Thursday, August 18, 2016

ក្រសួងការងារគ្រោងនឹងបង្កើតរបបសន្ដិសុខ​សង្គមដល់មន្រ្ដីរាជការនៅឆ្នាំ២០១៧

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រោងនឹងបង្កើតឲ្យមានរបបសន្ដិសុខសង្គមរបបគ្រោះថ្នាក់ការងារ និងរបបសន្ដិសុខសង្គមថែទាំសុខភាពទៅដល់មន្រ្ដីរាជការ ខណៈកន្លងមកកម្មវិធីនេះ បានអនុវត្តន៍ចំពោះ កម្មករ និងបុគ្គលិកក្រុមហ៊ុនឯកជនទទួលបានបានការគាំទ្រច្រើន។
គម្រោង បង្កើតសេវារបបសន្ដិសុខសង្គមគ្រោះថ្នាក់ការងារ និងថែទាំសុខភាពទៅដល់មន្រ្ដីរាជការនេះ និងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ ២០១៧ខាងមុខ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ ថា ក្រសួងការងារកំពុងរៀបចំយន្ដការអន្ដរក្រសួងមួយ ដើម្បីរៀបចំដាក់ឲ្យអនុវត្ដន៍របបសន្ដិសុខសង្គមគ្រោះថ្នាក់ការងារ និងរបបសន្ដិសុខសង្គមថែទាំសុខភាពទៅដល់មន្រ្ដីរាជការ ដូចជាកម្មករវិនិយោជិតរបស់សគ្រាស គ្រឹះដ្ឋានឯកជនផងដែរ ។
ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់ថា ការពង្រីកសេវារបបសន្តិសុខសង្គម ដល់មន្ត្រីរាជការឲ្យដូជាកម្មករនិយោគជិកនេះដើម្បីធ្វើយ៉ាងណាឲ្យពួកគេទទួលបានអត្ថប្រយោជន៍ពេលជួបគ្រោះថ្នាក់ការងារ ខណៈសព្វថ្ងៃនេះ មន្ត្រីជារការមានតែប្រាក់ចូលនិយវត្តន៍តែប៉ុណ្ណោះចំណែកប្រាក់សុខភាព និងប្រាក់ឧត្ថមពេលគ្រោះថ្នាក់ការងារមិនទាន់មាននៅឡើយ។
លោកវេជ្ជបណ្ឌិត អ៊ាវ តារាវុធ ជាមន្ត្រីរាជក្នុងក្រសួងសុខាភិបាលបានគាំទ្រចំពោះគម្រោង បង្កើតសេវារបបសន្ដិសុខសង្គមគ្រោះថ្នាក់ការងារ និងថែទាំសុខភាពទៅដល់មន្រ្ដីរាជការនេះ ។ ដោយលោកចាត់ទុកថា ការអនុវត្តន៍គម្រោងនេះ និងជួយកាត់បន្ថយការចំណាយរបស់មន្ត្រីរាជការនៅពេលជួបគ្រោះថ្នាក់ក្នុងពេលបំពេញការងារ៕




