Tuesday, June 28, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមនៅអ៊ុយក្រែន ជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»?


(ឡុងដ៍)៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ដែលត្រូវបានលោកខាងលិចចាត់ទុកថាជា «ការឈ្លានពាន» តែងតែត្រូវបានគេប្រដូចជាញឹកញាប់ថាវាជាសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ដោយអ៊ុយក្រែនកំពុងប្រយុទ្ធតស៊ូដើម្បីសេរីភាព និងប្រជាធិបតេយ្យ។ ពាក្យថា «សេរីភាព និងប្រជាធិបតេយ្យ» នេះត្រូវបានគេស្ដាប់ ឮច្រើនជាងគេចេញពីមាត់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្ត្រអង់គ្លេស លោក បូរីស ចនសុន។ តួយ៉ាង លោក ចនសុន បានលើកឡើងថាសង្រ្គាមនៅ អ៊ុយក្រែន គឺជាសង្រ្គាមដើម្បីប្រជាធិបតេយ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងលោក ពូទីន ដែលលោកផ្ទាល់ចាត់ទុកថាជាជនផ្ដាច់ការ, វាជាសង្រ្គាមដើម្បីសេរីភាពប្រឆាំងនឹង ការគាបសង្កត់ ហើយមិនតែប៉ុណ្ណោះ គេក៏ស្ដាប់ឮដែរនូវទ្រឹស្ដីដ៏មានន័យមួយនៅក្នុងតំបន់អឺរ៉ុប នោះគឺអ៊ុយក្រែនមិនមែនត្រឹមតែប្រយុទ្ធដើម្បីតែសេរីភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងប្រយុទ្ធដើម្បីអឺរ៉ុបទាំងមូលផងដែរ។


ក៏ប៉ុន្តែ អ្នកវិទ្យាសាស្ត្រនយោបាយមួយចំនួន ដូចជាលោក មីឈីតូ ហ្សូរូអុកា (Michito Tsuruoka) យល់ថាមេដឹកនាំនៅក្នុងសហរដ្ឋអាមេរិក និងអឺរ៉ុបហាក់ដូចជាកំពុងប្រើ ទ្រឹស្ដីសង្រ្គាមរវាង «ប្រជាធិបតេយ្យ» និង «របបផ្ដាច់ការ» ជាមធ្យោបាយមួយក្នុងការលើកកម្ពស់គុណតម្លៃនៅក្នុងការជួយអ៊ុយក្រែន និងបង្កើតការគាំទ្រខាងនយោបាយ និងសីលធម៌ពីប្រជាជនរបស់ពួកគេ។ បើតាមវិទ្យាសាស្ត្រនយោបាយជប៉ុនរូបនេះ ការយល់ឃើញថាសង្រ្គាមនៅអ៊ុយក្រែនជាសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាគឺជាការភ័ន្តច្រឡំក្រោមហេតុផល ២យ៉ាង។


ម្យ៉ាង, ទ្រឹស្ដីសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាបានបិទបាំងហេតុផលជាមូលដ្ឋានដ៏សំខាន់មួយនោះគឺ «សង្រ្គាមឈ្លានពានគេឯង» វាជារឿងមិនអាចទទួលយក បាន។ មិនអាចទទួលយកបាន មិនមែនដោយសារតែអ៊ុយក្រែនជាប្រទេសប្រជាធិបតេយ្យ ហើយរុស្ស៉ីជាប្រទេសផ្ដាច់ការនោះទេ។ ផ្ទុយមកវិញ ទោះបីជារុស្ស៉ីជាប្រទេស ប្រជាធិបតេយ្យដ៏ល្អអស្ចារ្យ ហើយអ៊ុយក្រែនជាប្រទេសផ្ដាច់ការវិញក៏ដោយ ក៏សង្រ្គាមសព្វថ្ងៃនៅតែមិនអាចទទួលយកបានដដែល។ សង្រ្គាមនេះបានបំពានយ៉ាងធ្ងន់ធ្ងរលើ ច្បាប់អន្តរជាតិ ក្នុងនោះរួមមានទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយម្យ៉ាងវិញទៀត សង្រ្គាមនេះទៀតសោតគឺជាសង្រ្គាមដែលបង្កឡើងប្រទេសជាមហាអំណាចយោធា ដ៏ធំមួយ ចូលឈ្លានពានអ្នកជិតខាងរបស់ខ្លួនដែលជាប្រទេសទន់ខ្សោយ។ ដូច្នេះហើយរឿងដែលសំខាន់ជាមូលដ្ឋាន គេគួរតែចោទសួរថាតើសហគមន៍អន្តរជាតិ គួរតែ ឆ្លើយតបចំពោះទង្វើឈ្លានពានបែបនេះ ឬការព្យាយាមកែប្រែស្ថានភាពដើម និងសណ្ដាប់ធ្នាប់ដោយកម្លាំងបាយតាមវិធីណា ដោយមិនគិតថាភាគីនៃជម្លោះជាប្រទេស ប្រជាធិបតេយ្យ ឬក៏ផ្ដាច់ការនោះឡើយ។


