Friday, August 04, 2017

លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្របក្ស ប្រឆាំងគាំទ្ររាជរដ្ឋាភិបាល អំពាវនាវថ្នាក់ដឹកនាំកាសែត Cambodia Dialy បង់ពន្ធអាករដែលជំពាក់ជូនរដ្ឋ


ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។


សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃសុក្រ ទី ០៤ ខែ សីហា ឆ្នាំ ២០១៧


នៅថ្ងៃសុក្រទី០៤ ខែសីហា ឆ្នាំ ២០១៧ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈមន្រ្តី ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័តនូវរបៀបវារៈដូចខាងក្រោម៖



រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះត្រួតពិនិត្យ ការសាងសង់សំណង់បង្ហៀរនៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹកអន្លង់អំពិល

លោក ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង បន្តដំណើរចុះទៅកាន់ខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ការងារសាងសង់សំណង់បង្ហៀរនៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹកអន្លង់អំពិល ស្ថិតក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

គួររម្លឹកផងដែរថា សំណង់បង្ហៀរនៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹកអន្លង់អំពិល ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ៕




ក្រសួងកសិកម្ម និងក្រុមហ៊ុនសោម៉ាគ្រុប សហការគ្នា ជំរុញទិន្នផលកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តី វេង សាខុន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើប» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនសោម៉ាគ្រុបខូអិលធីឌី តំណាងដោយ លោក សុខ ពុទ្ធិវុធ រួមជាមួយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រុមហ៊ុនសាន់រ៉ាយមកពីអូស្រ្តាលី លោកអគ្គនាយក អគ្គនាយករង លោក លោកស្រី ជាមន្រ្តីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា អនុស្សរណៈនេះមានគោលបំណងអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើបស្របតាម អនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងសារាចរណែនាំលេខ១៩៦ ស្តីពីគោលការណ៍ណែនាំក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ជារួមគម្រោងនេះសង្កត់ធ្ងន់ទៅលើដំណាំស្រូវ ដំណាំវិលជុំ ការប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្ថានភាពដី ការស្វែងរកទីផ្សារ ការកៀងគរជំនួយថវិកាដើម្បីជួយដល់ប្រជាកសិករ។ល។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងការនេះ ព្រោះជាឱកាសដ៏ល្អដែលក្រុមហ៊ុនបោះទុនវិនិយោគចំពេលដែលវិស័យកសិកម្មបាននិងកំពុងត្រូវការបច្ចេកវិទ្យាដើម្បីពង្រីកសក្តានុពលលើគ្រប់អនុវិស័យឈានទៅសម្រេចឱ្យខាងតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយប្រទេសមួយនេះទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត សមិទ្ធផលនេះគឺជាជោគជ័យមួយរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះនាពេលអនាគតក្រុមហ៊ុនអាចផលិតផលិតផលកសិកម្មដែលមានគុណភាព សុវត្ថិភាពនិងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក វេង សាខុន ក៏បានបញ្ជាក់ផងដែរថាការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជី និងថ្នាំកសិកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ទាមទារនូវធនធានមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតធ្វើយ៉ាងណាឱ្យបានសមស្របទៅតាមស្ថានភាពដី គុណភាពដីស្រែលទ្ធភាព និងសមត្ថភាពរបស់ប្រជាកសិករ ក្នុងរបត់ថ្មីនៃការផ្លាស់ប្តូរការធ្វើកសិកម្មតាមទម្លាប់បូរាណ មកជាការធ្វើកសិកម្មទំនើបវិញ។ តាមរយៈនៃការធ្វើទំនើបកម្មនេះ ប្រាកដជាទទួលបានទិន្នផលខ្ពស់ ឈានទៅធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងធ្វើការនាំចេញ ស្របតាមទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក៕










