Monday, November 01, 2021

វិភាគអន្តរជាតិ៖ មុនចប់អាណត្តិ, តើលោក មូន ចែអ៉ីន អាចផ្សះផ្សាជាមួយកូរ៉េខាងជើង បានដែរឬទេ?


(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន កាលពីឆ្នាំ២០១៧កន្លងទៅ បានប្រកាសពីមហិច្ឆតារបស់លោកក្នុងការស្វែងរកការផ្សះផ្សាជាតិជាមួយកូរ៉េខាងជើង និងសន្ធិសញ្ញាសន្តិភាពបិទបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ ក្រោមគំនិតផ្ដួចផ្ដើមសន្តិភាពកូរ៉េ (Korea Peace Initiative) ឬហៅកាត់ថា KPI។ សង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ មិនទាន់ត្រូវបានបញ្ចប់ឡើយនៅលើក្រដាស ដែលនេះមានន័យថាជាលក្ខណៈបច្ចេកទេស មកទល់នឹងសព្វថ្ងៃ កូរ៉េខាងជើង និងចិននៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមជាមួយ កងទ័ពអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។


សង្រ្គាមកូរ៉េត្រូវបានបញ្ចប់នៅក្រោមបទឈប់បាញ់មួយតែប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពនោះទេ។ អាណត្តិជាប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោក មូន ចែអ៉ីន នឹងត្រូវ បញ្ចប់នៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ហើយចាប់ពីពេលនេះតទៅវាជាឱកាសចុងក្រោយបំផុតដើម្បីសម្រេចមហិច្ឆតារបស់លោក។ នៅក្នុងការគិតរបស់លោក មូន ការប្រកាសបញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការគឺជាសន្លឹកបៀរចុងក្រោយនៅក្នុងការបង្កើតកម្លាំងចលករមួយ ដោយមិនមែនត្រឹមតែដើម្បីបើកកិច្ចសន្ទនាឡើងវិញរវាងកូរ៉េទាំង២ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការល្បួងឱ្យទីក្រុងវ៉ាស៊ីនតោនផ្ដល់សំណើជាក់លាក់ និងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចាស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។


តែទោះជាយ៉ាងណាក៏ដោយ, ក្រុមអ្នកជំនាញភាគច្រើនសឹងតែមិនជឿឡើយថាកូរ៉េខាងត្បូង និងកូរ៉េខាងជើងអាចនឹងសម្រេចបានសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ នៅចុង បញ្ចប់ ឬនៅក្រោយអាណត្តិរបស់លោក មូន ចែអ៉ីន។ សន្ធិសញ្ញាសន្តិភាព ឬបទឈប់បាញ់គឺសុទ្ធតែជាកិច្ចព្រមព្រៀងនយោបាយមួយដែលពិបាកនឹងសម្រេចបានខ្លាំងណាស់ នៅពេលវាលូកឡំជាមួយប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ពួកមហាអំណាច។ បែបនេះថាតើគេអាចរំពឹងអ្វីខ្លះពីអាណត្តិនៅសេសសល់ ហើយអ្វីទៅជាជំហានបន្ទាប់របស់


លោក មូន? នៅត្រង់នេះវាមានហេតុផលសំខាន់៣ ត្រូវពិចារណា៖


ជាដំបូង លោក មូន ចែអ៉ីនត្រូវបានគេរំពឹងថាមានបំណងប្រកាសពីការបញ្ចប់សង្រ្គាមកូរ៉េនៅមុនខែឧសភា ឆ្នាំ២០២២ ជាពិសេសនាឱកាសនៃការបើកកិច្ចប្រជុំពិគ្រោះយោបល់ សន្តិសុខលើកទី៥៣ រវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងទីក្រុង សេអ៊ូល នៅដើមខែធ្នូ ឆ្នាំ២០២១នេះ។ សន្តិភាពរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងត្រូវបានក្រុមអ្នកជំនាញមើលឃើញខុសៗគ្នា ដោយខ្លះគិតថាកូរ៉េខាងជើងអាចប្រើប្រាស់វា បំបែកបាក់សម្ព័ន្ធភាពរវាងអាមេរិក និងកូរ៉េខាងត្បូង រីឯខ្លះទៀតយល់ថាវាជាឱកាសមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនបន្ធូរបន្ថយបន្ទុកការពារកូរ៉េខាងត្បូង និងបង្វែរធនធានយកទៅ ចំណាយលើយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិន។


ទី២៖ ដើម្បីល្បួងសហរដ្ឋអាមេរិក, លោក មូន ចែអ៉ីន អាចនឹងធ្វើការប្ដេជ្ញាចិត្តបង្កើនការចូលរួមរបស់កូរ៉េខាងត្បូងនៅក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកតាមការចង់បាន ពីលោក ចូ បៃដិន។ ជាឧទាហរណ៍ជាក់ស្ដែង, កងនាវាកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះបានដឹកនាំការធ្វើសមយុទ្ធយោធាជាមួយសហភាពអឺរ៉ុប និងប្រទេសអូម៉ង់នៅក្នុងតំបន់ មហាសមុទ្រឥណ្ឌា ព្រមទាំងបានអះអាងពីគម្រោងផលិតនាវាផ្ទុកយន្ដហោះចម្បាំងខ្នាតតូច ដែលតាមរយៈសកម្មភាពទាំងនេះលោក មូន ចង់បង្ហាញថាកូរ៉េខាងត្បូងមាន សមត្ថភាពចូលរួមក្នុងប្រតិបត្តិការនានាដឹកនាំដោយសហរដ្ឋអាមេរិក។