ជាឧទាហរណ៍, ជប៉ុនខណៈដែលកំពុងចូលរួមយ៉ាងពេញទំហឹងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី ព្រមទាំងចែករំលែកគុណតម្លៃ ប្រជាធិបតេយ្យជាមួយលោកខាងលិចក៏ដោយ តែទីក្រុងតូក្យូ នៅតែមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទ្រឹស្ដី «សង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា បានកត់សម្គាល់ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី សាងគ្រីឡា (Shangri-La) រៀបចំឡើងក្នុងប្រទេសសិង្ហបុរី កាលពីដើម ខែមិថុនានេះថា «ខ្ញុំខ្លួនឯងមានអារម្មណ៍ថា អ្វីដែលកើតឡើងនៅអ៊ុយក្រែននៅថ្ងៃនេះ អាចនឹងកើតឡើងក្នុងតំបន់អាស៊ីបូព៌ានៅថ្ងៃស្អែក»។ លោក គីស៊ីដាបានបន្ថែមដោយ ចោទសួរថាតើ «យើងអាចនឹងត្រឡប់ទៅកាន់ពិភពលោកមួយដែលគ្មានច្បាប់ទម្លាប់, ជាទីដែលច្បាប់មិនត្រូវបានគេអើពើ និងបំពាន, ជាទីដែលស្ថានភាពដើមត្រូវបានកែប្រែ ដោយកម្លាំងបាយ ឬក៏ជាទីដែលប្រទេសខ្លាំងគំរាមប្រទេសទន់ខ្សោយដែរឬក៏យ៉ាងណា»?


នៅក្នុងការលើកឡើងរបស់លោក គីស៊ីដា មិនមានប្រើពាក្យប្រជាធិបតេយ្យ ឬក៏សេរីភាពនោះទេ។ ពិតណាស់ អ៊ុយក្រែនកំពុងប្រយុទ្ធដើម្បីសេរីភាព និងបូរណភាពទឹកដី របស់ខ្លួន ហើយមិនមានអ្វីអាចយកមកបញ្ជាក់ពី «ភាពត្រឹមត្រូវ» នៃការសម្រេចចិត្តរបស់រុស្ស៉ី ក្នុងការឈ្លានពានអ៊ុយក្រែនរុស្ស៉ីនោះដែរ។ ព្រោះនិយាយឱ្យងាយស្ដាប់ដូច លើកឡើងខាងលើ ការឈ្លានគេឯងគឺជារឿងមិនអាចទទួលយកបាន បើទោះជាអ្នកឈ្លានពានគេនោះជាប្រទេសប្រជាធិបតេយ្យ ឬផ្ដាច់ការក៏ដោយ។ ក្នុងន័យនេះប្រសិនបើ ប្រទេសកុម្មុយនិស្ដដូចជាវៀតណាម ត្រូវបានឈ្លានពានដោយអ្នកជិតខាងរបស់ខ្លួននៅថ្ងៃណាមួយ ថាតើវៀតណាមមិនគួរទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដោយសារតែមិនមែនជាប្រទេសប្រជាធិបតេយ្យ ឬ?


