Friday, July 23, 2021

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្លាស់ប្តូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងអាយុ១២-១៧ឆ្នាំ ពីថ្ងៃទី០៦ ខែសីហា មកថ្ងៃទី០១ ខែសីហាវិញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនជនរួមជាតិឲ្យបានជ្រាបថា សម្តេចតេជោអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃសុក្រនេះ។


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះ (ថ្ងៃទី០១ ខែសីហា) តែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។

សូមជំរាបថា នាពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។

បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»








អាជ្ញាធរខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិនិត្យសំណើរបស់ប្រជាពលរដ្ឋ ស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ

កោះកុង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងអនុប្រធានក្រុមការងារចុះអនុវត្ត គ្រប់គ្រង ត្រួតពិនិត្យការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី នៃរដ្ឋបាលខេត្ត តំណាងលោកស្រីអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត អាជ្ញាធរស្រុកមណ្ឌលសីមា និងអ្នកពាក់ព័ន្ធ ប្រជុំ និងចុះពិនិត្យទីតាំងដី ប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ។

ប្រជាពលរដ្ឋដែលបានស្នើសុំចុះបញ្ជី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ មានឈ្មោះដូចខាងក្រោម ៖
១-សំណើរបស់ឈ្មោះ សំ ស៊ី ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ២០ហិកតា ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ
២-សំណើរបស់ឈ្មោះ ផាន់ កណ្ណារី ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ១២១.១២ហិកតា ស្ថិតនៅភូមិតាចាត ឃុំទួលគគីរ
៣-សំណើរបស់ឈ្មោះ ងយ លក្ខិណា ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៣៩ ៥៧៣ម៉ែត្រក្រឡា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង
៤-សំណើរបស់ឈ្មោះ អ៊ុក សឿន ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីទំហំ ៨០ ៨៥៤ម៉ែត្រក្រឡា ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង
៥-សំណើរបស់ឈ្មោះ យូ សុខា និងឈ្មោះ កែវ ម៉ាល័យ ស្នើសុំចុះបញ្ជីដី និងធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ផ្ទៃដីប្រមាណ ៣០០ហិកតា ស្ថិតនៅចំណុច ២៩៧ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សូមជម្រាបផងដែរថា ជាលទ្ធផលក្រុមការងារបានឯកភាព ទៅលើ
១-ករណីសំណើឈ្មោះ សំ ស៊ី និងឈ្មោះ ផាន់ កណ្ណារី មន្ទីរបរិស្ថានខេត្ត សហការជាមួយអាជ្ញាធរមណ្ឌលសីមា និងអ្នកពាក់ព័ន្ធ កំណត់កាលបរិច្ឆេទចុះពិនិត្យជាក់ស្តែង ដើម្បីកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០អនក្រ.បក រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

២-ករណីសំណើឈ្មោះ ងយ លក្ខិណា និងឈ្មោះ អ៊ុក សឿន សាមីកម្មសិទ្ធិករ ត្រូវសហការជាមួយជំនាញការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក ជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីអាជ្ញាធរមណ្ឌលសីមា ដើម្បីកំណត់យកនិយាមកា ធ្វើផលធៀបមុននិងក្រោយការកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៤៦អនក្រ.បក រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។
៣-ករណីសំណើឈ្មោះ យូ សុខា និងឈ្មោះ កែវ ម៉ាល័យ រដ្ឋបាលស្រុក និងឃុំប៉ាក់ខ្លង ត្រូវធ្វើការស្រាវជ្រាវសាវតាដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងអ្នកទទួលផល ឲ្យបានច្បាស់លាស់ រួចធ្វើរបាយការណ៍បញ្ជូនទិន្នន័យមករដ្ឋបាលខេត្តដើម្បីបន្តនីតិវិធី។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានស្នើឲ្យមន្ទីរជំនាញអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព និងឈរលើស្មារតីទទួលខុសត្រូវ៕




 

ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តតេជសុវណ្ណភូមិ

ត្បូងឃ្មុំ៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ព្រមទាំងលោកស្រី ឡាក់ អេងវន ស៊ាកឡេង និង លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ  ព្រមទាំងលោកស្រី ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនជូនព្រះសង្ឃនៅវត្តតេជសុវណ្ណភូមិ  ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ៣ ខែដែលឈានចូលមកដល់នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។

