Thursday, December 15, 2016

កម្ពុជា-ហ្វីលីពីន​ ចុះហត្ថលេខា៤ចំណុច ក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់ប្រធានាធិបតី ហ្វីលីពីន

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte នៅកម្ពុជារយៈពេល២ថ្ងៃ ភាគីទាំងពីកម្ពុជា-ហ្វីលីពីន បានចុះហត្ថលេខា កិច្ចព្រមព្រៀង ជាមួយចំនួន៤ចំណុច ក្រោមអធិបតីភាព លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Rodrigo Duterte ។
ឯកសារទាំង៤ ដែលបានចុះហត្ថលេខានោះ រួមមាន៖ទី១-អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន, ទី២-អនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ , ទី៣-អនុស្សរណៈ នៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យកីឡា និងទី៤-ការអនុវត្តកម្មវិធី កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍។ ដោយឡែកទាក់ទង ទៅនឹងបញ្ហាសមុទ្រចិន ខាងត្បូងវិញ ដែលមានទំនាស់ រវាងហ្វីលីពីន និងចិននោះ ត្រូវបានលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ បានថ្លែងក្រោយបញ្ចប់ កិច្ចជំនួបថា មិនត្រូវបានលើកយក មកពិភាក្សានោះទេ ព្រោះកន្លងមក កម្ពុជាតែងតែប្រកាន់ជំហរ អព្យាក្រឹត្យដោយបាន ស្នើឲ្យប្រទេសទាំងពីរ ដោះស្រាយគ្នាដោយសន្តិវិធី។
ទាក់ទងទៅនឹងលោក ប៉ាក់ គីអៅ ស្តេចប្រដាល់ ពិភពលោកវិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ លោក ប៉ាក់ គីអៅ នឹងមកចូលរួមផងដែរ។ លោកថា ព្រមជាមួយគ្នា នៅឆ្នាំក្រោយ ស្តេចប្រដាល់ពិភពលោករូបនេះ បានអះអាងថា នឹងមកលេងកម្ពុជាម្តងទៀត។ បើតាមរដ្ឋមន្រ្តី ក្រសួងទេសចរណ៍ លោក ប៉ាក់ គីអៅ បានកោតសរសើរ វិស័យកីឡានៅកម្ពុជា ថាមានរីកចំរើន ជាពិសេស ផ្នែកកីឡាប្រដាល់តែម្តង។ លោក ប៉ាក់ គីអៅ ក៏បានសង្កត់ធ្ងន់ថា លោកនឹងជួយបង្ហាត់បង្រៀន និងបង្វឹកដល់កីឡាករកម្ពុជា លើផ្នែកកីឡាប្រដាល់នេះ៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់អនុសាសន៍អោយសមាគមគ្រឹះស្ថានឧត្តម​សិក្សាកម្ពុជាថា ត្រូវចេះសាមគ្គីគ្នា និងកុំបង្កជាបញ្ហានៅក្នុងសង្គម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍អោយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ត្រូវចេះសាមគីគ្នា និងកុំបង្កជាបញ្ហានៅក្នុងសង្គម និងត្រូវខិត ខំបំពេញបេសកម្មរបស់ខ្លួនអោយបានពេញលេញ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានផ្តល់អនុសាសន៍មួយចំនួនទៅអោយគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាថា ត្រូវចេះសាមគីគ្នា កុំបែកបាក់ និងកុំបង្កជាបញ្ហានៅក្នុងសង្គម។ លោក ហ៊ុន សែន មានប្រសាសន៍ដូចនេះ នៅពេលដែលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចូលជូបសម្តែងការគួសម និងទទូលអនុសាសន៍ពីលោក នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអោយសមាគមន៍ធ្វើការជូបប្រជុំគ្នាជាប្រចាំផងដែរ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលអាចនឹងកើតមានឡើង ដើម្បីចូលរួមអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា ហើយលោកនាយករដ្ឋមន្ត្រីបានសន្យាថា នឹងជូបជាមួយសមាគមននេះ រៀងរាល់មួយឆ្នាំម្តងផងដែរ។
