Monday, October 16, 2017

លិខិតមិត្តអ្នកអាន៖ កម្ពុជាដើរលើផ្លូវត្រូវក្នុងរបត់ថ្មី ពីពិភពលោកនៃសង្គ្រាមត្រជាក់ មកពិភពលោកនៃពហុប៉ូល

ថ្វីត្បិតតែរាជាណាចក្រទី១ រជ្ជកាលសម្តេចឪ និងរាជាណាចក្រទី២ រជ្ជកាលសម្តេចតេជោ ប្រកាន់យកគោលនយោបាយអព្យាក្រិត្យដូចគ្នាក៏ដោយក្តី តែស្ថានភាពនយោបាយពិភពលោក និងកត្តានយោបាយក្នុងស្រុកគឺខុសគ្នា។ ក្នុងរជ្ជកាលសម្តេចឪ កម្ពុជារងឥទ្ធិពលពីសង្គ្រាមត្រជាក់រវាងមនោគមន៍វិជ្ជានៃប្លុកសង្គមនិយម (ខាងកើត) និងប្លុកមូលធននិយម (ខាងលិច)។ ក្នុងស្ថានភាពនេះ មហាអំណាចប្លុកខាងលិច ពោលគឺសហរដ្ឋ​អាមេរិក មិនគោរពគោលការណ៍អព្យាក្រិត្យ និងមិនចូលបក្សសម្ព័ន្ធរបស់កម្ពុជាទេ។ ដោយសារតែសហរដ្ឋអា​មេរិក បរាជ័យក្នុងការអូសទាញសម្តេចព្រះនរោត្តម សីហនុ ឱ្យកម្ពុជាចូលក្នុងបក្សសម្ព័ន្ធប្លុកលោកខាងលិច ទើបអាមេរិក រិះរកវិធីបំបែកក្រុមនិន្នាការនយោបាយខ្មែរផ្ទៃក្នុងសង្គមរាស្ត្រនិយមឱ្យក្បត់នឹងសម្តេចឪ។ ដំបូងឡើយមាន សម សារី (ឪពុកលោក សម រង្ស៊ី), ដាប ឈួន និងគូកន តែត្រូវបរាជ័យ។ ក្រោយមកទាញបានក្រុមលន់ ណុល-ស៊ីសុវត្ថិ សិរិមតៈ បំបែកចេញពីសង្គមរាស្ត្រនិយមឱ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ និងផ្តួលរំលំរបបរាជានិយម បានសម្រេចនៅថ្ងៃ១៨ មិនា ១៩៧០។

នេះជាលទ្ធផលក្នុងយុគសម័យពិភពលោកមាន “ពីរប្លុក” ដែលនយោបាយអព្យាក្រិត្យ និងមិនចូលបក្សសម្ព័ន្ធរបស់សម្តេចឪ ត្រូវប្រឈមនិងរងគ្រោះ ហើយពហុប៉ូលផ្ទៃក្នុងសង្គមរាស្ត្រនិយម ជាកត្តាផ្ទៃក្នុងដ៏គ្រោះថ្នាក់ដែលមានតម្លៃជាមេរៀនសម្រាប់បច្ចុប្បន្នចំពោះការកសាងបក្ស និងអធិបតេយ្យភាពនៃប្រព័ន្ធនយោបាយដឹកនាំ។ សូមបញ្ជាក់ថា រាជាណាចក្រទី១ ពុំប្រកាន់យករបបនយោបាយសេរីពហុបក្សទេ បើទោះបីជាកាលណោះមានគណបក្សច្រើនក៏ដោយ តែគណបក្សទាំងនោះបានរំលាយខ្លួន មកចូលរួមជុំគ្នាក្នុងសង្គមរាស្ត្រនិយមដឹកនាំដោយសម្តេចឪ បានសេចក្តីថា សង្គមរាស្ត្រនិយម ដើរតួជាគណបក្ស ក្នុងសង្គមនយោបាយជាតិ តែមានក្រុមនិន្នាការនយោបាយចំរុះជា “ពហុប៉ូលផ្ទៃក្នុង”។

ទិដ្ឋភាពនេះ ក៏កម្ពុជាបច្ចុប្បន្ននៅមានដែរ បើទោះជាមានប្រព័ន្ធពហុបក្សហើយក្តី ក៏មានគណបក្សខ្លះ បន្តយកទម្រង់ពហុប៉ូលប្រមូលផ្តុំនិន្នាការខុសៗគ្នានៅក្នុងបក្សតែមួយ និងដោះស្រាយដោយការបែងចែកផលប្រយោជន៍ ដូចអតីតកាលសង្គមរាស្ត្រនិយមដែរ។ ហេតុនេះហើយជាកត្តាធ្វើឲ្យគណបក្សទាំងនោះមិនសូវមុតស្រួចក្នុងជីវភាពនយោបាយបក្សដែលបានធ្វើឱ្យគណបក្សខ្លះចុះខ្សោយ ហើយមួយចំនួនបែកបាក់ និងរលាយចេញពីឆាកនយោបាយ។

ដោយឡែកការដឹកនាំប្រទេសក្នុងបច្ចុប្បន្នភាពនៃរជ្ជកាលសម្តេចតេជោសែន គឺរាជាណាចក្រទី២ ក៏ប្រឈមនឹងការបំពានឯករាជ្យអធិបតេយ្យភាពជាតិ តាមរយៈការជ្រៀតជ្រែកកិច្ចការនយោបាយផ្ទៃក្ទុងពីសហរដ្ឋអាមេរិក និងប្លុកសម្ព័ន្ធមិត្ត ដោយយកពាក្យប្រជាធិបតេយ្យ, សេរីភាព និងសិទ្ធិមនុស្ស ប្រើជាឈ្នាន់ និងលើកស្ទួយក្រុមនិន្នាការបរទេសនិយម គ្រប់រូបភាព និងគ្រប់សណ្ឋាន។ ប៉ុន្តែគោលនយោបាយអព្យាក្រិត្យរបស់កម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោសែន បាន និងកំពុងប្រតិបត្តិលើផ្លូវត្រូវ ជាមួយនឹងបរិបទថ្មីនៃពិភពលោកបច្ចុប្បន្ន គឺពហុប៉ូល ដែលកម្ពុជារកបានចំណុចតុល្យភាពនៃទីប្រជុំទម្ងន់នយោបាយការបរទេស និងកិច្ចសហការណ៍អន្តរជាតិ។

ជាសាមញ្ញ អាចនិយាយបានថា គេស្រឡាញ់យើងប៉ុណ្ណា យើងស្រឡាញ់គេប៉ុណ្ណឹង ដោយគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្ទុងផងគ្នា។ រីឯ ប្រព័ន្ធពហុបក្សគឺច្បាប់តម្រូវឱ្យគណបក្សនីមួយៗ ត្រូវគោរពគោលការណ៍ឯករាជ្យអធិបតេយ្យភាពជាតិ៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


No comments:

Post a Comment