Wednesday, August 25, 2021

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក, ប្រជាធិបតេយ្យនៅចុងកាណុងកាំភ្លើង


(ប៉េកាំង)៖ អស់រយៈពេលជាង ២៤០ឆ្នាំមកនេះ ពោលគឺចាប់តាំងពីបានប្រកាសឯករាជ្យនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦មក មានពេលតែជាង ២០ឆ្នាំប៉ុណ្ណោះដែល សហរដ្ឋអាមេរិកមិនបានលូកដៃចូលក្នុងសង្រ្គាមណាមួយ។ សិ្ថតិរាប់ចាប់ពីការបញ្ចប់សង្រ្គាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ដល់ឆ្នាំ២០០១ បានបង្ហាញថានៅក្នុងចំណោម សង្រ្គាម ឬជម្លោះប្រដាប់អាវុធ ២៤៨លើក ដែលបានកើតឡើងក្នុងតំបន់ចំនួន ១៥៣ នៅជុំវិញពិភពលោក មាន ២០១លើក ឬស្មើនឹងជាង ៨០ភាគរយនៃសង្គ្រាមទាំងនេះ ផ្ដើមគំនិតដោយ ឬសហរដ្ឋអាមេរិកបានលូកដៃ។


ចុងកាណុងកាំភ្លើងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានផ្ដាច់ជីវិតប្រជាជនស៊ីវិលរាប់មិនអស់ រួមទាំងបង្ខំឱ្យមនុស្សរាប់លាននាក់ក្លាយជាជនភៀសខ្លួនរត់ចោលប្រទេស កំណើត និងផ្ទះសម្បែងរបស់ខ្លួនឯង ខណៈប្រទេសមួយចំនួននៅតែរងការឈឺចាប់មកទល់សព្វថ្ងៃ។ ខាងក្រោមនេះគឺជាសង្រ្គាមធំៗ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅក្រោយសង្រ្គាមលោកលើកទី២៖

* សង្រ្គាមកូរ៉េ៖ នៅខែមិថុនា ឆ្នាំ១៩៥០ សហរដ្ឋអាមេរិកបានប្រមូលផ្ដុំសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនឱ្យចូលរួមក្នុង «កងទ័ពសហប្រជាជាតិ (United Nations Army)» ដើម្បី ធ្វើអន្តរាគមន៍យោធាលូកដៃចូលក្នុងសង្រ្គាមស៊ីវិលរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សង្រ្គាមនេះបានផ្ដាច់ជីវិតជនស៊ីវិលច្រើនជាង ៣លាននាក់ និង៣លាននាក់ផ្សេងទៀតក្លាយជាជនភៀសខ្លួន។ មិនតែប៉ុណ្ណោះសហរដ្ឋអាមេរិក៏បានរងការចោទប្រកាន់ផងដែរថាបានធ្វើសង្រ្គាមជីវសាស្រ្តប្រឆាំងនឹង កូរ៉េខាងជើង និងចិន។

* សង្រ្គាមវៀតណាម៖ សង្រ្គាមវៀតណាមដែលមានរយៈពេលពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧៥ គឺជាសង្រ្គាមដ៏យូរអង្វែង និងដ៏សាហាវបំផុតមួយចាប់តាំងពីការបញ្ចប់សង្រ្គាម លោកលើកទី២មក។ សង្រ្គាមនេះបានឆាបយកជីវិតជនស៊ីវិលប្រមាណជា ២លាននាក់ និង៣លាននាក់ទៀតក្លាយជនភៀសខ្លួន។ សហរដ្ឋអាមេរិកបានទម្លាក់សារធាតុគីមី ជាង ៧៥.៧១លានលីត្រ អំឡុងសង្រ្គាមវៀតណាម ដោយបានផ្ដាច់ជីវិតប្រជាជនវៀតណាមដោយផ្ទាល់ជាង ៤០០,០០០នាក់ ខណៈជិត ២លាននាក់ដែលរងផលប៉ះពាល់ពី សារធាតុគីមីទាំងនេះបានកើតជំងឺមហារីក និងជំងឺជាច្រើនទៀត។ បន្ថែមពីលើនេះ គ្រាប់បែក និងគ្រាប់មីនមិនទាន់ផ្ទុះដែលអាមេរិកទម្លាក់នៅវៀតណាមយ៉ាងហោច ៣៥០,០០០តោន ត្រូវបានគេវាយតម្លៃថាត្រូវចំណាយពេលដល់ទៅ ៣០០ឆ្នាំដើម្បីបោសសំអាត។

សង្គ្រាមវៀតណាម-អាមេរិក​នេះ បានរាលដាលចូលមកកម្ពុជា​ ចាប់ផ្តើមឆ្នាំ១៩៦២​ ដោយសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែក និងរហូតដល់ធ្វើរដ្ឋប្រហារយោធាទំលាក់ សម្តេចព្រះនរោត្តមសីហនុ​ ព្រះបរមរតនកោដ នៅថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ១៩៧០​។​ ក្រោយរដ្ឋប្រហារកំលាំងយោធារបបលោក​ លន់​ នល់ មានការគាំទ្រកាន់តែខ្លាំងក្លា និងចំហរពីសហរដ្ឋអាមេរិក ​ដោយធ្វើការទំលាក់គ្រាប់បែក រាប់លានតោន​ រួមមានគ្រាប់បែកតូច-ធំ​ គ្រាប់បែកចង្កោម​ (ជាង៣០លានគ្រាប់)​ និងគ្រាប់បែកគីមីផងដែរ។​ ចលនាសង្គ្រាមសម្លាប់រង្គាលនេះ​ បានជួយរុញច្រានឲ្យកើតមាន របបប្រល័យពូជសាសន៍ខែ្មរក្រហមនៅកម្ពុជា​។

សង្គ្រាមជាង១០ឆ្នាំនេះ​ (១៩៦២-៧៥)​ បានបង្កនូវទុក្ខវេទនា មហាធ្ងន់ធ្ងរលើប្រជាជនកម្ពុជា​ និងបន្តចូលរបបប្រល័យពូជសាសន៍ខែ្មរក្រហម ៣ឆ្នាំ៨ខែ២០ថ្ងៃទៀត​ ធ្វើឲ្យប្រជាជនកម្ពុជាជាង២លានបានស្លាប់​។​ សង្គ្រាមមិនអាចរលត់បានឡើយ នៅឆ្នាំ១៩៧៩ បានបន្តសង្គ្រាមស៉ីវិលជាង២០ឆ្នាំទៀត​ ពោលរហូតដល់ចុងឆ្នាំ១៩៩៨ ទើបបានបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។​

