Friday, October 10, 2014

សារលិខិតសម្តេចតេជោ ទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ របាយការណ៍អំពីករណីពាក់ព័ន្ធ នឹងពុទ្ធសាសនបណ្ឌិត្យ



ប្រតិភូ​នាវា​យុវជន​កម្ពុជា​ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ចូល​ជួប​សំដែង​ការ​គួរសម



សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត ឱ្យប្រតិភូ​នាវា​យុវជន​កម្ពុជា​ចំនួន​២៩​នាក់​ ដឹកនាំដោយកញ្ញា គិន សំណាង ដែល​នឹងទៅ​ចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនចូល​ជួប​សំដែង​ការគួរសម​​ ។

ក្នុង​ជំនួបដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ​នា​រសៀល ថ្ងៃទី៩​តុលានេះ ក្រោយ​ពិជំនួបបានបញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​នាយក​រដ្ឋមន្ត្រី បានឱ្យដឹង​ថា៖​ក្នុងជំនួននេះ កញ្ញា គិន សំណាង ប្រធានប្រតិភូ បាន​គោរពជំរាបជូន សម្តេច​តេជោ នាយករដ្ឋមន្ត្រី ថា ប្រតិភូនាវាយុវជនកម្ពុជា ចំនួន​២៩នាក់​នេះនឹងទៅចូលរួមកម្មវិធីយុវជនអាស៊ីអាគ្នេយ៍ និង​ជប៉ុន ដែល​កម្មវិធី​នេះ​រៀប​ចំ​ឡើងដោយ រាជរដ្ឋាភិបាលជប៉ុន ហើយក្នុងឱកាសនេះតំណាង​ឱ្យប្រតិភូនាវា​យុវជនកម្ពុជា កញ្ញា បាន​គោរព​អនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី​សម្តេច​តេជោ នាយករដ្ឋមន្ត្រី នូវអនុសាសន៍​ណែនាំប្រកបដោយគតិបណ្ឌិត មុននឹងចេញដំណើរទៅចូលរួម​កម្មវិធីនាវាយុវជនអាស៊ី​អាគ្នេយ៍​យុវជន និងជប៉ុន លើកទី៤១។
 



កញ្ញា គិន សំ​ណាង បានគោរពរាយការណ៍ជូនសម្តេចថា កម្មវិធី​នាវា​យុវជនអាស៊ី​អាគ្នេយ៍​លើក​ទី​៤១នេះ គឺជា​កម្ម​វិធី​រៀបចំ​ដោយ​រាជ​រដ្ឋា​ភិបាល​ជប៉ុន និងមានការចូល​រួមយ៉ាងសកម្ម ពីបណ្តា​ប្រទេសជាសមាជិកអាស៊ាន ដែលកម្មវិធីនេះបានចាប់ដំណើរការតាំង​ពី​ឆ្នាំ​១៩៧៤ ក្នុង​គោល​បំណង​ជាអាទិភាពក្នុងការរឹតចំណងមិត្តភាព ការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជនអាស៊ាន ដើម្បីលើកកំពស់អក្សរសាស្ត្រ សិល្បៈ​វប្បធម៌ និងអារិយធម៌ នៃបណ្តា ប្រទេស​ជាសមាជិក​អាស៊ាន​សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។ កម្មវិធី​កម្មវិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍យុវជន និងជប៉ុន លើកទី៤១ឆ្នាំ២០១៤នេះ មានរយៈពេល៥១ថ្ងៃ ចាប់ពីថ្ងៃទី២៩ខែ​តុលា​រហូតដល់​ថ្ងៃទី​១៨ខែធ្នូ។ ឆ្នាំនេះ​នាវា​អាស៊ាន និងជប៉ុននឹងចាកចេញ ពីកំពង់ផែនៃប្រទេសជប៉ុន រួចទៅចូល​ចត​នៅប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនប្រតិភូទាំងមូលពីកត្តា៤យ៉ាង ដែលនាំឱ្យ​កម្ពុជា​ចូលក្នុងសមាគមអាស៊ាន ទី១​គឺគោល​ការណ៍មិនជ្រៀតជ្រែក,ទី២គឺស្មារតី សហគមដែល​សម្រេច​រាល់បញ្ហាដោយគោលការណ៍ព្រមព្រៀង(កុងសុងស៊ីស) ,ទី៣គឺផល​ប្រយោជន៍​ដែល​បាន​ពីការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ,ទី៤គឺជាច្រក​ចេញការទូត​ដ៏សំខាន់​របស់​កម្ពុជា។សម្តេច​ក៏បាន​ជំរាប​ជូន​ ប្រតិភូ​អំពីបញ្ហាទូទៅ ដែលពាក់ព័ន្ធនឹងនយោបាយ សេដ្ឋកិច្ច ហើយ​ជាទីបញ្ចប់ សម្តេចក៏បានជំរាបជូនប្រតិភូទាំងមូលថា ដំណើរ​ក្នុង​នាវា​យុវជន​នេះ គឺតំណាង​ឱ្យ​ប្រជាជន​ប្រមាណជាង១៥លាននាក់ គឺមិនជាតំណាងឱ្យបុគ្គលនោះទេ ដូច្នេះត្រូវធ្វើ​យ៉ាងណា​រក្សា​ឱ្យ​បាននូវកិត្តិយស និងកិត្តិស័ព្ទដើម្បី តំណាងឱ្យប្រទេសជាតិទាំងមូល៕

