Thursday, March 30, 2017

ក្រសួង​មហាផ្ទៃ​ធ្វើសន្និសីទ​កាសែតដ៏សំ​ខាន់មួយ ជុំវិញការធ្វើសមាជខុសលក្ខន្តិកៈរបស់ CNRP (Video inside)




រដ្ឋាភិបាលស្វីសនៅតែបន្តគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ៖រដ្ឋាភិបាលស្វ៊ីស តាមរយៈតំណាងទីភ្នាក់ងារសម្រាប់ កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍរបស់ ប្រទេសស្វ៊ីសប្រចាំនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់នូវ ការប្ដេជ្ញាចិត្ដរបស់ខ្លួនសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជាដើម្បីបន្ដដំណើរ ការមន្ទីរពេទ្យក្នុងការផ្ដល់សេវាព្យាបាល និងថែទាំសុខភាពមាតា និងកុមារកម្ពុជាដោយឥតគិតថ្លៃ។
យោងតាម អេគេភីដែលស្រង់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស្វ៊ីសប្រចាំកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស និងមូលនិធិគន្ធបុប្ជាប្ដេជ្ញាចិត្ដ ព្រមទាំងធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនេះ។
រដ្ឋាភិបាល ស្វ៊ីសនឹងជួយគាំទ្រមូលនិធិនេះ ហើយមានការសោកស្ដាយយ៉ាងខ្លាំងដោយដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជាកំពុងមានជំងឺជាទម្ងន់ និងជំនួសដោយលោក វេជ្ជបណ្ឌិត ភីធ័រ ស្ទូដឺ ដែលជាប្រធានគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បីបន្ដដំណើរការមន្ទីរពេទ្យឱ្យទៅមុខ និងរក្សានូវសេវាកម្មថែទាំសុខភាពមាតា និងកុមារដោយឥតគិតកម្រៃនិងមានគុណភាពខ្ពស់។
ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា ការគាំទ្រចំពោះមន្ទីរពេទ្យគន្ធបុប្ជាគឺជាផ្នែកដ៏សំខាន់ មួយសម្រាប់ការចូលរួមរបស់ប្រទេសស្វ៊ីសនៅក្នុងប្រទេសកម្ពុជា ហើយប្រទេសស្វ៊ីសផ្ដល់ការគាំទ្រ ដល់ប្រជាជនក្រីក្រ និងប្រជាជនដែលបាត់បង់ឱកាស និងផ្ដល់ឱ្យប្រើសេវាសាធារណៈដែលមាន គុណភាពដូចជាការថែទាំសុខភាព ព្រមទាំងមានការគាំទ្រទៅលើសន្ដិសុខស្បៀង និងដីធ្លី ការអភិវឌ្ឍ ជំនាញ និងឱកាសការងារផងដែរ។
ជាមួយគ្នានេះដែរ ប្រទេសស្វ៊ីសបានគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា ចាប់តាំងពីឆ្នាំ១៩៩៤មកម៉្លេះ ដែលថវិកាសរុបចំនួន៥៧លានស្វ៊ីសហ្វ្រង់ ហើយក្នុងមួយឆ្នាំមន្ទីរពេទ្យគន្ធបុប្ជាទទួលបានថវិកា ៤លានស្វ៊ីសហ្វ្រង់។ ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសស្វ៊ីសបានបង្កើនការទំនាក់ទំនងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និងមូល និធិគន្ធបុប្ជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា៕


ក្រសួង​​វប្បធម៌​ផ្ទេររូបិយ​វ​ត្ថុសម័យ​បុរាណ​​ពី​សារមន្ទីរជាតិ​​ទៅឱ្យសារម​ន្ទីរ​សេដ្ឋ​កិច្ច​និង​​រូបិយ​វ​ត្ថុព្រះស្រីឦ​​សានវរ្ម័ន ដើម្បីគ្រ​ប់​គ្រង