ខេត្តកែប រៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់

ខេត្តកែប៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ កម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងជាប្រធានគណៈកម្មាធិការគ្រប់​គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង ប្រធានមន្ទីរផែនការខេត្ត ទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត។
ដែលគោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សាសង្កាត់ គណៈកម្មាធិការកសាងផែនការ និងថវិកា និងក្រុមអ្នកពាក់ព័ន្ធឱ្យមានការយល់ដឹងអំពី ដំ​ណើរការកសាងផែនការអភិវឌ្ឍន៍រយៈពេល ប្រាំឆ្នាំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឱ្យកាន់តែច្បាស់បន្ថែមទៀត។
វគ្គនេះផងដែរក៏មានការអញ្ជើញពីសំណាក់ អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង ក្រុមប្រឹក្សាសង្កាត់ទាំងបី ស្មៀន មេភូមិ អនុភូមិ ការិយាល័យផែនការ និងគាំទ្រសង្កាត់របស់សាលាក្រុង ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត មន្ទីរផែនការខេត្ត ទីប្រឹក្សាគ្រប់​គ្រងកម្មវិធីជាតិថ្នាក់ក្រុង បុគ្គលិកគាំទ្របច្ចេកទេសក្រុង និងមន្ត្រីរាជការនានាដែលពាក់ព័ន្ធ៕




កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ!

គិតត្រឹមយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ អតីតឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កំពុងត្រូវបានសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួននៅវេលាថ្ងៃត្រង់ទី០៣ ខែសីហា នេះបើតាមមន្ត្រីជាន់ខ្ពស់នគរបាលរាជធានីភ្នំពេញថ្លែងប្រាប់ឱ្យដឹង។ នេះបើយោងតាមទំព័រហ្វេសប៊ុកចៅចាក់ស្មុក ដែលបានបង្ហោះផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

នាយឧត្តមសេនីយ៍ នេត​ សារឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ឱ្យដឹងថា កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការរបស់តុលា​ការ ដើម្បីនាំខ្លួនលោក ញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូ​ម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿងញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញឹក ប៊ុនឆៃ ។ ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសម្រាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ ចតនៅទីនោះដែរ។ តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៍ឃើញលោក ញឹក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសម្រាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសម្រាប់ធ្វើជីដាំស្មៅឱ្យគោស៊ី៕

ដោយ៖ ចៅចាក់ស្មុក


ការដោះស្រាយពាក្យបណ្ដឹងរបស់​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ គឺជាកិច្ចការ​ចាំបាច់​បំផុត​សម្រាប់អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​

នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណនេយ្យភាពខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារគណនេយ្យភាពខេត្តលើកទី៣ ដើម្បីត្រួតពិនិត្យ និងដោះស្រាយពាក្យបណ្ដឹងជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការបំពេញតួនាទី ភារកិច្ច និងការអនុវត្តថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ការដោះស្រាយពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គឺជាកិច្ចការចាំបាច់បំផុតសម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ព្រមទាំងស្របតាមកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

លោកបានបន្តថា ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល កាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំពុះពារដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ សម្រាប់កិច្ចប្រជុំនាពេលនេះ គឺទទួលបានពាក្យបណ្ដឹងពេញលេញចំនួន៨ ដែលត្រូវបង្កើតក្រុមចុះស៊ើបអង្កេតរកការពិត និងពាក្យបណ្ដឹងមិនពេញលេញចំនួន៥ ដែលត្រូវចាត់ឲ្យមន្ទីរអង្គភាពពាក់ព័ន្ធធ្វើការបំភ្លឺ និងផ្ដល់ព័ត៌មានត្រឡប់។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា ក្រុមការងារគណនេយ្យភាពខេត្តកំពង់ឆ្នាំង មានសមាសភាពចម្រុះពីគ្រប់អ្នកពាក់ព័ន្ធ មានដូចជា គណៈអភិបាលខេត្ត មន្ទីរ អង្គភាពសំខាន់ៗ ទីចាត់ការចំណុះសាលាខេត្ត តំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងគណបក្សនយោបាយ ដែលមានអសនៈក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងក្រុមហ៊ុនឯកជន៕



ជើងខ្លាំងគុនខ្មែរ សែន រ៉ាដេត ដណ្តើមបានមេដាយមាសកីឡាវូវីណាមពិភពលោក

នៅថ្ងែទី០៤ ខែសីហា ឆ្នាំ២០១៧ កីឡាករ សែន រ៉ាដេត ដណ្តើមបានមេដាយមាសកីឡាវូវីណាមពិភពលោក នៅទីក្រុងញូដេលី ប្រទេសឥណ្ឌា។  សម្រាប់ថ្ងៃដំបូងនៃការប្រកួត កម្ពុជា ដណ្តើមបានមេដាយ១១ ក្នុងនោះមាស២ ប្រាក់៥ និងសំរឹទ្ធ ៤៕



ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី០៤ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានចេញ​ព្រឹត្ត​​បត្រព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​ជំនន់ នៅតាមបណ្តាស្ថានីយជល​សាស្ត្រទាំង៨ រួម​មាន​ស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង

២-ទន្លេមេគង្គ-ក្រចេះ

៣-ទន្លេមេគង្គ-កំពង់ចាម

៤-ទន្លេបាសាក់-ចតុមុខ

៥-ទន្លេមេគង្គ-អ្នកលឿង

៦-ទន្លេបាសាក់-កោះខែល

៧-ទន្លេសាប-ព្រែកក្តាម

៨-ទន្លេសាប-កំពង់លួង



សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថាន​ភាព​កំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


អភិបាលខេត្តក្រចេះ ផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូថ្មីដែលបានបញ្ចប់ការសិក្សាឱ្យយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យបានល្អ

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធិបិទវគ្គបណ្តុះបណ្តាលគ្រូបឋមសិក្សា១២+២ ជំនាន់ទី ៣៤ នៅសាលមហោស្រពខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ គរុសិស្សសរុបប្រមាណ២០០នាក់។

នៅក្នុងពិធីនេះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលខិតខំបង្ហាត់បង្រៀនផ្ទេរចំណេះដឹងដល់គរុសិស្សទាំងអស់ និងបានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូថ្មីដែលបានបញ្ចប់ការសិក្សាឱ្យយកចិត្តទុកដាក់បំពេញភារកិច្ចឱ្យល្អនៅតាមមូលដ្ឋានរបស់ខ្លួនដែលនឹងត្រូវទៅបង្រៀន។

នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន៣លានរៀលក្នុងពិធីបិទវគ្គនោះផងដែរ៕






ក្រសួងសង្គមកិច្ច ច្រានចោលនិងថ្កោលទោសចំពោះសម្តីមួលបង្កាច់របស់លោក ភីល រ៉ូប៊ឺតសុននៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន VOD

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោល និងថ្កោលទោសចំពោះការផ្តល់បទសម្ភាសន៍របស់លោក ភីល រ៉ូប៊ឺតសុន ដែលបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន VOD កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដែលបានចោទប្រកាន់មកលើថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច។

ការបញ្ចេញទស្សនៈបែបនេះ គឺជាការញុះញង់មានលក្ខណៈជាប្រព័ន្ធ បង្កអសន្តិសុខ អស្ថិរភាពសង្គម និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋអធិបតេយ្យរបស់ប្រទេសកម្ពុជាផ្ទុយពីការពិតដែលមិនអាចទទួលយកបាន។


កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកយាយក្រីក្រជួបការលំបាកចិញ្ចឹមចៅ

ក្រោយពីបានព័ត៌មានករណីលោកយាយ ភូ សាវាន អាយុ៦៣ ឆ្នាំ រស់នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយបានការចាត់តាំងពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក សរ វណ្ណា ប្រធានសាខាខេត្ត ព្រមទាំងមន្រ្តីសាខា និងអនុសាខាស្រុកស្វាយទាប បានចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនលោកយាយក្រីក្រជួបការលំបាកចិញ្ចឹមចៅ ១ នាក់ក្នុងជីវភាពប្រចាំថ្ងៃ។

អំណោយដែលបានចែកនាពេលនោះរួមមាន៖ អង្ករ ៣០គីឡូក្រាម កៅស៊ូតង់ ១ កន្ទេលជ័របត់១ ឆ្នាំងបាយសម្ល២ ធុងទឹកជ័រ១ ភួយ១មុង១សារុង១ ក្រមា១ មី ១កេសទឹកស៊ីអ៊ីវ៦ដប និងថវិកា ១០០,០០០៛ ។ នៅពេលចែកនោះ ក៏មានសំណូមពរពីប្រជាពលរដ្ឋទីនោះ សុំសង័្គសីប្រក់ផ្ទះឈ្មោះ សេក ឡុន ស្ត្រីមេម៉ាយរស់នៅម្នាក់ឯងមានការធ្លុះធ្លាយដំបូល បានឧបត្ថម្ភ ថវិកា ១៥០,០០០៛ ផងដែរ៕