ទី៣៖ លោក មូននឹងប្រឹងប្រែងកសាងទំនុកចិត្តថ្មីមួយរវាងយោធានៃប្រទេសកូរ៉េទាំង២ ស្របពេលក្រុមអ្នកជំនាញខ្លះលើកឡើងនូវផែនការបង្កើតតំបន់សន្តិភាពមួយនៅឯតំបន់ ព្រំដែនគ្មានយោធាអន្តរកូរ៉េ, បើកផ្លូវរថភ្លើងឡើងវិញរវាងកូរ៉េទាំង២, សាងសង់ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ រួមទាំងបើកសួនឧស្សាហកម្មកេសុងនៅក្នុងប្រទេសកូរ៉េខាងជើង ឡើងវិញ។


ទាំងនេះគ្រាន់តែជាមហិច្ឆតាមួយរបស់លោក មូនតែប៉ុណ្ណោះ ព្រោះអ្វីដែលសំខាន់បំផុត នោះគឺគេចង់ដឹងថាតើកូរ៉េខាងជើង, អាមេរិក និងចិនយល់ឃើញ ឬបកស្រាយបែបណា ចំពោះសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ? ផែនការសន្តិភាពរបស់លោក មូន ចែអ៉ីនក៏ទទួលរងការរិះគន់ពីក្រុមអ្នករិះគន់ខ្លះផងដែរដោយសារតែតាមរយៈសន្ធិសញ្ញានេះ ពួកគេយល់ថាកូរ៉េខាងជើងអាចនឹងកាន់តែមានទឹកមាត់ប្រៃ និងភាពស្របច្បាប់ក្នុងការស្នើឱ្យសហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកូរ៉េខាងត្បូង។ បើតាមលោក មូន សន្ធិសញ្ញាសន្តិភាពប្រកាសសង្រ្គាមមិនមែនចង់សំដៅលើការដកកងទ័ពអាមេរិក ហើយការដកកងទ័ពនេះទៀតសោត វាអាស្រ័យលើការសម្រេចចិត្តទាំងស្រុងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។


សម្រាប់កូរ៉េខាងជើង វត្ដមានកងទ័ពអាមេរិក ២៨,៥០០នាក់ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូងគឺជាការគំរាមកំហែងមួយដល់របបដឹកនាំលោក គីម ជុងអ៊ុន ហើយ ដើម្បីធានាសុវត្ថិភាព និងភាពគង់វង្សយូរអង្វែងនៃរបបដឹកនាំលោក គីម កូរ៉េខាងជើងមានតែប្រឹងអភិវឌ្ឍសមត្ថភាពយោធា រហូតដល់ធានាបានថាអាចកំញើញកុំឱ្យអាមេរិកហ៊ាន បើកការវាយប្រហារ។ សហរដ្ឋអាមេរិកតែងតែលើកឡើងជារឿយៗថាសន្តិភាពនឹងកើតឡើងភ្លាមៗ ប្រសិនបើកូរ៉េខាងជើងយល់ព្រមរំសាយ ឬបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែការពិតទៅ ទោះជាកូរ៉េខាងជើងយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ អាមេរិកឯណាទៅយល់ព្រមដកកងទ័ពរបស់ខ្លួនចេញពីកូរ៉េខាងត្បូងពីព្រោះថាវត្តមានកងទ័ពនេះ មិនមែនសម្រាប់តែការពារកូរ៉េខាងត្បូងប៉ុណ្ណោះទេ ពោលគឺអាមេរិកក៏ទុកសម្រាប់តាមដានសកម្មភាពយោធាចិន និងរុស្ស៊ី ក៏ដូចជារក្សាឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់ដែរ ហើយនេះមិនទាន់រាប់ទាំងវត្តមានកងទ័ពអាមេរិកនៅលើទឹកដីជប៉ុនផង។


ការរំសាយអាវុធនុយក្លេអ៊ែរ និងការដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូងសុទ្ធតែជាបញ្ហាដែលគេមើលឃើញថាទាំងអាមេរិក និងកូរ៉េខាងជើងមិនព្រមថយម្នាក់មួយជំហាន នោះទេ ហើយបូករួមទាំងការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដឹកនាំដោយសហរដ្ឋអាមេរិក និងការប្រជែងឥទ្ធិពលគ្នារឹតតែខ្លាំងរវាងអាមេរិក និងចិននៅក្នុងតំបន់វានឹង កាន់តែធ្វើឱ្យកូរ៉េខាងជើងត្រូវការអាវុធនុយក្លេអ៊ែរជាងមុនទៀតផង ដើម្បីធានាសុវត្ថិភាពរបស់ខ្លួន។ ការធ្វើតេស្ដមីស៊ីលរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងនាពេលថ្មីៗនេះអាចឱ្យ គេយកមកធ្វើជាសំអាងបានថាការរត់ប្រណំាងសព្វាវុធលើឧបទ្វីបកូរ៉េចាប់ផ្ដើមដុះជាពន្លកហើយ។ បើបែបហ្នឹងមែន តើសន្ធិសញ្ញាមួយដែលមិនអាចធានាបាននូវការរំសាយ អាវុធនុយក្លេអ៊ែរ ឬការដកកងទ័ពអាមេរិកចេញពីឧបទ្វីបកូរ៉េ អាចនាំមកនូវសន្តិភាពយ៉ាងដូចម្ដេចទៅ?


