Thursday, August 24, 2017

តើ​ ត្រាំ នឹង​បញ្ឆេះ​សង្គ្រាម​ជា​មួយ​ចិនដែរ ឬទេ?

នៅប៉ុន្មាន​ខែ​ថ្មីៗនេះ គេ​និយា​យ​ និង​សរសេរភាគច្រើន​អំពី​អាមេរិក​ និង​ចិន​កំពុង​ឆ្ពោះ​ទៅ​រក​សង្គ្រាម​។ អ្នក​ខ្លះ​និយាយថា នេះ​អាច​ក្លាយជា​ការ​រវើរវាយ​បំពេញតាម​បំណង​ខ្លួន​ឯង។

ការ​លើក​ឡើង​នេះជាការ​ឆ្លើយ​តបទៅនឹង​​ពាក្យ​សម្តី​​ដ៏​កម្រោល​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក ដូណាល់​ ត្រាំ។​

ការ​លើក​ឡើង​នេះ​ខ្លះ​ក៏​កើត​ចេញពី​សេចក្តី​ថ្លែងការណ៍ ​និង​សកម្មភាព​គោល​នយោ​បាយ​ការ​បរទេស​​របស់ ត្រាំ ដែល​ក្នុង​ចំណោម​អ្វី​ផ្សេង​ៗទៀត បាន​ញុះញង់​ចិន បូក​ជា​មួយ​នឹង​ការ​ពិត​ជាក់​ស្តែង​​ដែល​ថា​ ចិន​ឈប់​ធ្វើ​តាម​ផ្លូវ​ដើរ​របស់​អតីត​មេដឹកនាំ​របស់ខ្លួន​ តេង ស៊ាវពីង ដែល​ថា ចិន​គួរ​​តែ​សាមញ្ញ ​និង​រង់ចាំ​យ៉ាង​ស្ងៀម​ស្ងាត់​សម្រាប់ឱកាសល្អ​។

ទឡ្ហីករ​មួយ​ក្នុងការ​ធ្វើ​សង្គ្រាម​នៅ​ពេល​ខាង​មុខ​នោះ​គឺ ​ទ្រឹស្តី​ប្រជែង​អំណាច​​រវាង​មហា​អំណាច​​ដុះ​​ស្លែ​ និង​មហាអំណាច​កំពុងលេច​ឡើង​យ៉ាង​ឆាប់​រហ័ស។ ករណី​បែប​នេះ​បាន​កើត​ឡើង​ជា​ច្រើន​​ដង​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​សិក្សា​​លើករណីដែល​បាន​កើត​ឡើង​កន្លងមក​នោះ​បាន​បង្ហាញ​សញ្ញា​​ថា ឥឡូវនេះ​​លទ្ធភាព​នៃការមាន​សង្គ្រាម​គឺខ្ពស់ណាស់។​

ដូចលោក Graham Allison ប្រធាន​​របស់វិទ្យា​ស្ថាន​វិទ្យា​សាស្ត្រ ​និង​កិច្ច​ការ​អន្តរជាតិ​របស់​សា​កលវិទ្យា​ Harvard បាន​និយាយថា ទំនាក់ទំនង​​បច្ចុប្បន្ន​របស់អាមេរិក ​និង​ចិន​​អាច​ឈាន​ដល់​ការ​ធ្វើ​សង្គ្រាម។ ជាការ​ពិត អាមេរិក​គឺជា​មហាអំណាច​ដុះ​ស្លែ ហើយ​ចិន​គឺជា​មហាអំណាច​ដែល​កំពុង​រះ​ឡើង​យ៉ាង​លឿន​ដែល​កំពុងប្រជែងអាមេរិក។