ACU នឹងរៀបចំពិធីជួបជុំសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តសង្កេតការណ៍ទាំងអស់នៅថ្ងៃទី១៤ ខែសីហា

អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងដល់សង្គមស៊ីវិល បុគ្គលឯកជន ដែលបានចុះឈ្មោះធ្វើជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្តការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២១ សីហា ២០១៧ ថា អង្គភាពនឹងរៀបចំពិធីជួបជុំសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្តសង្កេតការណ៍ទាំងអស់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៣ និង៣០នាទីរសៀល នៅសាលសហសិក្សាសម្តេចតេជោ ហ៊ុន សែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។


លោក ឈួរ ច័ន្ទឌឿន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង សម្រាប់អាណត្តិទី២បន្តទៀត

យោងតាមព្រះរាជក្រឹត្យ ន.ស/រ.ក.ត/០៨១៧/៥៩៦ ចេញថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានត្រាស់បង្គាប់ តែងតាំងលោក ឈួរ ច័ន្ទឌឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

គួរបញ្ជាក់ថា លោក ឈួរ ច័ន្ទឌឿន បច្ចុប្បន្នជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលកំពុងបំពេញភារៈកិច្ចក្នុងអាណត្តិទី១របស់ខ្លួន ផ្នែកតាមអនុក្រឹត្យនេះ លោក ឈួរ ច័ន្ទឌឿន នឹងបន្តបំពេញតួនាទីជាអភិបាលខេត្តកំពង់ឆ្នាំងបន្តទៀត នៅពេលចប់អាណត្តិទី១រយៈពេល៤ឆ្នាំ៕



អភិបាលរងខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំត្រៀមបង្ការ និងស្ដារឡើងវិញផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង

(ព្រះវិហារ) ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី ចឹក ហេង អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមបង្ការ និងស្ដារឡើងវិញផលប៉ះពាល់ ដោយគ្រោះមហន្តរាយទឹកជំនន់ទឹកភ្លៀង ដែលបាន និងកំពុងកើតឡើងនាពេលកន្លងមកនៅខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំងបី និងលោក-លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ រួមទាំង លោក-លោកស្រីតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបបានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺចង់បានផែនការរួមមួយជាផ្លូវការដើម្បីត្រៀមជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ អង្គប្រជុំ ក៏បានសំណូមពរឱ្យអង្គការទាំងអស់ដែលមានផែនការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាផ្ដល់ព័ត៌មានដល់អាជ្ញាធរផងដែរ។

លោកស្រី ចឹក ហេង អភិបាលរងខេត្ត ក៏បានណែនាំឱ្យលោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានម៉ត់ចត់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ពោលគឺនៅពេលពួកគាត់ត្រូវការថ្នាក់ដឹកនាំរបស់ខ្លួនស្វែងរកដំណោះស្រាយបន្ទាន់៕



កាកបាទក្រហម ទទួលជួបសំណោះសំណាល និងទទួលអំណោយជាសម្ភារៈសង្គ្រោះបឋម ជាទឹកប្រាក់ចំនួន ៤, ០៥០ ដុល្លារអាមេរិកពីលោក

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួល ជួបសំណោះសំណាល និងទទួលអំណោយជាសម្ភារៈសង្គ្រោះបឋម ពីលោក Dr. Rey Shuey តំណាងអង្គការ ខេមសេហ្វ (Camsafe) គិតជាទឹកប្រាក់ចំនួន ៤, ០៥០ ដុល្លារអាមេរិក នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណ ដែលអង្គការបានផ្តល់សម្ភារៈសង្គ្រោះបឋម ហើយកាកបាទក្រហមកម្ពុជានឹងយកសម្ភារៈទាំងនេះ សម្រាប់ជាជំនួយក្នុងការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមដល់មន្ត្រី យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា តាមសហគមន៍ដើម្បីបង្កើនចំណេះដឹងរបស់គាត់ អាចជួយសង្គ្រោះជីវិតជនរងគ្រោះមុនពេលបញ្ជូនមន្ទីពេទ្យ។