ឯកឧត្តម ថោង ខុន ជួបសំណេះសំណាល និងប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋ​ស្រុកបារាយណ៍ ខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦ នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានរៀបចំពិធីសំណេះសំណាល និងប្រគល់អណ្តូងទឹកជូនប្រជាពលរដ្ឋស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក Michael Vetter នាយកប្រតិបត្តិក្រុមហ៊ុន Porsche ប្រចាំប្រទេសកម្ពុជាដែលជាម្ចាស់អំណោយ ព្រមទាំងមានការចូលរួមពីលោកអភិបាលស្រុកបារាយណ៍ ក្រុមហ៊ុន Sapors Group និងប្រជាពលរដ្ឋនៅភូមិគិរីអណ្តែតប្រមាណ ៤០០នាក់។
ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ដែលជួបប្រទះគ្រោះរាំងស្ងួត និងកង្វះខាតទឹកប្រើប្រាស់នារដូវប្រាំងកន្លងមកនេះ ក្រុមហ៊ុន Porsche បានឧបត្ថម្ភថវិកា (តាមរយៈឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍) ដើម្បីកសាងអណ្តូងទឹកចំនួន ០៨កន្លែង នៅស្រុកបារាយណ៍ (ដោយចំណាយថវិកាអស់ ៤.៨០០ ដុល្លារអាមេរិក) ដែលមានទីតាំងនៅក្នុងឃុំចំនួន៤ រួមមាន៖ ឃុំទ្រៀល (០១អណ្តូង) ឃុំចើងដើង (០៣អណ្តូង) ឃុំបារាយណ៍ (០៣អណ្តូង) និងឃុំក្រវ៉ា (០១អណ្តូង)។ ការកសាងអណ្តូងទឹកទាំង០៨នេះ គឺបានចាប់ផ្តើមធ្វើតាំងពីខែឧសភា ឆ្នាំ២០១៦ និងបានអោយប្រជាពលរដ្ឋប្រើប្រាស់ទឹកតាំងពីដើមខែមិថុនា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ហើយការធ្វើពិធីប្រគល់អណ្តូងនាថ្ងៃនេះគឺជាតំណាងអោយការប្រគល់អណ្តូងទាំង០៨កន្លែងផងដែរ។
ការកសាងអណ្តូងទឹកទាំងនេះគឺជាការឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាកង្វះទឹករបស់ប្រជាពលរដ្ឋនៅក្នុងឃុំនានានៃស្រុកបារាយណ៍ ហើយប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយដោយបានអណ្តូងទឹកប្រើប្រាស់ និងបានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកប្រធានក្រុមហ៊ុន Porsche ដែលជាម្ចាស់ជំនួយ និង ឯកឧត្តម ថោង ខុន ដែលតែងយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
ឯកឧត្តម ថោង ខុន បានជម្រាបជូនអង្គប្រជុំពីសភាពការណ៍រីកចម្រើននៃប្រទេសជាតិក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី តែងយកចិត្តទុកដាក់ខ្ពស់ដល់ការជួយសម្រួល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន ពិសេសទាក់ទងនឹងការបង្កបង្កើនផល កសិកម្ម ប្រព័ន្ធធារាសាស្រ្ត សាលារៀន មន្ទីរពេទ្យ អគ្គីសនី ទឹកស្អាត ផ្លូវលំជនបទ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់ សេវាសាធារណៈនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
ឯកឧត្តម ថោង ខុន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៦ អោយបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាឆ្នាំ២០១៧ ខាងមុខ និងបានជម្រុញអោយលោកអភិបាលស្រុក និងសមត្ថកិច្ចនគរបាល បន្តចុះធ្វើអត្តសញ្ញាណបណ្ណគំរូថ្មីជូនប្រជាពលរដ្ឋនៅតាមភូមិឃុំអោយបានគ្រប់ៗគ្នា ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន។
ឯកឧត្តម ថោង ខុន រួមជាមួយតំណាងក្រុមហ៊ុន Porsche និងក្រុមហ៊ុន Sapors Group ក៏បានចែកអំណោយជូនដល់លោកយាយ លោកតាចំនួន៦០នាក់ ដោយក្នុងមួយនាក់បានក្រម៉ា០១ ថវិកា ១ម៉ឺនរៀល និងថ្នាំពេទ្យទីហ្វី ០៣បន្ទះ។ ដោយឡែក ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ ក្នុងមួយនាក់ទទួលបានថវិកា ១ម៉ឺនរៀល និងថ្នាំពេទ្យទីហ្វី ០៣បន្ទះផងដែរ៕







