចេតនារបស់កម្ពុជា ជាប្រទេសម្ចាស់ផ្ទះ? ជាការរៀបចំបែបពិធីការទូតគិតតាមតួអក្សរ (A B C)? ឬពិធីការទូតគិតជាអតីតភាព (Seniority)? ដំបូងឡើយ រួមទាំងឯកអគ្គរដ្ធទូតរុស្សីមួយរូបទៀតដែលត្រូវអង្គុយជាប់នឹងលោកទូតអាម៉េរិក ពោលគឺប្រទេសមហាអំណាចទាំងបីត្រូវនៅជាប់គ្នាតែម្តង ប៉ុន្តែដោយសារមានសំណូមពរ ពិធីការ ក៏រៀបចំឱ្យជំទាវទូតសឹង្ហបុរីនៅកណ្តាលតែម្តងទៅ។ ដូចនេះ ចម្លើយគឺ “ពិធីការទូតគិតជាអតីតភាព” ហ្នឹងឯង៕