Thursday, August 24, 2017

វិនិយោគគិនបរទេស មានជំនឿយ៉ាងមុតមាំលើការដឹក នាំរបស់លោក ហ៊ុន សែន ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ កាល​ពីព្រឹកម្សិលមិញថ្ងៃទី២៣ សីហា បន្ទាប់ពីបានអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការិនីនៅរោងចក្រកាត់ដេរសំលៀកបំពាក់របស់ក្រុមហ៊ុនចិន New Evergreen Industrial Co Ltd.រួចហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសសម្ពោធដាក់ឱ្យប្រើប្រាស់ វិទ្យាស្ថានកាត់ដេរ របស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលទើបសាងសង់រួចថ្មីៗនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា ទាំងកម្មករ និងវិនិយោគគិនគឺអស់ជំនឿហើយលើការឃោសនារបស់ក្រុមមួយទៀត កុំឱ្យគេផ្តល់ជំនួយមកកម្ពុជា កុំឱ្យគេមកវិនិយោគនៅកម្ពុជា កុំឱ្យគេជួយទិញទំនិញកម្ពុជា ដែលជាទង្វើបំផ្លាញផលប្រយោជន៍និងការងារកម្មករ ផ្ទុយស្រឡះពីការខិតខំរបស់លោក ហ៊ុន សែន ដែលសុំឱ្យគេជួយកម្ពុជា សុំឱ្យគេមកវិនិ​យោគនៅកម្ពុជា សុំឱ្យគេជួយទិញទំនិញពីកម្ពុជា ដែលបាននិងកំពុងផ្តល់ការងារ និងប្រាក់ចំណូលធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកូនក្មួយកម្មករកាន់តែប្រសើរឡើង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្រុមអ្នកវិនិយោគគិនបរទេស មានជំនឿយ៉ាងមុតមាំលើការ ដឹកនាំរបស់លោក ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានសុខន្តិភាព ជាមួយនឹងការធានា និងលើកទឹកចិត្តដល់គម្រោងវិនិយោគទុនរាប់រយ និង រាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា៕











ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២៤ ខែសីហានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


កាសែត Cambodia Daily ជាអ្នកប្រព្រឹត្តល្មើសច្បាប់ បែរជាចោទប្រកាន់អ្នកអនុវត្តច្បាប់ទៅវិញ

នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានសេចក្តីប្រកាសបំភ្លឺជុំវិញការចោទ ប្រកាន់ពីសំណាក់ម្ចាស់ កាសែត Cambodia Daily ថា «មន្រ្តីអគ្គនាយកដ្ឋានពន្ធដារកំពុងរំលោភច្បាប់ និងបានស្នើសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវពិនិត្យតាមដានមន្រ្តីអគ្គនាយកដ្ឋានពន្ធដារ ដោយធ្វើយ៉ាងណា​ឱ្យពួកគេចេះគោរពច្បាប់ពន្ធដារ និងត្រូវចាប់ពួកគេឱ្យទទួលខុសត្រូវចំពោះការដែលពួកគេកំពុងតែរំលោភច្បាប់ និងនីតិវិធីពន្ធដារ»។

ការចោទប្រកាន់នេះ​ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ បដិសេធទាំងស្រុងយ៉ាងដាច់អហង្ការ ព្រោះថានេះគឺជាការចោទប្រកាន់ដែលមិនអាចទទួលយកបាន។ នៅក្នុងសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា អគ្គនាយកដ្ឋានពន្ធដារជាអង្គភាព ដែលមានក្រម​សីលធម៌វិជ្ជាជីវៈ ស្គាល់ច្បាស់អំពីច្បាប់ស្តីពីសារពើរពន្ធ មិនដូចកាសែត Cambodia Daily ដែលប្រព្រឹត្តខុសច្បាប់ហើយបែរជាចោទប្រកាន់អ្នកអនុវត្តច្បាប់ថា ធ្វើខុសច្បាប់ទៅវិញ។

សូមអានសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារដូចខាងក្រោម៖




រដ្ឋមន្រ្តីក្រសួងបរិស្ថានជំរុញឱ្យមន្រ្តីធ្វើទំនើបកម្មខ្លួនឯង និងពង្រឹងសមត្ថភាពដើម្បីប្រសិទ្ធភាពការងាររួម

នៅក្នុងកិច្ចប្រជុំពីការលើកកម្ពស់ប្រសិទ្ធភាពការងារមន្រ្តី ដើម្បីអនុវត្តការងារកិច្ចគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ រៀបចំឡើងនៅនៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីធ្វើទំនើបកម្មខ្លួន៝ង និងពង្រឹងសមត្ថភាពដើម្បីចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

លោក សាយ សំអាល់ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីខិតខំ ធ្វើយ៉ាងណាអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងពង្រឹងសមត្ថភាពផ្ទៃក្នុង ដើម្បីប្រសិទ្ធភាពការងាររួម ជាពិសេសមន្រ្តីវ័យក្មេង ដើម្បីទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសបន្ថែមទៀតសម្រាប់ បំពេញការងារវិស័យបរិស្ថាន ចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋ៕







ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា សន្យាឱ្យមានអ្នកវិនិយោគអង់គ្លេសមកបណ្តាក់ទុននៅក្នុងខេត្តត្បូងឃ្មុំ

លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលជួបស្វាគមន៍និងសំណេះសំណាលជាមួយ លោក បៀល ឡងហឺស៍ (Bil Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជានៅសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

ក្នុងឱកាសនោះ ក្រោមការទទួលស្វាគមន៍យ៉ាងស្និទ្ធស្នាលកក់ក្តៅ ពីសំណាក់ លោកអភិបាលរងខេត្ត លោក បានបង្ហាញពីភូមិសាស្ត្រ តំបន់រដ្ឋបាលប្រមូលផ្តុំ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត និងវិស័យដែលមានសក្តានុពលក្នុងខេត្ត ពិសេសវិស័យ កសិឧស្សាហកម្ម ដំនាំម្រេច និងកៅស៊ូ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានស្នើសុំ លោកឯកឯគ្គរាជទូតចក្រភពអង់គ្លេស សុំឱ្យអ្នកវិនិយោគអង់គ្លេស មកបណ្តាក់ទុនលើវិស័យនេះ ដើម្បីឱ្យខេត្តកូនពៅមួយនេះ កាន់តែមានសក្តានុពលមានការអភិវឌ្ឍខ្លាំងបន្ថែមទៀត។ លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស ក៏បានទទួលយល់ព្រមយកសំណើនេះទៅពិចារណាផងដែរ ។

សូមបញ្ជាក់ថា លោក បៀល ឡងហឺស៍ (Bil Longhurst) ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា អញ្ជើញមកទស្សនកិច្ចនាថ្ងៃនេះ ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីខេត្តកូនពៅមួយនេះ ពិសេសពិភាក្សាលើការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ក្នុងខេត្តត្បូងឃ្មុំ ដែលមានបំណងចង់បន្តការសិក្សានៅចក្រភពអង់គ្លេស៕





ក្រសួងព័ត៌មាន បិទការផ្សាយស្ថានីយ៍វិទ្យុមហានគរ ព្រោះរំលោភប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងកិច្ចសន្យា

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានសម្រេចបិទ ស្ថានីយ៍វិទ្យុមហានគរ របស់លោកស្រី ឈួន វេជ្ជនី និងស្ថានីយ៍ផ្សាយបន្តមួយចំនួនទៀត ដោយសារតែរំលោភប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មរបស់ក្រសួងព័ត៌មាន និងកិច្ចសន្យា ដែលបានតម្កល់ទុកជាផ្លូវការនៅក្រសួងព័ត៌មាន។


តំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៩

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានរួមសហការគ្នាឈានដល់ការចុះកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។ ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង ហើយតំណក់ប្រេងកាត លើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩ ពោលគឺមានរយៈពេល២៤ខែទៀត។

កញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A ដែនសមុទ្រកម្ពុជា ដែលទើបចុះហត្ថលេខានេះ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។ តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា មានទំហំ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។

តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន KrisEnergy ធ្វើប្រតិបត្តិការដំណាក់កាលដំបូង 1A និង 1B អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេល ផលិតកម្ម៩ឆ្នាំ និងអាចឱ្យមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងឆៅមួយ នៅពេលអនាគត។ ក្នុងកិច្ចព្រៀមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។

