Monday, September 07, 2020

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី ការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ








សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋ ១,២២៦ គ្រួសារ

 ព្រះសីហនុ៖ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០នេះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ លោក លោកស្រី លោកឧកញ៉ា អនុប្រធានកិត្តិយសសាខាគណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិ យោគក្នុងខេត្ត និងសមាជិក សមាជិកា សាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

ចែកជូនដល់ ពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១,២២៦គ្រួសារ ក្នុងក្រុងព្រះសីហនុ ដែលពិធីធ្វើឡើងនៅសាលាបច្ចេកទេសដុនបូសស្កូ ក្រុងព្រះសីហនុ។

មានប្រសាសន៍ក្នុងឱកាសនោះលោក គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះលោក បានលើកឡើងពីអត្ថប្រយោជន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩“ ជាវិធានការ ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដោយសំដៅជួយសម្រួល ជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូ វីដ-១៩ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ទូទាំងប្រទេស ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា អាយុ ចាប់ពី៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។ សម្រាប់គ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ សូមយកបណ្ណសមធម៌ដែលមានសុពលភាព ទៅ ផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ ដើម្បីទទួលបាន ប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុង អំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនោះ លោក សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ លោកក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ។

លោកប្រធាន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនអំណោយចែកជូនប្រជាពលរដ្ឋទាំង ១,២២៦ គ្រួសារ នៅក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន៖
១-ឃីត១សម្រាប់ (ភួយ១ មុង១ ក្រមា១ សារុង១)
២- អង្ករ១បាវ = ២៥គីឡូក្រាម
៣- មី ១កេស
៤-ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
៥-ទឹកស៊ីអ៊ីវ ១យួរ = ៦ដប
៦-ទឹកសុទ្ធ ១កេស
៧-ថវិកា៥០,០០០ ៛ (ប្រាំម៉ឺនរៀល)៕





ពិធីប្រគល់-ទទួលរថយន្តសង្គ្រោះថ្មី ១គ្រឿង សំរាប់បម្រើដល់វិស័យសុខាភិបាល

 ប៉ៃលិន៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រគល់រថយន្តសង្គ្រោះ ១គ្រឿង ដល់មន្ទីរសុខាភិបាលខេត្ត ដែលជាអំណោយរបស់ធនាគារពិភពលោក និងគម្រោងលើកកម្ពស់សុខភាព និងសមធម៌សុខាភិបាលតាមរយៈក្រសួងសុខាភិបាល ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្តប៉ៃលិន ឱ្យកាន់តែល្អប្រសើរឡើង។

លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា រថយន្តសង្គ្រោះនេះមានសារៈសំខាន់ណាស់ សម្រាប់ជួយប្រជាពលរដ្ឋដែលមានជំងឺនិងរងគ្រោះថ្នាក់ផ្សេងៗដោយដឹកទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា និងក្នុងគ្រាមានអាសន្នផងដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌ ជាក់ស្តែងការផ្តល់រថយន្តសង្គ្រោះនាពេលនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិ បាលចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាល នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ បានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តប៉ៃលិនទាំងអស់ដែលកំពុងបម្រើការនៅតាមមន្ទីរពេទ្យបង្អែក និងតាមមណ្ឌលសុខភាពត្រូវបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ការពិនិត្យនិងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ហើយរថយន្តដែលទើបទទួលបានថ្មីនេះត្រូវជួយថែរក្សា ឱ្យបានល្អដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើសេវាដឹកជញ្ជូនអ្នកជំងឺពីមូលដ្ឋានមកកាន់ មន្ទីរពេទ្យធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា។

បើតាមការបញ្ជាក់របស់លោក ស្លេះ យូ ប្រធានមន្ទីរសុ ខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ននៅខេត្តប៉ៃលិន មានរថយន្តសង្គ្រោះរបស់រដ្ឋចំនួន ០៥គ្រឿងក្នុងនោះនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ០៤គ្រឿង និងមណ្ឌ លសុខភាពភ្នំព្រាល០១គ្រឿង សរុបទាំងរថយន្តដែលទើបទទួលបានថ្មីនេះគឺមានចំនួន០៦គ្រឿង៕






