Friday, May 06, 2022

វិភាគអន្តរជាតិ៖ តើចិន ចង់ឱ្យរុស្ស៉ីឈ្នះ ឬចាញ់ ក្នុងសង្រ្គាមអ៊ុយក្រែន?


(តូរ៉ុនតូ)៖ មនុស្សភាគច្រើនសុទ្ធតែមើលឃើញថាចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន។ ក៏ប៉ុន្តែ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពី ថ្ងៃទី២៤ ខែកុម្ភៈ មកទល់នឹងបច្ចុប្បន្ន ទីក្រុងប៉េកាំងនៅតែប្រកាន់ជំហរមិនច្បាស់លាស់ ដោយទាំងនៅឯក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាត UN ចិនសុខចិត្តបោះឆ្នោតអនុបវាទ ជាជាងបោះឆ្នោតគាំទ្រ ឬឈរនៅខាងរុស្ស៉ីដែលខ្លួនធ្លាប់អះអាងថាជាសម្ព័ន្ធមិត្តរឹងដូចថ្ម។

ជាងនេះទៅទៀត ខណៈរុស្ស៉ីកំពុងជាប់ទណ្ឌកម្មស្ទើរជុំទិសពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ចិនមិនបានបង្ហាញពីឆន្ទៈជួយមិត្ត រុស្ស៉ីនោះទេ ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ដោយធនាគារចិនចំនួន២ គឺធនាគារចិន (Bank of China) និងធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China) ថែមទាំងបានបដិសេធការស្នើសុំជំនួយពីមូស្គូ ហើយសូម្បីតែរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានត្រឹមតែអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ធូរបន្ថយជម្លោះប៉ុណ្ណោះ ជាជាងបង្ហាញការគំាទ្រដល់រុស្ស៉ី។

បើគេចាំមិនភ្លេច, នៅមុនសង្រ្គាមផ្ទុះឡើង រដ្ឋាភិបាលចិនបានចេញសេចក្ដីថ្លែងការណ៍ជាច្រើន ដែលគេមើលទៅហាក់ដូចជាប៉េកាំងបង្ហាញការគាំទ្រទាំងស្រុង ដល់ទីក្រុងមូស្គូ និងបន្ទោសសហរដ្ឋអាមេរិក និង NATO ថាជាដើមហេតុបង្កឱ្យភាពតានតឹងផ្ទុះតាមរយៈការបដិសេធទទួលយកការព្រួយបារម្ភ និងសំណើធានា សន្តិសុខពីវិមានក្រឹមឡាំង។ ជំហររបស់ចិន នៅមុន និងក្រោយមានសង្រ្គាម គឺខុសគ្នាស្រឡះ។ ដូច្នេះថាតើហេតុអ្វីចិនប្ដូរចិត្តភ្លាមៗបែបនេះ? តើវាជាការផ្លាស់ ប្ដូរទៅតាមស្ថានការណ៍ប្រែប្រួលជាក់ស្ដែង ឬក៏ជា «យុទ្ធសាស្ត្ររុញទូកបណ្ដោយទឹករបស់ចិន»?