លោក Kelvin Tang បានបញ្ជាក់ថា ការបែកចែកភាគហ៊ុន គឺ រដ្ឋាភិបាលទទួលបាន៥ភាគរយ ក្រុមហ៊ុនទទួលបាន៩៥ភាគរយ ដែលភាគហ៊ុននេះ គឺកម្រិតមួយខ្ពស់ហើយ ដែលផ្អែកលើកត្តា២គឺ៖ ទី១- បើទោះបីជារដ្ឋាភិបាល មិនមានជាភាគហ៊ុនក្នុងនោះ ហើយខាងក្រុមហ៊ុន មានភាគហ៊ុន១០០ភាគរយនោះក៏ដោយ ក៏រដ្ឋាភិបាលនៅតែទទួលបាន អត្ថប្រយោជន៍ពីដំណើរការផលិតប្រេងនេះដែរ ជាពិសេសទទួលបានប្រយោជន៍តាមរយៈពន្ធដារ។ ទី២- រដ្ឋាភិបាលមានភាគហ៊ុន៥ភាគរយនេះ ជាភាគហ៊ុនមួយខ្ពស់ស្រេចទៅហើយ នឹងអនុញ្ញាតិឱ្យរដ្ឋាភិបាលធ្វើការជាដៃគូជាមួយក្រុមហ៊ុនដើម្បីធ្វើការអភិវឌ្ឍន៍វិស័យនេះ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនេះ នឹងរួមចំណែកជំរុញដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដោយផ្តោតលើវិស័យអាទិភាពចម្បង៤ គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ លោករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានទិសដៅច្បាស់លាស់ គឺនឹងមិនបណ្តោយខ្លួនឱ្យក្លាយជាប្រទេស ដែលពឹងផ្អែកលើចំណូលប្រេង និងឧស្ម័នជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះ រួមចំណែកក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាព កំណើនក្នុងរយៈពេលមធ្យម និងវែង៕



លោករដ្ឋមន្រ្តី លឹម គានហោ ចាត់ឱ្យមន្ត្រីបច្ចេកទេសដឹកអេស្កាវ៉ាទ័រយកទៅប្រគេនជូនព្រះមេគណខេត្តឧត្តរមានជ័យ ប៊ុន សាលួត

អេស្កាវ៉ាទ័រមួយគ្រឿង ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគេនជូនព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាព្រះចៅអធិការវត្តសំរោង តាមការបិណ្ឌបាត្រ របស់ព្រះអង្គដោយផ្ទាល់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នោះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឱ្យមន្ត្រីបច្ចេកទេស មួយក្រុមដឹកយកទៅប្រគេនព្រះអង្គដោយផា្ទល់រួចហើយ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» កាលពីថ្ងៃទី២២ សីហា ព្រះតេជគុណ ប៊ុន សាលួត ត្រូវបានអនុញ្ញាតនិមន្តមានសង្ឃដីកាក៏ដូចជាសួរសំណួរផ្សេងៗទៅកាន់ប្រមុខរាជរដ្ឋាភិបាល ហើយពេលនោះ ព្រះអង្គបានសុំបិណ្ឌបាត្រដោយផ្ទាល់ នូវអេស្កាវ៉ាទ័រមួយគ្រឿងសម្រាប់យកទៅប្រើប្រាស់បម្រើដល់សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋក្នុងសហគមន៍របស់ព្រះអង្គតែម្តង។ ជាការឆ្លើយតប ចំពោះការបិណ្ឌបាត្រអេស្កាវ៉ាទ័រមួយគ្រឿងនេះ លោក ហ៊ុន សែន មិនបានស្ទាក់ស្ទើរនោះឡើយ ដោយបានប្រគេនតែម្តង ហើយបានប្រាប់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចាត់ចែងបន្តលើការងារនេះ។

ព្រះតេជគុណ ប៊ុន សាលួត បានបង្ហាញពីក្តីរំភើប និងរីករាយបំផុតក្រោយទទួលបានអេស្កាវ៉ាទ័រដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានេះ ព្រះតេជគុណព្រះមេគុណខេត្ត ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារបច្ចេកទេស ដែលបានដឹកយកអស្កាវ៉ាទ័រ មកប្រគេនផងដែរ។ ចំពោះការប្រើប្រាស់ អេស្កាវ៉ាទ័រ ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ព្រះតេជគុណ ប៊ុន សាលួត បានមានសង្ឃដីកាបន្តថា ទី១- ប្រើប្រាស់សម្រាប់កាយព្រំព្រៃ នៅក្នុងសហគមន៍ដែលមានទិសដៅរក្សារហូតដល់១១០០ឆ្នាំ ទី២- ប្រើប្រាស់សម្រាប់កាយស្រះទឹករបស់សហគមន៍ និងទី៣- សម្រាប់ជីកស្រះទឹក ដើម្បីទុកឱ្យសត្វផឹក ព្រមទាំងការជួយបម្រើប្រយោជន៍ ទៅមុខទៀតដល់សហគមន៍នៅក្បែរខាង។

សូមបញ្ជាក់ថា ព្រះអង្គ ប៊ុន សាលួត បច្ចុប្បន្នមានតួនាទីមើលថែរក្សា និងការពារព្រៃសហគមន៍ ដែលមានទំហំ ១៨២៦១ហិកតា មានចម្ងាយ៤០គីឡូម៉ែត្រ ពីក្រុងសំរោង ខេត្តឧត្តរមានជ័យ៕








កាកបាទក្រហមខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលស្តីពី អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន

ខេត្តព្រៃវែង៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ សាខាកាកបាទក្រហមខេត្តព្រៃវែង បានសហការ ជាមួយកាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលស្តីពី អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ក្រោមអធិបតីភាព លោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងលោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខា ដល់ជនបង្គោល និងអ្នកស្ម័គ្រចិត្តភូមិ មកពីស្រុក ចំនួន៣ គឺស្រុកពាមរក៍ ស្រុកពាមជរ និងស្រុកកំពង់ត្របែក ដែលមានរយះពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៧ មានសិក្ខាកាមចូលរួមសរុប ចំនួន ៣២នាក់ ។

សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាលនេះ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព ប្រជាជនក្នុងសហគមន៍ តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ និងត្រៀមបង្ការលក្ខណៈ ក្នុងការផ្តល់សេវាកម្មផ្នែកអនាម័យទឹកស្អាតក្នុងគ្រាអាសន្ន សហការដោយ សហព័ន្ធជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម(IFRC/JRCS)។
ក្នុងឱកាសនោះ លោក សុខ ផេង បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ អោយបានល្អ ដើម្បីយកចំណេះដឹងដែលទទួលបាននាពេលនេះទៅអនុវត្តក្នុងសហគមន៍ និងតំបន់គោលដៅនៃគម្រោងអោយទទួលបានជោគជ័យ៕




(សូមទស្សនាវីដេអូ)ក្រៅពីបំផ្លាញប្រយោជន៍ជាតិ គណបក្សប្រឆាំង តាំងខ្លួនជាអ្នក«ទារ៣» យ៉ាង

(សូមទស្សនាវីដេអូ) អាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា សម្រេចបញ្ឈប់នូវសកម្មភាពរបស់ NDI និងបណ្តេញបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីកម្ពុជា

ដើម្បីប្រទេសមានការអភិវឌ្ឍរីកចម្រើន កម្ពុជាត្រូវការសុខសន្តិភាព!

