Thursday, March 30, 2017

រដ្ឋាភិបាលស្វីសនៅតែបន្តគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជា

ភ្នំពេញ៖រដ្ឋាភិបាលស្វ៊ីស តាមរយៈតំណាងទីភ្នាក់ងារសម្រាប់ កិច្ចសហប្រតិបត្ដិការ និងការអភិវឌ្ឍរបស់ ប្រទេសស្វ៊ីសប្រចាំនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់នូវ ការប្ដេជ្ញាចិត្ដរបស់ខ្លួនសាជាថ្មីម្ដងទៀត ចំពោះការគាំទ្រលើមន្ទីរពេទ្យគន្ធបុប្ជាដើម្បីបន្ដដំណើរ ការមន្ទីរពេទ្យក្នុងការផ្ដល់សេវាព្យាបាល និងថែទាំសុខភាពមាតា និងកុមារកម្ពុជាដោយឥតគិតថ្លៃ។
យោងតាម អេគេភីដែលស្រង់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតស្វ៊ីសប្រចាំកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានបញ្ជាក់ថា រដ្ឋាភិបាលស្វ៊ីស និងមូលនិធិគន្ធបុប្ជាប្ដេជ្ញាចិត្ដ ព្រមទាំងធ្វើការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនេះ។
រដ្ឋាភិបាល ស្វ៊ីសនឹងជួយគាំទ្រមូលនិធិនេះ ហើយមានការសោកស្ដាយយ៉ាងខ្លាំងដោយដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជាកំពុងមានជំងឺជាទម្ងន់ និងជំនួសដោយលោក វេជ្ជបណ្ឌិត ភីធ័រ ស្ទូដឺ ដែលជាប្រធានគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បីបន្ដដំណើរការមន្ទីរពេទ្យឱ្យទៅមុខ និងរក្សានូវសេវាកម្មថែទាំសុខភាពមាតា និងកុមារដោយឥតគិតកម្រៃនិងមានគុណភាពខ្ពស់។
ក្នុងសេចក្ដីប្រកាសដដែលបានបន្ដថា ការគាំទ្រចំពោះមន្ទីរពេទ្យគន្ធបុប្ជាគឺជាផ្នែកដ៏សំខាន់ មួយសម្រាប់ការចូលរួមរបស់ប្រទេសស្វ៊ីសនៅក្នុងប្រទេសកម្ពុជា ហើយប្រទេសស្វ៊ីសផ្ដល់ការគាំទ្រ ដល់ប្រជាជនក្រីក្រ និងប្រជាជនដែលបាត់បង់ឱកាស និងផ្ដល់ឱ្យប្រើសេវាសាធារណៈដែលមាន គុណភាពដូចជាការថែទាំសុខភាព ព្រមទាំងមានការគាំទ្រទៅលើសន្ដិសុខស្បៀង និងដីធ្លី ការអភិវឌ្ឍ ជំនាញ និងឱកាសការងារផងដែរ។
ជាមួយគ្នានេះដែរ ប្រទេសស្វ៊ីសបានគាំទ្រមន្ទីរពេទ្យគន្ធបុប្ជា ចាប់តាំងពីឆ្នាំ១៩៩៤មកម៉្លេះ ដែលថវិកាសរុបចំនួន៥៧លានស្វ៊ីសហ្វ្រង់ ហើយក្នុងមួយឆ្នាំមន្ទីរពេទ្យគន្ធបុប្ជាទទួលបានថវិកា ៤លានស្វ៊ីសហ្វ្រង់។ ចាប់តាំងពីឆ្នាំ២០១៣មក ប្រទេសស្វ៊ីសបានបង្កើនការទំនាក់ទំនងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជាដោយសហការយ៉ាងជិតស្និទ្ធជាមួយលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និងមូល និធិគន្ធបុប្ជា ដើម្បីធ្វើការទៅលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនៅក្នុងប្រទេសកម្ពុជា៕


No comments:

Post a Comment