ទឡ្ហីករ​មួយ​ទៀត​នោះគឺថា ការ​ធ្លាក់ចុះ​ និង​ការ​អាច​ដែល​ស្លាប់​នៃ​សេរីនិយម​របស់លោក​ខាង​លិច​បាន​បង្កើត​ស្ថាន​ភាព​​មួយ​នៃ​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​អន្តរជាតិ ​និង​ភាព​ប្រទូសរាយ​រួម​គ្នា​​របស់​លោក​ខាងលិច​មក​លើ​ចិន​។

លោក Richard Haass ប្រធាន​របស់​ក្រុម​ប្រឹក្សា​ស្តីពីទំនាក់ការបរទេស បាន​និយាយថា ប្រព័ន្ធ​សាកលប្រជាធិបតេយ្យ​សេរី​​ដែល​មាន​ធាតុផ្សំ​ដូចជា ពាណិជ្ជកម្ម​សេរី ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​និង​សង្គម​ដែល​ស្ទើតែ​​សាកល​នោះ ការ​រីក​ចម្រើន​ខាង​សិទ្ធិមនុស្ស តួនាទី​សកម្ម​សម្រាប់​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​ពិភពលោក​ផ្សេង​ៗទៀត ការ​គោរព​ច្បាប់​អន្តរជាតិ និង​ការ​មិន​រីក​សាយ​ភាយ​​អាវុធនុយក្លេអ៊ែរ​ ឥឡូវនេះ​កំពុង​តែ​ស្លាប់។​

គេ​បាន​បង្ហាញ​ពី​សេនារីយ៉ូ​នៃការ​កើត​សង្គ្រាម​រវាង​អាមេរិក​ និង​ចិន​នៅ​ឆ្នាំ ២០២០។ ប្រភព​ផ្សេង​ៗនិយាយថា ទស្សនៈ​ជាតិ​និយម​ជ្រុល​របស់​ ត្រាំ ដែល​ថា អាមេរិក​ត្រូវ​តែ​ចាប់ផ្តើម​ខ្លាំង​ជា​ថ្មី នូវ​ជម្លោះ​ដែល​មិន​អាច​ដោះ​ស្រាយ​ចេញ ដូចជា​រឿង​តៃវ៉ាន់ និង​សមុទ្រ​ចិនខាងត្បូង និង​ទីប្រឹក្សា Peter Navarro ដែល​បញ្ចុះ​បញ្ចូល​ ត្រាំ ថា ចិន​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​​ចំពោះ​គោល​នយោ​បាយ​​ពាណិជ្ជកម្ម​ដ៏​គ្រោះថ្នាក់​របស់ចិន និង​ Steven Bannon ដែល​បាន​ប្រាប់ ត្រាំ អំពី​ការ​​បង្អួត​អរិយធម៌​នៅ​ពេល​ខាង​មុខ​ដែល​មិន​អាច​គេចរួច​រវាង​លោក​ខាង​កើត​និង​ខាង​លិច។

ការ​បង្កើន​ការ​ចំណាយ​​ការ​ពារជាតិ​របស់​ចិន​ដោយ​តួលេខ ២ខ្ទង់​ ​បន្ទាប់ពី​ឆ្នាំ ១៩៩០ ក្នុង​ខណៈ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​បាន​កាត់បន្ថយ​ថវិការ​យោធា​របស់គេ​នោះ​​គឺជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​

យោធា​ចិន​ក៏​ទទួល​បាន​ផល​ប្រយោជន៍​​ពីការ​ទិញ ​និង​ទទួល​បាន​បច្ចេកវិទ្យា​យោធា​ដោយ​មធ្យោ​បាយ​ផ្សេងៗ​ដើម្បី​បង្កើន​ទំនើប​កម្ម​របស់​អាវុធ​យោធា​របស់ខ្លួន។ តាម​ពិត អ្នក​ជំនាញ​អាមេរិក​បាន​​និយាយថា ចិន​បាន​បោះជំហាន​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ស្ទើ​គ្រប់វិស័យ​នៃ​ការ​ធ្វើ​ទំនើប​កម្ម​យោ​ធាររបស់ខ្លួន។​