ឯកឧត្តម ឈាង វុន ៖ កម្ពុជា​ជាអ្នក​ខាត បើនៅតែ​បន្ត​បាតុកម្ម​ទាម​ទារ​ឲ្យអ្នក​នាំពាក្យ​​សា្ថនទូត​​វៀតណាម សុំទោស​រឿង​បំភ្លៃ​ប្រវត្តិ​សាស្រ្ត​ទឹកដី​ខ្មែរកម្ពុជា​ក្រោម


ឯកឧត្ដម ឈាង វុន សមាជិកគណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍រដ្ឋសភា និង ជា​ប្រធាន​គណៈ​កម្មការ​​​​​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​​នាការ និង​ព័ត៌មាន​ ​នៃរដ្ឋសភា បានលើកឡើងថា សកម្មភាពរបស់បាតុករ ដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាពវៀត​ណាម​​សុំទោស​រឿង​ បំភ្លៃប្រវត្តិសាស្រ្តទឹកដី ខ្មែរកម្ពុជាក្រោម ដែលបានដុតទង់​ជាតិវៀតណាម​នោះ គឺជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជា​អ្នក​ខាត​បង់​ក្នុងរឿងនេះ។

ឯកឧត្តម ឈាង វុន មាន​ប្រសាសន៍​បែ​បនេះនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនិង បណ្តាញ​ពត៌មានរាជរដ្ឋាភិបាល (GNN) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ។

ឯកឧត្តម បាន​អះ​អាង​ថា សកម្មភាពរបស់បាតុករដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាព​វៀតណា​ម​​ សុំទោសរឿងបំភ្លៃ​ប្រវត្តិសាស្រ្តទឹក​ដីខ្មែរ​កម្ពុជា​ក្រោម ដែលបានដុតទង់ជាតិ​វៀត​ណាម​​នោះ គឺ​ជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជាអ្នកខាតបង់ក្នុងរឿងនេះ។