* សង្រ្គាមនៅកូសូវ៉ូ៖ ក្នុងឆ្នាំ១៩៩៩ កងទ័ពអង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារទម្លាក់គ្រាប់បែករយៈពេល ៧៨ថ្ងៃ លើអតីតសាធារណរដ្ឋ យូហ្គូស្លាវី ក្រោមហេតុផលបង្ការកុំឱ្យមានគ្រោះហន្តរាយនៃមនុស្សជាតិ។ សង្រ្គាមនេះបានសម្លាប់ជនស៊ីវិល ៨,០០០នាក់ និងច្រើនជាង ១លាននាក់ត្រូវភៀសខ្លួនចេញពី ផ្ទះសម្បែង ឬប្រទេសកំណើតរបស់ខ្លួន ព្រមទាំងបង្កការខាត់បង់សេដ្ឋកិច្ច ២៩.៦ពាន់លានដុល្លារ។ រហូតដល់នៅខែមីនា ឆ្នាំ២០០០ កងកម្លាំងរក្សាសន្តិភាព UN បានទទួល ស្គាល់ថាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកវិទ្យុសកម្មសរុប ៣១,០០០គ្រាប់ ដើម្បីបំផ្លាញរថក្រោះ និងបន្ទាយទ័ពរបស់យូហ្គូស្លាវី។ លើសពីនេះទៅទៀត ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៩ យន្ដហោះចម្បាំង NATO បានកម្ទេចរោងចក្រគីមីមួយក្នុងទីក្រុង Pancevo ដោយបង្កឱ្យសារធាតុវិទ្យុសកម្មបង្កជំងឺមហារីកក្នុងទីក្រុងនេះ ឡើងដល់កម្រិត ១០,៦០០ដង លើសកម្រិតធម្មតានៅពេលនោះ។ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ ទាហានអ៉ីតាលីដែលបានចូលរួមក្នុងប្រតិបត្តិការយោធា NATO បានស្លាប់ ដោយសារជំងឺមហារីក និង ៧,៥០០នាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺដែលបង្កឡើងដោយធាតុវិទ្យុសកម្ម។

*សង្រ្គាមនៅអាហ្វហ្កានីស្ថាន៖ នៅខែតុលា ឆ្នាំ២០០១ សហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធយោធា NATO បានដឹកនាំកងទ័ពចូលឈ្លានពានអាហ្វហ្កានីស្ថានដើម្បីតាមកម្ចាត់មេដឹកនាំក្រុមអាល់កៃ អ៊ូសាម៉ា ប៊ិន ឡាដិន និងផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ដែលអាមេរិកចោទថាជួយលាក់បំពួនមេភេរវកររូបនេះ។ សង្រ្គាមនៅអាហ្វហ្កានីស្ថាន អូសបន្លាយ ពេលជាង ២០ឆ្នាំ បានបង្កឱ្យជនស៊ីវិលអាហ្វហ្កានីស្ថានច្រើនជាង ១០០,០០០នាក់ស្លាប់ និងរងរបួស ហើយ ១១លាននាក់កា្លយជាជនភៀសខ្លួន។ ក្នុងឆ្នាំ២០១៩ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) បាននិយាយថាកងទ័ពអាហ្វហ្កានីស្ថាន ៤៥,០០០នាក់បានស្លាប់ចាប់តាំងពីឆ្នាំ២០១៤មក ស្របពេលរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ២០១៩ដដែល បានឱ្យដឹងថាជនស៊ីវិលអាហ្វហ្កានីស្ថាន ៣២,០០០នាក់បានស្លាប់នៅក្នុងសង្រ្គាមនេះ។

ក្នុងឆ្នាំ២០២០ អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានប្រកាសពីគម្រោងបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋកម្មសង្គ្រាមដែលគេចោទថាប្រពឹ្រត្តឡើងដោយ កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន។ តែអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើអគ្គរដ្ឋអាជ្ញា ICC ជាមួយការស្នើឱ្យទម្លាក់ចោលគម្រោង ការស៊ើបអង្កេតនេះជាបន្ទាន់ ហើយរហូតដល់ជំនាន់លោក ចូ បៃដិន ទើបទណ្ឌកម្មនេះត្រូវបានដកចេញ។ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថាបេសកកម្មកម្ចាត់ អ៊ូសាម៉ា ប៊ិន ឡាដិន និងការរារាំងការវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិក បានទទួលជោគជ័យដែលនេះមានន័យថាអាមេរិក គ្មានហេតុផលអ្វីត្រូវបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថានទៀតនោះទេ។ លោក បៃដិនបានប្រកាសដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហ្កានីស្ថាន នៅត្រឹមថ្ងៃទី៣១ ខែសីហានេះ ពោលគឺឱ្យបានមុនថ្ងៃខួបនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ប៉ុន្តែ មិនទាន់ដល់កាលបរិច្ឆេទកំណត់ រដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលជា សម្ព័ន្ធមិត្ត និងទទួលបានការទំនុកបម្រុងពីអាមេរិកអស់ជាង ២០ឆ្នាំមកនេះ បានដួលរលំក្រោមដៃក្រុមតាលីបង់មិនដល់ពេល១០ថ្ងៃផង។

