Sunday, June 04, 2023

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ នៅរោងចក្រ Wing Star Shoe ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

 CNV:

មុនចាប់ផ្ដើម ខ្ញុំចង់សួរ ២-៣សំណួរសិន។ ទី១ យប់មិញនេះ មានប៉ុន្មាននាក់ ដែលបានតាមដានមើលការបើកអាស៊ានប៉ារ៉ាហ្គេមនៅទីក្រុងភ្នំពេញ តាមរយៈទូរទស្សន៍ ឬតាមរយៈហ្វេកប៊ុក? … សំណួរទី២ តើមានប៉ុន្មាននាក់ទៅបានចាក់វ៉ាក់សាំង? ចាក់ទាំងអស់គ្នា។ អ្នកមានផ្ទៃពោះបានចាក់វ៉ាក់សាំងគ្រប់ដូសហើយ បានចាប់ផ្ដើមយកកូន … ឯសំណួរមួយទៀត កាលដែលមកជួបនៅឆ្នាំ២០១៨ មានប៉ុន្មាននាក់ទៅដែលបានជួបកាលនោះ?​ ច្រើនតើ អ្នកដែលបានជួបកាលពីឆ្នាំ២០១៨។ សូមថែមមួយសំណួរទៀត ឆ្នាំ២០១៨ រហូតដល់ឥឡូវ៥ ឆ្នាំហើយ តើពូនេះចាស់ជាងមុន ឬក៏ក្មេងជាងមុន? ក្មេងជាងមុនទៀត។ ឥឡូវលែងចង់បង្ហោះរូបភាពហើយ។ ថ្ងៃមុនទៅការចៅ ថតម្នាក់ឯងក៏មាន ថតជាមួយនឹងប្រពន្ធក៏មាន ជាមួយចៅក៏មាន។ មានគេបញ្ជូនរូបភាពហ្នឹងមកវិញមិនដឹងអ្នកណាគេបង្ហោះ។ ហ្នឹងជាកាយសម្បទា ប៉ុន្តែយ៉ាងណាក៏ដោយ អាយុគឺ(ច្រើន)។ ប៉ុន្តែជឿតាមគេវិញថាអាយុគ្រាន់តែជាតួលេខ។


(១) ស្រុកគងពិសី មកច្រើនជាងគេ

ថ្ងៃនេះ សប្បាយរីករាយណាស់ដែលបានវិលមកជួបបងប្អូនកម្មករ/ការិនីនៅខេត្តកំពង់ស្ពឺសាជាថ្មីទៀត ពិ​សេសនៅស្រុកគងពិសី។ គងពិសីជាស្រុកមួយដែលខ្ញុំមកញឹកញាប់ជាងគេ។ បើនិយាយអំពីស្ថានភាពនៅ គ្រប់ស្រុកដែលខ្ញុំបានដើរ ស្រុកគងពិសីហ្នឹងបានមកច្រើនជាងគេ។ ក្នុងហ្នឹងពាក់ព័ន្ធនឹងការកសាងសាលារៀន ការកសាងប្រឡាយទឹក។ ទាក់ទងនឹងការជំនួបជាមួយនឹងកម្មករ ដែលកាលពីឆ្នាំ២០១៨ គឺយើងបានជួបគ្នា ហើយក្នុងនេះ ក៏មានកម្មករ/ការិនីមួយចំនួន​ក៏ធ្លាប់បានជួបរួចមកហើយ។

(២) រហូតដកចេញការតម្រូវធ្វើតេស្តកូវីដ១៩ ទើបចាប់ផ្តើមគម្រោងជំនួបទី២ បាន

ដូចដែលបានបញ្ជាក់តាមវេទិកានានា បន្ទាប់ពីជុំទី១ រួចហើយ (ខ្ញុំ)នឹងដើរជុំទី២។ ប៉ុន្តែជុំទី២ នោះ ត្រូវបានអាក់ខានដោយសារបញ្ហាកូវីដ-១៩។ ឆ្នាំ២០២០ ក៏កូវីដ-១៩, ឆ្នាំ២០២១ ក៏​កូវីដ-១៩, ឆ្នាំ២០២២ ក៏កូវីដ-១៩ ឯឆ្នាំ២០២៣ នេះ ដើមឆ្នាំយើងមិនទាន់បានលើកលែងការធ្វើតេស្ដ។ ដូច្នេះវារំខានទៅដល់ជំនួបរបស់យើង។ ពេលដែលយើងលើកលែង(ការធ្វើតេស្ត)ហើយ យើងមានឱកាសដើម្បីបានជួបគ្នា … និយាយដដែលដូចអ្នកនៅពញាឮពីម្សិលអញ្ចឹងថា បើសិនជាក្មួយឆ្លងកើតកូវីដ-១៩ ចាត់ទុកថាឆ្លងពីពូ។ បើសិនជាពូកើតកូវីដ-១៩ គឺពូមិនមែនឆ្លងពីក្មួយទេគឺពូកើតខ្លួនឯង ដើម្បីកុំឱ្យថា “មកជួបកម្មករ បានជាកើតកូវីដ-១៩នោះ”។ ពេទ្យសិង្ហបុរី គេមិនឱ្យពូចាក់វ៉ាក់សាំងដូសទី៥ទេ។ ដោយសារអី? ដោយសារដូសទី៤ បានចូលទៅ(និងបងកើយខែល)ការពារនៅខ្ពស់។

(៣) កូវីដ១៩ លែងជាមហន្តរាយសុខភាពសាធារណៈ

ទៅពិនិត្យ២លើក ពេទ្យសិង្ហបុរីឱ្យចាក់វ៉ាក់សាំងទី១ ការពារថ្លើម និងទី២ ការពាររើមជំនួសវិញ។ ដល់វ៉ាក់សាំងការពារកូវីដ-១៩ គេថាមិនចាំបាច់(ចាក់ដូសទី៥)។ បើមិនចាំបាច់ទេ ក៏វាហីទៅ។ ប៉ុន្តែ យើងនៅបន្តការចាក់វ៉ាក់សាំងឱ្យប្រជាពលរដ្ឋដើម្បីធន់ជាមួយនឹងជំងឺដ៏កាចសាហាវនេះ។ ទោះបីថា វាមិនមែនជាមហន្តរាយសុខភាពសាធារណៈដូចពេលមុន ក៏ប៉ុន្តែវាមិនទាន់ទៅណាឆ្ងាយទេ។ វានៅក្បែរៗហ្នឹង។ គ្រាន់តែពេលដែលវាមានបញ្ហាចូលមក វាក៏ធ្វើឱ្យយើងមានបញ្ហាបន្ដិចបន្ដួច តែវាមិនឈានទៅដល់ការឆក់យកជីវិតមនុស្សដូចកាលពីឆ្នាំ២០២០ ២០២១ នោះទេ។

(៤) គ្មានការត្រួតពិនិត្យ ស្មើនឹងគ្មានការដឹកនាំ

អ្វីជាគោលដៅនៃជំនួប? យើងចង់មានការសន្ទនារវាងនាយករដ្ឋមន្រ្តីនិងកម្មករ ដើម្បីពិនិត្យវឌ្ឍនភាពទាំង​ឡាយដែលយើងសម្រេចបានក្នុងរយៈពេលកន្លងទៅ ព្រមទាំងអនុសាសន៍នានាដែលបានដាក់ឱ្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរគ្រប់មូលដ្ឋានទាំងអស់ពិនិត្យនិងដោះស្រាយ។ នេះវាជារឿងចាំបាច់។ ឈ្មោះថាការដឹកនាំបើគ្មានការត្រួតពិនិត្យទេ យើងអត់ដឹងថាវាមានការជឿនលឿន ឬគ្មានការជឿនលឿននោះទេ។ ដូច្នេះ បានជាវិធីសាស្រ្តដឹកនាំនិងធ្វើការងារវាមានការចាំបាច់ត្រូវតែមានការត្រួតពិនិត្យ។ បើសិនជាការដឹកនាំគ្មានការត្រួតពិនិត្យ មានន័យថាយើងអត់បានដឹកនាំទេ។ ដូច្នេះហើយ បានជានាយករដ្ឋមន្រ្តីរូបនេះផ្ដួចផ្ដើមគំនិតខ្លួនឯងក្នុងការជំនួបកម្មករនិយោជិត។

… (ទាក់ទងនឹងការ)ផ្ដួចផ្ដើមគំនិតធ្វើសកម្មភាពចុះផ្ទាល់តាមរោងចក្រជួបកម្មករ/ការិនី នៅដំណាក់កាលទី១ យើងសម្រេចបានផល ដែលឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង បានធ្វើរបាយការណ៍អម្បាញ់មិញ (អំពី)អ្វីដែលយើងបានជួបគ្នាកាលពីពេលមុន និងអ្វីដែលយើងបានជួបគ្នាដែលមុនជំនួបវាមានអ្វីខ្លះ។ ពេលនោះ ក៏មានអញ្ជើញចំពោះប្រធានក្រុម ប្រធានផ្នែក ប្រធានរដ្ឋបាលស្អីៗហ្នឹងទៅជួប ដើម្បីជជែកគ្នាជាវេទិកាមួយ ដើម្បីស្វែងរកដំណោះស្រាយ។ ជួបនោះ ក៏មានការចូលរួមពីម្ចាស់រោងចក្រ/សហគ្រាស។ យើងបានសិក្សា​រួមគ្នា (រហូត)យើងសម្រេចបាននូវលទ្ធផល។

ថ្ងៃនេះ (ខ្ញុំ)អរគុណដល់ម្ចាស់រោងចក្រនៅទីនេះ ក៏ដូចជាម្ចាស់រោងចក្រនានាដែលបានផ្ដល់ឱកាសឱ្យកម្មករ/ការិនីបានមកជួបជុំខ្ញុំ។ ម្យ៉ាងទៀត ថ្ងៃនេះជាថ្ងៃអាទិត្យ។ កម្មករ/ការិនីត្រូវបានសំរាក។ ប៉ុន្តែ(ជំនួសថ្ងៃនេះមកជួបគ្នា) គឺ(រោងចក្រសំរេច)ឱ្យបានសម្រាកមួយថ្ងៃ។ ថ្ងៃស្អែក ក្មួយៗសម្រាកមួយថ្ងៃទៀតដោយមានបៀវត្ស។ នៅកន្លែងដទៃ យើងទៅជួបគ្នាបានសម្រាកមួយថ្ងៃ ជួបពេលព្រឹក ពេលល្ងាចគ្នាបានសម្រាក។ ឥឡូវចំថ្ងៃអា​ទិត្យ ថ្ងៃគេសម្រាកស្រាប់​។ អញ្ចឹងមានតែវិធី សុំថៅកែឱ្យក្មួយៗបានសម្រាកនៅថ្ងៃច័ន្ទមួយថ្ងៃទៀត

បន្ទាប់ពីហ្នឹងទៅចង់សាករាំវង់សិន “ផ្លូវទៅផ្ទះម្ដាយក្មេក”។ ម្សិលមិញ ខ្ញុំបានទៅដល់ពាក់​កណ្ដាលផ្លូវហើយ គេបាញ់រូបភាពមក។ កុំអីត្រឡប់ទៅវិញ។ ក្មេងៗនៅរាំលេងតើ។ មិនស្រួលរដ្ឋមន្រ្តីអត់បានដឹងទេ។ ក្មេងៗនៅរាំលេង។ ខ្ញុំមានរូបភាព។ ម្សិលមិញបានភ្លេងហ្នឹង នាំគ្នារាំលេងបណ្ដោយ។ គ្រាន់ថា ក្មួយៗមានផ្ទៃពោះ គឺកុំរាំអី។ ប៉ុន្តែចម្លែកបន្ដិច អ្នកកំពង់ស្ពឺ ក្នុងចំនួន ១៦ ៤៤១ នាក់ មានដល់ទៅ ៧៧៩ នាក់ ខ្វះតែម្នាក់ទៀតឡើង ៧៨០ នាក់ ដែលមានផ្ទៃពោះ។ ចំនួននេះច្រើនជាងខេត្តព្រះសីហនុ។ បើគិតអត្រានៃជំនួបច្រើនជាងពញាឮកាលពីម្សិល។ យើងដើរបានប៉ុន្មានកន្លែងហើយ? ៥ កន្លែងហើយ។ យើងនៅប៉ុន្មានកន្លែងទៀត? សល់ ១៥ កន្លែងទៀត​។

