Thursday, August 24, 2017

នៅលើវិថីឆ្ពោះទៅរកការកាន់តំណែងអាណត្តិទីពីររបស់លោក Xi នៅប្រទេសចិន

ខណៈដែលតំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិតចិនរបស់លោក Xi Jinping នៅអាណត្តិទី១ ជិតបញ្ចប់នោះ អ្នកឃ្លាំមើលរបស់ចិនកំពុងតែមានចម្ងល់ថា តើតំណែងកំពូលរបស់គាត់មានសារៈសំខាន់បែបណាចំពោះការវិត្តន៍នយោបាយរបស់ចិន។

អ្នកទុទិដ្ឋិនិយមបានចាត់ទុកលោក Xi  ថា ជាបុរសខ្លាំងដែលផ្តោតតែទៅលើអំណាចនៅក្នុងដៃរបស់គាត់តែម្នាក់ប៉ុណ្ណោះ ដោយប្រើប្រាស់គំរូបែងចែកអំណាចប្រមូលផ្តុំរបស់លោក Deng Xiaoping ក្រោយពីលទ្ធិម៉ៅនិយម (Maoism)។ អ្នករិះគន់លោក Xi និយាយថា ដើម្បីកំទេចគូរប្រកួតបំបិទសម្លេងអ្នករិះគន់ និងបង្កើនឥទ្ធិពលផ្ទាល់ខ្លួនរបស់ខ្លួន លោក Xi កំពុងតែដើរតាមវិធីដ៏គ្រោះថ្នាក់របស់លោក Mao ។

ចំណែកអ្នកសុទិដ្ឋិនិយមវិញ គិតថា លោក Xi Jinping កំពុងធ្វើនូវអ្វីដែលចាំបាច់ ដែលនាំមកនូវអព្យាក្រិត្យភាពដល់ «ជនឆ្វេងនិយម» (ដែលសំដៅទៅដល់អ្នកអភិរក្សនិយម) និងដើម្បីបង្កើនអំណាចរបស់គាត់ ដែលធ្វើឲ្យគាត់អាចអនុវត្តការកែទម្រង់ចាំបាច់នានា  ក្នុងអាណត្តិទីពីររបស់គាត់ (២០១៨-២០២២)។ អ្នកការពារ និងគាំទ្រលោក  Xi ទទួលស្គាល់ពីស្ថានភាពដ៏លំបាកនេះ ប៉ុន្តែរំពឹងថានឹងធូរស្រាល។ អ្នកគាំទ្រខ្លះ គិតថា លោក Xi គឺពិតជាអ្នកសេរីនិយមចង្អៀត ដែលហ៊ុំព័ទ្ធទៅដោយការអភិរក្សវប្បធម៌។

នៅប៉ុន្មានខែខាងមុខនេះ វេទិការអាស៊ីខាងកើត (East Asia Forum) នឹងមានចេញផ្សាយនូវបទអត្ថាធិប្បាយបន្ថែមទៀត របស់អ្នកវិភាគកំពូលៗនៅជុំវិញពិភពលោក ស្តីពីភាពចាំបាច់នៃការផ្លាស់ប្តូរការដឹកនាំ ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងសមាជបក្សលើកទី ១៩ នៅចុងឆ្នាំនេះ។ សមាជនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍នយោបាយពិភពលោក។

នៅក្នុងអត្ថបទដែលលេចធ្លោក្នុងសប្តាហ៍នេះ លោក Carl Minzner បាននិយាយមួយផ្នែកពាក់ព័ន្ធនឹងអ្នកទុទិដ្ឋិនិយម។ គាត់មិនយល់ស្របនឹងទស្សនៈដែលថា លោក Xi កំពុងទាញចិនចេញពីរបបអំណាចប្រមូលផ្តុំ ទៅរកការគ្រប់គ្រងបែបបុគ្គលនោះទេ។ លោក Minzner ក៏មិនយល់ស្របនឹងទស្សនៈដែលថា លោក Xi កំពុងបោះបង់ការគ្រប់គ្រងមិនផ្លូវការនៅសម័យក្រោយ Mao ដែលធ្វើឲ្យមានការបែងចែកអំណាច ការផ្ទេរអំណាចដោយសន្តិវិធី និងស្ថិរភាពនយោបាយ។ អ្នកសរសេររូបនេះ បានរំពឹងថា លោក Xi អាចនឹងបន្តអំណាចរបស់ខ្លួនជាអគ្គលេខាធិការបក្ស បន្ទាប់ពីឆ្នាំ ២០២២។  លោក Minzner គិតថា នៅក្នុងសមាជបក្សលើកទី១៩ លទ្ធិបក្សក្នុងយុគសម័យកំណែទម្រង់សំខាន់ចំនួនពីរ អាចនឹងមិនត្រូវបានអនុវត្តន៍។

ទីមួយ ច្បាប់មិនផ្លូវការទាក់ទងនឹងការចូលនិវត្តន៍ នឹងការស្នងតំណែងរបស់ថ្នាក់ដឹកនាំកំពូល អាចនឹងមិនត្រូវបានអនុវត្តន៍។ មានការប៉ាន់ប្រមាណថា ការកំណត់អាយុចូលនិវត្តន៍អាចនឹងត្រូវលើកលែង ដើម្បីអនុញ្ញាតឲ្យអ្នកប្រឆាំងនឹងអំពើពុករលួយរបស់ចិន គឺលោក Wang Qishan បន្តតំណែងនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្សតទៅទៀត។ ជាងនេះទៅទៀត លោក Xi ផ្ទាល់ អាចមិនប្រើវិធានការដែលបានបង្កើតនេះ ដើម្បីជៀសវាងការតែងតាំងអ្នកស្នងតំណែងនយោ​បាយនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ខណៈដែលគាត់ចាប់ផ្តើមតំណែងជាអគ្គលេខាធិ​ការបក្សអាណត្តិទីពីរ។ ការដកតំណែងរបស់លេខាធិការបក្សកុម្មុយនីស្តចិន លោក Sun Zhengcai កាលពីថ្ងៃទី២២ កក្កដា ២០១៧ បានបង្ហាញឲ្យឃើញពីភាពមន្ទិលសង្ស័យនេះ។

លោក Minzner គិតថា ទោះបីមានការវិវត្តន៍បែបណាក៏ដោយ ក៏លោក Xi អាចនឹងបន្តតំណែងជាអគ្គលេខាធិការបក្សបន្តទៀតបន្ទាប់ពីឆ្នាំ ២០២២ ដែលវាស្រដៀងនឹងករណីលោក Putin ដែរ។

ទីពីរ និងកាន់តែមានសារៈសំខាន់នោះគឺ វាកាន់តែស្តែងឲ្យឃើញកាន់តែច្បាស់ដែលថា មនោគមវិជ្ជារបស់បក្សកុម្មុយនីស្តចិន អាចនឹងប្តូរ ដើម្បីលើកតួនាទីរបស់លោក Xi Jinping ។

ច្បាប់បច្ចុប្បន្ន មិនបានដាក់បញ្ចូលនូវការកំណត់រយៈពេលសម្រាប់លេខាធិការបក្សនោះទេ គឺមានតែប្រធានរដ្ឋប៉ុណ្ណោះដែលត្រូវបានកំណត់អាណត្តិពីរអាណត្តិ។ ដូច្នេះ វាអាចទៅរួចដែលថា លោក Xi អាចរក្សាតំណែងជាប្រមុខដឹកនាំបក្ស (មេដឹកនាំកំពូល) ខណៈដែលតំណែងប្រធានរដ្ឋអាចនឹងផ្ទេរទៅឲ្យអ្នកជំនិតរបស់គាត់ នៅឆ្នាំ ២០២២។ ប៉ុន្តែ ក្នុងពេលដែលយកច្បាប់នយោបាយ ដែលមិនបានសរសេរជាលាយលក្ខណ៍អក្សរមកប្រើ តើអ្វីដែលលោក Xi ធ្វើ កំពុងបំផ្លាញស្ថាប័ននយោបាយ ដែលនាំមកនូវការរីកចម្រើនអស់រយៈពេលបីទស្សវត្សកន្លងមកហើយ ឬយ៉ាងណា?

នេះគឺជាសំណួរដ៏លំបាក។ លោក Xi មិនគួរធ្វើនូវកិច្ចការដែលថ្នាក់ដឹកនាំមុនបានធ្វើនោះទេ ប៉ុន្តែបែរជាគាត់ធ្វើទៅវិញ។ គាត់បានដឹកនាំស្ថាប័នបក្ស និងយន្តការការិយាធិបតេយ្យ ជាពិសេសកិច្ចការដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងវិន័យ និងការអនុវត្តការងារ។ គាត់ក៏បានគាំទ្រច្បាប់ដែលបង្កើតឡើងដើម្បីទប់ស្កាត់ការប្រើប្រាស់អំណាចនីតិប្រតិបត្តិផងដែរ។

លោក Xi បានប្រមូលផ្តុំអំណាចនយោបាយ ជាងលោក Hu Jintao ឬ លោក Jiang Zemin ទៅទៀត ប៉ុន្តែវាក៏នៅមិនទាន់ច្បាស់ថា គាត់បានធ្វើឲ្យពីផលប៉ះពាល់ដល់ទម្រង់នៃការគ្រប់គ្រងរបស់ចិន ឬរបស់បក្សកុម្មុយនីស្តចិននោះទេ។ សមាជបក្សលើកទី ១៩ នឹងមានសារៈសំខាន់សម្រាប់អនាគតរបស់ចិន ហើយក្រសែភ្នែកជាច្រើនកំពុងតែតាមដានមើលការប្រើប្រាស់អំណាចរបស់លោក Xi ក្នុងឆ្នាំទី១ នៃអាណត្តិទីពីររបស់គាត់ ដើម្បីកិច្ចការកំណែទម្រង់ ជាជាងការបញ្ចប់ដោយអំណាចផ្តាច់ការផ្ទាល់ខ្លួន៕

ប្រភព : East Asia Forum ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧


No comments:

Post a Comment