Monday, October 16, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេស

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ បានថ្លែងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរនៅក្រៅប្រទេស។ លោកបានថ្លែងដូចនេះ ក្នុងពេលអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងរោងចក្រផលិតសាច់មាន់ GFPT ស្ថិតក្នុងខេត្តឈុនប៊ុរី ប្រទេសថៃដែលការចុះជួបសំណេះសំណាលជាពលករខ្មែរ នៅក្រុមហ៊ុននេះ ជាលើកទី២ហើយ ដោយលើកទី១ បានធ្វើឡើងនៅខេត្តសមុទ្របាកាន។

លោក អ៊ិត សំហេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខរបស់បងប្អូនពលករខ្មែរ។ ជាក់ស្ដែង កាលពីខែកក្កដា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលថៃបានបញ្ជូនពលករខ្មែរមកកម្ពុជាវិញ រហូតដល់២៧ម៉ឺននាក់ ត្រឹមតែរយៈពេលអាទិត្យប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានទទួលស្វាគមន៍ ក៏ដូចជាជួយដឹកជញ្ជូន និងជួយរកការងារធ្វើនៅក្នុងប្រទេស ក្នុងនោះក៏មានការផ្ដល់លិខិតឆ្លងដែនដោយមិនគិតថ្លៃ រៀបចំគណៈកម្មការផ្ដល់ភាពស្របច្បាប់ទៅប្រទេសថៃ ដើម្បីដោះស្រាយជូនបងប្អូនពលករខ្មែរ។

លោករដ្ឋមន្រ្តី បានបន្ថែមថា កាលពីខែកក្កដា ឆ្នាំ២០១៧ អាជ្ញាធរថៃបានកែទម្រង់ច្បាប់រិតបន្តឹងចំពោះនិយោជកថៃ និងកម្មករបរទេសខុសច្បាប់ក្នុងប្រទេសរបស់ខ្លួនដែលបញ្ហានេះនាំឱ្យពលករខ្មែរ និងក្រុមគ្រួសារមានបារម្ភខ្លាំង ព្រោះខ្លាចមានការបណ្ដេញចេញដូចកាលពីឆ្នាំ២០១៤។

លោក អ៊ិត សំហេង ក៏បានបញ្ជាក់ថា ឆ្លើយតបនឹងបញ្ជាចំពោះមុខនោះ ក្រោមការចង្អុលបង្ហាញពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក បានដឹកនាំប្រតិភូកម្ពុជាចូលជួបជាមួយសមភាគីថៃ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ហើយជាលទ្ធផលបានព្រមព្រៀងលើដំណោះស្រាយបញ្ហាមួយចំនួន ក្នុងនោះមានការធានាសុវត្ថិភាពជូនបងប្អូនពលករ និងការពន្យាការអនុវត្ត៦ខែ ក្នុងការអនុវត្តច្បាប់ថ្មីនោះ (សុពលភាពដល់ខែមករា ឆ្នាំ២០១៨)។ មិនតែប៉ុណ្ណោះ ភាគីថៃបានបង្កើតមណ្ឌលចំនួន១០ នៅរាជធានីបាងកក និងនៅគ្រប់ខេត្ត ដើម្បីចុះបញ្ជីពលករខ្មែរយើង ចាប់ពីថ្ងៃ២៤ ខែកក្កដា ដល់ថ្ងៃទី៧ ខែសីហា មាន២៤ម៉ឺននាក់ ដែលខុសច្បាប់។ ចំណែកភាគីកម្ពុជាវិញ បានបើកយុទ្ធនាការ១០០ថ្ងៃ ដើម្បីចុះផ្ដល់លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ក្នុងនោះផ្ដល់ជូនពលករបានចំនួន ១៦ម៉ឺននាក់។ ធ្វើលិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (TD) និងប័ណ្ណពលករកម្ពុជាទៅធ្វើនៅបរទេស (OCWC) ថ្មី ដោយចំណាយពេលត្រឹមតែ១ថ្ងៃ និងថវិកា ២,៣៥០បាតប៉ុណ្ណោះ នឹងទទួលបានប័ណ្ណទាំងនោះភ្លាម ដោយបានបញ្ជូនបុគ្គលិក ៣៦០នាក់ មកបំពេញបេសកកម្មនេះផងដែរ។

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរបងប្អូនពលករខ្មែរថា ជាពលរដ្ឋដ៏ឆ្នើមរបស់ជាតិដោយបានរួមចំណែករកចំណូលជូនជាតិ បងប្អូនពលករខ្មែរនៅប្រទេសថៃ មានជាង១លាននាក់ នៅប្រទេសជប៉ុន មានជិត៥,០០០នាក់ នៅកូរ៉េខាងត្បូង មានជាង៥ម៉ឺននាក់ ក្នុងនោះបងប្អូនខ្មែរមានគ្រួសារកូរ៉េ ១៥,០០០នាក់។ ចំណូលមធ្យមជិត២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ពលករនៅថៃ មាន១លាន៥ម៉ឺននាក់ ប្រាក់ឈ្នួលជាង៣០០បាត ក្នុងមួយថ្ងៃ បានរកការងារល្អដែលការងារមួយកន្លែង យើងចំណាយលើការអនុគ្រោះដល់អ្នកវិនិយោគទុន២,០០០ដុល្លារអាមេរិក បានរៀនសូត្រជំនាញដែលការបណ្ដុះបណ្ដាលជំនាញម្នាក់ចំណាយ ១,០០០ដុល្លារ បានរកចំណូលជួយគ្រួសារ តាមរយៈការកសាងជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ភូមិឃុំ បានបង្កើនទំនាក់ទំនងមិត្តភាព តាមរយៈការទទួលបានមិត្តភ័ក្ដិ គ្រួសារ និងសង្គម មានប្រយោជន៍សម្រាប់សហប្រតិបត្តិការមិត្តភាពប្រជាជន និងប្រជាជន។ ពេលត្រឡប់មកកម្ពុជាវិញ បងប្អូនពលករ គឺជាធនធានមនុស្សដែលមានជំនាញខ្ពស់ ដើម្បីកសាងប្រទេស តាមរយៈការងារនៅក្នុងស្រុក។

លោក អ៊ិត សំហេង ក៏បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាយើងកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍ អត្រាកំណើនសេដ្ឋកិច្ចមាន ៧% អត្រាការងារធ្វើមាន ៩៩.៣% ជីវភាពប្រជាជនធូធារ ប្រាក់ខែមន្ត្រីរាជការឡើងបាន ៨០ម៉ឺន ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ១៥៣ដុល្លារ ហើយនៅឆ្នាំ២០១៨ ខាងមុខ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនឹងឡើងដល់ ១៧០ដុល្លារ មានរបបសន្តិសុខសង្គម គ្រោះថ្នាក់ការងារ ថែទាំសុខភាព និងរបបចូលនិវត្តន៍ ជាងនេះទៅទៀត បងប្អូននារីៗដែលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទៀត ដែលទាំងនេះជាការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់រួមសុខរួមទុក្ខជាមួយកម្មករ កម្មការិនីគ្រប់កាលៈទេសៈ៕






No comments:

Post a Comment