(៥) ឆ្នាំ២០២៦ ឬ២០២៧ កម្ពុជាមិនមែនជាប្រទេសអភិវឌ្ឍតិចតួចទៀតទេ

មានក្មេងពាលនៅក្រៅប្រទេសមួយថា “លោក ហ៊ុន សែន អត់ហ៊ានដើរទេ ខ្លាចកម្មករ ៤-១០នាក់ស្រែកទារ EBA”។ មិនមែនជួបកម្មករ៤-១០ នាក់ទេ ជួបឡើងសុទ្ធតែរាប់ម៉ឺននាក់ឯណោះ … ពូគ្រាន់តែពន្យល់បន្ដិចស្អីទៅ EBA? (ពាក្យពេញ)ហ្នឹង(ប្រែមក)ថា (ទទួលអោយនាំចូល/លក់)“អ្វីៗទាំងអស់ លើកលែងតែអាវុធ”​។ វាជាគោលនយោបាយមួយរបស់ប្រទេសអភិវឌ្ឍន៍នៅឯអឺរ៉ុបបន្ធូរបន្ថយពន្ធដារក្នុងការនាំចូល​។ ប៉ុន្តែ EBA នេះ វានឹងបាត់នៅពេលណាដែលប្រទេស(នាំចូលនោះមានការរីកចំរើន)ដល់កម្រិត(ជាប្រទេស)អភិវឌ្ឍ។ អញ្ចឹងទេ បើបាត់ពីឥឡូវចំនួន ២០% នេះក៏វាអត់មាន(អ្វីចម្លែក ព្រោះ)វាគង់តែបាត់១០០% នៅពេលខាងមុខនេះ។ អាចនឹងប៉ាន់ប្រមាណនៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ ឆ្នាំ២០២៧ យើង(នឹង)បាត់ទាំងអស់ ព្រោះប្រទេសយើង (នឹង​​មិនមែន)ជាប្រទេសអភិវឌ្ឍន៍តិចតួចទៀតទេ

(៦) កាត់ EBA ២០% ក៏កម្ពុជានៅតែនាំចេញដោយមានចំណេញ

កម្ពុជានឹងចេញផុតពី(ឋានៈជាក្រុម)ប្រទេសអភិវឌ្ឍន៍តិចតួច។ អញ្ចឹងរកស៊ីត្រូវតែបង់ពន្ធឱ្យគ្នាទៅវិញទៅមក។ កន្លងទៅនេះ (ការកាត់ EBA) ២០%​ មិនមាន(ផល)ប៉ះពាល់(ដល់)ប្រយោជន៍អីទេ។ យើងនៅតែនាំ(ចេញ)ទៅ។ អ្នកឯងវាយពន្ធ ក៏ខ្ញុំនាំចេញទៅ។ អង្ករក៏ដូចគ្នាដែរ។ អង្ករអ៊ីតាលី លក់មិនដាច់។ អង្ករអេស្ប៉ាញ លក់មិនដាច់ ចាប់ផ្ដើមនាំគ្នាដាក់ថា អង្ករកម្ពុជានិងអង្ករមីយ៉ាន់ម៉ាត្រូវតែបង់ពន្ធ។ អញ្ចឹងយើងក៏បង់ពន្ធ។ ពេលមិនទាន់បង់ពន្ធ ក៏យើងនាំចូលទៅបាន។ (អោយ)យើងបង់ពន្ធ ក៏យើងនាំចូលទៅបាន គ្រាន់តែចំណេញតិចជាងតែប៉ុណ្ណឹង។ ប៉ុន្តែចំណេញនៅតែចំណេញ។

(៧) មិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងជំនួយឬការអនុគ្រោះណាទាំងអស់

ដោយហេតុនេះ យើងត្រូវពង្រឹងភាពធន់ខ្លួនឯងចាប់ពីឥឡូវនេះទៅ។ ពេលប្រជុំនៅអឺរ៉ុប ក្នុងឋានៈជាប្រធានអាស៊ាន ហើយត្រូវធ្វើជាសហប្រធានក្នុងការប្រជុំអឺរ៉ុប ខ្ញុំហាមឃាត់រដ្ឋមន្រ្តីដែលអមដំណើរខ្ញុំ មិនអោយហាមាត់សុំត្រឡប់មកវិញនូវ EBA ២០% (ដែលត្រូវបានកាត់)។ ហាមមិនឱ្យនិយាយតែម្ដង។ ខ្ញុំក៏ចង់ដឹងភាពធន់របស់កម្ពុជាកម្រិតណាដែរ ដើម្បីយើងពង្រឹងសមត្ថភាពខ្លួនឯង។ កុំ​ចាំដកអុកស៊ីហ្សែនដែលគេបន្ដក់ខ្យល់មកឱ្យ។ ខ្ញុំបានប្រកាសតាំងពីពេលមុនថា ខ្ញុំមិនយកអធិបតេយ្យជាតិទៅដោះដូរនឹងជំនួយឬនិងការអនុគ្រោះណាទាំងអស់។ លើការជាក់ស្ដែង តើកម្ពុជាបានងាប់ហើយឬនៅ? … កម្ពុជាមិនទាន់ងាប់ទេ … អ្នកនៅក្នុងស្រុកអត់ងាប់ទេ អ្នកឯងត្រូវយល់ឱ្យច្បាស់។

(៨) ឆ្នាំ២០២២ កសិកម្មថយចំណែក ផសស ពី៣៧%មក២១,៣% តែនាំអង្ករចេញទៅ៧៣ ប្រទេស

មួយរយៈមកហើយ មិនដែលបាននិយាយទេ។ ឥឡូវនិយាយអំពីផលិតផលសរុបក្នុងស្រុករបស់កម្ពុជា។ តើមានចំណែកអ្វីខ្លះដែលយើងត្រូវគួរកត់សំគាល់។ នៅត្រឹមឆ្នាំ២០២២ កសិកម្មមានចំណែក២១,៣% ប្រៀបធៀបទៅហ្នឹងឆ្នាំ២០០០ ដែលកសិកម្មមានចំណែកដល់៣៧%។ ឧស្សាហកម្មនៅពេលនេះ បានកើនដល់ ៣៨% ក្នុងពេលដែលឆ្នាំ២០០០ យើងមានត្រឹមតែ២២%។ ឯសេវាកម្មពេលនេះយើងមាន២៥% និងឆ្នាំ២០០០ មានដល់៣៦%។ ហេតុអីបានជាកសិកម្មធ្លាក់ពី៣៧% មកនៅ២១,៣%។ ខ្ញុំគួរតែទាញការចាប់អារម្មណ៍ថា ពេលដែល(កសិកម្ម)យើងមាន(ចំណែក)៣៧% យើងនៅអត់អង្ករស៊ី។ ក្នុងឆ្នាំ២០០២ ហើយយើងខ្វះអង្ករ។ ពេលនោះឥណ្ឌាឱ្យ២ ម៉ឺនតោន …។ ឥឡូវនេះ (ការរួមចំណែកពីកសិកម្មក្នុង ផសស)នៅសល់ ២១,៣% ក៏ពិតមែន តែយើងសល់ជាស្រូវជាង៦ លានតោន ឬជាង៤ លានតោនអង្ករ នាំចេញទៅក្រៅរហូតដល់៧៣ ប្រទេស។

(៩) កសិកម្មថយចំណែកក្នុង ផសស មិនមែនបានន័យថាសមត្ថភាពចិញ្ចឹមថយទេ

ប្រទេសកាន់តែមានការលូតលាស់ វិស័យកសិកម្មរួមចំណែក(ក្នុង ផសស)កាន់តែតូច។ ក៏ប៉ុន្តែ ការរួមតូចនោះមិនមែនបានសេចក្តីថា ប្រទេសថយសមត្ថភាពចិញ្ចឹមប្រជាជនទេ។ ពិនិត្យតួលេខនៃការរួមចំណែករបស់កសិកម្មជប៉ុន មានក្នុងរង្វង់ក្រោម១% ទេ ប៉ុន្តែអាចចិញ្ចឹមប្រជាជនជប៉ុនបាន​។ កសិកម្មរបស់ជប៉ុនមិនគ្រាន់តែចិញ្ចឹមប្រជាជនជប៉ុនខ្លួនឯងទេ ជប៉ុនបាននាំផលិតផលកសិកម្មទៅកាន់ប្រទេសនានា មានដូចជាម្ហូបជប៉ុន តាំងពីត្រីឆៅតាំងពីបង្គារ … ឱ្យតែកន្លែងណាសម្បូរហាងជប៉ុន គេចូលទៅទទួលទានហើយ។ តាំងពីផ្លែ Melon។ សូម្បីតែខ្ញុំនេះម៉ោង ១កន្លះយប់មិញ នៅស៊ីក្រូចជប៉ុនអស់៤ផ្លែ … ដឹងដែរថាម៉ោង៥ កន្លះត្រូវតែភ្ញាក់ ដើម្បីមកកុំឱ្យក្មួយៗក្តៅ ឱ្យបានជួបពីព្រឹកបន្តិច។

វាហត់ហើយ ចៀសវាងវាមិនបានទេ បើគេឱ្យមកធ្វើកន្លែងហ្នឹងនោះ។ ពិនិត្យមើលជប៉ុន កសិកម្មមានចំណែកត្រឹមតែ១% ប៉ុន្តែចិញ្ចឹមប្រជាជនខ្លួនឯងបាន ហើយនាំចេញទៅស្ទើរតែគ្រប់ប្រទេស។ ទៅកន្លែងណាក៏មានភោជនីយដ្ឋានរបស់ជប៉ុនដែរ។ ត្រីឬក៏ផលិតផលដទៃទៀត ផ្លែMelon អាក្រូចរបស់ជប៉ុននេះ ក្រូចរបស់ជប៉ុនមានប្រយោជន៍ខាងសុខភាពមួយផ្នែក។ ដាក់ទៅព្រលឹមឡើងចុះគីឡូ មិនមែនធ្វើឱ្យឡើងគីឡូទេ អានេះស៊ីទៅចុះគីឡូវិញ។ ប៉ុន្តែអ្នកដទៃក្រែងលោដាក់ទៅឡើងគីឡូ។ ខ្ញុំដាក់ទៅវាចុះគីឡូទៅវិញ។ វាថយ។ បើឃ្លានមិនដឹងធ្វើអី ងងុយហើយ ប៉ុន្តែនៅតែឃ្លាន។ ក្រោកឡើងបើកភ្លើង ដាក់អស់ក្រូច៤ ផ្លែ។

(១០) កម្ពុជានាំអង្ករចេញជាង៤ លានតោន … ចិន ជប៉ុន កូរ៉េ ទទួលទិញទំនិញពីកម្ពុជា

សូមបញ្ជាក់ឡើងវិញ ពីមុននោះកសិកម្មកម្ពុជាគ្របដណ្ដប់ប្រមាណជា៨០% ឯណោះ។ កាលពីទសវត្សរ៍៨០ សេវាតូចណាស់ ឧស្សាហកម្មតូចណាស់។ ឥឡូវនេះ កសិកម្មថយចុះជាចំណែកតូចក្នុងការរួមចំណែកដល់ផលិតផលសរុបក្នុងស្រុក(ផសស)។ ក៏ប៉ុន្តែ (ក្នុងទំហំតូចនេះ) កសិកម្មសព្វថ្ងៃមានសមត្ថភាពនាំអង្ករចេញផ្គត់ផ្គង់ទៅទីផ្សារអន្តរជាតិប្រមាណជាង៤ លានតោន។ ទោះបីទៅតាមណាក៏ដោយក៏ប៉ុន្តែយើងដឹងតួលេខ។ ប្រាក់ចំណូលដែលបានមកពីការនាំចេញកសិកម្ម មានពីស្វាយ​ចន្ទីប្រមាណជា១​ លានតោន។ ស្វាយចន្ទីក៏ជាផ្នែកសិកម្ម កៅស៊ូ ដំឡូងមី។ ចិនបានទទួលទិញទំនិញកម្ពុជាច្រើនមុខទៀត ដែលសុទ្ធជាវិស័យកសិកម្ម។ ចិនបើកចំហទីផ្សារសម្រាប់ការស្វាគមន៍មាន ចេក ស្វាយ ហើយត្រីប្រា នៅមានផលិតផលច្រើនទៀតដូចជា ១១ មុខ ឬ ១២ មុខ ដែលកំពុងចរចាជាមួយចិន។ ទីផ្សារជប៉ុន ទីផ្សារកូរ៉េ ក៏កំពុងតែបើកដើម្បីទទួលទំនិញ របស់កម្ពុជា ភាគច្រើនពីវិស័យកសិកម្មនេះឯង …។

(១១) រំពឹងថាចំនួនទេសចរនឹងកើនមកដល់៤ លាននាក់វិញ

កាលពីមុន ឧស្សាហកម្មមានត្រឹមតែ២២% ឥឡូវកើនឡើងដល់ទៅ៣៨%។ សេវាកម្មកាលពីមុនមានដល់៣៦% ឥឡូវរួញនៅត្រឹម២៥%។ តើមកពីអីទៅ? ការពិតកាលពីពេលមុន សេវាកម្មមាន៣៦% ឧស្សាហកម្ម២២% និងកសិកម្ម៣៧%។ (ការរួមចំណែកក្នុង ផសស ពីសេវាមាន)មូលហេតុនៅត្រង់ថា យើងធ្លាប់ទទួលបាននូវទេសចរចំនួនច្រើន។ នៅពេលកូវីដ-១៩ ទេសចរបានចូលមកកម្ពុជាតិច។ នេះយើងប្រៀបធៀបពីឆ្នាំ ២០០០។ បើយើងប្រៀបធៀបនៅក្នុងឆ្នាំ២០១៨ ឬ២០១៩។ ឆ្នាំ២០១៩ យើងទទួលទេសចរបានរហូតដល់៦លាន៦សែននាក់។ ឆ្នាំ២០២០ ទេសចរនៅសល់តែប៉ុន្មានម៉ឺននាក់ទេ។ ២០០១ សល់តែប៉ុន្មានដែរ។ ២០០២ យើងបានវិលត្រឡប់មកចំនួនទេសចរចំនួន ២លាន២សែននាក់។ យើងរំពឹងថា ឆ្នាំនេះទេសចរនឹងអាចឡើងក្នុងកម្រិត៤ លាននាក់។ វិស័យសេវាកំពុងតែហក់ឡើងវិញ រួមជាមួយវិស័យឧស្សាហកម្ម បង្កើនផលិតផលសរុបក្នុងស្រុកឡើងវិញ …។