* នៅពីក្រោយភាពផ្អែមល្ហែមរវាងចិន និងរុស្ស៉ី

មែនទែនទៅ, ទំនាក់ទំនងរវាងចិន និងរុស្ស៉ីត្រូវបានអ្នកជំនាញភាគច្រើនយល់ថាជា «មិត្តផង និងគូប្រជែងផង» ហើយបើក្រឡេកទៅមើលអតីតកាលវិញ ទាំងចិន និងរុស្ស៉ីមើលគ្នាទៅវិញទៅមកថាជាសត្រូវ ជាជាងសម្ព័ន្ធមិត្ត។ គោលបំណងរបស់រុស្ស៉ី មិនមែនត្រឹមតែធ្វើជាសម្ព័ន្ធមិត្តតូចតាចក្រោមសម្ព័ន្ធភាពចិន និងរុស្ស៉ីនោះទេ តែជាមហាអំណាចស្មើមុខស្មើមាត់ដែលអាចអនុវត្តរបៀបវារៈ និងស្វែងរកផលប្រយោជន៍តាមមធ្យោបាយផ្ទាល់ខ្លួន។ ប្រវត្តិសាស្ត្របានបង្ហាញ ថាការស្វែងរកផលប្រយោជន៍របស់រុស្ស៉ី មានពេលខ្លះបានដើរហួសបន្ទាត់ក្រហមរបស់ចិនក៏មានដែរ។ តួយ៉ាង រុស្ស៉ីបានក្រសោបយកទឹកដីរាប់សែនគីឡូម៉ែត្រ ក្រឡាពីចិន នៅក្រោមសន្ធិសញ្ញា អៃហ្គុន (Aigun) និងប៉េកាំង (Beijing) ក្នុងឆ្នាំ១៨៥៨-១៨៦០ នោះគឺតំបន់ម៉ាជូរីផ្នែកខាងក្រៅ (Outer Manchuria) ដែល សព្វថ្ងៃ ប្រជាជនរុស្ស៉ីនាំគ្នាហៅថាដែនដីរុស្ស៉ីចុងបូព៌ា (Russian Far East) ដោយមានទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) និងទីក្រុងខាបារ៉ូវ (Khabarovsk) ត្រូវបានបង្កើតឡើងដោយនិគមជនរុស្ស៉ី។

រីឯម៉ុងហ្គោលី និងតំបន់ស្វយ័តទូវ៉ាន់ (Tuvan) ក៏ធ្លាប់ជាផ្នែកមួយរបស់ចិនផងដែរ រហូតដល់រជ្ជកាលឆេងដួលរំលំនៅឆ្នាំ១៩១១។ តែសូវៀត នៅពេលនោះ បានគាំទ្រឯករាជ្យភាពរបស់ម៉ុងហ្គោលី នៅអំឡុងទសវត្សរ៍ឆ្នាំ១៩១០ ដើម្បីប្រើម៉ុងហ្គោលីជាតំបន់ទ្រនាប់ការពារមួយប្រឆាំងនឹងចិន ហើយរហូតដល់ក្រោយ សង្រ្គាមលោកលើកទី២ ទើបសូវៀតជួយម៉ុងហ្គោលីឱ្យទទួលបានឯករាជ្យផ្លូវការពីចិន និងក្រសោបយកតំបន់ Tuvan ទាំងស្រុងតែម្ដង។

លើសពីនេះទៅទៀត, នៅក្នុងសម័យសង្រ្គាមត្រជាក់ ចិន និងសូវៀតដែលជាកុម្មុយនិស្ដដូចគ្នា ថែមទាំងបានផ្ដាច់ទំនាក់ទំនងនឹងគ្នា និងធ្លាប់បានធ្វើសង្រ្គាម រយៈពេលខ្លីនឹងគ្នានៅតាមតំបន់ព្រំដែនផងដែរ។ កាន់តែសំខាន់ នោះគឺចិនគាំទ្រប៉ាគីស្ថាន រីឯរុស្ស៉ីគាំទ្រឥណ្ឌា ដែលប៉ាគីស្ថាន និងឥណ្ឌាសុទ្ធតែមើល គ្នាទៅវិញទៅមកថាជាសត្រូវ។ រហូតទាល់តែសូវៀតរលំរលាយ ទើបទំនាក់ទំនងរវាងរុស្ស៉ី និងចិនចាប់ផ្ដើមល្អនឹងគ្នាឡើងវិញ។ តែនេះគឺដោយសារតែក្រោយ សូវៀតដួលរលំ រុស្ស៉ីប្រែជាទន់ខ្សោយ និងត្រូវការស្វែងរកមិត្ត រីឯចិនមើលឃើញថារុស្ស៉ីលែងគំរាមកំហែងដល់ខ្លួនដូចមុន។ ក្រៅតែពីនេះ នៅពីក្រោយ ទំនាក់ទំនងផ្អែមល្ហែម រុស្ស៉ី និងចិនមានចក្ខុវិស័យផ្សេងគ្នាចំពោះ «តំបន់អាស៊ីកណ្ដាល» តួយ៉ាងដូចជាកាហ្សាក់ស្ថាន។ 

