Wednesday, August 26, 2020

លោក ម៉ែន វិបុល ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា

 ស្វាយរៀង៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីជួបសម្តែងការគួសម និងស្វែងយល់អំពីសក្កានុពលនិងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។

នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងជំនួបនេះមាន លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាន៍ទៅកាន់ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ កម្ពុជា លោកអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន៖ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មព្រមទាំងការងាររបស់អង្គការសង្គមស៉ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេស លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារ ធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង៨ម៉ឺននាក់ ។

នាឱកាសនោះ លោកអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន ក្នុងកំឡុងពេលជំងឺកូវីដ១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែនខេត្តស្វាយរៀងនិងវៀតណាម ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

ជាចុងបញ្ចប់ លោក ម៉ែន វិបុល បានថ្លែងនូវការអរគុណចំពោះ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្កានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក៕





វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន

 កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋានសម្រាប់មន្រ្តីអនុវត្តនៅតាមឃុំ សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អភិបាលក្រុងស្រុក ប្រធានការិយាល័យរដ្ឋបាលក្រុងស្រុក អធិការនគរបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងស្មៀនឃុំសង្កាត់ សរុបប្រមាណ ២០០នាក់។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គអត្តសញ្ញាណកម្មការក្រសួងមហាផ្ទៃ ដែលមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

លោក ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវក្រេបជញ្ជក់យកចំណេះដឹងចំណេះធ្វើក្នុងពេលនេះដើម្បីយកទៅបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋបានច្បាស់លាស់និងត្រឹមត្រូវបំផុត៕






អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស: ថ្ងៃឈប់សម្រាករយៈពេលវែង ជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីសុខរបស់ខ្មែរក្នុងសម័យតេជោសែន "(Video)

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ចេញផ្សាយនូវវីដេអូមួយក្រោមចំណងជើងថា " ថ្ងៃឈប់សម្រាករយៈពេលវែង ជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីសុខរបស់ខ្មែរក្នុងសម័យតេជោសែន "។

តាមរយៈខ្លឹមសារវីដេអូនេះបានបង្ហាញនូវបរិយាកាសដ៏មហាសប្បាយរីករាយ រំលេចឱ្យឃើញអំពីប្រក្រតីភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសក្នុងឱកាសការឈប់សម្រាករយៈពេល៩ថ្ងៃ បូករួមទាំងថ្ងៃសៅរ៍- អាទិត្យ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសសងវិញចំនួន៥ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងទៅ ។ ក្នុងពេលឈប់សម្រាក គេបានសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ទាំងអ្នករស់នៅទីក្រុង និងទីជនបទ បានធ្វើដំណើរទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានធម្មជាតិនានា និងជួបជុំមិត្តភ័ក្ត្រ បងប្អូន សាច់ញាតិ ក្រុមគ្រួសារក្នុងបរិយាកាសដ៏សែនសប្បាយរីករាយយ៉ាងក្រៃលែង។ សូមទស្សនាវីដេអូ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមចំណងជើងថា " ថ្ងៃឈប់សម្រាករយៈពេលវែង ជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្តីសុខរបស់ខ្មែរក្នុងសម័យតេជោសែន " ដូចតទៅនេះ:




#តេជោសែន #ហ៊ុនសែន #អរគុណសន្តិភាព #កម្ពុជា #ខ្មែរតែមួយ #KhmerUnity