Monday, February 02, 2015

ទស្សនៈ ដោយ​៖ ពង្ស សុក្រឹត្យ​ ស្ថាន​ភាព​​ពិត​ នៃ​ការ​​អភិវឌ្ឍ​​​សេដ្ឋកិច្ច នៅកម្ពុជា​​

បច្ចុប្បន្ននេះ ​ស្ថានភាពសេដ្ឋកិច្ច​ របស់ប្រទេសកម្ពុជាមិនដូចពីពេលមុនទៀតទេ គឺ​កម្ពុជា​កំ​ពុង​ធ្វើ​ការអភិវឌ្ឍ​ស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់ពីទីក្រុងរហូតដល់​តំបន់​ចុងកាត់​មាត់ញក។​ ​រាជ​រដ្ឋាភិបាល​ បាន​ចាត់​ទុក​វិស័យ​ឯក​ជន​ជាក្បាល​ម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច​​សម្រាប់​ កិច្ច​​អភិវឌ្ឍ​ ក្នុង​ទិស​ដៅ​ឲ្យ​មាន​ការ​រីក​​ចម្រើន​ឆាប់​រហ័ស​ និង​មាន​និរន្តរភាព​។​ ការ​អភិវឌ្ឍ​ន៍​វិស័យ​ឯកជន​ និង​ការ​ទាក់​ទាញ​វិនិយោគ​ គឺ​ជាវិស័យ​ចម្បង​មួយបើក​ច្រក​សម្រាប់​កម្ពុជា​​​ឈាន​ចូល​ទៅ​កាន់​ទី​ផ្សារ​ អន្តរជាតិ​ តាម​រយះ​ការអនុវត្ត​គោល​នយោបាយ​សមាហរណកម្ម​​សេដ្ឋកិច្ច​​កម្ពុជា​ ទៅក្នុង​សេដ្ឋកិច្ច​តំបន់​​​ និង​ពិភព​លោក​។​
ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​គោល​ដៅ ខាង​លើ​នេះ​ រាជ​រដ្ឋាភិបាល​​​បាន​សម្រេច​ជាជំហ៊ានៗ​ ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​ ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ តាម​រយះ​​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​ ទាំ​ង​ផ្លូវ​គោគ​ ផ្លូវ​អាកាស​ និង​កំពង់​ផែ​អន្តរជាតិ​ ឲ្យ​មាន​ភាព​ល្អប្រសើរ​។ ថ្មី​ៗ​នេះ​ទៀត​ ប្រមុខ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ លោក ហ៊ុន សែន​ បាន​ប្រកាស​​ធ្វើ​​ការ​កែ​ទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អគ្គិសនី​ ដោយ​បញ្ចុះ​តម្លៃ​សមរម្យសម្រាប់​ការ​ប្រើប្រាស់​​ ទាំង​បងប្អូន​កម្មករ​ និង​ការ​ប្រើប្រាស់​សម្រាប់​រោង​ចក្រ​ និង​សហគ្រាស​ឯកជន​។
ទន្ទឹមនឹងស្ថានភាពនយោបាយ និងមាន​ស្ថិរភាពល្អប្រសើរ​ រាជរដ្ឋាភិបាល​នឹងបន្ត​រៀបចំ​​កែ​សម្រួល​​ពង្រឹង​ច្បាប់ទាំងឡាយ​ដើម្បីផ្តល់នូវ​ភាពកក់ក្តៅ និងទំនុកចិត្តខ្ពស់ដែល​ធានា​​ និង​ការពារ​ផលប្រយោជន៍​ពាណិជ្ជករដែលកំពុងប្រកបអាជីវកម្ម និង​អាជីវករ​ដែល​មាន​បំណង​​មក​វិនិយោគ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ថែម​មួយ​កម្រិត​​ទៀត។​​​ គោល​​នយោបាយ​ទាំង​នេះ​ គឺ​ជា​មូល​ដ្ឋាន​​​គ្រឹៈសម្រាប់​ទាក់​ទាញ​ និង​សម្រួល​ដល់​ការងារ​​ធុរៈកិច្ច​ និង​ការ​ងារ​វិនិយោគ​ ក្នុង​បរិយាកាស​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ តម្លាភាព​ និង​គណនេយ្យភាព​។​
ជាក់​ស្តែង​ នៅក្នុង​ដំណើរ​ចូល​រួម​កិច្ចប្រជុំប្រចាំឆ្នាំ២០១៥ របស់​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ក្នុង​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើកទី៤៥ ដែល​បាន​ប្រព្រឹត្តទៅ ​ពីថ្ងៃទី២២ និង២៣​ ខែមករា ឆ្នាំ២០១៥នៅទី​ក្រុងដាវ៉ូស ក្លូស្ទ័រ​ ប្រទេស​ស្វីស កន្លង​ទៅ​ គឺជាការ​បន្ត​ពង្រឹង​ និង​ពង្រីក​ ​នូវនយោបាយ​ការទូត​របស់​កម្ពុជា​ក្នុងឆាកអន្តរ​ជាតិ និងជំរុញ​ធ្វើឱ្យ​កម្ពុជា​មាន​ទំនាក់ទំនង​​កាន់តែធំ​ទូលាយ​​ជាង​​មុន​ ក្នុង​ការ​បង្ហាញ​ពី​សក្តានុពល​វិនិយោគ​ ដល់​វិនិយោគិន​ពិភព​លោក​។​​ វត្តមានរបស់​ប្រមុខនៃ​​រាជរដ្ឋាភិបាល​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​​ ​នៅ​​ក្នុង​​ប្រទេសស្វីស​នេះ គឺ​មាន​សារៈសំខាន់ណាស់ ជាពិសេស​​គឺការ​ទាក់ទាញ​​ការចាប់អារម្មណ៍​ របស់​វិនិយោគិន​ពិភពលោក​ឱ្យ​មាន​ការរៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ នៅក្នុង​ប្រទេសកម្ពុជា ដែល​គ្រោង​នឹង​ឱ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា សេដ្ឋកិច្ច​ពិភពលោកនេះ​នៅឆ្នាំ​២០១៦ខាង​មុខ​។​
ជាលទ្ធផល​ គណៈប្រតិភូ​កម្ពុជា​ បាន​ជួបធ្វើការ​ងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំពីរ​របស់​​ប្រទេស​ស្វីស ទី​១​គឺ​ក្រុម​ហ៊ុន​​ផ្តល់សេវាកម្ម​ម្ហូបអាហារ​លើយន្តហោះ ដែលជា​ក្រុមហ៊ុន​ធំ​មួយបម្រើ​សេវាម្ហូបអាហារ នៅលើយន្តហោះ​អន្តរជាតិ​ទូទាំង​ពិភពលោក ដែល​ក្រុមហ៊ុន​នេះមានការចាប់អារម្មណ៍ទីផ្សារ របស់ប្រ​ទេស​កម្ពុជា​​ដោយ​សម្លឹងឃើញ​ពី​កំណើន​​ភ្ញៀវ​ទេសចរណ៍​ នៅមានការ​រីកចម្រើន។​ និង​ទី​២​គឺ​ ក្រុម​ហ៊ុន​​ផលិត និង​កែច្នៃ​ស្បៀង​​ដែល​មាន​បច្ចេកទេស​ខ្ពស់។​ ​​
ទាំង​អស់​នេះ​ គឺ​ជាកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​បង្កើន​ការ​ងារ​ និង​បង្កើន​ចំណូល​ដល់​ពលរដ្ឋ​ឲ្យ​មាន​ជីវភាព​កាន់​ធូរធារ​ឡើង​​ជា​លំដាប់​ និង​បាន​កាត់​បន្ថយ​គម្លាត​នៃ​ភាព​ក្រី​ក្រ​ ពី១ឆ្នាំ ទៅ​១ឆ្នាំ​​ កាន់​តែ​តិចទៅ​ៗ​។​​​​
នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កំណើន​វិនិយោគ​លើ​ផ្នែក​អចលនៈទ្រព្យ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​ផ្លាស់​ប្តូរ​មុខ​មាត់​ថ្មីៗ​ជាច្រើន​ ជាពិសេស​សំណង់​អគារ​ខ្ពស់​ៗ​ ផ្សារ​ទំនើប​ធំៗ​ ទាំង​នៅ​ទីក្រុង​ និង​ទី​ប្រជុំជន​តាម​ខេត្ត​។ នេះ​បញ្ជាក់​ថា​ វិនិយោគិន​​កាន់​តែ​ច្រើន​ឡើងៗ​​ បាន​មក​បណ្តាក់​ទុន​ជាបន្ត​បន្ទាប់នៅកម្ពុជា​។​​
យោងតាម​តួលេខ​​របស់​ក្រសួង​ពាណិជ្ជកម្ម ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សរុប ទាំង​ការ​នាំ​ចេញ និង​នាំចូល​ក្នុង​​ឆ្នាំ​​២០១៤​ មាន​តម្លៃ​ប្រមាណ ១៨,១ ​ពាន់​លាន​ដុល្លារ​កើន ​១៣,៨ ​ភាគរយ​​ធៀប​នឹង​តម្លៃ​សរុប ​១៥,៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៣។ តួលេខ​នេះ​ឆ្លុះ​បញ្ចាំង​​ពី​​កំណើន​​សេដ្ឋកិច្ច​​របស់​កម្ពុជា និង​ពី​ការ​កើនឡើងនូវ​​សកម្មភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ ជាមួយ​បណ្ដា​​ប្រទេស​នៅក្នុង​តំបន់​។ តួលេខក្នុង​ការ​បង្កើន​ ការ​នាំចេញ​​​ត្រូវ​បាន​រំពឹង​ថា​នឹង​​កើនឡើងទៀត​ ​​នៅ​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​នេះ​​​ តាមរយៈ​​ការ​ប្ដេជ្ញាចិត្ត​របស់រាជ​​រដ្ឋាភិបាល​។​​
 អ្នកវិភាគ​សេដ្ឋកិច្ច ក៏​ដូច​ជា​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB) នៅ​តែ​បន្ត​ព្យាករណ៍​ថា​កម្ពុជា​​នឹង​​អាច​រក្សា​​បាន​​កំណើន​​សេដ្ឋកិច្ច​​៧ ​ឬ៨​ភាគរយ​នៅ​ឆ្នាំ​២០១៥​នេះ​ ខណៈ​សន្ទុះ​​នៃ​ការ​​ផលិត​​ក្នុង​ស្រុក​ទាំង​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម​បង្ហាញពី​និន្នាការ​នៃ​ការ​រីកចម្រើន។​