ចំណែកឯ ម្យ៉ាងទៀត ទ្រឹស្ដីសង្រ្គាមរវាងប្រជាធិបតេយ្យ និងរបបផ្ដាច់ការ វាមិនអាចជួយកែខៃស្ថានការណ៍អ្វីទេ ហើយថែមទាំងប្រឆាំងផលិតភាពទៀតផង ដោយវាអាចនឹង រុញច្រានប្រទេសមិនមែនប្រជាធិបតេយ្យចេញឆ្ងាយពីកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ី។ ជាក់ស្ដែង នៅក្នុងការបោះឆ្នោតនៅឯមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២២ មានប្រទេសចំនួន ១៤១ បានបោះឆ្នោតគាំទ្រលើការអនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី ខណៈការបោះឆ្នោតព្យួរ សមាជិកភាពរបស់រុស្ស៉ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN មានតែ ៩៣ប្រទេសប៉ុណ្ណោះដែលបានបោះឆ្នោតគាំទ្រ។ គម្លាតបែបនេះបានបង្ហាញពីធម្មជាតិពិតនៃសហគមន៍ អន្តរជាតិ នោះគឺក្នុងការបោះឆ្នោតអនុម័តដំណោះស្រាយថ្កោលទោសរុស្ស៉ី គឺនិយាយតែពីការថ្កោលទោស តែមិនមានចំណាត់ការរឹងមាំណាមួយឡើយ រីឯប្រទេសមិនមែន ប្រជាធិបតេយ្យមួយចំនួនមិនចង់ឃើញដំណោះស្រាយ ប្រឆាំងនឹងរុស្ស៉ី ត្រូវបានអនុម័តសាជាថ្មីប្រឆាំងនឹងពួកគេនៅពេលអនាគតទេ ពីព្រោះពួកគេក៏មិនមែនជាប្រទេស ប្រជាធិបតេយ្យ។


គួរបញ្ជាក់ថា ខណៈសង្រ្គាមនៅអ៊ុយក្រែន ប្រហែលជានឹងមិនបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ បណ្ដាប្រទេសដែលគាំទ្រអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ីគួរតែណាស់តែបង្កើត យុទ្ធសាស្ត្រចម្រុះមួយប្រកបដោយនិរន្តរភាព ដែលអាចបញ្ចុះបញ្ចូលឱ្យប្រទេសដទៃជិះនៅលើទូកតែមួយ។ ដើម្បីអាចធ្វើបែបនេះបាន គេមិនគួរគិតគូរហួសហេតុពេកពី គុណតម្លៃណាមួយទេ បើទោះជាការដើរផ្លូវមួយនេះនៅតែជួបបញ្ហាប្រឈមជាច្រើន ក្នុងការបញ្ចុះបញ្ចូលឱ្យប្រទេសដទៃចូលរួមដាក់ទណ្ឌកម្មលើរុស្ស៉ីក៏ដោយ តែយ៉ាងហោចណាស់ វាអាចទប់ស្កាត់កុំឱ្យប្រទេសមួយចំនួនចេញមុខគាំទ្រ ឬឈរនៅខាងចិន និងរុស្ស៉ី ដោយបើកចំហ៕

ដោយ៖ Fresh News







លិខិតមិត្តអ្នកអាន៖ «សមត្ថកិច្ចគួរតែ ចាត់វិធានការក្តៅទៅ លើក្រុមអតីតបុគ្គលិកណាហ្គាវើល»


នៅក្នុងការធ្វើបាតុកម្មខុសច្បាប់នាថ្ងៃច័ន្ទ ទី២៧ មិថុនា ២០២២ នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្រុមតូចនេះដឹកនាំដោយសកម្មជននយោបាយរបស់បក្សប្រឆាំង ឈឹម ស៊ីថរ ដែលត្រូវបានបញ្ឈប់ពីការងារ ក្នុងដំណាក់កាលនៃការរីករាលដាលនៃរោគរាតត្បាតកូវិដ-១៩ បាន«ចងក្រណាត់ពណ៌ខៀវ លើក្បាល»ហើយសរសេរថា «កុំយកលុយ ដូរសិទ្ធិ»។ 

ពេលស្តាប់ទៅ ពិតជាគួរឱ្យអស់សំណើចផង និងគួរឲ្យខ្មាស អៀនផង។ អស់សំណើចពីព្រោះក្រុមនេះហើយដែល បានយកលុយដូរសិទ្ធិ ពោលគឺ ពួកគេបានទទួលយកលុយពីពួកបរទេសតាមរយៈយន្តការផ្សេងមកចាយដើម្បីជាថ្នូរនឹង សិទ្ធិដើរធ្វើបាតុកម្មខុសច្បាប់ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កភាពអនាធិបតេយ្យក្នុងរាជធានីអស់រយះពេលជិតមួយឆ្នាំកន្លងមកនេះ។

