Monday, October 16, 2017

កិច្ចប្រជុំសភាពេញអង្គលើកទី៩ នីតិកាលទី៥ និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន

នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ កិច្ចប្រជុំសភាពេញអង្គលើកទី៩ នីតិកាលទី៥ ចាប់ផ្តើម ហើយជាមួយសមាជិកសភាចំនួន៦៧រូប មកពីគណបក្សប្រជាជនកម្ពុជា។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលជាសមាជិកនៃរដ្ឋសភាដែរនោះ ក៏មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

កិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃនេះ គឺបន្តពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន៖ ១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។ ២-ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និង មាត្រា១៣៦ នៃច្បាប់ស្តីពីការប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរ ឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣។

ព្រមទាំងសេចក្តីស្នើច្បាប់ នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំនួន៤ ដែលទើបនឹងឆ្លងផុតគណៈ កម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភានាព្រឹកនេះ។ ១- វិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ, ២-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា, ៣-វិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់, ៤-វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕






No comments:

Post a Comment