Saturday, May 13, 2017

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំង

នៅម៉ោងប្រមាណ ១២:៣០រសៀល (ម៉ោង១:៣០នាទីរសៀលម៉ោងនៅទីក្រុងប៉េកាំង) ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៧ នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានធ្វើដំណើរតាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលប្រមាណ៤ ម៉ោង និង ៤០នាទីរួចមក។
អញ្ជើញមកទទួល លោកនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំងត្រូវទទួល បានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី លោក Liu Zhenmin អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធាររដ្ឋប្រជាមានិតចិន លោក ស្យង់ ព័រ ឯកអគ្គរដ្ឋទូតវិសាមញនិងពេញសមត្ថភាព របស់សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងលោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់ថ្នាក់ដឹកនាំរដ្ឋាភិបាលចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប ៕




លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសចិន

នៅវេលាម៉ោង៨ព្រឹកថ្ងៃសៅរ៍នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ឆ្ពោះទៅកាន់ប្រទេសចិន ដើម្បីចូលរួម « វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០១៧។
ការអញ្ជើញទៅចូលរួមវេទិកាខាងលើរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន។ គណៈប្រតិភូជាន់ខ្ពស់ ដែលអមលោកនាយករដ្ឋមន្រ្ដី ទៅចូលរួមវេទិកានេះ រួមមាន ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង​​ ខុន រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម រួមទាំងសមាជិករាជរដ្ឋាភិបាលជាន់ខ្ពស់ដទៃទៀត ។
ការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចូលរួមជាមួយប្រមុខរដ្ឋាភិបាលដទៃទៀត ក្នុងកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំ ដែលមាន លោក ហ្ស៊ី ជិនពីង ជាប្រធាន ហើយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនោះ ដែលមានប្រធានបទ « ពង្រឹងចំណងទាក់ ទងរវាងប្រជាជន និងប្រជាជន »។ ទន្ទឹមនឹងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្ដី នឹងមានជំនួបជាមួយ លោក អ៊ែដេណឺបាត ចាហ្គាល់ទុលហ្គា នាយករដ្ឋមន្រ្តី ម៉ុងហ្គោលី និងទទួលជួបសម្តែងការគួរសមពីប្រធានក្រុមហ៊ុន ចិនមួយចំនួនផងដែរ។
អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ដ្រី នឹងមានជំនួបដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំចិន រួមមាន ជំនួបជាមួយ លោកប្រធានាធិបតីចិន ហ្ស៊ី ជិនពីង លោកនាយករដ្ឋមន្រ្តី លី ខឹឈាង លោក ចាង តេជាំង ប្រធានសភាតំណាងប្រជាជនចិន និង លោក យូ ផឹងស៊ីង ប្រធានសភាប្រឹក្សា នយោបាយចិនផងដែរ ៕