Thursday, June 28, 2018

(សូមទស្សនាវីដេអូ)៖ ដើម្បីជំរុញឱ្យកម្មករ​ទទួលបានប្រាក់​ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវ​ធ្វើ​ការងារពីរ ដែលនាំឱ្យបាត់​ចំណូលជាង៨០លានដុល្លារ

ដើម្បីជំរុញឱ្យកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរ ដែលនាំឱ្យបាត់ចំណូលជាង៨០លានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដើម្បីជំរុញឱ្យកម្មករ-កម្មការិនីទទួលបានប្រាក់ ឈ្នួល អប្បបរមា ១៧០ដុល្លារ (ក្នុងឆ្នាំ២០១៨) រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែអាចដំណើរការបាន ដែលនាំឱ្យរដ្ឋបាត់ចំណូលដល់ទៅ ជាង៨០លានដុល្លារ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប ២១,៤៦៥នាក់ មកពីរោងចក្រចំនួន១៤ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤រោងចក្រប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បបរមាត្រឹមតែ៤០ដុល្លារ ប៉ុន្តែបច្ចុប្បន្នកម្ពុជា មានរោងចក្រដល់ទៅ១,១៥៤រោងចក្រ ក្នុងនោះមានកម្មករបម្រើការចំនួន៧៧៦,៥០២នាក់ ជាមួយការទទួលបានប្រាក់ឈ្នួលអប្បរមា១៧០ដុល្លារ សម្រាប់ឆ្នាំ២០១៨ ដែលនេះជាការបង្ហាញពីវឌ្ឍនភាពលើវិស័យឧស្សាហកម្មរបស់កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ដើម្បីជំរុញឱ្យកម្មករទទួលបាន ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការពីរជាមួយរោងចក្រសហគ្រាស ដើម្បីធានាថា រោងចក្រសហគ្រាសនោះនៅតែ អាចដំណើរការបាន។ ការងារទាំងពីរនោះ គឺទី១៖ រាជរដ្ឋាភិបាលពន្យារពេលយកពន្ធកាត់ទុក រហូតដល់ឆ្នាំ២០២២ និងទី២៖ ឈប់យកកម្រៃពីការនាំចេញ។ ការងារសម្របសម្រួលទាំងពីរនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់ចំណូលជាង ៨០លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ហើយបើសិនជាពិនិត្យនៅឆ្នាំ២០១៧ កន្លងផុតទៅ ក្មួយៗទទួលបានបៀវត្សន៍តែ ១៥៣ដុល្លារទេ ហើយការចរចាត្រីភាគីរវាងតំណាងកម្មករ ម្ចាស់រោងចក្រ និងខាងរាជរដ្ឋាភិបាល (សម្រាប់ឆ្នាំ២០១៨) ម្ចាស់រោងចក្រមានលទ្ធភាពត្រឹមតែ ១៦៥ដុល្លារទេក្មួយ។ ហ្ចឹងដើម្បីឱ្យក្មួយៗមានលទ្ធភាពទទួលបាននូវប្រាក់បៀវត្សន៍ ១៧០ដុល្លារ តើរាជរដ្ឋាភិបាលត្រូវធ្វើអ្វីខ្លះ? ព្រោះបើយើងធ្វើមិនស្រួលទេ រោងចក្រនឹងត្រូវបិទទ្វារ អ្នករងគ្រោះមុនគេគឺកម្មករ-កម្មការិនីរបស់យើង ដែលកំពុងធ្វើការ ដែលកំពុងមានប្រាក់ចំណូល ហើយត្រូវបាត់បង់ប្រាក់ចំណូលមួយពព្រិចភ្នែក។
ដូច្នេះដើម្បីជំរុញឱ្យក្មួយៗទទួលបានប្រាក់ចំណូល ១៧០ដុល្លារ រាជរដ្ឋាភិបាលត្រូវធ្វើការងារពីរដើម្បី នឹងដោះស្រាយ បង្កើន៥ដុល្លារសម្រាប់ឱ្យក្មួយៗ នោះគឺទី១. ពន្យារពេលយកពន្ធកាត់ទុករហូតដល់ឆ្នាំ២០២២ ដែលនោះរដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូលជាង ៤០លានដុល្លារ ឯទី២. កម្រៃនាំចេញដែលរដ្ឋធ្លាប់ទទួលក្នុង មួយឆ្នាំជាង ៤០លានដុល្លារ រដ្ឋត្រូវបាត់បង់ សរុបទាំងអស់ជាង ៨០លានដុល្លារ ដើម្បីឱ្យក្មួយៗបានបន្ថែម ក្នុងម្នាក់ ៥ដុល្លារ»។
លោកនាយករដ្ឋមន្ត្រី បានបន្តថា ប្រទេសដែលអាចទាក់ទាញរោងចក្រពីកម្ពុជា រួមមាន៖ ប្រទេសបង់ក្លាដេស ស្រីលង្ការ ឥណ្ឌា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះមានកម្លាំង ពលកម្មច្រើន ហើយប្រាក់ឈ្នួលក៏នៅទាបជាងកម្ពុជាផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទសួរថា ហេតុអ្វីបានអ្នកវិនិយោគមកវិនិយោគនៅកម្ពុជា ជាប្រទេស មានប្រាក់ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិសនីថ្លៃជាងគេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏មិនជាល្អជាងគេដែរ? លោកបានបញ្ជាក់ថា កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ជាការផ្តល់ទំនុកចិត្តពេលវែងសម្រាប់អ្នកវិនិយោគ លើសពីនោះកម្ពុជាក៏អនុញ្ញាតឱ្យបរទេសអាចបោះទុនវិនិយោគ ១០០% ដោយមិនចាំបាច់ចាប់ដៃជា មួយអ្នក វិនិយោគក្នុងស្រុកឡើយ។លោកនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យកម្មករ និងអាជ្ញាធរ ត្រូវរួមគ្នាប្រឹងប្រែង រក្សារោងចក្រដែលមានវត្តមាននាពេលបច្ចុប្បន្ន ហើយប្រឹងប្រែងកៀរគរអ្នកវិនិយោគថ្មីបន្ថែមទៀត ដើម្បីផ្តល់ ការងារជូនប្រជាពលរដ្ឋ ៕