“គន្លឹះ​បញ្ឆេះ​តៃវ៉ាន់” សម្រាប់ជម្លោះ​រវាង​អាមេរិក​និង​ចិន​​បាន​ស្ថិត​ក្នុង​ចំណុច​ថ្មី​ ចាប់​តាំង​ពី​បក្ស​ប្រឆាំង​ដែល​គាំទ្រ​ឯករាជ្យ​​បាន​ឈ្នះការ​បោះឆ្នោត​​យ៉ាង​ខ្លាំង​នៅ​ខែ​មករា ឆ្នាំ ២០១៦ និង​បាន​​ប្រកាស​ថា ចិន​នឹង​ត្រូវតែ​​ “រៀន​យល់​ដឹង”។ ចិន​មិន​អើ​ពើ​នឹង​សម្តី​នោះទេ ហើយ​ជា​ជំនួសវិញ​បាន​បើក​យុទ្ធនាការ​​ដាក់​ទណ្ឌកម្ម​តៃវ៉ាន់ ដោយ​ធ្វើ​ឲ្យ​ច្រក​សមុទ្រ​តៃវ៉ាន់​ក្លាយជា​ចំណុច​បះទង្គិច​គ្នា​ដ៏​ផុយ​ស្រួយ​បំផុត​មួយ​របស់​ពិភព​លោកសាជាថ្មី​ទៀត។​

ដោយ​ជៀស​មិន​រួច​ គេ​នៅចំាថា តៃវ៉ាន់​គឺជា​មូល​ហេតុ​នៃ​ការ​ប្រឈម​មុខ​​រវាង​អាមេរិក ​និង​ចិន​នៅ​ទសវត្សទី ៥០ ការ​ស្ទើតែ​មាន​វិបត្តិ​នៅ​ទសវត្សទី ៦០ និង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៃ​យោធា​របស់​ប្រទេស​ទាំងពីរ​​នៅ​ពាក់កណ្តាល​ទសវត្សទី ៩០ ក្នុង​អំឡុង​តំណែងប្រធានាធិបតី គ្លីន​តុន។ ជាង​នេះទៅទៀត វា​ជា​ចំណុច​សំខាន់ដែល​ថា តៃវ៉ាន់​​គឺជា​បញ្ហា​មិន​អាច​ចរចា​គ្នាតែ​មួយ​គត់​រវាង​វ៉ាស៊ីន​តោន​និង​ប៉េកាំង មួយ​ផ្នែក​ដោយ​សារតែ​ប្រទេស​ទាំងពីរ​មាន​ច្បាប់​ដ៏ចម្រូងចម្រាស់​អំពី​ឋានៈ​របស់​តៃវ៉ាន់​ និង​អនាគត​របស់តៃវ៉ាន់។ បន្ថែម​ទៀត​នោះ គឺ ការ​ផ្លាស់ប្តូរ​​អធិបតេយ្យ​របស់​តៃ​វ់ាន់​នឹង​ធ្វើ​ខូច​ដល់​គោល​នយោ​បាយ​​ស្តីពី​ចិន​របស់​អាមេរិក​យ៉ាង​ខ្លាំង។​

ប៉ុន្តែ តើ​ទស្សនៈ​ទាំង​នេះ​​អាច​យក​ជាការ​បាន​​កម្រិត​ណា? តើ​ការ​ជាប់ឆ្នោត​របស់ ដូណាល់ ត្រាំ បាន​ជួយ​បញ្ជាក់ច្បាស់​ដល់​ទស្សនៈ​នោះ​ដែរឬទេ? តើ​ប្រធានាធិបតី ត្រាំ នឹង​ក្លាយជា​មូលហេតុ​​​នៃ​ការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​​នៅ​ក្នុង​ទំនាក់ទំនង​​រវាង​អាមេរិក ​និង​ចិន​ដែល​នឹង​ឈាន​ដល់​ការ​មាន​សង្គ្រាម​ដែរ​ឬទេ?

