Friday, March 03, 2017

លោក សុខ ឥសាន ៖ ការសន្យាដែលនាំឱ្យប្រជាជនខកចិត្ត

នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧ នេះ លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ចេញនូវទស្សនៈមួយដែលមានចំណងជើងថា “ការសន្យាដែលនាំឱ្យប្រជាជនខកចិត្ត” ដែលមានអត្ថន័យទាំងស្រុងដូចតទៅ៖

ដេីម្បីមហិច្ឆិតាអំណាច អ្នកនយោបាយ មិនខ្លាចញញេីតក្នុងការភូតភរ កុហក បោកប្រាស់ប្រជាជនទេ គឺធ្វេីយ៉ាងណាឲ្យតែបានសន្លឹកឆ្នោត ទោះបីផ្តល់ផលវិបាកដល់ប្រជាជនយ៉ាងណាក្តី គេមិនឈឺក្បាលនោះទេ ។ ជាក់ស្តែង បក្សប្រឆាំងបានឃោសនាបោកប្រាស់ជាច្រើនដងមកហេីយ តែលទ្ធផល គ្មានបានអ្វីដល់ប្រជាជនទេ បានត្រឹមខកចិត្តប៉ុណ្ណោះ ៖
– ឱ្យប្រាក់ខែ យ៉ាងតិច ១លានរៀល តែដល់ជាក់ស្តែង រាជរដ្ឋាភិបាលបច្ចុប្បន្នបានដោះស្រាយជូនមន្ត្រីរាជការ រួចហេីយ ។
– យាយៗតាៗ ត្រូវបានការឧបត្ថម្ភ ៤ ម៉ឺនរៀល ក្នុង ១ ខែ តែអត់រហូតដល់ឥទ្បូវនេះ ។
– ឃុំណាជាប់មេឃុំ ឲ្យទៅទស្សនកិច្ចសិក្សានៅអាមេរិក បារាំង រយៈពេល ១ ខែ ៣ ខែ អត់។
– ជួយរកទីផ្សារនៅបារាំងសំរាប់លក់ ត្រកួន ផ្កាកំប៉្លោក ស្លឹកស្តៅ ស្លឹកគ្រៃ ។ល។ អត់
– ឃុំជាប់ឆ្នោត ផ្តល់ទ្បានពេទ្យ ១ គ្រឿងសំរាប់ដឹកអ្នកជម្ងឺ អត់បាន តែមានតែរថយន្តរបស់គណបក្សប្រជាជនកម្ពុជា ទៅវិញ ។
– បេីគេជាប់ឆ្នោត គេនឹងលប់ចោលបំណុលធនាគារ ទាំងអស់ ធ្វេីឲ្យប្រជាជនមួយចំនួនធំកំពុងវណ្ឌកដោយបំណុលមីក្រូហិរញ្ញវត្ថុ មានឃេីញអ្នកណាចេញសង ឬ លុបចោលឬទេ ?
– គេនឹងលុបចោលបំណុលថ្លៃជីកសិកម្ម តេីមានបានលុបឬទេ បេីអ្នកលក់ជីជាឯកជននោះ ?
– គេនឹងយកប្រាក់ពុករលួយ ជាង ១០០០ លានដុល្លាក្នុង ១ឆ្នាំ មកតម្លេីងប្រាក់ខែ និងមកអភិវឌ្ឈន៏ភូមិ ឃុំ ។ តេីលុយពុករលួយនោះនៅឯណា ?
– គេនឹងតម្លេីងប្រាក់ខែកម្មករឱ្យខ្ពស់ ដោយដេញចោលពួកថៅកែចិត្តខ្មៅឲ្យអស់ ហេីយរកថៅកែចិត្ត សមកជំនួសវិញ ។
– យកដីពីអ្នកមានមកចែកអ្នកក្រ តេីអាចទេ បេីសុទ្ធតែជាកម្មសិទ្ធិឯកជនរបស់គេ ?
– លុបចោលវិនិយោគបរទេស ណាដែលយល់ថាជិះជាន់កម្មករ ។
– សន្យាផ្តល់កន្លែងធ្វេីការឲ្យសកម្មជនទាំងអស់ តែក៏ធានារក្សាទុកកន្លែងឲ្យមន្ត្រីរាជការបច្ចុប្បន្ននៅដដែល តេីបានកន្លែងណាឲ្យ ?
– ស្រុក ខ័ណ្ឌ និងខេត្ត និមួយៗមានប្រធានតែ ១ ទេ តែគេសន្យា ៤ ៥នាក់ តេីបានកន្លែងណាសំរាប់ការសន្យានោះ ?
– បេីគេឈ្នះ មិនខ្វះលុយសំរាប់អភិវឌ្ឈន៏ទេ សហរដ្ឋអាមេរិក ចាំតែជួយតេីកុំព្រួយ ។ គ្រាន់តែបំណុលតាំងពីជំនាន់លន់ ណុល អាមេរិកមិនទាំងលុបផង តេីសង្ឃឹមអី ?
ការនិយាយងាយស្រួលណាស់ ប៉ុន្តែការអនុវត្ត នោះទេីបលំបាក ។ តែដេីម្បីឈ្នះគេមិនខ្លាចសន្យាទ្បេីយ ។
ដូច្នេះមានតែការប្រុងប្រយ័ត្នប៉ុណ្ណោះ ទេីបគេចផុតពីការបោកប្រាស់ ការសន្យាខ្យល់ ។
សូមបងប្អូនប្រជាជន ស្រវ៉ាយកការពិតជាក់ស្តែងបានមកក្នុងដៃ ឃេីញនឹងភ្នែក ទេីបជាការពិតបានផលប្រយោជន៏ពិតៗឥតក្លែងក្លាយ ។សូមកុំជឿការបោកប្រាស់ ការសន្យាអត់ពិតប្រាកដ មិនបានផលស្អីទ្បេីយ បានតែចាញ់បោកគេប៉ុណ្ណោះ នាំឈឺចិត្តអត់អំពេី៕

