Thursday, August 24, 2017

លោករដ្ឋមន្រ្តី លឹម គានហោ ចាត់ឱ្យមន្ត្រីបច្ចេកទេសដឹកអេស្កាវ៉ាទ័រយកទៅប្រគេនជូនព្រះមេគណខេត្តឧត្តរមានជ័យ ប៊ុន សាលួត

អេស្កាវ៉ាទ័រមួយគ្រឿង ដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគេនជូនព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាព្រះចៅអធិការវត្តសំរោង តាមការបិណ្ឌបាត្រ របស់ព្រះអង្គដោយផ្ទាល់នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នោះ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឱ្យមន្ត្រីបច្ចេកទេស មួយក្រុមដឹកយកទៅប្រគេនព្រះអង្គដោយផា្ទល់រួចហើយ។

សូមបញ្ជាក់ថា នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» កាលពីថ្ងៃទី២២ សីហា ព្រះតេជគុណ ប៊ុន សាលួត ត្រូវបានអនុញ្ញាតនិមន្តមានសង្ឃដីកាក៏ដូចជាសួរសំណួរផ្សេងៗទៅកាន់ប្រមុខរាជរដ្ឋាភិបាល ហើយពេលនោះ ព្រះអង្គបានសុំបិណ្ឌបាត្រដោយផ្ទាល់ នូវអេស្កាវ៉ាទ័រមួយគ្រឿងសម្រាប់យកទៅប្រើប្រាស់បម្រើដល់សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋក្នុងសហគមន៍របស់ព្រះអង្គតែម្តង។ ជាការឆ្លើយតប ចំពោះការបិណ្ឌបាត្រអេស្កាវ៉ាទ័រមួយគ្រឿងនេះ លោក ហ៊ុន សែន មិនបានស្ទាក់ស្ទើរនោះឡើយ ដោយបានប្រគេនតែម្តង ហើយបានប្រាប់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចាត់ចែងបន្តលើការងារនេះ។

ព្រះតេជគុណ ប៊ុន សាលួត បានបង្ហាញពីក្តីរំភើប និងរីករាយបំផុតក្រោយទទួលបានអេស្កាវ៉ាទ័រដែលជាអំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ជាមួយគ្នានេះ ព្រះតេជគុណព្រះមេគុណខេត្ត ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារបច្ចេកទេស ដែលបានដឹកយកអស្កាវ៉ាទ័រ មកប្រគេនផងដែរ។ ចំពោះការប្រើប្រាស់ អេស្កាវ៉ាទ័រ ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ព្រះតេជគុណ ប៊ុន សាលួត បានមានសង្ឃដីកាបន្តថា ទី១- ប្រើប្រាស់សម្រាប់កាយព្រំព្រៃ នៅក្នុងសហគមន៍ដែលមានទិសដៅរក្សារហូតដល់១១០០ឆ្នាំ ទី២- ប្រើប្រាស់សម្រាប់កាយស្រះទឹករបស់សហគមន៍ និងទី៣- សម្រាប់ជីកស្រះទឹក ដើម្បីទុកឱ្យសត្វផឹក ព្រមទាំងការជួយបម្រើប្រយោជន៍ ទៅមុខទៀតដល់សហគមន៍នៅក្បែរខាង។

សូមបញ្ជាក់ថា ព្រះអង្គ ប៊ុន សាលួត បច្ចុប្បន្នមានតួនាទីមើលថែរក្សា និងការពារព្រៃសហគមន៍ ដែលមានទំហំ ១៨២៦១ហិកតា មានចម្ងាយ៤០គីឡូម៉ែត្រ ពីក្រុងសំរោង ខេត្តឧត្តរមានជ័យ៕








No comments:

Post a Comment