គ្មាន​មូល​ហេតុ​ណា​ក្នុងការ​គិត​ថា ប្រធានាធិបតី ត្រាំ និង​ប្រធានាធិបតី ស៊ី មិន​យល់​ដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ ឬ​ថា ពួកគេ​ប្រឆាំង​​ទៅ​នឹង​ការ​​រួម​គំនិត​គ្នា​ក្នុងការ​ធ្វើ​ឲ្យ​ប្រព័ន្ធអន្តរ​ជាតិ​​មាន​ដំណើរការ និង​មិន​ធ្លាក់ចូល​ទៅ​ក្នុង​សង្គ្រាម​ធ្ងន់ធ្ងរនោះទេ។​

អ្នក​ជំនាញ​បាន​យល់​ស្រប​គ្នាថា ការ​ស្លាប់​សន្តាប់ធ្នាប់​សេរី​ និង​ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​ពិភព​លោក​ដែល​ផ្អែក​លើ​សន្តាប់​ធ្នាប់​សេរី​នោះ​បាន​កើត​ឡើង​ជា​បន្តើរ​បន្តរួច​ហើយ។ ដូណាល់ ត្រាំ មិន​​បាន​បង្ករ​វា​ឡើង​នោះទេ។ អ្នក​ខ្លះ​នៅ​លោក​ខាងលិច​ហាក់ដូចជា​បាន​ដឹង​ខ្លួន​ថា វា​ត្រូវ​បាន​ដាក់​ជំនួស​ដោយ​​ប្រព័ន្ធ​មួយ​ទៀត​​ដោយ​គ្មា​ន​សង្គ្រាមកើតឡើង។​អ្នក​ខ្លះ​ថែម​ទាំង​គិត​ថា សណ្តាប់ធ្នាប់​ពិភព​លោក​របស់​ចិន​​មិន​មែន​ជា​រឿង​អាក្រក់នោះទេ។ ជា​រួម​ទៅ វា​បាន​រក្សា​សន្តិភាព​នៅ​អាស៊ី​បូព៌ា​អស់​ជា​ពេល​ ២ សហសវត្ស​មក​ហើយ ហើយ​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្អែក​លើ​ការ​ស្ថាបនា​ជាង​ការ​បំផ្លាញ​។​

ការ​ដែល​គួរ​តែ​លើក​ឡើង​ដែរ​នោះ​គឺថា​ប្រធានាធិបតី ត្រាំ បាន​អនុញ្ញាត​ដល់​គម្រោង​ស្ថាបនា​​យក្ស​​របស់​ចិន គឺ ការ​ផ្តួច​ផ្តើម​គំនិត​ខ្សែក្រវ៉ាត់​និង​វិថី​ (Belt and Road Initiative) ដែល​រៀប​ចំ​ឡើង​ដើម្បី​​តភ្ជាប់​ពិភពលោក​និង​ជួយ​សម្រួល​ដល់ការ​អភិវឌ្ឍ​ប្រទេស​ជា​ច្រើន​នៅតាម​បណ្តោយ​ផ្លូវ​នោះ។ ប្រធានាធិបតី អូបាម៉ា បាន​ប្រឆាំង​និង​ផែនការ​នោះនិង​បាន​ព្យាយាម​​ប្រាប់​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​មិន​ឲ្យ​ចូល​រួម​។

ចិន​បាន​បញ្ជូន​តំណាង​ម្នាក់​ទៅ​ចូល​រួម​វេទិការ​បើក​​របស់​ផែនការ​ខ្សែក្រវ៉ាត់​និង​វិថី​នោះ​នៅ​ខែ​ឧសភា ឆ្នាំ ២០១៧។ គាត់​និង​ប្រធានាធិបតី ស៊ី គឺជា​អ្នក​បង្កើត​ឡើង។ ពួក​គេ​បាន​មើល​ឃើញ​ពី​ផល​ប្រយោជន៍​​នៃការ​ស្ថាបនា ដើម្បីជា​ការ​ប្រឆាំង​ទៅ​នឹង​ការ​បង្កើត​សង្គ្រាម។​

