Sunday, October 01, 2023

ប្រវត្តិនិទាននៃពិធីពូនភ្នំខ្សាច់ និងផលបុណ្យដែលសាង


ពិធី​ពូន​ភ្នំខ្សាច់

ពិធី «​ពូន​ភ្នំខ្សាច់​» គឺ​គេ​យក​ខ្សាច់​សុទ្ធ​មក​ចាក់​នៅ​កណ្ដាល​ទីធ្លា​ដែល​គេ​បាន​កំណត់ រួច​ពូន​ឱ្យ​ចេញ​ជា​រាង​ចេតិយ​បែរមុខ​ទៅ​ទិស​ខាងកើត ហើយ​គេ​សន្មត​ហៅ​ថា «​វាលុក​ចេតិយ​» គឺ​តំណាង​ឱ្យ​ព្រះ​ចូឡា​ម​នី​ចេតិយ​ដែល​សាង​សម្រាប់​បញ្ចុះ​ព្រះកេសា និង​ព្រះ​ចង្កូម​កែវ​នៃ​ព្រះពុទ្ធ​បរមគ្រូ ។

ការ​ពូន​ភ្នំខ្សាច់ បច្ចុប្បន្ន​តំបន់​ខ្លះ​គេ​និយម​ពូន​ភ្នំ​អង្ករ​នៅ​សាលាឆាន់ ឬ​ក្នុង​ព្រះ​វិហារ ។ ភ្នំខ្សាច់​ដែល​គេ​ពូន​មិន​កំណត់​ថា ត្រូវ​មាន​ខ្នាត​តូច ខ្ពស់ ទាប​ប៉ុនណា​ទេ គឺ​ប្រព្រឹត្ត​ទៅ​តាម​ការ​ពេញចិត្ត​របស់​អ្នក​ស្អាង ប៉ុន្តែ​ចាំបាច់​ត្រូវ​មាន​ភ្នំ​មួយ​នៅ​កណ្ដាល ហើយ​ត្រូវ​មាន​ភ្នំ តូច​ៗ ៤​ព័ទ្ធ​ជុំវិញ​គ្រប់​ទិស​ទាំង​៤ ។ នៅ​ជុំវិញ​ភ្នំ​គេ​មាន​ធ្វើ​រាជវ័តិ តុបតែង​លំអ​ស្លឹក​ដូង ស្លឹក​ទន្សែ​ជា​បួន​ជ្រុង​មាន​ទ្វារ ចេញចូល​តាម​ទិស​ធំ​ទាំង ៤ ។ នៅ​ជុំវិញ​រាជវ័តិ​គេ​មាន​រៀប​​រាន​ទេវតា​គ្រប់​ទិស​ទាំង​៨​។ នៅ​លើរាន​ទេវតា នីមួយ​ៗ​គេ​រៀប​ស្លាធម៌​មួយគូ បាយ​សី​មួយ​ថ្នាក់​មួយគូ ទៀន​៥ ធូប​៥ ផ្កា​ភ្ញី និង​អុជ​ទៀន​ធូប​ថ្វាយ ។ នៅ​ពីមុខ​ភ្នំខ្សាច់​ក្រៅពី​រាជវ័តិ គេ​រៀប​រាន ធំ​ៗ​បី​ទៀត សម្រាប់​ថ្វាយ​ព្រះ​យមរាជ ស្ថិត​នៅ​កណ្ដាល​ខាងឆ្វេង​រាន​ព្រះ​យមរាជ គឺ​រាន​ព្រះ​ពុទ្ធគុណ និង​ខាងស្តាំ​គឺ​រាន​ព្រះ​ពិស្ណុការ ។ រាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការបូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយសី​ខ្ពស់​រហូត​ដល់​៩​ថ្នាក់ និង​មាន​ដាក់​សម្លៀក​បំពាក់​ឆ្វេង​ស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង ។

ការ​សាង​វាលុកចេតិយ​នេះ ដោយ​គេ​សម្គាល់ថា នឹង​បានជា​ផលានិសង្ស​វិសេសវិសាល​ណាស់​។

អានិសង្ស​វាលុកចេតិយ

«​អានិសង្ស​វាលុកចេតិយ​» ជា​រឿង​ដែល​គេ​តែង​ជា​ភាសា​ខ្មែរ​មក​យូរហើយ​ចំនួន​១​ខ្សែ សម្តែង​អំពី​ការ​សាង​វាលុកចេតិយ​ថា មាន​ផលានិសង្ស​ជា​អនេកប្បការ ។ វេលា​ឆ្លង វា​លុកចេតិយ​គេ​ច្រើន​យក​រឿង​នេះ​ទេសន៍ ។


ក្នុង​រឿង​អានិសង្ស​វាលុកចេតិយ​មានរឿង​និទាន​៣ ៖

និទាន​ទី​១ តំណាល​ពី​ព្រះ​ពោធិសត្វ នាម​បា​រិ​កៈ​ជា​ឈ្មួញ​សំពៅ ។ នា​សម័យមួយ​បា​រិ​កៈ​បើក​សំពៅ​ទៅ​ជួញ​បាន​ប្រទះ​ឃើញ​ផ្នូកខ្សាច់​ស​ល្អ​នៅ​តាម​ឆ្នេរសមុទ្រ ក៏​បបួល​ពួក​ពាណិជ​​ដែល​ទៅ​ជួញ​ជាមួយ​គ្នា​បើក​សំពៅ​ឆៀង​ចូល​ចត​នៅ​ទៀប​ផ្នូកខ្សាច់​នោះ ហើយ​នាំ​គ្នា​ក​ជា​វាលុកចេតិយ ឧទ្ទិស​ជា​តំណាង​ឡា​មណី​ចេតិយ​ដែល​បញ្ចុះ​ព្រះ​ចង្កូម​កែវ​របស់​​ព្រះពុទ្ធ នៅ​ឋាន​ត្រៃ​ត្រឹ​ង្ស ។ ស្រេច​ហើយ​ពួក​ពាណិជ​ទាំងនោះ​ក៏​បេះ​យក​ផ្កាឈើ​មក​បូជា ដើរ​ប្រទក្សិណ​៣​ជុំ ហើយ​នាំ​គ្នា​ចុះ​សំពៅ​បើក​ចេញ​ទៅ​ជួញ​តទៅ​ទៀត ។

បា​រិ​ក​ពោធិសត្វ និង​ពួក​ឈ្មួញ​អម្បាល​នោះ លុះ​រំលាយ​ខន្ធ​ទៅ​ហើយ​បាន​ទៅ​កើតជា​ទេវបុត្រ​នៅ​ឋានសួគ៌​ជា​ច្រើន​ជាតិ លុះ​ច្យុត​ពី​ឋានសួគ៌​កកើត​ក្នុង​ឋានមនុស្ស​លោក​បានជា​ស្តេច​ឯករាជ្យ​ជា​ច្រើន​ជាតិ​រាប់​ពុំ​បាន​ឡើយ​។ ក្នុង​ទីបំផុត​បា​រិ​ក​ពោធិសត្វ ក៏​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ដោយ​អំណាច​ផលានិសង្ស ដែល​បាន​សាង​វាលុកចេតិយ ។