ដូច្នេះ​ រាល់​ទស្សនៈ​របស់​ក្រុម​ប្រឆាំង​ និង​សម្ព័ន្ធ​មិត្ត​បស្ចិម​​ប្រទេស​ របស់​បក្ស​ប្រឆាំង​ ដែល​តែង​តែ​វាយ​តម្លៃ​ជាអវិជ្ជមាន​ អំពី​ការ​ដែល​មិន​មាន​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ នៅ​កម្ពុជា​ គឺ​ជាការ​វាយ​តម្លៃ​ ដែល​មិន​ទទួល​ស្គាល់​នូវ​សច្ចៈធម៌​ ហើយ​ក្រុម​ប្រឆាំង​ទាំង​នោះ​តែង​តែ​បន្ត​បំភ្លៃ​អំពី​សភាព​ការណ៍​អភិវឌ្ឍ​ពិត​នៅកម្ពុជា​ ក្នុង​ន័យ​តែ​មួយ​គត់​ គឺ​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ដើម្បី​ឲ្យ​ក្រុម​ដែល​ស្និត​ និងជា​កូន​ជឹង​របស់​ខ្លួន​បាន​ឡើង​កាន់​អំណាច​ជំនួស​​​តែ​ប៉ុណ្ណោះ​។​​ ដូច្នេះ​​ហើយ​​ទើប​ លោក ហ៊ុន សែន​ បាន​អំពាវ​នាវ​ថា​៖ « អ្វី ដែល​​បងប្អូន​បានឮ​ និងបានឃើញ​នៅតាម​បណ្តាញ​សារព័ត៌មាន​ពី​ប្រទេស​កំណើត​របស់ខ្លួន​វា​មិនទាន់​គ្រប់គ្រាន់នោះទេ​ គឺមានតែបងប្អូន ជនរួមជាតិទាំងអស់ ​ធ្វើដំណើរ​ទៅលេង​ស្រុក​កំណើត​ទើប​អាច​ដឹងថា​ តើកម្ពុជា​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​បែបណា​នោះ » ៕

សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា ស្តីពី​ឧបទ្ទ​វហេតុ​ដែល​ភ្ញៀវ​​ទេសច​រ​​ជន​ជាតិ​​ចិន​ធ្លាក់​​ពី​លើ​ជណ្តើរ​នៅ​ប្រាសាទ​អង្គរវត្ត ថ្ងៃទី៣១ មករា ២០១៥


សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា