Thursday, June 21, 2018

(សូមទស្សនាវីដេអូ) ទស្សនៈកូនខ្មែរ៖ សូមបកស្បែកមុខពួកអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា!

ផ្សាយបន្តផ្ទាល់ (Live) លោកនាយករដ្ឋមន្តី្រ ហ៊ុន សែន អញ្ជើញបិទសន្និសីទអន្តរជាតិស្តីពីការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើជំនាញអ្នកទេសចរណ៍អាស៊ាន

អាជ្ញាធរជាតិអប្សរា​ បំភ្លឺទៅបណ្តាញ​សង្គមអំពី​អក្សរបរទេស​នៅលើថ្ម​ប្រាសាទអង្គរវត្ត​

ថ្មីៗនេះ គេហទំព័រមួយឈ្មោះសារព័ត៌មានក្រមា បានចុះផ្សាយថា «អ្នកលេងហ្វេសបុករិះគន់អាជ្ញាធរអប្សរា ដែលមិនមើលជនជាតិចិនសរសេរអក្សរចិននៅក្នុងបរិវេណប្រាសាទអង្គរវត្ត» កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
អត្ថបទនេះបានលើកយកមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានប្រើនូវពាក្យអសុរោះ ប្រមាថមើលងាយ និងផ្តល់ភាពអយុត្តិធម៌ហាក់គ្មានការយល់ដឹងច្បាស់លាស់ពីអ្វីដែលកើតឡើងពីមុនមក ជាពិសេសលើកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់ជំនាញក្នុងការថែរក្សាបេតិកភណ្ឌក្នុងតំបន់អង្គរ។
ទាក់ទងនឹងការលើកឡើងខាងលើនេះ វាមិនមែនជារឿងថ្មីទេ ព្រោះអាជ្ញាធរជាតិអប្សរាធ្លាប់បានធ្វើលិខិតបំភ្លឺម្តងរួចមកហើយ ដែលចុះផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ បានគូសបញ្ជាក់ថា៖ អក្សរបរទេសដែលមានចារលើថ្មជញ្ជាំងឬសរសេរនៅអង្គរវត្តនោះ ត្រូវបានក្រុមសិក្សាស្រាវជ្រាវសិលាចារឹកនៃអាជ្ញាធរជាតិអប្សរា ចុះបញ្ជីនិងសិក្សាតាំងពីឆ្នាំ២០០២មកម្ល៉េះ។ ភាសាបរទេសដែលបានសរសេរនិងចារលើថ្មប្រាសាទអង្គរវត្ត មានដូចជា ជប៉ុន ចិន ភូមា សៀម បារាំង និងវៀតណាមជាដើម។ អក្សរប្រភេទនេះអ្នកស្រាវជ្រាវចាត់ទុថាជា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចារឹកគំនូរឬចម្លាក់ទេ។
តាមការសិក្សារបស់ក្រុមសិលាចារឹកបានផ្ដល់ព័ត៌មានថា ក្នុងចំណោមអក្សរជាភាសាបរទេសទាំងអស់បានសរសេរលើថ្មប្រាសាទ គឺភាសាជប៉ុនមានអាយុកាលចាស់ជាងគេ សរសេរនៅដើមសតវត្សទី១៧។ រីឯភាសាផ្សេងៗទៀត សរសេរនៅចុងសតវត្សទី១៩ដើមសតវត្សទី២០ និងមុនឆ្នាំ១៩៤៩។ ភាសាវៀតណាម ដែលប្រទះនៅទីនេះមានពីរសម័យកាលគឺនៅដើមសតវត្សទី២០ និងនៅមុនឆ្នាំ១៩៤៩។ បើយើងសរុបន័យសេចក្តីចំណារនិងការសរសេរលើថ្មដូចពោលមកពីខាងលើនោះ ក៏មាននិយាយអំពីអ្នកស្វែងបុណ្យមកពីជប៉ុន ភូមា សៀម និងវៀតណាមមកសំពះបូជនីយដ្ឋានអង្គរវត្ត ជាទឹកដីរបស់ព្រះដែលគេឯងតែងមកគោរពបូជា។
អង្គរវត្តកសាងឡើងកាលពីដើមសតវត្សទី១២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ តែចាប់ពីក្រោយសម័យអង្គរមក អង្គរវត្តបានក្លាយជាបូជនីយដ្ឋានព្រះពុទ្ធសាសនា មិនត្រឹមតែចំពោះខ្មែរប៉ុណ្ណោះទេ តែចំពោះពុទ្ធសាសនិកជនទូទាំងអាស៊ីភាគអាគ្នេយ៍ទាំងមូល ដែលមានភស្តុតាងជាសំណេរនិងចំណារលើថ្មនៃជនជាតិទាំងនោះស្រាប់។
ទន្ទឹមនឹងនេះក៏មានជាឈ្មោះមនុស្សនៃជនជាតិនានាច្រើនជាតិសាសន៍មកទស្សនាមុនទសវត្ស១៩៩០ បានសរសេរឬចារទុកសម្គាល់ថា ខ្លួនបានមកដល់អង្គរវត្តទីឋានដ៏ខ្ពង់ខ្ពស់លើលោក។ ក្រោយមកគឺគ្មានចំណារលើសាច់ថ្មដូចមុនទៀតទេ តែអាចមានសំណេរលួចលាក់ដែលសរសេរដោយធ្យូង ដីស ទឹកថ្នាំលុប ពណ៌សឬពណ៌ផ្សេងៗមួយចំនួនតូចនៅតាមកន្លែងស្ងាត់ផុតពីភ្នែកឆ្មាំប្រាសាទ។ បច្ចុប្បន្ននេះ ដោយយោងតាមច្បាប់ស្ដីពីការការពារបេតិកភណ្ឌ អាជ្ញាធរជាតិអប្សរាមិនអនុញ្ញាតឱ្យមានការសរសេរឬចារលើសាច់ថ្មនៅតាមជញ្ជាំងឬសសរប្រាសាទទៀតឡើយ។

នៅដើមទសវត្ស១៩៩០ ឆ្មាំប្រាសាទនៃអភិរក្សដ្ឋានអង្គរបានព្យាយាមកោសលុបអក្សរចំណារទាំងនោះខ្លះដែរ។ ប៉ុន្តែការប្រឹងនេះមិនសូវបានផល ហើយបានធ្វើឱ្យបាត់ដានប្រវត្តិសាស្ត្ររបស់អង្គរ។ អ្នកស្រាវជ្រាវបរទេសមួយចំនួនដែលស្រាវជ្រាវពីអង្គរ តែងតែនិយាយក្នុងសៀវភៅផ្សព្វផ្សាយរបស់ខ្លួនថា អង្គរត្រូវបានគេបោះបង់ចោលក្លាយជាព្រៃស្មសាន ព្រៃស្វា ខ្លាដំរី ទើបតែស្រាវជ្រាវឃើញដោយជនបរទេសទាំងនោះ នាចុងសតវត្សទី១៩។ ដូច្នេះអ្វីដែលបាននិយាយខាងលើ គឺជាភស្តុតាងប្រាកដប្រជាបង្ហាញឱ្យឃើញថាគ្មានពេលណាមួយដែលអង្គរក្លាយជាព្រៃស្មសាន ព្រៃខ្លាដំរី ពោលគឺមានមនុស្សរស់នៅថែទាំរៀងរហូត គ្រាន់តែថយចំនួនដោយសារការប្ដូររាជធានីទៅកាន់ទីតាំងផ្សេង៕





អភិបាលខេត្តតាកែវ ប្រកាសផ្តល់អាគារសិក្សាដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិខ្សឹង

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ នារសៀលថ្ងៃពុធទី២០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញសំ ណេះសំណាល និងប្រកាសផ្តល់អាគារសិក្សាដល់សាលាប ឋមសិក្សាខ្សឹងចំនួន ១ខ្នង ២ជាន់ ១២បន្ទប់ និងអាគារការិយាល័យ ១ខ្នង ៣បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនដល់ប្រជា ពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងភូមិខ្សឹង សង្កាត់រកាក្នុងក្រុងដូនកែវ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុប ៣៥៣នាក់។
ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានជម្រាបពីការយកចិត្តទុក្ខដាក់គ្រប់បែបយ៉ាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការកសាងនូវអាគារសិក្សាយ៉ាងច្រើន ជាទីកន្លែងផ្តល់នូវចំណេះដឹងដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ជាក់ស្តែងដូចជាថ្ងៃនេះជាដើមលោកបានសម្រេចផ្តល់នូវអាគារសិក្សាដែលជាចំណងដៃថ្មីជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងភូមិខ្សឹង ដើម្បីជំនួសអាគារចាស់ដែលទ្រុឌទ្រោមទៅហើយ។ ហើយដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នាហើយបោះឆ្នោតគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតដើម្បីការពារសន្តិភាព និងអភិវឌ្ឍន៍ប្រទេសយើងឱ្យកាន់តែរីកចំរើនថែមទៀត។
ជាមួយគ្នានោះលោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យមានការយោគយល់អធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋនូវការខ្វះចន្លោះក៏ដូចជាកំហុសឆ្គងមួយចំនួនដែលកើតឡើងដោយអចេតនាក្នុងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ព្រោះថាអ្នកដែលធ្វើរមែងតែងតែមានកំហុស លើកលែងតែអ្នកដែលមិនធ្វើសោះទើបគ្មានកំហុស។
ក្រោយពីបានស្តាប់ប្រសាសន៍របស់លោកអភិបាលខេត្តរួចមក បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានបង្ហាញនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ហើយបងប្អូនប្តេជ្ញាបោះឆ្នោតគាំទ្រលោកធ្វើជានាយករដ្ឋមន្ត្រីនូវអាណត្តិក្រោយៗទៀត។

សូមបញ្ជាក់ថាក្រៅពីអាគារសិក្សា ១ខ្នង ២ជាន់ ១២បន្ទប់ និងអាគារទីចាត់ការ ១ខ្នង ៣បន្ទប់ លោកនាយករដ្ឋមន្ត្រីក៏បានផ្តល់ជូននូវរបង ក្លោងទ្វាសាលា ចាក់សាបផ្លូវចូល និងដងទង់ជាតិ ព្រមទាំងផ្តល់ជូនថវិកាមួយចំនួនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ៕




អាជ្ញាធរជាតិអប្សរាទទួលថវិកាស្តីពីការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តពីក្រុមហ៊ុនសាមសុង

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកាចំនួន២៤៧,០៨០,០០០រៀល ពីក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ដែលបានប្រើប្រាស់រូបភាពនៃប្រាសាទអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាសាទអង្គរវត្ត។
លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា រូបភាពអង្គរវត្តដែលបានបង្ហាញនៅលើប្រអប់ (box) និងលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី(J3 J5 និង J7) គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌ ដ៏ល្អមួយនេះផងដែរ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកប្រើប្រាស់នូវរូបភាពនៃប្រាសាទដ៏ល្អឯកនេះ។

លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាអរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនសាមសុង ដែលបានបំពេញតួនាទីជាគំរូយ៉ាងល្អ តាមកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន។ អាជ្ញាធរជាតិអប្សរា នឹងទទួលយកកញ្ចប់ថវិកានេះ ដើម្បីប្រើប្រាស់សម្រាប់បម្រើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យបានល្អប្រសើរថែមទៀត៕




ថ្នាក់ដឹកនាំខេត្ត​កំពត ​ចុះពិនិត្យ​ទីតាំងរៀបចំ​ព្រះរាជពិធី​បុណ្យរុក្ខទិវា​ ០៩ កក្កដា​ ឆ្នាំ២០១៨​

កំពត៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ និងកងកម្លាំងទាំងបីប្រភេទថ្នាក់ខេត្ត ដើម្បី ចុះពិនិត្យទីតាំងសម្រាប់រៀបចំព្រះរាជពិធីបុណ្យរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០១៨។
ព្រះរាជពិធីនេះ នឹងធ្វើឡើងក្រោមព្រះរាជាធិបតីដ៏ឧត្តុងឧត្តម្ភបំផុត ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងឱកាសនៃការចុះពិនិត្យទីតាំងខាងលើ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត បានផ្តល់ការណែនាំដល់អង្គភាពពាក់ព័ន្ធ កងកម្លាំង ក្នុងការរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ទីតាំងចំណតរថយន្ត កន្លែងប្រជាពលរដ្ឋចូលរួម ទីតាំងបរិវេណដែលត្រូវប្រារព្ធព្រះរាជពិធី និងកិច្ចការចាំបាច់មួយចំនួនទៀត ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះមានភាពឱឡារឹក៕




“រួមគ្នាដើម្បីលុបបំបាត់ការបំពុលបា្លស្ទិក“ ជាប្រធានបទឆ្នាំ២០១៨ ក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥ មិថុនា!

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាគណៈអធិបតីក្នុងទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ “រួមគ្នាដើម្បីលុបបំបាត់ការបំពុលបា្លស្ទិក“ នៅវិទ្យាល័យកំពង់ធំ ។
ក្រោយពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ត បានអានរបាយការណ៍ស្វាគមន៍រួចមក លោក សុខ លូ មានប្រសាសន៍ថា សព្វថ្ងៃនេះ យើងឃើញថាការបោះចោលសំណល់រឹង ជាពិសេសថង់ប្លាស្ទិក មានការកើនឡើងនៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ដូចជានៅតាមទីផ្សារ ទីប្រជុំជន កន្លែងកំសាន្ត និងតាមដងវិថីនានា។ បញ្ហានេះបានធ្វើឲ្យស្ថាប័នជំនាញមានការព្រួយបារម្មណ៍យ៉ាងខ្លាំង។ បើយើងក្រឡេក​មើលការគ្រប់គ្រងកាកសំណល់នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន គឺពួកគេគ្រប់គ្រង​បានយ៉ាង​ល្អប្រសើរ។ នៅគ្រប់ទីកន្លែងទាំងអស់ គឺមិនមានឃើញថង់ប្លាស្ទិកបោះចោល​នៅលើដីនោះទេ ។ នេះគឺមកពីការយល់ដឹងយ៉ាងច្បាស់អំពីផលប៉ះពាល់ដែលបណ្តាលមកពីថង់ប្លាស្ទិក និងការគោរពច្បាប់ ដែលពួកអនុវត្តយ៉ាងតឹងរឹងបំផុត។
លោកបន្តទៀតថា យោងតាមរបាយការណ៍របស់លោកប្រធានមន្ទីរ លទ្ធផលនៃការសិក្សារបស់អង្គការមូលនិធិ អាក្រា (ACRA) បានបង្ហាញថា ថង់ប្លាស្ទិកចំនួនប្រហែល ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ​ក្នុងប្រទេសកម្ពុជា ដែលច្រើនជាង ១០ដងនៃការប្រើជាមធ្យមនៅសហភាពអឺរ៉ុប និងប្រទេសចិនទៅទៀត។ ហេតុអ្វីបានថង់ប្លាស្ទិកត្រូវចាត់ទុកថាជាការបំពុលមួយក្នុងចំណោមការបំពុលបរិស្ថានពិភពលោក? ព្រោះថា ថង់ប្លាស្ទិកត្រូវការពេលជាច្រើនរយឆ្នាំក្នុងការបំបែកធាតុ ពុកផុយ និងរលួយ ហើយវាបានបង្កផលប៉ះពាល់​ដល់សង្គម សុខភាព និងគុណភាពបរិស្ថានតាមរយៈដូចជា
-ការធ្វើឲ្យស្ទះលូបង្ហូរទឹក បង្កឲ្យមានទឹកជំនន់លិចលង់
-ការបាត់បង់សោភ័ណភាពទីក្រុង និងទីប្រជុំជន
-ការផ្តល់ជម្រកដល់ភ្នាក់ងារចម្លងមេរោគដល់មនុស្ស និងសត្វ
-ការស្តុកទុកសារធាតុគីមីពុលដែលអាចជ្រាបចូលទៅក្នុងដី ធ្វើឲ្យខូចគុណភាពដី និងបំពុលទឹកលើដី និងក្រោមដី
-ការបំភាយសារធាតុគីមីទៅក្នុងចំណីអាហារដែលបានផ្ទុកក្នុងថង់ប្លាស្ទិក
-ការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសនៅពេលដុតបំផ្លាញវា ។
ដោយឃើញនូវបញ្ហាប្រឈមចំពោះមុខដោយសារថង់ប្លាស្ទិក និងដើម្បីកាត់បន្ថយការប្រើប្រាស់​ថង់ប្លាស្ទិក​ឲ្យ​នៅកម្រិតអប្បបរមា ស្ថាប័នមានសមត្ថកិច្ច បានកំណត់វិធានការ ដូចជាការកំណត់កម្រៃបន្ថែមអប្បបរមា​លើ​ការផ្តល់ថង់ប្លាស្ទិកដល់អតិថិជន ការគ្រប់គ្រងការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក​ជាដើម។
លោកបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ចូលរួមចំណែក ក្នុងការគ្រប់គ្រង​ថង់ប្លាស្ទិក​តាមទីសាធារណៈ ក៏ដូចជាតាមលំនៅដ្ឋាន ឲ្យបានត្រឹមត្រូវនៅក្នុងធុងសម្រាម ក៏ដូចជាការទុកដាក់ និងកប់សម្រាមឲ្យបានល្អ ។ ទម្លាប់មិនទទួលកំហុសខ្លួនឯង និងបង្វែរកំហុសលើអ្នកដទៃ វាមិនបានជួយ​ឲ្យ​យើង​មានសេចក្តីសុខ និងរីកចម្រើនបានទេ ដូចដែលព្រះពុទ្ធអង្គលោកបានសម្តែង “ការចេះបន្ទោសខ្លួនឯង រមែងតែងបានសេចក្តីសុខដ៏ឧត្តម” ។ ការកសាងទម្លាប់ល្អនេះ គួរចាប់ផ្តើមពីយើងទាំងអស់គ្នា និងពីពេល​នេះតទៅ ។ បន្ថែមលើនេះទៀត យើងត្រូវចូលរួមពង្រឹងការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជំនួសវិញដោយការប្រើប្រាស់កន្ត្រកឫស្សី ល្ពាក់ ស្លឹកចេក ស្លឹកឈូក ក្នុងការវេចខ្ចប់ ដែលវាងាយនឹងពុកផុយក្លាយជាសារជាតិសរីរាង្គ និងចូលរួមចំណែកក្នុង​ការគាំទ្រប្រព័ន្ធ​អេកូឡូស៊ីនៃភពផែនដីយើងផងដែរ ។
លោកបន្ថែមទៀតថា ងាកមកមើលប្រទេសខ្មែរយើងវិញ បើមើលទៅប្រវត្តិសាស្រ្តខ្មែរក្នុងរយៈពេល៥០០ឆ្នាំ​ចុងក្រោយនេះ ប្រទេសខ្មែរគឺពិតជាពុំមានស្ថេរភាព និងសន្តិភាពបានយូរឡើយ គឺមានសង្គ្រាមជាប់ជានិច្ច ប្រទេសរីករួម ដែលផ្ទុយស្រឡះពីកម្ពុជានាពេលបច្ចុប្បន្ន ដែលមានសន្តិភាពពេញលេញ និងរក្សាបាន​នូវ​បូរណភាពទឹកដី មិនមានបាត់បង់បន្ថែមទៀតឡើយ ។ ក្នុងរយៈពេលជាង៣០ឆ្នាំនេះ យើងបានខិតខំ​កសាង​ប្រទេស ទោះយើងមិនអាចប្រៀបធៀបទៅនឹងប្រទេសដែលគេមានសន្តិភាពជាង១០០ឆ្នាំ ក៏ដោយឲ្យតែ​យើងខំប្រឹង និងកែទម្លាប់ល្អ តាមអ្នកវិភាគ បើប្រទេសយើងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចដូចសព្វថ្ងៃ ក្នុងឆ្នាំ២០៣០ យើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យម និងដល់ឆ្នាំ២០៥០ ប្រទេសយើង​នឹងក្លាយ​ជាប្រទេសអភិវឌ្ឍន៍។ ដូច្នេះហើយបាន លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្តេជ្ញាដាច់ខាត មិនឲ្យជន​ណាមក​បំផ្លាញសុខសន្តិភាពដែលយើងកំពុងតែមាននេះបានឡើយ។ ទាំងនេះបង្ហាញថា ក្រោមការដឹកនាំរបស់​រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខរដ្ឋ គឺប្រទេសមានការរីកចម្រើនទៅមុខ ទៅតាមកម្រិត និងស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរយើង។ ដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗដែលគ្រប់អាយុ និងមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីប្រើចុងស្លាបប៉ាកកា ធ្វើការជ្រើសរើសមេដឹកនាំ ដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តបន្ថែមទៀត។

ជាចុងក្រោយ លោកក៏បានចែករង្វាន់ជូនដល់អ្នកដែលឆ្លើយសំនួរបរិស្ថានបានត្រឹមត្រូវចំនួន៦នាក់នូវកង់ចំនួន ៦គ្រឿង និងចែកជូននូវធុងសម្រាមសម្រាប់ វិទ្យាល័យកំពង់ធំចំនួន១០ធុង វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក ចំនួន១០ធុង សាលាគរុកោសល្យចំនួន៥ធុង ស្នងការដ្ឋាននគរបាលចំនួន៥ធុង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ​សឹករងចំនួន៥ធុង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន៥ធុង សរុបចំនួន៤០ធុងសម្រាម ៕







លិខិតចំហរពីប្រជាជនកម្ពុជា៖ ការគាំទ្រពួកប្រឆាំងជ្រុលនិយមធ្វើឲ្យខូចមុខមាត់សហរដ្ឋអាមេរិក

ប្រជាជនកម្ពុជា ពិតជាចង់ក្លាយជាមិត្តល្អជាមួយបណ្តាប្រទេសទាំងអស់ ក៏ដូចជាមិត្តល្អជាមួយ​សហរដ្ឋអាមេរិក​ផងដែរ។ យើងមើលឃើញថា បទពិសោធន៍កន្លងមកថ្មីៗនេះ គឺពុំផ្តល់ផលប្រយោជន៍អ្វីទាំងអស់ដល់​សហរដ្ឋអាមេរិក ហើយក៏មិនប៉ះពាល់អ្វីចំពោះកម្ពុជានោះទេ។
សកម្មភាពថ្មីរបស់មន្ត្រីអាមេរិក ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ការប៉ុនប៉ងធ្វើ​ឲ្យ​ស្រអាប់កិត្តិនាមកម្ពុជា ក៏គ្មានផ្តល់ផលប្រយោជន៍អ្វីបន្តិចសោះដល់សហរដ្ឋអាមេរិក ហើយក៏មិនបានធ្វើឲ្យប៉ះ​ពាល់បន្តិចណាសោះចំពោះកម្ពុជានោះទេ។
ចំពោះនិន្នាការនយោបាយរបស់ មន្ត្រីអាមេរិកតិចតួច ក្នុងការគាំទ្រពួកប្រឆាំងដែលអសមត្ថភាព ក្នុងការធ្វើ​សកម្មភាព​ផ្ចាញ់ផ្ចាលរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ក៏អាមេរិកមិនទទួលបាន​ផលប្រយោជន៍ជាដុំកំភួនដែរ។ ផ្ទុយទៅវិញ ការគាំទ្រដល់បុគ្គលដែលគ្មានសមត្ថភាពនាពេលបច្ចុប្បន្ន គឺប្រៀបបាននឹងកំហុសរបស់ សហរដ្ឋអាមេរិក ដែលគាំទ្រពួក លន់ នល់ នាពេលអតីតកាលក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០អញ្ចឹងដែរ គឺបានធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានជាខ្លាំងដល់មុខមាត់របស់អាមេរិក ដែលជាមហាអំណាច​ពិភពលោក។
សហរដ្ឋអាមេរិក គួរជ្រើសរើសវិធីល្អជាងនេះ ដូចដែល សហរដ្ឋអាមេរិក បានធ្វើជាមួយប្រទេសកម្ពុជា​នៅដើម​ទសវត្សរ៍ឆ្នាំ១៩៩០។ របៀបការទូតដ៏ល្អនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ជាវិជ្ជមានទាំង​សម្រាប់​ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
វាពិតជាមានសារៈសំខាន់ក្នុងការរំលឹកឡើងវិញអំពីមេរៀនខ្លះជាបទពិសោធន៍ពីអតីតកាលកន្លងមក។ នៅក្នុងសម័យកាលសង្គ្រាមអាមេរិកជាមួយវៀតណាម គឺ សហរដ្ឋអាមេរិក បានរំលោភលើ នយោបាយ​អព្យា​ក្រឹត្យរបស់ សម្ដេច ព្រះនរោត្តម សីហនុ ហើយអាមេរិកថែមទាំងបង្កើតភាព​ជាសត្រូវជាមួយ​ព្រះអង្គដោយបាន​ហៅព្រះអង្គថា៖ «អ្នកលេង – play boy» ថែមទៀត។
ជាមួយគ្នានេះ ការដែល សហរដ្ឋអាមេរិក បានសម្រេចចិត្តគាំទ្រ លន់ នល់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់​សម្ដេចព្រះនរោត្តម សីហនុ គឺបានធ្វើឲ្យ ប្រជាជនកម្ពុជា ផ្ទុះកំហឹងឡើង ហើយប្រជាជនកម្ពុជា ស្អប់អាមេរិកាំង​ជាខ្លាំងរហូតដុតស្ថានទូតអាមេរិកចោល។ កំហុសរបស់ អាមេរិកាំង ក៏បានរួមចំណែក ដល់ការស្លាប់​ទាហាន​អាមេរិកាំងនៅកម្ពុជា និងក៏បានជំរុញឲ្យកើនឡើងនៃចលនាតស៊ូខ្មែរក្រហមផងដែរ។ បញ្ហាអាមេរិកទម្លាក់គ្រាប់​បែកនៅកម្ពុជា គឺជារូបភាព ដ៏អាក្រក់បំផុតរបស់អាមេរិក ចំពោះ កម្ពុជា រហូតមកដល់បច្ចុប្បន្ន។
នៅក្នុងឆ្នាំ១៩៩០ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា មានភាពល្អ ប្រសើរឡើងវិញ ហើយក៏បានជួយជំរុញដល់ការអភិវឌ្ឍន៍លើវិស័យជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាង សហរដ្ឋអាមេរិក និង កម្ពុជា ទាំងលើវិស័យអប់រំ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងភេវរកម្ម។