(សូមទស្សនាវីដេអូ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសទទួលស្គាល់អ្នកសង្កេត​ការណ៍ជាតិជាង៥ម៉ឺននាក់ និងអ្នកសង្កេតការណ៍​អន្តរជាតិមក​ពីប្រទេសមីយ៉ាន់ម៉ា ចិន និងសឹង្ហបុរី

អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំង២

ប៉ៃលិន៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅសាលាខេត្តចាន់បុរី ប្រតិភូខេត្តប៉ៃលិន ដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាព និងស្ថាប័នជំនាញជុំវិញខេត្ត បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តចាន់បុរី ដែលបានទទួលស្វាគមន៍ យ៉ាងកក់ក្រៅ ចំពោះគណៈប្រតិភូខេត្តប៉ៃលិន មកជួបសម្តែងការគួរសម និងពិភាក្សាការងារ ពីកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនរវាងប្រទេសទាំង២ ក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងពលករ នៅតាមបណ្តោយព្រំដែនរវាង កម្ពុជា-ថៃឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៍បានសំនូមពរដល់ភាគីថៃបន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី Border Pass មិនទាន់បានទូលំទូលាយ តាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការកសាងស្ពានឆ្លងព្រំដែន បញ្ហាពលករខ្មែរឆ្លងដែនខុសច្បាប់ ព្រមទាំងបទល្មើសឆ្លងដែននានា និងការនាំចេញកសិផល និងការធ្វើពាណិជកម្មឆ្លងដែនរវាងខេត្តចាន់បុរី-ប៉ៃលិន ជាពិសេសសហការបង្ករលក្ខណៈងាយស្រួលសម្រាប់ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បានធ្វើដំណើរចេញចូលឆ្លងដែន មកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។

