Friday, August 04, 2017

សមណ​និស្សិត​នៃសាកលវិទ្យាល័យ​ព្រះសីហនុរា​ជ ជិត២០០​អង្គនាក់បាន​និមន្តនិង​អញ្ជើញ មក​ធ្វើទស្សន​កិច្ចសិក្សាស្វែងយល់ពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹ​កនាំខ្មែរក្រហម​

សមណនិស្សិតនៃសាកលវិទ្យាល័យព្រះសីហនុរាជ ជិត២០០អង្គនាក់បាននិមន្តនិងអញ្ជើញ មកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម និង ទស្សនាសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងវាលពិឃាតបឹងជើងឯកនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ នេះ។ លោកនេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានថ្លែង ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹងបន្ថែមនូវការយល់ដឹងអំពីប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងការជំនុំជម្រះក្តីទៅលើឧក្រិដ្ឋកម្ម និងសោកនាដកម្មដែលបានកើតឡើងក្នុង របបខ្មែរក្រហម ហើយព្រះសង្ឃក៏អាចចូលរួមក្នុងការផ្សព្វផ្សាយពីដំណើរការស្វែងរកការពិត និងយុត្តិធម៌នេះជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ព្រោះព្រះសង្ឃដើរតួនាទីយ៉ាងសំខាន់ ក្នុង ការងារផ្សព្វផ្សាយ។

លោក នេត្រ ភក្ត្រា បានជម្រាបប្រគេនព្រះសង្ឃអំពីដំណើរការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានកំណត់ដោយដែនយុត្តាធិការរបស់តុលាការដោយជំនុំជម្រះក្តី តែទៅលើជនពីរជំពូកប៉ុណ្ណោះ គឺអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុង ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលប្រព្រឹត្តឡើងចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ជនជាប់ចោទដែលត្រូវជំនុំជម្រះក្នុងសំណុំរឿង ០០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។ជនជាប់ចោទទាំងពីរត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំក្នុងសំណុំរឿង ០០២/០១ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ន ជនជាប់ចោទទាំងពីរនេះ កំពុងរង់ចាំការប្រកាសសាលក្រមលើសំណុំរឿង ០០២/០២ ដោយបទចោទនៅក្នុងសំណុំរឿងនេះផ្តោតឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើអង្គហេតុជាច្រើនក្នុងនោះក៏មានការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជនផងដែរ។ លោក នេត្រ ភក្ត្រា បានលើកឡើងថា យោងតាមដីកាដំណោះស្រាយសំណុំរឿង ០០២ បក្សកុម្មុយនិស្តកម្ពុជាបានអនុវត្តគោលការណ៍ ហាមឃាត់មិនឱ្យមាន និងគោរពព្រះពុទ្ធសាសនា។ វត្តអារាម និងព្រះវិហារជាច្រើនត្រូវបានបំផ្លាញចោល ឬត្រូវបានផ្លាស់ប្តូរសម្រាប់គោលដៅផ្សេងៗដូចជាមន្ទីរសន្តិសុខ ទ្រុងជ្រូក រោងបាយរួម មន្ទីរពេទ្យ ឬឃ្លាំង ស្តុកសម្ភារៈ។ ព្រះពុទ្ធបដិមាត្រូវបានគេបំផ្លាញចោល ហើយសូម្បីតែការអុជទៀនធូបក៏ត្រូវបានហាមឃាត់ ផងដែរ។
តាមដីកាដំណោះស្រាយដដែល បក្សកុម្មុយនិស្តកម្ពុជាបានជំរុញឱ្យមានការស្អប់ខ្ពើមព្រះសង្ឃ និងដូនជីដោយបានផ្សព្វផ្សាយថា ព្រះសង្ឃគឺជាប៉ារ៉ាសិត ឈ្លើងជញ្ជក់ឈាម តេនញ៉ា។ ព្រះសង្ឃនិងដូនជីស្ទើរទាំងអស់ត្រូវបានចាប់ផ្សឹក។ ព្រះសង្ឃមួយចំនួនត្រូវបានគំរាមកំហែងដល់អាយុជីវិត ឬត្រូវសម្លាប់ បើសិនជាមិនព្រមធ្វើតាម។ បន្ទាប់ពី ត្រូវផ្សឹកហើយ ព្រះសង្ឃទាំងនោះត្រូវបង្ខំឱ្យធ្វើពលកម្ម និងធ្វើស្រែចម្ការ។ ការលុបបំបាត់សាសនា ការបំផ្លិចបំផ្លាញវត្តអារាម និងការប្រើប្រាស់វត្តអារាមក្នុងគោល បំណងផ្សេងទៀត។ល។ បានកើតជាទូទៅនៅគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជាក្រោមរបបកម្ពុជាប្រជា ធិបតេយ្យ។ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៨៧ នាក់ត្រូវបានប្រកាសទទួលស្គាល់នៅក្នុងបរិបទនៃ «ប្រព្រឹត្តកម្មលើពុទ្ធសាសនិក»៕




No comments:

Post a Comment