លោកស្រី ម៉ែន សំអន អញ្ជើញចូលរួមសូត្រមន្តក្នុងវេនកាន់បិណ្ឌវេនទី៥នៅវត្តជម្ពូព្រឹក្សា

 លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៥ នៅវត្តជម្ពូព្រឹក្សា ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២០។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិការ ព្រឹទ្ធសភា រដ្ឋសភា គណ:អភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្តព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតន:ត្រៃ សមាទានសីល ធ្វើកិច្ចនមស្សការបង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យ ទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ផ្លែឈើជាច្រើនមុខ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនទៅដល់វិញ្ញានក្ខ័ន្ធបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការទាំង៧សណ្ដាន។

ជាមួយគ្នានេះ លោកស្រី បានថ្លែងថា ការធ្វើបុណ្យកាន់បិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញានក្ខ័ន្ធរបស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបណានិគមចាស់ថ្មីជាពិសេសជាងនេះទៅទៀតគឺប្រជាជនស្លូតត្រង់ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃនិងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបប ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខ័ន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកស្រី ក៏បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គនិង ជូនពរលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានអំពាវនាវឲ្យប្រជាពុទ្ឋបរិស័ទទាំងអស់គ្នាចូលរួមគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យឲ្យបានល្អរួមជាមួយនឹងវិធានការនានា ដែលបានកំណត់របស់ក្រសួងសុខាភិបាលដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺដ៏កាចសាហាវមួយនេះ៕





លោក សួស យ៉ារ៉ា​ ប្រគល់នូវសម្ភារវេជ្ជសាស្រ្ត ជែល​ អាល់កុលលាងដៃ ​និងម៉ាសជូនរដ្ឋបាលខេត្តព្រះវិហារ​

 ព្រះវិហារ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី ចឹក ហេង អភិបាលរងខេត្ត តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត បានទទួលជូបប្រតិភូនៃសមាគមប្រឹក្សាសុខភាពប្រជាជនដឹកនាំដោយលោកវេជ្ជបណ្ឌិត ជិន សំណាង ក្នុងពិធីប្រគល់សម្ភារវេជ្ជសាស្រ្ត ជែល អាល់កុល និងម៉ាស ដែលជាអំណោយរបស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងលោកស្រី សម្រាប់ចែកជូនរដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡាខេត្ត និងរដ្ឋបាលក្រុង ស្រុកទាំង៨។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ចឹក ហេង អភិបាលរងខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ របស់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ ចំពោះសុខទុក្ខ ជាពិសេសសុខភាពរបស់ប្រជាពលរដ្ឋ ខេត្តព្រះវិហារ ដែលកន្លងមកលោកតែងតែបានបញ្ជូនក្រុមគ្រូពេទ្យកូរ៉េ គ្រូពេទ្យខ្មែរ ដែលមានសមាគមប្រឹក្សាប្រជាជនជាអ្នកសម្របសម្រួល មកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិថ្លៃ ជារៀងរាល់ឆ្នាំ។

