Thursday, August 24, 2017

តំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅដើមឆ្នាំ២០១៩

រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បានរួមសហការគ្នាឈានដល់ការចុះកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា។ ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង ហើយតំណក់ប្រេងកាត លើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩ ពោលគឺមានរយៈពេល២៤ខែទៀត។

កញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A ដែនសមុទ្រកម្ពុជា ដែលទើបចុះហត្ថលេខានេះ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។ តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា មានទំហំ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។

តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន KrisEnergy ធ្វើប្រតិបត្តិការដំណាក់កាលដំបូង 1A និង 1B អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេល ផលិតកម្ម៩ឆ្នាំ និងអាចឱ្យមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងឆៅមួយ នៅពេលអនាគត។ ក្នុងកិច្ចព្រៀមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។

លោក Kelvin Tang បានបញ្ជាក់ថា ការបែកចែកភាគហ៊ុន គឺ រដ្ឋាភិបាលទទួលបាន៥ភាគរយ ក្រុមហ៊ុនទទួលបាន៩៥ភាគរយ ដែលភាគហ៊ុននេះ គឺកម្រិតមួយខ្ពស់ហើយ ដែលផ្អែកលើកត្តា២គឺ៖ ទី១- បើទោះបីជារដ្ឋាភិបាល មិនមានជាភាគហ៊ុនក្នុងនោះ ហើយខាងក្រុមហ៊ុន មានភាគហ៊ុន១០០ភាគរយនោះក៏ដោយ ក៏រដ្ឋាភិបាលនៅតែទទួលបាន អត្ថប្រយោជន៍ពីដំណើរការផលិតប្រេងនេះដែរ ជាពិសេសទទួលបានប្រយោជន៍តាមរយៈពន្ធដារ។ ទី២- រដ្ឋាភិបាលមានភាគហ៊ុន៥ភាគរយនេះ ជាភាគហ៊ុនមួយខ្ពស់ស្រេចទៅហើយ នឹងអនុញ្ញាតិឱ្យរដ្ឋាភិបាលធ្វើការជាដៃគូជាមួយក្រុមហ៊ុនដើម្បីធ្វើការអភិវឌ្ឍន៍វិស័យនេះ។

ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនេះ នឹងរួមចំណែកជំរុញដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដោយផ្តោតលើវិស័យអាទិភាពចម្បង៤ គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស។ លោករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានទិសដៅច្បាស់លាស់ គឺនឹងមិនបណ្តោយខ្លួនឱ្យក្លាយជាប្រទេស ដែលពឹងផ្អែកលើចំណូលប្រេង និងឧស្ម័នជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះ រួមចំណែកក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាព កំណើនក្នុងរយៈពេលមធ្យម និងវែង៕



No comments:

Post a Comment