Thursday, March 30, 2017

តុលាការសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ១ឆ្នាំ៨ខែ ពិន័យ១០លានរៀល និងសងសំណង១០០រៀល

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ តុលាការបានសម្រេច​ប្រកាសសាលក្រមផ្តន្ទា​ទោស​លោក​ សម​ រង្ស៊ី​ ដាក់​ពន្ធនាគារ​១ឆ្នាំ​៨ខែ​ ពិន័យ​១០លាន​រៀល​ និង​ សង​សំណង​១០០រៀល ពាក់ព័ន្ធសំណុំរឿងក្ដី​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចោទថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​ នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត ​កែម​ ឡី​។​
សូមជម្រាបថា ​កាលពី​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ​២០១៧​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​រឿង​ក្ដី​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​ចោទថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ឡី​។​ ប៉ុន្តែ​ក្រោយ​ការ​សួរ​ដេញដោល​ លោក​ចៅក្រម​ អ៊ី​ ថាវរៈ​ បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មីនានេះ​។ លោក​ សម​ រង្ស៊ី​ ជាប់​ចោទ​ពី​បទ​ បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើបង្ក​ឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៣០៥​ ,​ មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។
កន្លង​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ ការ​ចោទប្រកាន់​របស់​លោក​ សម​ រង្ស៊ី​ ​ មក​លើលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ នោះ​ មិន​ត្រឹម​តែ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោកប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​មាន​ចរិត​ជា​ការ​ញុះញង់​បំផុសបំផុល​ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន​ ដែល​អាច​បង្ក​ឱ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ របស់​តុលាការ​ទៀត​ផង​ ។

ជា​ការ​ឆ្លើយតប​នូវ​ការ​ចោទប្រកាន់​គ្មាន​ភ័ស្តុតាង​នេះ​ មេធាវី​តំណាងដោយ​​អាណត្តិ​របស់​លោកនាយករដ្ឋមន្រ្តី​ បានសំណូមពរ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​លោក​សម​ រង្ស៊ី​ តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​​ត្រឹម​តែ​​១០០​រៀល​ប៉ុណ្ណោះ​៕


No comments:

Post a Comment