Saturday, January 20, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

(ភ្នំពេញ)៖ បន្ទាប់ចំណាយពេលធ្វើដំណើររយៈពេលប្រមាណ១៧ម៉ោង ពីទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុខសុវត្ថិភាពហើយ នៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នា២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅបារាំង និងប្រទេសស្វីស រយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំង 🇰🇭🇫🇷

សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីបារាំង

 (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ម្សិល​មិញនេះ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសបារាំង។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយកិត្តិយសបំផុតពីសំណាក់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីបារាំង ក៏បានជួបប្រជុំទ្វេភាគីទៅលើបញ្ហានានាក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោកផងដែរ។ ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួមលើលទ្ធផលនៃជំនួបរវាងសម្តេចធិបតី និងប្រធានាធិបតីបារាំង៖






Déclaration conjointe relative à l'entretien du Président de la République avec le Premier ministre du Royaume du Cambodge - Paris, le 18 janvier 2024





សម្តេចធិបតី ហ៊ុន ម៉ាណែត ហោះត្រឡប់មកកម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្មការងារមួយសប្តាហ៍លើទឹកដីអឺរ៉ុប ប្រកបដោយភាពមមាញឹកបំផុត


(ប៉ារីស, បារាំង)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបិទបញ្ចប់បេសកកម្មការងារលើ​ទឹកដី​អឺរ៉ុបហើយ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ។ នៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃនេះ ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងប្រមាណ១១យប់ ម៉ោងនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ា​ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត​ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជ​រដ្ឋា​ភិ​បាលកម្ពុជា អញ្ជើញនិវត្តន៍មកកាន់កម្ពុជាវិញហើយ។

មួយសប្តាហ៍នៃបេសកកម្មការងារលើកដំបូងនៅទឹកដីអឺរ៉ុបក្នុងឋានៈជានាយករដ្ឋមន្ត្រី គឺជាសប្តាហ៍​ដ៏មមា​ញឹក​បំផុតសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ចាប់ពីដាក់ជើងជាន់ដីទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃ​ទី១៤ ខែមករា រហូតដល់វេលាឡើងយន្តហោះនាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីជាបន្តបន្ទាប់រហូតដល់ប្រមាណ ៤០កម្មវិធី។ កម្មវិធីភាគច្រើនបំផុត គឺជួបជាមួយ​ថ្នាក់​​​ដឹក​នាំក្រុមហ៊ុនធំរបស់បារាំង ក្រុមហ៊ុននៅអឺរ៉ុប និងក្រុមហ៊ុនមកពីបណ្តាប្រទេសដទៃទៀត ដែលចូល​រួម​ក្នុងកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

បេសកកម្មការងាររយៈពេលមួយសប្តាហ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអឺរ៉ុបដើមឆ្នាំ២០២៤​នេះ គឺដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កាខ្ពស់ទាំងទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច។ ទិដ្ឋភាពនយោ​បាយសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយថ្នាក់ដឹកនាំកំពូលទាំង៣កម្រិតរបស់បារាំង រួមមាន​ប្រធាន​​ព្រឹទ្ធសភា ប្រធានរដ្ឋសភា និងប្រធានាធិបតី។

តាមរយៈជំនួបជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង, លោក Gérard Larcher ប្រធាន​ព្រឹទ្ធសភាបារាំង, លោកស្រី Yaël BRAUN-PIVET ប្រធានរដ្ឋសភាបារាំង និងលោក Grabiel ATTAL នាយករដ្ឋមន្ត្រីបារាំង សុទ្ធសឹងបាន​គូស​រំលេចដោយក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍន៍យ៉ាងល្អប្រសើរនៃទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការ​យ៉ាង​ល្អប្រសើររវាងកម្ពុជា និងបារាំង ចាប់ពីការជួយស្វែងរកសុខ​សន្តិភាពនៅឆ្នាំ១៩៩១ និង​បន្ត​ជួយ​ជ្រោម​​​ជ្រែង​របស់បារាំងក្នុងដំណើរកសាង និងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ក្រោយជួបវិបត្តិភ្លើង​សង្គ្រាម។