ជាកិច្ចឆ្លើយតប លោក Dr. Rey Shuey បានថ្លែងអំណរអំណរគុណដល់លោកស្រីអគ្គលេខាធិការ ដែលបានអនុញ្ញាត អង្គការខេមសេហ្វ បានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា អាចជួយសង្គ្រោះជីវិតប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន៕






(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ថា បដិវត្តន៍ពណ៌មិនមែនចាំតែផ្ទុះទើបហៅថាបដិវត្តន៍ពណ៌នោះទេ

ការអភិវឌ្ឍតាមការផ្តល់សេវា អោយនៅជិតប្រជាពលរដ្ឋគឺល្អបំផុត

កំពង់ឆ្នាំង៖ លោក អម សុភា នាយករដ្ឋបាល ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដើម្បីអោយការអភិវឌ្ឍខេត្តកំពង់ឆ្នាំង សម្រេចបាន នូវចក្ខុវិស័យគោលដៅការអភិវឌ្ឍ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល តម្រូវអោយថ្នាក់ក្រោមជាតិត្រូវអភិវឌ្ឍន៍ ឱ្យចំទិសដៅ និងតម្រូវការដែលជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។

លោក អម សុភា បានមានប្រសាសន៍បែបនេះ នាព្រឹកថៃ្ងទី០៣ ខែសីហា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំ របស់លេខាធិការដ្ឋាន គណៈកម្មការជម្រុញចលនាភូមិមួយផលិតផលមួយ របស់ ខេត្តកំពង់ឆ្នាំង នៅមន្ទីរផែនការ ខេត្តកំពង់ឆ្នាំង ដោយមានការ ចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក សរុប ចំនួន៤៥នាក់។

លោកបានមានប្រសាសន៍បន្តថា ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមការផ្តល់សេវាអោយនៅកៀក ប្រជាពលរដ្ឋការពារធនធានធម្មជាតិ, បរិស្ថានការបង្កើនសុខមាលភាពជូនប្រជាពលរដ្ឋ និងការឆ្លើយតប បានទាន់ពេលវេលានូវសំណូមពររបស់ ប្រជាពលរដ្ឋបានទាន់ ពេលវេលា។

លោកក៏បានផ្តាំផ្ញើដល់សមាជិកសមាជិកា អង្គប្រជុំទាំងអស់ ត្រូវធ្វើការចែករំលែកនូវបទពិសោធន៍ ពីគ្នាទៅវិញទៅមកក្នុងការអនុវត្តការងារនេះ អោយបានគ្រប់ជ្រុងជ្រោយសំរាប់អភិវឌ្ឍន៍ ខេត្តកំពង់ឆ្នាំង សម្រេចបានជោគជ័យស្របតាម ទិសដៅគោលនយោជាតិ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន៕






កងយោធពលខេមរភូមិន្ទជាកម្លាំងមួយ ដែលការពារដ៏រឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់របស់ជាតិមិនឲ្យមានបដិវត្តពណ៌កើតឡើង

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០១៧ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ប្រចាំឆមាសទី២ ឆ្នាំ២០១៧ នៅសាលប្រជុំក្រសួងការពារជាតិ ។