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ដូចនេះកម្ពុជាត្រូវការសុខសន្តិភាពដើម្បីបន្តការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតនៅក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ ដើម្បីជំរុញឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងប្រទេសមានការអភិវឌ្ឍរីកចម្រើន ត្រូវពឹងផ្អែកជាសំខាន់ទៅលើកត្តាសុខសន្តិភាព បើគ្មានសន្តិភាពមិនអាចធ្វើទៅបាននោះទេ ជាក់ស្តែង សង្រ្គាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងលីប៊ី បាន និងកំពុងធ្វើឱ្យប្រទេសនេះខ្ទេចខ្ទាំគ្មានឱកាសអភិវឌ្ឍន៍ប្រទេសបាននោះឡើយ។ ភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងតែខិតខំទាក់ទាញ អ្នកវិនិយោគឱ្យកាន់តែច្រើនថែមទៀតមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា និងបង្កើនការងារជូនកម្មករ កម្មការិនី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានរម្លឹកពីភាពខ្លោចផ្សារបស់កម្ពុជាក្នុងភ្លើងសង្រ្គាមកាលពីអតីតកាល។ ប្រសិនបើកម្ពុជា គ្មានភ្លើងសង្រ្គាម ហើយទុកឱ្យព្រះបរមរតនកោដ្ឋ ដឹកនាំប្រទេសនោះ កម្ពុជានឹងមានការរីកចម្រើនដល់ណាបាត់ទៅហើយ។ លោក បានបន្ថែមថា សន្តិភាពត្រូវតែបន្តកើតមាននៅលើទឹកដ៏កម្សត់មួយនេះ។ សង្រ្គាមបានធ្វើឱ្យកម្ពុជាខ្ទេចខ្ទាំយ៉ាងខ្លាំង តែតាមរយៈនយោបាយបង្រួបបង្រួមជាតិ និងនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្រ្គាមទាំងស្រុង និងមានឱកាសអភិវឌ្ឍន៍ប្រទេសឱ្យបានរីកចម្រើនដូចពេលបច្ចុប្បន្ន។ នយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ មានតំបន់ត្រួតត្រាតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងកម្លាំងប្រដាប់អាវុធតែមួយ និងមានសុខសន្តិភាពដូចសព្វថ្ងៃនេះ។ ប្រទេសមានការអភិវឌ្ឍរីកចម្រើន ត្រូវពឹងផ្អែកជាសំខាន់ ទៅលើសុខសន្តិភាព បើគ្មានសន្តិភាពមិនអាចធ្វើទៅបាននោះទេ៕


















នៅលើវិថីឆ្ពោះទៅរកការកាន់តំណែងអាណត្តិទីពីររបស់លោក Xi នៅប្រទេសចិន

ខណៈដែលតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិនរបស់លោក Xi Jinping នៅអាណត្តិទី១ ជិតបញ្ចប់នោះ អ្នកឃ្លាំមើលរបស់ចិនកំពុងតែមានចម្ងល់ថា តើតំណែងកំពូលរបស់គាត់មានសារៈសំខាន់បែបណាចំពោះការវិត្តន៍នយោបាយរបស់ចិន។

អ្នកទុទិដ្ឋិនិយមបានចាត់ទុកលោក Xi  ថា ជាបុរសខ្លាំងដែលផ្តោតតែទៅលើអំណាចនៅក្នុងដៃរបស់គាត់តែម្នាក់ប៉ុណ្ណោះ ដោយប្រើប្រាស់គំរូបែងចែកអំណាចប្រមូលផ្តុំរបស់លោក Deng Xiaoping ក្រោយពីលទ្ធិម៉ៅនិយម (Maoism)។ អ្នករិះគន់លោក Xi និយាយថា ដើម្បីកំទេចគូរប្រកួតបំបិទសម្លេងអ្នករិះគន់ និងបង្កើនឥទ្ធិពលផ្ទាល់ខ្លួនរបស់ខ្លួន លោក Xi កំពុងតែដើរតាមវិធីដ៏គ្រោះថ្នាក់របស់លោក Mao ។

ចំណែកអ្នកសុទិដ្ឋិនិយមវិញ គិតថា លោក Xi Jinping កំពុងធ្វើនូវអ្វីដែលចាំបាច់ ដែលនាំមកនូវអព្យាក្រិត្យភាពដល់ «ជនឆ្វេងនិយម» (ដែលសំដៅទៅដល់អ្នកអភិរក្សនិយម) និងដើម្បីបង្កើនអំណាចរបស់គាត់ ដែលធ្វើឲ្យគាត់អាចអនុវត្តការកែទម្រង់ចាំបាច់នានា  ក្នុងអាណត្តិទីពីររបស់គាត់ (២០១៨-២០២២)។ អ្នកការពារ និងគាំទ្រលោក  Xi ទទួលស្គាល់ពីស្ថានភាពដ៏លំបាកនេះ ប៉ុន្តែរំពឹងថានឹងធូរស្រាល។ អ្នកគាំទ្រខ្លះ គិតថា លោក Xi គឺពិតជាអ្នកសេរីនិយមចង្អៀត ដែលហ៊ុំព័ទ្ធទៅដោយការអភិរក្សវប្បធម៌។

នៅប៉ុន្មានខែខាងមុខនេះ វេទិការអាស៊ីខាងកើត (East Asia Forum) នឹងមានចេញផ្សាយនូវបទអត្ថាធិប្បាយបន្ថែមទៀត របស់អ្នកវិភាគកំពូលៗនៅជុំវិញពិភពលោក ស្តីពីភាពចាំបាច់នៃការផ្លាស់ប្តូរការដឹកនាំ ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងសមាជបក្សលើកទី ១៩ នៅចុងឆ្នាំនេះ។ សមាជនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍នយោបាយពិភពលោក។

នៅក្នុងអត្ថបទដែលលេចធ្លោក្នុងសប្តាហ៍នេះ លោក Carl Minzner បាននិយាយមួយផ្នែកពាក់ព័ន្ធនឹងអ្នកទុទិដ្ឋិនិយម។ គាត់មិនយល់ស្របនឹងទស្សនៈដែលថា លោក Xi កំពុងទាញចិនចេញពីរបបអំណាចប្រមូលផ្តុំ ទៅរកការគ្រប់គ្រងបែបបុគ្គលនោះទេ។ លោក Minzner ក៏មិនយល់ស្របនឹងទស្សនៈដែលថា លោក Xi កំពុងបោះបង់ការគ្រប់គ្រងមិនផ្លូវការនៅសម័យក្រោយ Mao ដែលធ្វើឲ្យមានការបែងចែកអំណាច ការផ្ទេរអំណាចដោយសន្តិវិធី និងស្ថិរភាពនយោបាយ។ អ្នកសរសេររូបនេះ បានរំពឹងថា លោក Xi អាចនឹងបន្តអំណាចរបស់ខ្លួនជាអគ្គលេខាធិការបក្ស បន្ទាប់ពីឆ្នាំ ២០២២។  លោក Minzner គិតថា នៅក្នុងសមាជបក្សលើកទី១៩ លទ្ធិបក្សក្នុងយុគសម័យកំណែទម្រង់សំខាន់ចំនួនពីរ អាចនឹងមិនត្រូវបានអនុវត្តន៍។

ទីមួយ ច្បាប់មិនផ្លូវការទាក់ទងនឹងការចូលនិវត្តន៍ នឹងការស្នងតំណែងរបស់ថ្នាក់ដឹកនាំកំពូល អាចនឹងមិនត្រូវបានអនុវត្តន៍។ មានការប៉ាន់ប្រមាណថា ការកំណត់អាយុចូលនិវត្តន៍អាចនឹងត្រូវលើកលែង ដើម្បីអនុញ្ញាតឲ្យអ្នកប្រឆាំងនឹងអំពើពុករលួយរបស់ចិន គឺលោក Wang Qishan បន្តតំណែងនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សតទៅទៀត។ ជាងនេះទៅទៀត លោក Xi ផ្ទាល់ អាចមិនប្រើវិធានការដែលបានបង្កើតនេះ ដើម្បីជៀសវាងការតែងតាំងអ្នកស្នងតំណែងនយោ​បាយនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ខណៈដែលគាត់ចាប់ផ្តើមតំណែងជាអគ្គលេខាធិ​ការបក្សអាណត្តិទីពីរ។ ការដកតំណែងរបស់លេខាធិការបក្សកុម្មុយនីស្តចិន លោក Sun Zhengcai កាលពីថ្ងៃទី២២ កក្កដា ២០១៧ បានបង្ហាញឲ្យឃើញពីភាពមន្ទិលសង្ស័យនេះ។

លោក Minzner គិតថា ទោះបីមានការវិវត្តន៍បែបណាក៏ដោយ ក៏លោក Xi អាចនឹងបន្តតំណែងជាអគ្គលេខាធិការបក្សបន្តទៀតបន្ទាប់ពីឆ្នាំ ២០២២ ដែលវាស្រដៀងនឹងករណីលោក Putin ដែរ។

ទីពីរ និងកាន់តែមានសារៈសំខាន់នោះគឺ វាកាន់តែស្តែងឲ្យឃើញកាន់តែច្បាស់ដែលថា មនោគមវិជ្ជារបស់បក្សកុម្មុយនីស្តចិន អាចនឹងប្តូរ ដើម្បីលើកតួនាទីរបស់លោក Xi Jinping ។

ច្បាប់បច្ចុប្បន្ន មិនបានដាក់បញ្ចូលនូវការកំណត់រយៈពេលសម្រាប់លេខាធិការបក្សនោះទេ គឺមានតែប្រធានរដ្ឋប៉ុណ្ណោះដែលត្រូវបានកំណត់អាណត្តិពីរអាណត្តិ។ ដូច្នេះ វាអាចទៅរួចដែលថា លោក Xi អាចរក្សាតំណែងជាប្រមុខដឹកនាំបក្ស (មេដឹកនាំកំពូល) ខណៈដែលតំណែងប្រធានរដ្ឋអាចនឹងផ្ទេរទៅឲ្យអ្នកជំនិតរបស់គាត់ នៅឆ្នាំ ២០២២។ ប៉ុន្តែ ក្នុងពេលដែលយកច្បាប់នយោបាយ ដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរមកប្រើ តើអ្វីដែលលោក Xi ធ្វើ កំពុងបំផ្លាញស្ថាប័ននយោបាយ ដែលនាំមកនូវការរីកចម្រើនអស់រយៈពេលបីទស្សវត្សកន្លងមកហើយ ឬយ៉ាងណា?