ក្នុងសេចក្តីថ្លែងការណ៍រួមមុនជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី, លោកប្រធានាធិបតីបារាំង បាន​ប្រកាសផ្តល់ជំនួយប្រមាណ ២០០លានអឺរ៉ុប សម្រាប់គាំទ្រការបណ្តុះបណ្តាលផ្នែកថាមពល និងប្រព្រឹត្ត​កម្ម​ទឹកស្អាតនៅកម្ពុជា។ លោកប្រធានាធិបតី ក៏បានប្រកាសបន្តធ្វើការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីលើក​កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងលើផ្នែកនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ លោក​ប្រធា​នាធិបតី ក៏បានប្រកាសធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាអន្តរជាតិ ដែលជាកង្វល់​រួមនៃ​ប្រទេសទាំងពីរផងដែរ។

ក្រៅពីការថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាលចំពោះការជួយអភិរក្សប្រាង្គប្រាសាទ ក៏ដូចជា​កិច្ច​អភិវឌ្ឍន៍កម្ពុជាហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ បន្តលើក​កម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយជាមួយបារាំងឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់​សម្តេចនឹង​ធ្វើ​ឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។ សម្តេចធិបតីនាយករដ្ឋ​មន្ត្រី ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរកាន់តែរស់រវើក ដើម្បីក្លាយ​ជា​ចរន្ត​ឈាមចិញ្ចឹមទំនាក់ទំនងកម្ពុជា និងបារាំង។

ក្រៅពីថ្នាក់ដឹកនាំកំពូលៗរបស់បារាំងហើយនោះ ក្នុងបេសកកម្មការងារទាំងនៅប្រទេសបារាំង និងនៅ​ឯទីក្រុងដាវ៉ូស ប្រទេស​ស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយមេដឹកនាំប្រទេសជា​មិត្ត​មាន​ដូចជានាយករដ្ឋមន្ត្រីថៃ និងវៀតណាម ហើយក៏បានជួបថ្នាក់ដឹកនាំអង្គការអន្តរជាតិជា​ច្រើន​ទៀត រួមមាន៖ លោក Joo-OK Lee ប្រធានរបៀបវារៈតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមា​ជិក ​នៃគណៈ​កម្មាធិការ​ប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក, លោក John Kerry អតីតរដ្ឋមន្រ្តីការបរទេស, អតីត​សមា​ជិកព្រឹទ្ធសភា និងជាបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក, លោក តូនី ប្ល៊ែរ អតីត​នាយករដ្ឋមន្ត្រីអង់គ្លេស ជាប្រធានប្រតិបត្តិ នៃTony Blair Institute for Global Change, លោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO), លោកសាស្ត្រាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF), លោកស្រី Samantha Power អ្នកគ្រប់គ្រងនៃទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID), លោក Kono Taro រដ្ឋមន្ត្រីក្រសួងបរិវត្តកម្មឌីជីថល ប្រទេសជប៉ុន, លោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោក (WHO) និងលោក Jean Todt បេសក​ជន​ពិសេស​នៃអគ្គ​លេខា​ធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសុវត្ថិភាពចរាចរណ៍, លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងលោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF)។

ក្នុងជំនួបនោះ ជាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយពីគោល​នយោបាយរបស់​រាជ​រដ្ឋា​ភិបាល​ពាក់​ព័ន្ធបញ្ហាបរិស្ថាន និងគោលនយោបាយពាក់ព័ន្ធវិនិយោគនៅកម្ពុជាជាដើម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតស្វះស្វែងរកកិច្ចគាំទ្រពីអង្គការអន្តរជាតិទាំងនេះលើការអភិវឌ្ឍន៍ ក៏ដូចជាការ​វិនិយោគ​នៅកម្ពុជាផងដែរ។

លើទិដ្ឋភាពសេដ្ឋកិច្ចវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបថ្នាក់ដឹកនាំក្រុមហ៊ុនដោយផ្ទាល់ជិត​២០​ក្រុមហ៊ុន ហើយដោយប្រយោល​តាម​រយៈវេទិកាធុរកិច្ចប្រមាណ ៨០ក្រុមហ៊ុនថែមទៀត។ ក្នុងនោះ អនុ​ស្សា​រណៈនៃការយោគយល់គ្នារហូតដល់ទៅ៦ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុនរបស់​កម្ពុជា និង​បារាំង។ អនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខានោះរួមមាន៖

១៖ អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)

២៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle

៣៖ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail

៤៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions

៥៖ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42)

៦៖ អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS

ក្នុងដំណើរបេសកកម្មការងារនៅអឺរ៉ុបនាពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយ​ប្រជា​ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅតាមបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុប។ ក្នុងជំនួបសំណេះសំណាលនោះ ក្រៅពីការសួរសុខទុក្ខ និងបង្ហាញការនឹករលឹកហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី និងសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលថ្មី បានសម្រេចក្នុងរយៈពេលជាង៤ខែកន្លងទៅនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុនឯកជនដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបក្នុងពេលបំពេញបេសក​កម្មការងារនៅ​លើទឹក​ដី​អឺរ៉ុបនេះរួមមាន៖

១៖ លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈ​កម្មាធិការ​ប្រតិបត្តិរបស់ VINCI Group។

ក្រុមហ៊ុន VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោង​ថាម​ពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។ VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាន​នៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក។


២៖ លោកស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems តំណាង​ឱ្យ​Group ACCOR។ 

Group ACCOR ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារ​ចំនួនជាង ៤០ម៉ាក (Brand) ទូទាំងពិភពលោក ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគ​ចំនួន ៩ទីតាំងនៅកម្ពុជា មានក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d'Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។


៣៖ លោក Philippe DELLEUR, អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom។

ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹក​ជញ្ជូន​តាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេងៗ រាប់ចាប់ពីរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិក​ប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍។


៤៖ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF)។

ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្ម​ជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ទូទាំងពិភពលោក ដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។ ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពល​ដែលបញ្ចេញ​កាបូន​សូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែល​ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។ ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់​ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។


៥៖ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី។

ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុននៅកម្ពុជា ក្រោម​កិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់​កម្ពុជា បាននិងកំពុងបង្កើតគម្រោង «Immersive Angkor» ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់​នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។


៦៖ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង​ Orange Group។

Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខរបស់​បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិក​ចំនួន ១៣៦,០០០នាក់ ដោយប្រតិបត្តិការនៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និង​អាហ្វ្រិក។ ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។

ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់​សេវាអន្តរជាតិទ្វេភាគី។


៧៖ លោក Patrick POUYANNÉ នាយកប្រតិបត្តិ ក្រុមហ៊ុន TotalEnergies។

ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែល​ចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយនៅរាជធានីភ្នំពេញ និងចំនួន៤៩ផ្សេងទៀតនៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន បាននិងកំពុងប្រតិបត្តិការអាជីវកម្ម​រោង​ចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុង​ពិចារណា​ក្នុង​ការវិនិយោគបន្ថែមនៅកម្ពុជា ពិសេស ក្នុងវិស័យថាមពលខ្យល់។


៨៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Blue Circle។

ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាម​ពល​កកើត​​ឡើងវិញនៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើក​ការិយា​ល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយក​ខេត្តមណ្ឌល​គិរី​ដើម្បីអនុវត្តន៍គម្រោងទីមួយ របស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំលែងជាអគ្គិសនី ដែល​គ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦តទៅ។


៩៖ លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្មពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុ ដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕


១០៖ លោកស្រី Jane Sun នាយិកាប្រតិបត្តិក្រុមហ៊ុន Trip.com។

Trip.com Group Limited គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។

អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើមនៅកម្ពុជា តាមរយៈវេបសាយ Trip.com។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នា​ក្នុង​ភាព​ជាដៃគូតាមរយៈប្រព័ន្ធឌីជីថលជាមួយ Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាបផងដែរ។


១១៖ លោក Kuok Khoon Hong ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Wilmar International Group។

ក្រុមហ៊ុន Wilmar International ជាក្រុមហ៊ុនធុរកិច្ចលើវិស័យកសិកម្ម ដោយបាន​បង្កើត​ឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី​នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុននេះមានបច្ចេកទេសខ្ពស់ផ្នែកកសិកម្ម រាប់ចាប់ពីការដាំដុះ កែច្នៃ វេចខ្ជប់ ផ្គត់ផ្គង់ និងចែកចាយ​យ៉ាង​ទូលំទូលាយ ដោយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធុញ្ញជាតិ ម្សៅ និងស្ករជាដើម


១២៖ លោកស្រី Xia LI ស្ថាបនិក និងជានាយិកាប្រតិបត្តិ ក្រុមហ៊ុន Shenzhen Power Solution។

ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិត ផលិតផលអំពូលសូឡា ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅប្រទេសចិន។


១៣៖ លោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs។

ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគ​លើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយ​ផ្តល់​​សេវា​កម្មហិរញ្ញវត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល។


១៤៖ លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិក ព្រមទាំងជាប្រធានក្រុមហ៊ុន Grab។

ក្រុមហ៊ុន Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ដោយមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Grab Holdings Ltd (Grab) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរសព្ទចល័ត ដែលផ្តល់សេវាកម្មដឹកជញ្ជូនអាហារ និងការទូទាត់តាមប្រព័ន្ធឌីជីថល។ ក្រុមហ៊ុន Grab បានផ្តល់ដំណោះស្រាយឌីជីថល ដោយសម្រួលដល់ការទូទាត់ តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្មក្នុងប្រទេសកម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។


១៥៖ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group Indonesia។

ក្រុមហ៊ុន Lippo Group មានមូលដ្ឋានក្នុងប្រទេសឥណ្ឌូនេស៊ី និងធ្វើអាជីវកម្មលើវិស័យ សំខាន់ៗរួមមាន៖ អចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។


១៦៖ លោកស្រី Mary Akinyi Olwal នាយិកាគ្រប់គ្រងគុណភាព និងការផ្គត់ផ្គង់ គ្រាប់ធញ្ញជាតិ នៃ​ក្រុមហ៊ុន Bühler Group។

ក្រុមហ៊ុន Buhler Group គឺជាក្រុមហ៊ុនប្រទេសស្វីស ដែលបានចាប់ផ្តើមអាជីវកម្ម​របស់​ខ្លួនអស់រយៈពេល ១៥០ឆ្នាំមកហើយ។ ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មនៅប្រទេសចំនួន១៤០ ជុំវិញពិភពលោក។

ក្រុមហ៊ុនបានផ្តោតសំខាន់លើសន្តិសុខ និងសុវត្ថិភាពស្បៀង ដោយបានវិវត្តន៍នូវបច្ចេកវិទ្យាទំនើប​ក្នុងការ​កែច្នៃ វេចខ្ចប់ និងចែកចាយ ចំណីអាហារ។ លើសពីនេះ ក្រុមហ៊ុន Bühler គឺជាក្រុមហ៊ុនដែលឈានមុខ​គេ​លើបច្ចេកវិទ្យា​រថយន្ត អុបទិក អេឡិចត្រូនិច ការបោះពុម្ព ការវេចខ្ចប់ និងបច្ចេកវិទ្យាកញ្ចក់។


១៧៖ លោក Lim Boon Heng ប្រធានក្រុមហ៊ុន Temasek Holdings។

ក្រុមហ៊ុន Temasek Holdings ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤ មានមូលដ្ឋានក្នុង​ប្រទេសសិង្ហបុរី។ បច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគលើវិស័យសំខាន់ៗដូចជា៖ វិស័យដឹកជញ្ជូន និងឧស្សា​ហកម្ម, វិស័យហិរញ្ញវត្ថុ, វិស័យទូរគមនាគមន៍ ព័ត៌មាននិងបច្ចេកវិទ្យា, វិស័យអចលនទ្រព្យ និងផលិតផល​កសិកម្ម។


១៨៖ លោក François GUEZ នាយកប្រតិបត្តិ ក្រុមហ៊ុន PL Vista។

PL Vista ជាក្រុមហ៊ុនបារាំង ដែលមានឯកទេសលើការផ្គត់ផ្គង់ផ្នែកគ្រឿងសំអាង អនាម័យ និងការថែ​ទាំ​​គេហដ្ឋាន។ ផលិតផលរបស់ PL Vista ត្រូវបានរចនាឡើង និងផលិតនៅអឺរ៉ុប ដោយប្រើធាតុផ្សំ និងស្តង់ដារអឺរ៉ុប ស្របតាមការបញ្ជាក់យ៉ាងម៉ត់ចត់ ដើម្បីធានាជូនអ្នកប្រើប្រាស់នូវគុណភាព និងសុវត្ថិភាពដែលអតិថិជនចង់បាន៕ ដោយ៖ Fresh News