Thursday, March 30, 2017

ក្រសួង​​វប្បធម៌​ផ្ទេររូបិយ​វ​ត្ថុសម័យ​បុរាណ​​ពី​សារមន្ទីរជាតិ​​ទៅឱ្យសារម​ន្ទីរ​សេដ្ឋ​កិច្ច​និង​​រូបិយ​វ​ត្ថុព្រះស្រីឦ​​សានវរ្ម័ន ដើម្បីគ្រ​ប់​គ្រង

ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចផ្ទេររូបិយវត្ថុពីសម័យបុរាណ និងវត្ថុសិល្បៈពីសារមន្ទីរជាតិកម្ពុជាទៅឱ្យសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ដើម្បីគ្រប់គ្រង និងបង្កើនការយល់ដឹងពីប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការផ្ទេររូបិយវត្ថុពីសម័យបុរាណ និងវត្ថុសិល្បៈមួយចំនួនទៀត នារសៀលថ្ងៃទី២៩ ខែមីនា នៅទីស្តីការក្រសួងវប្បធម៌ ដើម្បីផ្សព្វផ្សាយជូនសាធារណៈជនស្វែងយល់ពីប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាពីសម័យបុរាណមកដល់បច្ចុប្បន្ន។
វត្ថុបុរាណនិងវត្ថុសិល្បៈដែលត្រូវបានផ្ទេរមានចំនួន ៦៧មុខរួមមាន កាក់ប្រាក់ ផ្លែពន្លាក ដុំ លោហៈ ដែកទាមថ្មប្រាសាទ កំសៀវទឹក ដែលប្រើប្រាស់ក្នុងសម័យបុរាណ។ លោក ជា ចាន់តូ បានមានប្រសាសន៍ថា ការផ្ទេរសមុច្ច័យជាបុរាណវត្ថុនិងវត្ថុសិល្បៈនាពេលនេះ ពិតជាបានរួមចំណែកដល់ការរៀបចំ ឱ្យកាន់តែមានភាពប្រចក្សទៅនឹងដំណាក់កាលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា។

លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា ការផ្ទេរនេះ នឹងចូលរួមចំណែកលើកតម្លៃ និងភាពទាក់ទាញដល់សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ក៍ដូចជាចូលរួមផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌កម្ពុជា កាន់តែទូលំទូលាយជូនភ្ញៀវជាតិនិងអន្តរជាតិ ។
សូមបញ្ជាក់ថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា ជាអគារដែលមាន២ជាន់ ជាសំណង់បុរាណសល់តាំងពីសម័យអាណានិគមនិយមបារាំង ស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំខណ្ឌដូនពេញផ្នែកខាងក្រៅនៃអគារ ត្រូវបានរក្សាទុករចនាបទដើមដដែល និងកែលម្អផ្នែកខាងក្នុងតាមប្លង់នៃដំណាក់កាលប្រវត្តិសាស្ត្ររបស់សេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា ។ សារមន្ទីរនេះនឹងបញ្ចប់ការកសាង និងអាចចាប់ផ្តើមដាក់ដំណើរការជូនដល់សាធារណជនជាតិ និងអន្តរជាតិចូលទស្សនានៅចុងឆ្នាំ២០១៧ខាងមុខនេះ៕






No comments:

Post a Comment