Monday, October 16, 2017

លោកទេសរដ្ឋមន្រ្តី អៀង មូលី ណែនាំឱ្យសមាជិកគណបក្សប្រជាជនកម្ពុជានាំគ្នាទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

កំពង់ស្ពឺ៖ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លោកទេសរដ្ឋមន្រ្តី អៀង មូលី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំការប្រជុំជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឃុំភារីមានជ័យ និងឃុំស្វាយរំពា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ។ កិច្ចប្រជុំនេះមានការចូលរួមពីលោក យឹម សុខុម ប្រធានក្រុមការងារចុះជួយស្រុកបរសេដ្ឋ លោកប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំភារីមានជ័យ និងឃុំស្វាយរំពា លោកអភិបាលស្រុកបរសេដ្ឋ និងអស់លោក លោកស្រី ជាប្រធាន អនុប្រធានសាខាបក្សឃុំ។

លោកទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ជូនអង្គប្រជុំថា តាមលទ្ធផលសម្លេងឆ្នោតឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ឈ្នះទាំងនៅស្រុកបរសេដ្ឋ ទាំងខេត្តកំពង់ស្ពឺ និងនៅទូទាំងប្រទេស។ លោកបន្តថា តាមភ័ស្ពុតាងជាក់ស្តែងចុងក្រោយនេះ បង្ហាញឱ្យឃើញថា គណបក្សសង្រ្គោះជាតិ មានបរទេសនៅពីក្រោយ រៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើបដិវត្តន៍ពណ៌។ ពួកគេគិតតែពីដណ្តើមអំណាច មិនគិតពីការអភិវឌ្ឍទេ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំបង្កលក្ខណៈឱ្យវិនិយោគិនមករកស៊ីកម្ពុជា ព្រោះការងារគឺជាឆ្នាំងបាយរបស់កូនចៅប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់គឺប្រជាជនមានការងារធ្វើ។ បើតាមតួលេខ កម្មកររោងចក្រនៅឃុំភារីមានជ័យ ទទួលបានប្រាក់ខែ ដែលជាចំណូលចូលឃុំក្នុងមួយខែយ៉ាងតិច២៤ម៉ឺនដុល្លារ។ បើនិយាយពីស្រុកបរសេដ្ឋវិញ ១ឆ្នាំប្រាក់ខែកម្មករហូរចូលស្រុកបរសេដ្ឋច្រើនជាង៣០លានដុល្លារ។

មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តីបាននាំយកនូវបណ្តាំ ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឱ្យយើងរួបរួមគ្នា៥យ៉ាងគឺ ៖
១-រួមគ្នារក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម
២-រួមគ្នារក្សាការងារ និងបង្កើនការងារ ទាក់ទាញវិនិយោគិនឱ្យមករកស៊ីនៅស្រុកខ្មែរ ទាក់ទាញទេសចរ
៣-រួមគ្នាផ្តោតលើការងារគាំពារសង្គម
៤-រួមគ្នាយកចិត្តទុកដាក់ពលករ និងការពារពលករ
៥-រួមគ្នាយកចិត្តទុកដាក់ និងពង្រីកទីផ្សារក្រៅប្រទេស៕





No comments:

Post a Comment