*សង្រ្គាមនៅអ៉ីរ៉ាក់៖ នៅខែមីនា ឆ្នាំ២០០៣ សហរដ្ឋអាមេរិក រួមជាមួយអង់គ្លេស និងសម្ព័ន្ធមិត្តរបស់ខ្លួនបានលើកទ័ពចូលឈ្លានពានអ៉ីរ៉ាក់ ដោយចោទថារបបដឹកនាំ សាដាំ ហូសេន នៅពេលនោះលួចលាក់កាន់កាប់អាវុធនុយក្លេអ៊ែរ។ សង្រ្គាមនេះបានផ្ដាច់ជីវិតជនស៊ីវិលចន្លោះពី ២០០,០០០នាក់ ដល់ ២៥០,០០០នាក់ ក្នុងនោះមាន១៦,០០០នាក់ ត្រូវបានសម្លាប់ដោយផ្ទាល់ដោយកងទ័ពអាមេរិក។ មកទល់នឹងបច្ចុប្បន្ន មានគ្រាប់មីន និងគ្រាប់ផ្ទុះដទៃ ២៥លានគ្រាប់ដែលចំាបាច់ត្រូវបោសសំអាត ហើយមិនតែប៉ុណ្ណោះ គ្រាប់បែកវិទ្យុសកម្មជាង ៣,៤០០តោន ក៏ត្រូវបានទម្លាក់ក្នុងប្រទេសអ៉ីរ៉ាក់ផងដែរ។ នៅឆ្នាំ២០០៨ មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតលើការហាមឃាត់ ការប្រើប្រាស់គ្រាប់បែកវិទ្យុសកម្មនៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ ដោយមានប្រទេសចំនួន ១៤១គាំទ្រ។ ប៉ុន្តែសហរដ្ឋអាមេរិក, អង់គ្លេស, បារាំង និងអ៉ីស្រាអែលបានបោះឆ្នោតជំទាស់។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២១នេះ អង្គការ CODEPINK បានចេញផ្សាយរបាយការណ៍មួយដោយឱ្យដឹងថាក្នុងរយៈពេល ២០ឆ្នាំមកនេះ អាមេរិក និងសម្ព័ន្ធមិត្តរបស់ ខ្លួនបានទម្លាក់គ្រាប់បែក ឬមីស៊ីលជាមធ្យមក្នុងមួយថ្ងៃច្រើនជាង ៤០គ្រាប់ ឬ ៣២៦,០០០គ្រាប់ចាប់តាំងពីឆ្នាំ២០០១មក លើបណ្ដាប្រទេសមួយចំនួនជាពិសេស ក្នុងតំបន់មជ្ឈិមបូព៌ាដូចជា អ៉ីរ៉ាក់, ស៊ីរី, លីប៊ី, អាហ្វហ្កានីស្ថាន និងយ៉េមែនជាដើម៕

ប្រភព៖ Xinhua (ថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។)

ដោយ៖ Fresh News

ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។

សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះបានបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ, ក្រសួងសុខាភិបាលសូមធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបអំពីប្រភេទវ៉ាក់សាំងកូវីដ-១៩ ដែលអាចប្រើសម្រាប់ចាក់ជាដូសជំរុញ និងគម្លាតរយៈពេលសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះដូចខាងក្រោម៖

១៖ សម្រាប់មន្ត្រីបម្រើការជួរមុខ, មនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ, ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៤ និងខែទី៦បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។ ដោយឡែក សម្រាប់ប្រជាជនទូទៅផ្សេងទៀត ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ គួរធ្វើឡើងនៅចន្លោះខែទី៦ និងខែទី៨ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូស។

២៖ ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ, ទោះបីប្រើប្រាស់វ៉ាក់សាំងប្រភេទដូចគ្នា ឬវ៉ាក់សាំងប្រភេទខុសគ្នាក៏ដោយ មិនបង្កឱ្យមានផលរំខានច្រើន លើសពីផលរំខានដែលបង្កឡើងដោយវ៉ាក់សាំងនីមួយៗជាធម្មតានោះទេ ប៉ុន្តែការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ថែមទាំងអាចបង្កើនបាននូវប្រព័ន្ធការពារ រាងកាយកាន់តែរឹងមាំក្នុងការទប់ទល់នឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មី ផ្សេងទៀត។

៣៖ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាវ៉ាក់សាំងមូលដ្ឋានចំនួន២ ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចគ្នាជា Sinopharm ឬ Sinovac ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទផ្សេងគ្នា ដូចជាវ៉ាក់សាំងប្រភេទ Viral Vector (វ៉ាក់សាំង AstraZeneca) ឬវ៉ាក់សាំងប្រភេទ mRNA (វ៉ាក់សាំង Pfizer ឬ Moderna) ជាដូសជំរុញក៏បាន។

៤៖ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ អាចចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចគ្នា ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាដូសជំរុញក៏បាន ឬអាចចាក់វ៉ាក់សាំងប្រភេទ mRNA ដូចជាវ៉ាក់សាំង Pfizer ឬ Moderna ជាដូសជំរុញក៏បាន។

ដោយឡែក, ចំពោះការចាក់វ៉ាក់សាំងប្រភេទ Inactivated Virus ដូចជាវ៉ាក់សាំង Sinopharm ឬ Sinovac ជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ Viral Vector ដូចជាវ៉ាក់សាំង AstraZeneca ឬ Johnson & Johnson ជាវ៉ាក់សាំងមូលដ្ឋានបានគ្រប់ដូសរួចហើយ, ក្រុមការងារសិក្សាស្រាវជ្រាវនៃក្រសួងសុខាភិបាល នឹងសិក្សាបន្ថែម ហើយក្រសួងនឹង ជូនដំណឹងដល់សាធារណជនអំពីលទ្ធផលនៃការសិក្សានេះ នៅពេលក្រោយ៕




រដ្ឋបាលរាជធានីភ្នំពេញ ដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈឯកជន រយៈពេល១៤ថ្ងៃ

 (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៧ ខែសីហាឆ្នាំ២០២១ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។ 

យោងតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចខាងក្រោម៖

*សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុន បណ្តាលតាមប្រព័ន្ធអនឡាញ

*អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ

*រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា

*អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ

*ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ

*រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ជាមួយគ្នានេះ ក្នុងប្រការ៣ បានចែងថា ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥នាក់ លើកលែងតែក្នុងករណី ដូចខាងក្រោម៖

*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា

*ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយកសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន

*ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

*ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

*ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី

*ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

*រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

ទន្ទឹមនឹងនេះ ក្នុងប្រការ៤ បានបញ្ជាក់ថា សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ នៃសេចក្តីសម្រេចនេ៖ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស់កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕





រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋខ្មែរអាយុ១២ឆ្នាំឡើងដែលខកខានមិនបានទទួលវ៉ាក់សាំង នៅរាជធានីភ្នំពេញ

 (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងកុមារ -យុវវ័យ អាយុចន្លោះពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ក្នុងការបន្តផ្តល់វ៉ាក់សាំងនេះ នឹងធ្វើឡើងនៅមន្ទីរពេទ្យរដ្ឋចំនួន៨ ក្នុងរាជធានីភ្នំពេញ ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី៖




ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន តាមរយៈប្រព័ន្ធ Zoom

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរជំនាញ ចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត។ 