និទាន​ទី​២ តំណាល​ពី​នាយ​នេសាទ​ម្នាក់ ធ្វើ​តែ​បាប សម្លាប់សត្វ​បរិភោគ​តាំងពី​តូច​រហូត​ដល់​ចាស់ មិន​ដែល​បាន​ធ្វើបុណ្យ​ដល់​ម្តង​សោះ​។ នា​ថ្ងៃមួយ​មាន​ភិក្ខុសង្ឃ​១​រូប​នឹក​អាណិត​នាយ​នេសាទ​ខ្លាំង​ណាស់ ក៏​គិត​រក​ឧបាយ​អោយ​បាន​សាង​បុណ្យ​កុសល​ខ្លះ ។ លុះ​គិត​ដូច្នេះ​ហើយ លោក​ក៏​ឃ្លុំ​ចីវរ​កាន់​បាត្រ​និមន្ត​ទៅ​រង់ចាំ​ផ្លូវ​នាយ​នេសាទ ។ ថ្ងៃ​នោះ​វេលា​ព្រឹក​នាយ​នេសាទ​លី​លំពែង​១ និង​ពុន​បាយ​១​កញ្ចប់​ចេញ​ទៅ​ព្រៃ​ដើម្បី​ស្វែងរក​សត្វ​មក​ចិញ្ចឹមជីវិត​ដូច​កាល​សព្វដង​។ ដំបូង​នាយ​នេសាទ​ប្រកែក​ដាច់​ណាត់​ថា មិន​ព្រម​ប្រគេន​ចង្ហាន់ តែ​ភិក្ខុ​នោះ​ចេះ​តែ​ទទូច​សុំ អត់​មិន​បាន​ក៏​រំលែក​បាយ​១​ពំនូត​ប្រគេន។

ក្រោយមក កាល​នាយ​នេសាទ​រំលាយ​ខន្ធ​ស្លាប់​ទៅ ត្រូវ​ពួក​យមបាល ឬ​យម​ភូបាល​នាំ​ខ្លួន​ទៅ​សួរ​យក​ចម្លើយ​អំពី​រឿង​កាល​នៅ​ជា​មនុស្សលោក​បាន​ធ្វើបុណ្យ​ខ្លះ​ដែរ ឬទេ ?


នាយ​នេសាទ​តប​ថា មិន​បាន​ធ្វើបុណ្យ​អ្វី​ទេ ធ្វើ​តែ​បាប​តាំងពី​តូច​មក ។ ពួក​យមបាល​ក៏​នាំ​គ្នា​ចាប់​បោះ​ទៅ​ក្នុង​រណ្តៅ​ភ្លើង​នរក តែ​មិន​ឆេះ​ត្រលប់​ជា​ខ្ទាត​ចេញ​មក​វិញ ។ យម​បាល​នឹក​ឆ្ងល់ ក៏​សួរ​បញ្ជាក់​ថែម​ទៀត ទទួល​នាយ​នេសាទ​ក្រឡេក​ទៅ​ឃើញ​អណ្តាត​ភ្លើង​មាន​សំ​ម្បុ​រ​ដូច​ចីវរ​លោកសង្ឃ ក៏​នឹកឃើញ​ដល់​ទាន​ដែល​ខ្លួន​បាន​ធ្វើ ទើប​ឆ្លើយ​ថា កាល​នៅ​ជា​មនុស្សលោក​បាន​ធ្វើ​ទាន​បាយ​មួយ​ពំនូត​ដល់​ភិក្ខុ ១​រូប​ដែរ​។ ពួក​យម​ភូបាល​​ប្រាប់​ថា បើ​ដូច្នេះ​អ្នកឯង​ត្រូវ​ទៅ​កើត​ឯ​ឋានសួគ៌​មួយ​អាទិត្យ លុះដល់​ថ្ងៃ​ទី​៨ យើង​​នឹង​យក​ខ្លួន​មក​អោយ​ទទួលទោស​នៅ​ឋាននរក​នេះ​វិញ ។

ក្នុង​មួយ​រំពេច​នោះ​វិញ្ញាណ​របស់​នាយ​នេសាទ ក៏​បាន​ទៅ​កើត​ឯ​ឋានសួគ៌​ឈ្មោះ​ថា «​អ​ន្នំ​លោក​ង្សិ​ន៍​ទេវ​បុត្រ» មាន​ទំហំ ១២​យោជន៍​បរិបូរណ៍​ទៅ​ដោយ​សម្បត្តិ និង​ស្រី​ទេពកញ្ញា​បម្រើ​ត្រៀបត្រា មាន​នាង​សុវណ្ណ​ឱរ៉ៃ​ជា​ទេពី ។ អ​ន្នំ លោក​ង្សិ​ន៍​ទេវបុត្រ​សោយ​សម្បត្តិ​មក​បាន​៦​ថ្ងៃ នឹកឃើញ​ដល់​បណ្តាំ​យមបាល ក៏​កើត​សេចក្តី​ទុក្ខទោមនស្ស​ពន់ប្រមាណ ហើយ​ចូល​ទៅ​ដេក ។

នាង​សុវណ្ណ​ឱរ៉ៃ​ឃើញ​ដូច្នេះ ក៏​ចូល​ទៅ​សួរ ហើយ​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​រ៉ា​យ​រា​៉​ប់​ប្រាប់​តាំង​អំពី​ដើម​រហូត​ដល់​ចប់ ។ នាង​សុវណ្ណ​ឱរ៉ៃ​លួងលោម​ថា បើ​ដូច្នោះ​សូម​ព្រះ​អង្គ​កុំ​ជា​ទុក្ខទោមនស្ស​ឡើយ ដ្បិត​ព្រះពុទ្ធ​សម្តែង​ថា «​ទោះ​អ្នក​ណា​ធ្វើបាប អម្បាលម៉ាន​ក្តី បើ​ចង់អោយ​រួច​អំពី​កម្ម​ពៀរ​ដែល​ខ្លួន​ធ្វើ​ហើយ គប្បី​សាង​វាលុកចេតិយ​ធ្វើបុណ្យ​ឆ្លង ហើយ​នឹង​រួច​អំពី​កម្ម​ពៀរ​នោះ​ហោង​» ។ ហេតុនេះ​សូម​ព្រះ​អង្គ​ធ្វើ​តាម​ព្រះពុទ្ធ​បន្ទូល​នេះ​ចុះ ទៀង​ជា​ដោះ​រួច​ចាក​កម្ម​ពៀរ​ជា​មិន​ខាន ។

អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​លឺ​ដូច្នោះ ក៏​សោមនស្ស​ទើប​ចាត់ការ​សាង​វាលុកចេតិយ និង​ធ្វើ​បុណ្យ​ឆ្លង​ហើយ​ស្រេច​ក្នុង​រវាង​៧​ថ្ងៃ​នោះ​ឯង ។ លុះដល់​ថ្ងៃ​ទី​៨ វេលា​ព្រឹក​ព្រហាម ពួក​យមបាល​ក៏​ទៅ​ដល់​ស្រែក​ហៅរក​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​ឱ្យ​ចេញ​មក ។ គ្រានោះ​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​គេច​មុខ​ចេញ នាង​សុវណ្ណ​ឱរ៉ៃ​ចេញ​មក​ទទួល ។ និយាយ​ជា​សំនួរ​តប​យមបាល​ថា «​យើង​មិន​ព្រម​បើក​ឱ្យ​ស្វាមី​យើង​ទៅ​ទេ ព្រោះ​ស្វាមី​យើង​បាន​សាង​វាលុក​ចេតិយ និង​ធ្វើបុណ្យ​ឆ្លង​រួច​ហើយ បាបកម្ម​ទាំងពួង​ក៏​ជ្រះ​អស់​អំពី​ខ្លួន​ហើយ តែបើ​នៅ​តែ​ត្រូវការ​យក​ខ្លួន​ទៅ​ធ្វើ​ទោស ក៏​ចូរ​រាប់​ខ្សាច់​១​ពែង​នេះ បើ​រាប់​អស់​ទើប​យក​ទៅ​បាន​» ។