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចផ្ទេររូបិយវត្ថុពីសម័យបុរាណ និងវត្ថុសិល្បៈពីសារមន្ទីរជាតិកម្ពុជាទៅឱ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ដើម្បីគ្រប់គ្រង និងបង្កើនការយល់ដឹងពីប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទេររូបិយវត្ថុពីសម័យបុរាណ និងវត្ថុសិល្បៈមួយចំនួនទៀត នារសៀលថ្ងៃទី២៩ ខែមីនា នៅទីស្តីការក្រសួងវប្បធម៌ ដើម្បីផ្សព្វផ្សាយជូនសាធារណៈជនស្វែងយល់ពីប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាពីសម័យបុរាណមកដល់បច្ចុប្បន្ន។
វត្ថុបុរាណនិងវត្ថុសិល្បៈដែលត្រូវបានផ្ទេរមានចំនួន ៦៧មុខរួមមាន កាក់ប្រាក់ ផ្លែពន្លាក ដុំ លោហៈ ដែកទាមថ្មប្រាសាទ កំសៀវទឹក ដែលប្រើប្រាស់ក្នុងសម័យបុរាណ។ លោក ជា ចាន់តូ បានមានប្រសាសន៍ថា ការផ្ទេរសមុច្ច័យជាបុរាណវត្ថុនិងវត្ថុសិល្បៈនាពេលនេះ ពិតជាបានរួមចំណែកដល់ការរៀបចំ ឱ្យកាន់តែមានភាពប្រចក្សទៅនឹងដំណាក់កាលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា ការផ្ទេរនេះ នឹងចូលរួមចំណែកលើកតម្លៃ និងភាពទាក់ទាញដល់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ក៍ដូចជាចូលរួមផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌កម្ពុជា កាន់តែទូលំទូលាយជូនភ្ញៀវជាតិនិងអន្តរជាតិ ។
សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ជាអគារដែលមាន២ជាន់ ជាសំណង់បុរាណសល់តាំងពីសម័យអាណានិគមនិយមបារាំង ស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំខណ្ឌដូនពេញផ្នែកខាងក្រៅនៃអគារ ត្រូវបានរក្សាទុករចនាបទដើមដដែល និងកែលម្អផ្នែកខាងក្នុងតាមប្លង់នៃដំណាក់កាលប្រវត្តិសាស្ត្ររបស់សេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា ។ សារមន្ទីរនេះនឹងបញ្ចប់ការកសាង និងអាចចាប់ផ្តើមដាក់ដំណើរការជូនដល់សាធារណជនជាតិ និងអន្តរជាតិចូលទស្សនានៅចុងឆ្នាំ២០១៧ខាងមុខនេះ៕






ហ្វេសប៊ុក Boulam San៖ វប្បធម៌ក្តិចត្រួយប៉ែងជើងដើម្បីមហិច្ឆតានយោបាយរបស់បក្សប្រឆាំង

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយជូនសា​ធារណជន​ឱ្យបានជ្រាបច្បាស់ពី «វប្បធម៌ក្តិចត្រួយប៉ែងជើងដើម្បីមហិច្ឆិតានយោបាយ» របស់​បក្សប្រឆាំងដែលបានធ្វើ​នាពេល​កន្លង​មក។
ហ្វេសប៊ុកBoulam San បានសរសេរថា កាលពីលោក សម រង្ស៊ី មានឈ្មោះជា «នាយករដ្ឋមន្ត្រីហ្វេសប៊ុក» ដោយសារមានអ្នក Like ច្រើន ថ្ងៃណាក៏លឺតែអួត។ ពេលខ្លះធ្វើសន្និសីទ កាសែតអួតថែមទៀត។ វិទ្យុអាស៊ីសេរីផ្សាយបន្ទរស្ទើរមិនលស់ថ្ងៃ។ ដល់ពេលលោក សម រង្ស៊ី បាត់បង់តំណែងនេះស្ងាត់ឱ្យឈឹង! អស់អីអួត។ ប្រកួតមិនបាន ក៏បែរមកបង្ខូចកេរ្តិ៍ឈ្មោះអ្នកដែលមានចំនួន Like ច្រើនជាងខ្លួន។ នេះហើយជាគំនិតអ្នកឈ្នានីសគេ។
Boulam San  បានបន្ថែមទៀតថា ខ្លួនឯងធ្វើមិនកើត ធ្វើមិនបាន បែរជាប៉ែងជើងអ្នកធ្វើបានល្អជាងខ្លួន! គឺវប្បធម៌ក្តិចត្រួយប៉ែងជើងដើម្បីមហិច្ឆតានយោបាយ។ នេះជាចរិត មាយាទរបស់ សម រង្ស៊ី និងវិទ្យុអាស៊ីសេរីដែលមាន ជុន ច័ន្ទ្របុត្រ ជាមេក្លោង!