កិច្ចប្រជុំមានការចូលរួមពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្ត។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានរាយការណ៍អំពីលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីប្រធានក្រុមការងារ ព្រមទាំងអង្គប្រជុំ និងបានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង និងដំណោះស្រាយដែលក្រុមការងារបានដាក់ចេញ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពទូទាំងខេត្ត ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋក្នុងខេត្ត ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោក អ៊ុក រ៉ាប៊ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង និងក្រុមការងារទាំងអស់ ដែលបានចូលរួមផ្ដល់ការគាំទ្រទាំងថវិកា និងស្មារតី សំដៅរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត៕





រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

 (ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ។

ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការចាក់ដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងទៅ នឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ រាជរដ្ឋាភិបាល បានគូសរំលេចដោយផ្អែកតាមការសិក្សាស្រាវជ្រាវ រកឃើញថា ក្រោយពេលចាក់វ៉ាក់សាំងមូលដ្ឋានគ្រប់ដូសរួចហើយ កម្រិតភាពសុាំប្រឆាំងនឹងមេរោគកូវីដ១៩ អាចស្ថិតនៅរយៈពេលប្រមាណពី ៦ ទៅ ៨ខែ សម្រាប់ករណីទូទៅ និងអាចខ្លីជាងនេះសម្រាប់ក្រុមមនុស្សវ័យចាស់ និងអ្នកមានប្រព័ន្ធការពារខ្សោយ។

អាស្រ័យហេតុនេះហើយទើបរាជរដ្ឋាភិបាលសម្រេចឱ្យមានការចាក់ដូសជំរុញ។ បើតាមរាជរដ្ឋាភិបាល ការចាក់ដូសជំរុញ អាចបង្កើនភាពឆ្លើយតបនៃអង្គបដិបក្ខនៃប្រព័ន្ធការពារក្នុងខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) និងប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត។



អ្នកវិភាគចៅចាក់ស្មុក៖ ការទាមទារដោយគ្មានភាពអៀនខ្មាស របស់សង្គមស៊ីវិលមួយចំនួន ស្ថិតក្រោមខ្សែញាក់របស់បរទេស ដើម្បីបញ្ចេញសំឡេងចិញ្ចឹមចលនា

(ភ្នំពេញ)៖ ពិតជាគួរឱ្យអស់សំណើចបំផុត ពេលឃើញក្រុមសកម្មជននយោបាយមួយចំនួន ដែលជ្រកក្រោមស្លាកក្រុមអង្គការសង្គមស៊ីវិលបាន ចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ទាក់ទងនឹងគម្រោងនៃការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដោយពួកគេទាមទារដោយគ្មានមូលដ្ឋានថាចាំបាច់ត្រូវ «ស្តារសិទ្ធិមនុស្សឡើងវិញ មុននឹងបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ»។ ជាសេចក្តីថ្លែងការណ៍ដែលពលរដ្ឋខ្មែរភាគច្រើនដូចសព្វមួយដងមិនចាប់អារម្មណ៍ និងគិតថាវាគ្រាន់តែជាសំឡេងមួយដែលអនុវត្ត តាមរបៀបវារៈនយោបាយដែលចៅហ្វាយនាយពួកគេបានគូសវាសឱ្យដើរ និងធ្វើសកម្មភាពដើម្បីដូរបាយតែប៉ុណ្ណោះ។ ជាការទាមទារខុសបរិបទ និងជាការទារទារដែលដើរបញ្ច្រាសពីគោលការណ៍ច្បាប់ និងបំណងប្រាថ្នារបស់ពេលរដ្ឋភាគច្រើន ក្នុងសង្គមប្រជាធិបតេយ្យ។ តែដើម្បីយល់ច្បាស់ថាតើពួកគេជានរណាឱ្យពិតប្រាកដ ហើយហេតុអ្វីបានជាទាមទារដូច្នេះ ចៅចាក់ស្មុកសូមចូលរួមបង្ហាញនូវចំណុចមួយ ចំនួនពីក្រុមអង្គការសង្គមស៊ីវិលទាំងនេះដើម្បីឱ្យសាធារណជន បានដឹងពីចរិតពិតរបស់ក្រុមស៊ីឈ្នួលបរទេសនេះ៖


១. ក្រុមអង្គការគ្មានការចុះបញ្ជីត្រឹមត្រូវច្រើនជាងចុះបញ្ជី៖ ក្រុមតាំងខ្លួនជាអង្គការសង្គមស៊ីវិលទាំង ៦០ ដែលចេញសេចក្តីថ្លែងការណ៍រួមនេះមានប្រមាណតែ ជាង ១០ អង្គការនិងសមាគមតែប៉ុណ្ណោះដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃនិងនៅក្រសួងព័ត៌មាន ហើយក្រៅពីនោះគឺគ្មានច្បាប់ទម្លាប់ និងគ្រាន់តែយកឈ្មោះសហគមន៍មកដាក់បញ្ចូលបង្កើនចំនួនឱ្យឃើញច្រើន បន្លំពលរដ្ឋខ្មែរថាមានអង្គការច្រើនចូលរួមប៉ុណ្ណោះ។ តាមពិត មានតែសម្បក ហើយក្រុមនេះភាគ ច្រើនជាសកម្មជននយោបាយជ្រកក្រោមស្លាកអង្គការ ហើយអ្នកខ្លះត្រូវបានគេរៀបចំឡើងដើម្បីធ្វើសកម្មភាពបម្រើឱ្យរបៀបវារៈនយោបាយដែលរៀបចំដោយម្ចាស់ជំនួយរបស់ខ្លួនផង និងដោយនិន្នាការនយោបាយបុគ្គលលម្អៀងជ្រុលរបស់ពួកគេផងក្រោមលេសនៅក្នុងសំឡេងនៃក្រុមអ្នកអត់សំឡេង។ ក្រុមដដែលនេះរួមនឹងគូកនជាអង្គការបរទេសខ្លះតែងតែចេញសេចក្តីថ្លែងការណ៍លើបញ្ហាផ្សេងៗដោយអះអាងថាខ្លួនតំណាងឱ្យសង្គមស៊ីវិលទាំងមូល។ តែតាមពិតពួកគេជាក្រុមជនភាគតិចក្នុងសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាង ៥០០០ ដែលកំពុងធ្វើសកម្មភាពនៅកម្ពុជាប៉ុណ្ណោះ។ ក្រុមនេះបានតាំងខ្លួនជាតួឯកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ និងចេញមកទាមទារនេះទាមទារនោះធ្វើឫកខែងរ៉ែង ហើយពេលខ្លះបានប្រមាថរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានទៅ ទៀត។ ការទាមទារពេលខ្លះ មិនបានឆ្លុះបញ្ចាំងពីការពិត និងត្រូវបានគេមើលឃើញថាដើម្បីបម្រើឱ្យផលប្រយោជន៍បរទេស។ ក្រុមសហគមន៍ សមាគម និងអង្គការទាំងនេះគឺជាឧបករណ៍ ដែលគេប្រើដើម្បីបំពងសំឡេងក្នុងការធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា ហើយក៏ជាចលនាយ៉ាងសំខាន់ក្នុងការញុះញង់បង្កចលាចលសង្គម និងបង្កើតភាពវឹកវរផងដែរដើម្បីបំពេញមហិច្ឆតាទុច្ចរិត ដែលម្ចាស់ជំនួយពួកគេបង្កប់ក្នុងជំនួយហិរញ្ញវត្ថុ។