(១២) ចេញពីក្រុមប្រទេសអភិវឌ្ឍតិចឆ្នាំ២០២៧ នឹងបាត់ភាពអនុគ្រោះពន្ធនិងខ្ចីតាមអត្រាការប្រាក់ពាណិជ្ជកម្ម

ក្នុងន័យនេះ ខ្ញុំចង់ពង្រឹងភាពធន់របស់កម្ពុជា។ កម្ពុជាក៏ត្រូវដកខ្លួនចេញ(ពីក្នុងបញ្ជី)ប្រទេសមានការអភិវឌ្ឍតិចតួច។ ឯកឧត្តម ឆាយ ថន បានទៅប្រជុំថ្ងៃមុន។ តើគេឱ្យយើងចេញពី(ក្រុម)ប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំណា? … ឆ្នាំ២០២៧។ អញ្ចឹងទេ ២០២៧ គឺជាឆ្នាំដែលត្រូវបាត់ EBA … ពេលហ្នឹង ទី១ យើងបាត់ភាពអនុគ្រោះពន្ធ ទី២ យើងត្រូវខ្ចីគេតាមអត្រាការប្រាក់ពាណិជ្ជកម្ម។ ប៉ុន្តែ យើងបានចរចាជាមួយចិន​ ជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង នឹងអាចជាមួយធនាគារអភិវឌ្ឍន៍អាស៊ីថា នៅពេលយើងចេញផុតពីប្រទេសអភិវឌ្ឍ តិចតួចហើយក៏ដោយ ក៏សូមមេត្តាផ្តល់ភាពអនុគ្រោះក្នុងឥណទានទាក់ទងនឹងការអភិវឌ្ឍ ដោយអោយមានអត្រាការប្រាក់ទាបបន្តទៀត​។ នេះទាមទារនូវការគិតគូរបន្ថែម។ ប្រទេសនានាក៏មានគោលការណ៍របស់គេដែរ។

(១៣) កម្មករ/ការិនីនឹងឈប់សម្រាកថ្ងៃទី២២, ២៣, ២៤ ដោយមានប្រាក់បៀវត្សរ៍ ទៅបោះឆ្នោត

ងាកមកយើងវិញ។ ក្មួយៗបានស្តាប់របាយការណ៍របស់ ឯកឧត្តម អ៊ិត សំហេង អំពីវឌ្ឍនភាពដែលទទួលបានក្នុងរយៈពេលកន្លងទៅ។ ជាការអនុវត្តដោយមានការជឿជាក់ ហើយប្រាកដប្រជា ក្លាយទៅជាលិខិតបទដ្ឋានគតិយុត្តិត្រឹមត្រូវ។ សុំបញ្ជាក់ជូនឱ្យហើយ ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ក្មួយៗនឹងត្រូវធ្វើការបោះឆ្នោត។ វាជាកាតព្វកិច្ចមួយរបស់ពលរដ្ឋ ទោះបីថា វាជាសេរីភាពរបស់ពលរដ្ឋ(ក្នុងការឬៅ)បោះឬមិន(ទៅ)បោះ ឬក៏បោះ(អោយ)បក្សណា(ក៏ដោយ)។ អ្នកខ្លះនិយាយថា ដេកផ្ទះឈ្នះឯង … ខ្ញុំប្រសិទ្ធនាមថា «ដេកផ្ទះងាប់ឯង»។ ​អ្នកឯងគិតមើលទៅ មួយភូមិគេទៅបោះ។ ក្នុង១០០នាក់ ៩៨ នាក់បានទៅបោះ សល់តែ ២នាក់ទៀត តើទៅរស់នៅជាមួយគេយ៉ាងម៉េច? … អ្នកឯងជំរុញសកម្មជនឱ្យដេកផ្ទះឈ្នះឯង។ អ្នកឯងគិតមើលទៅ តើសកម្មជនអ្នកឯង អ្នកគាំទ្រអ្នកឯងរស់នៅជាមួយគេរបៀបម៉េច? គេហៅថាមនុស្សខុសខ្នាត … អញ្ចឹងទេ សកម្មជនរបស់អ្នកឯងក៏ត្រូវបោះដែរ។

ដើម្បីឱ្យក្មួយៗមានលទ្ធភាពទៅបោះរាជរដ្ឋាភិបាលបានសម្រេចឱ្យធ្វើការឈប់សម្រាក ថ្ងៃទី២២ ថ្ងៃទី២៣ ថ្ងៃទី២៤ គឺឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍។ អញ្ចឹងទេ ក៏សុំជូនដំណឹងចំពោះម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា អនុញ្ញាតឱ្យបុគ្គលិក កម្មករ/ការិនីរបស់ខ្លួន បានឈប់សម្រាកធ្វើដំណើរទៅកាន់ការបោះឆ្នោត សម្រាប់ការបោះឆ្នោត ហើយដែលមានប្រាក់កំរៃ ប្រាក់បៀវត្សរ៍។ ធ្វើហ្នឹងគឺសុទ្ធតែមានបទ​ដ្ឋានទាំងអស់ ហោចណាស់បានចេញជា ស.ជ.ណ ព្រោះចំណារយល់ព្រមពីនាយករដ្ឋមន្ត្រី អញ្ចឹងត្រូវចេញជា ស.ជ.ណ បានចេញរួចទៅហើយ ហើយដល់ក្រសួងហើយ ផ្សព្វផ្សាយបន្ត។ នេះគឺជាការគិតគូរមួយ នៅក្នុងចំណោមការគិតគូរទាំងឡាយ ដែលវាពាក់ព័ន្ធជាមួយនឹងសុខទុក្ខរបស់ប្រទេសផង ហើយវាពាក់ព័ន្ធជាមួយសុខទុក្ខរបស់កម្មករ/ការិនីរបស់យើងផងដែរ។

(១៤) រៀនសូត្រពីសេដ្ឋកិច្ចឯករាជម្ចាស់ការនៃសម័យសង្គមរាស្រ្តនិយម

ខ្ញុំនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ដៀមដាមឱ្យអ្នកណាទេ។ កម្ពុជាត្រូវតែរកវិធីរស់តាមរបៀបរបស់ខ្លួន។ យើងក៏ត្រូវរៀនសូត្រកាលពីសម័យសង្គមរាស្ត្រនិយមរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត របស់កូនៗចៅៗ។ ពេលនោះណាជុំទិសគេដាក់ទណ្ឌកម្ម ឬក៏គេបិទសេដ្ឋកិច្ច ទំនាក់ទំនងស្អីអញ្ចេះអញ្ចុះ ក៏ប៉ុន្តែព្រះអង្គនៅតែ(ប្រកាន់យក)សេដ្ឋកិច្ចឯករាជ្យម្ចាស់ការ។ ព្រះអង្គធ្វើបាន។ ព្រះអង្គកសាងប្រទេសបាន។ ទោះបីអ្នកឯងស្អប់ខ្ពើមយ៉ាងម៉េចអីយ៉ាងម៉េច ធ្វើបាប ធ្វើទុក្ខ ធ្វើទោស តែព្រះអង្គនៅតែដឹកនាំប្រទេសមានការជឿនលឿន។ បើសិនជាគ្មានរដ្ឋប្រហារ១៨ មីនា ១៩៧០ និងមានការឈ្លានពានពីបរទេសប្រហែលប្រទេសកម្ពុជា លូតលាស់ជាងនេះ។ ជាអកុសល ប្រទេសជួបសង្គ្រាម ហើយយើងបានប្រឹងរួមគ្នាកើតឡើងបានប៉ុណ្ណឹង។

(១៥) ទស្សនវិជ្ជា ហ៊ុន សែន៖ លក់ដីតាមដងផ្លូវជាតិលេខ៣និង៤ ប្តូរស្ថានភាពសេដ្ឋកិច្ចគ្រួសារទៅវិជ្ជមាន

គួរតែរំលឹកបន្តិច។ មកតាមផ្លូវជាតិលេខ៤ មកតាមផ្លូវជាតិលេខ៣​​ … នេះផ្លូវជាតិលេខ ៣? … ក្នុងនីតិកាលទី១ បើយក(ខ្សែអាត់ឬវីដេអូ)មកចាក់ឡើងវិញ នៅក្នុងការប្រជុំសភានិងនៅក្នុងសុន្ទរកថារបស់មនុស្សខ្លះតាមទីកន្លែងនានា មានការទិតៀនរាជរដ្ឋាភិបាលជំនាន់នោះថា (ការ)អនុញ្ញាតឱ្យប្រជាជនលក់ដីនៅតាមផ្លូវជាតិលេខ៤ តាមផ្លូវជាតិលេខ ៣ (គឺជាកំហុស)។ ដល់ទៅស្រែកញយដងពេក ខ្ញុំបានចេញមកបញ្ជាក់ហើយទៅនិយាយក្នុងសភាតែម្តង។ បើនិយាយក្នុងសភាពិបាកអ្នកឯងស្តាប់ ខ្ញុំនិយាយវេទិកាសាធារណៈបណ្តោយ។ ខ្ញុំថា ខ្ញុំគាំទ្រឱ្យលក់ដី។ ព្រោះអី? … យើងថាដី(រោងចក្រ)នេះទំហំ ២០ ហិកតា … គាត់អាចទិញច្រើនម្ចាស់។ បើគិតថា ម្ចាស់ម្នាក់មានដី២ ហិកតា … បូកសរុបទៅថាមាន១០ ម្ចាស់។ ពេលនោះដី២០ ហិកតានេះ ចិញ្ចឹមប្រជាពលរដ្ឋ ១០ គ្រួសារ បើសិនជាធ្វើស្រែ។ ប៉ុន្តែ នៅពេលដីនោះត្រូវបានលក់ កសាងជារោងចក្រជំនួសវិញ (វានឹងប្តូរ)ពីការចិញ្ចឹមត្រឹមតែ១០ គ្រួសារ ទៅជាការចិញ្ចឹមដល់ទៅ៥ ពាន់គ្រួសារ ឬដល់១ ម៉ឺនគ្រួសារផង។ ធម្មតាដីត្រូវប៉ាន់គឺតែងតែលក់បានថ្លៃ។ អញ្ចឹងអ្នកលក់ដីនេះ លក់ដីនៅកន្លែងហ្នឹង២ ហិកតា គាត់ទៅទិញដីនៅកន្លែងផ្សេងបាន១០ ហិកតា សល់លុយធ្វើផ្ទះទៀត។ ឥឡូវរឿងពិតវាបានកើត។ នេះជាទស្សនវិជ្ជារបស់ ហ៊ុន សែន និយាយឲ្យច្បាស់ៗចឹងតែម្តងទៅ …។

(១៦) ទស្សនៈ ហ៊ុន សែន៖ ពីភ្នំពេញទៅកំពង់សោម ផ្លូវជាតិលេខ៤ មានរោងចក្រជាប់ហូរហែ

ធ្វើនយោបាយកន្ទុយអណ្តើក … យើងពិនិត្យមើល កាលពីដើម តាមផ្លូវជាតិលេខ៤ ចេញតែពីពោធិចិនតុងមក សងខាងផ្លូវគឺសុទ្ធតែវាលស្រែល្វឹងល្វើយ។ សូម្បីតែឆ្នាំ២០០០ ហើយ​ ពេលហ្នឹងចាប់ផ្តើមចេះវាយកូនហ្គោលហើយ។ យើងចង្អុលកន្លែងវាយកូនហ្គោលទៅខាងណា … ហ្នឹងនៅជិតវត្តក្តីល្វា។ ខ្ញុំឧស្សាហ៍មកវាយកូនហ្គោលហ្នឹង … ឆ្នាំ២០០០ ២០០១ ២០០២ អត់ទាន់មានអីមែន។ ខ្ញុំគិតថា ពេលដែលមានការវិនិយោគ … ខ្ញុំចង់ឲ្យតភ្ជាប់តំបន់រោងចក្រនៅតាមផ្លូវជាតិលេខ៤ រហូតពីភ្នំពេញធ្លាក់ទៅកំពង់សោម … នេះជាទស្សនៈរបស់ ហ៊ុន សែន។ រឿងនេះបានក្លាយទៅជាការពិត បើទោះបីជាឥឡូវហ្នឹង តាមផ្លូវទៅដល់ខេត្តព្រះសីហនុមិនទាន់មានរោងចក្រគ្រប់គ្រាន់ ក៏ប៉ុន្តែយ៉ាងហោចណាស់ភ្នំពេញ-កំពង់ស្ពឺ ភ្ជាប់ដោយរោងចក្រទៅហើយ។ អ្នកឯងត្រូវឃើញចក្ខុវិស័យវែងឆ្ងាយផង។

ពេលហ្នឹង និយាយពី(សម្បូណ៌អ្នក)តាំងខ្លួនធ្វើអ្នកចេះសំបើមណាស់។ “អស់ហើយ កសិករលក់ដីអស់ហើយ” (គេនាំគ្នាស្រែក)។ ឥឡូវសួរមើល កសិករលក់ដី គេយកលុយទៅណា? គេលក់ដីត្រូវប៉ាន់ បានថ្លៃ គាត់យកលុយហ្នឹងទៅទិញដី។ គាត់លក់២ ហិកតា គាត់ទៅទិញដី១០ ហិកតា។ ក្រៅពីនោះ គាត់សល់លុយធ្វើផ្ទះធ្វើសំបែង មានមធ្យោបាយធ្វើដំណើរទៀត។ មានអីខាតបង់? ឥឡូវដីសម្រាប់ធ្វើកសិកម្ម២០ ហិកតានេះ បើយើងគិតឲ្យខ្ពស់ យើងថាក្នុងមួយឆ្នាំ យើងធ្វើ ២ ដង យើងបាន ៦ តោន ថា ១ ហិកតា បាន ៣ តោន ហើយក្នុងមួយឆ្នាំធ្វើ២ ដង យើងបាន៦ តោន។ អញ្ចឹង២០ ហិកតា ១ ហិកតា បាន ៦ តោន សរុបបានតែ ១២០ តោន តើបានលុយប៉ុន្មាន?