នៅក្នុងឱកាសនេះដែរ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងប្រគេនជូនព្រះសង្ឃ និងជម្រាបជូនលោកយាយ លោកតា ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចជាកាល តែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានា របស់ប្រជាពលរដ្ឋយើង ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រនេះតែម្តង។

លោក ជាម ច័ន្ទសោភ័ណ បន្តថា ជាការពិតណាស់ ក្នុងរយៈពេល៣ខែ នៃការចូលព្រះវស្សារបស់ព្រះសង្ឃគ្រប់អង្គ ត្រូវការភ្លើងបំភ្លឺដើម្បីសិក្សារៀនសូត្រ និងត្រូវការទេយ្យវត្ថុផ្សេងៗដើម្បីផ្គត់ផ្គង់ ព្រោះរយៈពេលចូលវស្សាគឺជារដូវភ្លៀង ដែលនាំអោយព្រះសង្ឃមានការពិបាក និមន្តបិណ្ឌបាត្រទៅតាមទីដ្ឋាននានា ដូច្នេះទៀនវស្សា ទេយ្យទាន និង ទេយ្យវត្ថុ ផ្សេងៗ ដែលនឹងត្រូវវេប្រគានព្រះសង្ឃនៅពេលនេះ គឺជាការចាំបាច់បំផុត និងនាំមកនូវបុណ្យកុសល ពេញបរិបូរណ៌ ជួយបំភ្លឺផ្លូវទៅអនាគតជាតិ ។

លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍រំលឹកថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នេះ នៅលើសកលលោក ពុំទាន់មានការធូស្រាលនៅឡើយទេ ហើយក៏ពុំទាន់មានថ្នាំព្យាបាលឡើយ ដូចច្នោះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺដល់កាចសាហាវនេះ ដល់សហគមន៍យើង ដូចជាការរក្សាគម្លាតសង្គម ការពាក់ម៉ាស់ និងការលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវជាប្រចាំផងដែរ។

 សូមបញ្ជាក់ថា   ទៀនចំណាំព្រះវស្សា ទេយ្យទាន និងទេយ្យវត្ថុ ដែលលោក ស៊ាក ឡេង និងលោក ជាម ច័ន្ទសោភ័ណ និងភរិយា ព្រមទាំងគ្រួសារ នាំយកទៅចែកជូន ទៅប្រគេនវត្តតេជសុវណ្ណភូមិ រួមមាន ៖  ទៀនព្រះវស្សា០២គូរ, អង្ករ៦បេ, មី០៦កេស, បាកាស៣កេស ,ទឹកក្រូច៥កេស, ទឹកសុទ្ធ១០កេស ,ស្ករស៥គីឡូ , ទឹកស៊ីអ៊ីវ៥យួ , ត្រីខ១កេស,ទឹកដោះគោ២កេស ,ស្លាដកចំនួន៥  និងបច្ច័យ២លាន៤០ម៉ឺនរៀលផងដែរ៕





 

អាជ្ញាធរជាតិអប្សរា កំពុងដកហូតដើមឈើមានហានិភ័យខ្ពស់ប៉ះពាល់លើការងារជួសជុលបង្កាន់ដៃនាគ និងខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ

សៀមរាប៖ ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលបង្កហានិភ័យខ្ពស់មកលើរចនាសម្ពន្ធខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ។ កិច្ចការនេះ ធ្វើឡើងដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ពន្ធប្រាសាទកាន់តែធ្ងន់ធ្ងរ ហើយការដកហូតដើមឈើទាំងនេះនឹងជួយសម្រួលដល់កិច្ចការអភិរក្ស និងជួសជុលខ្លោងទ្វារ និងបង្កាន់ដៃនាគឡើងវិញផង ដែលគម្រោងកំពុងដំណើរការការងាររាល់ថ្ងៃនេះ។

ដើមឈើដែលបាន និងកំពុងកាត់ដកហូតចេញមានចំនួន៨ដើមរួមមាន ដើមពោធិ៍ឱបដើមចាន់១ដើម ស្នាយ១ដើម បេង១ដើម រំដួល១ដើម ចាន់៣ដើម និងស្លែង១ដើម ដែលស្ថានភាពដើមឈើទាំងនោះ ដុះទ្រេតនៅលើផ្លូវក្បែរខ្លោងទ្វារ និងលើកំពែងជាប់ខ្លោងទ្វារ មានមែកសាខាច្រើនងាយនឹងបាក់ដួលរលំ មានប្រព័ន្ធឬសចាក់ចូលក្នុងរចនាសម្ព័ន្ធខ្លោងទ្វារ និងថ្មកំពែង៕







 

អភិបាលរងខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខប្រជាពលករដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលវិទ្យាល័យ ហ៊ុន សែន ត្រពាំងប្រាសាទ

ឧត្តរមានជ័យ ៖ នៅថ្ងៃទី២២  ខែកក្កដា  ឆ្នាំ២០២១  លោក  ឌី  រ៉ាដូ  អភិបាលរងខេត្ត  តំណាងលោក ប៉ែន កុសល្យ អភិបាល  នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ  បាន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក  នៅក្នុងមណ្ឌលវិទ្យាល័យ  ហ៊ុន  សែន  ត្រពាំងប្រាសាទ  ក្នុងស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យ  ដោយមានការចូលរួមពី លោក  អភិបាលស្រុក  អភិបាលរងស្រុក  អធិការនគរបាលស្រុក  មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុក  ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ  មន្ត្រីសាលាស្រុក។

មានប្រសាសន៍ឱកាសនោះដែរ លោក  ឌី  រ៉ាដូ  ក៏បានធ្វើការអំពាវនាវដល់ ពលករត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច  ស្តាប់តាមការណែនាំរបស់មន្រ្តីជំនាញសុខាភិបាល  រក្សារបៀបរៀបរយ  និងចូលរួមអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ម្យ៉ាងវិញទៀតក៏ដូចជាការការពារខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ចេញពីសហគមន៍យើង។

ជាមួយនឹងការចុះសួរសុខទុក្ខនេះ  ក្រុមការងារក៏បាននាំយកនូវសម្ភាររួមមាន៖  ទឹកអាល់កុល30លីត្រ  ម៉ាស់ចំនួន500  ទឹកសុទ្ធ500យួរ  ជូនដល់បងប្អូនប្រជាពលករ។

សូមជម្រាបផងដែរថា គិតមកទល់នឹងពេលនេះ  ខេត្តឧត្ដរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣.៤៨៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.២៣២ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៥៥ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៦២២ នាក់ កំពុងសម្រាកព្យាបាលចំនួន ២.៨៥៧ នាក់ និងស្លាប់ចំនួន ០៨នាក់៕





 

ប្រជាពលរដ្ឋស្រុកបសេដ្ឋ បានមកទទួលការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជំហានទី ២ ដូសទី១

កំពង់ស្ពឺ៖ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រចាំស្រុកបសេដ្ឋ កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០២១ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ជំហានទី ២  ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅ នៅទីតាំងចាក់វ៉ាក់សាំង វត្តបសេដ្ឋចាស់ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ផងដែរ ។ ការចាក់វ៉ាក់សាំង ជំហានទី ២  ដូសទី១ ជូនដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងមូលដ្ឋានស្រុកបសេដ្ឋ គឺតាមអនុសាសន៍របស់ ឩបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលតែងតែបានក្រើនរំលឹកថា កុំអោយវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំង យើងប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បីបញ្ជ្រៀប ចូលក្នុងរាងកាយរបស់មនុស្សយើងទាំងអស់  ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបានជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩  ។

ជាក់ស្តែងកាលពីថ្ងៃទី ២០ ខែកក្កដា កន្លងទៅនេះ គ្រូពេទ្យស្រុកបរសេដ្ឋ និងក្រុមការងារអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស បានដំណើការចាក់វាក់សាំង ជំហានទី ២ ដូសទី ១ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និង ព្រះសង្ឃ ក្នុងស្រុកបសេដ្ឋបានចំនួន ៦៨៧ នាក់ ក្នុងនោះមានស្រី ៣៣១ នាក់ និង ចាក់វាក់វាំងដូសទី ២ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ បានចំនួន ៨ នាក់ ។

ក្នុងដំណើរការចាក់វ៉ាក់ជំហានទី ២ ដូសទី ១ នៅស្រុកបសេដ្ឋនេះ  ក៏ដូចជាជំហានទី ១ ដែរ ក្រុមការងារចាក់វ៉ាក់សាំងបានទទួលការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរដែនដី  និង កំលាំងមានសមត្ថកិច្ចមូលដ្ឋាន ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងបានផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ក្នុងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង អោយបានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕





 

តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកយុទ្ឋនាការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទបាគង

សៀមរាប៖ ទោះបីជានាយទាហាន នាយទាហានរង និង ពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាប់បំពេញភារកិច្ចចូលរួមសហការការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ធំ ជាពិសេសការជួយដល់អតីតយុទ្ធជន ខេត្តកំពង់ធំក្នុងការសាងសង់ផ្ទះស្នាក់នៅ ការចូលរួមចំណែកជួយដោះស្រាយ ការលំបាកបងប្អូនអតីតយុទ្ធជននិង បងប្អូនប្រជាពលរដ្ឋ ក៏ដោយ ក៏នាយទាហាន នាយទាហានរង និង ពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តចូលរួមអនុវត្តភារកិច្ចថ្មីបន្ថែមមួយទៀត គឺចូលរួមបំពេញភារកិច្ចជាប្រវត្តិសាស្រ្តក្នុងយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋក្នុង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្នុងយុទ្ធនាការចាក់វ៉ាកសាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ស្រុកប្រាសាទបាគង ខេត្តសៀមរាបនេះ គឺអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ការណែនាំចង្អុលបង្ហាញរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អនុវត្តតាមបទបញ្ជារបស់ យោធភូមិភាគទី៤ ដើម្បីចូលរួមកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩  និងការពារសុខភាពប្រជាពលរដ្ឋ អោយបានល្អ ជៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់យោធភូមិភាគទី ៤ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកយុទ្ឋនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាជន នៅឃុំត្រពាំងធំ  និងឃុំមានជ័យ ស្រុកប្រាសាទបាគង  ខេត្តសៀមរាប  ដែលបានប្រព្រឹត្តទៅ នៅកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំទីតាំងចាក់វ៉ាក់សាំង នៅក្នុងបរិវេណ សាលាបឋមសិក្សា និង វិទ្យាល័យ តាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានចំនួនប្រម៉ាណ ជាង ១ម៉ឺន នាក់ ។

លោកអនុសេនីយ៍ឯក យា ប៊ុនលៀង នាយរងផ្នែកសុខាភិបាល តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់អោយដឹងថា៖ដោយអនុវត្តអោយបាន តាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ដែលតែងតែបានក្រើនរំលឹកថា៖ កុំអោយវ៉ាក់សាំងវាស្ថិតក្នុងឃ្លាំង យើងប្រញាប់ប្រញាល់យកវ៉ាក់សាំងនឹងចុះទៅដើម្បីបញ្ជ្រៀបចូលក្នុងរាងកាយរបស់មនុស្សយើងទាំងអស់  ដើម្បីការពារសុខភាពបងប្អូនប្រជាពលរដ្ឋ អោយបានជៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩  ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានខិតខំបំពេញការបំរើជូនប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់ ក្នុងនោះក្រុមការងារចាក់វ៉ាក់សាំង ក៏បានធ្វើការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចមូលដ្ឋាន មានប៉ូលីស កងរាជអាវុធហត្ថ និងប្រជាការពារ ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធា្នប់ ព្រមទាំងបានផ្សព្វផ្សាយអំពីវិធានការ ការពារនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៣ការពារ និង ៣កុំ ក៏ដូចជាការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋអោយមកទទួលវ៉ាក់សាំង  ដែលការចាក់វ៉ាក់សាំងនេះបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និង បង្ការជំងឺកូវីដ-១៩ ព្រមទាំងការពារខ្លួនយើង គ្រួសារយើង និង សង្គមជាតិយើង អោយបានរួចចាកផុតពីជំងឺកូវីដ-១៩ នេះ។

លោកអនុសេនីយ៍ឯក បានអោយដឹងទៀតថា៖ ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃបើកយុទ្ធនាការ នៅថ្ងៃទី ១ ចាក់បាន ៦០២ នាក់ ថ្ងៃទី ២ ចាក់បាន ៩៦២ នាក់ ថ្ងៃទី ៣ ចាក់បាន ១២៦០ និង ថ្ងៃទី៤ ចាក់វ៉ាក់សាំង បានចំនួន ជាង ១២០០នាក់ ។ដើម្បីអោយដំណើរការចាក់វ៉ាក់សាំងនៅក្នុងស្រុកប្រាសាទបាគងនេះទទួលបានលទ្ធផលល្អបន្ថែមទៀតនោះ លោកអនុសេនីយ៍ឯក យា ប៊ុនលៀង បានអះអាងថា៖ ក្រោយពីបានបញ្ចប់ភារកិច្ចប្រចាំថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី តែងតែបានប្រជុំត្រួតពិនិត្យ វាយតម្លៃការងារ ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងផ្តល់បទពិសោធន៍ លើកទឹកចិត្ត ដល់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានកំពុងតែធ្វើសកម្មភាព ចាក់វ៉ាក់សាំងបង្ការជូន បងប្អូនប្រជាពលរដ្ឋ នៅ ស្រុកប្រាសាទបាគង។