២. ចង់ឱ្យបង្កើតច្បាប់តែមិនគោរពច្បាប់៖ ក្រុមជនដែល ពោរពេញដោយមនោគមវិជ្ជាបរទេស និងពង្វក់ឱ្យភ្លេចជាតិដោយសារតែជំនួយអន្ទាក់នយោបាយ តែងតែទាមទារឱ្យមានការគោរពច្បាប់ត្រឹមត្រូវ។ តែនៅពេលដែលមានច្បាប់ ពួកគេមិនគោរព ឬទាមទារឱ្យលុបចោល ព្រោះប៉ះពាល់ផលប្រយោជន៍ និងរំខានផែនការពួកគេដូចជាច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ឬច្បាប់ស្តីពីសហជីពជាឧទាហរណ៍ស្រាប់ដែលពួកគេព្យាយាមបែរទៅរកការអនុវត្តក្រៅច្បាប់ ឬចង់បន្តធ្វើ សកម្មភាពបែបអនាធិបតេយ្យបន្តទៀតក្រោមលេសលំហប្រជាធិបតេយ្យ។ ឥឡូវនេះ ដល់ពេលពួកគេយកជើងរាទឹកក្នុងគម្រោងបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាដែលជាស្ថាប័នមួយដើម្បីលើកតម្កើងការគោរពសិទ្ធិមនុស្ស។ ពួកគេជាអ្នកទាមទារបង្កើតស្ថាប័ននេះ ហើយការងារនេះក៏ត្រូវបានប្រគល់ឱ្យសង្គមស៊ីវិលជាអ្នករៀបចំ ក៏ប៉ុន្តែជាង១០ឆ្នាំហើយពួកគេរៀបចំបង្កើតមិនចេញទេ តែនៅពេលរាជរដ្ឋាភិបាលកម្ពុជាយកមកធ្វើខ្លួនឯង និងរៀបចំចាត់ចែងធ្វើ បែរជាធ្វើការរិះគន់រដ្ឋាភិបាល រិះគន់ទៅលើស្ថាប័នសិទ្ធិមនុស្សជាតិថា គ្មានប្រសិទ្ធភាពក្នុងពេលដែលមិនទាន់នឹងបានចេញជារូបរាងនៅឡើយ។ ពួកគេយកហេតុផលថាមិនគួរបង្កើតនៅពេលនេះទេ ព្រោះស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នមានការធ្លាក់ចុះជាលំដាប់។ តាមពិត នេះគឺជាភាសារបស់ជនបរទេសអគតិតែប៉ុណ្ណោះដែលបាននិងកំពុងប្រើ តែសារដូចគ្នានេះក៏ត្រូវបាននិងកំពុងប្រើដោយក្រុមអង្គការសង្គមស៊ីវិលដែលស៊ីឈ្នួលបរទេសដែរ។ បើសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះដូចពួកគេប្រឌិត ទំនងពួកគេនឹងគ្មានសិទ្ធិសេរីភាពបើកអង្គការចាំទទួលជំនួយពីចៅហ្វាយនាយបរទេសនោះទេ ហើយក៏មិនអាចចេញសេចក្តីថ្លែងការណ៍ដែលភាគច្រើនសុទ្ធតែក្រុមអង្គការសមាគមគ្មានច្បាប់នោះឡើយ។ សេរីភាពនិងសិទ្ធិមនុស្សធ្លាក់ចុះ សម្រាប់តែក្រុមធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជាប៉ុណ្ណោះ ព្រោះពួកគេត្រូវកាត់បន្ថយសេរីភាពដោយសារតែជាប់ឃុំនិងការប្រព្រឹត្តខុសច្បាប់របស់ពួកគេ។ ប៉ុន្តែសម្រាប់ ពលរដ្ឋដែលគោរពច្បាប់ គឺសេរីភាព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមានពេញបរិបូណ៌។ ដូច្នេះកម្ពុជាគ្មាន ភាពចាំបាច់ត្រូវស្តារសិទ្ធិមនុស្សនោះទេ តែក្រុមសង្គមស៊ីវិលស៊ីឈ្នួលបរទេសទាំងនេះទេដែលត្រូវស្តារមកវិញនូវសតិសម្បញ្ជៈ និងមនសិការជាតិ ស្រឡាញ់និងតម្កល់ផលប្រយោជន៍ជាតិជាធំជាងបម្រើផលប្រយោជន៍បរទេស និងធ្វើសកម្មភាពបំផ្លាញជាតិឯង ហើយត្រូវគោរពច្បាប់និងគោរព ការសន្យារបស់ខ្លួនឡើងវិញ។ ពួកគេក៏គួរបញ្ឈប់ការបោកប្រាស់ពលរដ្ឋនិងអន្តរជាតិពីការពិតនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបន្តទៀត និងគួរមានមនសិការជាតិពិតប្រាកដជាជាងមនសិការតាមខ្សែញាក់បរទេស។