ឥឡូវសុំសួរសំណួរមួយទៀតថា ក្មួយៗទទួលបានបៀវត្សរ៍ចាប់ពី ២០០ ដុល្លារឡើងទៅ មានគ្នាប៉ុន្មាននាក់ នៅក្នុងហ្នឹង? លើកឲ្យខ្ពស់បន្តិចមើល។ អរគុណណាស់។ នេះជាបញ្ហាដែលត្រូវពិនិត្យ។ ប្រាក់គោលសម្រាប់វិស័យកាត់ដេរ វាយនភ័ណ្ឌ និងដេរស្បែកជើងនេះ គឺយ៉ាងតិច២០០ ដុល្លារ ប៉ុន្តែរោងចក្រខ្លះគេឲ្យដល់៤០០ ដុល្លារ ដូចជាតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ។ ថ្ងៃមុនឡើងមកតទល់គ្នា​ ខាងប្រពន្ធបាន ៤៣០ ដុល្លារ ប្តីបាន ៤៤០ ដុល្លារ។ នៅទីនេះ យើងគិតឲ្យទាបបំផុតចុះ២០០ ដុល្លារ។ បើ(ដូចនេះ) ក្នុងមួយឆ្នាំ ក្មួយៗនឹងបាន ២៤០០ ដុល្លារ។ យើងគិតមើល ពី(ដីដែលចិញ្ចឹមមនុស្ស)១០ គ្រួសារដែល(យើងថា)មានមនុស្ស៥០ នាក់(ទៅចុះ) ទៅជាបំរើ(ជីវភាព)មនុស្ស១ ម៉ឺនគ្រួសារ។ មួយណាចំណេញ មួយណាខាត? ហើយគេថាជំរិតទិញពីកសិករ។ កសិករខ្មែរចាំតែឲ្យគេជំរិតតើ។ សាកល៎មើលៗ។

មានកន្លែងខ្លះក៏លេងខូចដែរ។ ខូចត្រង់ថាលក់ឲ្យអ្នកនេះរួចហើយ មិនទាន់កាត់ប្លង់ផងទៅលក់ឲ្យម្នាក់ទៀត។ ហ្នឹងហើយរឿងឈឺក្បាល។ ជម្លោះដីធ្លីខ្លះចេះតែចោទ។ ខ្ញុំទទួលស្គាល់ថា មានអ្នកធំមួយចំនួនរពិសដៃទៅប៉ះដីអ្នកនេះប៉ះដីអ្នកនោះ។ ប៉ុន្តែជម្លោះខ្លះវាបានកើតឡើងពីម្ចាស់ដីលក់ឲ្យអ្នកនេះផង។ លក់ឲ្យអ្នកនេះហើយ ក៏លក់ឲ្យអ្នកនោះទៀត។ ជួនកាលមួយកន្លែងហ្នឹងលក់៣ ម្ចាស់ ដល់ជម្លោះគឺពិបាកដោះស្រាយ មិនដឹងថាដោះស្រាយយ៉ាងម៉េចទេ។ ណាពិតណាមិនពិត។ អញ្ចឹងត្រូវទៅធ្វើកោសល្យវិច័យសព្វយ៉ាង … កាលពីជំនាន់សង្គ្រាមនាំគ្នារត់ចោលដីខ្ទេច រត់អស់ ដល់ពេលផុតពីសង្គ្រាមទៅ ដីឡើងថ្លៃ។ មានកន្លែងខ្លះ ដីកន្លែងហ្នឹងពីឆ្នាំ១៩៧៩ អត់មនុស្សនៅ ស្រាប់តែមកប្តឹងយើងថាខ្ញុំនៅហ្នឹងតាំងពីឆ្នាំ១៩៧៩។ ចប់រឿងប៉ុណ្ណឹង។

(១៧) កសាងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ទាក់ទាញវិនិយោគពីខាងក្រៅ

ក្មួយៗបានទទួលអត្ថប្រយោជន៍ពីការអភិវឌ្ឍ។ រាជរដ្ឋាភិបាលក៏បានប្រឹងប្រែងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង ដើម្បីទាក់ទាញវិនិយោគពីខាងក្រៅសម្រាប់បង្កើតការងារធ្វើ។ យើងខិតខំកសាងផ្លូវ ខិតខំកសាងកំពង់ផែ ខិតខំកសាងព្រលានយន្តហោះ ខិតខំកសាងអគ្គិសនី ធ្វើម៉េចឲ្យតម្លៃអគ្គិសនីបានមានស្ថេរភាព ហើយតម្លៃសមល្មមជាចំណែកនៃការទាក់ទាញទុនវិនិយោគមក។ បើអត់មានផ្លូវទេ គេមិនមកវិនិយោគទេ បើអត់មានភ្លើងទេ គេមិនមកវិនិយោគទេ បើគ្មានកំពង់ផែ គ្មានព្រលានយន្តហោះ គេក៏ពិបាកមកដែរ។ ហ្នឹងនិ​យាយអំពីផ្នែករឹង។ អំពីផ្នែកទន់ ក៏បានយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សគ្រប់ផ្នែក បម្រើឲ្យសេចក្តីត្រូវការក្នុងទីផ្សារការងារ ក្នុងវិស័យកសិកម្ម ក្នុងវិស័យឧស្សាហកម្ម និងក្នុងវិស័យសេវា។ សេវាមិនមែនគ្រាន់តែទេសចរណ៍ទេ អាចរាប់បញ្ចូលទាំងធនាគារ ភោជនីយដ្ឋានស្អីៗហ្នឹង សូម្បីសេវាខារ៉ាអូខេ …។

អ្វីទៅ KTV

ប្រមាណជាឆ្នាំ២០១៦។ កាលហ្នឹងនៅវាយកូនហ្គោលនៅហ្គ្រេនភ្នំពេញ។ វឌ្ឍនៈអត់ទាន់មានទេ។ ក្មេងម្នាក់ដើរជាមួយ ព្រោះធម្មតាហ្នឹងជារបបដែលគេផ្គត់ផ្គង់ឲ្យតាមអ្នកវាយកូនហ្គោល។ សួរថា ក្មួយឯងម្តាយធ្វើការអី? ថាម្តាយមើលកូនឲ្យគេ។ អញ្ចឹងក៏សួរថា “ព្រឹកគេយកកូនមកម៉ោងប៉ុន្មាន។ ល្ងាចគេយកទៅវិញម៉ោងប៉ុន្មាន?”។ ថាអត់ទេ គេយកមកផ្ញើតែពេលយប់ ពេលថ្ងៃគេយកទៅវិញ។ ម៉េចក៏អញ្ចឹង? អញ្ចឹងមានន័យថា អ្នកដែលមានកូនហ្នឹងគាត់ធ្វើការយប់។ ក្មេងស្រីហ្នឹងប្រាប់មកថា “លោកពូ គាត់ធ្វើការនៅ KTV”។ អត់ដឹងថា KTV ជាអ្វី? អញ្ចឹងក៏ងាកទៅសួរ ប៉ែន ស៊ីម៉ន “ម៉ន KTV របស់អ្នកណាវើយ?” … ស្រាប់តែឆ្លើយមកថា​ “KTV គឺខារ៉ាអូខេ”។ ហេតុតែមិនដែលបានចូល។ ប៉ុន្តែក៏មិនចង់ចូលដែរ។ បើថាចូលខារ៉ាអូខេ គឺមានតែផ្អើលគេ។ ឧបមាថាទៅ អញ្ចឹងគេដាក់អង្គរក្សទៅមុន រាវមីន រាវអី រួចអ្នកណាភ្ញៀវដទៃទៀតអត់ចូលទេ រាប់ទាំងនាងៗនៅបម្រើខារ៉ាអូខេក៏អត់ទៅដែរ។

អញ្ចឹងមិនបាច់ទេ។ មួយជីវិតនេះឆាចោល។ មិនបាច់ស្គាល់ខារ៉ាអូខេទេ។ ឲ្យវាចប់ត្រឹមប៉ុណ្ណឹងតែម្តងទៅ។ អា​យុប៉ុណ្ណេះហើយ ទោះបីថាក្មួយៗកូនៗចៅៗថានៅក្មេង ចាំតែក្មេងតើ ចៅមួយគំនរ ចៅដល់ ២២។ បើនិយាយពីប្រណាំងប្រជែងជាមួយមេដឹកនាំនៅលើពិភពលោក បើមានប្រពន្ធតែមួយដូចគ្នា អ្នកណាមានចៅស្មើ ហ៊ុន សែន គឺវាជារឿងមួយពិបាកប្រជែងណាស់។ ចៅដល់ ២២ នាក់ ប៉ុន្តែមិនហ៊ានប្រជែងជាមួយអ្នកប្រពន្ធច្រើនទេ ព្រោះអ្នកប្រពន្ធច្រើន គឺគេមានកូនច្រើន មានចៅច្រើនជាងយើង ប៉ុន្តែនិយាយប្រពន្ធមួយនឹងមួយ អាហ្នឹងគឺថាក្នុងអាស៊ាន និងអាចក្នុងអាស៊ីហ្នឹង ហ៊ុន សែន ស៊ីដាច់។ តែយើងនៅមើលខាងអាហ្វ្រិក ក៏មានកូនចៅច្រើនដែរ។ អញ្ចឹងប្រហែលជាយើងអាចតទល់ជាមួយអាហ្វ្រិក។ នៅក្នុងអាស៊ីនិងអឺរ៉ុប ប្រហែលជា ហ៊ុន សែន ស៊ីដាច់ រឿងចៅច្រើន។

(១៨) ប្រទេសឆ្លងកាត់ការបែងចែកតំបន់ត្រួតត្រាជា៣ តាំងពីឆ្នាំ១៤៧៣

ពូចង់បញ្ជាក់អំពីអ្វីដែលយើងមាននៅក្នុងដៃ។ សមិទ្ធផលដែលយើងបានធ្វើអោយកើតឡើងនៅកន្លែងនេះ មិនមែនបានដោយធ្លាក់ពីលើមេឃ ព្រះឥន្ទប្រទានឲ្យទេ។ បានមកពីការខិតខំប្រឹងប្រែងរួមគ្នាតាំងពីជីដូនជីតារបស់ចៅៗ តាំងពីឪពុកម្តាយរបស់ក្មួយៗ កូនៗ ទើបយើងបង្កើតបានស្ថានភាពប៉ុណ្ណឹង។ ការខិតខំរបស់យើងកាលពីពេលនោះ ប្រមូលផ្តុំធ្វើម៉េចឲ្យប្រទេសមានសន្តិភាព … ទម្រាំនាំប្រទេសមកមានសន្តិភាព ប្រទេសនេះធ្លាប់មានប្រវត្តិបែកបាក់ទៅជាចម្រៀកៗ។ ខ្ញុំមិនលើកអំពីដំណាក់កាលវែងឆ្ងាយទេ ត្រឹមតែពី១៤៧៣ រហូតមកដល់ពេលប្រទេសមានសន្តិភាពនេះទេ រយៈពេល៥០០ឆ្នាំ តាំងពីពញាយ៉ាត និងក្រោយពញាយ៉ាតបន្តិច កម្ពុជាបែងចែកតំបន់ត្រួតត្រា៣។ នេះគឺជាតំបន់ដែលគ្រប់គ្រងដោយព្រះធម្មរាជា​។ ព្រះធម្មរាជាគ្រប់គ្រងចតុមុខ សំរោងទង និងបាទី។ ពេលនោះអត់ទាន់មានខេត្តកំពង់ស្ពឺទេ។ ខេត្តសំរោងទង ហើយក៏អត់ទាន់មានខេត្តតាកែវដែរគឺខេត្តបាទីទេ … ឯព្រះព្រះស្រីរាជា គ្រប់គ្រងនៅភាគពាយព្យ ចាប់តាំងពីកំពង់ឆ្នាំងធ្លាក់ទៅនោះ។ ឯសុរិយោទ័យទៅម្ខាងទៀត។ ប្រ​ទេសខ្មែរធ្លាប់បែងចែកជា៣។ ខេត្តកំពង់ស្ពឺ ម្តុំសំរោងទង គឺជាតំបន់ដែលព្រះធម្មរាជា បោកព្រះស្រីរាជា និង សុរិយោទ័យ មកចាប់ខ្លួននៅហ្នឹង។ ហ្នឹងជាតំបន់ប្រវត្តិសាស្រ្ត។ មើលមហាបុរសខ្មែរទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជា ក៏ប៉ុន្តែនិយាយអាហ្នឹងវាវែងឆ្ងាយពេក។