ផ្ទុយទៅវិញ ឥឡូវនេះ សហរដ្ឋអាមេរិក ហាក់វិលទៅរកភាពបរាជ័យម្តងទៀតចំពោះកម្ពុជា ដូចដែលអាមេរិក​ដើរខុសកាលពីអតីតកាល។ នៅពេលនិយាយអំពីការព្យាយាមធ្វើឲ្យល្អប្រសើរលើការ​លើកតម្កើង​ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស គឺសហរដ្ឋអាមេរិក ហាក់បរាជ័យយ៉ាងធ្ងន់ធ្ងរ។ ការបរាជ័យនេះ មិនត្រឹមតែ​ធ្វើឱ្យមានការខកចិត្តចំពោះអ្នកបង់ពន្ធរបស់អាមេរិករាប់ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើត​ឲ្យ​មាន​ភាពអយុត្តិធម៌ ចំពោះប្រជាជនកម្ពុជាផងដែរ។
ឥរិយាបទមន្ត្រីទូតអាមេរិកដែលឆ្គាំឆ្គងចំមហាក្សត្រកម្ពុជា ក៏ដូចជាវិធានការរបស់មន្ត្រីអាមេរិកចំពោះមន្ត្រីកម្ពុជា គ្មានផ្តល់ផលប្រយោជន៍អ្វីដល់អាមេរិកទេ គឺមានតែបង្កើតការយល់ច្រឡំ ហើយខូចខាតផលប្រយោជន៍​ធំរវាង​ប្រទេសទាំងពីរ។ ទោះបីកម្ពុជា ជាប្រទេសតូច ប៉ុន្តែ កម្ពុជា មានផលប្រយោជន៍ជាច្រើនដែលផ្តល់​ឲ្យគ្នា​ទៅវិញ​ទៅមក និងក៏មិនចុះញ៉មនិងសម្ពាធនយោបាយអយុត្តិធម៌ដែរ។
ពួកប្រឆាំងគ្មានគោលការណ៍ទេ។ ពាក្យអសុរស អសមត្ថភាព និងភាពជ្រុលនិយមរបស់ពួកប្រឆាំង ធ្វើឲ្យជះ​ផលអវិជ្ជមាន ដល់មុខមាត់សហរដ្ឋអាមេរិកក្នុងការលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា។ ការលម្អៀងរបស់សហរដ្ឋអាមេរិក លើពួកប្រឆាំងជ្រុលនិយម បានធ្វើឱ្យអារម្មណ៍របស់ប្រជាជនកម្ពុជា មានភាពអវិជ្ជមានបន្តិចម្តងៗចំពោះ សហរដ្ឋអាមេរិក ខណៈពួកប្រឆាំងកំពុងបន្តបំផ្លាញតម្លៃ លទិ្ធប្រជាធិបតេយ្យកាន់តែខ្លាំងឡើង ដោយសារតែ ភាពជ្រុលនិយមរបស់ពួកគេ។
ឥឡូវនេះ ប្រជាជនកម្ពុជា កាន់តែមានអារម្មណ៍ថា អាមេរិក ហាក់ទំយើ និងបើកដៃឲ្យពួកប្រឆាំងធ្វើ​សកម្មភាព​ជ្រុលនិយមតាមបែបបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាតែម្តង។ ក្នុងន័យនេះ សហរដ្ឋអាមេរិក គួរមានការថ្លឹងថ្លែង និងដកខ្លួនចេញពីការយល់ឃើញជាទូទៅបែបនេះ ដើម្បីស្តារទំនាក់ទំនងជា​ផលប្រយោជន៍​ធំធេងយូរ​អង្វែង​រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
ជាការពិត សហរដ្ឋអាមេរិក បានចូលមកដល់ប្រទេសកម្ពុជា យឺតជាងបណ្តាប្រទេសនៅអឺរ៉ុប​និងប្រទេស​នៅអាស៊ីខ្លះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ហាក់បានរៀនអំពីប្រជាជនកម្ពុជា បានលឿនជាងប្រទេសមួយចំនួន ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ពីកម្ពុជាបានលឿនផងដែរ។ សហរដ្ឋអាមេរិក គួរបន្តស្វែងយល់​ពីប្រវត្តិសាស្ត្រនិងផ្នត់គំនិតនៃប្រជាជនកម្ពុជា ដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកនិងសង្គ្រាម ហើយក៏គួរ​យល់ពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់លើកតម្កើងតិត្យានុភាពជាតិខ្លួន និងចង់បានការ​អភិវឌ្ឍន៍​តទៅមុខទៀតដែរ។
យើងទាំងអស់គ្នាក៏ត្រូវទទួលស្គាល់ថា៖ «ទំនាក់ទំនងរវាងកម្ពុជានិង​សហរដ្ឋអាមេរិករយៈពេល៦៨ឆ្នាំ​កន្លង​មក​នេះ ហាក់ប្រៀបដូចនឹងឥរិយាបទនៃបុរសអ្នកមានម្នាក់ ដែលតាមញ៉ែរឌឺដងឡែបខាយនារីស្អាតម្នាក់ ដើម្បីយក​ខ្លួនប្រាណ ក៏ប៉ុន្តែ គ្មានបំណងរៀបការជាមួយនាងឡើយ»។
វាក៏ជាការគួរឲ្យសោកស្តាយ ដែលមានសមាជិកព្រឹទ្ធសភាអាមេរិក និងអ្នកនយោបាយអាមេរិក​មួយក្រុម​តូច​ប៉ុណ្ណោះ បន្តតាមព្យាបាទកម្ពុជាពីចម្ងាយដោយងងិតងងុល និងដោយមិនព្រមស្វែងយល់ពីកម្ពុជាទាល់តែសោះ ដែលទង្វើនេះធ្វើឲ្យប្រជាជនកម្ពុជាវាយតម្លៃជារួមថា អាមេរិក បំពានតម្លៃនិងអធិបតេយ្យជាតិខ្លួន។
លើសពីនេះ សហរដ្ឋអាមេរិក ក៏មិនគួរប្រែក្លាយកម្ពុជា ធ្វើជាឈ្នាន់នៃសង្គ្រាមភូមិសាស្ត្រ​នយោបាយ​របស់​អាមេរិក នៅអាស៊ីនោះឡើយ។ បើអាមេរិកប្រឆាំងឥទ្ធិពលមហាអំណាចចិន ក៏គួរតែធ្វើត្រង់ចំពោះប្រទេសចិន​តែម្តងទៅ ពីព្រោះកម្ពុជា គ្មានប្រយោជន៍អ្វីនៅក្នុងល្បែងនយោបាយនេះទេ ៕

