Thursday, June 21, 2018

លិខិតចំហរពីប្រជាជនកម្ពុជា៖ ការគាំទ្រពួកប្រឆាំងជ្រុលនិយមធ្វើឲ្យខូចមុខមាត់សហរដ្ឋអាមេរិក

ប្រជាជនកម្ពុជា ពិតជាចង់ក្លាយជាមិត្តល្អជាមួយបណ្តាប្រទេសទាំងអស់ ក៏ដូចជាមិត្តល្អជាមួយ​សហរដ្ឋអាមេរិក​ផងដែរ។ យើងមើលឃើញថា បទពិសោធន៍កន្លងមកថ្មីៗនេះ គឺពុំផ្តល់ផលប្រយោជន៍អ្វីទាំងអស់ដល់​សហរដ្ឋអាមេរិក ហើយក៏មិនប៉ះពាល់អ្វីចំពោះកម្ពុជានោះទេ។
សកម្មភាពថ្មីរបស់មន្ត្រីអាមេរិក ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ការប៉ុនប៉ងធ្វើ​ឲ្យ​ស្រអាប់កិត្តិនាមកម្ពុជា ក៏គ្មានផ្តល់ផលប្រយោជន៍អ្វីបន្តិចសោះដល់សហរដ្ឋអាមេរិក ហើយក៏មិនបានធ្វើឲ្យប៉ះ​ពាល់បន្តិចណាសោះចំពោះកម្ពុជានោះទេ។
ចំពោះនិន្នាការនយោបាយរបស់ មន្ត្រីអាមេរិកតិចតួច ក្នុងការគាំទ្រពួកប្រឆាំងដែលអសមត្ថភាព ក្នុងការធ្វើ​សកម្មភាព​ផ្ចាញ់ផ្ចាលរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកម្ពុជាទាំងមូល ក៏អាមេរិកមិនទទួលបាន​ផលប្រយោជន៍ជាដុំកំភួនដែរ។ ផ្ទុយទៅវិញ ការគាំទ្រដល់បុគ្គលដែលគ្មានសមត្ថភាពនាពេលបច្ចុប្បន្ន គឺប្រៀបបាននឹងកំហុសរបស់ សហរដ្ឋអាមេរិក ដែលគាំទ្រពួក លន់ នល់ នាពេលអតីតកាលក្នុង​ទសវត្សរ៍​ឆ្នាំ១៩៧០អញ្ចឹងដែរ គឺបានធ្វើឲ្យជះឥទ្ធិពលអវិជ្ជមានជាខ្លាំងដល់មុខមាត់របស់អាមេរិក ដែលជាមហាអំណាច​ពិភពលោក។
សហរដ្ឋអាមេរិក គួរជ្រើសរើសវិធីល្អជាងនេះ ដូចដែល សហរដ្ឋអាមេរិក បានធ្វើជាមួយប្រទេសកម្ពុជា​នៅដើម​ទសវត្សរ៍ឆ្នាំ១៩៩០។ របៀបការទូតដ៏ល្អនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ជាវិជ្ជមានទាំង​សម្រាប់​ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
វាពិតជាមានសារៈសំខាន់ក្នុងការរំលឹកឡើងវិញអំពីមេរៀនខ្លះជាបទពិសោធន៍ពីអតីតកាលកន្លងមក។ នៅក្នុងសម័យកាលសង្គ្រាមអាមេរិកជាមួយវៀតណាម គឺ សហរដ្ឋអាមេរិក បានរំលោភលើ នយោបាយ​អព្យា​ក្រឹត្យរបស់ សម្ដេច ព្រះនរោត្តម សីហនុ ហើយអាមេរិកថែមទាំងបង្កើតភាព​ជាសត្រូវជាមួយ​ព្រះអង្គដោយបាន​ហៅព្រះអង្គថា៖ «អ្នកលេង – play boy» ថែមទៀត។