ចំណែកឯរឿងដែលគួរឲ្យខ្មាសអៀននោះគឺនៅត្រង់ថា ក្រុមនេះកំពុងប្រើសិទ្ធិខុសច្បាប់ដោយបាននិងកំពុងបង្ខំថៅកែឲ្យទទួលយកខ្លួនចូលធ្វើការងារទាំងដែលគេមិនត្រូវការ។ និយាយតាមបែបផ្សេង ក្រុមឈឹម ស៊ីថរ នេះមិនអាចរកការងារថ្មីបានធ្វើទេពីព្រោះមិនចេះធ្វើអ្វីក្រៅពីជំនាញធ្វើបាតុកម្មខុសច្បាប់ បង្កភាពរញ៉េរញ៉ៃក្នុងក្រុមហ៊ុន និងនៅតាមទី សាធារណៈ។ 

ដូច្នេះ តើនៅលើពិភពលោក យើងនេះ មានថៅកែណាដែលបានរើសយកបុគ្គលិកប្រភេទបែបនេះអោយចូលធ្វើការអោយក្រុមហ៊ុនខ្លួន? ហេតុដូច្នេះហើយបានជាពួកគេចង់ប្រើសិទ្ធិបង្ខំគេឲ្យយកខ្លួនទៅធ្វើការដោយបានហៅថានោះជា សិទ្ធិការងារ។ 

នេះមិនមែនជាសិទ្ធិការងារទេ តែជាការចាប់បង្ខំគេឲ្យយកខ្លួនចូលធ្វើការងារ។ ការប្រើសិទ្ធិខុសច្បាប់បែបនេះ ទោះបីជាធ្វើបាតុកម្មរហូតសក់ស្កូវក៏គ្មានអ្នកណាទទួលយកខ្លួនទៅធ្វើការដែរ។ កុំថាឡើយក្រុមហ៊ុនណាហ្គាវើលដ៏ ទោះបីក្រុមហ៊ុននៅទូទាំងប្រទេសខ្មែរ មិនថាជាក្រុមហ៊ុនតូច រឺធំ ក៍គេមិនទទួលយក ដែរព្រោះមនុស្សប្រភេទនេះ បើយកអោយចូលធ្វើការស្មើនឹងយកជ័រភ្នៅទៅត្បៀតក្លៀក រឺក៍ដូចជាយកគ្រាប់បែកកំណត់ ម៉ោងផ្ទុះទៅដាក់ក្នុងក្រុមហ៊ុនតែប៉ុណ្ណោះ។

តាំងពីដើមទីរហូតមក ដល់បច្ចុប្បន្ន  អ្នកដែលបានតាមដានព្រឹត្តិការណ៍នេះប្រាកដជាយល់ច្បាស់ណាស់អំពីគោលបំណងនិងរបៀបវារះនយោបាយរបស់ក្រុមអតីតបុគ្គលិកណាហ្គាវើលមួយ ក្រុមតូចនេះ។

គោលបំណងរបស់ពួកគេមិនមែនទាមទារសិទ្ធិការងារអ្វីនោះឡើយ គឺទាមទារចង់ធ្វើប្រធានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដើម្បី បន្តក្រឡុកក្រុមហ៊ុន នេះដែលមានបុគ្គលិកកម្មកររាប់ពាន់នាក់កំពុងបម្រើការងារ។ 

មនុស្សដែលគេនិយាយពីសិទ្ធិ និង យល់ដឹងពីសិទ្ធិ គឺគេត្រូវយល់ពីសិទ្ធិរបស់ខ្លួននិងសិទ្ធិរបស់អ្នកដទៃ។ និយាយអំពីការងារ គឺសិទ្ធិរបស់កម្មករ និយោជិត និងសិទ្ធិរបស់និយោជក។ ភាគីទាំងពីរនេះមានសិទ្ធិដូចគ្នា ដោយម្ខាង មានសិទ្ធិជ្រើសរើសការងារ និងម្ខាងទៀត មានសិទ្ធិជ្រើសរើស បុគ្គលិកដើម្បីបម្រើ ការងារ។ សិទ្ធិរបស់ភាគីទាំងសងខាងមិនអាចត្រូវបានគេចាប់បង្ខំនោះឡើយ។ ឧទាហរណ៍ថា បាតុករ មួយក្រុមតូចនេះត្រូវគេបង្ខំឲ្យធ្វើការនៅ ក្នុងកន្លែងមួយដែលខ្លួនមិនពេញចិត្ត តែគេមិនឲ្យឈប់ពីការងារ តើពួកគេ

យល់ព្រមធ្វើដែរឬទេ? បើពួកគេអាចឆ្លើយសំណួរនេះបាន ពួកគេ នឹងយល់ថា តើពួកគេ មានសិទ្ធិឯណាមកចាប់បង្ខំថៅកែ ណាហ្គាវើលឲ្យយកពួកគេចូលធ្វើការ? 