រុស្ស៉ីចាត់ទុកកាហ្សាក់ស្ថានជាដែនឥទ្ធិពលផ្ដាច់មុខរបស់ខ្លួនឯង រីឯចិន តាមរយៈការវិនិយោគលើឧស្សាកម្មថាមពលរបស់កាហ្សាក់ស្ថាន វាធ្វើឱ្យប្រទេសក្នុង តំបន់អាស៊ីកណ្ដាលមួយនេះកាត់បន្ថយការពឹងផ្អែកលើរុស្ស៉ី ហើយក្លាយជាអ្នកផ្គត់ផ្គង់ថាមពលដ៏ធំសម្រាប់ចិន។ សរុបមកវិញ, ទំនាក់ទំនងរវាងចិន និងរុស្ស៉ី ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គឺមិនមែនមានន័យថាប្រទេសទាំង២ មើលឃើញគ្នាទៅវិញទៅមកជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្តបាននោះទេ តែគ្រាន់តែពួកគេ សម្លឹងឃើញពីផលប្រយោជន៍រួម នោះគឺប្រឆាំងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ម្លោះហើយ មើលទៅជ័យជម្នះរបស់រុស្ស៉ីមិនស្ថិតនៅក្នុងផលប្រយោជន៍របស់ចិន នោះទេ។ ផ្ទុយទៅវិញអ្វីដែលចិនចង់បាន នោះគឺចង់ឱ្យរុស្ស៉ីចុះខ្សោយ តែមិនចង់ឱ្យរុស្ស៉ីចលាចល ឬរហូតដល់មានការផ្លាស់ប្ដូររបបដឹកនាំឡើយ។ 

ពោលបើរុស្ស៉ីចុះខ្សោយ, នោះមូស្គូនឹងកាន់តែពឹងផ្អែកខ្លាំងលើចិន ហើយសម្ព័ន្ធភាពរវាងចិន និងរុស្ស៉ី នឹងប្រៀបបានដូចជាសម្ព័ន្ធភាពរវាង «មនុស្សចាស់ និងកូនក្មេង» ដោយជាធម្មតា កូនក្មេងត្រូវតែស្ដាប់ និងធ្វើតាមមនុស្សចាស់។ ដោយឡែក បើរុស្ស៉ីអាចគ្រប់គ្រងអ៊ុយក្រែនបានវិញ, នោះរុស្ស៉ីនឹងរឹតតែខ្លាំងក្លា ជាងពេលមុនសង្រ្គាមផ្ទុះឡើង។ បើរុស្ស៉ីខ្លាំងទៅហើយ មានន័យថារុស្ស៉ីអាចនឹងមិនយកភ្នែកមើលធ្ងន់លើចិនឡើយ ដោយនឹងបន្តដើរតាមរបៀបវារៈ នយោបាយរបស់ខ្លួន ក្នុងការបង្កើត «ចក្រភពរុស្ស៉ី» ឡើងវិញដែលនេះហើយអាចនឹងគំរាមកំហែងដល់ផលប្រយោជន៍ចិន ដូចគេថា «ភ្នំមួយមិនអាចមានខ្លាពីរ»។ មិនតែប៉ុណ្ណោះ, នៅចន្លោះការប្រជែងឥទ្ធិពលរវាងចិន និងសហរដ្ឋអាមេរិក, រុស្ស៉ីប្រាកដជានឹងដើរតួនាទីជា «ជនទី៣» រង់ចាំកើបយកប្រយោជន៍ជាជាងធ្វើសម័្ពន្ធមិត្តជាមួយចិន។


តែទោះជាបែបនេះក្ដី, រឿងដែលចិនបារម្ភបំផុត មិនមែនថារុស្ស៉ីឈ្នះ ឬក៏ចាញ់នោះទេ, តែប៉េកាំងខ្លាចជាងគេ នោះគឺការធ្វើរដ្ឋប្រហារ ឬការផ្ដួលរំលំរដ្ឋាភិបាល របស់លោក ពូទីនហើយអ្នកដែលឡើងមកដឹកនាំរុស្ស៉ីបន្តជា «មនុស្សគាំទ្រលោកខាងលិច» ទោះជាសេណារីយ៉ូបែបនេះត្រូវបានគេជឿជាក់ថាមានភាគរយ កើតឡើងតិចតួចក៏ដោយ៕


ប្រភព៖ Geopolitical Monitor (ថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២)

ដោយៈ Fresh News