ឯកឧត្តម ឈាង វុន បានបន្តថា តាមការយល់ឃើញរបស់ឯកឧត្តម « សកម្មភាពទាមទារ របស់​បងប្អូនបាតុករ គឺជ្រុលហួសបន្តិចហើយ ម្យ៉ាងអ្នកដែលទទួលខុសត្រូវ ធ្វើឲ្យមាន បញ្ហា​នេះ គឺត្រូវបានរដ្ឋាភិបាលវៀតណាមផ្លាស់ចេញទៅហើយ។ ឯកឧត្តមបញ្ជាក់ថា ការ​ផ្លាស់ចេញនេះ គឺចាត់ទុកថាខាងវៀតណាម គេយល់ថាគាត់មានកំហុសក្នុងរឿងហ្នឹង ហើយ​​បើយើងនៅតែបង្ខំ នៅតែចចេសចង់ឲ្យគេសុំទោស រឺក៏ធ្វើអ្វីហួសពីនេះទៀតវាហាក់ ដូចជា​មិនសមស្របនិងការងារការទូតទេ »។

សូម​បញ្ជាក់ថា រយៈពេល៥ថ្ងៃកន្លងមកនេះ សកម្មភាពបាតុកម្មរបស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​​ក្រោម នឹង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជា​ធិប​តេយ្យ ដែលធ្វើឡើងក្នុងបំណង​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោសនិងទទួលស្គាល់​ប្រវត្តិសាស្ត្រ​​ពិតទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​គេមើល ឃើញថា ហាក់មានសភាពជ្រុលហួស។ ការមើលឃើញ​ពីភាព​ជ្រុល​ហួសនេះ គឺដោយសារ តែសកម្មភាពទាំងនោះ បាន​លេច​ចេញ​នូវអំពើ​ហិង្សា​មួយ​ចំនួន ដូចជាការដុត នឹងជាន់ឈ្លី ទង់ជាតិវៀតណាម, ការដុតលុយវៀតណាម នឹងការដុត​មួក​ដួនរបស់ជនជាតិវៀតណាម។ ក្រៅពីនោះក្រុមបាតុករបាន សរសេរអក្សរជេរប្រមាថ ​ហើយ​រួមទាំងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ ទំនិញវៀតណាម​ថែម​ទៀត​ផង។

ទង្វើ​នេះ ត្រូវ​បាន​ឯកឧត្តម ឈាង វុន បញ្ជាក់ថា នៅក្នុងបរិបទនៃការទូត មិនដែល​ប្រទេស​ណាមួយគេមក សុំទោសយើងទេ វាជាកិត្តិយស​របស់​ប្រទេសគេ ដូច្នេះគេមិនអាចធ្វើ​ទៅ​បាន​ទេ ហើយនៅ ក្នុងប្រវត្តិសាស្ត្រមនុស្សលោក មិនទាន់មានប្រទេសណា​គេសុំទោស​ក្នុង​រឿង​បែប​ហ្នឹងទេ។ ឯកឧត្តម ឈាង វុន ក៏បានឲ្យដឹងថា នៅក្នុងឱកាស​ដែលឯកឧត្តម​បានជួប​ជាមួយក្រុមបាតុករ កាលពីថ្ងៃទី៧ កន្លងទៅ ឯកឧត្តម ក៏បាន​ធ្វើការ​ណែនាំ​ទៅក្រុម​បាតុករ​ថា ក្នុងនាមជាអ្នកនយោបាយ, ក្នុងនាមអ្នកតំណាងរាស្ត្រ ហើយក្នុងនាមជា​អ្នកមាន​បទ ពិសោធន៍ការងារការទូត ដែល​ធ្លាប់​ធ្វើជាអគ្គរាជទូតព្រះ​រាជាណាចក្រកម្ពុជា​ជាង១០​ឆ្នាំ និង​ក្នុងនាមជាប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បាន លើកហេតុផលជាច្រើនជម្រាបជូនទៅក្រុមបាតុករ ថា ស្អីដែលយើងគួរ​ធ្វើ​និង​ស្អីដែលយើង​មិន​គួរ​ធ្វើ។