ជាក់ស្តែងនាពេលនេះ រដ្ឋបាលខេត្ត ទទួលបាននូវសម្ភារវេជ្ជសាស្ត្រ រួមមាន ជែល អាល់កុល ម៉ាស ដើម្បីការពារទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងការបើកឪ្យចូលរៀនរបស់សិស្សានុសិស្ស ។ បន្ថែមពីនេះលោកស្រីអភិបាលរង ក៏បានថ្លែងអំណរគុណដល់លោក វេជ្ជបណ្ឌិត ជិន សំណាង និងក្រុមការងារនៃសមាគមប្រឹក្សាសុខភាពប្រជាជនដែលបាននាំយកនូវសម្ភារដែលជាអំណោយដ៏ថ្លៃថ្លានាពេលនេះ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ជិន សំណាង បានលើកឡើង ពីការយកចិត្តទុកដាក់របស់សមាគមប្រឹក្សាសុខភាពប្រជាជន ការនាំមកនូវក្រុមគ្រូពេទ្យមកព្យាបាលជំងឺដោយឥតគិថ្លៃ ជាពិសេសលោក សួស យ៉ារ៉ា តែងតែចង្អុលបង្ហាញឲ្យមានការយកចិត្តទុកដាក់ពីសុខភាពប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អំណោយជាសម្ភារនាំយកមកប្រគល់ជូននាពេលនេះរួមមានជែលលាងដៃចំនួន១០០០ដប អាល់កុល៣០លីត្រ ម៉ាស៥០ប្រអប់ និងសម្លៀកបំពាក់វេជ្ជសាស្រ្តចំនួន៥០ឈុត ដែលនឹងបែងចែកជូនសាលាខេត្ត សាលាក្រុង ស្រុក មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត៕




អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី« ចំណាត់ការផ្លូវច្បាប់ចំពោះជនជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ»

នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណជិត២០នាទី មានចំណងជើងថា « ចំណាត់ការផ្លូវច្បាប់ចំពោះជ្រុលនិយមរឿងព្រំដែន ជានីតិវិធីស្របច្បាប់ និងស្របតាមឆន្ទៈពលរដ្ឋខ្មែរ។

រហូតមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រជាមួយប្រទេសជិតខាងកម្ពុជា បានច្រើនរួចមកហើយ ក្នុងស្មារតីធានា ឱ្យបានជាដាច់ខាតថាបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយសូម្បីតែមួយមិល្លិម៉ែត្រទៅឱ្យបរទេស។ ការងារបោះបង្គោលព្រំដែនកំណត់ព្រំសីមារបស់ប្រទេសត្រូវបានធ្វើឡើងដោយហ្មត់ចត់ ច្បាស់លាស់ ត្រឹមត្រូវតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងពិសេសជាងនោះទៅទៀត នីតិវិធីនៃការកំណត់ដែនសីមា និងបង្គោលព្រំដែនការពារបានយ៉ាងត្រឹមត្រូវនូវអធិបតេយ្យដែនដីជាតិ។ នៅក្នុងវីដេអូនេះ ក៏បានបញ្ជាក់ផងដែរថា បើទោះបីជារាជរដ្ឋាភិបាលខិតខំធ្វើកិច្ចការព្រំដែនដ៏ត្រឹមត្រូវ ច្បាស់លាស់យ៉ាងនេះក្តី ក៏នៅតែមានក្រុមជ្រុលនិយម មួយក្រុមដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ជាអ្នកស្រឡាញ់ទឹកដី បានមួលបង្កាច់ការពិតដើម្បីបំភាន់សាធារណៈមតិអំពីកិច្ចការព្រំដែនដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនដោយគ្មានភស្តុតាងអ្វីទាំងអស់មកបង្ហាញ។ ជាក់ស្តែងលោក រ៉ុង ឈុន ក្តី លោក សួង សោភ័ណ ក្តី ដែលចេញមុខមកនិយាយរឿងព្រំដែន គឺជាការមួលបង្កាច់សុទ្ធសាធដើម្បីញុះញង់ឲ្យពលរដ្ឋខឹងសម្បារជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖
















ក្រសួងសុខាភិបាលបន្តប្រកាសថា គ្មានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយករណីជាសះស្បើយក៏គ្មានដែរ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យមានចំនួន២នាក់ដដែល។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួនសរុប ២៧៤នាក់ (ស្រី៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២៧២នាក់ (ស្រី៥៤នាក់ និងបុរស២១៨នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មានចំនួន០២នាក់៕