អ្នក​ប្រាកដ​និយម​ត្រឹម​ត្រូវ​ណាស់​ក្នុងការ​និយាយថា កំណើន​អំណាច​យោធា​យ៉ាង​ខ្លាំង​នោះ​គឺ​គ្រោះថ្នាក់។ ប៉ុន្តែ ដូណាល់ ត្រាំ គឺជា​អ្នក​ប្រាកដ​និយម និង​ហាក់ដូចជា​យល់​រឿង​នេះ។ ជាង​នេះ​ទៅ​ទៀត គាត់​កំពុង​ដើរតួ​ក្នុងការ​ដោះ​ស្រាយបញ្ហា​ដោយ​ការ​ស្តារ​អំណាច​យោធា​​របស់​អាមេរិក​ឡើង​​វិញ។​

ការ​បង្កើត​អំណាច​អាមេរិក​​ឡើង​វិញ​របស់​ ត្រាំ គឺ​លេច​ធ្លោរ​​នៅ​អាស៊ី​ជាង​នៅ​ទីណា​ទាំង​អស់ ដោយ​ទ័ពជើង​ទឹក​អាមេរិក​​ទទួល​បាន​នាវា​កាន់តែ​ច្រើន​ និង​ការ​ទទួល​ខុស​ត្រូវ​កាន់តែ​ច្រើន​ក្នុង​ការ​រក្សា​តុល្យភាព​​អំណាច​រវាង​អាមេរិក​និង​ចិន។ គេ​គយរ​កត់ស​ម្គាល់នូវការ​ពិត​ដែល​ថា ថវិការ​យោធា​អាមេរិក​ ឥឡូវនេះ កំពុង​កើន​ឡើង​​ក្នុង​ល្បឿន​លឿន​ជាង​ថវិការ​របស់​ចិន​ទៅទៀត។​

ជាការ​ពិត តៃវ៉ាន់​គឺជា​ចំណុច​ដែល​អាច​បញ្ឆេះ​សង្គ្រាម​វាង​អាមេរិក​និង​ចិន។ វា​បាន​លេ​ច​ឡើង​កាន់តែ​ច្បាស់​នៅពេល​ការ​ជាប់​ឆ្នោត​នៅ​ឆ្នាំ ២០១៦ របស់​បេក្ខជន​ប្រធានាធិបតី​នៃ​បក្ស​គាំ​ទ្រ​ឯករាជ្យ។ ទំនាក់ទំនង​​រវាង​ចិន​និង​តៃវ៉ាន់​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។​

ប៉ុន្តែ​ ស្ថានភាព​នោះ​មិន​បាន​ឈាន​ដល់​ចំណុច​កំពូល​នោះទេ។​ តាម​ពិត​ ភាគី​ទាំង​ពីរ​​មិន​ខុស​គ្នា​ខ្លាំង​​ក្នុងការ​កំណត់​ទំនាក់ទំនង​​របស់​គេ​ ក្នុង​ខណៈ​​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​កាន់តែ​ពឹង​អា​ស្រ័យ​លើ​សេដ្ឋកិច្ច​របស់​ចិន។ ជាង​នេះទៀត យោធា​របស់​តៃវ៉ាន់​កំពុង​តែ​ចុះ​ខ្សោយ​ ធៀប​នឹង​យោធា​របស់​ចិន ដោយ​ធ្វើ​ឲ្យ​តៃវ៉ាន់​កាន់តែ​ពឹង​លើ​អាមេរិក​ដើម្បី​រក្សា​​តុល្យភាព​យុទ្ធ​សាស្ត្រ​​នៅ​ក្នុង​តំបន់។

ទន្ទឹម​គ្នា​ដែរ វា​ច្បាស់ណាស់ថា ប្រជាជន​តៃវ៉ាន់​កំពុង​សប្បាយ​និង​សន្តិភាព​និង​ការ​រីក​ចម្រើន​របស់​គេ។​ ដូចដែល​អ្នក​ខ្លះ​និយាយថា អ្នក​តស៊ូ​ដើម្បីឯករាជ្យ​តៃវ៉ាន់​មិន​​ប្តេជ្ញាចិត្ត​ដល់​ម្លឹង​ទេ។ ពួក​គេ​មិន​មាន​ឆន្ទៈ​​លះបង់​​តួនាទី ទ្រព្យ​សម្បត្តិ​ និង​ជីវិត​របស់គេ​ នៅ​ក្នុង​សង្គ្រាម​​មួយ​ដែល​ពួក​គេ​នឹង​ចាញ់​យ៉ាង​ប្រាកដ​​ ដើម្បីតែ​ការ​ផ្តាច់​ខ្លួន​ដោយ​ស្រប​ច្បាប់​ពី​ចិន​នោះទេ។

មាន​តថភាព​ផ្សេងខ្លះ​ទៀត​ដែល​ហាក់ដូចជា​លើកឡើង​ថា ប្រធានាធិបតី ត្រាំ នឹង​មិន​ចាប់​ផ្តើម​សង្គ្រាម​ជា​មួយ​ចិនទេ។​

បន្ទាប់ពីជាប់​ឆ្នោត​ភ្លាមនិង​ក្នុង​អំឡុង​​ពេល​អន្តរកាល​នៃ​តំណែង​ប្រធានាធិបតី ត្រាំ​នៅពេល​ការនិយាយ​តៗគ្នា​ត្រូវ​បាន​រីក​សុះ​សាយ​ថា ដូណាល់ ត្រាំ នឹង​កំទេច​ទំនាក់ទំនង​​អាមេរិក​និង​ចិន​នោះ លោក Henry Kissinger (ដែល​ផ្តល់ប្រឹក្សា​ឲ្យ ត្រាំ) បាន​ទៅ​ចិន​និង​ពិភាក្សា​ជា​មួយ​ប្រធានា​ធិប​តី ស៊ី និង​មេដឹកនាំ​ចិន​ផ្សេង​ៗ​ទៀត។​លោក Kissinger បាន​ប្រាប់ពួក​គេ​ថា​ ត្រាំ មាន​​លក្ខណៈ​ក្រអើត​ និង​ញួសញង់។​ នេះជា​រៀបរបស់​គាត់ ហើយ​ពួក​គេ​ចាំបាច់ត្រូវ​តែ​​យល់​រឿង​នេះ ហើយ​ធ្វើការ​ជា​​មួយ​រឿង​នេះ។ ប៉ុន្តែ គាត់​និយាយថា ត្រាំ ចង់​បាន​ទំនាក់ទំនង​ល្អ​ជា​មួយ​ចិន។

តាមសេចក្តីរាយការណ៍​ប្រធានាធិបតី ស៊ី (ដែល​គេ​ក៏ដឹងថា មាន​លក្ខណៈ​ត្រង់​ៗ និង​ពេល​ខ្លះ​មាន​​លក្ខណៈ​ញួសញង់​ដែរ​នោះ) បាន​និយាយថា គាត់​អាច​អាច​សម្រប​ជា​មួយ​ ត្រាំ ហើយ​ក៏​ចង់​មាន​​ទំនាក់​ទំនង​ល្អ​ដែរ។​