៣. រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិតែមួយគត់៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេនីមួយៗ គឺមិនបានឱ្យតម្លៃលើច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជាឡើយ ពួកគេមិនទុកច្បាន់រដ្ឋធម្មនុញ្ញក្នុងក្រសែភ្នែកពួកគេទេ។ តែពួកគេបានលើកតម្កើងហួសជ្រុលលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ពួកគេធ្វើជាមិនយល់ថារដ្ឋធម្មនុញ្ញត្រូវបានតាក់តែងឡើងដោយឈរលើគោលការណ៍និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានន័យថាគោលការណ៍ទាំងឡាយរួមនឹងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ និងជាច្បាប់កំពូលតែមួយគត់របស់កម្ពុជាដែលពលរដ្ឋគ្រប់រូបត្រូវតែគោរព។ តើហេតុអ្វីបានជាពួកគេទន្ទេញចាំមាត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសៗ ហេតុអ្វីមិនលើកឡើងពីរដ្ឋធម្មនុញ្ញ? នេះគឺជាចេតនាប្រមាថរដ្ឋធម្មនុញ្ញយ៉ាងច្បាស់ក្រឡែត និងមិនគោរពរដ្ឋធម្មនុញ្ញ។ ពួកគេលើកតម្កើងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏ដើម្បីការពារគោលការណ៍បន្តឱ្យមានការជ្រៀតជ្រែករបស់បរទេសមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ត្រួតត្រាកម្ពុជា និងគូសវាសផ្លូវឱ្យកម្ពុជាដើរ។ ពួកគេមិនចង់ឱ្យកម្ពុជាមានភាពម្ចាស់ការនិងមានឯករាជភាពឡើយ។ បច្ចុប្បន្ននេះ ពួកគេបាននិងកំពុងបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយខ្លួនយ៉ាងពិតប្រាកដ ហើយពួកគេនឹងមិនសប្បាយចិត្តពេលឃើញកម្ពុជាមានឯករាជភាព បូរណ ភាពទឹកដី អធិបតេយ្យភាពជាតិពេញលេញឡើយ។ តើនេះឬដែលជាក្រុមអង្គការសង្គមស៊ីវិលស្នេហាជាតិ ស្នេហាប្រជាជននោះ? ស្នេហាជាតិផេះ! ពួកគេជាឆ្កែចចកពាក់ស្បែកចៀមតែប៉ុណ្ណោះ។ អ្វីៗដែលពួកគេធ្វើ គឺមានការបញ្ជា និងអង្គការចាត់តាំងច្បាស់លាស់ ហើយក៏ដើម្បីប្រមាថជាចំហមកលើច្បាប់កំពូលរបស់ជាតិកម្ពុជា និងបន្តបំភ្លៃបំផ្លើសពីស្ថានភាពពិតប្រាកដនៅកម្ពុជា។ នេះជាការវាយប្រហារលើដួងព្រលឹងច្បាប់កម្ពុជាដើម្បីបន្ទាបបន្ថោកកិត្យានុភាពជាតិ និងញុះញង់ពលរដ្ឋកុំឱ្យមានទំនុកចិត្តលើច្បាប់ជាតិ។


៤. សំឡេងប្រឆាំងនឹងការរីកចម្រើនរបស់កម្ពុជា៖ បើពិនិត្យលើសកម្មភាពជាក់ស្តែងនៃក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ គ្មានអ្វីពិតប្រាកដក្នុងការជួយជាតិនិងប្រជាជនកម្ពុជាឡើយ តែពួកគេស្រែកឱ្យមានសំឡេងដើម្បីទទួលបានថវិកាជំនួយពីម្ចាស់ជំនួយបរទេសខ្លួនប៉ុណ្ណោះ។ ពួកគេតែងតែដើរបញ្ច្រាសទិសនឹងភាពត្រឹមត្រូវ និងតម្រូវការរបស់ប្រជាជន។ នៅពេលនេះ ពលរដ្ឋខ្មែរត្រូវការការការពារជីវិតពីជ្រោះមរណៈនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងលើការការពារជីវិតពលរដ្ឋនិងកសាងរបងវ៉ាក់សាំងរឹងមាំការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ និងគិតគូរពីការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ស្តារសេដ្ឋកិច្ចក្រោយវិបត្តិដោយជំងឺកូវីដ១៩ តែមើលក្រុមសង្គមស៊ីវិលទាំងនេះ ពួកគេបន្តអនុវត្តផែនការចាស់ របស់ពួកគេដដែលដោយមិនខ្វល់នឹងសុខទុក្ខពលរដ្ឋឡើយ។ នៅពេលពលរដ្ឋត្រូវការការពារសិទ្ធិរស់រានមានជីវិតជាចម្បង ពួកគេស្រែកទាមទារសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ ពេលពលរដ្ឋត្រូវការគិតគូរពីស្បៀងអាហារ ពួកគេគេស្រែកទាមទារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ នេះគឺជាចរិតពិតរបស់ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកសង្គមស៊ីវិល។ ពួកគេនិយាយពីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ ដោយមិនគិតពីការចូលរួមការពារអាយុជីវិតពលរដ្ឋពីជំងឺកូវីដ១៩ ដែលជាសិទ្ធិរស់រានមានជីវិតជាសិទ្ធិមូលដ្ឋាននៃសិទ្ធិមនុស្ស។ ពួកគេតែងតែជំទាស់ដោយគ្មានមូលដ្ឋានលើដំណើរអភិវឌ្ឍន៍ជាតិកម្ពុជា និងតែងតែព្យាយាមបំផ្លាញផែនការអភិវឌ្ឍន៍ទាំងឡាយក្រោមលេសសិទ្ធិមនុស្ស សេរីភាពនិងប្រជាធិបតេយ្យ និងបរិស្ថានជាដើម។


សរុបមកវិញ ក្រុមសកម្មជននយោបាយជ្រកក្រោមស្លាក អង្គការសង្គមស៊ីវិលទាំងនេះពិតជាមិនបានគោរពតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិនោះទេ តែពួកគេចង់ឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបន្តរីករាយឱ្យជនបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ខណៈគោលការណ៍និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរួចស្រេចទៅហើយ។ ដំបូង ពួកគេចង់ឱ្យមានស្ថាប័នសិទ្ធិមនុស្ស ដល់ពេលបង្កើតបែរជាខិតខំព្យាយាមរាំងស្ទះទៅវិញ។ ពួកគេពិតជាមិនមានភាពអៀនខ្មាសក្នុងការបំផ្លាញកម្ពុជា បំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជាបន្តិចណាឡើយ។ អ្វីដែលពួកគេបាននិងកំពុងធ្វើ គេជឿថាមិនមែនជាឆន្ទៈពិតប្រាកដរបស់ពួកគេទេ តែពួកគេបានធ្វើតាមខ្សែញាក់របស់ពួកបរទេសដែលជាអ្នកផ្តល់ទឹកដោះឱ្យបៅចិញ្ចឹមទុកដើម្បីបញ្ចេញសំឡេងរំខានតែប៉ុណ្ណោះ ហើយក្រុម នេះគឺជាអ្នកស្នេហាជាតិក្លែងក្លាយ និងជាកូនអុកដែលបរទេសប្រើប្រាស់ដើម្បីបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា៕


ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១





លោក ទូ សាវុធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

កោះកុង÷ លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារធ្វើបច្ចុប្បន្នភាពទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកបូទុមសាគរ។

លោកអភិបាលរងខេត្ត សូមឱ្យសមាជិកអង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារធ្វើបច្ចុប្បន្នភាពទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងស្រុកបូទុមសាគរ។ 

ជំងឺកូវីដ-១៩ បានរីករាលដាលខ្លាំងក្នុងសហគមន៍គ្រប់ស្រុកទូទាំងខេត្ត ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកាត់ផ្តាច់ការចម្លងក្នុងសហគមន៍បន្តទៀតយើងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកទិន្នន័យលម្អិតអំពីមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ យុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង និងមិនទាន់បានចាក់វ៉ាក់សាំង ត្រូវផ្ទៀងផ្ទាត់ដើម្បីបានទិន្នន័យពិតប្រាកដសម្រាប់ត្រៀមសម្រាប់ចាក់ច៉ាក់សាំងដូសទី១ បញ្ចប់នៅទូទាំងខេត្ត។ 

ដូចនេះសូមអាជ្ញាធរស្រុក ឃុំ យកចិត្តទុកដាក់បន្ថែមក្នុងការអប់រំ ផ្សព្វផ្សាយ ដល់អ្នកដែលមិនទាន់បានចាក់ឱ្យមកចាក់ឱ្យបានគ្រប់ៗគ្នា នៅក្នុងភូមិ ឃុំ ស្រុករបស់យើង៕








អភិបាលខេត្តកំពង់ចាម ចុះពិនិត្យមន្ទីរពិសោធន៍ វិភាគសំណាកជម្ងឺកូវីដ ១៩ និងរៀបចំទីតាំងដាក់ម៉ាស៊ីនផលិតអុកស៊ីស្សែន នៅក្នុងមន្ទីរពេទ្យខេត្ត

កំពង់ចាម÷ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានចុះពិនិត្យមន្ទីរពិសោធន៍វិភាគសំណាកជម្ងឺកូវីដ ១៩ និងទីតាំងរៀបចំដាក់ម៉ាស៊ីនផលិតអុកស៊ីស្សែន នៅក្នុងមន្ទីរពេទ្យ ខេត្តកំពង់ចាម។ 

លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យ ខេត្តកំពង់ចាម បានឲ្យដឹងថា ថ្មីៗនេះ មន្ទីរពេទ្យ បានរៀបចំមន្ទីរពិសោធន៍១កន្លែង ដើម្បីពិនិត្យសំណាកវិភាគជម្ងឺកូវីដ១៩ ដោយប្រើប្រាស់ម៉ាស៊ីនកម្រិតមធ្យម អាចពិនិត្យ ក្នុងមួយថ្ងៃបានចំនួន ១០០ករណី។ បច្ចុប្បន្ន មន្ទីរពេទ្យកំពុងធ្វើការសាកល្បង ដោយយកលទ្ធផលទាំងអស់ទៅផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈ ហើយរង់ចាំ នៅពេលលទ្ធផលដូចគ្នា ទើបមន្ទីរពិសោធន៍នេះ មានលទ្ធភាព នឹងចេញលទ្ធផលដោយផ្ទាល់អំពីសំណាកវិភាគវីរុសកូវីដ ១៩។ 

ជាមួយគ្នានោះ លោកប្រធានមន្ទីរពេទ្យ បានឲ្យដឹងទៀតថា នៅពេលខាងមុខ យើងត្រៀមទីតាំង ១កន្លែង សម្រាប់ដាក់ម៉ាស៊ីនផលិតអុកស៊ីស៊ែន ដែលជាជំនួយ របស់លោក ហ៊ុន ម៉ានិត ផងដែរ ហើយគម្រោងនេះ នឹងចាប់ផ្ដើមធ្វើការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ក្រោមការឧបត្ថម្ភគាំទ្រដោយរដ្ឋបាលខេត្តកំពង់ចាម។





អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូបនៅចុងឆ្នាំ ២០២១

ក្រុមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា កំពុងជំរុញការជួសជុលផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាត ដោយបានចាប់ដំណើរការពីខែកុម្ភៈឆ្នាំ២០២១។ 

ការជួសជុលមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ព័ន្ធសំណង់មានភាពស្មុគស្មាញ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងរបស់ប្រាសាទ។ រហូតមកដល់ពេលនេះ ការជួសជុលសម្រេចបានជាង៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ៕









អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី៣ ជូនដល់អតីតយុទ្ធជន

កំពង់ចាម៖ លោក  អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ចាម មានប្រសាសន៍លើកឡើងថា «មកដល់ពេលនេះ ខេត្តកំពង់ចាម កំពុងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកុមារអាយុ ១២ ដល់ ១៧ឆ្នាំ ពោលគឺ កំពុងដំណើរការព្រមៗគ្នា  ដោយមិនមានផ្នែកណាមួយ នៅទំនេរនោះឡើយ» ។ លោកអភិបាលខេត្តកំពង់ចាម លើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដូសទី៣ ជូនបងប្អូនអតីតយុទ្ធជន នៅសាលាខេត្តកំពង់ចាម នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ ។ ពិធីនោះក៏មានចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធក្នុងខេត្ត និងបងប្អូនអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងបង្ការ ជាច្រើននាក់ ផងដែរ។