(១៩) មុន១៩៧០ មានខ្មែរបដិបក្ស៤ ក្រុម ឆ្នាំ ១៩៧០ដល់៧៥ មានតំពន់ត្រួតត្រា២

បើយើងនិយាយប្រវត្តិហ្នឹង វាវែងឆ្ងាយពេក។ បើយើងសម្លឹងមើល ត្រឹមមុនឆ្នាំ១៩៧០ កម្ពុជាមួយមានកម្លាំងប្រដាប់អាវុធ៤ ក្រុម មានកម្លាំងទ័ពព្រៃ មានខ្មែរក្រហមផង ខ្មែរខៀវផង ខ្មែរសផង កម្លាំងរដ្ឋាភិបាល ហើយនៅមានកម្លាំងមួយទៀត គេហៅថាកម្លាំងស៊ីជម្ពូ ដែលមិនមានប្រដាប់អាវុធទេ។ ឆ្នាំ១៩៧០ ដល់១៩៧៥ ប្រ ទេសកម្ពុជាបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងគឺលន់ នល់ ធ្វើរដ្ឋប្រហារគ្រប់គ្រងទីក្រុង ទីប្រជុំជនមួយចំនួន ឯម្ខាងទៀតគ្រប់គ្រងដោយរណសិរ្សរួបរួមជាតិ ដែលដឹកនាំដោយសម្តេច ព្រះនរោត្តមសីហនុ។ នៅក្នុងដំណាក់កាលនោះសោកនាដកម្មបានកើតឡើងលើកម្ពុជា។

(២០) ១៩៧៩ដល់១៩៩៣ កម្ពុជាមានតំបន់ត្រួតត្រា៤

១៩៧៥ ដល់១៩៧៩ របបប្រល័យពូជសាសន៍។ ពួក ប៉ុល ពត ទោះបីវាខ្លាំងប៉ុណ្ណឹង វាសាហាវប៉ុណ្ណឹង ប៉ុន្តែ វាក៏ត្រួតត្រាទឹកដីមិនអស់ដែរ។ បើទឹកដីវាត្រួតត្រាទាំងអស់ ខ្ញុំនៅឯណា? ក្នុងការដឹកនាំការតស៊ូ ហើយបើចាប់ពីឆ្នាំ១៩៧៩ ដល់១៩៩៣ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រា ៤ ឡើងវិញ មួយគឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជាបន្ទាប់មករដ្ឋកម្ពុជា មួយទៀតគឺកម្លាំងរបស់ខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ មួយទៀតរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ឯមួយទៀតរណសិរ្សហ្វ៊ុនស៊ិនប៉ិច។ យើងមានកម្លាំងប្រដាប់អាវុធ៤ ប៉ុន្តែតាមរយៈកិច្ចព្រមព្រៀងប៉ារីស បានធ្វើឲ្យ៣ ក្រុមរួបរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រមួយ និងកងកម្លាំងប្រដាប់អាវុធមួយ។ បើទោះបីវាមិនទាន់ស៊ីចង្វាក់គ្នាក៏ដោយចុះ អ៊ុនតាក់ បានចាយលុយអស់ជាង ២ ០០០ លានដុល្លារ ហើយដកត្រឡប់ទៅវិញ បន្សល់ទុកឲ្យខ្មែរវាយគ្នាតទៅទៀត ដោយពួកខ្មែរក្រហមនៅកាន់កាប់តំបន់មួយចំនួនរាប់ទាំងនៅកំពង់ស្ពឺយើង គឺតំបន់ឱរ៉ាល់។

(២១) ចលនានយោបាយឈ្នះ-ឈ្នះ ចាប់ផ្តើមពីខែមករាដើមឆ្នាំ១៩៩៦

ដើមឆ្នាំ១៩៩៦ ខ្ញុំមកធ្វើសមាហរណកម្មកងពលលេខ១៨ របស់ កែវ ពង្ស នៅហ្នឹង។ នេះជាការចាប់ផ្តើមនៃចលនាអនុវត្តនយោបាយឈ្នះ-ឈ្នះ។ សូមកុំភាន់ច្រឡំថានយោបាយឈ្នះ-ឈ្នះចាប់ផ្តើមនៅថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨។ មិនមែនទេ។ ចាប់ផ្តើមចលនានេះ ជំរុញចាប់ពីខែមករានៅដើមឆ្នាំ១៩៩៦ ដែលធ្វើឲ្យមានការបះបោរឡើងនៅប៉ៃលិននិងម៉ាឡៃ ជាកម្លាំងជំរុញចលករមួយដ៏ធំដឹកនាំដោយ អ៊ី ឈាន និង សុខ ភាព បង្កើតឡើងនូវចលនាផ្តាច់ខ្លួនចេញពីខ្មែរក្រហម ហើយយើងអនុវត្តនយោបាយឈ្នះ-ឈ្នះ បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ឯកភាពជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ត ដែលយើងបានបែកបាក់វាច្រើនឆ្នាំ វាយូរលង់ណាស់មកហើយ។

(២២) ២ធ្នូ ១៩៩៨ ដាក់ចេញយុទ្ធសាស្ត្រត្រីកោណ

បន្ទាប់ពីនោះ តើយើងត្រូវធ្វើអ្វី? យុទ្ធសាស្រ្តត្រីកោណដែលខ្ញុំបានដាក់ចេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ នៃការប្រជុំគណៈរដ្ឋមន្រ្តីដំបូង មុំទី ១ នៃយុទ្ធសាស្រ្តត្រីកោណនោះគឺការធ្វើសន្តិភាវូបនីយកម្មនៅទូទាំងប្រទេស (នោះ)បាន​សេចក្តីថាពង្រឹង(ការស្វែងរកសន្តិភាព)។ ពេលនោះ ខៀវ សំផន នួន ជា និងមនុស្សមួយចំនួនទៀតមិនទាន់ចុះចូលទេ។ ឯទី២ សមាហរណកម្មកម្ពុជាឲ្យឆាប់បំផុតក្នុងសហគមន៍អន្តរជាតិ។ ឯមុំទី៣ ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុងនិងអន្តរជាតិ ប្រមូលផ្តុំកម្លាំងមនុស្ស កម្លាំងបញ្ញា កម្លាំងទ្រព្យសម្បត្តិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ ហ្នឹងជាគោលដៅ។

(២៣) ទស្សនៈនិងទស្សនវិជ្ជា ហ៊ុន សែន នាំកម្ពុជាមកកាន់ដំណាក់កាលថ្មី

សូមអរគុណ លោកបណ្ឌិត សាយ បូរី បញ្ញវន្តជើងចាស់ផ្នែកច្បាប់ ដែលបានលើកឡើងថា លោក ហ៊ុន សែន មិនមែនគ្រាន់តែជាអ្នកនយោបាយទេ ប៉ុន្តែគឺជាអ្នកប្រាជ្ញ។ អ្វីដែលខ្ញុំបានលើកនេះជាទស្សនៈរបស់ ហ៊ុន សែន បានដាក់ចេញ។ អ្នកដែលបានដឹងឮរឿងហ្នឹង គឺនៅជាប់ជាមួយហ្នឹងបន្ត ព្រោះដំណាក់កាលមួយៗនៃការដាក់ចេញ កម្រ(មានការដែល) ហ៊ុន សែន ដាក់ខុសណាស់។ កុំសន្និដ្ឋានលឿនពេក ​… ចាំមើលលទ្ធផលវាបានដល់​ណា។ លទ្ធផលពិត កម្ពុជាបានឆ្លងផុតដំណាក់កាលលំបាកលំបិនមកកាន់ដំណាក់កាលថ្មី។ ពីដើម គេនាំគ្នាស្តីបន្ទោសពីការអនុញ្ញាតឲ្យលក់ដីស្រែនៅតាមផ្លូវជាតិលេខ៣ លេខ៤ លេខ២។ អញ្ចឹងត្រូវតែឡើងបកស្រាយប្រាប់គេ ហ្នឹងធ្វើស្រែ ២ ហិកតា ចិញ្ចឹមបានតែមួយគ្រួសារទេ​ ប៉ុន្តែបើ ២ ហិកតាហ្នឹង យកទៅធ្វើរោងចក្រ បាន ៣ ពាន់ ទៅ ៥ ពាន់គ្រួសារ ឥឡូវវាក្លាយទៅជាការពិត។ វាជាទស្សនវិជ្ជារបស់ ហ៊ុន សែន ប៉ុន្តែ ក្មេងពាលខ្លះប្រដៅមិនបានតែម្តង ​…។

(២៤) រួមគ្នារក្សាសន្តិភាព គ្មានសន្តិភាពទេ គ្មានការអភិវឌ្ឍ

ខ្ញុំចង់និយាយទៅកាន់ក្មួយៗជាកម្មករ/ការិនី ក៏ដូចជាម្ចាស់រោងចក្រ យើងត្រូវខិតខំធ្វើយ៉ាងម៉េច ជាក្របខណ្ឌរួម។ ត្រូវរួមគ្នាដើម្បីការពារសន្តិភាព។ បើគ្មានសន្តិភាពទេ គ្មានការអភិវឌ្ឍទេក្មួយ។ រោងចក្រសហគ្រាសនឹងត្រូវបិទ ហើយក្មួយៗអត់មានការងារធ្វើទេ។ ដូច្នេះសន្តិភាពវាមានតម្លៃធំណាស់សម្រាប់ការអភិវឌ្ឍ។ សុន្ទរក​ថា​របស់ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បានថ្លែងយប់មិញនេះសំខាន់ណាស់។ ពួកគាត់នៅតែលើក អំពីតម្លៃសន្តិភាពនៃប្រទេសរបស់យើង។ យើងត្រូវបន្តការខិតខំទាំងអស់គ្នា។ សន្តិភាពមិនមែនសម្រាប់តែនា​យករដ្ឋមន្រ្តីទេ។ ដំបូងបំផុត សន្តិភាពគឺសម្រាប់ប្រជាពលរដ្ឋទាំងអស់។ នាយករដ្ឋមន្រ្តីមានកម្លាំងការពារ។

(២៥) គណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពរកនិងការពារសន្តិភាព

ទម្រាំនឹងវាយដល់ផ្ទះនាយករដ្ឋមន្រ្តី ដល់កន្លែងនាយករដ្ឋមន្រ្តីប្រហែលជាងាប់មនុស្សអស់ប៉ុន្មាន? ធ្វើសង្រ្គាមតទៅទៀត។ អញ្ចឹងធ្វើម៉េចធានាបញ្ហាសន្តិភាព? អ្នកដែលមានសមត្ថភាពរកសន្តិភាព និងការពារសន្តិភាពមានតែគណបក្សប្រជាជន។ បើទោះបីជាគណបក្សប្រជាជនដឹកនាំដោយ ហ៊ុន សែន ធ្វើនាយករដ្ឋមន្រ្តី ឬក៏អ្នកបន្តវេននៃជំនាន់ក្រោយ ឲ្យតែចេញពីគណបក្សប្រជាជនមានលទ្ធភាពការពារសន្តិភាពទាំងអស់។ ការបន្តវេនបន្តអី គឺបន្តតាមរយៈការបោះឆ្នោត។ អញ្ចឹងទេ ពួកអ្នកឯងចង់រារាំង ចង់ស្អីៗ រឿងរបស់អ្នកឯងទេ។

(២៦) អ្នកមានទោស មានសញ្ជាតិច្រើន មិនជាប់ឆ្នោតជាតំណារាស្ត្រ មិនមានសិទ្ធិធ្វើនាយករដ្ឋមន្រ្តី