យមបាល​តប​ថា មិន​ទាស់​អ្វី​ទេ​ការ​រាប់​ខ្សាច់​១​ពែង​ប៉ុណ្ណោះ​» ។ រួច​ហើយ​ក៏​នាំ​គ្នា​រាប់​តាំងពី​ព្រឹក​រហូត​ដល់​ថ្ងៃត្រង់ គ្រាប់​ខ្សាច់​ដែល​យក​ចេញ​អំពី​ពែង​រាប់​ដាក់​ទៅ​ខាងក្រៅ​ទៅ​ជា​គំនរ​យ៉ាង​ធំ​កម្ពស់​ស្មើ​ចុង​ត្នោត តែ​គ្រាប់​ខ្សាច់​ក្នុង​ពែង​គង់នៅ​ដដែល​គ្មាន​ស្រក​ស្រុត​ទៅ​ណា​សោះ ។ ពួក​យមបាល​ទាល់​ចំណេះ​នឹង​រាប់ ហើយ​ក៏​នាំ​គ្នា​ត្រលប់​ទៅ​យមលោក​វិញ ។

ចំណែក​អ​ន្នំ​លោក​ង្សិ​ន៍​ទេវបុត្រ​បាន​នៅ​សោយ​សម្បត្តិ​ក្នុង​ទេវលោក​អស់​កាល​អង្វែង​តម​ក​ទៀត មិន​បាន​ទៅ​សោយទុក្ខ​ក្នុង​នរក ដូចដែល​យមបាល​កំណត់​ទុក​នោះ​ទេ ។ ទាំងនេះ​ក៏​ដោយ​អំណាច​ផលានិសង្ស​ដែល​បាន​សាង​វាលុកចេតិយ និង​ធ្វើបុណ្យ​ឆ្លង ។

និទាន​ទី​៣ តំណាល​ពី​រឿង​ចៅ​កំជិល​ខ្សាច់​។ មាន​ក្មេង ១​នាក់​ចេះ​តែ​ទៅ​ពូន​ភ្នំខ្សាច់​រាល់​ៗ​ថ្ងៃ ប្រលាក់​ទៅ​ដោយ​ដីខ្សាច់​ពេញ​ខ្លួន​ទាល់តែ​គេ​ហៅ​ថា «​ចៅ​កំជិល​ខ្សាច់​» ។ នា​ថ្ងៃ​មួយ ព្រះឥន្ទ្រ​បើក​ទិព្វចក្ខុ​មើលឃើញ​ចៅ​កំជិល​ខ្សាច់​ពូន​ភ្នំ​ដូច្នោះ ក៏​ចាត់​ឱ្យ​នាង​ទេព​ធីតា ១​អង្គ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ ។ ដំបូង​ចៅ​កំជិល​ខ្សាច់​ប្រកែក​មិន​ព្រមយក ដោយ​ថ្លែង​ថា ខ្លួន​នៅ​ក្មេង​ណាស់​មិន​ទាន់​ចេះ​រកស៊ី​ចិញ្ចឹម​ទេ ។ ដូច្នេះ​ហើយ​នាង​ទេពធីតា ទៅ​រក​ម្តាយ ឪពុក​ចៅ​កំជិល​ខ្សាច់ ថ្លែងប្រាប់​ថា ខ្លួន​ជា​ទេពធីតា ព្រះឥន្ទ្រ​ប្រើ​ឱ្យ​ចុះ​មក​ធ្វើ​ជា​ប្រពន្ធ​ចៅ​​កំជិល​ខ្សាច់ ។ មាតា បិតា​ចៅ​កំជិល​ខ្សាច់​ឃើញ​នាង​ទេពធីតា ក៏​ពេញចិត្ត​ដោយ​នាង​មាន​រូបឆោម​ល្អ ទើប​សំណេះសំណាល​លួងលោម​ចៅ​កំជិល​ខ្សាច់​ទាល់តែ​ព្រមយក ។

ចៅ​កំជិល​ខ្សាច់​តាំងពី​បាន​នាង​ទេពធីតា​ជា​ប្រពន្ធ​ហើយ ខ្លួនប្រាណ​ក៏​ស្អាតបាត ផូរផង់ ល្អ​ជាង​ពី​មុន​មក​ឆ្ងាយ​ណាស់​ដោយ​នាង​ទេពធីតា​ជួយ​ថែ​សំអាត នាំ​ឱ្យ​សមរម្យ​គ្នា​នឹង​ប្រពន្ធ​នោះ​ណាស់ ទាល់តែ​ល្បី​កេរ្តិ៍ឈ្មោះ​ថា ចៅ​កំជិល​ខ្សាច់​បាន​នាង​ទេពធីតា​ជា​ភរិយា​ល្អ​សម​គ្នា​ណាស់ ។

គ្រានោះ​ពួក​មន្ត្រី សេនាបតី​ជាដើម ក៏​បាន​ទៅ​ពិនិត្យ​មើលឃើញ​ដូច​ពាក្យ​គេ​ថា​មែន ។ ទទួល​វេលា​នោះ​ស្តេច​ម្ចាស់ផែនដី​សុគត​គ្មាន​អ្នក​ទទួល​រាជសម្បត្តិ​គ្រប់គ្រង​ផែនដី ។ គេ​គិត​ឃើញ​ថា ចៅ​កំជិល​ខ្សាច់​សមគួរ​ជា​ព្រះរាជា​ម្ចាស់ផែនដី ក្រោយ​នោះ​គេ​ក៏​ធ្វើការ​ផ្សង​​បុស្បុក​រក​អ្នកមាន​បុណ្យ​ធ្វើ​ជា​ម្ចាស់ផែនដី ។ បុស្បុក​ក៏​ទៅ​ត្រូវ​លើ​ចៅ​កំជិល​ខ្សាច់ ទើប​គេ​នាំ​គ្នា​អញ្ជើញ​ទៅ​ឱ្យ​សោយរាជ្យ ព្រមទាំង​នាង​ទេពធីតា ។

ផល​ដែល​ជា​ទិដ្ឋធម្ម​វេទ​នី​យ​ដូច្នេះ លោក​ថា​បាន ដោយហេតុ​ពូន​ភ្នំខ្សាច់​នោះ​ឯង ។
កាល​កើត​មានរឿង​សម្តែង​អំពី​អានិសង្ស​នៃ​ការ​ស្អាង​វាលុកចេតិយ​ដូច្នេះ​ហើយ ខ្មែរ​យើង​បានដឹង​រឿង​ទាំងនេះ​ហើយ ក៏​កើត​សេចក្តី​ជឿ និង​ជ្រះថ្លា ទើប​នាំ​គ្នា​ស្អាង​វា​លុក​ចេតិយ​ជាប់​ជា​ប្រវេណី​ដរាប​មក​ដល់​បច្ចុប្បន្នកាល ។