ឯកឧត្តម ឈាង វុន បានសង្កត់ធ្ងន់ថា បើក្រុមបាតុករនៅតែចចេស អ្នកខាងបង់ និង​ជាអ្នកចាញ់ក្នុងរឿងនេះគឺកម្ពុជាយើង មិន​មែន​វៀត​ណាម​ទេ។ ឯកឧត្តម បានបង្ហាញ ឲ្យឃើញថា តាមរយៈសកម្មភាពបាតុកម្មកន្លងមកនេះ​ បានធ្វើឲ្យសេដ្ឋកិច្ចមានការកករ​ល្អក់, ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​វារាំង​ស្ទះ, ធ្វើឲ្យអ្នកលក់ដូរមានការអាក់អន់ចិត្ត, ហើយអ្នកធ្វើ ចរាចរក៏​អាក់អន់ចិត្តដែរ។ ដោយឡែកការដែលយើង ដុតទង់ជាតិរបស់គេ ម្តងជាពី២ដងហ្នឹង នៅក្នុង​អាស៊ានគេមិនសប្បាយចិត្តនឹងយើងទេ។ យើងជិតកសាងសហគមន៍អាស៊ានមួយ ក្នុង​ពេល​ឆាប់ៗនេះហើយ គឺនៅឆ្នាំ២០១៥ ហើយ​បើកម្ពុជា​យើងទៅដុតទង់ជាតិនៅមុខ សា្ថនទូត​មួយ ដែលជាសមាជិកអាស៊ានអីញ្ចឹង គឺនាំឲ្យមានបញ្ហាល្អក់កករ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ក៏បានមានប្រសាសន៍ប្រាប់សារពត៌មាន (GNN) ថា ការធ្វើបាតុកម្ម​ដោយមានសកម្មភាព ដង្ហែរក្បួន, ដុត និងការជាន់ឈ្លីទង់ជាតិវៀតណាម ការដុតលុយវៀតណាម នឹងការដុត មួកដួន​របស់​ជនជាតិវៀតណាម ដែលថែមទាំងមានការសរសេរអក្សរជេរប្រមាថ ​ហើយរួម ទាំងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ ប្រើ​ប្រាស់​ទំនិញ​វៀត​ណាមនោះ គឺជាទង្វើរ ខុសច្បាប់ទាំងស្រុង ព្រោះសាលារាជធានីភ្នំពេញពុំបានអនុញ្ញាតឲ្យក្រុមបាតុករ​ធ្វើសកម្ម ភាព​ទាំងនោះទេ ក្រៅ​តែអំពីការអនុញ្ញាតឲ្យមានការជួបជុំគ្នា នៅទីលាន​ប្រជាធិប​តេយ្យ៕

រដ្ឋមន្ត្រី​ក្រសួង​ធម្មកា​រដឹក​​នាំ​ក្រុម​ការ​ងារ​​ចូល​​បំ​ភ្លឺ​នៅ​​រដ្ឋ​សភា​​អំពីទី​តាំង​វិទ្យាស្ថាន​​ពុទ្ធសាសន​បណ្ឌិត្យ

មន្ត្រី​កំពូលៗ​របស់​ក្រសួង​ធម្មការ និង​សាសនា បានចូលទៅ​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ចំពោះមុខ​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា នា​រសៀល​ថ្ងៃទី​៩ ខែ​​តុលា​ ឆ្នាំ​២០១៤នេះ ។


ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសន បណ្ឌិត្យសព្វថ្ងៃ ស្ថិត​នៅជាប់​វិមាន​រដ្ឋសភា មិនមាន​ការរុះរើ ឬ​ដោះដូរ​នោះទេ​។ ​​ចំពោះ​ការលើក​ឡើងរបស់​រដ្ឋ​មន្ត្រី​ដូច្នេះ ត្រូវបាន​ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ទទួលយក ហើយ​លើកឡើងថា ក្រុម​អ្នកតំណាង​រាស្ត្រ នឹង​តាមឃ្លាំមើល ហើយ​គណៈកម្មការ នឹងធ្វើ​លិខិត​ទៅកាន់​ស​ម្តេច​ប្រធានរដ្ឋសភា ដើម្បី​ចុះទៅពិនិត្យ ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។