នៅកម្ពុជា អ្នកដែលមិនមានសិទ្ធិធ្វើនាយករដ្ឋមន្រ្តីបាន គឺទី ១ អ្នកជាប់គុក។ អ្នកមានទោសធ្វើអត់បានទេ។ ទី២ អ្នកមានសញ្ជាតិច្រើន។ រឿងហ្នឹងរដ្ឋធម្មនុញ្ញហាមឃាត់។ ទី៣ អ្នកអត់ជាប់ឆ្នោតជាតំណាងរាស្រ្ត ក៏ធ្វើនាយករដ្ឋមន្រ្តីអត់បានដែរ។ រដ្ឋធម្មនុញ្ញចែងច្បាស់ថា នាយករដ្ឋមន្រ្តីត្រូវតែជាតំណាងរាស្រ្ត។ បើអ្នកឯងអត់ជាប់ជាតំណាងរាស្រ្តទេ អ្នកឯងអត់ធ្វើជានាយករដ្ឋមន្រ្តីបានទេ។ ជនភ្លើណាមួយនោះ បកស្រាយថាអ្នកនេះអត់មានលទ្ធភាពធ្វើអញ្ចេះៗ។ អ្នកឯងចាំមើលទៅ។ ចាំមើលនៅពេលខាងមុខ ​… បង្រៀនតាមហ្នឹងដើម្បីឲ្យអ្នកឯងមានដើមទុនឡើងអាស៊ីសេរីទៀត ជាមួយនឹង ជុន ច័ន្ទបុត្រ។ ផ្តាំទៅថា ជិតដាច់ម៉ូយហើយ។ ម៉ូយរបស់ខ្លួនធ្លាប់ធ្វើសម្ភាសន៍ហ្នឹងចេះតែមក នៅសល់តែប៉ុន្មានគ្រឿង ប៉ុន្មានទៀតចេះតែមកហូរហែ។ អ្នកខ្លះមិនមកជាហូរហែទេ គេនៅសម្ភាសន៍ជាមួយអ្នកឯង ប៉ុន្តែ គេនៅជាមួយខ្ញុំទេ។

(២៧) ពួកប្រឆាំងគិតតែរឿងឈ្នះនិងចាញ់ ហ៊ុន សែន គិតពីសន្តិភាព

គេធ្វើដល់ប៉ុណ្ណឹង មិនមែនគេល្ងង់ទេ។ គេនិយាយទៅអញ្ចេះ វាទាញទៅអញ្ចុះ … និយាយពីលោក ហ៊ុន សែន វាយតម្លៃមិនដែលខុសទេ ស្រាប់តែវាលើកឆ្កុយមកថា លោក ហ៊ុន សែន ធ្លាប់វាយតម្លៃខុសកាលឆ្នាំ១៩៩៣។ ឆ្នាំ២០១៣ យើងសុំប្រាប់ទៅឯងឲ្យបានច្បាស់ ការគិតគូរវាយតម្លៃនៅទីនេះមិនមែនវាយតម្លៃត្រឹមតែបញ្ហាឈ្នះឆ្នោតនិងចាញ់ឆ្នោតទេ តែពីសន្តិភាពទាំងមូល។ វាថា “គេថា លោក ហ៊ុន សែន វាយតម្លៃមិនដែលខុស ប៉ុន្តែ ហ៊ុន សែន ធ្លាប់វាយតម្លៃខុសឆ្នាំ១៩៩៣​ និងឆ្នាំ២០១៣”។ អញ្ចឹងពួកអ្នកឯងគិតតែពីរឿងឈ្នះចាញ់ ក្នុងពេលដែលអញគិតពីរឿងសន្តិសុខរបស់ប្រទេស។ ភ្លើតាមរបៀបអ្ហែងទៅ អ្ហែងកុំបបួលគេភ្លើ។ ប្រធានវិទ្យុអាស៊ីសេរីសុំត្រឡប់មកវិញ (យើង)ថាបើចង់ត្រឡប់មកវិញ ដាក់លក្ខខណ្ឌថាដកពួកហ្នឹងគ្រវាត់ចោលបានឲ្យមក។ បើមិនទាន់ដូរ អត់ឲ្យមានវត្តមានក្នុងប្រទេសអញទេ … យូរៗមើលវាម្តង ចង់ដឹងមើលថាអាហ្នឹងវាយ៉ាងម៉េច។ អ្នកឯងត្រូវយល់ វាគ្មិនរបស់អ្នកឯងមកនៅជាមួយខ្ញុំច្រើនហើយ។ សល់វាគ្មិនប៉ុន្មាននាក់ហ្នឹងទៅ។

សន្តិភាពនៅទីនេះត្រូវតែធានា។ មួយទៀតគឺសុំឲ្យរោងចក្រទាំងអស់ ទាំងកម្មករ ទាំងម្ចាស់រោងចក្រ ខិតខំរួមគ្នាធ្វើឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ ដែលវាជាចំណែកនៃការអនុវត្ត ភូមិឃុំមានសុវត្ថិភាព។ ចូលរួមទាំងអស់គ្នាដើម្បីធ្វើកិច្ចការនេះឲ្យបានល្អ។ នៅតាមបណ្តារោងចក្រ កុំឲ្យមានបងតូច បងធំ កុំឲ្យមានបញ្ហាការប្រើប្រាស់គ្រឿងញៀន កុំឲ្យមានអ្វីដែលហាមឃាត់ដោយច្បាប់។ ធ្វើដូចនេះ ដើម្បីធានានូវសុវត្ថិភាពសម្រាប់ដំណើរការរបស់រោងចក្រ។ ត្រូវដោះស្រាយសុខទុក្ខជាមួយគ្នា។ ក្មួយៗត្រូវចាំឲ្យច្បាស់ រោងចក្រគឺជាឆ្នាំងបាយ។ សូមកុំធ្វើអ្វីដែលមានចរិតបំផ្លាញដល់ឆ្នាំងបាយ។ មិនមែនព្រលែងឲ្យថៅកែធ្វើអ្វីស្រេចនឹងចិត្ត ដោយមិនគោរពច្បាប់និងគោរពសិទ្ធិកម្មករនោះទេ។ តែកម្មករត្រូវចាត់ទុករោងចក្រជាឆ្នាំងបាយរបស់ខ្លួន ឯម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករថាជាអ្នកដាំបាយដើម្បី​ឲ្យបាយឆ្អិន។

(២៨) កម្មករ-រោងចក្រស្រាយការមិនចុះសម្រុងឬវិវាទអោយបានរហ័ស

បើយើងមានតែរោងចក្រអត់មានកម្មករ វាស្មើនឹងយើងជាម្ចាស់ឃ្លាំង។ បើយើងមានតែកម្លាំង​ពលកម្មអត់មានរោងចក្រទេ គឺយើងជាកសិករ កាប់ដី ស្ទូង/ច្រូតស្រូវ តែប៉ុណ្ណឹងទេ។ អញ្ចឹងត្រូវបំពេញឲ្យគ្នាទៅវិញ​ទៅមក។ (ត្រូវរួមគ្នា)ដោះស្រាយការមិនចុះសម្រុង ឬវិវាទណាក៏ដោយ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន​។ ​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវឈរពីមុខ កុំចាំតែក្រសួងការងារ កុំរង់ចាំតែសហជីព។ ត្រូវរហ័សរហួនចុះដោះស្រាយ។ រោងចក្រនៅក្នុងខេត្តកំពង់ស្ពឺនេះមាន ៣៨៥ ជាចំនួនច្រើនបន្ទាប់ពីភ្នំពេញ។ ជំនាន់អតីតកាល តាមដែលពូ/តាធ្លាប់ដឹង គេបង្អាប់គ្នាថាពួកកំពង់ស្ពឺ(វាអន់)។ ឥឡូវអត់បានទេ។

(២៩) ធ្វើការនៅរោងចក្រ កូនៗរួមចំណែកជាមួយឪពុកម្តាយជាកសិករ ធ្វើអោយជីវភាពធូរធា

កម្មករ/ការិនីកំពង់ស្ពឺទៅប្រ​ឡងបវរកញ្ញាខាង ជាប់ “ប្រុសស្អាត ស្រីស្អាត”។ មិនទាន់ក្រូម៉េផងក៏ស្អាតទៅហើយ។ អ្វីទៅក្រូម៉េ? គឺផាត់មុខ ផាត់អីពូហៅក្រូម៉េ។​ ឥឡូវយើងពិនិត្យមើលចំនួន ៣៨៥ រោងចក្រ ជាមួយកម្មករ១៥ ម៉ឺននាក់។ គ្រួសារខ្លះមានកូន១ ខ្លះកូន២ ខ្លះកូន៣។ អ្នកមានធូរធារដែលមានផ្ទះស្អាតនៅតាមជនបទហ្នឹង ច្រើនតែមានកូនមកធ្វើកម្មករ ដែលរួមចំណែកប្រាក់ចំណូលជាមួយឪពុក​ម្ដាយ​ធ្វើកសិកម្ម។ នៅក្នុងពេលវិបត្ដិកូវីដ១៩ រោងចក្រត្រូវព្យួរ រាជរដ្ឋាភិបាលត្រូវដោះស្រាយឲ្យក្មួយៗបាន ៧០ ដុល្លារ ហើយជួយធ្វើការងារឪពុកម្ដាយ។ ពេលរោងចក្របើក ត្រឡប់មកវិញ​។

(៣០) សហជីពបានតែដឹកនាំធ្វើបាតុកម្ម អ្នកដោះស្រាយបញ្ហាពិតប្រា​កដគឺមន្ទីរការងារនិងអាជ្ញាធរ

ពេលរោងចក្រមាន​បញ្ហា ខំដោះស្រាយឲ្យបានលឿនបំផុត យកការទទួលខុសត្រូវដើម្បីការពារសិទ្ធិកម្មករ។ មានតែវិធីហ្នឹងមួយទេ។ គ្មានអ្នកណាអាចមានលទ្ធភាពការពារសិទ្ធិកម្មករជាងអាជ្ញាធររបស់រដ្ឋទេ។ ត្រូវចាំអស់លោកចៅហ្វាយខេត្ត។​ សហជីពបានត្រឹមដឹកនាំធ្វើបាតុកម្មតែប៉ុណ្ណឹង ប៉ុន្ដែអ្នកដោះស្រាយបញ្ហាពិតប្រា​កដគឺអាជ្ញាធរ មានមន្ទីរការងារ មានអាជ្ញាធរ។ កុំរង់ចាំតែក្រសួងការងារព្រោះនៅឆ្ងាយ។ អញ្ចឹងមានតែអាជ្ញាធរចុះដោះស្រាយ។ មានស្រុកមានស្អីៗ ហើយឥឡូវយើងបង្កើនអាសនៈរបស់អនុខេត្ត ឬស្អីៗហ្នឹង អភិបាលរងស្រុក។ អញ្ចឹងយើងចែកគ្នាធ្វើការ តាមដាន​ឲ្យជាប់ ដោះស្រាយអ្វីទៅជាការលំបាក ទើបយើងដោះស្រាយបានអ្វីទៅជាបញ្ហា។ នេះជាបណ្ដាំដែលត្រូវតែអនុវត្ដឲ្យបានហ្មត់ចត់។

(៣១) ស្រាយវិវាទតាមវិធីឈ្នះឈ្នះក្រៅតុលាការ … មិនឈប់ផ្តែផ្តាំអំពីសន្ដិភាពនិងសហគមន៍សុខសាន្ដ

តាំងពីពេលដែលយើងចាប់ផ្ដើម យើងឲ្យយកថ្ងៃទី១ ឧសភា ជួបជុំការកម្សាន្ដតាមរោងចក្រ។ ចាប់ពីពេលនោះមកគឺវិវាទចេះតែថយៗ។ ដល់តែពេលចាប់ផ្ដើមចុះជុំទី១ វិវាទកាន់​តែថយព្រោះការយល់គ្នារវាងថៅកែនិងកម្មករកាន់ស៊ីជម្រៅ កាន់តែល្អ។ សូមអរគុណដល់ម្ចាស់រោងចក្រ​ទាំង​ឡាយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ពេលខ្លះយើងកុំឲ្យទំនាស់វាកើតយូរ។ តែកើតយូរពេលណាវាមាន​ខ្ទុះ​មានឈាមហើយ។ ទាល់តែរហ័សរហួន។ មានរឿងអី សម្របសម្រួលគ្នាបានទេ ហើយកុំទៅតុលាការអី ព្រោះទៅតុលាការមានឈ្នះមានចាញ់។ អញ្ចឹងទេយកវិធីឈ្នះឈ្នះដោះស្រាយគ្នា សម្របសម្រួលគ្នាទៅ។ ទៅកន្លែងណាក៏ផ្ដាំដែរ មិនឈប់ទេ។ សន្ដិភាពនេះមួយ។ ប្រឹងប្រែងធ្វើឲ្យរោងចក្រនីមួយៗ​ក្លាយជាសហគមន៍សុខសាន្ដនេះមួយ

(៣២) មិនតម្លើងថ្លៃអគ្គិសនី ទឹក និងសូមម្ចាស់ផ្ទះជួលកុំតម្លើងថ្លៃ

ត្រូវប្រឹងប្រែងពិនិត្យមើលអ្វីដែលយើងដាក់ចេញ ដូចជាកន្លែងទទួលទាន​អាហារ កន្លែងបំបៅកូន មជ្ឈមណ្ឌលសុខភាពតាមរោងចក្រ។ ត្រូវតាមមើលទាំងអស់ហ្នឹង … ដើម្បីឲ្យម្ចាស់រោងចក្រកែសម្រួល។ យើងក៏ធ្លាប់បានកែសម្រួលតាំងពីយើងធ្វើទៅរកឃើញវាខុសក្បួន។ កែសម្រួលរោងចក្រអោយអនុវត្ដបានល្អប្រសើរដែរ។ ជារួមមក នេះជាផលប្រយោជន៍ជាតិ។ ការអភិវឌ្ឍជាតិ​ទាំងមូល ប៉ុន្ដែផលប្រយោជន៍ពិតប្រាកដវាបានធ្លាក់មកលើប្រជាពលរដ្ឋរបស់យើង។

រាជរដ្ឋាភិបាល​នឹងធ្វើបន្ដកសាងផ្លូវថ្នល់បន្ថែម។ ប្រទេសនានាដំឡើងថ្លៃអគ្គិសនី តែកម្ពុជាមិនដំឡើងថ្លៃអគ្គិសនីទេ។ ធ្វើម៉េច​ឲ្យប្រជាជនប្រើប្រាស់អគ្គិសនីក្នុងតំលៃមួយសមរម្យ។ ទឹកក៏អត់មានតម្លើងថ្លៃដែរ។ អំពាវនាវឲ្យម្ចាស់ឈ្នួលផ្ទះ​កុំដំឡើងថ្លៃ។ ក្មួយៗនៅទីនេះមួយចំនួននេះ ទៅសម្រាកនៅផ្ទះតើ។ ថ្ងៃមកធ្វើការ ល្ងាចវិលទៅផ្ទះ។ មានមួយផ្នែកណានោះនៅនឹងផ្ទះឈ្នួល។ សូមអំពាវនាវម្ចាស់ផ្ទះឈ្នួលកុំដំឡើងថ្លៃ។ កម្មករទើបឡើងបាន២០០ដុល្លារ។ ឆ្នាំកន្លងទៅបាន១៩៤ ដុល្លារ។ អញ្ចឹងសុំម្ចាស់ផ្ទះទាញកម្មករមកនៅផ្ទះរបស់ខ្លួន។ យកតិចតែយកឲ្យបានច្រើន យកឲ្យមានស្ថេរភាព។ កុំយកថ្លៃពេក គេដូរផ្ទះ គេទៅនៅផ្ទះផ្សេង អញ្ចឹងខាត …?

(៣៣) អនុញ្ញាតឲ្យ​ប្រើរូបិយបណ្ណបរទេសបើកប្រាក់ឈ្នួលឲ្យកម្មករនិងបុគ្គលិកក្រុមហ៊ុន

ដើម្បីឲ្យប្រាក់ដែលក្មួយៗទទួលបាន ហើយចាយត្រឡប់ទៅវិញ ហៅថាកម្លាំងទិញដែលខ្លួនមិនជួបនឹងវិបត្ដិ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យម្ចាស់រោងចក្របើកជាប្រាក់ដុល្លារសម្រាប់កម្មករ/ការិនីតាមបណ្ដា​រោងចក្រ។ ក្រុមហ៊ុននានាក៏បើកជាប្រាក់ដុល្លារដែរ ដើម្បីចៀសវាងការយកទៅដូរខាតបង់ជាមួយនឹងអត្រាប្ដូរប្រាក់។ ​មានតែប្រទេសកម្ពុជាទេដែលធ្វើបែបនេះ។ ប្រទេសដទៃ គេខ្លាចបាត់បង់អធិបតេយ្យ។ កម្ពុជាអនុញ្ញាតឲ្យ​ប្រើរូបិយបណ្ណបរទេសសម្រាប់ការបើកប្រាក់ឈ្នួលឲ្យកម្មករនិងបុគ្គលិកតាមក្រុមហ៊ុន។

[(សន្ទនាជាមួយកម្មការិនីមានផ្ទៃពោះ) … ខ្ញុំចាំណាស់ នៅពេលដែលប្រពន្ធហៅបងលើកទីមួយណា។ ចាំមកដល់ថ្ងៃនេះ។ មិនដែលមានស្ត្រីណាហៅបងសោះ។ ដល់ការហើយ គេហៅបង គឺថាសួរហៅថាម៉េចមិញ? … នៅនេះមានប៉ុន្មាននាក់បានមើល រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី? ច្រើនដែរតើ។ ឥឡូវបញ្ចាំងដល់ភាគទី៤១។ ចូលដំណាក់កាលកាន់តែលំបាកទៅៗ។ មួយអាទិត្យ បញ្ចាំងបានតែថ្ងៃចន្ទ អង្គារ៍ ពុធ និងព្រហស្បតិ៍ ៤ភាគ។ ​ឥឡូវដូចជាបញ្ចាំងបាន៤១ ភាគហើយ។ រឿងនេះប្រហែលជាខ្ទង់១០០ភាគ។​ វាកំពុងតែទៅហើយ។ ឥឡូវគឺ(កម្មការិនីមានផ្ទៃពោះដែលកំពុងសាកសួរ)កំណត់ថាត្រូវតែតាមយកឲ្យបានកូនប្រុស។ ត្រូវតែតាមវាឲ្យជាប់ … ព្រឹកមិញប្តីតេមកសួរ? (ចាស)។ មកតាមផ្លូវហ្នឹង (ខ្ញុំ)មើលគេផ្សាយផ្ទាល់រហូត។ បើមិនមើល​ BTV ទេ មើលតាម Fresh News។ មើលតាម Fresh News គេបញ្ចាំងទៅចំក្មួយឯងកំពុងតែនិយាយទូរស័ព្ទហ្នឹង។ ប៉ងថាមកដល់នឹងតាមរកនាងសម្បកទូរស័ព្ទក្រហម​។​ អរគុណណាស់នាង! ចងដៃនាង។ ទៅវិញប្រាប់ប្ដីផងថា បានបងឯងតេមកហ្នឹងហើយ បានសម្ដេចលោកមើលឃើញ។ មានគុណទៅដល់ខាងប្ដីនោះវិញ]

(៣៤) ម្ខាងជាជំនួបរវាងអ្នកដឹកនាំប្រទេសនឹងកម្មករ ម្ខាងទៀតដូចជាជំនួបរវាងតា/អ៊ំ/ឪពុកជាមួយចៅ/ក្មួយ/កូន

នេះជាជំនួបដែលម្ខាង(រាប់ថា)ជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស(ជាមួយពលរដ្ឋ) ក៏ប៉ុន្តែម្ខាងទៀត វា(ក៏អាចរាប់បានថា)ជាជំនួបរវាងជីតានិងចៅ ឪពុកនិងកូន ពូ/អ៊ំជាមួយក្មួយ … ប្រធានាធិបតីឬនាយករដ្ឋមន្រ្តីនៅប្រទេសនានា គេដើរជួបឬមិនជួប នោះជារឿងរបស់គេ។ តែរឿងរបស់ខ្មែរគឺមានការចាំបាច់ដើម្បីពិនិត្យមើល សួរសុខទុក្ខ ហើយក៏ក្លាយជាកាតព្វកិច្ចរបស់គណបក្សកាន់អំណាច។ បើទោះបីថា​ ខ្ញុំបន្តធ្វើនាយករដ្ឋមន្រ្តី ឬមិនបន្តធ្វើ ឲ្យតែនាយករដ្ឋមន្រ្តីចេញពីគណបក្សប្រជាជនត្រូវតែធ្វើកិច្ចការនេះ បន្តពី ហ៊ុន សែន។ ប្រជាធិបតេយ្យ​ប្រជាជនគឺមានសារសំខាន់ខ្លាំងណាស់ ដែលជាមូលដ្ឋានគ្រឹះរបស់ ហ៊ុន សែន ធ្វើសកម្មភាពរយៈពេលកន្លងទៅ តាំងពីដំណាក់កាលវេទិកាជាមួយកសិករតាមវាលស្រែ មកវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន មកជាវេទិការវាងរាជរដ្ឋាភិបាលជាមួយកម្មករ

និយាយឲ្យចំថារវាងនាយករដ្ឋមន្រ្តីជាមួយកសិករ រវាងនាយករដ្ឋមន្រ្តីជាមួយវិស័យឯកជន និងរវាងនាយករដ្ឋមន្រ្តីជាមួយកម្មករ/ការិនី។ រឿងអស់នេះហើយ ធ្វើអោយយើងអាចស្វែងយល់គ្នា ស្គាល់ចិត្តថ្លើមគ្នា និងរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា។ ជឿជាក់ថាប្រទេសរបស់យើងនឹងទទួលបានសេចក្ដីសុខ …​ សល់មួយល្ងាចដែរ។ វាយកូនហ្គោលហើយ។ បានណាត់គ្នាហើយ … បន្ទាប់ពីហ្នឹងទៅ ក្មួយៗនៅបន្តលេងរាំវង់ … កុំភ្លេច «ស្រអែមនឹកបង»។ អ្នកណាមកខ្លះអ្នកចម្រៀង? មាននរណាចេះទេ? គិតតែងចម្រៀងមួយបទឲ្យប្រុសច្រៀងម្ដង ដាក់ថា ​«ប្រុសម៉ៅនឹកអូន» …។

ថវិកាជូនអង្គពិធី

សង្ឃឹមថា ក្មួយៗបានទទួលទានហើយនំប៉័ង ទឹកក្រូច ទឹកសុទ្ធ ដែលមានរួចមកហើយុ។ ថ្ងៃនេះ សម្រាប់កម្មករ/ការិនីដែលបានចូលរួមសូមជូន​ថវិកា២ ម៉ឺនរៀល/ម្នាក់។ តិចតួចទេក្មួយអើយ! បើប្រៀបធៀបប្រាក់ខែក្មួយៗជាង ៨០ម៉ឺនរៀល/ខែ គឺទាបបំផុតហ្នឹងគឺ ២ ម៉ឺនរៀលហ្នឹងទាបបំផុតហើយ។ ប៉ុន្តែក្មួយៗមកជួបជាមួយពូហ្នឹង មិនសំដៅមករកលុយពូទេ។ នេះជាការជួបជុំគ្នាដែលមានរបស់កំដរដៃតែប៉ុណ្ណោះ។ ឯក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន ៧៧៩ នាក់ ក្នុងម្នាក់ៗជូន ២០០ ដុល្លារ។ ជូនក្រុមគ្រូពេទ្យ​ប្រចាំការក្នុងអង្គពិធី ៣ លានរៀល ជូនក្រុមតន្រ្តីសម័យថវិកា ៥ លានរៀល។

សម្រាប់ក្មួយៗមានផ្ទៃពោះផងដែរ ក្មួយៗនឹងបានអត្ថប្រយោជន៍ពីថវិកាសាច់ប្រាក់សម្រាប់ផ្ដល់ឲ្យអ្នកដែលមានផ្ទៃពោះរហូតទៅដល់កូនមានអាយុ ២ ឆ្នាំ ចាប់ពីខែសីហានេះទៅ នឹងត្រូវអនុវត្តដំឡើង ទាំងអ្នកដែលកំពុងតែអនុវត្តសព្វថ្ងៃ។ យើងអនុវត្តប៉ុន្មានឆ្នាំរួចមកហើយ។ យើងដំឡើងចំនួនទឹកប្រាក់។ ក្មួយៗសព្វថ្ងៃបានទទួលកូនមួយ ៤០ម៉ឺនរៀល កូនពីរ ៨០ម៉ឺនរៀល និងកូនបី ១២០ម៉ឺនរៀល បូក ៥ លានរៀលពីពូ។ ប៉ុន្តែមិនងាយកើតទេ៣ ហ្នឹងនោះ ព្រោះភ្លើងភ្លឺពេក។ នៅពេលនោះ អ្នកចាប់មានផ្ទៃពោះ ត្រូវឧបត្ថម្ភ ៤ ដង នៅពេលដែលពិនិត្យផ្ទៃពោះ។ ពេលឆ្លងទន្លេគឺឧបត្ថម្ភម្ដង ដូចដែលឧបត្ថម្ភរាល់ខែនេះ កុំឲ្យមានពីរមានបី។ ដល់បន្ទាប់ទៅត្រូវឧបត្ថម្ភ ១០ ដងទៀត ពិនិត្យទាំងម្ដាយ និងទាំងកូន រហូតដល់អាយុ២ឆ្នាំ។ អញ្ចឹងបើអ្នកណាកូនញឹក ច្បាស់ជាអាមួយមិនទាន់ផុតទទួលផលប្រយោជន៍ អាមួយទៀតចាប់ផ្ដើមទទួលផលប្រយោជន៍បណ្ដោយ។

បើថាអ្នកកូនញឹក គ្មាននរណាជាងប្រពន្ធពូទេ។ ១៣ ខែកើតបានកូនមួយៗ រឿងអីចៅមិនច្រើន? ស្មើគ្នាធេង។ ខែ៩ ឆ្នាំ១៩៨០ កើតមួយ ខែ១០ ឆ្នាំ១៩៨១ កើតមួយ ខែ១១ ឆ្នាំ១៩៨២ កើតមួយ ខែ១២ ឆ្នាំ១៩៨៣ កើតមួយ។ ដូច្នេះ ១៣ខែកើតមួយៗ។ បើក្មួយតាមពូ ណាមួយរោងចក្រគេឲ្យឈប់ ៣ ខែ ប្រាក់ខែ ១២០% មិនតិចទេ។ ទេនាំគ្នាប្រមូលកូនទៅ ប៉ុន្តែញឹកពេកក៏ពិបាកដែរ ដូចគេស្ទូងស្រូវ។ តែញឹកពេកវាអត់លូតលាស់។ ដូចក្មួយមិញនេះលេងពួយពន្យារបានដល់១២ ឆ្នាំ ពូកែ។ សូមទោសនិយាយមិញជ្រុលមាត់ទៅដល់វិធីការពារ។ ប៉ុណ្ណឹងទៅចុះក្មួយៗ!​ ផ្ដាំផ្ញើតាមរយៈក្មួយៗ ទៅកាន់ឪពុកម្ដាយ ជីដូនជីតា និងសាច់ញាតិនានា សូមអរគុណពួកគាត់ផង ដែលបានគាំទ្រគណបក្សប្រជាជនក្នុងរយៈពេលកន្លងទៅ។ យើងបានរួមគ្នាក្នុងការខិតខំស្ដារប្រ​ទេសឡើងវិញពីបាតដៃទទេ រហូតមកដល់ពេលនេះ។ ពួកគាត់មានចំណែកទទួលផលប្រយោជន៍ពីអ្វីដែលយើងកំពុងមាននៅពេលនេះ។ សូមជូនពរកម្មករ/ការិនីទាំងអស់ និងអ្នកចូលរួមទាំងអស់​ សូមឲ្យជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

**********

Selected Comments Samdech Techo Hun Sen,
Conversation with workers at Wing Star Shoe Factory, Kong Pisey District, Kampong Speu Province
[Unofficial Translation]


CNV:

(1) Until the Covid19 test lifted, the second round of meeting starts

As stated in the previous forums, after the first-round meeting, I will go to the second round. But the second round was interrupted by the Covid-19 issue. In 2020, in 2021, in 2022, and in the early part of 2023, we have not waived the Covid-19 test obligation yet. It disrupted our meeting. When we waive (the test), we then have a chance to meet […] we continue to vaccinate people so that they are immune to coping with this deadly disease. Although it is not a public health disaster anymore as it used to be, it is not getting anywhere far away […]

(2) No monitoring is no leadership

[…] What is the goal of this meeting? We would like to have a dialogue between the Prime Minister and the workers to review the progress achieved in the past, as well as to review the recommendations submitted to the Ministry of Labor and Vocational Training, as well as all local authorities’ efforts to resolve […] without monitoring, we do not know whether there is progress or no progress. The leadership and working methodology required monitoring. Leading without monitoring is no leadership […]

(3) EBA could be gone 100% either in 2026 or 2027

There was this man (taking refuse) abroad saying, “Mr. Hun Sen does not dare to go meeting with workers because he is afraid that workers shouting demanding for the EBA” […] let me explain a little about EBA? (The word in full) is “Everything but Arms“. It is a policy of developed countries in Europe to reduce import duties. But this EBA will disappear when the (those countries become) developed ones. That we are losing the 20% of EBA is not (a matter of shock because) we will be losing the status 100% in the future – estimated to be in either 2026 or 2027 […]

(4) Trade no national sovereignty for aid or favor

[…] We need to strengthen our resilience from now. During the meeting in Europe […] I forbade the accompanying ministers from asking for the return of the cut 20% EBA […] I wanted to know too how resilient Cambodia is so that we can strengthen our own capacity. “I have previously declared,” I will not trade national sovereignty for any aid or favor. ” In fact, we can see now if Cambodia is dead […]

(5) Cambodia exports more than 4 million tons of rice … China, Japan, Korea buy from Cambodia

In the past, Cambodian agriculture covered about 80% (of its GDP). In the 1980s, services were very small and industries were too. Agriculture is now declining becoming a small portion to contribute to gross domestic product. However (small the portion), agriculture has the capacity to export more than 4 million tons of rice to the international market […] other incomes from agriculture are from exports of about 1 million tons of cashew nuts, and rubber, and cassava. China has accepted to purchase more Cambodian goods […] Japan and Korean have opened their markets for more Cambodia’s goods from the agricultural sector […] while in 2019, we received up to 6 million 6 million tourists, in 2020, the number feel to only tens of thousands of tourists’ arrival. In 2001 the number further reduced. In 2002, tourists’ arrival picked up to some 2.2 million. We expect (the arrival) this year to reach 4 million […]

(6) Learning independent economy of the Sangkum Reastr Niyum era

We have to learn from the Sangkum Reastr Niyum era of Samdech Ov (the late King Father Samdech Preah Borom Ratanak Kaod). They imposed sanctions and closed economic relations, but he continued (to adhere to) the independent economy. He could do it. He could build a country. Even though they hated him, they made life uneasy for him and the country, but Samdech Ov led a prosperous country. If there were no coup on March 18, 1970 and foreign aggression, Cambodia would have been grown country. Unfortunately, the country was at war […] it has always been in my mind that when investments flow in […] I wanted factories to stand along the National Road 4 between Phnom Penh and Kampong Som […] this is Hun Sen’s view. This has become a reality, although at the moment on the road to Sihanoukville has nod had factories as I wished, but at least there are factories between Phnom Penh and Kampong Speu. You have to see the long-term vision […]

(7) Win-win political movement started in early January 1996

At the beginning of 1996, I came to inspect the integration of the 18th Division of Keo Pong. This is the beginning of a win-win political movement. Do not be mistaken that the win-win politics began on December 29, 1998. This movement started in early January of 1996, which led to the uprisings in Pailin and Malay, a major driving force led by Gen. Y Chhien and Gen. Sok Pheap, who formed a separatist movement from the Khmer Rouge. We then pursued win-win politics to unite and unified land the nation for the first time in history of division for so many years […]

(8) The triangle strategy launched on December 2, 1998

[…] The triangular strategy that I laid out on December 2, 1998, at the first cabinet meeting, had the first angle focusing on pacification of the whole cuntry. It means we were strengthening (the sought for peace). At that time, Khieu Samphan, Nuon Chea and some others did not surrender yet. Secondly, the integration of Cambodia as soon as possible in the international community. The third angle – drawing on domestic and international favorable factors, we mobilized human, intellectual, and wealth resources to commence the country’s socio-economic development and reduce poverty […]

(9) Hun Sen’s vision and philosophy bring Cambodia to a new stage

I thank Dr. Say Bory, a veteran legal scholar, for pointing out that Hun Sen is not just a politician, but a scholar. What I have mentioned above are Hun Sen’s point of view. People who have been with me and heard about them are still attached. In every stage that Hun Sen launched his vision/philosophy, it is rare that Hun Sen made a mistake. Do not jump to conclusions […] wait and see. As a result, Cambodia has gone through a difficult period to a new stage. Formerly, they blamed the permission to sell farmland on National Road 3, 4 and 2. I had to explain […] now the prosperity becomes a reality […]

(10) Only CPP is capable of finding and protecting peace

Peace is not just for the Prime Minister. Peace is primarily for all citizens. The Prime Minister has got the force to protect it […] the ones who have the ability to find peace and keep the peace is the Cambodian People’s Party. Whether it is going to be the CPP-government led by Hun Sen or by the successor of the following generation, as long as the (Prime Minister is) coming from the CPP, he is able to maintain peace. The succession will have to go through the elections […] in Cambodia, those who do not have the right to be the Prime Minister are first and foremost prisoners. If you are guilty charged by court you are not able to run for the post. Secondly, if you have multiple nationalities. The constitution forbids that. Thirdly, those who are not elected to the National Assembly cannot be the Prime Minister. The constitution clearly states that the prime minister must be a member of parliament. If you are not a Member of Parliament, you cannot be the Prime Minister […]

(11) Joined incomes improve countryside living conditions

Getting wealthier and having built nice houses in the countryside are people who have their children contributing their incomes from the factories’ jobs with their farming parents. At the time of the Covid-19 crisis, factories were suspended. The Royal Government had to pay these workers of suspended factories a sum of US$ 70/month, and these labor forces return to help their parents with their farm work. When the factory reopens, they all returned to their works […]

(12) Unions lead demonstrations, labor department and authorities solve problems When factories have a problem, I urge effort to try to solve it as soon as possible and take responsibility to protect workers’ rights. No one can afford to protect workers’ rights more than state authorities. May the provincial governors remember that the unions have only led people to protests, but the authorities, the Labor Department are the ones that solve real problems. Do not just wait for the Ministry of Labor because it is far away. Only the authorities can move quicky to solve it. We have increased the number of seats of the sub-national council – either provinces or district […]./.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបន្តចុះសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់បន្តទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ


នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 



សម្រាប់ការជួបសំណេះសំណាលជាលើកទី២ នៅព្រឹកនេះ មានកម្មករ និយោជិតចូលរួមសរុបចំនួន ១៦,៤៤១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១។ រោងចក្រ សហគ្រាសចំនួន១១ ដែលកម្មករ និយោជិតចូលរួមសំណេះសំណាលនេះ ជាប្រភេទរោងចក្រផលិត​ស្បែក​ជើង​ចំនួន១០ និងផលិតកាបូបចំនួន១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញ​ទៅ​ទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិកប្រទេសកាណាដា ប្រទេសជប៉ុន។ល។ នៅខេត្តកំពង់ស្ពឺ ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស៣៨៥ មានកម្មករនិយោជិតប្រមាណ ១៦ម៉ឺននាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតសរុបជិត ១៥ម៉ឺននាក់ និងជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករកម្មការិនីនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា គោលដៅនៃជំនួបជាមួយកម្មករនិយោជិត គឺជាជំនួបសន្ទនារវាងនារដ្ឋមន្រ្ដីនិងកម្មករនិយោជិត ដើម្បីស្វែងយល់ពីសុខទុក្ខកម្មករ កម្មការិនី ដែលកំពុងបម្រើការងារតាមបណ្ដារោងចក្រនានា ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករកម្មការិនីយើង។ ដូច្នេះហើយ ទើបសម្ដេចតេជោបានផ្ដួចផ្ដើមគំនិតចុះផ្ទាល់តាមរោងចក្រជួបផ្ទាល់ជាមួយកម្មករនិយោជិតជាបន្តបន្ទាប់។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា តាមរយៈជំនួបនេះ នាយករដ្ឋមន្រ្ដី និងកម្មករនិយោជិត និងម្ចាស់រោងចក្រ បានពិភាក្សាគ្នា និងដោះស្រាយដោយផ្ទាល់លើបញ្ហានានា ដែលកើតមានឡើងផងដែរ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ទៀតថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។

សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានទេសចរបរទេសមកកាន់កម្ពុជាយើងក្នុងរង្វង់៤លាននាក់ ហើយតាមរយៈកំណើននេះ ការផ្ដល់សេវាកម្មលើផ្នែកបដិសណ្ឋារកិច្ចនឹងមានកំណើនកើនឡើងផងដែរ។ ដូច្នេះកម្ពុជាចាំបាច់ត្រូវពង្រឹងភាពធន់ក្នុងការផ្ដល់សេវានានាលើផ្នែកបដិសណ្ឋារកិច្ចនេះ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវរៀបចំផ្សព្វផ្សាយ​បន្ត​អំពីការជូនដំណឹងដល់ម្ចាស់រោងចក្រ ​សហគ្រាសទាំងអស់​ ដោយត្រូវ​អនុញ្ញាត​ឱ្យកម្មករ​និយោជិត​ទាំងអស់បានឈប់សម្រាក៣ថ្ងៃ (២២-២៣-២៤ កក្កដា ២០២៣) ដើម្បីទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ​ខែ កក្កដា ខាងមុខ ដោយ​ទទួលបានប្រាក់ខែដដែល។

សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។ សម្តេចតេជោបញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។​ សម្តេចតេជោបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមល្ងង់នៅក្រៅប្រទេសមួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា កុំល្ងង់ពេកគណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺគេបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ឱ្យតែនាយករដ្ឋមន្រ្ដី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្រ្ដីត្រូវបន្តធ្វើវេទិកាជួបជាមួយកម្មករកម្មការិនីបែបនេះ ដើម្បីបង្កើតជាវេទិកាក្នុងការដោះស្រាយបញ្ហានានាជូនដល់កម្មករនិយោជិតទាំងអស់ជាបន្តបន្ទាប់ទៀត។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៧៩នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២


នៅល្ងាច ថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ 

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។

សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនារាត្រីនេះ។ សម្តេចតេជោសង្ឃឹមថា តាមរយៈការប្រកួតស៊ីហ្គេមនៅភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នឹងមានពេលណាមួយនោះនឹងមានឱកាសក្នុងការដេញថ្លៃក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក និងកីឡាបាល់ទាត់ពិភពលោកនាពេលខាងមុខ។ ហើយមួយវិញទៀតសម្តេចតេជោមានជំនឿរថា អាស៊ាននឹងមានក្រុមកីឡាករបាល់ទាត់មួយក្រុមដែលអាចមានសមត្ថភាពចូលរួមប្រកួតជាលក្ខណៈពិភពលោកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីភាពជោគជ័យដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតស៊ីហ្គេមថ្មីៗនេះ ហើយបញ្ជាក់ថា ជោគជ័យនេះ ស្តែងឱ្យឃើញពីសាមគ្គីភាពអាស៊ាន និងការលើកកម្ពស់វិស័យកីឡាផងដែរ។

ជាមួយនឹងការប្រកាសបើកកីឡាជនមានពិការភាពអាស៊ានប៉ារ៉ាហ្គេម (PARA Game) សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិ ចូលរួមលើកកម្ពស់ជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការ ដែលចូលរួមប្រកួតនៅកម្ពុជានាពេលនេះផងដែរ៕