ត្រាំ ក៏​ទទួល​បាន​ដំបូន្មាន​​ពី​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Henry Paulson ដែល​បាន​និយាយថា អាមេរិក​និង​ចិន​ត្រូវ​តែ​ចុះ​សម្រុង​គ្នា ពោល​គឺ​ធ្វើ​សហប្រតិបត្តិការ​គ្នា​​យ៉ាង​ទូលាយ​ដើម្បី​ធានាថា ប្រព័ន្ធហិរញ្ញវត្ថុ​អន្តរជាតិ​មាន​ដំណើរការ​ ការ​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ត្រូវ​បាន​គ្រប់គ្រង បរិដ្ឋានពិភព​លោក​ត្រូវ​បាន​​ការពារ អំពើ​ភេរវកម្ម​ត្រូវ​បាន​ដោះ​ស្រាយ និង​រឿង​ច្រើន​ទៀត។ តាម​ពិត លោក Paulson លើក​ឡើងថា សន្តាប់ធ្នាប់ពិភព​លោក​​​នឹង​មិន​ដំណើរការ​ ឬ​ធ្លាក់​ចុះ​កាន់តែ​អាក្រក់​ថែមទៀត​ បើ​គ្មាន​អាមេរិក​និង​ចិន​ធ្វើការ​រួម​គ្នា។ ត្រាំ បាន​យល់​រឿង​នេះ។​

កត្តាមួយ​ទៀត ដែល​អ្នក​ទ្រឹស្តី​នយោ​បាយ​​អាច​កោត​សសើរ​នោះគឺ “ការ​រួម​គ្នា” ក្នុង​សមាស​ភាព​​នៃ​ថ្នាក់ដឹកនាំ​​នៅ​អាមេរិកនិង​ចិន។ ថ្នាក់ដឹកនាំ​​ធុរកិច្ច​ ឥឡូវ​នេះ កំពុង​តែ​ដើរតួនាទី​​កាន់តែ​ធំ​ក្នុងការ​ធ្វើការ​សម្រេចិត្ត​ ហើយ​ពួក​គេ​​កំពុង​ស្ថិត​ក្នុង​គំនិត​ដូច​គ្នា​​តាម​រៀប​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ។​

នៅទីបញ្ចប់ សញ្ញាណ​ដែល​ថា ប្រធានាធិបតី​នឹង​បញ្ឆេះ​​ការ​ប្រឈមមុខ​ជា​មួយ​ចិន​នោះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​កត្តា​សំខាន់​មួយ​ទៀត គឺ ចៅស្រី​របស់​ ត្រាំ បាន​និងកំពុង​រៀន​ភាសាចិន និង​កំពុង​​ប្រើ​វា​ជា​រៀង​រាល់​ថ្ងៃ​ក្នុងកម្រិត​មួយ​ដែល​អាច​កំដរ​​អារម្មណ៍​មេដឹកនាំ​ចិន​ រួម​ទាំង​ប្រធា​នាធិប​តី​ ស៊ី ជា​ភាសាចិន​ផង​ដែរ។ គ្មាន​មេដឹកនាំ​អាមេរិក​ណា​មួយ​បាន​បង្ហាញ​ការ​គោរព​ប្រភេទ​នេះ​​សម្រាប់​វប្បធម៌​ចិន​នោះទេ។​ តើ​អ្វី​អាច​ជា​ការ​សសើរ​​កាន់តែធំ​ដល់ចិន?

អញ្ចឹង ប្រធានាធិបតី ត្រាំ ហាក់បីទំនង​ជាង​បង្កើត​​លក្ខខណ្ឌ​​សម្រាប់​សន្តិភាព​រវាង​អាមេរិក​ និង​ចិន​ជាង​អ្នក​កាន់តំណែង​មុនៗ​របស់គាត់ ឬ​ជាង​អ្វីដែល​មនុស្ស​ជា​ច្រើន​គិត​ទៅ​ទៀត៕

ប្រភព៖ IPPREVIEW ចុះថ្ងៃ២១ ខែសីហា​ ​ឆ្នាំ២០១៧


No comments:

Post a Comment