បំបួស​ភ្នំ
លោក​អាចារ្យ​សូត្រធម៌ អធិដ្ឋាន វាលុកចេតិយ​ឱ្យ​តំណាង​ព្រះ​ចូឡាមណី​ចេតិយ រួច​យក​កំណាត់​ស​ប្រវែង​ប្រមាណ​មួយ​ម៉ែត្រ​កន្លះ ទៅ​ពានា​ពាក់​ឆៀង​ព្រះ​ចេតិយ ដែល​តាម​សម្តី​​អ្នកស្រុក​ហៅ​ថា «​បំបួស​ភ្នំ​» ។ ក្នុង​ឱកាស​នោះ​ព្រះសង្ឃ​សូត្រធម៌ ចម្រើន​ព្រះ​បរិត្ត នៅ​សាលា​ធម្ម​ដោយ​បន្ត​អំបោះ​មក​ដល់​ភ្នំ​ទាំង អស់ ។ ភ្នំ​ដែល​បាន​ឡើងជា​អង្គ​ចេតិយ​ហើយ អ្នក​ណាមួយ​ទៅ​ជាន់ រំលង ឬ​រំលាយ​មុនគេ​ផ្សឹក​ទុក​ត្រូវ​ទទួល​បាប ។



ផ្សឹក​វាលុកចេតិយ
ក្រោយ​ពី​ធ្វើ​កិច្ច​សព្វគ្រប់​ហើយ លោក​អាចារ្យ​សូត្រ​បួងសួង និង​ថ្វាយ​គ្រឿង​សក្ការៈ​ដល់​អស់​ទេវតា ព្រះ​យមរាជ ដែល​តែងតែ​ត្រួតត្រា​មើល​ការ​ខុស​ត្រូវ​ដល់​មនុស្សលោក ដើម្បី​សុំ​ខ​មា​ល​ទោស​ចំពោះ​អំពើ​ខុសឆ្គង​ទាំងឡាយ​កន្លង​មក ដោយ​ការ​អនុគ្រោះ​សុំ​ឱ្យ​ផ្តាច់​កម្ម ផ្តាច់​ពៀរ និង​សុំ​សេចក្តីសុខ​ចម្រើន​តរៀង​ទៅ ។ បន្ទាប់​មក​លោក​អាចារ្យ​ឧទ្ទិស​កុសល​​ជូន​ដល់​អ្នក​ដែល​ចែក​ឋាន​ទៅ​មាន​មាតាបិតា​ជីដូន ជីតា ព្រមទាំង​ញាតិ​មិត្ត​ទាំង​អស់​ផង ។

ថ្ងៃ​បន្ទាប់ ពុទ្ធបរិស័ទ​ជួបជុំ​គ្នា លោក​អាចារ្យ​ចាប់​ដំណើរការ​ថ្វាយបង្គំ​ព្រះ សមា​ទាន​សីល​នៅ​ធម្មសាលា ។ បន្ទាប់​មក​គេ​នាំ​គ្នា​រាប់បាត្រ​បន្ត​ហូរហែ ទាល់តែ​អស់អ្នក​ដែល​មាន​សទ្ធា ។ នៅ ពេល​បញ្ចប់​ការ​រាប់បាត្រ​គេ​កាន់​ទៀន ធូប ផ្កា​គ្រប់​ដៃ​ទៅ​កាន់​ភ្នំខ្សាច់ ។

អាចារ្យ​ចាប់ផ្តើម​ពិធី​នៅ​ចំពោះ​ភ្នំខ្សាច់ ដូច​កាលពី​ល្ងាច​ម្តងទៀត ។ ជាមួយ​គ្នា​នេះ​ដែរ​ព្រះសង្ឃ​សូត្រ​ពុទ្ធមន្ត​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល​នៅ​ធម្មសាលា​។ អាចារ្យ​បាន​បន្ត​ពិធី​នៅ​ខាងក្រៅ មុខ​ភ្នំ គឺ​ឆ្លងបុណ្យ ហើយ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំ​វិញ​ដោយ​ពោល​ថា ៖ ឥ​មំ វា​លុក​ចេ​តិ​យំ ប​ច្ច​ក្ខា​មិ​» ប្រែ​ថា «​ខ្ញុំ​ផ្សឹក​ឥលូវ​នេះ​នូវ​វាលុកចេតិយ​នេះ​ចេញ​» គឺ​លែង​ប្រកាន់​ថា​ជា​ចេតិយ​​ទៀត​ហើយ អ្នក​ណា​រំលាយ​ក៏​គ្មាន​បាប​ដែរ ។

បន្ទាប់​មក​គេ​នាំ​គ្នា​ចូល​ធម្មសាលា​ដើម្បី​វេរភត្ត​ប្រគេន​ព្រះសង្ឃ​ឆាន់​ត្រង់ ។ ពេល​រសៀល​​គេ​ជួបជុំ​គ្នា​ដើម្បី​នមស្ការ​ថ្វាយបង្គំ​ព្រះ និង​អ​រតនា​ព្រះសង្ឃ​សម្តែង​ធម្ម​ទេសនា។

កម្មវិធី​ជា​បន្ត​គេ​នាំ​គ្នា​សំអាត​ព្រះ​ពុទ្ធរូប ហើយ​បាចផ្កា បាញ់​ទឹកអប់ (​ស្រង់​ព្រះ​) ។ នេះ​ជា​ពិធី​តាម​បែប​សាសនា ។


ផល​បុណ្យ​ផ្ងូត​ទឹក​ក្តៅ​ឱ្យ​ឪពុក​ម្តាយ ការ​លែង​សត្វ​និង​ស្រង់​ព្រះ
ព្រះ​បរម​សាស្តា​ទ្រង់​បាន​សម្តែង​អំពី អានិសង្ស​ដែល​បាន​កសាង​បុណ្យ​កុសល ក្នុង​ឱកាស​​ដាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ។ អ្នក​ដែល​បាន​ផ្ងូត​ទឹក​ឱ្យ​មាតា បិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬ​ព្រះសង្ឃ​ក្នុង​ឱកាស សង្ក្រាន្ត​នោះ រមែង​ជា​ស្តេច​ម្ចាស់ផែនដី មាន​រឹទ្ធិ​ដ៏​មហិមា សំបូរ​ដោយ​រតនៈ ៧​ប្រការ ដេរដាស​ដោយ​ពពួក​នាង​នារី​សឹង​មាន​រូបឆោម​ដ៏​ល្អ និង​សំបូរ​ដោយ​ចតុរង្គ​សេនា ជា​អ្នក​បាន​នូវ​សេចក្តីសុខ​គ្រប់យ៉ាង ។

អ្នក​ដែល​បាន​លែង​សត្វ​តិរច្ឆាន ដូច​យ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក ជាដើម ដោយ​អំណាច​ដែល​បាន​លែង​សត្វ​អម្បាល​នោះ អ្នក​នោះ​រមែង​ជា​អ្នកមាន​អាយុ​យឺនយូរ ជា​អ្នកមាន​សុខ​ច្រើន ឥត​មាន​រោគ​ភ័យ​មក​បៀតបៀន ក្នុង​កាល​ទាំងពួង​ប្រកប​តែ​សេច​ក្តីសុខ ។