សូមបងប្អូនខ្មែរយល់ឱ្យច្បាស់ពីចរិតពិសពុលរបស់ក្រុមនេះ!!!


នៅរសៀលនេះ ក្រសួងមហាផ្ទៃនឹងធ្វើសន្និសីទពាក់ព័ន្ធនឹងសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៦ និង០០នាទី រសៀលនេះ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធនឹងសមាជវិសាមញ្ញរបស់គណបក្ស​សង្រ្គោះជាតិនៅ​សាល​ប្រជុំ អគារ (S តូច) នៅទីស្តីការក្រសួងមហាផ្ទៃ។



ហ្វេសប៊ុកចៅចាក់ស្មុក៖ ទំនួញនយោបាយ

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ ទស្សនវិភាគមួយក្រោមចំណងជើងថា «ទំនួញនយោបាយ» ដែលមានខ្លឹមសារដូចខាង​ក្រោម៖
កិច្ចប្រជុំថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៧ រវាងរាជការក្រសួងមហាផ្ទៃ និងតំណាងបន្ទាយព្រះអាទិត្យមើលទៅដូចគ្រាន់តែស្តាប់ចម្រៀងទំនួញនយោបាយរបស់បន្ទាយនេះដើម្បីសុំក្តីអាណិត ខណៈខ្លួនបានជ្រុលប្រព្រឹត្តកំហុសឆ្គងដែលមិនគួរឱ្យខុស តែមិនព្រមទទួលស្គាល់កំហុសដោយសារតែខ្លាចអាម៉ាសមុខធ្ងន់ធ្ងរ។ អាម៉ាសធ្ងន់ធ្ងរព្រោះបន្ទាយព្រះអាទិត្យមួយទាំងមូល មានតំណាងរាស្ត្រដល់ ៥៥រូប ជាអ្នកតាក់តែងច្បាប់ រួមនឹងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងមួយចំនួនផង មើលមិនយល់ថា អ្វីជាភាពស្របច្បាប់ អ្វីដែលមិនស្របច្បាប់លើការអនុវត្តលក្ខន្តិកៈរបស់ខ្លួន ប៉ុន្តែបែរជាប្រព្រឹត្តខុសលក្ខន្តិកៈខ្លួនទៅវិញ។
លក្ខន្តិកៈដែលក្រោយពីកែប្រែហើយនៅក្នុងសមាជថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ត្រូវតែជូនដំណឹងទៅក្រសួងមហាផ្ទៃ ស្នើសុំសុពលភាពជាថ្មីសិន មុននឹងរៀបចំឱ្យមានការជ្រើសរើសរចនាសម្ព័ន្ធបក្សជាថ្មី។ ប៉ុន្តែការរំលោភលើលក្ខន្តិកៈនេះពិតជាមានមូលហេតុរបស់វាច្បាស់​លាស់ ហើយ ច្បាប់គឺច្បាប់។ បន្ទាយព្រះអាទិត្យទំនងខ្លាចផ្ទៃក្នុងរបស់ខ្លួនដែលបានបែកស្រាំដោយសារតែអំពើក្បត់របស់ កឹម សុខា ក្នុងការរៀបចំផែនការក្រោមជំនួយរបស់មេទ័ពបន្ទាយទេវតាលេបបន្ទាយព្រះអាទិត្យទាំងមូល ទើបមិនអាចរង់ចាំរហូតដល់រាជការក្រសួងមហាផ្ទៃទទួលស្គាល់សិនចាំបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្មី។