ជាមួយគ្នានេះ ការដែល សហរដ្ឋអាមេរិក បានសម្រេចចិត្តគាំទ្រ លន់ នល់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់​សម្ដេចព្រះនរោត្តម សីហនុ គឺបានធ្វើឲ្យ ប្រជាជនកម្ពុជា ផ្ទុះកំហឹងឡើង ហើយប្រជាជនកម្ពុជា ស្អប់អាមេរិកាំង​ជាខ្លាំងរហូតដុតស្ថានទូតអាមេរិកចោល។ កំហុសរបស់ អាមេរិកាំង ក៏បានរួមចំណែក ដល់ការស្លាប់​ទាហាន​អាមេរិកាំងនៅកម្ពុជា និងក៏បានជំរុញឲ្យកើនឡើងនៃចលនាតស៊ូខ្មែរក្រហមផងដែរ។ បញ្ហាអាមេរិកទម្លាក់គ្រាប់​បែកនៅកម្ពុជា គឺជារូបភាព ដ៏អាក្រក់បំផុតរបស់អាមេរិក ចំពោះ កម្ពុជា រហូតមកដល់បច្ចុប្បន្ន។
នៅក្នុងឆ្នាំ១៩៩០ ទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា មានភាពល្អ ប្រសើរឡើងវិញ ហើយក៏បានជួយជំរុញដល់ការអភិវឌ្ឍន៍លើវិស័យជាច្រើន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាង សហរដ្ឋអាមេរិក និង កម្ពុជា ទាំងលើវិស័យអប់រំ ពាណិជ្ជកម្ម ប្រជាធិបតេយ្យ និងការប្រយុទ្ធប្រឆាំងភេវរកម្ម។
ផ្ទុយទៅវិញ ឥឡូវនេះ សហរដ្ឋអាមេរិក ហាក់វិលទៅរកភាពបរាជ័យម្តងទៀតចំពោះកម្ពុជា ដូចដែលអាមេរិក​ដើរខុសកាលពីអតីតកាល។ នៅពេលនិយាយអំពីការព្យាយាមធ្វើឲ្យល្អប្រសើរលើការ​លើកតម្កើង​ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស គឺសហរដ្ឋអាមេរិក ហាក់បរាជ័យយ៉ាងធ្ងន់ធ្ងរ។ ការបរាជ័យនេះ មិនត្រឹមតែ​ធ្វើឱ្យមានការខកចិត្តចំពោះអ្នកបង់ពន្ធរបស់អាមេរិករាប់ពាន់លានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើត​ឲ្យ​មាន​ភាពអយុត្តិធម៌ ចំពោះប្រជាជនកម្ពុជាផងដែរ។
ឥរិយាបទមន្ត្រីទូតអាមេរិកដែលឆ្គាំឆ្គងចំមហាក្សត្រកម្ពុជា ក៏ដូចជាវិធានការរបស់មន្ត្រីអាមេរិកចំពោះមន្ត្រីកម្ពុជា គ្មានផ្តល់ផលប្រយោជន៍អ្វីដល់អាមេរិកទេ គឺមានតែបង្កើតការយល់ច្រឡំ ហើយខូចខាតផលប្រយោជន៍​ធំរវាង​ប្រទេសទាំងពីរ។ ទោះបីកម្ពុជា ជាប្រទេសតូច ប៉ុន្តែ កម្ពុជា មានផលប្រយោជន៍ជាច្រើនដែលផ្តល់​ឲ្យគ្នា​ទៅវិញ​ទៅមក និងក៏មិនចុះញ៉មនិងសម្ពាធនយោបាយអយុត្តិធម៌ដែរ។
ពួកប្រឆាំងគ្មានគោលការណ៍ទេ។ ពាក្យអសុរស អសមត្ថភាព និងភាពជ្រុលនិយមរបស់ពួកប្រឆាំង ធ្វើឲ្យជះ​ផលអវិជ្ជមាន ដល់មុខមាត់សហរដ្ឋអាមេរិកក្នុងការលើកតម្កើងប្រជាធិបតេយ្យនៅកម្ពុជា។ ការលម្អៀងរបស់សហរដ្ឋអាមេរិក លើពួកប្រឆាំងជ្រុលនិយម បានធ្វើឱ្យអារម្មណ៍របស់ប្រជាជនកម្ពុជា មានភាពអវិជ្ជមានបន្តិចម្តងៗចំពោះ សហរដ្ឋអាមេរិក ខណៈពួកប្រឆាំងកំពុងបន្តបំផ្លាញតម្លៃ លទិ្ធប្រជាធិបតេយ្យកាន់តែខ្លាំងឡើង ដោយសារតែ ភាពជ្រុលនិយមរបស់ពួកគេ។