​​អ្នក​​តំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ ក៏បាន​ថ្លែង​ទៅកាន់​លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ និង​​សាសនា ដោយ​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា តម្រូវ​ឲ្យ​ក្រុមហ៊ុនសណ្ឋាគារ និង​កាស៊ីណូ ណាហ្គាវើ​ល រុះរើ​ចេញ​រាល់​ការដ្ឋាន​សំណង់​ណាមួយ នៅ​លើដី​ទីតាំង​ពុទ្ធសាសនបណ្ឌិត្យ ជាបន្ទាន់​។​​​ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មិន ឃិន ក៏បានបន្ថែមថា ដីមួយផ្នែក​ដែលណាហ្គាវើល បើក​ការដ្ឋាននោះ មានកិច្ចសន្យាសុំខ្ចី ដោយក្រសួងធម្មការ និងសាសនា មិនទទួលបាន​កំរ៉ៃ​អ្វី​​ពី​ណាហ្គា វើលទេ ហើយថា ក្រសួង​ កំពុងតែ​ឲ្យ​ណាហ្គា​វើល រុះរើ​ចេញ​វិញហើយ​។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ទៅគណៈកម្មការជំនាញរដ្ឋសភាថា ​កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ​២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទូលថ្វាយលិខិត ទៅ​ព្រះករុណា ព្រះ​មហាក្សត្រ ដោយសម្តេច បាន​បញ្ជាក់ទូលថ្វាយ​ព្រះអង្គ​ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មិនមាន​ការ​លក់ដោះដូរអ្វីទេ​។​

​​ក្នុង​កិច្ច​ប្រជុំ​នោះ ក៏មាន​វត្តមាន​របស់​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ ទាំង ១០ របស់​រដ្ឋ​សភា ចូលរួម​ស្តាប់ និង​ចោទ​ជា​សំណួរ​ផងដែរ​។ ចំណែក​អ្នកកាសែត ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ថតរូប​មួយ​ភ្លែត​ប៉ុណ្ណោះ នៅពេល​បើក​កិច្ចប្រជុំ​។​​



កិច្ចប្រជុំ ដែល​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ត្រូវ​ចូល​ឆ្លើយបំភ្លឺ​នោះ បានធ្វើ​ឡើង តាម​លិខិត​កោះ​អញ្ជើញ​របស់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា​។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា អះអាងថា​ឯកឧត្តម​នឹង​ស្នើ​ទៅ​កាន់​ប្រធានរដ្ឋសភា​ដើម្បី​ចុះ​ទៅ​ ពិនិត្យផ្ទាល់​ មើល​ការសាងសង់​ដែល​កំពុងតែ​កើតមាន​នៅ​ក្បែរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ ។​

​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ឯកឧត្តម យ៉ែម បុញ្ញ​ឫទ្ធិ បាន​លើកឡើង​បែប​នេះ នៅក្នុង​ការសាកសួ​ររដ្ឋមន្ត្រី​ក្រសួងធ​ម្ម​ការ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាក់ទិន​នឹង​ព័ត៌មាន​នៃ​ការលក់​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទៅឲ្យ​ ក្រុមហ៊ុន​ណា​ហ្គា​វើល ។​

​ឯកឧត្តម យ៉ែម បុញ្ញ​ឫទ្ធិ ព្រមាន​ថា ប្រសិន​បើ​លោក​រកឃើញថា​មាន​សំណង់​របស់​ក្រុមហ៊ុន​ណាហ្គា នៅលើ​ដី​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នោះ​លោក​នឹង​បញ្ជា​ឲ្យ​ផ្អាក និង​ធ្វើការ​រុះរើ​ចេញ​ភ្លាម ។

​ព័ត៌មាន​នៃ​ការលក់​ទិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នេះ​កើតឡើង ខណៈ​ក្រុមហ៊ុន​ណាហ្គា​កំពុង​សាងសង់​ផ្លូវ Naga Walk តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ មុខ​វិទ្យាស្ថាន​នេះ និង​កំពុង​សាងសង់​Naga2 ដែល​ធ្វើឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិត​នៅ​ចំ​កណ្ដាល​Naga និង Naga2 ៕

​​ថ្មី​ៗនេះ ​ក្រុម​ព្រះសង្ឃ និង​ពលរដ្ឋមួយក្រុម បាន​តវ៉ា​ជាច្រើនលើក​មកហើយ ចំពោះព័ត៌មាន​ដែល​លិចឮថា មាន​ការ​ពុះ​ជ្រៀក​ដី​មួយផ្នែក នៅ​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅជាប់​របង​វិមាន​រដ្ឋសភា ដែលជួល​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ និង​សណ្ឋាគារណាហ្គាវើ​ល​។ ក្រុម​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋព្រួយ​​បារម្ភ​ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នឹងត្រូវ​ប្រគល់​ឲ្យណាហ្គាវើ​ល ធ្វើជា​សណ្ឋាគារកាស៊ីណូ ទៅ​ថ្ងៃ​ខាងមុខ​ ប៉ុន្តែ ការ​តវ៉ា​ទាំង​នោះ ក្នុង​មាន​សង្ឃមួយ​ចំ​នួន​បាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ចរិតហិង្សាផង​ដែរ ជា​មួយ​នឹង​ការ​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​គណបក្ស​ប្រឆាំង​។

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញា​បត្រ​ជូន​ដល់​និស្សិត​ជ័យ​លាភី​៦៧៤៨​​នាក់ នៃ​សា​កល​វិទ្យាល័យ​ឯកទេស​នៃកម្ពុជា

និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ដែលបាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ពី​សាកល​វិទ្យាធិការឯកទេស នៃ​កម្ពុជា មកពីតាមគ្រប់​សាខា បណ្តា​ខេត្ត  ត្រូវបានប្រគល់សញ្ញាបត្រជូននៅ ព្រឹក ថ្ងៃទី ០៩ តុលានេះ ក្រោម​អធិ​បតី​ភាពដ៍ខ្ពង់ខ្ពស់ សម្តេ​ច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​មជ្ឈមណ្ឌល​ពិពរណ៍កោះ ពេជ្រ។


លោក ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យឯកទេសនៃកម្ពុជា​បាន បញ្ជាក់ថា និស្សិត​ជ័យ​លាភី​ទាំង​អស់​ដែល​បញ្ចប់​ការ​សិក្សា​ពីឆ្នាំ​២០១១-២០១២ ដល់ ឆ្នាំ ២០១៣-២០១៤ ប្រមាណ ៦.៧៤៨នាក់ ក្នុងនោះនារី ១.៦៩០នាក់ ទាំងនៅទីតាំង រាជធានីភ្នំពេញ និង​សាខា​តាម​បណ្តា​ខេត្ត​នានា រួមមានកំពង់ចាម សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពត និងកំពត។ ក្នុងចំណោម​និស្សិត​ជ័យ​លាភីនេះ ក៍មាននិស្សិត ជ័យលាភីថ្នាក់បរិញ្ញាបត្រ ផែ្នកអាហារូបករណ៍ របស់សម្តេចតេជោ និង​សម្តេចកិត្តិព្រឹទ្ធិ បណ្ឌិតចំនួន ២១១នាក់ ។ តាមលោក សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ឯកទេស​​នៃ​កម្ពុជា​បានឲ្យដឹងថា តាមលទ្ធផលនៃការធ្វើអង្កេតនិស្សិតជ័យ​លាភីបញ្ចប់ការសិក្សា អ្នកមាន​ការងារ​ធ្វើ ចំនួន ៨៦,៦% ក្នុងនោះថ្នាក់បរិញ្ញាបតរង ៧១,២% ថ្នាក់បរិញ្ញាបត្រចំនួន ៨៣,៤% ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ៨៩,១% និង​ថ្នាក់​បណ្ឌិតមានការងារធ្វើ ១០០%​។ គិតមកដល់ឆ្នាំសិក្សា ២០១៤-២០១៥ និស្សិតដែលកំពុងសិក្សានៅ​សាកល​វិទ្យា​ល័យឯកទេសនៃកម្ពុជា​ បាន​កើន​ដល់ ១៧០០នាក់ ហើយជ័យលាភីគ្រប់កំរិត ដែល​បញ្ចប់ការសិក្សា​ដោយជោគជ័យពីសាកលវិទ្យាល័យ​ឯកទេសត្រឹម​ឆ្នាំ​២០១៤ មាន​១៩.៧៥២នាក់ ក្នុងនោះនារី ៤.៤៨៩នាក់។