កឹម សុខា ប្រញាប់ប្រញាល់ឡើងធ្វើមេទ័ពថ្មីនៃបន្ទាយព្រះអាទិត្យពេក ក្តោបក្តាប់បក្ស និងអ្នកគាំទ្រមួយបន្ទាយ ក៏ធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនថ្មីឱ្យបានឆាប់តាមតែអាចធ្វើបាន ទោះបំពានលក្ខន្តិកៈដែលជាច្បាប់កំពូលរបស់បក្សក្តី។ ធ្វើយ៉ាងណាឡើងគ្រប់គ្រងបន្ទាយ​ឱ្យបានសិន ចំណែករឿងអ្វីៗចាំគិតក្រោយទៀត។ នេះគឺជាកំហុសបច្ចេកទេសមួយយ៉ាងធំ ដែលបន្ទាយព្រះអាទិត្យបានប្រព្រឹត្តនៅពេលនេះ ដែលគេមិនអាចបិទភ្នែកបានឡើយ ព្រោះអាចជាមេរៀនអាក្រក់សម្រាប់បក្សផ្សេងទៀតយកមកអនុវត្តធ្វើឱ្យខូចសណ្តាប់ធ្នាប់ច្បាប់ និងប៉ះពាល់ដល់មុខមាត់បក្ស និងជាតិទាំងមូល ព្រោះគេត្រូវបែងចែកឱ្យបានច្បាស់រវាងភាពស្របច្បាប់ និងភាពខុសច្បាប់។ បន្ទាយព្រះអាទិត្យកុំគិតថាអាចយកប្រហុកមកលាយជាមួយប៊ឺរបានឡើយ។ ប្រហុកខ្មែរ គឺជារឿងមួយដោយឡែក ចំណែកឯប៊ឺរបារាំងជារឿងដោយឡែកមិនអាចលាយឡំគ្នាបានឡើយ។
ទទួលស្គាល់ដំណើរការសមាជវិសាមញ្ញ និងមិនយល់ទាស់ចំពោះការធ្វើវិសោធនកម្មលក្ខន្តិកៈ​បក្ស ប៉ុន្តែអ្វីដែលអីនោះគឺកូនកើតមុនឳ។ បើសិនជារំលោភលក្ខន្តិកៈហើយ ព្រមទាំងធ្វើឱ្យកូនកើតមុនឪជាមួយការរៀបចំលក្ខន្តិកៈថ្មី មិនទាន់ទទួលសុពលភាពផង តែបែរជាបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្មី ហើយមិនទទួលស្គាល់ការពិតនោះ ព្យាយាមការពារខ្លួនថាត្រូវនោះ វាអាចនាំឱ្យមានរឿងរ៉ាវវែងឆ្ងាយ បង្កហានិភ័យសម្រាប់បន្ទាយទាំងមូល នោះវានឹងជាកំហុសផ្នែកនយោបាយមួយដ៏ធ្ងន់ធ្ងរបំផុត។
សម្រាប់ពេលនេះ ការចចេសរបស់បន្ទាយព្រះអាទិត្យបានត្រឹមតែខាតពេល និងបង្កភាពស្មុគស្មាញសម្រាប់ខ្លួន ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់។
ទី១-កិច្ចការអ្វីដែលរចនាសម្ព័ន្ធថ្មីបានសម្រេចគឺមិនទាន់មានសុពលភាពទេដោយសារតែក្បាល​​ម៉ាស៊ីនដឹកនាំមិនទាន់មានសុពលភាពរាប់ទាំងបញ្ជីឈ្មោះបោះឆ្នោត។ បើសិនជាតំ​ណាងខេត្ត រាជធានីត្រូវបានប្រតិភូកម្មអំណាចចុះហត្ថលេខាលើបញ្ជីឈ្មោះបេក្ខជនដើម្បីចូលរួមបោះឆ្នោតមិនថ្វីទេ ប៉ុន្តែបើបញ្ជីឈ្មោះទាំងអស់ត្រូវបានមេទ័ពថ្មី កឹម សុខា ឬអនុប្រធានទាំងបីចុះហត្ថលេខានោះត្រូវតែរៀបចំ និងបញ្ជូនមកសារថ្មីព្រោះជាបញ្ជីឈ្មោះគ្មានសុពលភាព ដោយ​សារតែអ្នកផ្តល់សុពលភាពបញ្ជីឈ្មោះបេក្ខជនក្នុងបក្ស គ្មានសុពលភាព។