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧នេះ នៅតែបន្តក្នុងរង្វង់៧%

សន្និសីទលើកទី១១ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០១៧ ដែលមានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល» ត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្រោមវត្តមានជាអធិបតីរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានការចូលរួមពីបណ្តាអ្នកជំនាញជាតិ និងអន្តរជាតិ ក្នុងវិស័យសេដ្ឋកិច្ច ធុរកិច្ចជាច្រើនផងដែរ ។
សន្និសីទប្រចាំឆ្នាំដ៏ធំ ដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវ CDRI និងធនាគារ ANZ Royal នេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យមានការធ្វើ ទំនើបកម្មរចនាសម័ន្ធឧស្សាហកម្មរបស់កម្ពុជា ចេញពីឧស្សាហកម្មដែលប្រើកម្លាំងពលកម្មច្រើន ទៅជាឧស្សាហកម្មផ្អែកលើសមត្ថភាពជំនាញនៅត្រឹមឆ្នាំ២០២៥ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងឧស្សាហូបនីកម្មពិភពលោក ខណៈដែលគេមើលឃើញថា រចនាសម្ព័ន្ធ និងមូលដ្ឋានឧស្សាហកម្មរបស់កម្ពុជានៅមានកម្រិតតូចនៅឡើយ។
ថ្លែងនៅក្នុងសន្និសីទ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ស្របពេលកម្ពុជារំពឹងថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៧នេះ នៅតែបន្តក្នុងរង្វង់៧% ប្រទេសកម្ពុជា ក៏នៅតែមានគោលនយោបាយ ខិតខំបង្កើនផលិតភាពគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្មដែលបានចូលរួមចំណែកប្រមាណ ២៨.៩% នៃផលិតផលក្នុងស្រុកសរុប។ ខណៈដែលមានការរំពឹងទុកក្នុងឆ្នាំនេះថា កំណើនក្នុងវិស័យកសិកម្ម និងវិស័យកាត់ដេរ នឹងល្អប្រសើរជាងឆ្នាំ២០១៦។ ប៉ុន្តែវិស័យសំណង់ និងអចលនវត្ថុវិញ អាចនឹងបន្តថមថយកំណើនក្នុងឆ្នាំនេះ ដោយការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់លើសតម្រូវការ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តី ក៏បានលើកឡើងពីកត្តាជៈឥទ្ធិពលនៃស្ថានភាពពិភពលោកមកដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ ដូចជា ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប! ហានិភ័យនៃការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន! ភាពចម្រូងចម្រាស់ក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេសចិន និងរដ្ឋបាលថ្មីនៃសហរដ្ឋអាមេរិក! ភាពមិនប្រាកដប្រជានៃការដំឡើងអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលរបស់អាមេរិក ! និងការកើនឡើងនូវកម្តៅភូមិសាស្រ្តនយោបាយជាដើម។
ជាងនេះទៀត ការងើបឡើងវិញនូវតម្លៃប្រេងជាសកល និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។ ស្របពេលដែលឧស្សាហូបនីយកម្មកំពុងមានការប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក លោកនាយករដ្ឋមន្រ្តី ចាត់ទុក វិស័យឧស្សាហកម្មជាវិស័យដ៏មានសក្តានុពលសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ស្របទៅនឹងទស្សនវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបនាពេលបច្ចប្បន្ន ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នាឆ្នាំ២០៥០។
ដូចគ្នានេះ បើទោះបីជាវិស័យឧស្សាហកម្មរបស់កម្ពុជា នៅមានកម្រិតទាបក៏ដោយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ ប៉ុន្តែអ្នកជំនាញខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានយល់ឃើញថា ប្រទេសកម្ពុជា មានសក្តានុពលច្រើនសម្រាប់ការបង្កើតខ្សែសង្វាក់តម្លៃសកលក្នុងការផ្គត់ផ្គង់ផលិតផលឧស្សាហកម្មឌីជីថលទៅកាន់ប្រទេសនានា ដោយសារកម្ពុជាមានទីតាំងភូមិសាស្ត្រចំចំណុចកណ្តាលក្នុងតំបន់ និងមានគោលនយោបាយច្បាស់លាស់។
គួរកត់សម្គាល់ដែរថា ក្នុងការទាក់ទាញការវិនិយោគបរទេសមកកម្ពុជា ក្របខណ្ឌអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងដោះស្រាយគន្លឹះចំនួន ៤ រួមមាន៖ ១- ការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ប្រតិបត្តិវិនិយោគ ២-ការរៀបចំផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូន ៣- ការពង្រឹងយន្តការទីផ្សារពលកម្មដោយបណ្តុះបណ្តាលជំនាញបន្ថែម និង៤-ការអភិវឌ្ឍខេត្តព្រះសីហនុឱ្យប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ជាកំពង់ផែពហុបំណងផងដែរ៕






អគ្គនាយកធនាគារបារាំងប្រ៊េឌ ប៉ុបពូល៊ែ៖ ការសម្រេចចិត្តវិនិយោគនេះ គឺដោយសារកម្ពុជាជាប្រទេសមួយ មានស្ថេរភាព និងកំណើនសេដ្ឋកិច្ចល្អ

នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលទី០២ ខែមីនា ឆ្នាំ២០១៧ លោក អូលីវីយេ ឃ្លេន (Olivier Klein) អគ្គនាយកធនាគារបារាំង ប្រ៊េឌ ប៉ុបពូល៊ែ (Group Bred Populaire) បានជម្រាបជូនថា មូលហេតុដែលសម្ព័ន្ធធនាគារ Bred Populaire របស់បារាំងដ៏ធំមានបុគ្គលិកចំនួន៤ម៉ឺននាក់ ចាប់ផ្តើមវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺដោយសារកម្ពុជាជាប្រទេសមួយ មានស្ថេរភាព និងកំណើនសេដ្ឋកិច្ចល្អ។
លោក អូលីវីយេ ឃ្លេន បានជម្រាបជូនដែរថា ធនាគារ Bred Populaire ត្រូវបានបង្កើតឡើងកាលពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ក្រុមហ៊ុន បានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឱ្យសហគ្រាសក្នុងស្រុក (បារាំង) ខ្ចីលុយគ្រប់គ្រាន់ដើម្បីជំរុញការវិនិយោគរបស់គេនោះទេ ដូច្នេះធនាគារនេះ ក៏បានចាប់ផ្តើមមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាសហការជាមួយសហគ្រាសទាំងក្នុង និងក្រៅប្រទេសសម្រាប់រយៈពេលវែង។
ចំពោះវត្តមានជាលើកដំបូងនៃធនាគារ Bred Populaire របស់បារាំង នៅកម្ពុជាពេលនេះ លោកនាយករដ្ឋមន្រ្តី បានយល់ឃើញថា គឺជាសារមួយដែលបញ្ជាក់មិនត្រឹមតែជនជាតិបារាំងទេ តែក៏បានបង្ហាញដល់វិនិយោគិនដទៃទៀតដែរថា នៅកម្ពុជា គឺមានសក្តានុពលសម្រាប់ការវិនិយោគ ហើយកម្ពុជា ក៏ជាប្រទេសមួយដែលមានស្ថេរភាពទាំងសេដ្ឋកិច្ច និងនយោបាយផងដែរ។
ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វត្តមានរបស់ធនាគារ Bred Populaire នៅកម្ពុជា ក៏ចំពេលដែលកម្ពុជាកំពុងតែជំរុញគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មផងដែរ ដូចនេះធនាគារនេះ គឺមានវត្តមានក្នុងន័យមួយគាំទ្រដល់ការជំរុញ ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាតែម្តង៕



រដ្ឋម​ន្ត្រីក្រសួង​មហាផ្ទៃ ជិះឧទ្ធ​ម្ភាគចក្រ ត្រួត​ពិនិត្យ​បទល្មើសនេ​សាទនៅ​បឹងទ​ន្លេសាប​

នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារជិះឧទ្ធម្ភាគចក្រ ត្រួតពិនិត្យបទល្មើសនេសាទនៅបឹងទន្លេសាប។