ជាការឆ្លើយតបលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ បានសន្យាខិតខំសហប្រតិបត្តិការ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខេត្ត ចំណែកបញ្ហា១ចំនួនទៀត លោកបានសន្យាថានឹងនាំយកនូវរាល់សំណូមពរទាំងអស់នេះ ធ្វើការពិភាគ្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ព្រមទាំងរាជរដ្ឋាភិបាលថៃ ដើម្បីរកលទ្ធភាព និងដំណោះស្រាយ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ឱ្យបានកាន់តែល្អប្រសើឡើង។
ក្នុងឱកាសនោះលោក វីធូរ៉ាត់ ស្រ៊ីណាម ក៍បានមានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិន ដែលកន្លងមកបានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដើម្បីរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ ដោយស្មើភាព និងស្មោះត្រង់។
នៅរសៀលថ្ងៃដដែល ក្រោយពីបញ្ចប់កិច្ចពិភាក្សា ប្រតិភូខេត្តប៉ៃលិន ដែលដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក វីធូរ៉ាត់ ស្រ៊ីណាម អភិបាលខេត្តចាន់បុរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកពិព័រណ៍ត្បូង និងគ្រឿងអលង្ការ ដែលខេត្តចាន់បុរី ធ្វើឡើងជារៀងរាល់ឆ្នាំព្រោះខេត្តនេះ ជាខេត្តដែលមានឈ្មោះល្បីល្បាញខាងត្បូងធម្មជាតិដ៏មានតម្លៃ ដូចគ្នានឹងខេត្តប៉ៃលិនយើងដែរ៕


រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ កំណាត់ផ្លូវជាតិលេខ៣​ ,លេខ៤ ​និងមហាវិធី​សហព័ន្ធរុស្ស៊ី ​នៅព្រឹក​ថ្ងៃទី២៩ ​ខែមិថុនា​ ឆ្នាំ២០១៨​

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងដល់លោក លោកស្រី និងសាធារណៈជនដែលធ្វើចរាចរចេញចូលរាជធានីភ្នំពេញទាំងអស់ថា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ នឹងមានរៀបចំពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ខាងក្រោម៖

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អញ្ជើញប្រារព្ធពិធីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតបញ្ជាការកងយោធភូមិទី៥ នៅខេត្តបាត់ដំបង

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីបញ្ជាការយោធភូមិភាគទី៥ មានរៀបចំពិធី​អបអរ​សាទរ នៃការរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ ថ្ងៃបង្កើតយោធភូមិភាគទី៥ ស្ថិតនៅក្នុងបរិវេណ​ទីបញ្ជា​ការដ្ឋានក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីអបអរសាទររំលឹកខួប៣០ឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមានការចូលរួមពីសំណាក់​នាយទាហាន ពលទាហាន ចំនួន២០៨៨នាក់។
ជាមួយគ្នានេះ លោក ប៊ុន សេង ជាមេបញ្ជាការកងយោធភូមិភាគទី៥ បានឱ្យដឹងថា យោធភូមិភាគទី៥ មានចំនួន៤ខេត្តរួមមាន៖​ ខេត្តបាត់ដំបង, ខេត្តប៉ៃលិន​, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ។
ការប្រារព្ធពិធីរំលឹកខួប៣០ឆ្នាំនេះ មានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាលស្ថាប័ន កងឯកភាពចំណុះជាច្រើនរួមមាន៖ កងព្រំដែន, តំបន់ប្រតិបតិ្តការសឹករងខេត្ត និងកងពលតូចទាំង៣, កងនគរបាលជាតិ, កងរាជអាវុធហត្ថ ជាដើម។

សូមជម្រាបថា យោធភូមិភាគទី៥ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៨៨ ដើម្បីបុព្វហេតុការពារ​មាតុភូមិប្រឆាំង និងការឈ្លានពានពីសំណាក់បរទេស និងទប់ស្កាត់សង្គ្រាមនៅផ្ទៃក្នុងប្រទេស ៕










អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាមនុស្សពូកែកុហក និងញុះញង់ធ្វើឱ្យសង្គមបែកបាក់


នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុករបស់ចៅ ចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា « សម រង្ស៊ី ជាមនុស្សពូកែកុហក និងញុះញង់ធ្វើឱ្យសង្គមបែកបាក់» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សម រង្ស៊ី និងក្រុមចលនាឧទ្ទាមសង្គ្រោះជាតិ ពិតជាអស់ផ្លូវដើរមែនទែនហើយ ក្រោយពីផែនការបំផ្លាញកម្ពុជា និងផែនការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតរបស់ពួកគេ ត្រូវបានបរាជ័យជាបន្តបន្ទាប់ព្រោះប្រជាជនកម្ពុជានិងពិភពលោកបានមើលឃើញពីទង្វើក្បត់ជាតិរបស់ក្រុមនេះនិងលែងផ្តល់ការគាំទ្រ។ នៅពេលនេះ ពួកគេបានប្រើប្រាស់យុទ្ធសាស្ត្រចុងក្រោយគឺភូតកុហក និងញុះញង់ធ្វើឱ្យសង្គមជាតិបែកបាក់ដើម្បីផ្តល់ភាពងាយស្រួល បង្កចលាចលសង្គម និងទាញការជ្រៀតជ្រែកបរទេស ជាចៅហ្វាយរបស់ពួកគេចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដោយបានឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយចៅហ្វាយបរទេសរបស់ខ្លួនវិទ្យុអាស៊ីសេរី ដោយញុះញង់ថា «យើងគួរតែរឹបអូសទ្រព្យសម្បត្តិនៃចោរលួចជាតិ ដើម្បីយកមកសងប្រជារាស្ត្រខ្មែរវិញជាពិសេសយកមកសងបំណុល ជំនួសប្រជារាស្ត្រក្រីក្រដែលជំពាក់ធនាគារវណ្ឌកនៅប្រទេសកម្ពុជា»។
នេះគឺជាការបង្ហាញយ៉ាងច្បាស់ថាទណ្ឌិត សម រង្ស៊ី ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់គុកជាច្រើនឆ្នាំក្នុងសំណុំរឿងជាច្រើនករណី បាននិងកំពុងប្រើប្រាស់នយោបាយប្រជាភិថុតិ លួងលោម បោកប្រាស់ និងភូតកុហកប្រជាជនតាមរយៈការសន្យាខ្យល់នៅរៀងរាល់រដូវបោះឆ្នោត។ សម រង្ស៊ី និងគូកន ក៏បាននិងកំពុងអនុវត្តនយោបាយប្រជោបាយនិយម មានន័យថា ញុះញង់ប្រជាពលរដ្ឋឱ្យមានការស្អប់ និងមានកំហឹងនឹងរដ្ឋអំណាច មិនស្តាប់រដ្ឋអំណាច និងប្រឆាំងនឹងរដ្ឋអំណាច ហើយធ្វើនយោបាយលើកំហឹងនេះ។
ទាំងនេះគឺជាសញ្ញាប្រកាសអាសន្នមួយដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាព និងសេចក្តីសុខរបស់ប្រជាពកលរដ្ឋបច្ចុប្បន្ន ព្រមទាំងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ ព្រោះនយោបាយប្រជោបាយនិយមនេះនឹងនាំឱ្យមានការបែកបាក់ជាតិ និងបង្កភាពវឹកវរចលាចលសង្គម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។
