Friday, August 04, 2017

មន្ត្រីបច្ចេកទេសមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ


នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវនៅខេត្តកំពង់ស្ពឺ ។
សូមជម្រាបថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យតំបន់ជាច្រើនក្នុងខេត្តកំពង់ស្ពឺ មានទឹកបរិបូណ៍ ពិសេសទឹកសម្រាប់បង្កបង្កើនផល ។ ដោយឡែក ចំពោះការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សាវិញ មកទល់ពេលនេះ សម្រេចបានប្រមាណ ៦៥% នៃផែនការដែលបានដាក់ចុះ។
នៅក្នុងឱកាសចុះពិនិត្យនោះ លោក លឹម វីរក្ស បានរំលឹកអំពីបទបញ្ហារបស់លោករដ្ឋមន្ត្រី ដែលបានណែនាំឱ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ថែរក្សាទឹកទុកឱ្យបានល្អ និងចាត់វិធានការបង្វែរពីកន្លែងដែលមានច្រើន ទៅកាន់កន្លែងដែលខ្វះខាត ដើម្បីឱ្យការស្តុកទឹកទុកជារួមរបស់យើងបានកាន់តែច្រើន ។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ទីរ ឱ្យបន្តយកចិត្តទុកដាក់ចុះតាមដានជាប្រចាំនូវការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ពិសេសការផ្គត់ផ្គង់ទឹក ធ្វើយ៉ាងណា ឱ្យការដាំដុះទទួលបានទិន្នផលល្អប្រសើរ ៕






No comments:

Post a Comment