ទី២-អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់ព្រមានរួចហើយថាទោះមានការព្យាយាមពន្យល់ តែរាជការក្រសួងមហាផ្ទៃមិនអាចទៅហួសនឹងអ្វីដែលក្រសួងបានសម្រេច និងបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថាការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនៃបន្ទាយនេះខុសលក្ខន្តិកៈបក្សត្រង់ប្រការ ៤៧។ មនុស្សពីរនាក់ដណ្តើមគ្នាដេកកណ្តាល ជម្រើសចុងក្រោយ រាជការមហាផ្ទៃ មានតែប្រកាសគោលជំហររបស់ខ្លួនជាផ្លូវការថាមិនទទួលស្គាល់ក្បាលម៉ាស៊ីនដឹកនាំបន្ទាយព្រះអាទិត្យថ្មី និងរុញឱ្យបន្ទាយនេះប្តឹងទៅតុលាការកំពូលដើម្បីកាត់សេចក្តី។
បើមិនចង់មានរឿងវែងឆ្ងាយ បន្ទាយព្រះអាទិត្យ មានតែទទួលស្គាល់កំហុសរបស់ខ្លួន និងស្នើសុំក្រសួងមហាផ្ទៃទទួលស្គាល់លក្ខន្តិកៈដែលទើបធ្វើវិសោធនកម្មថ្មីៗ និងរៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនឡើងវិញ។ ប៉ុន្តែសួរថាតើ កឹម សុខា មូរ សុខហួរ ប៉ុល ហំម អេង ឆៃអ៊ាង ហ៊ានលះបង់តំណែង និងចុះមករៀបចំសមាជជ្រើសរើសក្បាលម៉ាស៊ីនឡើងវិញទេ? ពិតជាមិនច្បាស់ក្នុងចិត្តឡើយ។ ឱកាសរបស់ ក្រុម សម រង្ស៊ី នៅពេលនេះចាប់ផ្តើមឡើងរាសីបន្តិចវិញហើយព្រោះអាចមានសង្ឃឹមថានឹងយកបក្សមកគ្រប់គ្រងវិញ ខណៈខ្លួនជាម្ចាស់ផ្ទះមាន ២៦ កៅអី និងអ្នកគាំទ្ររាប់សែននាក់ តែបែរមកចាញ់បោកតារានយោបាយ «ពីរយប់ ១០ ដង» កឹម សុខា សោះ។
ដូច្នេះ ប្រសិនបើ កឹម សុខា មិនព្រមលាលែងតំណែង រៀបចំសមាជថ្មី ក្រុម សម រង្ស៊ី និយមអាចនឹងធ្វើអ្វីមួយដើម្បីយកកឹម សុខា ចេញ ដើម្បីសង្គ្រោះបក្ស សង្គ្រោះមុខមាត់ សម រង្ស៊ី សង្គ្រោះការលះបង់តំណែងដើម្បីបក្សកុំឱ្យអត់ន័យ។ ជូឡុង សូមួរ៉ា ភរិយា សម រង្ស៊ី ក៏ចាប់ផ្តើមដើរតួនាទីជំនួសស្វាមីខ្លួននៅក្នុងបក្ស ទោះបីជាមិនមានតំណែងធំជាផ្លូវការ តែជាម្ចាស់ស្រីពិតនៃបន្ទាយព្រះអាទិត្យ។ កឹម សុខា ធ្វើមិនស្រួល ម្ចាស់ស្រីអាចឡើងដឹកនាំបន្ទាយខ្លួនឯង។ ពេលនោះ «ទំនួញនយោបាយ » នឹងឮចេញពីបន្ទាយព្រះអាទិត្យ ហើយទង់ក្រពើក៏ត្រៀមនៅមាត់ច្រកចូលបន្ទាយដែរ៕
ដោយ៖ ចៅចាក់ស្មុក



តុលាការសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និងសងសំណង១០០រៀល

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ តុលាការបានសម្រេច​ប្រកាសសាលក្រមផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​១០លាន​រៀល​ និង​ សង​សំណង​១០០រៀល ពាក់ព័ន្ធសំណុំរឿងក្ដី​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចោទថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​ នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត ​កែម​ ឡី​។​
សូមជម្រាបថា ​កាលពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​ចោទថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ឡី​។​ ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញដោល​ លោក​ចៅក្រម​ អ៊ី​ ថាវរៈ​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មីនានេះ​។ លោក​ សម​ រង្ស៊ី​ ជាប់​ចោទ​ពី​បទ​ បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើបង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៣០៥​ ,​ មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។
កន្លង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ការ​ចោទប្រកាន់​របស់​លោក​ សម​ រង្ស៊ី​ ​ មក​លើលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ នោះ​ មិន​ត្រឹម​តែ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោកប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​មាន​ចរិត​ជា​ការ​ញុះញង់​បំផុសបំផុល​ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន​ ដែល​អាច​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ របស់​តុលាការ​ទៀត​ផង​ ។

ជា​ការ​ឆ្លើយតប​នូវ​ការ​ចោទប្រកាន់​គ្មាន​ភ័ស្តុតាង​នេះ​ មេធាវី​តំណាងដោយ​​អាណត្តិ​របស់​លោកនាយករដ្ឋមន្រ្តី​ បានសំណូមពរ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​លោក​សម​ រង្ស៊ី​ តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​​ត្រឹម​តែ​​១០០​រៀល​ប៉ុណ្ណោះ​៕


លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីស្តីពីការប្រកាសចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”លើកទី១ ឆ្នាំ២០១៧

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីស្តីពីការប្រកាសចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”លើកទី១ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា យោងតាមប្រសាសន៍របស់ លោក ថោង ខុន ការដាក់ចេញចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”នេះ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៥ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានស្នើឱ្យក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតរៀបចំចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”។ ការដាក់ចេញចលនាប្រឡងប្រណាំងនេះ ក្នុងគោលបំណងធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ទូទាំងប្រទេសកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ប្រកបដោយភាពទាក់ទាញ ជាផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះ លោក ថោង ខុន បានស្នើឱ្យគណៈកម្មការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ត្រូវរៀបចំ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ និងស្នើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ពិនិត្យត្រូវឡើងវិញ ខិតខំពង្រឹងបន្ថែម និងកែសម្រួលចំណុចខ្វះខាតទៅតាមគោលការណ៍ណែនាំរមណីយដ្ឋានទេសចរណ៍គំរូ។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយនេះ លោក ថោង ខុន បានសង្កត់ធ្ងន់ណែនាំឱ្យគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវមាន៖
ទី១. ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រមណីយដ្ឋាន (Tourism Master Plan)
ទី២. អ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ ( Tourism site manager)
ទី៣. សេវាទាំងអស់នៅក្នុងរមណីយដ្ឋានត្រូវមានគុណភាព ស្របតាមស្តង់ដាទេសចរណ៍
ទី៤.ត្រូវមានសេវាគាំទ្រ ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ រាប់ទាំងបង្គន់សាធារណៈ សេវាផ្តល់ព័ត៌មាន ការគិតគូពីសន្តិសុខសុវត្ថិភាព អនាម័យចំណីអាហារ សេវាសង្គ្រោះបន្ទាន់ ជាពិសេសប្រព័ន្ធ ទូរសព្ទនិង Wi-Fi នៅតាមរមណីយដ្ឋាន។
លោក ថោង ខុន បានអំពាវនាវឱ្យគ្រប់រមណីយដ្ឋានទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមនៅក្នុងចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”នេះ ជាលើកទី១ ហើយដើម្បីឈានទៅរកការបូកសរុបនៅខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ហើយដើម្បីទាំងអស់គ្នា “រួមធ្វើ រួមគិត រួមទទួលខុសត្រូវ” ដើម្បីឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ជាផលិតផលប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative and Innovative) ដើម្បីជាផ្នែកមួយក្នុងការចូលរួមទៅដល់ការសម្រេចបានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន ៧លាននាក់ និងទេសចរក្នុងស្រុកឱ្យបានចំនួន ១៩លាននាក់នៅឆ្នាំ២០២០។ សូមបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ១លាននាក់ កើនឡើង ១២,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ ដើម្បីទទួលបានភ្ញៀវទេសចរប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ ត្រូវមានកំណើនជាមធ្យម១០% ដែលកិច្ចការងារនេះត្រូវគិតគូឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ ពិសេសរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ៕