ប្រជាពលរដ្ឋដែលបានមក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា និង លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ក៏ដូចជាគ្រូពេទ្យ កងទ័ព ដែលជាយុទ្ធជន
អាវ ស  ដែលបាន ជួយសង្រ្គោះអាយុជីវិតរបស់ពួកគាត់សារជាថ្មី  ឲ្យបានជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ៕






 

អភិបាលខេត្តកំពត បង្ហាញពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលលើវិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យសុខាភិបាល ជូនដល់ប្រតិភូអង្គការចៃកា

កំពត៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ បានទទួលស្វាគមន៍តំណាងប្រតិភូអង្គការចៃកា ដែលដឹកនាំដោយ លោកស្រី ហា យុ និងលោក យ៉ម៉ា សាគិ ទីប្រឹក្សាបច្ចេកទេស នៃអង្គការចៃកា មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីពិភាក្សាលើការអភិវឌ្ឍន៍ មន្ទីរពេទ្យបង្អែកខេត្ត ឲ្យក្លាយទៅជាមន្ទីរពេទ្យតំបន់។

មានប្រសាសន៍នៅក្នុងកិច្ចជំនួបនេះ លោក អភិបាលខេត្តកំពត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលលើវិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសុខាភិបាលខេត្ត ជូនដល់ប្រតិភូអង្គការចៃកា។

តំណាងប្រតិភូអង្គការចៃកា បានធ្វើការបង្ហាញថា បេសកកម្មមកខេត្តកំពតលើកនេះ គឺតាមរយៈការស្នើសុំរបស់ក្រសួងសុខាភិបាល ដើម្បីសិក្សាអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ក៏ដូចជាពង្រីកសេវាសុខាភិបាលឲ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋ។ ហើយការសិក្សាគម្រោងមន្ទីរពេទ្យតំបន់នេះ គឺធ្វើឡើងនៅខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ គម្រោងនេះគឺធ្លាប់បានធ្វើរួចហើយនៅឆ្នាំ២០១៧ ប៉ុន្តែមិនបានជោគជ័យ ទើបអង្គការចៃកាបានរៀបចំយន្តការថ្មី ដើម្បីសិក្សាឲ្យកាន់តែលម្អិត និងស៊ីជម្រៅ ឈានទៅរកការជោគជ័យ។

ជាចុងក្រោយ លោក អភិបាលខេត្ត បានថ្លែងនូវមតិគាំទ្រដល់គម្រោង និងស្នើលោកប្រធានមន្ទីរសុខាភិបាលខេត្ត ត្រូវចូលរួមសហការ ដើម្បីសម្រួលដល់ដំណើរការសិក្សា និងវាយតម្លៃ របស់ប្រតិភូអង្គការចៃកា ដើម្បីឲ្យគម្រោងនេះឆាប់ទទួលបានជោគជ័យ៕






ក្រសួងសុខាភិបាល ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារខថយ៉ាដម៉ារីយ័តភ្នំពេញ (Courtyard by Marriott Phnom Penh)។

អ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់ តាមរយៈគេហទំព័ររបស់សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ www.courtyardphnompenh.com ស្នាក់នៅឱ្យបានមុន២ថ្ងៃ នៃការចេញដំណើរ។

អ្នកដំណើរដែលប្រើប្រាស់សេវាកក់សណ្ឋាគារទាំងពីរនេះ នឹងត្រូវអនុវត្តន៍នីតិវិធីដែលមានស្រាប់ជាធរមាន ដែលត្រូវតម្កល់ប្រាក់ចំនួន ២ពាន់ដុល្លារ សម្រាប់ធានាចំណាយក្នុងការធ្វើដំណើរ ការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