Monday, June 16, 2014

បទអត្ថាធិប្បាយ៖ ផល​វិបាក​ នៃ​ការ​វិល​ត្រឡប់​ទៅ​រក​រូបមន្ត២ភាគ​៣


ការ​កើត​ឡើង​នូវ​រូប​មន្តថ្មី​ពី​២ភាគ​៣ មក​៥០ភាគ​រយបូក​១ នាឆ្នាំ​២០០៦កន្លង​មក​ បាន​បញ្ចប់​នូវ​ភាព​ខ្មៅ​ងងឹត​នៃ​វិបត្តិរដ្ឋធម្មនុញ្ញ ​ជា​ភាព​ទ័ល​ច្រក​ផ្នែក​នយោបាយ​ដ៏តឹង​តែ​ង​ ដែល​ធ្លាប់​កើត​មាន​ ប៉ុន្តែ រូប​មន្តថ្មី​នេះ វាបាន​ប្រែក្លាយទៅ​ជា​ច្រក​ទ្វានៃ​ការ​ឯកភាព​ជាតិ​ និង​សុខដុម​នីយកម្ម​ក្នុងសង្គម​​ជាតិ​ទាំង​មូល​។

ឈរលើ​បរិបទ​នៃ​ការ​បង្រួប​បង្រួម​ផ្ទៃ​ក្នុង​ជាតិ​ គឺបាន​បង្ហាញ​នូវ​អំ​ណាច​តេជានុភាព​ប្រាប់​ដល់​សហគមន៍​អន្តរជាតិ​ថា « កម្ពុជា​ ជា​គំ​រូ​នៃ​ការ​នាំ​មក​នូវ​សន្តិភាព​ក្នុង​តំ​បន់​អាស៊ីទាំង​មូល​» ហើយ​ រាជ​រដ្ឋាភិបាលដែល​ជាអ្នក​កាន់​ចង្កូតនាវា​ បាន​និង​កំ​ពុងដើរលើ​មាគ៌ានៃ​សន្តិភាព​នេះ ប្រកប​ដោយ​មោទនភាព​ក្នុង​នាម​ជា​ប្រជា​ជាតិ​ស៊ី​វិល័យ​ ខណៈដែល​ប្រទេស​ជិត​ខាង​កំ​ពុង​កើត​មាន​នូវ​កលយុគ្គ និង​កំ​ពុង​ប្រឈម​នូវ​វិបត្តិ​ចលាចល​សង្គម ប៉ះ​ពាល់​ដល់​វិស័យ​សេដ្ឋកិច្ច និង​សង្គម​ ​ ។

ដូច្នេះ ការ​ប៉ុនប៉ង​ជាថ្មី​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ ដែល​ព្រមាន​ដាក់​លក្ខខ័ណ្ឌ​អោយ​ថ្នាក់​ដឹក​នាំ​គណបក្សកាន់​អំ​ណាច​ត្រូវ​តែ​ព្រម​ព្រៀង​ជាមុន​ក្នុង​គោល​ការណ៍​រូប​មន្ត​២​ភាគ​៣ សិន​ មុន​នឹង​ក្រុម​អ្នក​តំ​ណាង​រាស្ត្រ​ពួក​គេចូល​ប្រជុំ​សភាដើម្បី​អនុម័ត​ ស្ថាប័ន​ គជប ជា​ស្ថាប័ន​ឯករាជ្យ ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញនោះ គឺ​ពិត​ជា​ចេតនាមិន​ចង់​ដោះ​ស្រាយ​ដើម្បី​បញ្ចប់​ការ​ខ្វែង​គំ​និត​គ្នានោះ​ទេ ។

បើគេក្រឡេកមើលស្ថានការណ៍នយោបាយកម្ពុជាចុងក្រោយនេះ​ នរ​ណា​ក៏​បា​ន​ដឹង​ដែ​រ​ថា សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​កម្ពុជា​ ​បាន​យល់ព្រមធ្វើសម្បទាននយោបាយ​តាម​សំណើ​រប​ស់​​គណបក្ស​ស​ង្គ្រោះ​ជាតិ​ គឺ​សុខចិត្ត​ដាក់​បញ្ចូល​ គជប ក្នុងរដ្ឋ​ធម្មនុញ្ញ និង​អនុញ្ញាតផ្តល់​អោយ​គណបក្ស​ប្រឆាំង​មាន​ស្ថានីយ៍​ទូ​រទស្សន៍​ គឺ​ជាសញ្ញាវិជ្ជមាន​ ដែល​គេ​អាច​គិត​ថា នឹង​សម្រួល​ស្ថាន ការណ៍​នយោបាយ​អោយ​បាន​ល្អ​ប្រសើរ ហើយ​នេះ គឺជា​ការ​បង្ហាញ​នូវ​គោលបំណងបញ្ចប់ បញ្ហា វិវាទ នយោបាយបង្ក​ទ្បើ​ង​ដោ​យ​គ​ណ​ប​ក្ស​មួយនេះ ដែលបានអូសបន្លាអស់រយៈពេលជិត ១ ឆ្នាំកន្លងមក

ក៏ប៉ុន្តែ អ្វីដែលនឹកស្មានមិនដល់  គឺ​ឆន្ទៈនយោបាយដែលផ្តួចផ្តើម និងផ្ត​ល់​ឲ្យ​ដោយថ្នាក់​ដឹក​នាំ​​គណ​ប​​ក្ស​ប្រជាជនកម្ពុជា ត្រូវបានមេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​ តាម​រយៈ​ការ​ប្រើ​លេ​សក្នុងការជ្រើសរើស​ក្បាលម៉ាស៊ីន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) ដោយ​ទាម​ទារ​អោយ​​មាន​សំ​ឡេង​សមាជិក​សភាអនុម័ត​ តាម​រូបមន្ត ២ភាគ​៣វិញ​ ​ គឺជា​ចំណុច​ខ្ទា​ស់​​គ្នា​ រវាង​ក្រុម​ចរចា​នៃ​គណបក្ស​ទាំងពីរ ដែល​មិនអាច​ចេញរួចនោះ​ឡើយ​។

តើការជ្រើសរើសសមាសភាព​ដឹកនាំ ​គ.ជ.ប ​ដោយ​សំឡេង​សមាជិក​ក្នុង​ស​ភា​​ចំនួន ២ភាគ​៣ ជាចេតនាដោះស្រាយបញ្ហានយោបាយដែរឬទេ?  តើរូបមន្តភាគ​៣ ជាការ​គិត​គូរ​ផល​ប្រយោជន៍​ជាតិ​ ឬវាគ្រាន់តែជាការដាក់សម្ពាធឲ្យជាប់គាំង ដើម្បីតថ្លៃ​ផល​ប្រយោជន៍​ជា​មួ​យគណបក្ស ប្រជាជន កម្ពុជា?

ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិលើរូបមន្ត ២ភាគ​៣ ត្រូវបា​ន​ក្រុម​អ្ន​ក​តា​ម​ដា​ន​ស្ថា​ន​​​ការណ៍​នយោបាយកម្ពុជាមើលឃើញយ៉ាងច្បាស់ថា ជាការស្នើសុំ​ដែល​ផ្ទុយ​ពី​ច្បាប់ ពោល គឺ​យោង តាម​ ​វិសោធនកម្ម​ច្បាប់កាលពី​ឆ្នាំ ២០០៦ កន្លងទៅ ដែលចាំបាច់ក្នុងការជ្រើសរើស​ក្បា​លម៉ាស៊ីន​ដឹកនាំ ត្រូវតែ​ប្រើប្រាស់​សំឡេងដាច់ខាត ៥០ ភាគ​រយបូក ១។​ ម្យ៉ា​ង​វិ​ញ​ទៀ​ត​ គេ​នៅ​ចាំ​បាន​ថា​ កា​ល​ពី ២០០៦ លោក សម រង្ស៊ី ផ្ទាល់ បានធ្វើលិខិតស្នើទៅ សម្តេចក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ និង​គណបក្ស​ប្រជាជន​កម្ពុជា សុំ​ឲ្យធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញ ​ពី​ការអនុម័តសំឡេង ២ភាគ​៣ មក ៥​០ភាគ​រយ បូក ១ វិញ ដែល​រូបមន្តថ្មីនេះ បាននាំឲ្យកម្ពុជាគេ​ច​ផុត​ពីភាព​ជាប់គាំងនយោបាយ រហូត​មក​ទ​ល់​​បច្ចុប្បន្ននេះ។

តើហេតុ​ដូច​ម្តេ​​ច​ បានជាមកដល់ស្ថានការណ៍ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជា​តិ​បែ​រ​ជា​ខ្លាចរូប​មន្ត ៥០ភាគ​រយ បូក ១ ដែល​​ខ្លួន​​ធ្លា​ប់​ជា​​អ្ន​ក​​​ស្នើកាលពីអតីតកាលនោះទៅវិញ?

ការ​ផ្លាស់​ប្តូរនូវឆន្ទៈនយោបាយដ៏ក្រឡាប់​ចាក់​បែប​នេះ គឺបាន​បង្ហាញ​នូវ​ពុត​ត្បុ​ត​​ដ៏អាក្រក់​ម្តងហើយម្តងទៀត របស់​គណបក្សដែល​ចាញ់​ឆ្នោត គឺគ្មាន​អ្វី​ដែល​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​ចិត្ត ហើយរឹតតែបង្ហាញពីភាពខ្វះឆន្ទៈនយោបាយក្នុង​ការ​បញ្ច​ប់​វិវា​ទ​ន​យោ​បា​យ​នោះដែរ។ បើ​បញ្ហា​ជាតិ​ធ្វើ​តាម​អារម្មណ៍​បែប​នេះ ការអូសបន្លាយនៃវិវាទ នឹងនៅតែបន្តគ្មា​ន​ថ្ងៃ​បញ្ចប់ ហើយប្រទេសជាតិ​នឹងជួប​គ្រោះ​​អន្តរាយ​ដោយ​សារ​ពួក​គេទាំង​នោះ ​ជាក់​ជាមិ​នខា​ន​ទ្បើ​យ។

ឆន្ទៈ​នយោបាយក្នុងការបង្រួប​ប​ង្រួ​​ម​ជាតិរបស់​រាជ​រដ្ឋាភិបាល​ និយាយ​ដោយ​ឡែក និង​គណបក្ស​ប្រជាជនកម្ពុជា និយាយ​ជា​រួម​ បាន​ទម្លុះ​ទ​ម្លា​​យ​នៃភាពជាប់គាំងជាច្រើនលើកច្រើនសាកន្លង មក ហើយ ដោយក្នុងនោះរួមមាន កា​​រ​​បង្កើ​តរា​ជ​រដ្ឋា​ភិបាលចម្រុះរវាងគណបក្សប្រជា​ជនកម្ពុជា និង​គណ​បក្ស​ ហ៊្វុន ស៊ីនប៉ិច ការ​ស្នើ​ឲ្យ​ព្រះម​ហា​ក្សត្រ​លើកលែងទោសដល់ សម្តេចក្រុម​ព្រះ ​នរោត្តម រណឫទ្ធិ រួមទាំង លោក សម រង្ស៊ី ខ្លួន​ឯ​ង​ផងដែរ។

ដូចនេះ ដើមហេតុនៃការបង្កឲ្យមានការរាំងស្ទះដល់កិច្ចខិតខំក្នុងការចចាររវាង​គណ​ប​ក្ស​​ទាំង​ពីរ មិន​មែន​កើត​ឡើង​ដោយ​សារ​ការ​ជំ​ទាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើរូបមន្ត ២ភាគ​៣ នោះ​ទេ គឺ​ពិត​ជា​កើត​ចេញ​ពីការ​ចាប់​​បង្ខំ​ទៅលើគណបក្សប្រជាជនកម្ពុជាឲ្យធ្វើ​ការ​ឆ្លើយ​តប និង​យល់​ព្រម​ទៅ​លើសំ​ណើ​ដែល​ផ្ទុយ​​​ពី​ច្បាប់​ ហើយច្បាប់​នេះ​ទៀត​សោត នៅ​មាន​តម្លៃ​ជា​ធរមាន នឹង​ប្រកប​ដោយ​អានុភាព​ទៀត​ផង

នៅ​លើ​ពិភព​លោក គ្មាន​ប្រទេសណា ដែល​គេធ្វើ​វិសោ​ធនកម្ម​​រដ្ឋ​ធម្មនុញ្ញ តាម​ទំ​នើង​ចិត្ត​ ម្តង​យ៉ាង​នេះ ម្តង​យ៉ាង​នោះឡើយ ហើយ​ក៏គ្មាន​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេសណាមួយ​ ដែល​​ប្រកាន់​នូវ​របប​ ប្រជា​ធិបតេយ្យ​ ចង់​រុញ​​សង្គមក្រោម​ការ​ដឹក​នាំ​របស់​ខ្លួនដែល​ពោរពេញ​ដោយ​សុខសន្តិភាព​​អោយ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិដែរ គឺ​មាន​តែ​អ្នក​នយោបាយ​បោក​ប្រាស់​តែ​ប៉ុណ្ណោះ​ ដែល​ជ្រើស​រើស​យក​វិធី​នោះ​។

ត្ថបទដោយ: ឧត្តម សក្តិ