Thursday, March 30, 2017

លទ្ធផលក្រោយជំនួបរវាង CNRP និងក្រសួងមហាផ្ទៃ

បន្ទាប់ពីជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោក ប្រាក់ សំអឿន បានថ្លែងនៅក្នុងបទសម្ភាសន៍សារព័ត៌មានថា សមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាប្រធាន និងលោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាននោះ គឺផ្ទុយទៅនឹងប្រការ ៤៧ ចំណុចទី២ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ។
ចំណែកលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ហាក់បីដូចជាបានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិពិតជាមានកំហុស ដោយលោកបាន ថ្លែងថា ខ្លឹមសារនៃជំនួប មិនខុសពីលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានផ្ញើទៅកាន់គណបក្សសង្គ្រោះជាតិនោះទេ។ លោក បានបន្តថានៅក្នុងកិច្ចពិភាក្សានេះ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដំណើរការសមាជវិសាមញ្ញស្របច្បាប់ ហើយការធ្វើវិសោធនកម្មលក្ខន្តិកៈក៏មិនទាស់អ្វីដែរ ប៉ុន្តែទាស់ត្រង់ការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្ស និងពាក្យស្លោករបស់គណបក្ស៕
លោក ប្រាក់ សំអឿន ក៏បានបញ្ជាក់បន្ថែមថា លក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃបានចែងថា បើសិនអាណត្តិនៅលើសពី១៨ខែ គឺគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ ត្រូវកោះឱ្យមានការរៀបចំសមាជវិសាមញ្ញមួយ ដើម្បីជ្រើសរើសប្រធានដើម្បីដឹកនាំគណបក្សបន្តរហូតដល់ចប់អាណត្តិ។ ប៉ុន្តែ ជាក់ស្តែង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មាធិការនាយកបានចេញសេចក្តីសម្រេចមួយទទួលយកការលាលែងរបស់លោក សម រង្ស៊ី ចេញពីប្រធាន និងសមាជិកគណបក្សសង្រ្គោះជាតិ និងបានប្រគល់សិទ្ធិជូនលោក កឹម សុខា ជាប្រធានស្តីទី ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ។ លោក ប្រាក់ សំអឿន ក៏បានបញ្ជាក់ថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ គណបក្សសង្រ្គោះជាតិបែរទៅជារៀបចំសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានដែលមានរហូតដល់ទៅបីរូបដែលផ្ទុយទៅនឹងប្រការ ៤៧ ចំណុចត្រេទី២ ដោយសារអាណត្តិនៅសល់មិនដល់១៨ខែផងនោះ។
លោក ប្រាក់ សំអឿន ក៏បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែរក្សាជំហរចង់ឱ្យគណបក្សសង្រ្គោះជាតិអនុវត្តន៍ឱ្យបានត្រឹមត្រូវទៅតាមលក្ខន្តិកៈដែលជាច្បាប់កំពូលសម្រាប់បក្សរបស់ខ្លួន។ ទោះបីជាយ៉ាងណា គេមិនទាន់ដឹងថា តើនៅថ្ងៃអនាគត គណបក្សសង្រ្គោះជាតិ នឹងទៅជាយ៉ាងណានោះឡើយ៕


No comments:

Post a Comment