នេះគឺជាសំណួរដ៏លំបាក។ លោក Xi មិនគួរធ្វើនូវកិច្ចការដែលថ្នាក់ដឹកនាំមុនបានធ្វើនោះទេ ប៉ុន្តែបែរជាគាត់ធ្វើទៅវិញ។ គាត់បានដឹកនាំស្ថាប័នបក្ស និងយន្តការការិយាធិបតេយ្យ ជាពិសេសកិច្ចការដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិន័យ និងការអនុវត្តការងារ។ គាត់ក៏បានគាំទ្រច្បាប់ដែលបង្កើតឡើងដើម្បីទប់ស្កាត់ការប្រើប្រាស់អំណាចនីតិប្រតិបត្តិផងដែរ។

លោក Xi បានប្រមូលផ្តុំអំណាចនយោបាយ ជាងលោក Hu Jintao ឬ លោក Jiang Zemin ទៅទៀត ប៉ុន្តែវាក៏នៅមិនទាន់ច្បាស់ថា គាត់បានធ្វើឲ្យពីផលប៉ះពាល់ដល់ទម្រង់នៃការគ្រប់គ្រងរបស់ចិន ឬរបស់បក្សកុម្មុយនីស្តចិននោះទេ។ សមាជបក្សលើកទី ១៩ នឹងមានសារៈសំខាន់សម្រាប់អនាគតរបស់ចិន ហើយក្រសែភ្នែកជាច្រើនកំពុងតែតាមដានមើលការប្រើប្រាស់អំណាចរបស់លោក Xi ក្នុងឆ្នាំទី១ នៃអាណត្តិទីពីររបស់គាត់ ដើម្បីកិច្ចការកំណែទម្រង់ ជាជាងការបញ្ចប់ដោយអំណាចផ្តាច់ការផ្ទាល់ខ្លួន៕

ប្រភព : East Asia Forum ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧


តើទំនាក់ទំនង អាមេរិក-រុស្ស៊ី អាចស្តារឡើងវិញបានទេ?

ចាប់តាំងពីសង្រ្គាមលោកលើកទីពីរបញ្ចប់មក ជារឿយៗ ប្រធានាធិបតីអាមេរិកទាំងអស់តែងតែមានគោលបំណងចង់ស្តារឡើងវិញពាក់ព័ន្ធនឹងទំនាក់ទំនង អាមេរិក-រុស្ស៊ី។ ប្រធានា​ធិបតី Harry S. Truman បានបង្ហាញឱ្យឃើញនៅក្នុងកំណត់ហេតុរបស់គាត់ថា គាត់មានការធុញទ្រាន់ចំពោះការ “ភ្ជាប់ទំនាក់ទំនង” ជាមួយសហភាពសូវៀត នៅពេលដែល ពួកគេមិនបានអនុវត្តន៍​កាតព្វកិច្ច ដែលពួកគេត្រូវធ្វើនៅ Yalta។ ស្មារតីនៃកិច្ចប្រជុំ Geneva របស់ប្រធានាធីបតី Dwight D. Eisenhower បានស្វែងរកការចាប់ផ្តើមថ្មីជាមួយនឹងអ្នកស្នងតំណែងរបស់លោក Stalin។ ប្រធានាធីបតី John F. Kennedy បានស្វែងរកការបង្កើតទំនាក់ទំនងឡើងវិញនៅឯកិច្ចប្រជុំឆ្នាំ ១៩៦១ ដែលបានត្រួសត្រាយផ្លូវឱ្យមានវិបត្តិមីស៊ីលនៅកុយប៉ា និងជញ្ចាំងបែកឡាំង។ ប្រធា​នាធិបតី Richard Nixon បានស្វែងរកការបង្កើតទំនាក់ទំនងផងដែរជាមួយនឹងសមភាគីសូវៀតរបស់គាត់ គឺលោក Leonid Brezhnev ឬហៅថា របប Brezhnevite។

ប្រធានាធិបតី Jimmy Carter ក៏បានព្យាយាមផ្លាស់ប្តូរពាក្យថា ទំនាក់ទំនង អាមេរិក-សូវៀត នេះផងដែរ គឺដូចទៅនឹងប្រធានាធិបតី Ronald Reagan ដែលបានស្នើឱ្យមានយុទ្ធសាស្រ្តថ្មីគឺ “យើងឈ្នះ គេចាញ់”។ ការរៀបចំឡើងវិញមួយចំនួននេះ គឺយោងតាមការចាំបាច់ ដើម្បីគំរាមដល់រុស្ស៊ី ហើយមួយចំនួនទៀតយោងតាមចេតនាមួយដើម្បីស្វែងរកមូលដ្ឋានរួម។ ក៏ប៉ុន្តែ ក្រោយ សង្រ្គាមត្រជាក់ កិច្ចខិតខំប្រឹងប្រែងទាំងអស់មិនត្រូវបានស្តែងចេញជាលទ្ធផលនោះទេ។

បញ្ហានៅក្នុងករណីនីមួយៗមានភាពខុសគ្នា ក៏ប៉ុន្តែ នៅចុងបញ្ចប់ ពួកគេទាំងអស់បានបរាជ័យដោយសារតែគម្រោងកំណែទម្រង់របស់រុស្ស៊ីបានបរាជ័យនៅឆ្នាំ ១៩៩០។ ជាលទ្ធផលរុស្ស៊ីបានក្លាយទៅជារដ្ឋមានលូតលាស់មួយ ដែលការណែនាំមូលដ្ឋានបានដាក់កម្រិតលើវិសាលភាពសម្រាប់ទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុង Moscow។ នេះគឺជាហេតុផលដែលថា ការរៀបចំទំនាក់ទំនង អាមេរិក-រុស្ស៊ី ឡើងវិញរបស់លោក Trump ច្បាស់ណាស់ស្ទើរតែបរាជ័យ។

ដូចនៅក្នុងអតីតកាល ការរៀបចំទំនាក់ទំនង អាមេរិក-រុស្ស៊ី ឡើងវិញ បានចាប់ផ្តើមពីការវាយតម្លៃលើផលប្រយោជន៍របស់ប្រទេសទាំងសងខាង។ នៅក្រោយសង្រ្គាមត្រជាក់ ការព្រួយបារម្ភនោះគឺ ការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ដែលលោក Robert Kagan ហៅថា “ពិភពលោករបស់អាមេរិក”។ ក្នុងន័យនេះមានន័យថា  អាមេរិកបានព្យាយាមដាក់រុស្ស៊ីឱ្យស្ថិតក្រោមសណ្តាប់របស់ខ្លួន ហើយបានដាក់កម្រិតលើកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី​ ក្នុងការប្រឆាំងទៅនឹងសណ្តាប់ធ្នាប់នេះ។

បញ្ហាចម្បងចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដោយសារប្រព័ន្ធរដ្ឋបាលបែបបុគ្គលរបស់លោក Putin​ ដោយគាំទ្រដោយវប្បធម៌យុទ្ធសាស្រ្ត និងនយោបាយមួយ ដែលដាក់សម្ពាធលើការគ្រប់គ្រងបែបកេញយកផលប្រយោជន៍ផ្ទាល់ខ្លួន (Kleptocracy) ដែលងើបឡើងចេញពីចលាចលនៃរបបរបស់លោក Boris Yeltsin។