ម្យ៉ាងវិញទៀត, សូម្បីតែរបបដឹកនាំលោក គីម ជុងអ៊ុន ក៏គេមិនប្រាកដថាមានឆន្ទៈចុះសន្ធិសញ្ញាសន្តិភាពកូរ៉េខាងត្បូងដែរ។ អ្វីដែលលោក គីម ជុងអ៊ុនត្រូវការគឺធ្វើយ៉ាងណាឱ្យ របបដឹកនាំរបស់លោកប ន្តរស់រានមានជីវិត ហើយកូរ៉េខាងជើងនៅតែស្ថិតនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូលគីម ជាជាងផ្សះផ្សា ឬក៏បង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ដ្បិត សន្ធិសញ្ញាសន្តិភាពអាចនឹងបង្កគ្រោះថ្នាក់ដល់របបដឹកនាំរបស់លោកក៏ថាបាន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ, របបដឹកនាំលោក គីម បានទម្លាក់កំហុសទាំងស្រុងថាទណ្ឌកម្ម សេដ្ឋកិច្ចរបស់អាមេរិកជាដើមហេតុចម្បងនៃវិបត្តិស្ទើរគ្រប់យ៉ាងនៅក្នុងប្រទេសកូរ៉េខាងជើង និងបង្ខំឱ្យខ្លួនត្រូវអភិវឌ្ឍយោធាឱ្យខ្លាំងក្លាប្រឆាំងនឹងការឈ្លានពានណាមួយពី សំណាក់ទីក្រុងវ៉ាស៊ីនតោន។ និយាយឱ្យងាយស្ដាប់ ប្រសិនទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោនមានសន្តិភាពនឹងគ្នាតាមរយៈសន្ធិសញ្ញសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ នោះ 

លោក គីមមុខជាត្រូវរកហេតុផលផ្សេងមកទទួលខុសត្រូវចំពោះ វិបត្តិទាំងឡាយដែលរដ្ឋាភិបាលរបស់លោកមិនអាចដោះស្រាយបាន។


ដូច្នេះសំណួរថាតើសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមកូរ៉េ ឬក៏ថាតើកូរ៉េទាំង២ អាចផ្សះផ្សារគ្នាបានទេ? វាប្រហែលជាមិនមានចម្លើយជាក់លាក់ទេ ហើយនៅតែមានសំណួរច្រើន ជាងចម្លើយដដែល នៅរាប់សិបឆ្នាំទៅមុខទៀត។ ប្អូនស្រីរបស់លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូ ចុងធ្លាប់បាននិយាយកាលពីចុងខែកញ្ញាកន្លងទៅថាទីក្រុងព្យុងយ៉ាងនឹង ពិចារណាចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េជាថ្មី ហើយនឹងប្រកាសបញ្ចប់សង្រ្គាមកូរ៉េ ប្រសិនបើទីក្រុងសេអ៊ូលឈប់ដើរតាមនយោបាយអរិភាពដូចសហរដ្ឋអាមេរិក។ យ៉ាងណា ក៏ដោយ សាររបស់អ្នកនាងត្រូវបានគេមើលឃើញថាមានចេតនាចង់បានសម្បទានពីលោក មូន ជាជាងចង់បានកិច្ចព្រមព្រៀងសន្តិភាពក្នុងពេលអនាគតដ៏ខ្លី៕


ប្រភព៖ Diplomat (ថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១)

ដោយៈ Fresh News 




ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ



(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំនេះ ស្របពេលកម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩បាន១០លាននាក់ហើយ ស្មើ១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។


នៅក្នុងឱកាសប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុ៥ឆ្នាំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជូនជនរួមជាតិអស់ប្រមាណជាង៤ម៉ោង។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង កម្ពុជាកំពុងពិភាក្សាគ្នាដើម្បីយកវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរ កំពុងធ្វើនៅប្រទេសថៃ


* សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ចតាមដានផេករបស់សម្ដេច ហើយឆ្លើយតបចំពោះអ្នកខំមិនក្នុងករណីពាក់ព័ន្ធស្ថាប័ន ឬជំនាញខ្លួន


* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីម្ដងទៀត នៅពេលមានប្រជាពលរដ្ឋចង់ទៅចាក់វ៉ាក់សាំង ពេទ្យមិនតម្រូវពិនិត្យឯកសារអ្វីទាំងអស់ លើកលែងអ្នកមានបញ្ហាសុខភាព


* សម្ដេចតេជោ ហ៊ុន សែន បន្ដណែនាំឲ្យបន្ដចាក់ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ដោយមិនត្រូវរើសអើងចំពោះអ្នកដែលមិននៅមូលដ្ឋានរបស់ខ្លួននោះឡើយ


* សម្ដេចតេជោ ហ៊ុន សែន ណែនាំលោកស្រី ឱ វណ្ណឌីន បន្ដណែនាំទៅតាមបណ្ដាខេត្ត ឲ្យបន្ដចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលសនៅសេសសល់


* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស


* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទដែលតា នៅកម្ពុជា មានជាង១៥៦០០ករណី


* សម្ដេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ តែ៤ប្រភេទប៉ុណ្ណោះ ដែលជាស្ថានភាពមួយល្អជាងបណ្ដាប្រទេសផ្សេង


* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាកំពុងចាប់ផ្ដើមចាកចេញពីជំងឺកូវីដ១៩


* សម្ដេចតេជោ ហ៊ុន សែន បន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវខ្លាចជ្រុល ហើយក៏មិនត្រូវប្រហែលជ្រុលដូចគ្នា


* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតថា ពេលនេះកម្ពុជាស្ថិតក្នុងស្ថានភាពរឹងមាំ ក្នុងការចាកចេញពីជំងឺកូវីដ១៩ ទៅតាមប្រក្រតីភាពថ្មី ដើម្បីបើកឡើងវិញនូវសកម្មភាពសង្គមសេដ្ឋកិច្ច


* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ បានជះឥទ្ធិលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក


* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា គិតត្រឹមថ្ងៃម្សិលមិញ កម្ពជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១១៨,២២នាក់ មានអ្នកស្លាប់ចំនួន២,៨៨៨នាក់


* សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគិតប្រជាពលរដ្ឋ១៦លាននាក់ ហើយចំនួនឆ្លងបច្ចុប្បន្ននេះ អត្រាឆ្លងជំងឺកូវីដ១៩ មាន០.៧៤ភាគរយ, ខណៈបើគិតអ្នកស្លាប់មានត្រឹម០.០១៧ភាគរយ


* សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសិក្សាដើម្បីប្រៀបធៀបអ្នកឆ្លងជំងឺកូវីដ១៩ ជាមួយប្រទេសដទៃ ដើម្បីដឹងថា តើការឆ្លងបច្ចុប្បន្នមានចំនួនច្រើន ឬតិច


* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅអាមេរិកអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងប្រជាពលរដ្ឋកម្ពុជាទៅទៀត ប៉ុន្ដែបើធៀបប្រជាជនរបស់គេ គឺមានត្រឹមជាង១៤ភាគរយប៉ុណ្ណោះ


* សម្ដេចតេជោ ហ៊ុន សែន បន្ដណែនាំឲ្យស្វែងរកវិធីព្យាបាលជំងឺកូវីដ១៩ ដើម្បីកុំឲ្យមានអ្នកស្លាប់


* សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសិក្សាថា អត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅកម្ពុជា ខ្ពស់ជាងនៅអាមេរិក និងបណ្ដាប្រទេសមួយចំនួនទៀត ដែលទាមទារឲ្យមានការចិត្តទុកដាក់ខ្ពស់បំផុត


* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានៅអំឡុងពេលកូវីដផ្ទុះឡើង កម្ពុជាបានឆ្លងកាត់៤ដំណាក់កាល ទាំងការទប់ស្កាត់ការឆ្លង, ទប់ស្កាត់ការឆ្លងចូលសហគមន៍, បង្កើនភាពស៉ាំ និងបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច


* សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ


* សម្ដេចតេជោ ហ៊ុន សែន បង្ហើបពីការចង់សាកល្បងបើកដំណើរការខារ៉ាអូខេឡើងវិញ ខណៈវិស័យផ្សេងបានបើកដំណើរការឡើងវិញហើយ


* សម្ដេចតេជោ ហ៊ុន សែន ផ្ដាំអ្នកដែលប្រមាថអាយុជីវិតសម្ដេច សូមប្រយ័ត្នសុខភាពខ្លួនឯង ប្រយ័ត្នស្លាប់មុនសម្ដេច


* សម្ដេចតេជោ ហ៊ុន សែន រំលឹកពីរឿងរ៉ាវមួយចំនួន ក្នុងការស្រាវជ្រាវរុករកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ នៅដំណាក់កាលដំបូងដែលកម្ពុជាមានឆ្លង


* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាចាយលុយសម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលកូវីដ១៩ ប្រមាណជា៤០០លាន


* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាដល់សពអ្នកស្លាប់ដោយកូវីដ ចំនួន២លានរៀល ហើយ១លានរៀល សម្រាប់ការបញ្ចុះសព


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចធាក់កង់ម្តងៗមានរយៈពេល៨០នាទី ឬអាចមានចម្ងាយ៥០គីឡូម៉ែត្រ


* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីថា បើសិនជាសម្តេចជឿលើ សម្តេចពិជ័យ យើងនឹងចាក់វ៉ាក់សាំងចំណេញពេលវេលាបាន១ខែ


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើធ្វើប្រជាមតិ ចំពោះការចាក់វ៉ាក់សាំង ក្រុមប្រឆាំងដែលឃោសនាមិនឱ្យពលរដ្ឋចាក់វ៉ាក់សាំង នឹងចាញ់ រកសំឡេងគ្មានឡើយ ព្រោះពលរដ្ឋទាំងអស់ចង់ចាក់វ៉ាក់សាំង


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «វ៉ាក់សាំងកាតព្វកិច្ច» ជាពាក្យដែលសម្តេចប្រើប្រាស់មុនគេ ឥឡូវប្រទេសផ្សេងៗបានយកទៅប្រើ និងអនុវត្ត