សូមជម្រាបផងដែរថា ក្នុងបេសកកម្មនេះរួមដំណើរដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថជាតិ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕




លោក សុខ ឥសាន៖ អ្នកក​សាងស​ន្តិភាព ប្តេជ្ញា​ការពារស​ន្តិភាព

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូនសាធារណជនឱ្យធ្វើការពិចារណាថា អ្នកកសាងសន្តិភាព ប្តេជ្ញាការពារសន្តិភាព។ លោក សុខ ឥសាន បានបញ្ជាក់ខ្លឹមសារដូចខាងក្រោម៖
ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងទាំងអស់គ្នាថា សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពសម្រាប់ប្រជាជនកម្ពុជា និងប្រទេសជាតិកម្ពុជា តែម្នាក់គត់ដែលស្ថិតនៅក្នុងអារម្មណ៍ចងចាំជានិច្ចរបស់ប្រជាជនកម្ពុជា។
មុនទទួលបានសន្តិភាពពេញលេញ ដែលប្រទេសជាតិយើងទទួលផលរហូតមកដល់បច្ចុប្បន្ននេះ គឺសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានបូជាអាយុជីវិត ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ និងសតិបញ្ញា កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គលំបាកស្មុគ្រស្មាញ រហូតដល់សម្រេចជោគជ័យជាស្ថាពរ គឺ សន្តិភាពទាំងស្រុងជូនជាតិ មាតុភូមិនាឆ្នាំ១៩៩៨។
ដូច្នេះទម្រាំបានសន្តិភាព និងបានអ្វីៗ ដែលជាផលចេញពីសន្តិភាព មានការតស៊ូខ្លាំងក្លាណាស់ មិនមែនបានមកដោយចៃដន្យនោះឡើយ។ ដោយសន្តិភាពជាសំណូមពរចាំបាច់ និងដ៏ពិសិដ្ឋរបស់ប្រជាជន ទើបថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារឱ្យបានដាច់ខាតនូវសន្តិភាព ដែលរកបានដោយកម្រនេះ ឱ្យស្ថិតនៅគង់វង្សជារៀងរហូត មិនអាចបណ្តែតបណ្តោយឱ្យជនណា ឬក្រុមជនណា ធ្វើឱ្យរង្គោះរង្គើរ ឬបាត់បង់បានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែតស៊ូការពារឱ្យបាន។
នេះជាឧត្តមគតិមិនប្រែប្រួលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីដើមរៀងមក ក៏ដូចតទៅអនាគតយូរអង្វែងទៀត។ ការប្តេជ្ញាដ៏មុតមាំរបស់គណបក្សប្រជាជនកម្ពុជាបែបនេះ គឺជាជួងបន្លឺប្រាប់រាល់មជ្ឈដ្ឋានប្រឆាំង ឱ្យយល់ច្បាស់ថាកុំធ្វើអ្វីនាំឱ្យប៉ះពាល់ដល់ស្ថិរភាពនៃសន្តិភាពឱ្យសោះ បើពុំនោះទេ នឹងទទួលរងនូវការឆ្លើយតបយ៉ាស័ក្តិសម ស្របតាមទំហំនៃអំពើរបស់ខ្លួន៕