បដិវត្តន៍ពណ៌លើរុស្ស៊ី ដែលចាប់ផ្តើមជាមួយអ៊ុយក្រែនឆ្នាំ ២០០៤ នៅតែជាឧបសគ្គដ៏ធំចំពោះទស្សនវិស័យលើផលប្រយោជន៍ជាតិរបស់រុស្ស៊ី។ ដើម្បីគាំទ្រប្រព័ន្ធនេះ គឺទាមទារឱ្យមានការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេស ត្រូវលើកតំកើងកេរ្តិ៍ឈ្មោះលោក Putin ថា ជាមេដឹកនាំដ៏ខ្លាំង ដែលបានធ្វើឱ្យរុស្ស៊ីមានអំណាចម្តងទៀត ហើយជំរុញឱ្យមានការភ័យព្រួយជាសាធារណថា រុស្ស៊ីកំពុងស្ថិតក្រោមការហ៊ុមព័ទ្ធដោយសត្រូវ គឺអាមេរិក និង NATO។

ពាក់ព័ន្ធនឹងបញ្ហាស៊ីរី និងអ៊ុយក្រែន ការមិនយល់ស្របគ្នារវាង អាមេរិក និងរុស្ស៊ី គឺទាក់ទងទៅនឹងកាជ្រៀតជ្រែងចូលរបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក។ បញ្ហានេះបានក្លាយជាបញ្ហាមួយសម្រាប់ប្រធានាធិបតីទាំងអស់របស់អាមេរិក ជាពិសេស ចាប់តាំងពីលោក Putin មើលឃើញនៅក្នុបបរិបទនៃ “បដិវត្តន៍ពណ៌” ដែលគោលបំណងរបស់វាគឺផ្លាស់ប្តូររបបនៅរុស្ស៊ី។ ការរៀបចំទំនាក់ទំនងណាមួយ ដែលធ្វើឱ្យលោក Putin ពេញចិត្តគឺ តម្រូវឱ្យអាមេរិកធ្វើសម្បទានលើបញ្ហានៅអ៊ុយក្រែន និងបញ្ហាសន្តិសុខនៅអឺរ៉ុប ដើម្បីថ្នូរទៅនឹងការសន្យារបស់រុស្ស៊ី៕
ប្រភព : The August ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧


មន្ទីរបរិស្ថានខេត្តសៀមរាប បើកសិក្ខាសាលាបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពលើការគ្រប់គ្រងសំណល់ប្លាស្ទិក

នៅថ្ងៃទី២៣ ខែសីហា ២០១៧ នៅមន្ទីរបរិស្ថានខេត្តសៀមរាប បានបើកសិក្ខាសាលាបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពលើការគ្រប់គ្រង សំណល់ប្លាស្ទិក ក្រោមអធិបតីភាព លោកស្រី ងិន លីណា អគ្គនាយិកាចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធសរុប ៦០ នាក់ ។
សិក្ខាសាលានេះ មានគោលបំណង ពង្រឹងនូវសមត្ថភាពដល់សិក្ខាកាម ឲ្យមានជំនាញលើការគ្រប់គ្រងសំណល់រឹង សំរាម ជាពិសេសការអនុវត្តតាមគោលការណ៍ ៣R ក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្ដភាព ពិសេសធានាបាននូវកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕



តើ​ ត្រាំ នឹង​បញ្ឆេះ​សង្គ្រាម​ជា​មួយ​ចិនដែរ ឬទេ?

នៅប៉ុន្មាន​ខែ​ថ្មីៗនេះ គេ​និយា​យ​ និង​សរសេរភាគច្រើន​អំពី​អាមេរិក​ និង​ចិន​កំពុង​ឆ្ពោះ​ទៅ​រក​សង្គ្រាម​។ អ្នក​ខ្លះ​និយាយថា នេះ​អាច​ក្លាយជា​ការ​រវើរវាយ​បំពេញតាម​បំណង​ខ្លួន​ឯង។

ការ​លើក​ឡើង​នេះជាការ​ឆ្លើយ​តបទៅនឹង​​ពាក្យ​សម្តី​​ដ៏​កម្រោល​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ដូណាល់​ ត្រាំ។​

ការ​លើក​ឡើង​នេះ​ខ្លះ​ក៏​កើត​ចេញពី​សេចក្តី​ថ្លែងការណ៍ ​និង​សកម្មភាព​គោល​នយោ​បាយ​ការ​បរទេស​​របស់ ត្រាំ ដែល​ក្នុង​ចំណោម​អ្វី​ផ្សេង​ៗទៀត បាន​ញុះញង់​ចិន បូក​ជា​មួយ​នឹង​ការ​ពិត​ជាក់​ស្តែង​​ដែល​ថា​ ចិន​ឈប់​ធ្វើ​តាម​ផ្លូវ​ដើរ​របស់​អតីត​មេដឹកនាំ​របស់ខ្លួន​ តេង ស៊ាវពីង ដែល​ថា ចិន​គួរ​​តែ​សាមញ្ញ ​និង​រង់ចាំ​យ៉ាង​ស្ងៀម​ស្ងាត់​សម្រាប់ឱកាសល្អ​។

ទឡ្ហីករ​មួយ​ក្នុងការ​ធ្វើ​សង្គ្រាម​នៅ​ពេល​ខាង​មុខ​នោះ​គឺ ​ទ្រឹស្តី​ប្រជែង​អំណាច​​រវាង​មហា​អំណាច​​ដុះ​​ស្លែ​ និង​មហាអំណាច​កំពុងលេច​ឡើង​យ៉ាង​ឆាប់​រហ័ស។ ករណី​បែប​នេះ​បាន​កើត​ឡើង​ជា​ច្រើន​​ដង​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​សិក្សា​​លើករណីដែល​បាន​កើត​ឡើង​កន្លងមក​នោះ​បាន​បង្ហាញ​សញ្ញា​​ថា ឥឡូវនេះ​​លទ្ធភាព​នៃការមាន​សង្គ្រាម​គឺខ្ពស់ណាស់។​

ដូចលោក Graham Allison ប្រធាន​​របស់វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ ​និង​កិច្ច​ការ​អន្តរជាតិ​របស់​សា​កលវិទ្យា​ Harvard បាន​និយាយថា ទំនាក់ទំនង​​បច្ចុប្បន្ន​របស់អាមេរិក ​និង​ចិន​​អាច​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម។ ជាការ​ពិត អាមេរិក​គឺជា​មហាអំណាច​ដុះ​ស្លែ ហើយ​ចិន​គឺជា​មហាអំណាច​ដែល​កំពុង​រះ​ឡើង​យ៉ាង​លឿន​ដែល​កំពុងប្រជែងអាមេរិក។

ទឡ្ហីករ​មួយ​ទៀត​នោះគឺថា ការ​ធ្លាក់ចុះ​ និង​ការ​អាច​ដែល​ស្លាប់​នៃ​សេរីនិយម​របស់លោក​ខាង​លិច​បាន​បង្កើត​ស្ថាន​ភាព​​មួយ​នៃ​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​អន្តរជាតិ ​និង​ភាព​ប្រទូសរាយ​រួម​គ្នា​​របស់​លោក​ខាងលិច​មក​លើ​ចិន​។

លោក Richard Haass ប្រធាន​របស់​ក្រុម​ប្រឹក្សា​ស្តីពីទំនាក់ការបរទេស បាន​និយាយថា ប្រព័ន្ធ​សាកលប្រជាធិបតេយ្យ​សេរី​​ដែល​មាន​ធាតុផ្សំ​ដូចជា ពាណិជ្ជកម្ម​សេរី ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​សង្គម​ដែល​ស្ទើតែ​​សាកល​នោះ ការ​រីក​ចម្រើន​ខាង​សិទ្ធិមនុស្ស តួនាទី​សកម្ម​សម្រាប់​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​ពិភពលោក​ផ្សេង​ៗទៀត ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​មិន​រីក​សាយ​ភាយ​​អាវុធនុយក្លេអ៊ែរ​ ឥឡូវនេះ​កំពុង​តែ​ស្លាប់។​

គេ​បាន​បង្ហាញ​ពី​សេនារីយ៉ូ​នៃការ​កើត​សង្គ្រាម​រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំ ២០២០។ ប្រភព​ផ្សេង​ៗនិយាយថា ទស្សនៈ​ជាតិ​និយម​ជ្រុល​របស់​ ត្រាំ ដែល​ថា អាមេរិក​ត្រូវ​តែ​ចាប់ផ្តើម​ខ្លាំង​ជា​ថ្មី នូវ​ជម្លោះ​ដែល​មិន​អាច​ដោះ​ស្រាយ​ចេញ ដូចជា​រឿង​តៃវ៉ាន់ និង​សមុទ្រ​ចិនខាងត្បូង និង​ទីប្រឹក្សា Peter Navarro ដែល​បញ្ចុះ​បញ្ចូល​ ត្រាំ ថា ចិន​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​​ចំពោះ​គោល​នយោ​បាយ​​ពាណិជ្ជកម្ម​ដ៏​គ្រោះថ្នាក់​របស់ចិន និង​ Steven Bannon ដែល​បាន​ប្រាប់ ត្រាំ អំពី​ការ​​បង្អួត​អរិយធម៌​នៅ​ពេល​ខាង​មុខ​ដែល​មិន​អាច​គេចរួច​រវាង​លោក​ខាង​កើត​និង​ខាង​លិច។

ការ​បង្កើន​ការ​ចំណាយ​​ការ​ពារជាតិ​របស់​ចិន​ដោយ​តួលេខ ២ខ្ទង់​ ​បន្ទាប់ពី​ឆ្នាំ ១៩៩០ ក្នុង​ខណៈ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​បាន​កាត់បន្ថយ​ថវិការ​យោធា​របស់គេ​នោះ​​គឺជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​

យោធា​ចិន​ក៏​ទទួល​បាន​ផល​ប្រយោជន៍​​ពីការ​ទិញ ​និង​ទទួល​បាន​បច្ចេកវិទ្យា​យោធា​ដោយ​មធ្យោ​បាយ​ផ្សេងៗ​ដើម្បី​បង្កើន​ទំនើប​កម្ម​របស់​អាវុធ​យោធា​របស់ខ្លួន។ តាម​ពិត អ្នក​ជំនាញ​អាមេរិក​បាន​​និយាយថា ចិន​បាន​បោះជំហាន​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ស្ទើ​គ្រប់វិស័យ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​យោ​ធាររបស់ខ្លួន។​

“គន្លឹះ​បញ្ឆេះ​តៃវ៉ាន់” សម្រាប់ជម្លោះ​រវាង​អាមេរិក​និង​ចិន​​បាន​ស្ថិត​ក្នុង​ចំណុច​ថ្មី​ ចាប់​តាំង​ពី​បក្ស​ប្រឆាំង​ដែល​គាំទ្រ​ឯករាជ្យ​​បាន​ឈ្នះការ​បោះឆ្នោត​​យ៉ាង​ខ្លាំង​នៅ​ខែ​មករា ឆ្នាំ ២០១៦ និង​បាន​​ប្រកាស​ថា ចិន​នឹង​ត្រូវតែ​​ “រៀន​យល់​ដឹង”។ ចិន​មិន​អើ​ពើ​នឹង​សម្តី​នោះទេ ហើយ​ជា​ជំនួសវិញ​បាន​បើក​យុទ្ធនាការ​​ដាក់​ទណ្ឌកម្ម​តៃវ៉ាន់ ដោយ​ធ្វើ​ឲ្យ​ច្រក​សមុទ្រ​តៃវ៉ាន់​ក្លាយជា​ចំណុច​បះទង្គិច​គ្នា​ដ៏​ផុយ​ស្រួយ​បំផុត​មួយ​របស់​ពិភព​លោកសាជាថ្មី​ទៀត។​

ដោយ​ជៀស​មិន​រួច​ គេ​នៅចំាថា តៃវ៉ាន់​គឺជា​មូល​ហេតុ​នៃ​ការ​ប្រឈម​មុខ​​រវាង​អាមេរិក ​និង​ចិន​នៅ​ទសវត្សទី ៥០ ការ​ស្ទើតែ​មាន​វិបត្តិ​នៅ​ទសវត្សទី ៦០ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៃ​យោធា​របស់​ប្រទេស​ទាំងពីរ​​នៅ​ពាក់កណ្តាល​ទសវត្សទី ៩០ ក្នុង​អំឡុង​តំណែងប្រធានាធិបតី គ្លីន​តុន។ ជាង​នេះទៅទៀត វា​ជា​ចំណុច​សំខាន់ដែល​ថា តៃវ៉ាន់​​គឺជា​បញ្ហា​មិន​អាច​ចរចា​គ្នាតែ​មួយ​គត់​រវាង​វ៉ាស៊ីន​តោន​និង​ប៉េកាំង មួយ​ផ្នែក​ដោយ​សារតែ​ប្រទេស​ទាំងពីរ​មាន​ច្បាប់​ដ៏ចម្រូងចម្រាស់​អំពី​ឋានៈ​របស់​តៃវ៉ាន់​ និង​អនាគត​របស់តៃវ៉ាន់។ បន្ថែម​ទៀត​នោះ គឺ ការ​ផ្លាស់ប្តូរ​​អធិបតេយ្យ​របស់​តៃ​វ់ាន់​នឹង​ធ្វើ​ខូច​ដល់​គោល​នយោ​បាយ​​ស្តីពី​ចិន​របស់​អាមេរិក​យ៉ាង​ខ្លាំង។​

ប៉ុន្តែ តើ​ទស្សនៈ​ទាំង​នេះ​​អាច​យក​ជាការ​បាន​​កម្រិត​ណា? តើ​ការ​ជាប់ឆ្នោត​របស់ ដូណាល់ ត្រាំ បាន​ជួយ​បញ្ជាក់ច្បាស់​ដល់​ទស្សនៈ​នោះ​ដែរឬទេ? តើ​ប្រធានាធិបតី ត្រាំ នឹង​ក្លាយជា​មូលហេតុ​​​នៃ​ការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ទំនាក់ទំនង​​រវាង​អាមេរិក ​និង​ចិន​ដែល​នឹង​ឈាន​ដល់​ការ​មាន​សង្គ្រាម​ដែរ​ឬទេ?

គ្មាន​មូល​ហេតុ​ណា​ក្នុងការ​គិត​ថា ប្រធានាធិបតី ត្រាំ និង​ប្រធានាធិបតី ស៊ី មិន​យល់​ដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ ឬ​ថា ពួកគេ​ប្រឆាំង​​ទៅ​នឹង​ការ​​រួម​គំនិត​គ្នា​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធអន្តរ​ជាតិ​​មាន​ដំណើរការ និង​មិន​ធ្លាក់ចូល​ទៅ​ក្នុង​សង្គ្រាម​ធ្ងន់ធ្ងរនោះទេ។​

អ្នក​ជំនាញ​បាន​យល់​ស្រប​គ្នាថា ការ​ស្លាប់​សន្តាប់ធ្នាប់​សេរី​ និង​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​ពិភព​លោក​ដែល​ផ្អែក​លើ​សន្តាប់​ធ្នាប់​សេរី​នោះ​បាន​កើត​ឡើង​ជា​បន្តើរ​បន្តរួច​ហើយ។ ដូណាល់ ត្រាំ មិន​​បាន​បង្ករ​វា​ឡើង​នោះទេ។ អ្នក​ខ្លះ​នៅ​លោក​ខាងលិច​ហាក់ដូចជា​បាន​ដឹង​ខ្លួន​ថា វា​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​​ប្រព័ន្ធ​មួយ​ទៀត​​ដោយ​គ្មា​ន​សង្គ្រាមកើតឡើង។​អ្នក​ខ្លះ​ថែម​ទាំង​គិត​ថា សណ្តាប់ធ្នាប់​ពិភព​លោក​របស់​ចិន​​មិន​មែន​ជា​រឿង​អាក្រក់នោះទេ។ ជា​រួម​ទៅ វា​បាន​រក្សា​សន្តិភាព​នៅ​អាស៊ី​បូព៌ា​អស់​ជា​ពេល​ ២ សហសវត្ស​មក​ហើយ ហើយ​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្អែក​លើ​ការ​ស្ថាបនា​ជាង​ការ​បំផ្លាញ​។​

ការ​ដែល​គួរ​តែ​លើក​ឡើង​ដែរ​នោះ​គឺថា​ប្រធានាធិបតី ត្រាំ បាន​អនុញ្ញាត​ដល់​គម្រោង​ស្ថាបនា​​យក្ស​​របស់​ចិន គឺ ការ​ផ្តួច​ផ្តើម​គំនិត​ខ្សែក្រវ៉ាត់​និង​វិថី​ (Belt and Road Initiative) ដែល​រៀប​ចំ​ឡើង​ដើម្បី​​តភ្ជាប់​ពិភពលោក​និង​ជួយ​សម្រួល​ដល់ការ​អភិវឌ្ឍ​ប្រទេស​ជា​ច្រើន​នៅតាម​បណ្តោយ​ផ្លូវ​នោះ។ ប្រធានាធិបតី អូបាម៉ា បាន​ប្រឆាំង​និង​ផែនការ​នោះនិង​បាន​ព្យាយាម​​ប្រាប់​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​មិន​ឲ្យ​ចូល​រួម​។