យើង, ប្រជាជនកម្ពុជា!

អ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជាពិតប្រាកដជានរណា?

ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា បានរីកចម្រើនលូតលាស់ជាង ២០ ឆ្នាំមកហើយ និងកាន់តែរីកលូតលាស់ខ្លាំង ចាប់ពីពេលដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាន​រីកធំធាត់រហូតដល់សព្វថ្ងៃ សិទ្ធិមនុស្សត្រូវបាន គោរព និងសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាត្រូវបានធានាបានយ៉ាងល្អក៏ព្រោះ តែកម្ពុជារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជាតិ។ លទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុងមាននេះនឹងមិនអាចកើតឡើងនៅក្នុងប្រទេសដែលកំពុងតែមានសង្គ្រាម និងអស្ថិរភាពឡើយ។ ក្នងនាមជាអ្នកជួយសង្គ្រោះ ជីវិតជាតិ និងប្រជាជនកម្ពុជាចេញពីក្រញ៉ាំដៃនៃក្រុមខ្មែរក្រហមប៉ុល ពត រាជរដ្ឋាភិបាលដឹកនាំដោយគុណ បក្សប្រជាជនកម្ពុជាបានបង្កើត និងនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងថែមទាំងការពារឱ្យបានគង់វង្សនូវដើមឈើប្រជាធិប​តេយ្យ សិទ្ធិមនុស្ស​នេះ ទោះបីជាមានជនបរទេសខ្លះ រួមនឹងក្រុមអ្នកនយោបាយខ្មែរលក់ខ្លួនមួយក្តាប់តូច ព្យាយាមបំផ្លាញតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ។
ដោយសារតែផលប្រយោជន៍ក្នុងភូមិសាស្ត្រនយោបាយ និងមិនអាចធ្វើឪរបស់កម្ពុជាបានសម្រេច ជនបរទេសមួយចំនួនដែលមានគំនិតជាប់កំអែលជាអ្នកធ្វើអាណានិគមចាស់ បាន​ព្យាយាមក្នុងការគ្រប់គ្រង និងធ្វើជាម៉ែឪកម្ពុជា និងធ្វើជាស្រឡាញ់ និងស្មោះត្រង់ជាមួយកម្ពុជា ជាងប្រជាជនកម្ពុជា។ ប៉ុន្តែការពិតគឺ ដើម្បីបម្រើផលប្រយោជន៍នយោបាយពួក​គេតែប៉ុណ្ណោះ។ ដោយសារតែមិនអាចបង្វិលកម្ពុជាដែលជារដ្ឋ ឯករាជ្យ អធិបតេយ្យភាពមួយតាមតែអំពើចិត្តរបស់ខ្លួនបាន ជនបរទេសមួយចំនួនបានព្យាយាមបំផ្លាញកម្ពុ ជាគ្រប់រូបភាពក្នុងនោះការគាំទ្រលើផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំ និងផ្លាស់ប្តូរមេដឹកនាំដោយ មានផែនការលើកបន្តុបក្រុមជនក្បត់ជាតិ និងអ្នកនយោបាយរត់ចោលស្រុកមួយចំនួនមកដឹកនាំជំនួស ដើម្បីងាយស្រួលពួកគេបង្វិលក្បាលស្រេចតែចិត្ត។ ពួកគេបានខិតខំផ្លាស់ប្តូររបប និងមេដឹកនាំក្រោមលេសដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែពួកគេបានបរាជ័យនៅចំពោះមុខកម្ពុជា ហើយប្រហែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពណ៌ ដែលអ្នកប្រវត្តិសាស្ត្រត្រូវសរសេរពីភាពបរាជ័យនៃផែនការ នេះនៅក្នុងប្រទេសកម្ពុជា។
តើនរណាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាពិតប្រាកដ?
នោះគឺក្រុមជនបរទេសដែលកំពុងតែប្រើប្រាស់អ្នកនយោបាយខ្មែរមួយក្តាប់តូច ដែលឈ្លក់​វង្វេងនឹងពាក្យបញ្ជោររបស់បរទេស និងការប្តូររវាងសេចក្តីសុខរបស់ជាតិ ប្រជាជននឹងអំណាច និងលាភសក្ការៈដែលពួកគេប្រាថ្នាចង់បាន ដើម្បីបំបែកបំបាក់សាមគ្គីជាតិខ្មែរ បង្កអសន្តិសុខ បង្កអសណ្តាប់ធ្នាប់សាធារណៈ និងបញ្ឆេះសង្គ្រាមដើម្បីលក់អាវុធ ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងដើម្បីវាតទីគ្រប់គ្រងលើភូមិសាស្ត្រនយោបាយ។ បច្ចុប្បន្ន ពួកគេខិតខំព្យាយាមគ្រប់មធ្យោបាយទាំងអស់ ដើម្បីដាក់សម្ពាធនយោបាយ និងគំនាបសេដ្ឋកិច្ចទាំងអយុត្តិធម៌ប្រឆាំងនឹងកម្ពុជា រាប់តាំងពីការប្រកាសបង្កកទ្រព្យសម្បត្តិមន្ត្រីខ្មែរ និងផ្តាច់មិនផ្តល់ទិដ្ឋាការជាដើម នៅក្នុងចេតនាសងសឹកមកលើកម្ពុជា និងប្រជាជនខ្មែរដែលបានធ្វើឱ្យផែនការរបស់ពួកគេបរាជ័យ អង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌របស់ខ្លួនត្រូវបានរំលាយក្រោមអំណាចសាលដីកាតុលាការកំពូល និងអ្នកដែល ស្មោះត្រង់នឹងខ្លួន ជាខ្ញុំកញ្ជះដាច់ថ្លៃរបស់ខ្លួនត្រូវបានជាប់គុក និងរត់ចោលស្រុក។ តើនរណាទៀតជាអ្នកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា? គឺខ្មែរលក់ខ្លួនមួយក្តាប់តូចដែលក្នុងនោះមានជនក្បត់ជាតិពីឪដល់កូន សម រង្ស៊ី រួមនឹងជនជាតិខ្មែរមួយចំនួន ដែល​ជឿង​ប់នឹងបរទេស ភ្លេចខ្លួនថាជាជនជាតិខ្មែរ និងមានក្រុមគ្រួសារកំពុងរស់នៅលើទឹកដីខ្មែរ បានខំបង្កភាពអសណ្តាប់ធ្នាប់សង្គមតាមការញុះញង់របស់ចៅហ្វាយនាយបរទេស និងក្រុមជនក្បត់ជាតិមួយចំនួនដែលកំពុងរត់ចោលស្រុក រត់ចេញពីសំណាញ់ច្បាប់កម្ពុជា។

