Friday, August 04, 2017

លោកនាយករដ្ឋមន្រ្តី ផ្តាំទៅកីឡាករទាំងអស់ សូមកុំចាញ់ច្រាបគូរប្រកួត កីឡាមិនប្រាកដថាប្រទេសធំពូកែ ប្រទេសតូចមិនពូកែនោះទេ

នៅវិមានសន្តិភាព ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅក្នុងកីឡាមិនប្រាកដថាប្រទេសធំពូកែ ប្រទេសតូចមិនពូកែ ប្រទេសអ្នកមានពូកែ ប្រទេសអ្នកក្រមិនពូកែនោះទេ គឺស្ថិតនៅត្រង់បញ្ហានៃការហ្វឹកហាត់ និងនិស្ស័យផងដែរ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី រួមទាំងគ្រូបង្វឹក មុននឹងចេញទៅចូលរួមប្រកួតកីឡា SEA Games នៅ Malaysia។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសឥណ្ឌា និងចិន ដែលជាប្រទេសធំមានប្រជាជនជាង១០០០លាននាក់ តែមិនមានកីឡាករបាល់ទាត់បានចូលប្រកួតនៅក្នុងការប្រកួតបាល់ទាត់ World Cup នោះឡើយ។ ក៏ប៉ុន្តែប្រទេសកូរ៉េទាំងពីរ គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូងជាប្រទេសតូច តែមានកីឡាករបាល់ទាត់ចូលប្រកួតក្នុង World Cup ជានិច្ច។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិកវិញ បើកុំតែមានកៅអីមួយជាស្វ័យប្រវត្តិ ក៏ត្រូវគេទាត់ចោលបាត់ទៅហើយ ហើយនៅក្នុងប្រវត្តិសាស្រ្តការប្រកួតបាល់ទាត់ អាមេរិកមិនដែលបានឈ្នះប្រទេសប៉ូឡូញឡើយ។ ដូចនេះ កុំចាញ់ច្រាបរឿងគូរប្រកួតមកពីប្រទេសនេះ ពីប្រទេសនោះ។

នាឱកាសនេះផងដែរ ដើម្បីជាការលើកចិត្តសំរាប់កីឡា កីឡាការិនី រួមទាំងប្រតិភូ និងគ្រូបង្វឹកទាំងអស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្តល់នូវថវិកាក្នុងម្នាក់៥០០ ដុល្លារផងដែរ ក្នុងការធ្វើដំណើរទៅ ចូលរួមប្រកួតកីឡា SEA Games នៅម៉ាឡេស៊ីខាងមុខ៕








No comments:

Post a Comment