Monday, October 16, 2017

លិខិតមិត្តអ្នកអាន៖ កម្ពុជាដើរលើផ្លូវត្រូវក្នុងរបត់ថ្មី ពីពិភពលោកនៃសង្គ្រាមត្រជាក់ មកពិភពលោកនៃពហុប៉ូល

ថ្វីត្បិតតែរាជាណាចក្រទី១ រជ្ជកាលសម្តេចឪ និងរាជាណាចក្រទី២ រជ្ជកាលសម្តេចតេជោ ប្រកាន់យកគោលនយោបាយអព្យាក្រិត្យដូចគ្នាក៏ដោយក្តី តែស្ថានភាពនយោបាយពិភពលោក និងកត្តានយោបាយក្នុងស្រុកគឺខុសគ្នា។ ក្នុងរជ្ជកាលសម្តេចឪ កម្ពុជារងឥទ្ធិពលពីសង្គ្រាមត្រជាក់រវាងមនោគមន៍វិជ្ជានៃប្លុកសង្គមនិយម (ខាងកើត) និងប្លុកមូលធននិយម (ខាងលិច)។ ក្នុងស្ថានភាពនេះ មហាអំណាចប្លុកខាងលិច ពោលគឺសហរដ្ឋ​អាមេរិក មិនគោរពគោលការណ៍អព្យាក្រិត្យ និងមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជាទេ។ ដោយសារតែសហរដ្ឋអា​មេរិក បរាជ័យក្នុងការអូសទាញសម្តេចព្រះនរោត្តម សីហនុ ឱ្យកម្ពុជាចូលក្នុងបក្សសម្ព័ន្ធប្លុកលោកខាងលិច ទើបអាមេរិក រិះរកវិធីបំបែកក្រុមនិន្នាការនយោបាយខ្មែរផ្ទៃក្នុងសង្គមរាស្ត្រនិយមឱ្យក្បត់នឹងសម្តេចឪ។ ដំបូងឡើយមាន សម សារី (ឪពុកលោក សម រង្ស៊ី), ដាប ឈួន និងគូកន តែត្រូវបរាជ័យ។ ក្រោយមកទាញបានក្រុមលន់ ណុល-ស៊ីសុវត្ថិ សិរិមតៈ បំបែកចេញពីសង្គមរាស្ត្រនិយមឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ និងផ្តួលរំលំរបបរាជានិយម បានសម្រេចនៅថ្ងៃ១៨ មិនា ១៩៧០។

នេះជាលទ្ធផលក្នុងយុគសម័យពិភពលោកមាន “ពីរប្លុក” ដែលនយោបាយអព្យាក្រិត្យ និងមិនចូលបក្សសម្ព័ន្ធរបស់សម្តេចឪ ត្រូវប្រឈមនិងរងគ្រោះ ហើយពហុប៉ូលផ្ទៃក្នុងសង្គមរាស្ត្រនិយម ជាកត្តាផ្ទៃក្នុងដ៏គ្រោះថ្នាក់ដែលមានតម្លៃជាមេរៀនសម្រាប់បច្ចុប្បន្នចំពោះការកសាងបក្ស និងអធិបតេយ្យភាពនៃប្រព័ន្ធនយោបាយដឹកនាំ។ សូមបញ្ជាក់ថា រាជាណាចក្រទី១ ពុំប្រកាន់យករបបនយោបាយសេរីពហុបក្សទេ បើទោះបីជាកាលណោះមានគណបក្សច្រើនក៏ដោយ តែគណបក្សទាំងនោះបានរំលាយខ្លួន មកចូលរួមជុំគ្នាក្នុងសង្គមរាស្ត្រនិយមដឹកនាំដោយសម្តេចឪ បានសេចក្តីថា សង្គមរាស្ត្រនិយម ដើរតួជាគណបក្ស ក្នុងសង្គមនយោបាយជាតិ តែមានក្រុមនិន្នាការនយោបាយចំរុះជា “ពហុប៉ូលផ្ទៃក្នុង”។

ទិដ្ឋភាពនេះ ក៏កម្ពុជាបច្ចុប្បន្ននៅមានដែរ បើទោះជាមានប្រព័ន្ធពហុបក្សហើយក្តី ក៏មានគណបក្សខ្លះ បន្តយកទម្រង់ពហុប៉ូលប្រមូលផ្តុំនិន្នាការខុសៗគ្នានៅក្នុងបក្សតែមួយ និងដោះស្រាយដោយការបែងចែកផលប្រយោជន៍ ដូចអតីតកាលសង្គមរាស្ត្រនិយមដែរ។ ហេតុនេះហើយជាកត្តាធ្វើឲ្យគណបក្សទាំងនោះមិនសូវមុតស្រួចក្នុងជីវភាពនយោបាយបក្សដែលបានធ្វើឱ្យគណបក្សខ្លះចុះខ្សោយ ហើយមួយចំនួនបែកបាក់ និងរលាយចេញពីឆាកនយោបាយ។

ដោយឡែកការដឹកនាំប្រទេសក្នុងបច្ចុប្បន្នភាពនៃរជ្ជកាលសម្តេចតេជោសែន គឺរាជាណាចក្រទី២ ក៏ប្រឈមនឹងការបំពានឯករាជ្យអធិបតេយ្យភាពជាតិ តាមរយៈការជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្ទុងពីសហរដ្ឋអាមេរិក និងប្លុកសម្ព័ន្ធមិត្ត ដោយយកពាក្យប្រជាធិបតេយ្យ, សេរីភាព និងសិទ្ធិមនុស្ស ប្រើជាឈ្នាន់ និងលើកស្ទួយក្រុមនិន្នាការបរទេសនិយម គ្រប់រូបភាព និងគ្រប់សណ្ឋាន។ ប៉ុន្តែគោលនយោបាយអព្យាក្រិត្យរបស់កម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោសែន បាន និងកំពុងប្រតិបត្តិលើផ្លូវត្រូវ ជាមួយនឹងបរិបទថ្មីនៃពិភពលោកបច្ចុប្បន្ន គឺពហុប៉ូល ដែលកម្ពុជារកបានចំណុចតុល្យភាពនៃទីប្រជុំទម្ងន់នយោបាយការបរទេស និងកិច្ចសហការណ៍អន្តរជាតិ។

ជាសាមញ្ញ អាចនិយាយបានថា គេស្រឡាញ់យើងប៉ុណ្ណា យើងស្រឡាញ់គេប៉ុណ្ណឹង ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្ទុងផងគ្នា។ រីឯ ប្រព័ន្ធពហុបក្សគឺច្បាប់តម្រូវឱ្យគណបក្សនីមួយៗ ត្រូវគោរពគោលការណ៍ឯករាជ្យអធិបតេយ្យភាពជាតិ៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃរដ្ឋសភា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជា ផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍នៃរដ្ឋសភា នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភា។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេស

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេស។ លោកបានថ្លែងដូចនេះ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងរោងចក្រផលិតសាច់មាន់ GFPT ស្ថិតក្នុងខេត្តឈុនប៊ុរី ប្រទេសថៃដែលការចុះជួបសំណេះសំណាលជាពលករខ្មែរ នៅក្រុមហ៊ុននេះ ជាលើកទី២ហើយ ដោយលើកទី១ បានធ្វើឡើងនៅខេត្តសមុទ្របាកាន។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរ។ ជាក់ស្ដែង កាលពីខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលថៃបានបញ្ជូនពលករខ្មែរមកកម្ពុជាវិញ រហូតដល់២៧ម៉ឺននាក់ ត្រឹមតែរយៈពេលអាទិត្យប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍ ក៏ដូចជាជួយដឹកជញ្ជូន និងជួយរកការងារធ្វើនៅក្នុងប្រទេស ក្នុងនោះក៏មានការផ្ដល់លិខិតឆ្លងដែនដោយមិនគិតថ្លៃ រៀបចំគណៈកម្មការផ្ដល់ភាពស្របច្បាប់ទៅប្រទេសថៃ ដើម្បីដោះស្រាយជូនបងប្អូនពលករខ្មែរ។

លោករដ្ឋមន្រ្តី បានបន្ថែមថា កាលពីខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរថៃបានកែទម្រង់ច្បាប់រិតបន្តឹងចំពោះនិយោជកថៃ និងកម្មករបរទេសខុសច្បាប់ក្នុងប្រទេសរបស់ខ្លួនដែលបញ្ហានេះនាំឱ្យពលករខ្មែរ និងក្រុមគ្រួសារមានបារម្ភខ្លាំង ព្រោះខ្លាចមានការបណ្ដេញចេញដូចកាលពីឆ្នាំ២០១៤។