អ្នកនយោបាយចាញ់ចាស់វស្សារូបនេះហ៊ានធ្វើអ្វីៗទាំងអស់ ដោយមិនគិតពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនក្នុងបំណងគ្រាន់តែបំពេញមហិច្ឆតារបស់ខ្លួន ដែលចង់បានអំណាចមកគ្រប់គ្រងក្នុងដៃហ៊ានលេបសម្តីខ្លួន ក្បត់ពាក្យសន្យាចំពោះប្រជាពលរដ្ឋដែលបានថ្លែងនៅក្នុងរដ្ឋសភានៅអំឡុងឆ្នាំ២០១៤ ពេលចាប់ផ្តើមវប្បធម៌សន្ទនាថា ខ្លួននឹងលុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួន សងសឹកគ្នា បានសេចក្ដីថា ត្រូវបញ្ចប់នយោបាយ «ទឹកឡើង ត្រីស៊ីស្រមោចទឹក ហោចស្រមោចស៊ីត្រី» និងលុបបំបាត់ចោល នូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយមជាដើម។ ការឃោសបែបបញ្ឆេះកំហឹង និងញុះញង់ឱ្យមានការបែកបាក់ជាតិខ្មែរ ប្រកាន់និន្នាការនយោបាយនេះត្រូវបាន សម រង្ស៊ី និងកឹម សុខា ប្រើប្រាស់យ៉ាង សកម្មក្នុងការឃោសនាបោះឆ្នោតនៅខែកក្កដា ឆ្នាំ ២០១៣ ហើយ ៥ ឆ្នាំក្រោយមក ក្រុមជនក្បត់ជាតិទាំងនេះនៅតែយកអ្វីដែលខ្លួនសន្យា បំបាត់ចោលមកឃោសនាបោកប្រាស់ និងបំផ្លាញការបោះឆ្នោត។
នេះពិតជា មិនមែនលើកទី១ ឡើយដែល សម រង្ស៊ី បានភូតកុហក បោកប្រាស់រាស្ត្រខ្មែរ និងនិយាយញុះញង់ឱ្យមានការបែកបាក់ជាតិខ្មែរ ពោលគឺចាប់តាំងពី សម រង្ស៊ី ឈានជើងជាន់ដីខ្មែរ នៅដើមឆ្នាំ ១៩៩០ កូនជនក្បត់ជាតិ សម សារី រូបនេះត្រូវបានអង្គការសហប្រជាជាតិដែលមករៀបចំការបោះឆ្នោត ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានព្រមានរួចមកហើយ ពេលដែល សម រង្ស៊ី ឃោសនាបែបញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍។
នៅក្នុងជីវិតនយោបាយរបស់ខ្លួននៅកម្ពុជាតាំងពីចាប់ផ្តើមរហូតមកទល់នឹងពេលដែលគ្មានទីតាំងឈរជើងនយោបាយ សម រង្ស៊ី គ្មានចេះអ្វីក្រៅពីការយកការញុះញង់ និងបញ្ឆេះកំហឹង ជាតិសាសន៍ និងការបំបែកបំបាក់ជាតិ មកធ្វើជាការឃោសនានយោបាយឡើយ។ សម រង្ស៊ី បានខិតខំបំបែកបំបាក់កម្ពុជាជាថ្មីម្តងទៀត ដូចជាអ្វីដែលឪពុកខ្លួនបានធ្វើពីអតីតកាល និងបន្តមកដល់ សម រង្ស៊ី ខ្លួនឯងនៅក្នុង ពេលនេះ។ ទោះខំប្រឹងយ៉ាងណា ទំនងវាសនារបស់ សម រង្ស៊ី ដែលពូកែភូតភរបោកប្រាស់ និងញុះញង់នេះ ក៏នឹងមិនខុសពីឪពុកខ្លួនឡើយ អាចនឹងត្រូវស្លាប់ចោលឆ្អឹងនៅលើក្រៅប្រទេស ដោយសារតែមូលហេតុតែមួយដូចគ្នាគឺក្បត់កម្ពុជា។
កម្ពុជាដែលមិនអាចឱ្យក្រុមជនក្បត់ជាតិ ឧទ្ទាមក្រៅច្បាប់បំផ្លិចបំផ្លាញស្រេចតែ នឹងចិត្តនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយត្រូវការពារឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍដែលរកបាន ដោយលំបាកបំផុតនេះ៕
ដោយ៖ ចៅ ចាក់ស្មុក

ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង