Friday, August 04, 2017

​​​​​​​​​​​​​​​​​​​​​​បទ​​អត្ថាធិ​ប្បាយ៖ សង្គម​​​ខ្មៅ​​ងងឹត​នៃវិ​បត្តិ​​​បោះ​ឆ្នោត​ថ្នាក់ជា​តិរបស់​​​​ម៉ា​ឡេ​ស៊ី ​​​​

ខណៈ​ដែល​យើង​ឆ្ងល់​ ថាតើ​នៅ​ពេល​ដែល​នាយក​រដ្ឋ​មន្រ្តី​ម៉ា​ឡេ​ស៊ី លោក Najib Razak នឹង​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិនោះ គាត់​ត្រូវតែ​ដាក់​ចេញ​នូវ​សំណួរ​សំខាន់ៗ​មួយ​ចំនួន​ ប្រ​ហែល​ជាអាច​​ពិ​ចារ​ណា​ពី​កេរ្តិ៍​ដំណែល​របស់​គាត់​ផង​ដែរ។ ផល​ប្រ​យោជន៍ និង​ការ​សន្យា​នៃ​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​នឹង​​អាច​យក​ឈ្នះ​ភាព​មិន​​ពេញ​​ចិត្ត​ចំពោះ​បញ្ហា​​ចំណាយ​ប្រ​ចាំ​ថ្ងៃ និង​អំពើ​ពុក​រលួយ​បាន​ដែរ​ឬ​ទេ? ​​តើការ​បង្អាក់​សកម្ម​ភាព​របស់​​សម្ព័ន្ធ​មិត្ត​ចាស់ៗ​អាច​នឹង​បង្ក​ឱ្យ​មាន​ប្រ​តិ​កម្ម​ខ្លាំង​ឡើង​ឬ? តើ​គាត់​អាច​នឹង​បន្ត​ផែន​ការ​យូរ​អង្វែង​ក្នុង​ការ​ធ្វើ​ឱ្យ​ជីវិត​ជន​ជាតិ​ម៉ាឡេ​ស៊ី​ប្រ​សើរ​ឡើង​បា​នទេ ឬ​ក៏គ្រាន់​តែ​​ការ​ពារ​​​​​នយោ​បាយ​ដែល​បែក​បាក់​ដូច​អនុ​វត្ត​ន៍​សព្វ​ថ្ងៃ​នេះ?
លោក Najib ត្រូវ​តែ​អំពាវ​នាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​នៅ​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ប៉ុន្តែ​ការ​ឃោស​នា​បោះ​ឆ្នោត​បាន​ធ្វើ​ឡើង​រួច​មក​ហើយ​តាម​រលក​ធាតុ​អាកាស​ម៉ាឡេ​ស៊ី។ រដ្ឋ​ការ​របស់​គាត់​បាន​​​​ធ្វើ​ឱ្យ​មាន​កិច្ចព្រម​ព្រៀង​ផ្នែក​វិ​និ​យោគ​ទុន ដោយ​ដាក់​ចេញ​នូវ​វិ​ធាន​ការ​ដ៏​ពេញ​និយម​មួយ​ចំនួន​ ដែល​រួម​មាន​ការ​ដោះ​ដូរ របៀប​នៃ​ការ​វាយ​លុក​ប្រ​ឆាំង​នឹង​សត្រូវ​នយោ​បាយ និង​ការ​ព្យា​ករ​ណ៍​ទុក​ពី​រូប​ភាព​នៃ​មេ​ដឹក​នាំនិយម​កណ្តាល​ដែល​គេ​កំពុង​តែ​ទន្ទឹង​រង់​ចាំ។​
គន្លឹះ​សេដ្ឋ​កិច្ច​សំខាន់ៗ​ក្នុង​ការ​បោះ​ឆ្នោត​​នា​ពេល​ខាង​មុខ
ការ​វិ​និច្ឆ័យ​តាម​អា​រម្មណ៍​ជាក់​ស្តែងនោះ​គឺ​​ឃើញថា កក្តា​សេដ្ឋ​កិច្ច​នឹង​​អាច​មាន​ការ​សម្រេចចិត្ត​ច្បាស់​លាស់​នៅ​ក្នុង​ការ​ឆ្នោត​នា​ពេល​ខាង​មុខ។ សេដ្ឋ​កិច្ចរបស់​ប្រ​ទេស​នេះ​​មាន​ការ​រីក​ចម្រើនឥត​ឈប់​ឈរ និង​មាន​មូល​ដ្ឋាន​គ្រឹះរឹង​មាំ ខណៈ​ដែល​លោក Najib រំលឹក​ដល់​ប្រ​ជាជន​ម៉ា​ឡេ​ស៊ី​ឱ្យ​យក​ចិត្ត​ទុក​ដាក់។ ប៉ុន្តែ​សម្លេង​ដែល​ស្រែក​តា​ម​ដង​ផ្លូវ​បាន​បន្លឺ​ឡើង​ថា គ្មាន​ភាព​អនុ​គ្រោះ និងអសន្តិសុខ ប្រាក់​ចំណូល​មិន​ជាប់​លាប់​ ប្រាក់​បំណុល​កើន​ឡើង ហើយ​តម្លៃ​នៃ​ការ​ចាយ​វាយ​ប្រ​ចាំ​ថ្ងៃ​ក៏​កើន​ឡើងខ្ពស់​​ផង​ដែរ។
រដ្ឋា​ភិបាល​ចម្រុះ​កំពុង​តែ​គ្រប់​គ្រង​អំណាចរបស់​គណ​បក្ស Barisan Nasional (BN) ដែល​ដឹក​នាំ​ដោយ​លោក Najib ជា​ប្រ​ធាន​គណ​បក្ស​ UMNO ឈាន​មុខ​គេនោះ​ កំពុង​តែ​ខិត​ខំ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ល្អ។ ប៉ុន្តែ​ការដែល​ធ្វើ​ដូច្នេះ គឺ​មាន​ការ​លំបាក​ណាស់​​នៅ​ពេល​ដែល​ប្រ​ជា​ជន​កំពុង​តែ​កាត់​បន្ថយ​ការ​ចំណាយរបស់​ខ្លួន​ ហើយ​អតិ​ផរ​ណា​​ជា​បញ្ហា​ដ៏​ធំ​បំផុត​ដែល​ពិ​បាក​ក្នុង​ការ​គ្រប់​គ្រងនោះ។
រដ្ឋការ​របស់​​លោក Najib បន្ត​ផ្តល់​សំណង​តាម​រយៈ​ជំនួយ​សង្គម​ មាន​ដូច​ជាគម្រោង1Malaysia People’s Aid Scheme (BR1M) ដែល​អ្នក​ទទួល​បាន​ការ​ឧ​បត្ថម្ភ​ផ្នែក​សុខ​មាល​ភាព​ប្រ​ហែល​ជា ​៧ លាន​នាក់ ដែល​វា​បាន​ធ្វើ​ឱ្យគណ​បក្ស Barisan Nasional (BN) កាន់​តែមាន​​ប្រជា​ប្រិយ​ភាព​ខ្លាំង​ឡើង។ ប៉ុន្តែ​ស្រប​ពេល​​ជា​មួយ​គ្នា​នោះ​ដែរ ពន្ធទំនិញ​ និង​​សេវា​កម្ម ​​(Good and Services Tax, GST) ដ៏​គ្មាន​ប្រ​ជា​ប្រិយ​ភាព ដែល​បាន​ដាក់​​ឱ្យ​អនុ​វត្តន៍​កាល​ពី​ឆ្នាំ​២០១៥​ ក្នុង​អត្រា​ ៦ ភាគ​រយ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​មូល​ហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​មាន​អតិ​ផរ​ណា និង​ផ្តោត​លើ​ការ​រិះ​គន់​របស់​គណ​បក្ស​ប្រ​ឆាំង​​ដែល​និយាយ​អំពី​ប្រ​វត្តិ​រ​បស់​លោក Najib។
ការ​ចំណាយ​លើ​តម្លៃ​​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​មាន​អារម្មណ៍​មិន​ល្អ​បែប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ដល់​ជន​ជាតិ​ភាគ​តិច​ Bumiputera ភាគ​ច្រើន ដែល​មាន​ជន​ជាតិ​ដើម​ភាគ​តិចមួយ​ចំនួន និង​ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ា​ឡេ​ផ្សេង​ៗ​ទៀត ដោយ​សារ​តែ​ពួក​គេ​មាន​ប្រាក់​ចំណូល​ទាប។ រដ្ឋា​ភិបាល​ចម្រុះ​ដែល​កំពុង​តែ​គ្រប់​គ្រងអំណាច​អាច​ព្រួយ​បារម្ភ​ផង​ដែរថា ភាព​លំបាក​ផ្នែក​សេដ្ឋ​កិច្ច​អាច​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ការ​គាំទ្រ​គណ​បក្ស UMNO របស់​ខ្លួន​ ដោយ​សារ​តែ​មាន​ការរំពឹងទុក​​​យ៉ាង​ខ្លាំង​​ថា ​សហ​គមន៍​នេះ​​​នឹង​​គាំទ្រ​រដ្ឋា​ភិបាល។  ​​​
រដ្ឋា​ភិបាល​ម៉ា​ឡេ​ស៊ី​បាន​រំលេច​ឱ្យ​ឃើញ​ពី​ជ័យ​ជំនះ​របស់​ខ្លួន​ផង​ដែរ​ ក្នុង​ការ​ទាក់​ទាញ​​វិនិ​យោគ​ទុន​របស់​ចិន​។ កញ្ចប់​​ថវិ​កា​ដែល​មាន​ទឹក​ប្រាក់​ចំនួន​​ ១៤៤ ពាន់​លាន​រិង​ហ្គិត ​ដែល​ត្រូវ​បាន​ធា​នា​នូវ​សុវត្ថិ​ភាព​ពី​​ដំណើរ​ទស្ស​ន​កិច្ច​របស់​រដ្ឋា​ភិ​បាល​ទី​ក្រុង​ប៉េ​កាំង​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ រាប់​បញ្ចូល​ទាំង​ការ​តភ្ជាប់​ផ្លូវ​រថ​ភ្លើង​នៅ​ឆ្នេរ​សមុទ្រ​​ខាង​កើត (East Coast Rail Link) ដែល​នឹង​ភ្ជាប់​ពី​​តំបន់​មួយ​ចំនួន​ដែល​ភាគ​ច្រើន​សុទ្ធ​តែ​ជន​ជាតិ​ម៉ាឡេ​ទៅ​កាន់​ទី​ក្រុង Kuala Lumpur។ ប៉ុន្តែ​កិច្ច​ព្រម​ព្រៀង​​វិ​និយោគ​ទុន​បរ​ទេស​ទាំង​អស់​នេះ ត្រូវ​បាន​គេ​រិះ​គន់​​ចំពោះ​ការ​បង្កើន​ការ​កាន់​កាប់​កម្ម​សិទ្ធិបរ​ទេស និង​ប្រាក់​បំណុល។ ភាព​ចម្រូង​ចម្រាស​ដទៃ​ទៀត​ដែល​កំពុង​តែ​គ្រប់គ្រង​​លើ​ទី​ភ្នាក់​ងារ​អភិ​វឌ្ឍ​ន៍​​ Bumiputera របស់​ក្រុម​ហ៊ុន MARA និង​ក្រុម​ហ៊ុន Felda Global Ventures ដែល​​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​ពី​​ជន​ជាតិ​ម៉ាឡេ​ដែល​កាន់​កាប់​ភាគហ៊ុន​​ដូង​​ប្រេងតូចៗ​ បាន​ជំទាស់​នឹង​ទស្សនៈ​របស់​លោក​ Najib ដែល​ថាខ្លួន​ជា​អ្នក​ការ​ពារ​សុខ​មាល​ភាពរបស់​​ប្រ​ជា​ជន។
ការ​​កម្ចាត់​​​​សត្រូវ​​ បាន​​បង្ហាញ​នូវ​សក្តានុ​ពល​នយោ​បាយ​ថ្មី
នៅ​ពេល​មិន​ពេញ​ចិត្ត​ចំពោះ​​គោល​នយោ​បាយ​របស់​​រដ្ឋា​ភិបាល និង​ភាព​ចម្រូង​ចម្រាស​​​ខាង​​នយោបាយ​​ក្នុង​ចំណោម​​អ្នក​កាន់​តួ​នាទី​ទាំង​នោះ​​ ​ការ​អនុ​វត្តជា​ទូ​ទៅ​​​របស់​ម៉ា​ឡេស៊ី​ គឺ​ត្រូវ​តែ​​​កម្ចាត់​សត្រូវចោល​ ប៉ុន្តែ​​ស្ថាន​ភាព​នេះ​បាន​បង្ហាញ​នូវ​សក្តា​នុ​ពល​ថ្មី។
ការ​លាត​ត្រដាង​ដែល​ធ្វើ​ឱ្យ​​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំងក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ទាក់​ទិន​ទៅ​នឹងទឹក​​ប្រាក់​ចំនួន ​៦៨១ លាន​ដុល្លារ​អា​មេ​រិក​​ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​គណ​នី​ធ​នា​គារ​ឯក​ជន​របស់​លោក Najib ត្រូវ​បាន​រក​ឃើញ​​តាម​​ប្រ​ភព​ព័ត៌​មាន​នៃ​គម្រោង 1MDB តាមរយៈ​​សេច​ក្តី​រាយ​ការ​ណ៍​ព័ត៌​មានមួយ​ចំនួន​​ និង​ពាក្យ​បណ្តឹង​ទាម​ទារ​សំណង​ស៊ី​វិល​របស់​ក្រ​សួង​យុ​ត្តិ​ធម៌​អា​មេ​រិក កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦។ ក្នុង​​ពេល​​ការ​ពារ លោក Najib បាន​អះ​អាង​ថា មូល​និធិ​នេះ​ត្រូវ​បាន​បរិ​ច្ចាក​ដោយ​ព្រះ​ចៅ​អធិ​រាជ​អា​រ៉ា​ប៊ី​សាអូ​ឌីត។ អគ្គ​ព្រះ​​រាជ​អាជ្ញា​បាន​ទទួល​យក​ការ​ពន្យល់ និង​បាន​ធ្វើ​ឱ្យ​លោក Najib រួច​ពិ​រុទ្ធ​ភាព។
គណ​បក្ស​ប្រ​ឆាំង​​ព្យាយាម​ដើម្បី​ការ​រួប​រួម​គ្នា​
ប៉ុន្តែលោក Najib អាច​នឹង​យក​ឈ្នះ ពី​ព្រោះ​គណ​បក្ស​ប្រ​ឆាំង​មិន​មាន​​លក្ខណៈ​​ល្អ​ប្រ​សើរ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក Anwar Ibrahim ដែល​​ជា​​អតីត​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​ធ្លាប់​ជាប់​ពន្ធ​នា​គារ​នោះ បាន​និយាយ​ថា គាត់​នឹង​មិន​ប្រឹង​ប្រែង​ដើម្បី​យក​មុខ​តំណែង​ធ្វើជា​នាយក​រដ្ឋ​មន្រ្តី​ទេ។ ​សម្ព័ន្ធ​មិត្ត​​របស់​គណ​បក្សប្រ​ឆាំង​បាន​ព្យាយាម​ដើម្បី​ការ​រួប​រួម​គ្នា​ក្នុង​ពេល​ពេល​អវត្ត​មាន​របស់​គាត់ និង​ភាព​រួញ​រា​របស់​ពួក​គេ​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​សម្រាប់តំណែង​នាយក​រដ្ឋ​មន្រ្តី។ ​អំណាច​​លេច​ធ្លោរ​ជាង​គេ​របស់​​លោក Najib ​ក្នុង​នាម​ជា​មេ​របស់​​ក្រុម​កាន់​អំណាច​​ទាំង​នោះ គឺ​កំពុង​​ត្រូវ​បាន​គេ​​លាត​ត្រ​ដាង​ដោយ​ភាព​មោះ​មុត​របស់​ពួក​ប្រ​ឆាំង​គាត់។​
មេ​ដឹក​នាំ​ដែល​គិត​ពី​មនុស្ស​​ជំនាន់​ថ្មី
លោក Najib ជាមនុស្ស​ដែល​រាំង​ខ្ទប់​​គេ​ដោយ​គ្មាន​ក្តី​មេ​ត្តា ហើយ​បាន​​បង្វែរ​បញ្ហា​ 1MDB ​ប៉ុន្តែ​នៅ​តែ​មិន​អាច​កកាយ​កប់​រឿង​នេះ​បាន។ កាល​ពី​ថ្ងៃ​ទី១៥ ខែ​​មិ​ថុ​នា​ ​ក្រសួង​​យុត្តិ​ធម៌​អាមេ​រិក​បាន​ដាក់​ពាក្យ​​បណ្តឹង​ទាម​ទារ​សំណង​មួយ​ផ្សេង​ទៀត​ រួម​មាន​ភស្តុ​តាង​បង្ហាញ​ឱ្យ​ឃើញ​​ថា ទឹក​ប្រាក់​ស្ទើរ​តែ​៣០ លាន​ដុល្លារ​អា​មេ​រិក ​ដែល​បាន​លួចបន្លំ​​ពី​មូល​និធិ​ត្រូវ​បានគេ​​ចំណាយ​លើ​គ្រឿង​អលង្ការ​របស់​​ប្រ​ពន្ធ​លោក Najib គឺ​លោក​ស្រី Rosmah Mansor៕

​ប្រភព: Channel News Asia ចុះថ្ងៃទី០២ ខែ​​​​​​សី​ហា​​​ ឆ្នាំ២០១៧

No comments:

Post a Comment