លទ្ធផលក្រោយជំនួបរវាង CNRP និងក្រសួងមហាផ្ទៃ

បន្ទាប់ពីជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោក ប្រាក់ សំអឿន បានថ្លែងនៅក្នុងបទសម្ភាសន៍សារព័ត៌មានថា សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាននោះ គឺផ្ទុយទៅនឹងប្រការ ៤៧ ចំណុចទី២ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។
ចំណែកលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាបានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិពិតជាមានកំហុស ដោយលោកបាន ថ្លែងថា ខ្លឹមសារនៃជំនួប មិនខុសពីលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានផ្ញើទៅកាន់គណបក្សសង្គ្រោះជាតិនោះទេ។ លោក បានបន្តថានៅក្នុងកិច្ចពិភាក្សានេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដំណើរការសមាជវិសាមញ្ញស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្តិកៈក៏មិនទាស់អ្វីដែរ ប៉ុន្តែទាស់ត្រង់ការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស និងពាក្យស្លោករបស់គណបក្ស៕
លោក ប្រាក់ សំអឿន ក៏បានបញ្ជាក់បន្ថែមថា លក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃបានចែងថា បើសិនអាណត្តិនៅលើសពី១៨ខែ គឺគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ ត្រូវកោះឱ្យមានការរៀបចំសមាជវិសាមញ្ញមួយ ដើម្បីជ្រើសរើសប្រធានដើម្បីដឹកនាំគណបក្សបន្តរហូតដល់ចប់អាណត្តិ។ ប៉ុន្តែ ជាក់ស្តែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការនាយកបានចេញសេចក្តីសម្រេចមួយទទួលយកការលាលែងរបស់លោក សម រង្ស៊ី ចេញពីប្រធាន និងសមាជិកគណបក្សសង្រ្គោះជាតិ និងបានប្រគល់សិទ្ធិជូនលោក កឹម សុខា ជាប្រធានស្តីទី ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។ លោក ប្រាក់ សំអឿន ក៏បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ គណបក្សសង្រ្គោះជាតិបែរទៅជារៀបចំសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានដែលមានរហូតដល់ទៅបីរូបដែលផ្ទុយទៅនឹងប្រការ ៤៧ ចំណុចត្រេទី២ ដោយសារអាណត្តិនៅសល់មិនដល់១៨ខែផងនោះ។
លោក ប្រាក់ សំអឿន ក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែរក្សាជំហរចង់ឱ្យគណបក្សសង្រ្គោះជាតិអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមលក្ខន្តិកៈដែលជាច្បាប់កំពូលសម្រាប់បក្សរបស់ខ្លួន។ ទោះបីជាយ៉ាងណា គេមិនទាន់ដឹងថា តើនៅថ្ងៃអនាគត គណបក្សសង្រ្គោះជាតិ នឹងទៅជាយ៉ាងណានោះឡើយ៕


ដើមខែ​មេសាខាង​មុខ សមិទ្ធផល​ធំៗជាប្រវត្តិសា​ស្ត្រចំនួន​៤ នឹងត្រូវ​សម្ពោធ ក្រោម​អធិ​បតី លោក​នាយករ​ដ្ឋម​ន្រ្តី ហ៊ុន សែន

ភ្នំពេញ៖ បើមិនមានការប្រែប្រួល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រមិនធ្លាប់មានចំនួន៤ គឺមហាវិថីសម្ដេច ហ៊ុន សែន ទទឹង៦០ម៉ែត្រ មណ្ឌលកីឡាហែលទឹក នៃពហុកីឡាដ្ឋានជាតិមរតកតេជោ រោងចក្រប្រព្រឹត្ដកម្មទឹកស្អាតនិរោធក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ ជំហានទី២ និងផ្លូវជាតិលេខ៦ នៅដើមខែមេសា ឬមុនបុណ្យចូលឆ្នាំខ្មែរ បន្តបន្ទាប់គ្នា ។
គម្រោងខាងលើនេះ ត្រូវបាន លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លើកឡើង នៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ពន្ធ័ក្រោមឱវ៉ាតកាលពីថ្ងៃទី២៩មីនានេះ ដើម្បីត្រួតពិនិត្យឡើងវិញលើផែនការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រចំនួន៤ នៅរាជធានីភ្នំពេញស្ថិតក្រោមអធិបតីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ។
លោក មាន ចាន់យ៉ាដា បានលើកឡើងថា សមិទ្ធិផលធំៗចំនួន៤ដែលត្រៀមសម្ពោធនោះរួមមាន៖
១-មហាវិថីសម្ដេច ហ៊ុន សែន មានទទឹង៦០ម៉ែត្រ តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ត្រង់ចំណុចក្បាលថ្នល់ កាត់តាមតំបន់អភិវឌ្ឍន៏ថ្មី បឹងទំពុន និងបឹងជើងឯក ទៅផ្លូវជាតិលេខ២ត្រង់ចំណុចព្រែកកំពិស សម្ពោធ នៅថ្ងៃទី០៣ ខែមេសា ។
២-មណ្ឌលកីឡាហែលទឹក នៃពហុកីឡាដ្ឋានជាតិមរតកតេជោ នៅតំបន់អភិវឌ្ឍន៏របស់ ឧកញ៉ា លី យ៉ុងផាត់ សម្ពោធនៅថ្ងៃទី៤ខែមេសា
៣-រោងចក្រប្រព្រឹត្ដកម្មទឹកស្អាតនិរោធក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅជំហានទី២ សម្ពោធថ្ងៃទី៥ ខែមេសា ។
៤- ផ្លូវជាតិលេខ៦គ្រោងសម្ពោធនៅថ្ងៃ៦ខែមេសា ឆ្នាំ២០១៧នេះ ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា សមិទ្ធផលទាំងនេះនឹងក្លាយជាចំណងដៃថ្មីបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាជូនចំពោះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ៕


ក្រុមហ៊ុនចិនចំនួន៥០០ នឹងបង្ហាញផលិតផលកសិកម្មរបស់ខ្លួន ក្នុងពិពណ៌អន្តរជាតិលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Santhai Import Export CO.,LTD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពី ការរៀបចំពិធីតាំងពិពណ៌ ផលិតផលកសិកម្មអន្តរជាតិ លើកដំបូង ឆ្នាំ២០១៧ នៅកម្ពុជា ។
លោក វេង សាខុនបានឲ្យដឹងថា” ពិពណ៌អន្តរជាតិនេះ នឹងមានការចូលរួមពីក្រុមហ៊ុន ចិនចំនួន ៥០០ក្រុមហ៊ុន និងតំណាងក្រុមហ៊ុន ចំនួន៣០៤ក្រុមហ៊ុនអញ្ជើញ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ព្រមទាំងមានការអញ្ជើញចូលរួមដោយ អ្នកវិនិយោគទុនក្នុងស្រុកនិងថ្នាក់ដឹកនាំ សំខាន់ៗក្នុងជួររាជរដ្ឋាភិបាលអញ្ជើញ ចូលរួមផងដែរ”។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានអញ្ជើញ លោករដ្ឋមន្រ្តី ចូលរួមជាវាគ្មិនក្នុងពិពណ៌ និងអញ្ជើញមន្រ្តីជំនាញ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមធ្វើបទបង្ហាញអំពីបទបញ្ញតិ របស់រាជរដ្ឋាភិបាលលើការវិនិយោគ វិស័យកសិកម្មនៅកម្ពុជាដើម្បីផ្តល់ជាពត៌មាន ដល់ធុរជននិងអ្នកវិនិយោគិនដែលមាន ចំណាប់អារម្មណ៏ក្នុងការវិនិយោគ នៅកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមស្វាគមន៏ជានិច្ចចំពោះក្រុមហ៊ុន វិនិយោគនានាលើវិស័យកសិកម្ម ហើយក្រសួងក៏នឹងសហការអោយបាន សកម្មនៅក្នុងការតាំងពិពណ៌ផលិតផល កសិកម្មអន្តរជាតិនេះផងដែរ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៏បន្តថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញអោយវិស័យឯកជន សហការជាមួយនឹងក្រសួងនិងសហគមន៍ ក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ហើយកម្ពុជាចង់ទទួលបាន នូវអ្នកវិនិយោគទុន ដែលមានភាពប្រាកដប្រជាហើយការ វិនិយោគទាំងនោះនឹងចូលរួមគាំទ្រ ដល់ការអភិវឌ្ឍជាតិ ក៏ដូចជាផលប្រយោជន៍ ប្រជាពលរដ្ឋក្នុងស្រុកផងដែរ។

ប្រភពបញ្ជាក់ថា ក្រុមហ៊ុន Santhai Import Export CO.,LTD គ្រោងនឹងរៀបចំពិធីតាំងពិពណ៌ផលិតផលកសិកម្ម អន្តរជាតិលើកដំបូង ឆ្នាំ២០១៧ នៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់២៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