ឥឡូវនេះ ប្រជាជនកម្ពុជា កាន់តែមានអារម្មណ៍ថា អាមេរិក ហាក់ទំយើ និងបើកដៃឲ្យពួកប្រឆាំងធ្វើ​សកម្មភាព​ជ្រុលនិយមតាមបែបបដិវត្តន៍ពណ៌បំផ្លាញកម្ពុជាតែម្តង។ ក្នុងន័យនេះ សហរដ្ឋអាមេរិក គួរមានការថ្លឹងថ្លែង និងដកខ្លួនចេញពីការយល់ឃើញជាទូទៅបែបនេះ ដើម្បីស្តារទំនាក់ទំនងជា​ផលប្រយោជន៍​ធំធេងយូរ​អង្វែង​រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
ជាការពិត សហរដ្ឋអាមេរិក បានចូលមកដល់ប្រទេសកម្ពុជា យឺតជាងបណ្តាប្រទេសនៅអឺរ៉ុប​និងប្រទេស​នៅអាស៊ីខ្លះ។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ហាក់បានរៀនអំពីប្រជាជនកម្ពុជា បានលឿនជាងប្រទេសមួយចំនួន ហើយថែមទាំងទទួលបានអត្ថប្រយោជន៍ពីកម្ពុជាបានលឿនផងដែរ។ សហរដ្ឋអាមេរិក គួរបន្តស្វែងយល់​ពីប្រវត្តិសាស្ត្រនិងផ្នត់គំនិតនៃប្រជាជនកម្ពុជា ដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកនិងសង្គ្រាម ហើយក៏គួរ​យល់ពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ដែលចង់លើកតម្កើងតិត្យានុភាពជាតិខ្លួន និងចង់បានការ​អភិវឌ្ឍន៍​តទៅមុខទៀតដែរ។
យើងទាំងអស់គ្នាក៏ត្រូវទទួលស្គាល់ថា៖ «ទំនាក់ទំនងរវាងកម្ពុជានិង​សហរដ្ឋអាមេរិករយៈពេល៦៨ឆ្នាំ​កន្លង​មក​នេះ ហាក់ប្រៀបដូចនឹងឥរិយាបទនៃបុរសអ្នកមានម្នាក់ ដែលតាមញ៉ែរឌឺដងឡែបខាយនារីស្អាតម្នាក់ ដើម្បីយក​ខ្លួនប្រាណ ក៏ប៉ុន្តែ គ្មានបំណងរៀបការជាមួយនាងឡើយ»។
វាក៏ជាការគួរឲ្យសោកស្តាយ ដែលមានសមាជិកព្រឹទ្ធសភាអាមេរិក និងអ្នកនយោបាយអាមេរិក​មួយក្រុម​តូច​ប៉ុណ្ណោះ បន្តតាមព្យាបាទកម្ពុជាពីចម្ងាយដោយងងិតងងុល និងដោយមិនព្រមស្វែងយល់ពីកម្ពុជាទាល់តែសោះ ដែលទង្វើនេះធ្វើឲ្យប្រជាជនកម្ពុជាវាយតម្លៃជារួមថា អាមេរិក បំពានតម្លៃនិងអធិបតេយ្យជាតិខ្លួន។
លើសពីនេះ សហរដ្ឋអាមេរិក ក៏មិនគួរប្រែក្លាយកម្ពុជា ធ្វើជាឈ្នាន់នៃសង្គ្រាមភូមិសាស្ត្រ​នយោបាយ​របស់​អាមេរិក នៅអាស៊ីនោះឡើយ។ បើអាមេរិកប្រឆាំងឥទ្ធិពលមហាអំណាចចិន ក៏គួរតែធ្វើត្រង់ចំពោះប្រទេសចិន​តែម្តងទៅ ពីព្រោះកម្ពុជា គ្មានប្រយោជន៍អ្វីនៅក្នុងល្បែងនយោបាយនេះទេ ៕

យើង, ប្រជាជនកម្ពុជា!

No comments:

Post a Comment