លោក អ៊ុន ចាន់ដា បញ្ជាក់ដែរថា បងប្អូនជាអតីតយុទ្ធជនកម្ពុជា ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ផងដែរ លើបញ្ហាជីវភាព និងសុខភាព ធ្វើយ៉ាងណាង ឲ្យចៀសផុតពីការឆ្លងនៃជម្ងឺកូវីដ ១៩ ។ អភិបាលខេត្ត បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋយើងទាំងអស់ដែរថា ថ្វីត្បិតតែ យើងបានចាក់វ៉ាក់សាំងទាំងពីរដូសរួចហើយក្តី ក៏នៅមានអត្រាឆ្លងជម្ងឺកូវីដ ១៩ តិចតួចដែរ ។ ដូច្នេះដើម្បីកាត់ផ្ដាច់ការឆ្លងក្នុងអត្រាទាបនេះ គឺមានតែសម្រេចចិត្តចាក់វ៉ាក់សាំងដូសទី ៣ ឬជាដូសជម្រុញនេះទេ ហើយម្យ៉ាង គឺស្របពេលដែលមានវីរុសបំលែងថ្មី ប្រភេទដែលតា កំពុងត្រូវបានរកឃើញ តាមរយៈ បងប្អូនពលករ ដែលវិលត្រឡប់មកពីប្រទេសជាប់ព្រំដែនកម្ពុជាយើង ផងដែរ ។  

លោក  អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា វីរុសបំលែងថ្មីនេះ វាឆ្លងរហ័ស និងបង្កគ្រោះថ្នាក់ខ្ពស់ ដល់អាយុជីវិតប្រជាពលរដ្ឋយើង ។ ដូច្នេះមានតែការចាក់វ៉ាក់សាំងដូសជម្រុញនេះទេ ព្រោះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឱ្យមានភាពរឹងមាំបន្ថែមទៀត ដើម្បីធានាបាននូវសុខមាលភាព នឹងអាចធ្វើឱ្យបងប្អូនមានជីវភាពដូចដើម ពោលគឺដូចកាលពីមិនទាន់មានជម្ងឺកូវីដ ១៩ មកដល់យ៉ាងដូច្នេះដែរ។

សូមរំលឹកថា ផ្អែកតាមរបាយការណ៍ស្ថានភាព នៃកិច្ចដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានគូសបញ្ជាក់ថា មកដល់ពេលនេះ គឺសម្រេចចាក់ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី ១ បានចំនួន ៦០២.៧២៦នាក់ ដូសទី ២ បានចំនួន ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន ១៣.៦៦២នាក់ ។ ដោយឡែក កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ក្រោម ១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់ ៕






លោក ទូ សាវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាល និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកស្រែអំបិល

កោះកុង÷ លោក ទូ សាវុធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកស្រែអំបិល។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានសូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជម្រុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ជាពិសេសរាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល ដោយសារស្រុកស្រែអំបិល អាចមានពលករមកពីប្រទេសថៃតាមរយៈផ្លូវទឹកតាមទូកនេសាទ។

ដោយឡែកតាមផ្លូវគោកមានត្រូវឆ្លងការត្រួតពិនិត្យតាមច្រកនានា។ មួយទៀតការត្រូវទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ រឺយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវីដ-១៩។ ក្នុងនោះ អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ថាតើពួកគាត់មានមូលហេតុអ្វីដែលមិនបានមកចាក់វ៉ាក់សាំង ហើយអាជ្ញាធរស្រុក ឃុំ ត្រូវតែបន្តផ្សព្វផ្សាយឱ្យពួកគាត់ឱ្យមកចាក់វ៉ាក់សាំង ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង៕







អភិបាលរងខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសសាលារៀន ដើម្បីផ្តល់ប្រព័ន្ធធុងចម្រោះទឹក និងធុងសំរាម

កោះកុង៖នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើការជ្រើសរើសសាលារៀន ដើម្បីផ្តល់ប្រព័ន្ធធុងចម្រោះទឹក និងធុងសំរាម នៅក្នុងខេត្តកោះកុង។

នាឱកាសនោះលោកអភិបាលរងខេត្ត បានគូសបញ្ជាក់ជូនអង្គប្រជុំ កោះកុងជាខេត្តជាប់តំបន់ឆ្នេរសមុទ្រវែងជាងគេ នៃប្រទេសកម្ពុជា ក្នុងនោះលោកស្រីអភិបាលខេត្ត តែងយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម សំណល់រឹង ប្លាស្ទិក និងការបំពុលសមុទ្រ។ តាមរយៈយន្តការនៃគណៈកម្មកាធិការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង យើងបានធ្វើការច្រើនជាមួយអាជ្ញាធរមូលដ្ឋានក្នុងការជំរុញការរៀបចំផែនការគ្រប់គ្រងសំរាម សំណល់រឹង និងរៀបចំជាទីលានចាក់សំរាម ឱ្យបានគ្រប់ក្រុង ស្រុក និងតាមបណ្តាឃុំ សង្កាត់។ 

លោកបន្តថា ការផ្តល់ធុងសំរាម ដល់សហគមន៍ពាមក្រសោប និងការជំរុញសហគមន៍ក្នុងការគ្រប់គ្រងសំរាម និងដាំដើមកោងកាងឡើងវិញ។ ជំរុញផ្សព្វផ្សាយជាប្រចាំដល់សិស្សានុសិស្សតាមសាលារៀន និងយុវជន លើការការពារបរិស្ថាន ការគ្រប់គ្រង សំណល់រឹង រាវ ទីប្រជុំជន។

សូមជម្រាបថា ខេត្តកោះកុងមាន ៖

១/សាលាវិទ្យាល័យចំនួន១២សាលា

២/សាលាអនុវិទ្យាល័យចំនួន ១៩សាលា

៣/សាលាបឋមសិក្សា និងមត្តេយ្យរដ្ឋចំនួន ១២១សាលា

៤/សាលាមត្តេយ្យសិក្សាសហគមន៍ ១៣សាលា។

 ក្នុងនោះសាលារៀនមួយចំនួន ដូចជាសាលារៀននៅឃុំកោះស្តេច ឃុំថ្មស ឃុំជ្រោយប្រស់ ឃុំកោះកាពិ ឃុំពាមក្រសោប និងឃុំប៉ាក់ខ្លង ដែលមានទីតាំងគ្រប់គ្រងសំរាមតូចចង្អៀត និងមានសិស្សរៀនច្រើន ពិតជាមានបញ្ហាប្រឈមលើបញ្ហាសំរាម និងទឹកស្អាត ដែលធ្វើឱ្យ បរិយាកាសនៃការរៀនសូត្រមិនល្អប្រសើរ។ ក្នុងនាមរដ្ឋបាលខេត្តកោះកុងសង្ឃឹមថាគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រ  នឹងផ្តល់ការគាំទ្រ ដល់សាលានានាក្នុងខេត្តកោះកុង លើគម្រោងផ្តល់ធុងចម្រោះទឹក និងធុងសំរាមនេះ៕