នាយឧត្តមសេនីយ៍ នាង ផាត បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទជាកម្លាំងការពារដ៏រឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់របស់ជាតិ មិនឲ្យមានបដិវត្តពណ៌ណាមួយកើតបានឡើយ។ នាយឧត្តមសេនីយ៍ នាង ផាត បន្ថែមថា សភាពការណ៌ទូទៅ ទាំងសភាពការណ៍ជាតិ និងអន្តរជាតិពង្រឹងស្ថិរភាពនយោបាយ សន្តិភាពបានល្អប្រសើរ។ កងទ័ពទាំងអស់ ទាំងដែនកោះ ដែនគោក និងសមុទ្រត្រូវបានចូលរួមអភិឌ្ឍន៍ប្រទេសជាតិការពារបូរណ ភាពទឹកដី ក្នុងនោះ ខ.ភ.ម បានចូលរួមអភិវឌ្ឍន៍សង្គមបានយ៉ាង ច្រើនពិសេសកងវិស្វកម្ម បានចូលរួមអភិវឌ្ឍន៍ផ្លូវថ្នល់ តាបណ្តោយព្រំដែនបានយ៉ាងច្រើន ចួលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ ទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយ ចង់ផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី ការពារស្ថិរភាព សន្តិសុខជាតិ ចូលរួមអភិវឌ្ឍប្រទេសជាតិ ។កងយោធពលខេមរភូមិន្ទត្រូវប្តេជ្ញាចូលរួមអនុវត្តឲ្យបានជោគជ័យគោរពតាមបទបញ្ជា សេចក្តីណែនាំរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ ត្រូវហ៊ានពលិកម្មគ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈក្នុងការអនុវត្តភារកិច្ចបម្រើជាតិមាតុ ភូមិឲ្យមានសន្តិសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ លោក នាង ផាត បានមានប្រសាសន៍ថា សន្តិភាពមិនងាយរកទេ ដូច្នេះយើងត្រូវការពារឲ្យបានជាដាច់ខាត ៕








កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចុះសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នងជូនដល់គ្រួសារក្រីក្រគ្មានទីពឹង

នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដឹកនាំដោយ លោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ផ្ទះ ចំនួន ២ខ្នង ទំហំ ៤មx៥ម ធ្វើអំពីឈើជញ្ជាំង និងដំបូលប្រក់ស័ង្កសី និងបង្គន់អនាម័យ ចំនួន ២បង្គន់ ជាអំណោយរបស់សាខាខេត្ត ជូនដល់គ្រួសារក្រីក្រគ្មានទីពឹង ចំនួន ២គ្រួសារ នៅស្រុកមេសាង។

គ្រួសារក្រីក្រចំនួន០២គ្រួសារនោះរួមមាន៖ ១- ឈ្មោះ វ៉ិត រ៉េត ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិគ្រើល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៤៥ និងបង្គន់ មានលេខកូដ ៣៩។ ២- ឈ្មោះ ជូ យ៉ាន ភេទស្រី អាយុ ៨៦ឆ្នាំ រស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ទទួលបានផ្ទះ ១ខ្នង មានលេខកូដ ៤៦ និងបង្គន់ មានលេខកូដ ៤០។

ក្រៅពីការផ្តល់ផ្ទះ និងបង្គន់អនាម័យ សាខាកាកបាទក្រហម បានផ្តល់ជូននូវអំណោយបន្ថែមទៀតដោយក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម កន្ទេល ០១ ឃីត ០១កញ្ចប់ មី ០១កេស ត្រីខ ០១យួរ អាហារបំប៉ន ០២កញ្ចប់ និងថវិកា ចំនួន ១០០,០០០រៀល៕






មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ


នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តកំពង់ស្ពឺ ។
សូមជម្រាបថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យតំបន់ជាច្រើនក្នុងខេត្តកំពង់ស្ពឺ មានទឹកបរិបូណ៍ ពិសេសទឹកសម្រាប់បង្កបង្កើនផល ។ ដោយឡែក ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាវិញ មកទល់ពេលនេះ សម្រេចបានប្រមាណ ៦៥% នៃផែនការដែលបានដាក់ចុះ។
នៅក្នុងឱកាសចុះពិនិត្យនោះ លោក លឹម វីរក្ស បានរំលឹកអំពីបទបញ្ហារបស់លោករដ្ឋមន្ត្រី ដែលបានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ថែរក្សាទឹកទុកឱ្យបានល្អ និងចាត់វិធានការបង្វែរពីកន្លែងដែលមានច្រើន ទៅកាន់កន្លែងដែលខ្វះខាត ដើម្បីឱ្យការស្តុកទឹកទុកជារួមរបស់យើងបានកាន់តែច្រើន ។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ទីរ ឱ្យបន្តយកចិត្តទុកដាក់ចុះតាមដានជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ពិសេសការផ្គត់ផ្គង់ទឹក ធ្វើយ៉ាងណា ឱ្យការដាំដុះទទួលបានទិន្នផលល្អប្រសើរ ៕