លោក អ៊ិត សំហេង ក៏បានបញ្ជាក់ថា ឆ្លើយតបនឹងបញ្ជាចំពោះមុខនោះ ក្រោមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក បានដឹកនាំប្រតិភូកម្ពុជាចូលជួបជាមួយសមភាគីថៃ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ហើយជាលទ្ធផលបានព្រមព្រៀងលើដំណោះស្រាយបញ្ហាមួយចំនួន ក្នុងនោះមានការធានាសុវត្ថិភាពជូនបងប្អូនពលករ និងការពន្យាការអនុវត្ត៦ខែ ក្នុងការអនុវត្តច្បាប់ថ្មីនោះ (សុពលភាពដល់ខែមករា ឆ្នាំ២០១៨)។ មិនតែប៉ុណ្ណោះ ភាគីថៃបានបង្កើតមណ្ឌលចំនួន១០ នៅរាជធានីបាងកក និងនៅគ្រប់ខេត្ត ដើម្បីចុះបញ្ជីពលករខ្មែរយើង ចាប់ពីថ្ងៃ២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា មាន២៤ម៉ឺននាក់ ដែលខុសច្បាប់។ ចំណែកភាគីកម្ពុជាវិញ បានបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីចុះផ្ដល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ក្នុងនោះផ្ដល់ជូនពលករបានចំនួន ១៦ម៉ឺននាក់។ ធ្វើលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ថ្មី ដោយចំណាយពេលត្រឹមតែ១ថ្ងៃ និងថវិកា ២,៣៥០បាតប៉ុណ្ណោះ នឹងទទួលបានប័ណ្ណទាំងនោះភ្លាម ដោយបានបញ្ជូនបុគ្គលិក ៣៦០នាក់ មកបំពេញបេសកកម្មនេះផងដែរ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរបងប្អូនពលករខ្មែរថា ជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិដោយបានរួមចំណែករកចំណូលជូនជាតិ បងប្អូនពលករខ្មែរនៅប្រទេសថៃ មានជាង១លាននាក់ នៅប្រទេសជប៉ុន មានជិត៥,០០០នាក់ នៅកូរ៉េខាងត្បូង មានជាង៥ម៉ឺននាក់ ក្នុងនោះបងប្អូនខ្មែរមានគ្រួសារកូរ៉េ ១៥,០០០នាក់។ ចំណូលមធ្យមជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ពលករនៅថៃ មាន១លាន៥ម៉ឺននាក់ ប្រាក់ឈ្នួលជាង៣០០បាត ក្នុងមួយថ្ងៃ បានរកការងារល្អដែលការងារមួយកន្លែង យើងចំណាយលើការអនុគ្រោះដល់អ្នកវិនិយោគទុន២,០០០ដុល្លារអាមេរិក បានរៀនសូត្រជំនាញដែលការបណ្ដុះបណ្ដាលជំនាញម្នាក់ចំណាយ ១,០០០ដុល្លារ បានរកចំណូលជួយគ្រួសារ តាមរយៈការកសាងជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ភូមិឃុំ បានបង្កើនទំនាក់ទំនងមិត្តភាព តាមរយៈការទទួលបានមិត្តភ័ក្ដិ គ្រួសារ និងសង្គម មានប្រយោជន៍សម្រាប់សហប្រតិបត្តិការមិត្តភាពប្រជាជន និងប្រជាជន។ ពេលត្រឡប់មកកម្ពុជាវិញ បងប្អូនពលករ គឺជាធនធានមនុស្សដែលមានជំនាញខ្ពស់ ដើម្បីកសាងប្រទេស តាមរយៈការងារនៅក្នុងស្រុក។

លោក អ៊ិត សំហេង ក៏បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ អត្រាកំណើនសេដ្ឋកិច្ចមាន ៧% អត្រាការងារធ្វើមាន ៩៩.៣% ជីវភាពប្រជាជនធូធារ ប្រាក់ខែមន្ត្រីរាជការឡើងបាន ៨០ម៉ឺន ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ១៥៣ដុល្លារ ហើយនៅឆ្នាំ២០១៨ ខាងមុខ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនឹងឡើងដល់ ១៧០ដុល្លារ មានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព និងរបបចូលនិវត្តន៍ ជាងនេះទៅទៀត បងប្អូននារីៗដែលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទៀត ដែលទាំងនេះជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខជាមួយកម្មករ កម្មការិនីគ្រប់កាលៈទេសៈ៕






ទីបំផុតសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានកិច្ចប្រជុំសភាពេញអង្គអនុម័តរួចរាល់ទាំងអស់ហើយ

បន្ទាប់ពីអង្គសភា បានអនុម័តម្តងមួយៗនៃសេចក្តីស្នើច្បាប់ទាំងអស់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ត្រូវបានកិច្ចប្រជុំសភា ពេញអង្គអនុម័តរួចហើយ ដោយសម្លេង៦៧លើ៦៧ នេះបើយោងតាមការប្រកាសរបស់កិច្ចប្រជុំសភាពេញអង្គ នាមុននេះបន្តិចនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧។