ដោយ​ផលានិសង្ស​ដែល​បាន​ស្រង់​ព្រះសង្ឃ អ្នក​នោះ​ទោះ​ទៅ​កើត​ក្នុង​ភព ណា​ៗ​ក្តី​រមែង​​មាន​រូបឆោម​ល្អ​ជាទី​ជ្រះថ្លា​ដល់​អ្នក​បានឃើញ ជា​អ្នកមាន​សម្បុរ​កាយ​ផូរផង់ ជាទី​គាប់ចិត្ត​ជាទី​គួរ​ឱ្យ​មើល ជា​អ្នកមាន​ប្រាជ្ញា​ស្រួច ជា​អ្នកក្លាហាន ជា​អ្នក​ទ្រទ្រង់​ព្រះ​សូត្រ និង​ព្រះ​វិន័យ ជា​អ្នក​ទ្រទ្រង់ និង​ចេះ​ចប់​នូវ​ព្រះ​បិដក ជា​អ្នកមាន​អាយុ​យឺនយូរ រាល់​ៗ​ជាតិ ជា​អ្នកមាន​បុត្រ ភរិយា និង​គណ​ញាតិ សុទ្ធតែ​ជា​អ្នក​ឧត្តម ថ្លៃថ្លា ។ ទាំងនេះ​ជា​អានិសង្ស​ផ្ងូត​ទឹក​ក្នុង​ពេល​ចូល​ឆ្នាំ ។

ដោយ​ប្រការ​ដូច្នេះ​ហើយ បានជា​នៅ​ឱកាស​ចូល​ឆ្នាំ​មនុស្ស​ទាំងឡាយ​តែង​នាំ​គ្នា​ដោះ​លែង សត្វ​ផ្សេង​ៗ តែង​នាំ​គ្នា​ធ្វើបុណ្យ​ផ្សេង​ៗ ដើម្បី​បាន​ទទួល​នូវ​អានិសង្ស​ទាំងនោះ ៕

ប្រភព៖ កោះសន្តិភាព



បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។











(វីដេអូ) ប្រេតយំទួញផ្តាំកូនចៅ


ទំនួញប្រេត (ពេាល)
បពិតលេាកអ្នកសប្បុរស ក្មេងចាស់ទាំងអស់ ទាំងប្រុសស្រី ខែភ្ជុំដាក់បិណ្ឌក្នុងឆ្នាំថ្មី គួរតែលកលៃទៅវត្តវា។ កុំនៅសំងំតែក្នុងផ្ទះ ឬដេីរផ្តេសផ្តាស់ហុឺហា បុណ្យទានមិនឆ្ងាញ់ៗតែស្រា ជេរគេឡូឡារពាសពេញផ្លូវ។ ណ្ហេីយ! ឈប់ខានប៉ុណ្ណឹងហេីយ កុំនៅកន្តេីយខំរិះរេ តេាះទៅបុណ្យរាប់បាត្រជាមួយគេ កុំនៅទំនេរឥតបានការ។

ទំនួញប្រេត ម៉ែឪរស់នៅប្រឹងព្រេាះកូន ដល់សូន្យជីវិតបាត់សង្ខារ មិនដឹងជាកេីតនៅទីណា ជាមនុស្សទេវតា ឬជាប្រេត។ បេីកេីតជាមនុស្ស ឬទេវតា ប្រសេីរថ្លៃថ្លាព្រេាះស្គាល់ហេតុ ខ្លាចណាស់តែភ្លាត់ធ្លាក់ជាប្រេត បាក់ពេាះគ្រហែតឥតអាហារ។ សុីតែខ្ទុះឈាមនិងលាមក រូបកាយអាក្រក់គួរអនិច្ចា វេទនាខ្លាំងណាស់ក្នុងសង្ខារ មិនដឹងថ្ងៃណានឹងស្រាក់ស្រាន។ នេះហេីយព្រេាះកម្មចិពាឹ្ចមកូន អកុសលនាំខ្លួនឲ្យរំខាន សេាយទុក្ខពុំសុខក្នុងសន្តាន អស់លេាកគ្រប់ប្រាណខំរិះរេ ឥឡូវភ័ទ្របុតខែបុណ្យភ្ជុំ ប្រេតទួញស្រែកយំព្រេាះនឹកកូន យមបាលដេាះលែងឲ្យរួចខ្លួន ទៅរកតាដូនកូនប្រពន្ធ។ អនិច្ចាអេីយអាសូពេក ប្រេតហូរទឹកភ្នែករងទុក្ខធ្ងន់ ទៅរកគ្រប់វត្តខំគយគន់ មិនឃេីញប្រពន្ធកូនខ្លួនឡេីយ។ ឃេីញតែញាតិគេដ័ទៃ គេខំលកលៃម្ហូបអាហារ បាយទឹកនំចំណីទុក្ខជូនដូនតា បរិភេាគកាលណាគេបានឆ្អែតគ្រប់គ្នា។



ឈប់ស្លេះត្រឹមនេះមិននិយាយ ស្តីពីរពួកប្រេតដែលកំព្រា យំសេាកបេាកខ្លួនក្បែរវិហារ រងទុក្ខវេទនាជាអនេក។ យកដៃគក់ទ្រូងទួញយំថា ឱអនិច្ចាខ្លួនខ្ញុំពេក កាលនៅជាមនុស្សខំទូលរែក យប់ថ្ងៃឥតដេកព្រេាះតែកូន។ ឥឡូវធ្លាក់ខ្លួនទៅជាប្រេត គេបានសុីឆ្អែតឥតនឹកនា ឱខ្លួនខ្ញុំអេីយ! សែនវេទនា កំព្រាខ្លេាចផ្សារឈឺចុកចាប់។ ហេតុនេះគួរសង្វេគ អាសូរប្រេតពេកដេកផ្ងាផ្កាប់ ស្រេកឃ្លានខ្លាំងណាស់ស្ទេីនឹងស្លាប់ រៀបរាប់សារស័ព្ទស្រែកទួញថា។ ឱកូនសម្លាញ់មាសឪពុក រូបឪសេាយទុក្ខព្រេាះកូនប៉ា ឥឡូវបាត់កូនទៅទីណា មិនឃេីញយាត្រាមកនឹងគេ។ អ្នកដឹងទេថារូបឪពុក សេាយទុក្ខពុំសុខព្រេាះរូបកូន បំបាត់ជីវិតសត្វឲ្យស្លាប់សូន្យ ឲ្យតែរូបកូនបានសុខសាន្ត។ ឥឡូវដល់ផលកម្មតាមផ្តល់ ផ្តល់ឲ្យឪពុកពុំដែលក្សាន្ត សេាយទុក្ខពុំសុខក្នុសន្តាន គ្មានថ្ងៃស្រាកស្រានម្តងណាឡេីយ។


កូនអេីយកេីតជាមនុស្សស្គាល់ខុសត្រូវ កូនពៅគួរគិតដល់បិតា ស្រេកឃ្លានខ្លាំងណាស់ព្រេាះអត់អាហារ មិនដឹងថ្ងៃណាបានហូបឡេីយ។ ឥឡូវជិតដល់គម្រប់ថ្ងៃ យមបាលមកហៅឪពុកហេីយ ឱកូនសម្លាញ់មាសឪពុកអេីយ កូនអេីយតេីកូននៅទីណា។ បេីមុននឹងឪទៅឪសូមជួប បានហូបមួយម៉ាត់រសអាហារ ស៊ូស្លាប់ទៅចុះស្រស់ជីវា ឪពុកឥតថាទេកូនអេីយ។ ឥឡូវដេីររកគ្រប់តែវត្ត មិនឃេីញមកសេាះកូនពិសី ឪអស់សង្ឃឹមនឹងបានចំណី ឱកូនប្រុសស្រីឪពុកលាហេីយ។

