Friday, March 03, 2017

អគ្គនាយកធនាគារបារាំងប្រ៊េឌ ប៉ុបពូល៊ែ៖ ការសម្រេចចិត្តវិនិយោគនេះ គឺដោយសារកម្ពុជាជាប្រទេសមួយ មានស្ថេរភាព និងកំណើនសេដ្ឋកិច្ចល្អ

នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នារសៀលទី០២ ខែមីនា ឆ្នាំ២០១៧ លោក អូលីវីយេ ឃ្លេន (Olivier Klein) អគ្គនាយកធនាគារបារាំង ប្រ៊េឌ ប៉ុបពូល៊ែ (Group Bred Populaire) បានជម្រាបជូនថា មូលហេតុដែលសម្ព័ន្ធធនាគារ Bred Populaire របស់បារាំងដ៏ធំមានបុគ្គលិកចំនួន៤ម៉ឺននាក់ ចាប់ផ្តើមវិនិយោគនៅក្នុងប្រទេសកម្ពុជានាពេលនេះ គឺដោយសារកម្ពុជាជាប្រទេសមួយ មានស្ថេរភាព និងកំណើនសេដ្ឋកិច្ចល្អ។
លោក អូលីវីយេ ឃ្លេន បានជម្រាបជូនដែរថា ធនាគារ Bred Populaire ត្រូវបានបង្កើតឡើងកាលពី១០០ឆ្នាំមុន ដោយមូលហេតុម្ចាស់ក្រុមហ៊ុន បានយល់ឃើញថា ធនាគារនៅប្រទេសបារាំង មិនបានឱ្យសហគ្រាសក្នុងស្រុក (បារាំង) ខ្ចីលុយគ្រប់គ្រាន់ដើម្បីជំរុញការវិនិយោគរបស់គេនោះទេ ដូច្នេះធនាគារនេះ ក៏បានចាប់ផ្តើមមានយុទ្ធសាស្ត្រ ធ្វើយ៉ាងណាសហការជាមួយសហគ្រាសទាំងក្នុង និងក្រៅប្រទេសសម្រាប់រយៈពេលវែង។
ចំពោះវត្តមានជាលើកដំបូងនៃធនាគារ Bred Populaire របស់បារាំង នៅកម្ពុជាពេលនេះ លោកនាយករដ្ឋមន្រ្តី បានយល់ឃើញថា គឺជាសារមួយដែលបញ្ជាក់មិនត្រឹមតែជនជាតិបារាំងទេ តែក៏បានបង្ហាញដល់វិនិយោគិនដទៃទៀតដែរថា នៅកម្ពុជា គឺមានសក្តានុពលសម្រាប់ការវិនិយោគ ហើយកម្ពុជា ក៏ជាប្រទេសមួយដែលមានស្ថេរភាពទាំងសេដ្ឋកិច្ច និងនយោបាយផងដែរ។
ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វត្តមានរបស់ធនាគារ Bred Populaire នៅកម្ពុជា ក៏ចំពេលដែលកម្ពុជាកំពុងតែជំរុញគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មផងដែរ ដូចនេះធនាគារនេះ គឺមានវត្តមានក្នុងន័យមួយគាំទ្រដល់ការជំរុញ ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាតែម្តង៕



No comments:

Post a Comment