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ខូវ៉ាក់សន្យាឱ្យវ៉ាក់សាំងឱ្យកម្ពុជា ៧លានដូស ប៉ុន្តែពេលនេះទើបនឹងទទួលបានតិចតួចប៉ុណ្ណោះ


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យើងទទួលបានការសន្យាផ្គត់ផ្គង់ និងផ្តល់វ៉ាក់សាំងរហូតដល់ជាង៤៧.២លាន ប៉ុន្តែរហូតដល់ពេលនេះ យើងទទួលបានជាង៣៨លានដូស ក្នុងនោះកម្ពុជាទិញផ្ទាល់២៨លានដូស


* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើវ៉ាក់សាំងអត់ទាន់មកដល់ដីកម្ពុជា សម្តេចមិនទាន់រាប់ចូលបញ្ជីដាច់ខាត


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «បើខ្ញុំមិនយកអំណាចជាអគ្គបញ្ជាការ ដើម្បីដឹកនាំបញ្ជាការចាក់វ៉ាក់សាំងទេ ម្ល៉េះពេលនេះយើងនឹងមិនបានជោគជ័យ ក្នុងការចាក់វ៉ាក់សាំងទូទាំងប្រទេសនោះទេ»


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចការចាក់វ៉ាក់សាំងមិនទាន់ចប់នៅឡើយទេ យើងត្រូវបន្តចាក់ដូសទី២ ជូនអ្នកដែលចាក់ដូសទី១រួចហើយ និងចាក់ដូសទី១ ជូនអ្នកដែលមិនទាន់បានចាក់ ដែលនៅសេសសល់


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អូស្ត្រាលី ត្រៀមបញ្ជូនវ៉ាក់សាំង Pfizer ២លានដូសមកកម្ពុជា ប៉ុន្តែត្រូវបញ្ជាក់ឱ្យច្បាស់ថា មកឬមិនមក? ខណៈនាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងមកកម្ពុជាដើម្បីប្រជុំនៅឆ្នាំក្រោយ


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះជាទេសចរបរទេសមិនទាន់មាន តែទេសចរផ្ទៃក្នុងត្រូវតែបើកដូច្នេះដើរលេងទៅ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តែយ៉ាងណាយើងត្រូវតែខ្លាចខ្លះរឿងបើកឱ្យទេសចរបរទេសចូល កុំហ៊ានជ្រុល


* សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់ហាងទាំងអស់យោគយល់ចំពោះ អ្នកដែលមិនទាន់មានកាតវ៉ាក់សាំង ដោយសារតែអ្នកចាក់មួយចំនួន មិនទាន់ទទួលបបាន តែថ្ងៃក្រោយត្រូវតែទាមទារកាតវ៉ាក់សាំង ចាំឱ្យចូលហាង


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៤ ដែលនាំឱ្យកម្ពុជា អាចបើកឱ្យមានដំណើរការប្រទេសឡើងវិញ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក៏បានទិញឱសថព្យាបាលជំងឺកូវីដ១៩ របស់អាមេរិក សម្រាប់ព្យាបាលអ្នកជំងឺ៥ម៉ឺននាក់ផងដែរ មិនមែនប្រើប្រាស់ តែឱសថចិននោះទេ


* សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលនេះសម្តេចមានអនាគតចៅប្រសារម្នាក់


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រៀមដាក់ចេញនូវយុទ្ធសាស្រ្តជាតិ នៃការរស់នៅតាមបែបគន្លងថ្មីឆាប់ៗនេះ


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា បើជួបនូវជំងឺឆ្លងថ្មីទៀតនាពេលខាងមុខ គឺភាគតិចណាស់ដែលយើងនឹងបិទប្រទេសទាំងមូលម្តងទៀត ព្រោះយើងឆ្លងកាត់បទពិសោធដ៏ឈឺចាប់រួចហើយ


* សម្តេចតេជោ ហ៊ុន សែន បានផ្តាំថា ទៅថ្ងៃខាងមុខបើមានបុគ្គលម្នាក់ឆ្លងជំងឺនៅផ្សារមួយ យើងមិនបិទផ្សារទាំងមូលទេ គឺអាចបិទត្រឹមតូបរបស់គាត់ ឬបាញ់ថ្នាំសម្លាប់មេរោគប៉ុណ្ណោះ


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មួយជីវិតនេះសម្តេចមិនដែលស្គាល់ KTV នោះទេ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះ រាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ ដើម្បីកែប្រែវិបត្តិ មកជាឱកាសឡើងវិញ


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងទៅសម្ពោធអគារថ្មីក្រសួងរៀបចំដែនដី នៅថ្ងៃទី០៨ ខែវិច្ឆិកា ហើយបន្តសម្ពោធសមិទ្ធផលផ្សេងៗបន្តបន្ទាប់ទៀត ស្របតាមការបើកប្រទេសឡើងវិញ


* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងបន្តចាក់ដូសទី៤ បើស្ថានភាពតម្រូវឱ្យចាក់ហើយកម្ពុជានឹងត្រៀមខ្លួន


* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្រាប់អ្នកមិនទាន់បានចាក់វ៉ាក់សាំង គឺអាចទៅចាក់នៅទីណាក៏បាន ហើយកន្លែងចាក់វ៉ាក់សាំងនៅតែរក្សាទុកដដែល