ប្រេតទួញៗទាំងអស់សង្ឃឹម តាំងពីព្រលឹមទល់ព្រលប់ហេីយ ទ្រូងប្រេតថែរថប់ឥតល្ហែល្ហេីយ ម៉េះសម្លាញ់អេីយខានឃេីញមុខ។ រឿងនេះឈប់ស្លេះប៉ុណ្ណេះទៅចុះ បងប្អូនស្រីប្រុសពិចារណា ឃេីញទេរឿងនេះព្រេាះនរណា ព្រេាះតែបុត្រានឹងបុត្រី។ នាំឲ្យឪពុកកេីតជាប្រេត ដេីមហេតុព្រេាះតែនំចំណី រកសុីចព្ចាឹមកូនប្រុសស្រី ដល់ពេលក្សិណក្ស័យរងទុក្ខធំ។ បេីសិនជាយេីងកូនកត្តញ្ញូ ត្រូវតែគិតគូពីររឿងគុណ កុំយកតៀមស្រាធ្វេីស្រែបុណ្យ ប្រយ័ត្នវាធ្ងន់ជាងខ្មេាចឪ។


ខែភ្ជុំដាក់បិណ្ឌមករាប់បាត្រ រៀបចំឲ្យស្អាតម្ហូបចំណី បង្សុកូលឧទ្ទិសដល់តាយាយ ញាតិមិត្តប្រុសស្រីដែលចែកឋាន។ ឲ្យគាត់បានហូបចំណីនំ ដែលធ្វេីដេាយដៃយ៉ាងចំណាន ហូបហេីយកាលណាឲ្យពរបាន សួរស្តីសុខសានដល់កូនចៅ។ រឿងនេះបេីសិនជាអស់លេាកណា មានប្រាជ្ញាបានបំពេញ ផល់នេាះនឹងបានដល់យេីងវិញ សេាយសុខពេាពេញដល់និពា្វនហេាង។

ឈប់ស្លេះសង្ខេបដេាយវាចារ្យ ខ្ញុំពេជ្រសុខាសូមលេីកដៃអភ័យអត់ទេាសញាតិទាំងប្រុសស្រី ខ្ញុំសូមបពា្ចប់ខ្លីតែប៉ុណ្ណឹង។

ឣត្តា ហិ ឣត្តនោ នាថោ កោ ហិ នាថោ បរោ សិយា ឣត្តនា ហិ សុទន្តេន នាថំ លភតិ ទុល្លភំ ។ ខ្លួនជាទីពឹងរបស់ខ្លួន បុគ្គលដទៃជាទីពឹងដូចម្តេចបាន ព្រោះថា បុគ្គលឣ្នកមានខ្លួនហ្វឹកហ្វឺនល្អហើយ រមែងបាននូវទីពឹង ដែលគេបានដោយកម្រ ។

ដោយ៖ ៥០០០ឆ្នាំ



បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។





(វីដេអូ) បរាភវសូត្រ



បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ           ភវន្តំ បុដ្ឋុមាគម្ម កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយមកសូមទូលសួរ           នូវហេតុដែលគួរចម្រើនវិនាស

ប្រុសស្រីក្នុងលោកសន្និវាស​            ដែលនឹងវិនាសសាបសូន្យចាកគុណ ។

ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យ           មេត្តានិមន្តសម្តែងឲ្យទាន

ធម្មជាតិដូចម្តេចដែលជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

១.សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី បរាភវោ

អ្នកដែលចម្រើនតថាគត​ស្គាល់ងាយ           អ្នកដែលអន្តរាយ​តថាគត​ស្គាល់ពិត

អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត           ហើយខំប្រព្រឹត្តនឹងបានចម្រើន ។

អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន           ឥតកើនចម្រើនវិនាសទៅមុខ ។

 

ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ           ទុតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី១ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី២អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

២- អសន្តស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ           អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ

អ្នកដែលស្រឡាញ់ពេញចិត្តសេ្នហា           តែនឹងមនុស្សណាអសប្បុរស

តែងមិនស្រឡាញ់ពេញចិត្តទាំងអស់           នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។

សេចក្តីស្រឡាញ់ពេញចិត្តគំនិត           ហើយទៅគប់មិត្រអសប្បុរស

គាប់ចិត្តក្នុងធម៌ឬមួយរបស់           ហេតុនោះទាំងអស់នាំឲ្យវិនាស ។

 

ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ           តតិយំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី២ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៣អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៣-និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ

អ្នកដេកច្រើន​១និយាយ​ច្រើន​១​           និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង

អ្នកខ្ជិលប្រអូសមិនមានខ្នះខ្នែង           ខឹងច្រើនសម្តែងឲ្យគេឃើញបាន ។

ហេតុធម៌ទាំងនោះមិនជាកល្យាណ           នាំឲ្យខកខានខាតខូចប្រយោជន៍

មានជាប្រធានតិចច្រើនដោយហោច           នាំបង់ប្រយោជន៍ហើយឲ្យវិនាស ។

 

ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ  ចតុត្ថំ ភគវា ព្រូហិ កឹបរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៣ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៤អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៤- យោ មាតរំ បិតរំ វា ជិណ្ណកំ គតយោព្វនំ           បហុសន្តោ ន ភរតិ តំ បរាភវតោ មុខំ

នរជនណាមានទ្រព្យធនធាន           ហើយខ្លួនមិនបានចិញ្ចឹមរក្សា

មាតាបិតាដែលចាស់ជរា           ហេតុនោះទៅជានាំឲ្យវិនាស ។

 

ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ           បញ្ចមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៤ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៥អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៥-យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វកំ មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ

ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ           ពួកស្មូមឬអ្នកដទៃៗ

ដោយមុសាវាទឃ្លាតពាក្យប្រពៃ           នោះប្រធាននៃសេចក្តីវិនាស ។

 

ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ           អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៥ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៦អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៦- បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ   ឯកោ ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ

បុរសអ្នកមានទ្រព្យធនធានច្រើន​           មាសប្រាក់ចម្រើននិងគ្រឿងអាហារ

លបលាក់របស់ដែលឆ្ងាញ់ពិសា           ស៊ីម្នាក់ឯងជាប្រធានវិនាស ។

 

ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ           សត្តមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៦ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៧អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៧-ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ

អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល           ហើយមិនប្រមូលសាច់ញាតិសន្តាន

មើលងាយញតិខ្លួនដោយអាងខ្លួនមាន           នោះជាប្រធានសេចក្តីវិនាស ។

 

ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ   អដ្ឋមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៧ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៨អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៨-ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ     លទ្ធំ លទ្ធំ វិនាសេតិ តំ បរាភវតោ មុខំ

ជនអ្នកប្រព្រឹត្តល្បែងបីប្រការ           ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ

ធ្វើទ្រព្យខ្លួនមានឲ្យអន្តរាយ           ការល្បែងទាំងឡាយនោះនាំវិនាស ។

 

ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ    នវមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៨ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី៩អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

៩- សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ   ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ

ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន           ហើយទៅជាប់ជួននឹងស្រីពេស្យា

ទ្រុស្តនឹងប្រពន្ធកូនជននានា           ហេតុនោះទៅជានាំឲ្យវិនាស ។

 

ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ           ទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី៩ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី១០អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

១០- អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ តស្សា ឥស្សា ន សុបតិ តំ បរាភវតោ មុខំ

បុរសមានវ័យដែលចាស់ហួសពេក​           ហើយមានតម្រេកដោយក្តីតណ្ហា

នាំយកស្រីក្មេងមកធ្វើភរិយា           ហេតុនោះទៅជានាំឲ្យវិនាស ។

 

ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ  ឯកាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី១០ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី១១អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

១១- ឥត្ថី សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ

បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ​           ឬស្រីទាំងឡាយតាំងបុរសនោះ

ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ           អំពើទាំងនោះនាំឲ្យវិនាស ។

 

ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ ទ្វាទសមំ ភគវា ព្រូហិ កឹ បរាភវតោ មុខំ

យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង​           វិនាសនេះឯងព្រោះហេតុដូច្នោះ

ក្តីវិនាសនេះបើរាប់សង្រ្គោះ           វិនាសនោះឈ្មោះទី១១ទាន់ហន់ ។

បពិត្រព្រះអង្គព្រះនាមភគវន្ត           សូមទ្រង់និមន្តសម្តែងឲ្យទាន

វិនាសទី១២អ្វីជាប្រធាន           នាំសត្វឲ្យមានសេចក្តីវិនាស ។

 

១២-អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ​​ សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ

ជនណាកើតក្នុងត្រកូលជាក្សត្រ​           អ្នកក្សត់សម្បតិហើយប្រាថ្នាធំ

ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ           ហេតុនោះនឹងនាំឲ្យដល់វិនាស ។

 

ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ​ អរិយទស្សនសម្បន្នោ សលោកំ ភជតេ សិវំ 

ជនជាបណ្ឌិតគំនិតប្រសើរ​           បានឃើញដំណើរនៃហេតុវិនាស

ដល់សត្វក្នុងលោកសន្និវាស           គេចពីវិនាសគប់រកចម្រើន ។

បរាភវសុត្តំ និដ្ឋិតំ 


បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។





ប្រវត្តិដើមបុណ្យភ្ជុំបិណ្ឌ៣ខែ តែព្រះអង្គឌួងបង្រួមមកត្រឹម១៥ថ្ងៃ… នេះជាមូលហេតុ


ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យប្រពៃណី​ព្រះពុទ្ធ​សាសនា​ដ៏​ធំ​មួយ ដែល​មាន​សារសំខាន់​បំផុត​របស់​ពុទ្ធសាសនិក​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ មិន​ដែល​ខកខាន​ឡើយ​។ ពិធី​បុណ្យ​ដ៏​ធំ​មួយ​នេះ​ចាប់ផ្ដើម​ឡើង​ពី​ថ្ងៃ​១ រោច​ដល់​ថ្ងៃ​១៥​រោច​ខែភទ្របទ ដែល​គេ​ហៅ​ថា បុណ្យ​កាន់បិណ្ឌ ។


ពុទ្ធបរិស័ទ​បាន​ដាក់​វេន​គ្នា ជា​ក្រុម​ៗ ទៅ​តាម​វេន នីមួយ​ៗ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ហើយ​​នៅ​ថ្ងៃ​១៥​រោច គឺជា​ថ្ងៃ​ពុទ្ធបរិស័ទ​ពី​គ្រប់​មជ្ឈដ្ឋាន នាំ​យក​ចង្ហាន់ ចំណីអាហារ​ជួបជុំ​គ្នា​នៅ​តាម​ទី​វត្ត​អារាម ដែល​ជា​ថ្ងៃ​បុណ្យ​ធំ គេ​តែ​ហៅ​ថា បុណ្យ​ភ្ជុំបិណ្ឌ ហើយ​ក៏​ជា​ថ្ងៃ ដែល​មន្ត្រីរាជការ បុគ្គលិក កម្មករ នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​អ្នក​រស់នៅ​ជិត​ឆ្ងាយ ត្រូវ​បាន​ឈប់​សម្រាក​ដើម្បី​បាន​ជួបជុំ​បងប្អូន ញាតិ​មិត្ត សាច់សាលោហិត​របស់​ខ្លួន ក្នុង​រដូវ​ភ្ជំបិណ្ឌ​នេះ ។

ម្យ៉ាងទៀត​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ គឺជា​បុណ្យ​ទក្ខិណានុប្បទាន​មួយ ដែល​ប្រជា​ពុទ្ធ​បរិស័ទ ធ្វើ​ឡើង​នៅ​រដូវ​កាលដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈពេល​មួយ​ត្រីមាស ដើម្បី​ទំនុកបម្រុង​ព្រះសង្ឃ ដោយ​ចង្ហាន់​បិណ្ឌ​បាត្រ​ផង បច្ច័យបួន​ផង ដែល​ពុទ្ធកាល​នា​សម័យ​កាល​នោះ គេ​មិន​បាន​ហៅ​ថា បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដូច​យើង​ទេ គឺ​គេ​ហៅ​ថា បុណ្យ​ប​វារណ​បច្ច័យបួន​ដល់​ព្រះសង្ឃ ។


ដោយឡែក​នៅ​ក្នុង​កម្ពុជរដ្ឋ​យើង នា​រជ្ជកាល​ព្រះបាទ​អង្គឌួង នៅ​ឆ្នាំ​១៨៤៨-១៨៥៩ ដែល​ព្រះ​អង្គ​គឺជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម ក្នុង​ការ​ដឹកនាំ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ដោយ​ព្រះ​អង្គ​ឈ្វេងយល់​ឃើញ​ថា ការ​រៀបចំ​ពិធីបុណ្យ​នេះ​មិន​អាច​ធ្វើ​រយៈពេល​៣​ខែ​បាន​ឡើយ ដោយ​ប្រជានុរាស្ត្រ​ជាប់រវល់​ក្នុង​ការងារ​បង្កបង្កើន​ផល ប្រកប​មុខរបរ ផ្សេង​ៗ​ចិញ្ចឹមជីវិត ព្រះ​អង្គ​ក៏​បាន​កំណត់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ គោរព​ប្រតិបត្តិ​តែ​រយៈពេល​១៥​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ប្រជាពលរដ្ឋ​យើង​មួយ​ចំនួន​ធំ បាន​បញ្ចប់​ពី​ការងារ​បង្កបង្កើន​ផល ហើយ​ក៏​ជា​រដូវ​ទឹក​ឡើង​ផង​ដែរ ។

ការ​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​មហាកុសល​ជូន​ដល់ ពពួក​ប្រេត និង​លោក​អ្នក​មានគុណ មាន​មាតាបិតា ជីដូន ជីតា ញាតកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​បាក់បែក​ចែក​ឋាន ទៅ​កាន់​បរលោក​ទៅ​ហើយ​នោះ ។


អំពី​ការ​បោះ​បាយបិណ្ឌ​នេះ​ជនជាតិ​ខ្មែរ​យើង​មួយ​ចំនួន​យល់​ថា វា​មិន​សម​ហេតុផល​ទេ តែ​មាន​អ្នកប្រាជ្ញ​មួយ ចំនួន​បាន​គូសបញ្ជាក់​ថា ការ​បោះ​បាយបិណ្ឌ គឺជា​ការ​ឧទ្ទិស​ជូន​ដល់​ពពួកសត្វ​ប្រេត​ទាំងពួង គឺ​វា​មិន​ទាស់​ខុស​អ្វី​ទេ ពីព្រោះ​ថា ពពួកសត្វ​ប្រេត​មាន​ច្រើន​ពួក​ណាស់ ដែល​មាន​ប្រភេទ ខុស​ៗ​គ្នា ដែល​ធ្វើ​ឲ្យ​យើង​មាន​ពិធី​បោះ​បាយបិណ្ឌ​នេះ​ឡើង ដោយ​ពពួកសត្វ​ប្រេត​ខ្លះ​មិន​អាច​ទទួល​អាហារ​ស្អាត​ល្អ​បាន​ទេ ទាល់តែ​មាន​លក្ខណៈ​ស្មោកគ្រោក ដោយ​មាន​ប្រឡាក់​ដោយ​ភក់ជ្រាំ ឬ​កាក​សំណល់​អសោចិ៍ ទើប​ពពួកសត្វ​ប្រេត​ទាំងនោះ​យក​ទៅ​បរិភោគ​បាន ។