សេចក្តីស្នើច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលសភាពេញអង្គបានអនុម័តរួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ជាម យៀប តំណាងឲ្យក្រុមតំណាងរាស្រ្តហត្ថលេខីទាំង ៤៩រូប បានលើកឡើងនៅសម័យប្រជុំសភាថា ច្បាប់ដែលស្នើឲ្យធ្វើវិសោធនកម្មទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធបំផ្លិចបំផ្លាញបុគ្គល និងគណបក្សនយោបាយណាមួយឡើយ តែធ្វើឡើងដោយយោងតាមស្ថានភាពនយោបាយ និងការបត់បែននយោបាយ។

លោក ជាម យៀប​ បានបន្តថា ការស្នើនេះដោយមើលឃើញអំពីការប្រព្រឹត្តបទល្មើសក្បត់ជាតិធ្ងន់ធ្ងររបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលតំណាងរាស្រ្តមកពីគណបក្សកាន់អំណាចមិនអាចទទួលយកបាននោះទេ។

លោក ជាម យៀប បានរៀបរាប់យ៉ាងដូច្នេះថា «ច្បាប់ទាំង៤នេះ គ្មានអ្វីពាក់ព័ន្ធទៅនឹងចេតនាចង់បំផ្លេចបំផ្លាញបុគ្គល ឬគណបក្សនយោបាយណាមួយ នោះឡើយ គឺដោយយោងតាមស្ថានភាពនយោបាយបត់បែននាពេលបច្ចុប្បន្ននេះ យោងទៅលើស្មារតីនៃច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើឡើងជាបន្តបន្ទាប់ និងបទដ្ឋានទាំងឡាយដែលនៅមានជាធរមាន។ ចំពោះការស្នើសុំធ្វើវិសោធនកម្មនៃច្បាប់ទាំង៤នេះ សំដៅរៀបចំការបែងចែកអាសនៈរដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោយពេលគណបក្សនយោបាយណាមួយនោះ ដែលបានចូលប្រកួតប្រជែងបោះឆ្នោតសកល ឬ អសកល និងបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ហើយត្រូវបានតុលាការ ឬសមត្ថកិច្ចរំលាយ និងរំសាយចោលជាស្ថាពរ»។

លោក ជាម យៀប បានបន្តរៀបរាប់យ៉ាងដូច្នេះថា «ជាពិសេសយោងតាមសកម្មភាពក្បត់ជាតិ របស់ប្រធានគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលបានប្រព្រឹត្តបទល្មើសក្បត់ជាតិ ក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែងនេះ ស្របតាមមាត្រា ៤៤៣នៃក្របព្រហ្មទណ្ឌ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចមិនអាចទទួលយកបានទេ ដែលទាមទារឲ្យយកច្បាប់រដ្ឋធម្មនុញ្ញ និងនីតិវិធីព្រហ្មទណ្ឌនៅជាធរមានមកអនុវត្តន៍ឲ្យ កាន់តែមានប្រសិទ្ធភាព។ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងភស្តុតាងក្បត់ជាតិជាក់ស្តែងរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ ដោយយកបរទេសធ្វើជាមេដឹកនាំរបស់ខ្លួនផ្ទាល់ សម្រាប់បង្គាប់បញ្ជាស្របតាមមាត្រា៤៤នៃច្បាប់ស្តីពីគណបក្សនយោបាយ ​និងក្នុងគោលបំណងធ្វើឲ្យប្រទេសជាតិរលំរលាយ ហើយក្នុងនោះគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចឲ្យបែកបាក់ និងឲ្យរលំរលាយឆាប់រហ័សជាដើម។ល។ ដោយមើលឃើញសកម្មភាពក្បត់ជាតិ ក្បត់ប្រជាជនរបស់មេដឹកនាំនៃគណបក្សសង្រ្គោះជាតិ កឹម សុខា ដែលមានភស្តុតាងជាក់ស្តែង និងគម្រោងទៅថ្ងៃមុខដូចនេះ ទើបក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ស្នើធ្វើសេចក្តីស្នើច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់ទាំង៤នេះ ដើម្បីសង្គតភាពជាមួយច្បាប់ស្តីពីគណបក្សនយោបាយ និងវិសោធនកម្មដែលនៅជាធរមានជាបន្តបន្ទាប់មកនេះ។

អង្គសភាជាទីស្នេហា ជាធម្មតាក្រុមតំណាងរាស្រ្តហត្ថលេខីទាំងអស់ បានតាមដាន និងយកចិត្តទុកដាក់ជាប្រចាំនូវការវិវឌ្ឍន៍ឥតឈប់ឈរនូវសភាពការណ៍ប្រទេសជាតិទាំងក្នុងតំបន់ និងលើសកលលោក ដោយឈរលើមូលដ្ឋានជាក់ស្តែងនៃការអភិវឌ្ឍប្រទេសជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគតដោយកំពុងមានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយស្ថិតស្ថេរយូរអង្វែង។ វិសោធនកម្មនេះមិនសំដៅ

១៖ បំណងប្រាថ្នាឲ្យស្របតាមរបត់នយោបាយជាតិ នយោបាយតំបន់ និងនយោបាយលើសកលលោកបច្ចុប្បន្ន ដែលមានការវិវឌ្ឍន៍ទៅមុខឆាប់រហ័ស ការខ្វះចន្លោះគោលការណ៍ច្បាប់សំខាន់ៗសម្រាប់អនុវត្តន៍ជាក់ស្តែងទាន់ពេលវេលារបស់ច្បាប់ដែលមានការពាក់ព័ន្ធ។ ការបំពេញបន្ថែមនូវស្មារតីច្បាប់ ដែលមានការខ្វះខាតនាពេលកន្លងមកជំរុញឲ្យកម្ពុជាក្លាយជានីតិរដ្ឋ មានច្បាប់សម្រាប់អនុវត្តន៍គ្រប់គ្រាន់។ល។

២៖ មូលហេតុច្បាប់ ដែលចាំបាច់ត្រូវធ្វើ។ ច្បាប់រដ្ឋធម្មនុញ្ញចាំបាច់ស្របនឹងរដ្ឋធម្មនុញ្ញ ស្របតាមជំពូកទី ១៦ថ្មី (២) មាត្រា១៥២ថ្មី (២) នៃរដ្ឋធម្មនុញ្ញ។ ច្បាប់ស្តីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតតំណាងរាស្រ្ត ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់បោះឆ្នោតស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។​

នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល…»។


ក្រសួងសុខាភិបាល និងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រួមគ្នាបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ឱ្យចេះបង្ការខ្លួនពីជំងឺមហារីក

សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានសហការជាមួយមន្ទីរពេទ្យ កាល់ម៉ែត រៀបចំនូវវេទិកាសុខភាព ស្តីពី «ការបង្ការជំងឺមហារីក» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹង ពីវិធីបង្ការជំងឺមហារីក ដល់ប្រជាពលរដ្ឋកម្ពុជា។

លោក ស្រ៊ាង គីមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានថ្លែងថា សមាគមនាវាយុវជន អាស៊ី អាគ្នេយ៍កម្ពុជា ជារៀងរាល់ឆ្នាំតែងប្រារព្ធធ្វើកម្មវិធីសង្គមផ្សេងៗ ដែលមានគោលបំណងចូលរួមចំណែកដោះ ស្រាយបញ្ហាចំបងនានា ដែលកើតមានឡើងក្នុងសង្គមកម្ពុជា។

លោកបន្តថា ជំងឺមហារីកជាជំងឺដ៏កាចសាហាវ ដែលគ្មានវិធីព្យាបាលជាទេ នៅពេលជំងឺនេះ កើតដល់ដំណាក់ កាលចុងក្រោយ។ ដូច្នេះវិធានការដែលមានប្រសិទ្ធិភាពបំផុត ក្នុងការបង្ក្រាបជំងឺនេះ គឺការបង្ការ និងរុករក ជំងឺនៅដំណាក់កាលដំបូង។ ដើម្បីឱ្យការបង្ការមានប្រសិទ្ធិភាព ប្រជាជនត្រូវមានការយល់ដឹងខ្ពស់ អំពីហនិ ភ័យផ្សេងៗ ដែលបណ្តាលឱ្យកើតជំងឺមហារីកនៅក្នុងប្រទេសកម្ពុជា។

លោក ស្រ៊ាង គីមលី បានបន្ថែមទៀតថា ឆ្លើយតបញ្ហាជំងឺមហារីកដ៏កាចសាហាវនេះ គម្រោងដែលមានឈ្មោះ ថា Cancer Remembrance Appeal for the Needy ឬហៅកាត់ថាគម្រោង CRANE នេះត្រូវបានបង្កើត ឡើង ក្រោមកិច្ចសហការ ដ៏ជិតស្និតរវាង សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណងសំខាន់ ៣ យ៉ាងគឺ ៖ ១-ជាការរំលឹកដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត ដោយសារជំងឺ មហារីកនៅកម្ពុជា, ២ -ដើម្បីស្វែងរកថវិកាសប្បុរសធម៌ ដើម្បីគាំទ្រសកម្មភាពស្រាវជ្រាវ ពីជំងឺមហារីកនៅ មជ្ឈមណ្ឌលជាតិ ជំងឺមហារីកកម្ពុជា, ៣- ដើម្បីធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ ប្រជាជនកម្ពុជា ស្តីអំពីការបង្ការជំងឺមហារីក។