ក្នុងឱកាសនោះលោក ក៏បានណែនាំអោយក្រសួងអប់រំ និងក្រសួងសុខាភិ ដោយធ្វើយ៉ាងណាសហការគ្នាបង្កើតច្រកចេញចូលតែមួយ ក្នុងការសំរួលបែបបទក្នុងការជូយជំរុញការអភិវឌ្ឍធនធានមនុស្ស។
ក្រៅពីនោះលោក ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍អោយសមាគមបំពេញនូវបេសកម្មរបស់ខ្លួនអោយបានហ្មត់ចត់ ដើម្បីធ្វើយ៉ាងណាអោយមានគុណភាពនៅក្នុងវិស័យអប់រំ និងជូយបំផុសអោយយុវជនចូលរៀប បំប៉នធនធានមនុស្ស ចំណេះដឹង ចំណេះធ្វើប្រកបដោយសីលធម៌ និងគុណធម៌។
ជាការឆ្លើយតប ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលដឹកនាំដោយលោក ហេង វ៉ាន់ដា បានជម្រាបប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ក៏ដូចជាសមាគម បានខិតខំបំពេញនូវបេសកម្មរបស់ខ្លួនជាច្រើន ក្នុងន័យលើកកម្ពស់គុណភាពសិក្សារបស់សិស្ស និស្សិត ពង្រឹងគុណភាពគ្រូបង្រៀននៅគ្រប់កម្រិត និងនិរន្តភាពស្ថាប័នស្របតាមអនុសាសន៍របស់លោក។
ជាមួយគ្នានេះដែរ សមាគមក្រៅពីសកម្មភាពមនុស្សធម៌ផ្សេងៗ ក៏បានអញ្ជើញវាគ្មិនសំខាន់ៗ ទាំងជាតិ និងអន្តរជាតិ មកធ្វើបទបង្ហាញទៅតាមផ្នែកផ្សេងៗ ក្នុងគោលបំណងស្វែងយល់អោយបានច្បាស់លាស់ ពីទិដ្ឋភាពដែលទាក់ទងទៅនឹងស្ថានភាពវិស័យអប់រំ៕



គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ បើកសិក្ខាសាលាស្តីពីការរៀបចំការវិនិយោគលើហានិភ័យគួរឱ្យភ័យខ្លាច

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ លោក ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ (គជគម) តំណាងលោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានអញ្ជើញបើកសិក្ខាសាលាស្តីពីការរៀបចំការវិនិយោគលើហានិភ័យគួរឱ្យភ័យខ្លាច នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។
អង្គសិក្ខាសាលានេះ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៦ គឺដើម្បីជួយដល់បណ្តាប្រទេសនានាក្នុងការលើកកម្ពស់សមត្ថភាព ក្នុងការរៀបចំផែនការវិនិយោគលើហានិភ័យគួរអោយភ័យខ្លាច UNISDR ដោយមានការគាំទ្រពីគណៈកម្មការអ៊ឺរ៉ុប ដែលបាននិងកំពុងរៀបចំកម្មវិធីគាំទ្រដល់បណ្តាប្រទេសនានា ដើម្បីធ្វើការប៉ាន់ប្រមាណហានិភ័យ និងរៀបចំផែនការវិនិយោគបានប្រសើរ ដើម្បីដោះស្រាយនូវហានិភ័យទាំងនេះ។
គួរបញ្ជក់ថា កម្មវិធីនេះ បានចាប់ផ្តើមនៅដើមឆ្នាំ២០១៤ ដោយផ្តោតសំខាន់លើសមាសភាពចំនួន៤គឺ៖ ទី១៖ ការកសាងប្រព័ន្ធទិន្នន័យការបាត់បង់ដោយគ្រោះមហន្តរាយថ្នាក់ជាតិ ដែលអាចផលិតនូវព័ត៌មានសំខាន់ៗសម្រាប់ការប៉ាន់ប្រមាណហានិភ័យ និងជូនដំណឹងដល់ការវិនិយោគសាធារណៈស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ទី២៖ ការប៉ាន់ប្រមាណបឋម ទទួលបានពីដំណើរការខាងលើ នឹងត្រូវបានដាក់បញ្ជូលជាមួយការវិភាគហានិភ័យ (ទឹកជំនន់ ខ្យល់ព្យុះ បាក់ដី រាំងស្ងួត និងមុខសញ្ញាគ្រោះថ្នាក់ពាក់ព័ន្ធអាកាសធាតុ ក៏ដូចជាមុខសញ្ញាគ្រោះថ្នាក់បង្កឡើងពីភូមិសាស្ត្រ ដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ)។ ការប៉ាន់ប្រមាណនេះ នឹងជាមូលដ្ឋានសម្រាប់ការគណនាហានិភ័យ ដែលប្រទេសនីមួយៗអាចទប់ទល់បាន និងទំហំដែលអាចផ្ទេរតាមរយៈយន្តការធានារ៉ាប់រង និងមធ្យោបាយផ្សេងទៀត។ ការប៉ាន់ប្រមាណនេះ ក៏ផ្តល់ជាគោលគំនិតថា