Tuesday, September 29, 2015

កិច្ច​សម្ភាស​ន៍ឯកឧត្តម​ កែវ ​រ៉េមី​ ឆ្លើយតប​ និងឯកឧត្តម​ សម រង្ស៊ី​

ឯកឧត្តម កែវ រ៉េមី ប្រតិកម្មនិងការលើកឡើងរបស់ មេបក្សប្រឆាំងដែលថា កម្ពុជាជាប្រទេសផ្តាច់ការ

នៅថ្ងៃទី ​២៩ ខែកញ្ញា ​ឆ្នាំ២០១៥នេះ​ ឯកឧត្តម​ កែវ រ៉េមី ​រដ្ឋលេខា​ធិការ និង​ជាអនុ​ប្រធានអង្គភាព​ព័ត៌មាន ​និងប្រតិកម្មរហ័ស​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី ​បានប្រតិកម្ម​ទៅនិងសំដី​របស់ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ​ឯកឧត្តម ​សម រង្ស៊ី ​ដែលធ្វើឡើង​នៅក្នុងកិច្ច​សម្ភាសន៍ជាមួ​យវិទ្យុABC របស់​អូស្រ្តាលី ​កាលពីថ្ងៃទី ​២៤ ខែកញ្ញា ​ឆ្នាំ២០១៥ កន្លង​ទៅថ្មីៗនេះ ​ដោយឯកឧត្តម​ សម រង្ស៊ី ​បានលើកឡើងថា ​ប្រទេសកម្ពុជា​ជាប្រទេសផ្តាច់​ការ ហើយ​មិនខុសប្លែកពីមេ​ដឹកនាំផ្តាច់ការ​មួយចំនួន ​នៅលើពិភពលោក​នោះទេ ហើ​យនាយករដ្ឋមន្ត្រី​ដដែលជាង៣០ឆ្នាំ ​ហើយគណបក្សដឹក​នាំប្រទេសជាង៣៦ឆ្នាំ ​ល្មមដល់ពេល​ត្រូវធ្វើការ​ផ្លាស់ប្តូរនាយករដ្ឋមន្ត្រី។​

ឯកឧត្តម​ កែវ រ៉េមី ​បានមាន​ប្រសាសន៍ថា ​នៅក្នុងច្បាប់​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា ​គឺប្រកាន់​យកគោលការណ៍​លទ្ធិប្រជាធិប​តេយ្យសេរី​ពហុបក្ស ​ដែលមានបក្សន​យោបាយជាច្រើន​ចូលរួមប្រកួតប្រជែង​ក្នុងការបោះ​ឆ្នោតសកល ​និងអសកល ​ដែលផ្តល់​ជំរើសឲ្យ​ប្រជាជនខ្មែរ​ទូទាំងប្រទេស​គាត់អាច​ រើសបក្សនយោបាយ​ណាក៏បាន ​ដែលគាត់​ពេញចិត្ត។ ​ប្រជាជនខ្មែរអាច​បោះឆ្នោតដោយ​សេរី ដោយផ្ទា​ល់ និង​ដោយសំងាត់។​  ឯកឧត្តម ​កែវ រ៉េមី ​បន្តថាកម្ពុជា​មានការបោះ​ឆ្នោតថ្នាក់ជាតិ​ជាទៀងទាត់​៥ឆ្នាំម្តង ​រហូតមានការ​បោះឆ្នោតថ្នាក់​ក្រោមជាតិ ​ក្រុមប្រឹក្សាឃុំ​សង្កាត់, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ​ទៀតផង។​