អ្នកប្រាជ្ញ​មួយ​ចំនួន​ក៏​បញ្ជាក់​ថា ការ​បោះ​បាយបិណ្ឌ​នេះ ជា​លក្ខណៈ​ខ្ជះខ្ជាយ​គ្មាន​ការ​សន្សំ​សំចៃ​នូវ​គ្រឿង ឧបភោគបរិភោគ ស្បៀងអាហារ​ប្រចាំ​ថ្ងៃ ហើយ​ការ​បោះ​បាយបិណ្ឌ​នេះ គឺជា​ការ​ឥត​​ប្រយោជន៍ ហើយ​ដែល​ធ្វើ​ឲ្យ​មាន​ផល​វិបត្តិ និង​ប៉ះពាល់​បរិស្ថាន​នៅ​ជុំវិញ​ព្រះ​វិហារ ដែល​អាច​ឲ្យ​យើង​គ្រប់​រូប​ទទួល​នូវ​បាបកម្ម​ទៀត​ផង ។ ដូច្នេះ​ពិធីបុណ្យ​នេះ​យើង​ធ្វើ​ទៅ​ដោយ​សេចក្តី​គោរព បង្អោនកាយ វាចា​ចិត្ត ឆ្ពោះទៅ​រក​ប្រេត​ជន ជា​ញាតកា​ទាំង​ប្រាំពីរ​សន្ដាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក និង​ជួយ​រំដោះ​ឲ្យ​រួច​ចាក​ផុត​ពី​ទុក្ខទោស​ទាំងឡាយ ឧបាយ​ភូមិ​ណាមួយ និង​ឲ្យ​បាន​ទៅ​កាន់​សុគតិភព ហើយ​ងាក​ក្រោយមក​ជួយ​បីបាច់​ថែរក្សា កូនចៅ ឲ្យ​មាន​សេចក្តីសុខ​សប្បាយ​ក្នុង​ក្រុម​គ្រួសារ សង្គម​ជាតិ​ផង​ដែរ ។

ដោយ​កត្តា​នេះ​ហើយ ទើប​នៅ​វេលា​ទៀប​ភ្លឺ​នោះ នៅ​តាម​ទី​វត្ត​អារាម យើង​សង្កេត​ឃើញ​មានការ​ជួបជុំ​គ្នា របស់​បងប្អូន​ពុទ្ធបរិស័ទ ទាំង​ចាស់ ក្មេង​ប្រុស​ស្រី ក្រោក​ឡើង​ពី​យប់​មក​កាន់​ទី​វត្ត ដោយ​នៅ​នឹង​ដៃ មាន​កាន់​នូវ​ចាន​បាយ​ពំនូត បាយបិណ្ឌ ដែល​បាន​សូន​ជា ដុំ​ៗ តូច​ៗ មាន​ប្រឡាក់​ទៅ​ដោយ​គ្រាប់ល្ង ព្រមទាំង​មានការ​ដោត​ភួងផ្កា និង​ការ​ដុត​ទៀន ធូប ដើម្បី​ឧទ្ទិស​មគ្គផល​កុសល​ផល​បុណ្យ និង​វិញ្ញាណក្ខន្ធ​ដល់​លោក​អ្នក​មានគុណ​ដែល​បាន​ចែក​ឋាន​ទៅ​។

បន្ទាប់​ពី​ព្រះសង្ឃ​ស្មូត​នូវ​បរាភវ​សូត្រ ចប់​ផ្សព្វ​គ្រប់​ហើយ​នោះ លោកតា​អាចារ្យ ពុទ្ធបរិស័ទ​បាន​កាន់​នូវ​បាយបិណ្ឌ​ទាំងនោះ​ប្រទក្សិណ​បី​ជុំ​ព្រះ​វិហារ ដោយ​មានការ​បោះ​បាយបិណ្ឌ នៅ​គ្រប់​ទិស​ទី​ព្រះ​វិហារ ដើម្បី​ឧ​ទិ្ទ​ស​ជូន​ដល់​ក្រុម​ប្រេត​ទាំងឡាយ​ណា ឬ​ខ្មោច ដែល​គ្មាន​ញាតិ​មិត្ត ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ឲ្យ​បាន​ទទួល​អាហារ​ទាំងនេះ​ទទួលទាន នៅ​មុន​ពេល​មេឃ​ជិត​ភ្លឺ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព៖ កោះសន្តិភាព



បុណ្យ​ស្រដៀង​គ្នា​នេះ

ភ្ជុំបិណ្ឌ ជាពិធីបុណ្យរបស់កម្ពុជា។ ប៉ុន្តែ ក៏មានពិធីបុណ្យសម្រាប់ឧទិសកោសលផលបុណ្យដែលមានភាពស្រដៀងគ្នានេះដែរ ដូចជានៅ សេរីលង្កា(ឧ. ការឧទិសដល់អ្នកដែលស្លាប់) ហើយក៏វាមានភាពប្រហាក់ប្រហែលគ្នាទៅនឹង Ghost Festival នៅ​តៃវ៉ាន់ផងដែរ (ដែល​វា​ទាក់​ទង​ទៅ​នឹង​ការ​បើក​ទ្វានរក​ យមរាជ ជាដើម)។








រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអាជ្ញាធរឡាវជួយសង្គ្រោះនារីខ្មែរ៧រូប ដែលរងគ្រោះដោយការជួញដូរបានទាន់ពេលវេលា, អាជ្ញាធរពាក់ព័ន្ធកំពុងបន្តខិតខំប្រឹងប្រែងដើម្បីនារីរងគ្រោះអាចវិលត្រឡប់មកកម្ពុជាវិញបានឆាប់រហ័ស

(ភ្នំពេញ)៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ 

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។ 

ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។  ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ  ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។ 

រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ៦ រូបត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១ រូបទៀត។ 

ការជួយសង្គ្រោះនារីខ្មែរទាំង៧រូបនេះ បានបង្ហាញឱ្យឃើញពីចំណាត់ការដ៏រហ័សរហួន និងការយកចិត្តទុកដាក់របស់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាពិសេសមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានគិតគូរខ្ពស់អំពីសុវត្ថិភាព ទុក្ខលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ មិនថានៅបញ្ហាធំប៉ុណ្ណា លំបាកយ៉ាងណា ឬឆ្ងាយដល់ណានោះឡើយ ឱ្យតែរាជរដ្ឋាភិបាលបានដឹង គឺមិនព្រងើយកន្តើយទុកពលរដ្ឋចោលនោះទេ គឺប្រឹងប្រែងអស់លទ្ធភាព ដើម្បីជួយពួកគេ។ 

នារីរងគ្រោះទាំង៦រូបដែលបានសង្គ្រោះរួច បានបង្ហាញក្តីរំភើបរីករាយជាពន់ពេកបានរួចផុតពីការជួញដូរ ជាពិសេសទទួលបានកិច្ចអន្តរាគមន៍យ៉ាងរហ័សពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងអាជ្ញាធរកម្ពុជា។ ពួកគេបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាអាជ្ញាធររបស់កម្ពុជា ក្នុងនោះរួមមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវដែលបានខ្នះខ្នែងជួយសង្គ្រោះពួកគេឱ្យរួចផុតពីគ្រោះថ្នាក់ និងអាចបានត្រឡប់មកកាន់ប្រទេសកំណើតវិញ៕