Friday, August 04, 2017

ក្រសួងកសិកម្ម និងក្រុមហ៊ុនសោម៉ាគ្រុប សហការគ្នា ជំរុញទិន្នផលកសិកម្ម

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្រ្តី វេង សាខុន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើប» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុនសោម៉ាគ្រុបខូអិលធីឌី តំណាងដោយ លោក សុខ ពុទ្ធិវុធ រួមជាមួយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រុមហ៊ុនសាន់រ៉ាយមកពីអូស្រ្តាលី លោកអគ្គនាយក អគ្គនាយករង លោក លោកស្រី ជាមន្រ្តីរាជការក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា អនុស្សរណៈនេះមានគោលបំណងអនុវត្តគម្រោងផលិតកម្មកសិកម្មតាមកិច្ចសន្យាបែបទំនើបស្របតាម អនុក្រឹត្យលេខ៣៦ អនក្រ.បក ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា និងសារាចរណែនាំលេខ១៩៦ ស្តីពីគោលការណ៍ណែនាំក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ជារួមគម្រោងនេះសង្កត់ធ្ងន់ទៅលើដំណាំស្រូវ ដំណាំវិលជុំ ការប្រើប្រាស់បច្ចេកវិទ្យាក្រោយពេលប្រមូលផល ការប្រើប្រាស់គ្រឿងយន្តកសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងស្ថានភាពដី ការស្វែងរកទីផ្សារ ការកៀងគរជំនួយថវិកាដើម្បីជួយដល់ប្រជាកសិករ។ល។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងការនេះ ព្រោះជាឱកាសដ៏ល្អដែលក្រុមហ៊ុនបោះទុនវិនិយោគចំពេលដែលវិស័យកសិកម្មបាននិងកំពុងត្រូវការបច្ចេកវិទ្យាដើម្បីពង្រីកសក្តានុពលលើគ្រប់អនុវិស័យឈានទៅសម្រេចឱ្យខាងតែបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលចង់ប្រែក្លាយប្រទេសមួយនេះទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត សមិទ្ធផលនេះគឺជាជោគជ័យមួយរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះនាពេលអនាគតក្រុមហ៊ុនអាចផលិតផលិតផលកសិកម្មដែលមានគុណភាព សុវត្ថិភាពនិងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក វេង សាខុន ក៏បានបញ្ជាក់ផងដែរថាការប្រើប្រាស់គ្រឿងចក្រកសិកម្ម ជី និងថ្នាំកសិកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ទាមទារនូវធនធានមនុស្សមានសមត្ថភាព និងគំនិតច្នៃប្រឌិតធ្វើយ៉ាងណាឱ្យបានសមស្របទៅតាមស្ថានភាពដី គុណភាពដីស្រែលទ្ធភាព និងសមត្ថភាពរបស់ប្រជាកសិករ ក្នុងរបត់ថ្មីនៃការផ្លាស់ប្តូរការធ្វើកសិកម្មតាមទម្លាប់បូរាណ មកជាការធ្វើកសិកម្មទំនើបវិញ។ តាមរយៈនៃការធ្វើទំនើបកម្មនេះ ប្រាកដជាទទួលបានទិន្នផលខ្ពស់ ឈានទៅធានាបាននូវសន្តិសុខស្បៀងក្នុងគ្រួសារ និងធ្វើការនាំចេញ ស្របតាមទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក៕










No comments:

Post a Comment