បើតាមលោកស្រី ហាវ មនីរត្ន ប្រធានផ្នែកវិភាគដុំសាច់ មហារីកនៃមន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា ជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុតលើស្រ្តីកម្ពុជា នោះគឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ និងមហារីកក្រអូមមាត់។ ចំណែកជំងឺមហារីកចំនួន៦ ដែលកើតញឹកញាប់ជាងគេបំផុត លើបុរសកម្ពុជាវិញនោះ មានមហារីកថ្លើម មហារីកសួត មហារីកពោះវៀនធំ មហារីកក្រពះ មហារីកកូនកណ្តុរ និងមហារីកក្រអូមមាត់។ ជំងឺមហារីកទាំងអស់ខាងលើនេះ (លើកលែងមហារីកកូនកណ្តុរ) សុទ្ធសឹងជាជំងឺមហារីក ដែលអាចបង្ការបានមានប្រសិទ្ធភាពខ្ពស់ ប្រសិនបើប្រជាពលរដ្ឋយល់ដឹង ពីការបង្ការជំងឺមហារីកបានគ្រប់គ្រាន់។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាគមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងមន្ទីរពេទ្យកាល់ម៉ែត ក្នុងការរៀបចំវេទិកាសុខភាព ស្តីពី «ការបង្ការជំងឺមហារីក» ដ៏មានសារសំខាន់នេះ។

លោកស្រី បានបញ្ជាក់ថា «ឃាតករមួយក្នុងចំណោមឃាតករទាំង១០ ដែលសម្លាប់ប្រជាជនខ្មែរ ច្រើនជាងគេបំផុត គឺជំងឺមហារីក។ ស្ថិតិចុងក្រោយបំផុត របស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ក្នុងមួយឆ្នាំៗមានប្រជាជនកម្ពុជា ប្រហែល១៥,០០០នាក់ កើតជំងឺមហារីក និងជាង១០,០០០នាក់បានស្លាប់ ដោយសារជំងឺដ៏កាចសាហាវនេះ»។

លោកស្រីបានបន្តថា វេទិកាសុខភាពនេះ ធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាល កំពុងតែខិតខំបញ្ជៀប ការយល់ដឹងឱ្យ បានទូលំទូលាយ លើកិច្ចការពារជំងឺមិនឆ្លងនេះ ជាពិសេសគឺជំងឺមហារីកតែម្តង ដែលជាជំងឺ រាំរ៉ៃបង្កឱ្យមានពិការភាព បាត់បង់សមត្ថភាព និងលទ្ធភាពធ្វើការងារ ដែលជាកត្តាមួយជំរុញឱ្យមានភាពក្រីក្រ និងត្រូវចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់សម្រាប់ការព្យាបាល។

លោកស្រី ឱ វណ្ណឌីន បានផ្តល់នូវអនុសាសន៍ចំនួន៨ ដើម្បីបង្ការជំងឺមហារីករួមមាន៖ ១- សូមនាំគ្នាចូលរួមធ្វើ ឱ្យប្រសើរឡើង នូវរបៀបរបបនៃការហូបចុករស់នៅ ប្រកបដោយអានាម័យល្អ និងម្ហូបអាហារមានផាសុខភាព ដែលវាជាផ្នែកមួយនៃការបង្កឱ្យជំងឺមហារីក។ ២- ចូលរួមជំរុញការបង្កើននូវការយល់ដឹង អំពីម្ហូបអាហារមិនល្អ សម្រាប់សុខភាព។ ៣- រួមគ្នាប្រើប្រាស់ ឬទិញផលិតផលម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ដើម្បី សុខភាពយើងទាំងអស់គ្នា។ ៤- ចូលរួមរក្សាសុខភាពតាមរយៈការធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ។ ៥- បង្កើនចំណេះដឹងពីបញ្ហាសុខភាព និងការការពារជំងឺ រួមទាំងគ្រោះថ្នាក់សុខភាពបណ្តាលមក ពីការបំពុល បរិស្ថាន នៅក្នុងអាគារ ព្រមទាំងជំរុញបង្កើនសុខភាព ពេលប្រកបមុខងារ។ ៦-ជំរុញកិច្ចសហការអន្តរវិស័យ ដើម្បីឆ្លើយតប និងធ្វើអន្តរាគមន៍ទៅលើបញ្ហា សុខភាពសារធារណៈរួមទាំង មូលហេតុដែលបង្កឱ្យមានជំងឺ មហារីកនេះ បានទាន់ពេលវេលា។ ៧-សម្រាប់ស្ត្រី ត្រូវចូលរួមធ្វើការរុករកដោយខ្លួនឯង នូវជំងឺមហារីកដោះ និងចូលរួមត្រួតពិនិត្យជាប្រចាំនូវជំងឺមហារីកស្បូន ដើម្បីអាចទទួលបានការព្យាបាលទាន់ពេលវេលា។ ៨- ដើម្បីកាត់បន្ថយនូវហានិភ័យនៃការកើតឡើងនូវជំងឺមិនឆ្លង សូមចងចាំចំណុចសំខាន់ៗ ដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែណែនាំប្រជាពលរដ្ឋទូទៅ គឺសូមកុំបរិភោគអាហារដែលមាន ជាតិប្រៃពេក កុំហូបផ្អែមពេក និងកុំពិសារអាហារដែលមានខ្លាញ់។ ការធ្វើលំហាត់ប្រាណជាប្រចាំ នឹងនាំ មកនូវសុខភាពល្អ ៕




លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លាបំផុតរបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ដែលជាថ្ងៃប្រារព្ធពិធីរំលឹកខួប យាងសោយ ទីវង្គត៥ឆ្នាំ នៃព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋនោះ បានបង្ហោះសារមួយថា សម្តែងការដឹងគុណថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដោយសម្តេចតេជោថា កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លាបំផុតរបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ។

ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍ ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ(១៥ តុលា ២០១២ – ១៥ តុលា ២០១៧)។

កូនចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវ ព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លាបំផុតរបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេសព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

នៅថ្ងៃនេះដែរ មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងមន្រ្តីតាមបណ្តាក្រសួង ស្ថាប័ននានា អង្គការផ្សេងៗជាច្រើន បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ក្រាបថ្វាយព្រះរាជកុសល ដល់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅព្រះមណ្ឌលតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានីភ្នំពេញ ព្រមទាំងនៅតាមបណ្ដាខេត្តក្រុងទូទាំងប្រទេសផងដែរ៕


















លោកទេសរដ្ឋមន្រ្តី អៀង មូលី ណែនាំឱ្យសមាជិកគណបក្សប្រជាជនកម្ពុជានាំគ្នាទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

កំពង់ស្ពឺ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំការប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឃុំភារីមានជ័យ និងឃុំស្វាយរំពា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមការងារចុះជួយស្រុកបរសេដ្ឋ លោកប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំភារីមានជ័យ និងឃុំស្វាយរំពា លោកអភិបាលស្រុកបរសេដ្ឋ និងអស់លោក លោកស្រី ជាប្រធាន អនុប្រធានសាខាបក្សឃុំ។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ជូនអង្គប្រជុំថា តាមលទ្ធផលសម្លេងឆ្នោតឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ឈ្នះទាំងនៅស្រុកបរសេដ្ឋ ទាំងខេត្តកំពង់ស្ពឺ និងនៅទូទាំងប្រទេស។ លោកបន្តថា តាមភ័ស្ពុតាងជាក់ស្តែងចុងក្រោយនេះ បង្ហាញឱ្យឃើញថា គណបក្សសង្រ្គោះជាតិ មានបរទេសនៅពីក្រោយ រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើបដិវត្តន៍ពណ៌។ ពួកគេគិតតែពីដណ្តើមអំណាច មិនគិតពីការអភិវឌ្ឍទេ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំបង្កលក្ខណៈឱ្យវិនិយោគិនមករកស៊ីកម្ពុជា ព្រោះការងារគឺជាឆ្នាំងបាយរបស់កូនចៅប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់គឺប្រជាជនមានការងារធ្វើ។ បើតាមតួលេខ កម្មកររោងចក្រនៅឃុំភារីមានជ័យ ទទួលបានប្រាក់ខែ ដែលជាចំណូលចូលឃុំក្នុងមួយខែយ៉ាងតិច២៤ម៉ឺនដុល្លារ។ បើនិយាយពីស្រុកបរសេដ្ឋវិញ ១ឆ្នាំប្រាក់ខែកម្មករហូរចូលស្រុកបរសេដ្ឋច្រើនជាង៣០លានដុល្លារ។

មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តីបាននាំយកនូវបណ្តាំ ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឱ្យយើងរួបរួមគ្នា៥យ៉ាងគឺ ៖
១-រួមគ្នារក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម
២-រួមគ្នារក្សាការងារ និងបង្កើនការងារ ទាក់ទាញវិនិយោគិនឱ្យមករកស៊ីនៅស្រុកខ្មែរ ទាក់ទាញទេសចរ
៣-រួមគ្នាផ្តោតលើការងារគាំពារសង្គម
៤-រួមគ្នាយកចិត្តទុកដាក់ពលករ និងការពារពលករ
៥-រួមគ្នាយកចិត្តទុកដាក់ និងពង្រីកទីផ្សារក្រៅប្រទេស៕





កិច្ចប្រជុំសភាពេញអង្គលើកទី៩ នីតិកាលទី៥ និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ កិច្ចប្រជុំសភាពេញអង្គលើកទី៩ នីតិកាលទី៥ ចាប់ផ្តើម ហើយជាមួយសមាជិកសភាចំនួន៦៧រូប មកពីគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលជាសមាជិកនៃរដ្ឋសភាដែរនោះ ក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃនេះ គឺបន្តពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ ២-ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និង មាត្រា១៣៦ នៃច្បាប់ស្តីពីការប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។

ព្រមទាំងសេចក្តីស្នើច្បាប់ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំនួន៤ ដែលទើបនឹងឆ្លងផុតគណៈ កម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានាព្រឹកនេះ។ ១- វិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ២-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា, ៣-វិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់, ៤-វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕






រដ្ឋមន្ត្រីបរិស្ថាន៖ ជ័យលាភីរបស់និស្សិតកម្ពុជាគឺជាធនធាននាំកម្ពុជា ឆ្ពោះទៅប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជូនដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ។

ថ្លែងទៅកាន់និស្សិតទទួលជ័យលាភី លោក សាយ សំអាល់ បានស្វាគមន៍ចំពោះការទទួលបានជ័យលាភីដល់និស្សិតទាំងអស់ ដែលទទួលបានជ័យលាភីនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ធនធានមនុស្សទាំងអស់នេះហើយ គឹជាធនធានដែលនឹងនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុភមង្គល ពីព្រោះថាមានតែការប្រើប្រាស់ខួរក្បាលតែប៉ុណ្ណោះ ដែលនឹងជំរុញកម្ពុជាឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។

លោក សាយ សំអាល់ បន្ថែមថា ជោគជ័យរបស់និស្សិតនាពេលនេះ ក៏មិនអាចកាត់ផ្តាច់បានពីកត្តាចំនួន៣ ដែលបានបង្កបរិយាកាសដល់ភាពជោគជ័យរបស់និស្សិតនោះគឺ កត្តាស្ថេរភាពនយោបាយ កត្តាសន្តិសុខ និងកំណើនសេដ្ឋកិច្ចចំនួន៧%ក្នុងរយៈពេល២០ឆ្នាំ រួមទាំងសេរីភាពសារព័ត៌មាន៕

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង ជូនដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ។

ថ្លែងទៅកាន់និស្សិតទទួលជ័យលាភី លោក សាយ សំអាល់ បានស្វាគមន៍ចំពោះការទទួលបានជ័យលាភីដល់និស្សិតទាំងអស់ ដែលទទួលបានជ័យលាភីនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ធនធានមនុស្សទាំងអស់នេះហើយ គឹជាធនធានដែលនឹងនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ត្រើយសុភមង្គល ពីព្រោះថាមានតែការប្រើប្រាស់ខួរក្បាលតែប៉ុណ្ណោះ ដែលនឹងជំរុញកម្ពុជាឱ្យមានលទ្ធភាពក្នុងការប្រកួតប្រជែង ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។

លោក សាយ សំអាល់ បន្ថែមថា ជោគជ័យរបស់និស្សិតនាពេលនេះ ក៏មិនអាចកាត់ផ្តាច់បានពីកត្តាចំនួន៣ ដែលបានបង្កបរិយាកាសដល់ភាពជោគជ័យរបស់និស្សិតនោះគឺ កត្តាស្ថេរភាពនយោបាយ កត្តាសន្តិសុខ និងកំណើនសេដ្ឋកិច្ចចំនួន៧%ក្នុងរយៈពេល២០ឆ្នាំ រួមទាំងសេរីភាពសារព័ត៌មាន៕











សេចក្តីស្នើវិសោធនកម្មច្បាប់៤ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសម្រេចដាក់ចូល ក្នុងរបៀបវារៈនៃកិច្ចប្រជុំនៅព្រឹកនេះ

បន្ទាប់ពីបានពិភាក្សា និងពិនិត្យរួចរាល់ នៅទីបំផុតសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ។

ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភានាព្រឹកនេះមាន៖
១-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤-វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