ក្រសួង​រៀបចំ​​ដែន​ដី បង្ហាញទី​​តាំងផ្ទះ​តម្លៃ​សមរ​ម្យ​មួយក​ន្លែង​ទៀត ស្ថិត​នៅស្រុ​ក​ពញាឮ ខេត្ត​កណ្ដាល

ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ បានចូលរួមជាសក្សីភាពក្នុងពិធីចុះហត្ថលេខារវាងអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍគម្រោងលំនៅឋានមានតម្លៃសមរម្យសម្រាប់មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងចំណូលទាប និងជនងាយរង់គ្រោះ។
សូមជម្រាបផងដែរថា អនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប នឹងចាត់ចែងអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យទីមួយលើផ្ទៃដីទំហំ ៨២២ ១៦០ម២ សាងសង់លំនៅឋាន ចំនួន ៥ ៣៤០ ក្នុងនោះប្រភេទលំនៅឋានទំហំ (៥,១ម x ១៣ ម ) ចំនួន ៨៦៤ខ្នង និងប្រភេទលំនៅឋាន (៥,១ ម x៧,២ ម) ចំនួន ៤៤៧៦ខ្នង មានទីតាំងស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល មានចំងាយ ២១គីឡូម៉ែត្រ ពីវត្តភ្នំតាមផ្លូវជាតិលេខ៥ ដោយនឹងបើកការដ្ឋានចាប់ដំណើរការសាងសង់នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ច។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ លើប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល» នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីសម្រេចគោលដៅចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវរួមគ្នាខិតខំអនុវត្តគោលនយោបាយអភិវឌ្ឍ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវចាត់ទុកថា ជាយុទ្ធសាស្រ្តកំណើនថ្មី ដែលជាមគ្គុទេសក៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ដើម្បីឈានឡើងទៅកាន់ទួលថ្មីមួយទៀត ក្នុងខ្សែចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសាកលលោក។ ក្នុងស្មារតីនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឱ្យបាន ៧% ដែលនឹងអាចឱ្យកម្ពុជាសម្រេចបានចក្ខុវិស័យ ប្រែក្លាយជា ។
លោក ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ជារួមកម្ពុជាត្រូវធ្វើទំនើបកម្មនៃវិស័យឧស្សាហកម្មរបស់ខ្លួន ដែលជាកិច្ចការដ៏ចាំបាច់មួយ ដោយវិស័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្រ្តកំណើនថ្មី ជាកម្លាំងចលករ និងការជួយទ្រទ្រង់ដល់កំណើនរយៈពេលមធ្យម និងរយៈពេលវែងជាវិស័យដែលមានសក្តានុពល សម្រាប់បង្កើតការងារដល់យុវជន និងជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដែលអាចឆក់ស្រូប