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលស្លាប់ដោយកូវីដ១៩ នៅកម្ពុជា គឺមាន៥៩ភាគរយ មិនបានចាក់វ៉ាក់សាំង


* សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង ប្រកាសបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ និងប្រកាសបើកប្រទេសឡើងវិញចាប់ពីពេលនេះតទៅ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាកំពុងសិក្សាលទ្ធភាព ក្នុងការចាក់វ៉ាកសាំងដល់កុមារក្រោមអាយុ៥ឆ្នាំ ដែលសិក្សានៅថ្នាក់មតេយ្យ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនក្ស័យធុននោះទេ បើទោះជាត្រូវចាក់ដូសទី៤ ជូនពលរដ្ឋដោយមិនគិតថ្លៃ ខណៈការចំណាយលើវិធានមួយចំនួនត្រូវបានកាត់បន្ថយ


* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងករណីចាក់វ៉ាក់សាំងដូសទី៤ ម្ចាស់ក្រុមហ៊ុនក៏អាចជ្រើសរើសទិញវ៉ាក់សាំងណាក៏បានសម្រាប់ចាក់ឱ្យបុគ្គលិកខ្លួន


* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលមុនគេជេរពេទ្យ ពេលនេះគេសរសើរពេទ្យវិញ ដោយសារស្ថានភាពទឹកដល់ច្រមុះ


* សម្តេចតេជោ ហ៊ុន សែន បន្តណែនាំឱ្យរៀបចំការប្រឡងបាក់ឌុបឆ្នាំនេះ ទោះប្រឡងមិនជាប់ឆ្នាំនេះ ត្រូវប្រឹងឱ្យជាប់នៅឆ្នាំក្រោយ


* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីសិស្សានុសិស្សថ្នាក់ទី១២ ដែលសម្តេចមិនអាចធ្វើតាមសំណូមពរឱ្យជាប់ស្វ័យប្រវត្តិ ដោយមិនប្រឡងនៅឆ្នាំនេះទៀត


* សម្តេចតេជោ ហ៊ុន សែន រិះគន់អ្នកវិភាគមួយចំនួន ដែលមិនមានបទពិសោធដឹកនាំសោះ តែផ្តល់យោបល់ឱ្យរដ្ឋាភិបាល ធ្វើបែបនេះបែបនោះតាមតែនឹកឃើញ


* សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១២៖៣២នាទី ថ្ងៃដដែលនេះ៕









អភិបាលខេត្តប៉ៃលិន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ៥ឆ្នាំ

ប៉ៃលិន៖ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ ដែលត្រូវបានគេចាត់ទុកថា ជាយុទ្ធនាការប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការការពារអាយុជីវិតកុមារពីជំងឺកាចសាហាវកូវីដ-១៩ និងការបើកអោយដំណើរការបង្រៀន និងរៀនឡើងវិញ សម្រាប់សិស្សមត្តេយ្យសិក្សា។

លោកស្រី បាន ស្រីមុំ បានលើកឡើងថា៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋ រួមទាំងកុមារផងដែរ ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀន ដែលតម្រូវសម្រាប់សិស្សមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយកំពុងត្រៀមសម្រាប់កុមារអាយុក្រោម៥ឆ្នាំ ដែលនេះចាត់ទុកជាជំហានបន្ទាប់មួយទៀត។

ក្នុងនោះ លោកស្រីអភិបាលខេត្ត ក៏បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះផងដែរ លោកស្រីក៏បាន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស ហើយត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពារ ៣.ការពារ ៣.កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។

សូមបញ្ជាក់ថា៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដល់កុមារ អាយុ ៥ឆ្នាំនេះ គឺចាប់ផ្តើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ដោយពេលព្រឹកចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ម៉ោង ១១៖០០ នាទី ហើយពេលរសៀលចាប់ពីម៉ោង ២៖០០ នាទីរសៀល ដល់ម៉ោង ៥៖០០ នាទីល្ងាច នៅគោលដៅចំនួន ០៣ (១-មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ២-មណ្ឌលសុខភាពផ្សារព្រំ និង៣-មណ្ឌលសុខភាពភ្នំស្ពង់)៕








អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកូនក្មួយកុមារ អាយុ០៥ឆ្នាំ នៅទូទាំងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ លោក  ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្ត នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា គិតមកទល់ពេលនេះ  ខេត្តពោធិ៍សាត់សម្រេចបានសមិទ្ឋផលនៃការចាក់វ៉ាក់សាំង  ការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ សរុបចំនួន៤០៥.០៥២នាក់ ស្មើនឹង៩៤,១០% ក្នុងនោះអាយុ០៦ដល់ក្រោម១២ឆ្នាំ មានចំនួន ៦៣.៥២៥នាក់ ស្មើនឹង១០៩,៨៩%, អាយុ១២ដល់ក្រោម១៨ឆ្នាំ មានចំនួន ៥៩.៣២១នាក់ ស្មើនឹង៨០,១៩%  និងអាយុ១៨ឆ្នាំឡើង មានចំនួន  ២៨២.២១៦នាក់ ស្មើនឹង៩៤,៥០%។


លោកបានបញ្ជាក់បែបនេះ នៅបរិវេណសាលាបឋមសិក្សាពោធិ៍សាត់ ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ជូនកូនក្មួយកុមារ អាយុ០៥ឆ្នាំ នៅទូទាំងក្រុងពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួម ពីលោក  ម៉ក់  រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សមួយចំនួនទៀត។


ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពលោកនាយករដ្ឋមន្ដ្រី  ហ៊ុន សែន និងលោកស្រី  ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកទាំងទ្វេ បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសសចៅៗគ្រប់រូប។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺដើម្បីឱ្យចៅៗទាំងអស់ ដែលមានអាយុ០៥ឆ្នាំ មានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារប្រឆាំងនឹងជំងឺកូវីដ១៩ ឈានទៅបើកដំណើរការសាលារៀនឡើងវិញទូទាំងខេត្ត។ វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយការឆ្លងរាលដាលជំងឺកូវីដ១៩ បានមួយផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គល ដែលបានចាក់ហើយក៏ដោយ ក៏អ្នកជំងឺមិនមានអាការៈធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតឡើយ។


លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមនាំកូនក្មួយ និងចៅៗ ដែលមានអាយុគ្រប់០៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ តាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន ជៀសវាងមកប្រជ្រៀតគ្នា  និងត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល ក៏ដូចជាវិធានការ «៣ការពារ,  ៣កុំ» របស់សម្តេចប្រមុខ ដើម្បីចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឱ្យផុតពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ ពិសេស វីរុសបំលែងខ្លួនថ្មីប្រភេទDelta។


សូមបញ្ជាក់ថា កូនក្មួយកុមារដែលមានអាយុ០៥ឆ្នាំ ដែលនឹងត្រូវចាក់វ៉ាក់សាំងនាពេលនេះ មានចំនួន ១០.០៣៧នាក់ ដោយបែងចែកចេញជា ៤ស្រុកប្រតិបត្តិ រួមមាន៖


១-ស្រុកប្រតិបត្តិសំពៅមាស (ក្រុងពោធិ៍សាត់, ស្រុកកណ្តៀង) ទីតាំងចាក់ មានចំនួន១ទីតាំង  ចៅៗដែលនឹងត្រូវចាក់មានចំនួន ៣.២៩១នាក់


២-ស្រុកប្រតិបត្តិបាកាន (ស្រុកបាកាន, ស្រុកតាលោសែនជ័យ) ទីតាំងចាក់មាន  ចំនួន១២ទីតាំង  ចៅៗដែលនឹងត្រូវចាក់មានចំនួន ៣.៥៣៣នាក់


៣-ស្រុកប្រតិបត្តិភ្នំក្រវាញ (ស្រុកភ្នំក្រវាញ, ស្រុកវាលវែង) ទីតាំងចាក់មានចំនួន ០៥ទីតាំង  ចៅៗដែលនឹងត្រូវចាក់មានចំនួន ១.៧១៨នាក់


៤-ស្រុកប្រតិបត្តិក្រគរ   ទីតាំងចាក់មានចំនួន  ០១ទីតាំង  ចៅៗដែលនឹងត្រូវចាក់ មានចំនួន ១.៤៩៥នាក់៕








ថ្នាក់ដឹកនាំខេត្តក្រចេះ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ ៥ឆ្នាំ នៅទូទាំងខេត្ត

ក្រចេះ ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងអភិបាលរងខេត្តនាព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារអាយុ ៥ឆ្នាំ នៅតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តក្រចេះ។ 

លោក វ៉ា ថន បានមានប្រសាសន៍ទៅកាន់ក្មួយៗនាឱកាសមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តក្រចេះ ថ្លែងថា « ក្តីសង្ឃឹមរបស់កុមារ អាយុ៥ឆ្នាំ និងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឱកាសបានចូលសាលារៀនវិញ នៅពេលដែលជំងឺ លែងឆ្លង » ហើយប្រទេសកម្ពុជា យើងពិតជាមានភ័ព្វសំណាងណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ធមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋគ្រប់រូប ហើយជាពិសេសគឺ អនាគតរបស់ក្មួយៗ ចៅៗ ដែលខកខានការសិក្សារៀនសូត្រ នៅមត្តេយ្យសិក្សា ក្នុងរង្វង់អាយុ៣ឆ្នាំ ទៅ៥ឆ្នាំ ដោយសារតែប្រទេសជាតិ ជួបវិបត្តិជំងឺកូវីដ-១៩ ត្រូវបិតផ្អាកជាបណ្តោះអាសន្ននៃការបង្រៀន និងរៀនជួបជុំសិស្សច្រើន ។ 

លោកភិបាលខេត្តក្រចេះ បានកោតសរសើរ ចំពោះប្រជាពលរដ្ឋ ដែលមានស្មារតីចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលមានចំនួនយ៉ាងច្រើនផុលផុស ទាំងនេះបានបង្ហាញឱ្យឃើញពីជំនឿជឿជាក់របស់ប្រជាពលរដ្ឋយើង មកលើការដឹកនាំរបស់ លោកនាយករដ្ធមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនមានការរើសអើង រួមទាំងកុមារ និងយុវជនផងដែរ ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ឳពុកម្តាយ និងអាណាព្យាបាល ដែលនាំកូនចៅមកទទួលវ៉ាក់សាំង បានសម្តែងអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកជានាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែង និងការតម្កើនខ្ពស់នៃតម្លៃជីវិតរបស់ប្រជាពលរដ្ឋ ដោយស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់អោយពលរដ្ឋបានគ្រប់ៗគ្នាដោយមិនគិតថ្លៃ។ 

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងមាតាបិតាអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងកុមារ ក្រោយទទួលបានការចាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ ត្រូវបន្តចូលរួមប្រកាន់ភ្ជាប់នូវវិធានការ ”៣ការពារ ៣កុំ”របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន៕







ព្រះរាជក្រិត្យ ព្រះករុណា ព្រះមហាក្សត្រ ត្រូវបានលើកលែងទោសទោសឱ្យទណ្ឌិត សម រង្ស៊ី ភេទប្រុស អាយុ៦២ឆ្នាំ (ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣

 


សារលិខិតសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ ព្រះកុរណា ព្រះមហាក្សត្រ ពាក់ព័ន្ធនិងលិខិតសុំលើកលែងទោសរបស់ទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៣





សារលិខិតសម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ ព្រះកុរណា ព្រះមហាក្សត្រ សូមទ្រង់ព្រះបរមរាជានុញាតដ៏ខ្ពង់ខ្ពស់ លើកលែងទោសទណ្ឌិត សម រង្ស៊ី (ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៣)


ព្រះរាជក្រិត្យ ព្រះករុណា ព្រះមហាក្សត្រ លើកលែងទោសទោសទណ្ឌិត សម រង្ស៊ី




ព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ ជូន សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនិងលិខិតសុំលើកលែងទោសរបស់ សម រង្ស៊ី ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៣





លិខិតសុំលើកលែងទោសរបស់ សម រង្ស៊ី ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា ពីទីក្រុងប៉ារីស ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៣

 



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួង ស្ថាប័ន ត្រូវតាមដានមើលខមិនក្នុងផេកហ្វេសប៊ុករបស់លោកដើម្បីដឹងពីបញ្ហា និងដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទោះបីថ្ងៃនេះ ជាថ្ងៃបិទយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តក៏ដោយ ប៉ុន្តែនៅមានប្រជាពលរដ្ឋនៅចម្ងល់ ហើយបានចូល ខំមិន ក្នុងផេកហ្វេសប៊ុករបស់លោកដោយបានលើកឡើងពីបញ្ហាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ទោះយ៉ាងណាលោកថា បើលោកមានពេលវេលា លោកនឹងធ្វើការឆ្លើយទៅកាន់ប្រជាពលរដ្ឋផ្ទាល់តែម្តង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ ៥ឆ្នាំនេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា លោកចង់ធ្វើការខំមិនឆ្លើយតបទៅកាន់ប្រជាពលរដ្ឋណាស់ តែរឿងខំមិននេះ គួរគប្បីក្រសួង ឬស្ថាប័ន ដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងបញ្ហា ត្រូវតែធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋតែម្តង។ លោកបានថ្លែងបញ្ជាក់ថា បើលោកឆ្លើយតបបែបនេះ ក្នុងឋានៈលោកជានាយករដ្ឋមន្ត្រី ហាក់នាំតែប៉ះពាល់ដល់មន្ត្រីមួយចំនួន ដែលកំពុងអនុវត្តតួនាទី ភារកិច្ច ក្នុងកិច្ចការដែលពាក់ព័ន្ធការងារនោះ។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធត្រូវបានដានការចូលមកខំមិនរបស់ប្រជាពលរដ្ឋក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក ដើម្បីឆ្លើយតបរាល់ចម្ងល់របស់ពលរដ្ឋ និងមានចំណាត់ការដោះស្រាយជូនពួកគាត់បានភ្លាមៗផងដែរ។




សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ បានគ្រប់ទីកន្លែង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ បានគ្រប់ទីកន្លែងទាំងអស់ដោយមិនចាំបាច់អាជ្ញាធរសួរនាំពីទីកន្លែងរស់នៅរបស់ពួកគាត់ឡើយ។ សម្តេចបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលពិធីប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា មានប្រជាពលរដ្ឋយើងមួយចំនួន ខកខានមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយសារបញ្ហាសុខភាព អ្នកខ្លះឆ្លងទន្លេ មានផ្ទៃពោះជាដើម។ សម្តេចតេជោ បានបន្តថា អាជ្ញាធរត្រូវសម្របសម្រួលឱ្យពួកគាត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ឱ្យបានគ្រប់គ្នា ព្រោះថាបើគាត់មិនបានចាក់ដូសទី១នោះទេ គាត់នឹងច្បាស់ជាខកខានមិនអាចចាក់ដូសបន្តបន្ទាប់ទៀតបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើការគិតគូរជូនដំណឹងទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីបង្ករលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចាក់ដូសទី១ ទាំងអស់គ្នា៕




ផ្សាយបន្តផ្ទាល់ពិសេស (Live): ពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស

ផ្សាយបន្តផ្ទាល់ពិសេស (Live): ពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

វិមានសន្តិភាព រាជធានីភ្នំពេញ, ថ្ងៃចន្ទ ១១រោច ខែអស្សុច ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១


#វ៉ាក់សាំងកូវីដ១៩ #កម្ពុជា #ហ៊ុនសែន #vaccine