តើប្រទេសនីមួយៗគួរតែអាចវិនិយោគទៅក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងតើការវិនិយោគទៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយមានទម្រង់ដូចម្តេច។ ទី៣៖ ការពិនិត្យឡើងវិញលើការវិនិយោគដែលមានស្រាប់ពាក់ព័ន្ធនឹង ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ រួមមានការកសាងនូវ យន្តការសម្រាប់តាមដានការវិនិយោគ ដែលត្រួសត្រាយផ្លូវសម្រាប់ការដាក់បញ្ជូលការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ទៅក្នុងប្រព័ន្ធនៃការធ្វើផែនការវិនិយោគរបស់ប្រទេស។ ការពិនិត្យឡើងវិញនេះ នឹងផ្អែកទៅលើការប៉ាន់ប្រមាណហានិភ័យ និងការងារគ្រប់គ្រងហានិភ័យដូចបានរៀបរាប់ខាងលើ និង ទី៤៖ ការចែករំលែកឱ្យបានទូលំទូលាយនូវចំណេះដឹង និងព័ត៌មាន ដែលទទួលបានពីដំណើរការខាងលើ។
អង្គសិក្ខាសាលានេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖ – បង្ហាញនូវលទ្ធផលសំខាន់ៗ ពីការវិភាគការប៉ាន់ប្រមាណហានិភ័យ និងទិន្នន័យបាត់បង់ -បង្ហាញនូវលទ្ធផលសំខាន់ៗ នៃរបាយការណ៍ថ្នាក់ជាតិ -ចែករំលែកបទពិសោធន៍ដល់អ្នកចូលរួម ស្តីពីការវិភាគថវិកាសម្រាប់ហានិភ័យគួរឱ្យភ័យខ្លាច -បង្ហាញពីវិធីសាស្ត្រនៃការវិភាគអត្ថប្រយោជន៍ថ្លៃដើម -រិះរកជំហានបន្ទាប់ សម្រាប់ការផ្ទេរការអនុវត្តការវិនិយោគហានិភ័យសាធារណៈទៅក្នុងគោលនយោបាយ។ សិក្ខាសាលានេះ ក៏ផ្តោតលើគោលនយោបាយការធ្វើផែនការហិរញ្ញវត្ថុសហគមន៍ និងការវិនិយោគ    សាធារណៈ ក៏ដូចជាអ្នកជំនាញថ្នាក់ជាតិផ្នែកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។
លោក ហង្ស សាមឿន បានបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក៏បានផ្ដល់នូវការគាំទ្រទាំងថវិកា និងបច្ចេកទេសដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ដើម្បីការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ និងធ្វើសុពលភាព  ពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃទម្រង់របាយការណ៍ទិន្នន័យគ្រោះមហន្តរាយជាមួយក្រសួងពាក់ព័ន្ធ ភ្នាក់ងារសហប្រជាជាតិ អង្គការសង្គមស៊ីវិល គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី/ខេត្តស្រុក/ក្រុង/ខណ្ឌនិងឃុំសង្កាត់។
លោកអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយ បានបន្ថែមថា ការប្រែប្រួលអាកាសធាតុ នឹងនាំឱ្យមានព្រឹត្ដិការណ៍អាកាសធាតុជលសាស្ដ្រ-ឧតុនិយមកំណាច កាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសងាយរងគ្រោះទៅនឹងមុខសញ្ញាគ្រោះថ្នាក់ទី ២ នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសបង់ក្លាដេស។ ជាសាកល ប្រទេសកម្ពុជាស្ថិ តនៅលំដាប់លេខរៀងទី ៨ ក្នុងចំណោមប្រទេស ដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុ។ គ្រោះមហន្ដរាយធំៗ ដែលកើតមានជាញឹកញាប់នៅកម្ពុជា រួមមាន គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ផលប៉ះពាល់នៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅឆ្នាំកន្លងទៅថ្មីៗនេះ បានធ្វើឱ្យមានការបាត់បង់ និងការខូចខាតយ៉ាងច្រើនលើផ្ទះសម្បែង សុខភាព ការអប់រំ ទីផ្សារ ដំណាំកសិកម្ម សត្វពាហនៈ ទ្រព្យសម្បត្ដិ និងហេដ្ឋារចនាសម្ព័ន្ធ៕