Thursday, March 30, 2017

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីស្តីពីការប្រកាសចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”លើកទី១ ឆ្នាំ២០១៧

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីស្តីពីការប្រកាសចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”លើកទី១ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា យោងតាមប្រសាសន៍របស់ លោក ថោង ខុន ការដាក់ចេញចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”នេះ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៥ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលបានស្នើឱ្យក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតរៀបចំចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”។ ការដាក់ចេញចលនាប្រឡងប្រណាំងនេះ ក្នុងគោលបំណងធ្វើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ទូទាំងប្រទេសកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ ប្រកបដោយភាពទាក់ទាញ ជាផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះ លោក ថោង ខុន បានស្នើឱ្យគណៈកម្មការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ត្រូវរៀបចំ ពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួនឡើងវិញ និងស្នើឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ពិនិត្យត្រូវឡើងវិញ ខិតខំពង្រឹងបន្ថែម និងកែសម្រួលចំណុចខ្វះខាតទៅតាមគោលការណ៍ណែនាំរមណីយដ្ឋានទេសចរណ៍គំរូ។
ក្នុងឱកាសនៃពិធីផ្សព្វផ្សាយនេះ លោក ថោង ខុន បានសង្កត់ធ្ងន់ណែនាំឱ្យគ្រប់រមណីយដ្ឋានទេសចរណ៍ទាំងអស់ត្រូវមាន៖
ទី១. ផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រមណីយដ្ឋាន (Tourism Master Plan)
ទី២. អ្នកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ ( Tourism site manager)
ទី៣. សេវាទាំងអស់នៅក្នុងរមណីយដ្ឋានត្រូវមានគុណភាព ស្របតាមស្តង់ដាទេសចរណ៍
ទី៤.ត្រូវមានសេវាគាំទ្រ ដែលបម្រើឱ្យសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ រាប់ទាំងបង្គន់សាធារណៈ សេវាផ្តល់ព័ត៌មាន ការគិតគូពីសន្តិសុខសុវត្ថិភាព អនាម័យចំណីអាហារ សេវាសង្គ្រោះបន្ទាន់ ជាពិសេសប្រព័ន្ធ ទូរសព្ទនិង Wi-Fi នៅតាមរមណីយដ្ឋាន។
លោក ថោង ខុន បានអំពាវនាវឱ្យគ្រប់រមណីយដ្ឋានទាំងអស់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចូលរួមនៅក្នុងចលនាប្រឡងប្រណាំង “រមណីយដ្ឋានទេសចរណ៍គំរូ”នេះ ជាលើកទី១ ហើយដើម្បីឈានទៅរកការបូកសរុបនៅខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ហើយដើម្បីទាំងអស់គ្នា “រួមធ្វើ រួមគិត រួមទទួលខុសត្រូវ” ដើម្បីឱ្យរមណីយដ្ឋានទេសចរណ៍ទាំងអស់ជាផលិតផលប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តភាព (Creative and Innovative) ដើម្បីជាផ្នែកមួយក្នុងការចូលរួមទៅដល់ការសម្រេចបានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យបានចំនួន ៧លាននាក់ និងទេសចរក្នុងស្រុកឱ្យបានចំនួន ១៩លាននាក់នៅឆ្នាំ២០២០។ សូមបញ្ជាក់ថា រយៈពេល២ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង ១លាននាក់ កើនឡើង ១២,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ ដើម្បីទទួលបានភ្ញៀវទេសចរប្រមាណ ៧លាននាក់នៅឆ្នាំ២០២០ ត្រូវមានកំណើនជាមធ្យម១០% ដែលកិច្ចការងារនេះត្រូវគិតគូឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ ពិសេសរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឱ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ៕




No comments:

Post a Comment