និយាយអំពីសិទ្ធិរបស់មនុស្សទូទៅវិញ ការធ្វើបាតុកម្មរញ៉េរញ៉ៃនៅតាមដងផ្លូវសាធារណៈ ឬបិទផ្លូសាធារណៈគឺជាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ 

ដូច្នេះ ក្រុមអតីតបុគ្គលិកណាហ្គាវើល មួយក្រុមតូចដឹកនាំដោយសកម្មជន នយោបាយ ឈឹម ស៊ីថរ មិនស្គាល់សិទ្ធិ និងមិនបានគោរពសិទ្ធិអ្នកដទៃនោះឡើយ។ 

នៅពេលដែលពួកគេបំពានសិទ្ធិអ្នកដទៃ សិទ្ធិរបស់ខ្លួននឹងត្រូវចប់នៅថ្ងៃណាមួយ។ រហូតមកទល់ពេលនេះ ខ្ញុំសង្កេត ឃើញអាជ្ញាធរហាក់ ដូចជាស្លូត អត់ឪននិងអនុគ្រោះចំពោះក្រុមអាណាធិប្បតេយ្យនេះពេកហើយ។ វិធានការក្តៅក៍គួរតែពិចារណាប្រកាន់យកដែរដើម្បីរក្សា

សណ្តាប់ធ្នាប់សង្គមនិងការពារសិទ្ធិមនុស្សទូទៅដែលក្រុមនេះកំពុងបំពានរាប់ទាំងសិទ្ធិរបស់សមត្ថកិច្ ផងដែលត្រូវបានក្រុមនេះបង្កឲ្យមាន របួសនិងបាត់បង់សម្ភារៈមួយចំនួន ទៀត។ 

ដូច្នេះ តើគេគួរទុកឲ្យមនុស្សមួយក្រុមតូច នេះបង្កភាពអនាធិបតេយ្យនិងបំពានសិទ្ធិអ្នកដទៃដល់ពេលណា? 

ដោយ : និស្សិតច្បាប់ម្នាក់នៃសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញ











វិភាគអន្តរជាតិ៖ តើការបាត់បង់ទីក្រុង Sievierodonetsk ទៅក្នុងដៃរុស្ស៉ី មានន័យដូចម្ដេចចំពោះអ៊ុយក្រែន?


(កៀវ)៖ នៅទីបំផុតទៅ ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) បានធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃទាហានរុស្ស៉ីទាំងស្រុងហើយ ខណៈការបាត់បង់ទីក្រុងមួយនេះ ត្រូវបានក្រុមអ្នកវិភាគយោធាមួយចំនួនមើលឃើញថានឹងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រុស្ស៉ី នៅក្នុងសមរភូមិសង្រ្គាមដុនបាស់។ កាលពីថ្ងៃសុក្រ ទី២៤ ខែមិថុនា ទាហានអ៊ុយក្រែនបានសម្រេចចិត្តបោះបង់ចោលទីក្រុង Sievierodonetsk នៃតំបន់លូហាន (Luhansk) ក្រោយការតស៊ូប្រយុទ្ធជាមួយទាហានរុស្ស៉ីអស់រយៈពេល ជាច្រើន សប្ដាហ៍មកនេះ។

ការបាត់បង់ទីក្រុង Sievierodonetsk ដែលមានប្រជាជនច្រើនជាង ១០០,០០០នាក់រស់នៅ មុនសង្រ្គាមផ្ទុះឡើង នឹងក្លាយជាជ័យជម្នះជានិមិត្តរូបដ៏ធំរបស់ទីក្រុងមូស្គូ ចាប់តាំងពីទាហានរុស្ស៉ីវាយដណ្ដើមបានទីក្រុងម៉ារីយូប៉ូល កាលពីខែឧសភា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់លើកឡើងថា Sievierodonetsk គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ដែលអាចកំណត់លទ្ធផលនៃសង្រ្គាមនៅក្នុងតំបន់ដុនបាស់។ ដូច្នេះ ការបាត់បង់ទីក្រុងយុទ្ធសាស្ត្រមួយនេះ ថាតើវាបានកំណត់ពីលទ្ធផល សង្រ្គាមនៅក្នុងតំបន់ដុនបាស់ ហើយមែន ឬទេ?

ទីក្រុង Sievierodonetsk មានទីតាំងស្ថិតនៅក្នុងតំបន់លូហាន ក្បែរព្រំដែននៃតំបន់ដូណេត និងស្ថិតនៅចម្ងាយជាង ១៤៤គីឡូម៉ែត្រពីភាគខាងត្បូងនៃព្រំដែនរុស្ស៉ី ហើយ ជាពិសេស ទីក្រុងមួយនេះស្ថិតនៅម្ខាងនៃទន្លេដូណេត (Donets) ខណ្ឌចែកជាមួយទីក្រុង លីស៊ីចាន់ (Lysychansk) ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហាន អ៊ុយក្រែននៅឡើយ ហើយរុស្ស៉ីកំពុងតម្រង់គោលដៅវាយលុក។ បើតាមឧត្តមសេនីយត្រីអ៊ុយក្រែន លោក គីរីឡូ ប៊ូដាណូវ (Kyrylo Budanov) ការដកថយរបស់ទាហាន អ៊ុយក្រែនពីទីក្រុង Sievierodonetsk គឺជាការដកថយជាយុទ្ធសាស្ត្រ ដើម្បីបញ្ចៀសកុំឱ្យទីក្រុងមួយនេះមានវាសនាដូចជាទីក្រុងម៉ារីយូប៉ូល ដែលត្រូវបានរុស្ស៉ីឡោមព័ទ្ធ រហូតដល់បង្ខំឱ្យទាហានអ៊ុយក្រែនទម្លាក់អាវុធចុះចាញ់។

លោក Budanov បានបន្ថែមថាទាហានអ៊ុយក្រែននៅពេលនេះ បានដកថយទៅកាន់ទីក្រុង Lysychansk ជាតំបន់ដីខ្ពស់មានប្រៀបខាងយុទ្ធសាស្ត្រ និងអាចបង្កការលំបាក ដល់ទីតាំងឈរជើងទាហានរុស្ស៉ី នៅត្រើយខាងកើតនៃទន្លេដូណេត ដោយមិនអាចពួកគេឆ្លងទន្លេនេះដោយងាយស្រួលៗនោះទេ។ មែនទែនទៅ ដោយសារតែ ស្ពានឆ្លង ទន្លេរវាងទីក្រុង Sievierodonetsk និងទីក្រុង Lysychansk ត្រូវបានបំផ្លាញទាំងស្រុង វាបានបង្កឧបសគ្គដល់ទាហានរុស្ស៉ីរួចស្រេចទៅហើយ ម្លោះហើយទើបរុស្ស៉ី ប្រើប្រាស់កាំភ្លើងធំជាអាវុធសំខាន់ ក្នុងការវាយប្រហាររបស់ខ្លួន។

ដូចគ្នាដែរ វិទ្យាស្ថានសិក្សាពីសង្រ្គាម (Institute for War) មានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោន បានសន្និដ្ឋានថាការបាត់បង់ទីក្រុង Sieverodonetsk គឺជាបរាជ័យ សម្រាប់អ៊ុយក្រែន ពីព្រោះថាអ៊ុយក្រែនបានបាត់បង់ទឹកដីទៅឱ្យរុស្ស៉ី។ តែការបាត់បង់ Sievierodonetsk មិនទាន់អាចសម្រេចថាវាជាជោគជ័យទាំងស្រុងរបស់រុស្ស៉ីឡើយ។ តែយ៉ាងណាក៏ដោយ រឿងដែលគេពិបាកនឹងប្រកែកបាន នោះគឺថាការដណ្ដើមបានទីក្រុងយុទ្ធសាស្ត្រ វានឹងកាន់តែរុញឱ្យរុស្ស៉ីខិតជិតទៅរកការគ្រប់គ្រងតំបន់លូហាន ទាំងស្រុង ហើយវាក៏ជាបរាជ័យដ៏ធំរបស់ទាហានអ៊ុយក្រែន ចាប់តាំងពីទីក្រុងម៉ារីយូប៉ូល ធ្លាក់ចូលដៃរុស្ស៉ីផងដែរ។ ដូច្នេះសំណួរដែលត្រូវសួរនៅពេលនេះ នោះគឺថាតើ អ៊ុយក្រែន អាចតស៊ូប្រយុទ្ធដើម្បីគ្រប់គ្រងតំបន់លូហានបានដែរ ឬទេ ខណៈការបាត់បង់ទីក្រុង Sievierodonetsk នៅពេលនេះបានន័យថាអ៊ុយក្រែនកំពុងកាន់កាប់ទីក្រុង តែមួយគត់នៅក្នុងតំបន់លូហាន នោះគឺទីក្រុង Lysychansk។

អ៊ុយក្រែន កាលពីពេលថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានទទួលអាវុធធុនធ្ងន់ ជាពិសេសដូចជាប្រព័ន្ធមីស៊ីលផ្លោង ហ៊ីម៉ាស់ (Himars) ចំនួន៤គ្រឿងនៃកញ្ចប់ជំនួយ ដំបូងពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានសន្យាបង្កើនការបញ្ជូនអាវុធទំនើបបន្ថែមៗដល់អ៊ុយក្រែនផងដែរ ស្របពេលដែលអាល្លឺម៉ង់ បានបញ្ជូនកាំភ្លើងធំ howitzers រាប់សិបគ្រឿងទៅដល់ដៃទាហានអ៊ុយក្រែនហើយ។ ប៉ុន្តែ សម្រាប់អ៊ុយក្រែន វាមិនទាន់គ្រប់គ្រាន់ទេ ព្រោះទីក្រុងកៀវត្រូវការអាវុធ បន្ថែមទៀត ក្នុងនោះរួមមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយបណ្ដេញទាហានរុស្ស៉ីដែលកំពុងគ្រប់គ្រង ២០ភាគរយនៃទឹកដីអ៊ុយក្រែន។

ដោយឡែក បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍លោកខាងលិច នៅឯតំបន់ដុនបាស់ ទីក្រុងមូស្គូកាន់តែបង្កើនការវាយប្រហារ និងមានប្រៀបទាំងកម្លាំង និងសព្វាវុធ។ ជាឧទាហរណ៍ បើប្រៀបធៀបកម្លាំង ទាហានរុស្ស៉ីមាន១០នាក់ រីឯអ៊ុយក្រែនមានទាហានតែម្នាក់ប៉ុណ្ណោះ ហើយរឹតតែសំខាន់ការវាយប្រហារដោយមីស៊ីល ឬកាំភ្លើងពីសំណាក់រុស្ស៉ី បានផ្ដាច់ជីវិតទាហានអ៊ុយក្រែនយ៉ាងហោច ១០០នាក់ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា សង្រ្គាមរបស់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន បានឈានចូលដំណាក់កាលដ៏គ្រោះថ្នាក់បំផុត ដ្បិតទាំងរុស្ស៉ី និងសហរដ្ឋអាមេរិកដែលជាអ្នកផ្ដល់ការគំាទ្រដ៏ធំ របស់អ៊ុយក្រែន សុទ្ធតែដើរដល់ផ្លូវដែលពិបាកនឹងបកក្រោយ ហើយគេក៏មិនដឹងនោះដែរថាតើលោក ពូទីន ចង់ឱ្យសង្រ្គាមបញ្ចប់ទៅដោយរបៀបណា? តើលោកចង់ គ្រប់គ្រងតំបន់ដុនបាស់ ដើម្បីបង្ខំឱ្យអ៊ុយក្រែនទទួលបានយកបទឈប់បាញ់, បញ្ចូលតំបន់លូហាន និងដូណេតទៅក្នុងឧបសម្ព័ន្ធរុស្ស៉ីដូចជាតំបន់គ្រីមៀ ឬក៏ចង់គូសព្រំដែន ជាថ្មីឡើងវិញ?។ សម្រាប់សហរដ្ឋអាមេរិក បរាជ័យរបស់អ៊ុយក្រែន មិនមែនជាប្រយោជន៍របស់វ៉ាស៊ីនតោន ពីព្រោះថាវាអាចនឹងកែប្រែសន្តិសុខ ក៏ដូចជាភូមិសាស្ត្រ នយោបាយអឺរ៉ុបទាំងមូលនៅពេលអនាគត។

រីឯសម្រាប់រុស្ស៉ី ជាពិសេសគឺលោក ពូទីន ដាច់ខាតលោកត្រូវតែទទួលបានជ័យជម្នះក្នុងសង្រ្គាមសព្វថ្ងៃ ដើម្បីយកទៅប្រាប់ប្រជាជន និងឥរស្សជននយោបាយរុស្ស៉ី។ និយាយជារួម សង្រ្គាមនៅអ៊ុយក្រែនមានជាប់ពាក់ព័ន្ធនឹងជីវិតនយោបាយរបស់លោក ពូទីន ហើយក្រុមអ្នកវិភាគខ្លះយល់ថាលោក អាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយកឈ្នះ រហូតដល់មានពាក្យមួយឃ្លាគេនាំគ្នានិយាយប្រដូចថា «បើអ៊ុយក្រែនកាន់តែខិតទៅរកជ័យជម្នះ ពិភពលោកកាន់តែខិតទៅរកសង្រ្គាមនុយក្លេអ៊ែរ»៕

ដោយ៖ Fresh News












សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាមានការប៉ុនប៉ងផ្ដួលរំលំយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះ ត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត៕








សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមាន អត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)។


សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ ស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។


សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យ ដឹកនាំប្រទេសជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕






សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លៃងក្នុងពិមីន្ទីងរំឮកខួបទី ៧១ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ រៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប ៧១ឆ្នាំថ្ងៃកំណើតគណបក្ស។ នៅក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសុន្ទរកថាដ៏មានអត្ថន័យដូចខាងក្រោម៖

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន៖


* ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្ស ប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ ស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

* ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមាន អត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

* ប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យ ដឹកនាំប្រទេសជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលបាននិងកំពុងគង់ប្រថាប់ ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។


* ទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

* ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះ ត្រង់នឹងគោលបំណង និងឧត្តមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ

* ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។

* ក្រោយថ្ងៃជ័យជម្នះ៧មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត។

* ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយ

* ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេស មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

* ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។

* កម្ពុជាបាននិង កំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និង សកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។

* សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។

* និយាយរួមមករាល់សមិទ្ធផល ដែលគណបក្សបានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។

* ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិយើងបានជួបប្រទះពីអតីត កាលនោះឡើយ។ លើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សា ឱ្យបាននូវសមិទ្ធផលធំៗ ដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវ ភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។

* គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រម នានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច។

* ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួម បានប្រព្រឹត្តទៅ ដោយជោគជ័យក្នុងបរិយាកាសនយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។

* ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោតតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរ សប្បាយ រីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តដឹកនាំក្នុងមូល ដ្ឋានរបស់ខ្លួន។

* ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិត ប្រាកដ ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀត របស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និង ជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេស ការអភិវឌ្ឍនៅមូលដ្ឋាន។

* ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ មូលដ្ឋាន ឃុំ ភូមិ សង្កាត់។

* តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមាន មូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្ដើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន

* សូមសម្ដែងការគោរព និងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។

* ឆ្លើយតបទៅនឹងជំនឿទុកចិត្តនេះ គណបក្សសូមប្តេជ្ញាខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឱ្យបាន សម្រេចជោគជ័យ ធ្វើឱ្យឃុំ សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើ គ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុង គ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន ក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី និងសកម្មជនរបស់ គណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តលះបង់ពេលវេលា និងធនធាន របស់ខ្លួនធ្វើការបម្រើប្រជាជន និងអនុវត្តរាល់ភារកិច្ចដើម្បីបុព្វហេតុរបស់គណបក្ស។ គឺផ្តើមពី សកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យគណបក្សយើងទទួលបានជ័យជម្នះ ហើយយើងនឹង ទទួលបានជ័យជម្នះបន្តទៀត។

* នៅលើផ្លូវឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ សាមគ្គីប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាព ទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានា នៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេល មុនទៀត។

* គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាព ដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិស យ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើម្បី បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានារបស់ តំបន់ និងពិភពលោក។

* គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាព ទាំងឡាយទោះចេញពីប្រភពណាក្ដីដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៉ាគ់នេះ ឬកៀប សង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។

* គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្ស នយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាព ស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយចីរភាព ជាពិសេសបរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ។

* យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាច ជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺ នេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបាន វិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅ ឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺ កូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់ វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។

* សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទាន យ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្ត ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែល ជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ នៅកម្ពុជា។

* ជាទីបញ្ចប់ ជាមួយនឹងអំណរសាទរខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ គណៈ ដឹកនាំសាសនិកឥស្លាម និងគ្រឹស្តសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីខ្ទីង និងបងប្អូនជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ៕