ចិន​បាន​បញ្ជូន​តំណាង​ម្នាក់​ទៅ​ចូល​រួម​វេទិការ​បើក​​របស់​ផែនការ​ខ្សែក្រវ៉ាត់​និង​វិថី​នោះ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៧។ គាត់​និង​ប្រធានាធិបតី ស៊ី គឺជា​អ្នក​បង្កើត​ឡើង។ ពួក​គេ​បាន​មើល​ឃើញ​ពី​ផល​ប្រយោជន៍​​នៃការ​ស្ថាបនា ដើម្បីជា​ការ​ប្រឆាំង​ទៅ​នឹង​ការ​បង្កើត​សង្គ្រាម។​

អ្នក​ប្រាកដ​និយម​ត្រឹម​ត្រូវ​ណាស់​ក្នុងការ​និយាយថា កំណើន​អំណាច​យោធា​យ៉ាង​ខ្លាំង​នោះ​គឺ​គ្រោះថ្នាក់។ ប៉ុន្តែ ដូណាល់ ត្រាំ គឺជា​អ្នក​ប្រាកដ​និយម និង​ហាក់ដូចជា​យល់​រឿង​នេះ។ ជាង​នេះ​ទៅ​ទៀត គាត់​កំពុង​ដើរតួ​ក្នុងការ​ដោះ​ស្រាយបញ្ហា​ដោយ​ការ​ស្តារ​អំណាច​យោធា​​របស់​អាមេរិក​ឡើង​​វិញ។​

ការ​បង្កើត​អំណាច​អាមេរិក​​ឡើង​វិញ​របស់​ ត្រាំ គឺ​លេច​ធ្លោរ​​នៅ​អាស៊ី​ជាង​នៅ​ទីណា​ទាំង​អស់ ដោយ​ទ័ពជើង​ទឹក​អាមេរិក​​ទទួល​បាន​នាវា​កាន់តែ​ច្រើន​ និង​ការ​ទទួល​ខុស​ត្រូវ​កាន់តែ​ច្រើន​ក្នុង​ការ​រក្សា​តុល្យភាព​​អំណាច​រវាង​អាមេរិក​និង​ចិន។ គេ​គយរ​កត់ស​ម្គាល់នូវការ​ពិត​ដែល​ថា ថវិការ​យោធា​អាមេរិក​ ឥឡូវនេះ កំពុង​កើន​ឡើង​​ក្នុង​ល្បឿន​លឿន​ជាង​ថវិការ​របស់​ចិន​ទៅទៀត។​

ជាការ​ពិត តៃវ៉ាន់​គឺជា​ចំណុច​ដែល​អាច​បញ្ឆេះ​សង្គ្រាម​វាង​អាមេរិក​និង​ចិន។ វា​បាន​លេ​ច​ឡើង​កាន់តែ​ច្បាស់​នៅពេល​ការ​ជាប់​ឆ្នោត​នៅ​ឆ្នាំ ២០១៦ របស់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​គាំ​ទ្រ​ឯករាជ្យ។ ទំនាក់ទំនង​​រវាង​ចិន​និង​តៃវ៉ាន់​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។​

ប៉ុន្តែ​ ស្ថានភាព​នោះ​មិន​បាន​ឈាន​ដល់​ចំណុច​កំពូល​នោះទេ។​ តាម​ពិត​ ភាគី​ទាំង​ពីរ​​មិន​ខុស​គ្នា​ខ្លាំង​​ក្នុងការ​កំណត់​ទំនាក់ទំនង​​របស់​គេ​ ក្នុង​ខណៈ​​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​កាន់តែ​ពឹង​អា​ស្រ័យ​លើ​សេដ្ឋកិច្ច​របស់​ចិន។ ជាង​នេះទៀត យោធា​របស់​តៃវ៉ាន់​កំពុង​តែ​ចុះ​ខ្សោយ​ ធៀប​នឹង​យោធា​របស់​ចិន ដោយ​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​ពឹង​លើ​អាមេរិក​ដើម្បី​រក្សា​​តុល្យភាព​យុទ្ធ​សាស្ត្រ​​នៅ​ក្នុង​តំបន់។

ទន្ទឹម​គ្នា​ដែរ វា​ច្បាស់ណាស់ថា ប្រជាជន​តៃវ៉ាន់​កំពុង​សប្បាយ​និង​សន្តិភាព​និង​ការ​រីក​ចម្រើន​របស់​គេ។​ ដូចដែល​អ្នក​ខ្លះ​និយាយថា អ្នក​តស៊ូ​ដើម្បីឯករាជ្យ​តៃវ៉ាន់​មិន​​ប្តេជ្ញាចិត្ត​ដល់​ម្លឹង​ទេ។ ពួក​គេ​មិន​មាន​ឆន្ទៈ​​លះបង់​​តួនាទី ទ្រព្យ​សម្បត្តិ​ និង​ជីវិត​របស់គេ​ នៅ​ក្នុង​សង្គ្រាម​​មួយ​ដែល​ពួក​គេ​នឹង​ចាញ់​យ៉ាង​ប្រាកដ​​ ដើម្បីតែ​ការ​ផ្តាច់​ខ្លួន​ដោយ​ស្រប​ច្បាប់​ពី​ចិន​នោះទេ។

មាន​តថភាព​ផ្សេងខ្លះ​ទៀត​ដែល​ហាក់ដូចជា​លើកឡើង​ថា ប្រធានាធិបតី ត្រាំ នឹង​មិន​ចាប់​ផ្តើម​សង្គ្រាម​ជា​មួយ​ចិនទេ។​

បន្ទាប់ពីជាប់​ឆ្នោត​ភ្លាមនិង​ក្នុង​អំឡុង​​ពេល​អន្តរកាល​នៃ​តំណែង​ប្រធានាធិបតី ត្រាំ​នៅពេល​ការនិយាយ​តៗគ្នា​ត្រូវ​បាន​រីក​សុះ​សាយ​ថា ដូណាល់ ត្រាំ នឹង​កំទេច​ទំនាក់ទំនង​​អាមេរិក​និង​ចិន​នោះ លោក Henry Kissinger (ដែល​ផ្តល់ប្រឹក្សា​ឲ្យ ត្រាំ) បាន​ទៅ​ចិន​និង​ពិភាក្សា​ជា​មួយ​ប្រធានា​ធិប​តី ស៊ី និង​មេដឹកនាំ​ចិន​ផ្សេង​ៗ​ទៀត។​លោក Kissinger បាន​ប្រាប់ពួក​គេ​ថា​ ត្រាំ មាន​​លក្ខណៈ​ក្រអើត​ និង​ញួសញង់។​ នេះជា​រៀបរបស់​គាត់ ហើយ​ពួក​គេ​ចាំបាច់ត្រូវ​តែ​​យល់​រឿង​នេះ ហើយ​ធ្វើការ​ជា​​មួយ​រឿង​នេះ។ ប៉ុន្តែ គាត់​និយាយថា ត្រាំ ចង់​បាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ចិន។

តាមសេចក្តីរាយការណ៍​ប្រធានាធិបតី ស៊ី (ដែល​គេ​ក៏ដឹងថា មាន​លក្ខណៈ​ត្រង់​ៗ និង​ពេល​ខ្លះ​មាន​​លក្ខណៈ​ញួសញង់​ដែរ​នោះ) បាន​និយាយថា គាត់​អាច​អាច​សម្រប​ជា​មួយ​ ត្រាំ ហើយ​ក៏​ចង់​មាន​​ទំនាក់​ទំនង​ល្អ​ដែរ។​