យកការវិនិយោគបន្ថែមក្រៅពីវិស័យកសិកម្ម និងទេសចរណ៍៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ វត្តមានក្រុមហ៊ុនពហុជាតិ បញ្ជាក់ថាកម្ពុជា បានដើរចំទិស ដៅឈានទៅឧស្សាហូបនីយកម្ម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វត្តមានក្រុមហ៊ុនពហុជាតិ បញ្ជាក់ថាកម្ពុជា បានដើរចំទិស ដៅឈានទៅឧស្សាហូបនីយកម្ម។ លោក បានថ្លែង​ដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពង់ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០១៧ លើប្រ​ធានប្រធានបទ «ការឈានឡើងនៃសង្វាក់តម្លៃឧស្សាហូបនីយកម្ម ដើម្បីកំណើន និងការអភិ​វឌ្ឍក្នុងសម័យឌីជីថល » នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគី​ត្រា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ជាក់ស្តែង ថ្មីៗនេះ វត្តមានក្រុមហ៊ុន ពហុជាតិ ដូចជា Densol និង Yasaki, Nippon Express ជប៉ុន, មីនីបៀរ  ជប៉ុន និងស៊ូស៊ីមិន ចិន ជាដើម បានចាប់ផ្តើមធ្វើ ប្រតិបត្តិការនៅកម្ពុជា ដែលជាភ័ស្តុតាងបង្ហាញថា យើងបានដើរចំទិសដៅ និងដើម្បីឈាន​ទៅ​ដំណាក់​កាល​មួយទៀតនៃឧស្សាហូបនីយកម្ម។ ដោយឡែក គោលនយោ​បាយអភិវឌ្ឍន៍ វិស័យ​ឧស្សា​ហកម្ម ២០១៥-២០២៥ និងជួយធ្វើទំនើបកម្មរចនាសម្ព័ន្ធ​ឧស្សា​ហកម្មកម្ពុជា ចេញ​ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើសមត្ថភាពជំនាញ ការត​ភ្ជាប់​ជាមួយខ្សែសង្វាក់បង្កើតតម្លៃក្នុងតំបន់ និងសាកល និងការបង្កើតបង្គំ​ផលិតកម្ម​មានការតភ្ជាប់ គ្នា ដែលនឹងពង្រឹងសមត្ថភាពប្រកួតប្រជែង បង្កើនផលិតភាព និងពិពិធកម្ម នៃឧស្សាហកម្ម ក្នុងស្រុក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ចំពោះមុខនេះ យើង​យល់ច្បាស់ថា ការធ្វើទំនើបកម្មឧស្សាហកម្មឱ្យបានសម្រេច ចាំបាច់ត្រូវ មានការ​បន្ស៊ី​គោលនយោបាយនានាជាមួយគ្នា ដោយផ្សារភ្ជាប់គោលនយោបាយឧស្សាហ​កម្ម​ជាមួយ​នឹងគោលនយោបាយតាមវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ អប់រំ ដឹក​ជញ្ជូន ឡូជីសស្ទិក វិទ្យាសាស្រ្ត និងបច្ចេកវិជ្ជាជាដើម។  ដូច្នេះ ក្នុងគោលដៅឈានឡើង បង្កើតតម្លៃ និងការធ្វើឧស្សាហូបនីយកម្ម ដើម្បីជំរុញកំណើន និងការអភិវឌ្ឍដូចបានគូស​បញ្ជាក់ខាងលើ ខ្ញុំសូមស្នើ ក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិ​វឌ្ឍន៍ សហគមន៍ស្រាវជ្រាវ និងស្ថាប័ន​សិក្សាអប់រំនានា ត្រូវមានកិច្ចសហប្រតិបត្តិការគ្នាឱ្យ បានជិតស្និទ និងជាប់​ជា​ប្រចាំ៕