ចំពោះសិទ្ធិ​សេរីភាពក្នុងការ​បញ្ចេញមតិវិញ ​ឯកឧត្តម​ កែវ រ៉េមី ​បានបញ្ជាក់ថា ​គឺប្រជាជនកម្ពុជា​មានសិទ្ធិសេរីភាព​ក្នុងការសម្តែងមតិ ​ដូចមានចែង​នូវក្នុងច្បាប់​រដ្ឋធម្មនុញ្ញ ​និងច្បាប់ដទៃទៀត​ដោយបរិបូរណ៍ ​ដូចជាច្បាប់​បាតុកម្ម ​ និងច្បាប់​សារពត័មាន​ជាដើម។ ​ដោយឡែកចំពោះ​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងប្រទេស​កម្ពុជាវិញ ​បានបើកទូលាយ​ដល់គ្រប់​ស្ថាប័ន ដែលមាន​ទាំងទូរទស្សន៍​ កាសែត ​និងវិទ្យុ ​ដោយក្នុងនោះយើ​ងឃើញថាបច្ចុប្បន្ននេះ ​មានវិទ្យុក្នុងស្រុក​ និងបរទេស​ជាច្រើន ​ទាំងផ្សាយចេញពី​រាជធានីភ្នំពេញ ​និងគ្រប់ខេត្តក្រុងក្នុ​ងប្រទេសកម្ពុជា​ដោយសេរី ​និងគ្មានការ​ត្រួតពិនិត្យជាមុន។ ​

ប៉ុន្តែទោះជាយ៉ាងណា ​ឯកឧត្តម ​កែវ រ៉េមី ​បានបញ្ជាក់ថា ​សំរាប់សិទ្ធិ​សេរីភាពដែលយើងប្រើ​ប្រាស់គប្បីមាន​ការគោរពដល់​សិទ្ធិអ្នកដ៏ទៃផង។ ​ឯកឧត្តម​ កែវ រ៉េមី​ បានសង្កត់ធ្ងន់​ថា កម្ពុជាជា​ស្ថានសួគ៍នៃអង្គការ​សង្គមស៊ីវិល ​ដែលមានស្ទើររាប់​ពាន់អង្គការទៅ​ហើយ ក្នុងប្រទេស​ដ៏តូចមួយនេះ។ ​ជាមួយគ្នានេះមាន​ការបើកទូលាយ​ក្នុងការប្រើប្រាស់ ​បណ្តាញសង្គមថ្មី​ ដែលមាន ​Facebook, Twitter និង Instagram ​ជាដើម ដែលប​ច្ចុប្បន្នមានប្រជា​ជនខ្មែរលាននាក់​កំពុងប្រើប្រាស់ដោ​យគ្មានការគ្រប់គ្រង។​


ចំពោះការលើក​ឡើងរបស់ ​ឯកឧត្តម សម ​រង្ស៊ី ដែលថា ​កម្ពុជាមាន​នាយករដ្ឋមន្ត្រី​ដដែលជាង៣០ឆ្នាំ ​ល្មមដល់ពេល​ត្រូវធ្វើការផ្លាស់​ប្តូរនាយករដ្ឋមន្ត្រីនោះ ​គឺវាជាការលើក​ឡើងដោយខុសពី​ភាពជាក់ស្តែង​ក្នុងរបបដឹកនាំ​របស់កម្ពុជា​ ដែលប្រកាន់​យករបបសភា​និយម គឺខុសពី​របបប្រធានាធិ​បតីនិយមដែល​កំណត់អណត្តិនៅ​ក្នុងគ្រប់គ្រងនោះ។ ​ឯកឧត្តម ​កែវ រ៉េមី បានបន្ថែមថា ​ការដឹកនាំរបស់ ​សម្តេចតេជោ ​ហ៊ុន សែន​ គឺធ្វើឡើងដោយសារ​មានការពេញចិត្តពីផ្ទៃ​ក្នុងបក្សប្រជាជន​ដែលគាំទ្រសម្តេច ​ជាបេក្ខជននាយ​ករដ្ឋមន្ត្រី។​ ម៉្យាងវិញទៀ​តគណបក្សប្រជាជន​ ដឹកនាំប្រទេស​មកយូរក៏ព្រោះតែ​គណបក្សនេះ​នៅតែទទួលបាន​ការគាំទ្រពីប្រជាពល​រដ្ឋតាមរយៈ​ការបោះឆ្នោត ​គឺមិនមែនចេះតែ​កាន់អំណាចតាម​ចិត្តចង់ ​រឺតាមការនឹកឃើញ​នោះទេ៕