ត្រាំ ក៏​ទទួល​បាន​ដំបូន្មាន​​ពី​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Henry Paulson ដែល​បាន​និយាយថា អាមេរិក​និង​ចិន​ត្រូវ​តែ​ចុះ​សម្រុង​គ្នា ពោល​គឺ​ធ្វើ​សហប្រតិបត្តិការ​គ្នា​​យ៉ាង​ទូលាយ​ដើម្បី​ធានាថា ប្រព័ន្ធហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ដំណើរការ​ ការ​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​គ្រប់គ្រង បរិដ្ឋានពិភព​លោក​ត្រូវ​បាន​​ការពារ អំពើ​ភេរវកម្ម​ត្រូវ​បាន​ដោះ​ស្រាយ និង​រឿង​ច្រើន​ទៀត។ តាម​ពិត លោក Paulson លើក​ឡើងថា សន្តាប់ធ្នាប់ពិភព​លោក​​​នឹង​មិន​ដំណើរការ​ ឬ​ធ្លាក់​ចុះ​កាន់តែ​អាក្រក់​ថែមទៀត​ បើ​គ្មាន​អាមេរិក​និង​ចិន​ធ្វើការ​រួម​គ្នា។ ត្រាំ បាន​យល់​រឿង​នេះ។​

កត្តាមួយ​ទៀត ដែល​អ្នក​ទ្រឹស្តី​នយោ​បាយ​​អាច​កោត​សសើរ​នោះគឺ “ការ​រួម​គ្នា” ក្នុង​សមាស​ភាព​​នៃ​ថ្នាក់ដឹកនាំ​​នៅ​អាមេរិកនិង​ចិន។ ថ្នាក់ដឹកនាំ​​ធុរកិច្ច​ ឥឡូវ​នេះ កំពុង​តែ​ដើរតួនាទី​​កាន់តែ​ធំ​ក្នុងការ​ធ្វើការ​សម្រេចិត្ត​ ហើយ​ពួក​គេ​​កំពុង​ស្ថិត​ក្នុង​គំនិត​ដូច​គ្នា​​តាម​រៀប​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។​

នៅទីបញ្ចប់ សញ្ញាណ​ដែល​ថា ប្រធានាធិបតី​នឹង​បញ្ឆេះ​​ការ​ប្រឈមមុខ​ជា​មួយ​ចិន​នោះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​កត្តា​សំខាន់​មួយ​ទៀត គឺ ចៅស្រី​របស់​ ត្រាំ បាន​និងកំពុង​រៀន​ភាសាចិន និង​កំពុង​​ប្រើ​វា​ជា​រៀង​រាល់​ថ្ងៃ​ក្នុងកម្រិត​មួយ​ដែល​អាច​កំដរ​​អារម្មណ៍​មេដឹកនាំ​ចិន​ រួម​ទាំង​ប្រធា​នាធិប​តី​ ស៊ី ជា​ភាសាចិន​ផង​ដែរ។ គ្មាន​មេដឹកនាំ​អាមេរិក​ណា​មួយ​បាន​បង្ហាញ​ការ​គោរព​ប្រភេទ​នេះ​​សម្រាប់​វប្បធម៌​ចិន​នោះទេ។​ តើ​អ្វី​អាច​ជា​ការ​សសើរ​​កាន់តែធំ​ដល់ចិន?

អញ្ចឹង ប្រធានាធិបតី ត្រាំ ហាក់បីទំនង​ជាង​បង្កើត​​លក្ខខណ្ឌ​​សម្រាប់​សន្តិភាព​រវាង​អាមេរិក​ និង​ចិន​ជាង​អ្នក​កាន់តំណែង​មុនៗ​របស់គាត់ ឬ​ជាង​អ្វីដែល​មនុស្ស​ជា​ច្រើន​គិត​ទៅ​ទៀត៕

ប្រភព៖ IPPREVIEW ចុះថ្ងៃ២១ ខែសីហា​ ​ឆ្នាំ២០១៧


(សូមទស្សនាវីដេអូ)៖ លោក សុខ ឥសាន៖ សីល្ប៍ឥសូរ បាននិងកំពុងបរាជ័យ



លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា អ្នកណាក៏ដឹងដែរថា ព្រះឥសូរជាស្តេចមហាអំណាចនៅលើភពផែនដី មានមហិទ្ធប្ញទ្ធិកំណត់ជោគវាសនារបស់មនុស្សលោកទៀតផង។ ដូច្នេះហើយបានជា ត្រកូលយក្សាយក្ខិណី និងមនុស្សលោកនៅក្នុងភពផែនដីនេះ ត្រូវតែយកចិត្តយកថ្លើមព្រះឥសូរមិនឲ្យថ្នាំងថ្នាក់ចិត្តទេ បើព្រះឥសូរថ្នាំងថ្នាក់ចិត្ត នោះព្រះឥសូរនឹងបបង្កើតមហិទ្ធប្ញទ្ធិជាព្យុះ ជាខ្យល់កួច និងជាគ្រោះមហន្តរាយផ្សេងៗដើម្បីបំផ្លាញការរស់នៅដ៏សុខក្សេនក្សាន្តរបស់ភពផែនដីជាមិនខាន។

លោក សុខ ឥសាន បានមានប្រសាសន៍បន្តថា ដើម្បីបញ្ចេញមហិទ្ធប្ញទ្ធិរបស់ខ្លួន ព្រះឥសូរប្រើសេនា NDI IRI និង NED ដែលជាអាមាត្យជាអ្នកចាត់ចែងកម្មវិធី ឬឆាកល្ខោនតាមតែផែនការចង់បានរបស់ព្រះឥសូរ។ ស្របតាមកំហឹងរបស់ព្រះឥសូរ ក្រុមអាមាត្យបានដឹកនាំរឿងបានសម្រេចនៅបណ្តាប្រទេសនៅអាហ្វ្រិកខាងជើង និងនៅមជ្ឈឹមបូព៌ាដូចជា ទុយនេស៊ី លីប៊ី អេហ្សីប អ៊ីរ៉ាក់ អាហ្គានីស្ថាន និងមួយចំនួនទៀតកំពុងវឹកវរខ្លាំងរហូតសព្វថ្ងៃ ។ ដោយសារសតិអារម្មណ៍មនោគមវិជ្ជាសង្គ្រាមត្រជាក់ ព្រះឥសូរក៏មានផែនការផ្តួលរំលំរដ្ឋអំណាចនៅកម្ពុជាដែរ តាមរយៈពួកអាមាត្យទាំងបី ក្រោមឆាកល្ខោនចាប់បញ្ចូលកូនជឹងទាំងពីរជាគូរសត្រូវឲ្យចូលរួមរកស៊ីជាមួយគ្នាទាំងបង្ខំ ដើម្បីផលប្រយោជន៍កំហឹងព្រះឥសូរ ។
លោក សុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា ប៉ុន្តែទោះបីព្រះឥសូរ និងក្រុមអាមាត្យមានមហិទ្ធប្ញទ្ធិយ៉ាងណាក៏ទៅមិនរួចនឹងបាលីរបស់លោកតាឥសីដែរ។ តាឥសីមិនដែលធ្វើបាបអ្នកណាទេ តែបើមានអំពើអយុត្តិធ៌មណាមួយគំរាមកំហែងមនុស្សលោក លោកតាឥសីនឹងចេញមុខទប់ទល់ កំចាត់កំចាយមហីទ្ធប្ញទ្ធិព្រះឥសូរឲ្យវិនាសសាបសូន្សបាន។ ហេតុនេះហើយបានជា មហិច្ឆតាព្រះឥសូរចង់ធ្វើបដិវត្តន៏ពណ៌នៅកម្ពុជាឆ្នាំ២០១៣ត្រូវបរាជ័យ។ តែទោះបីត្រូវបរាជ័យយ៉ាងនេះហើយ ក៏ពួកអាមាត្យនៅមិនបោះបង់ចោលឧបាយកលរបស់ខ្លួនដែរ ពួកវានៅតែរិះរកវិធីពិសពុលគ្រប់យ៉ាង មកបំផ្លាញ និងផ្តួលរំលំកូនសិស្សលោកតាឥសីដដែលដោយបានស៊កសៀតរបស់ដែលហៅថាបន្ទប់ស្ថានការណ៍មួយទៀត ដើម្បីជួយកម្លាំងថែម ក្រែងលោមានប្រសិទ្ធភាពជាងមុន ។ តែគួរឲ្យអាម៉ាស់មុខណាស់ ទោះបីព្រះឥសូរចង់ចេញក្បាច់ណា ក៏ត្រូវព្រះឥសីបានដឹងមុនដែរហើយត្រៀមកន្សែងយ័ន្តទុកទប់ទល់រួចជាស្រេច មិនឲ្យថ្លោះធ្លោយឡើយ។ ឱព្រះឥសូរ និងពួកអាមាត្យហើយ ល្មមឈប់យាយីមនុស្សលោកហើយបានទេ ?