ឯកឧត្តម លឹម គានហោ បានអញ្ជើញចុះពិនិត្យការងារអន្ត​រាគមន៍បូមទឹកសង្គ្រោះ​ស្រូវនៅស្ថានីយសម្តេច ហ៊ុន សែន ទី២២-ទី២៣ នៅខេត្តតាកែវ

នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅស្ថានីយសម្តេច ហ៊ុន សែន ទី២២-ទី២៣ (ទន្លេបាទី) និងស្ថានភាពទឹកនៅក្នុងប្រឡាយមេហនុមាន ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។
ទឹកដែលក្រុមការងារក្រសួង បាន និងកំពុងនាំពីប្រភពទឹក ត្រង់ចំណុចស្ពានដើមឫស (ផ្លូវជាតិលេខ៣) ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅកាន់ប្រឡាយមេហនុមាន បានចូលដល់ទន្លេបាទីហើយ ។ ប៉ុន្តែ ទឹកមិនទាន់ឡើងដល់ក្បាលបូមម៉ាស៊ីនបូមទឹកស្ថានីយសម្តេច ហ៊ុន សែន ទី២២-ទី២៣ នៅឡើយ ដូចនេះ ក្រសួងនៅតែបន្តប្រើប្រាស់ជាបបណ្តោះអាសន្ននូវម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០៤ គ្រឿង ដើម្បីបូមពីទន្លេបាទី ទម្លាក់ចូលប្រឡាយមេហនុមាន ។ តាមរយៈការអន្តរាគមន៍ នាពេលនេះ ប្រឡាយមេហនុមាន មានទឹកគ្រប់គ្រាន់សម្រាប់បងប្អូនបូមបញ្ចូលស្រែ ។
បើតាមលោក ស្រី សំបូរ មេឃុំកណ្តឹង ស្រុកបាទី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា មកដល់ពេលនេះ បងប្អូនដែលធ្វើស្រែសន្ទូង បានបូមបញ្ជូលស្រែស្ទើរគ្រប់ស្រែអស់ហើយ តែបងប្អូនដែលធ្វើពង្រោះ មិនទាន់សូវមានអ្នកបូមទេ អាចរង់ចាំ ៣-៤ ថ្ងៃទៀត នៅតែគ្មានភ្លៀង ទើបចាប់ផ្តើមបូម ។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេស ដែលកំពុងប្រចាំការនៅទីនោះ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យ ថែទាំម៉ាសុីន និងប្រឡាយនាំទឹក ធ្វើយ៉ាងណាកុំឱ្យមានការរាំងស្ទះដល់ការអន្តរាគមន៍នេះ ៕





សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ជាមួយមន្រ្តីចូលនិវត្តន៍ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ

សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលនិងពិសាអាហារថ្ងៃត្រង់ជាមួយមន្រ្តីចូលនិវត្តន៍នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦។
សម្ដេចភក្ដី បានថ្លែងអំណរគុណដល់មន្ត្រីចូលនិវត្តន៍ទាំងអស់ ដែលបានជួយជ្រោមជ្រែងសម្ដេចឲ្យសម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានក្នុងពេលដែលសម្ដេចទទួលតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានសំណូមពរឲ្យមន្ត្រីចូលនិវត្តន៍ទាំងអស់ បន្តចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍វិស័យកសិកម្ម តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន សំដៅកសាងកម្ពុជាជាប្រទេសរីកចម្រើននៅក្នុងតំបន់ មានអរិយធម៌ មានសេចក្ដីស្រលាញ់ ហើយមិនមានការកើតឡើងវិញនូវសង្គ្រាម របបប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីតកាលទៀតឡើយ។ ជំនួបនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងសាមគ្គីជិតស្និទ្ធ។
នាឱកាសនោះផងដែរ សម្ដេចភក្ដីក៏បានជួប និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានអន្តរជាតិអាស៊ាន ដែលអញ្ជើញមកទស្សនកិច្ច សិក្សានៅព្រឹទ្ធសភា ៕