សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានព្រមានធ្ងន់ៗថា
ការអនុវត្តន៍ច្បាប់ ចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ
មិនមានការលើកលែងឬរាថយ ឡើយបើទោះបីលោក កឹម សុខា មិនទៅរកគុក ក៏គុកទៅរកលោកដែរហើយអ្នកគាំទ្រមិនអាចការពារចំពោះការអនុវត្តច្បាប់
របស់សមត្ថកិច្ចបានដែរ។
សម្តេចតេជោបានមានប្រសាសន៍ដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប
៦៥ឆ្នាំ ថ្ងៃកំណើតរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅលោក
កឹម សុខា ថា កុំឲ្យព្រហើន ការអនុវត្តច្បាប់នៅតែបន្តទៅមុខតាមប្រព័ន្ធតុលាការ គ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។
លោក កឹម សុខា តាមរយៈបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃម្សិលមិញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន
សែន កំពុងព្រួយបារម្ភ ចំពោះការចាញ់ឆ្នោត គ្រាដែល ប្រជាពលរដ្ឋកំពុងចង់បានការផ្លាស់ប្តូរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មខ្លាំង ចំពោះការលើកឡើងនេះ ដោយបានបញ្ជាក់ទៀតថា
បើទោះបីលោក កឹម សុខា បន្តពួនសម្ងំលាក់ខ្លួន នៅទីស្នាក់ការមិនហ៊ានចេញមុខយ៉ាងណាក្តី
ក៏វិធានការនៅតែមានគ្រាន់តែមិនទាន់ដល់ពេលតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន ក៏សុំឲ្យប្រទេសកុំឲ្យលូកដៃ និងប្រព័ន្ធតុលាការរបស់កម្ពុជា លើសំណុំរឿងរបស់លោក កឹម សុខា
ហើយមិនត្រូវយកបញ្ហាជំនួយ មកដាក់ការកៀបសង្កត់លើកម្ពុជានោះឡើយ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៩ ខែមិថុនា
ឆ្នាំ២០១៦នេះ លោក កឹម សុខា បានពួនសម្ងំក្នុងទីស្នាក់ការអស់រយៈពេលជាងមួយខែ ដើម្បីគេចពីការតាមច្បាប់របស់កម្លាំងសមត្ថកិច្ច បន្ទាប់ពីរូបលោកត្រូវបានតុលាការ
ចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសជាក់ស្តែងព្រោះតែ ការប្រឆាំងមិនព្រមចូលបំភ្លឺ
តាមការកោះហៅរបស់តុលាការ ចំនួនពីរដងពាក់ព័ន្ធសំណុំរឿង សញ្ចារកម្មក្នុងនាមជាសាក្សី៕