ជនបរទេស និងខ្មែរលក់ខ្លួនមួយក្តាប់តូចនេះហើយ ដែលជាអ្នកបំផ្លាញលទ្ធិប្រជាធិប​តេយ្យ​នៅកម្ពុជាពិតប្រាកដ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ខិតខំថែ​រក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ដើម្បីផ្តល់ឱកាសឱ្យលទ្ធិប្រជាធិបតេយ្យដែលទទួលការគំរាមកំហែងពីជនបរទេស និងពីក្រុមជនក្បត់ជាតិ អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តការរីកធំធាត់របស់ខ្លួននៅកម្ពុជា។ តាមពិត ក្នុងចំណោមសមាជិកនៃ ខ្មោចបក្សប្រឆាំងក៏មានអ្នកដែលស្រឡាញ់ជាតិខ្លះផងដែរ ដែលពួកគេមិនបានធ្វើសកម្មភាពបែបញុះញង់ និង​បែបហិង្សា រើសអើងប្រកាន់ពូជសាសន៍ដូចទណ្ឌិត សម រង្ស៊ី ដែលកំពុងដឹកមុខធ្វើនេះ​ទេ ព្រោះពួកគេ បានយល់ច្បាស់ថាការធ្វើនយោបាយបែបមាន់សម្ល និងបែបត្រ​ចៀក​ស​ដូចជា សម រង្ស៊ី ទោះធ្វើ ១០០ ជាតិ ទៀតក៏នៅតែមិនឈ្នះដែរ ហើយកាន់តែធ្វើ​ឱ្យ​សម រង្ស៊ី បរាជ័យក្នុងជីវិតនយោបាយរបស់ខ្លួនដែលចង់ បានឈ្មោះជាអ្នកប្រជាធិប​តេយ្យ​ពិតប្រាកដ ប៉ុន្តែពេលនេះ សម រង្ស៊ី គ្រាន់តែជាមេឧទ្ទាម និងជាជនក្រៅច្បាប់ម្នាក់​តែប៉ុណ្ណោះ និងមានឈ្មោះថាជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមជាមួយចៅ​ហ្វាយនាយ របស់ខ្លួន។ ឈ្មោះជាជនក្បត់ជាតិ និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនេះនឹងត្រូវ​ឆ្លាក់​ជាប់ក្នុងប្រវត្តិសាស្ត្រកម្ពុជារាប់រយឆ្នាំទៅមុខទៀត៕
ដោយ៖ ពល ពានរិន្ទ
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