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រសាសន៍ថា កម្ពុជាបានឆ្លង​កាត់​នូវការលំបាកជា​ច្រើន​ជា​មួយ​​​សង្គ្រាមជាច្រើនឆ្នាំ ប៉ុន្តែពេលនេះ  បានស្ថិតនៅក្នុង​ដំណាក់​កាល​ស្នើមុខស្នើ​មាត់​ជាមួយ​ប្រទេ​ស​​ដទៃ​​ហើយកម្ពុជា​មិនត្រឹមតែបានដោះ​ស្រាយ​បញ្ហារបស់ខ្លួនប៉ុណ្ណោះទេ កម្ពុជា​បាន​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហាជាមួយ​ប្រទេសដទៃផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់​ពីសារៈសំខាន់​នៃការ​កែទំរង់ ដើម្បី​​ដើរឲ្យទាន់នូវតំរូវការ​នៃការ​អភិវឌ្ឍ​ប្រទេស ដោយ​មិនអាច​នៅស្កប់​ស្កល់​ស្ងៀម​បានទេ​ ដូច្នោះ​គ្រប់ស្ថាបន័របស់ជាតិ ក៍ដូចជាបុគ្គល​ម្នាក់​ជា​មន្ត្រីរាជការក្តី រឺធុរជនក្តី ក៍ត្រូវរួមចំណែក​ក្នុងការ​កែទំរង់ប្រទេសជាតិ ហើយ​គោល​ដៅនៃ​ការកែ​ទំរង​របស់យើង គឺដើម្បីរក្សាឲ្យបាននូវល្បឿននៃកំណើនសេដ្ឋកិច្ចរបស់យើង និងចិរភាពនៃ​ការ​អភិ​វឌ្ឍ គ្រប់ផ្នែក ពិសេស​ចំណង​ទាក់ទងកម្ពុជា ជាមួយសហគមន៍អន្តរជាតិកាន់តែធំឡើង ៗ តំបន់​ភាវូ​ប​កម្ម និងសាកលភាវូបនីយកម្មតំរូវឲ្យកម្ពុជា ត្រូវតែ​ជំរុញ​នូវការ​អភិវឌ្ឍ ក្នុងនោះធនធាន​មនុស្សជា​បញ្ហាដ៍​មាន​សារៈសំខាន់។


សម្តេចតេជោ នាយករដ្ឋមន្ត្រី បានពន្យល់ពីមូលហេតុដែលកម្ពុជា ត្រូវចូល ជាសមាជិករបស់អាស៊ាន ក្នុងនោះ​ដោយ​សារ​ចំនុច​ចំនួន​៤ដែល​ឲ្យ​កម្ពុជា​ត្រូវប្រឹងប្រែង ចូលក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី១ គឺ​គោល​ការណ៍មិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា កត្តាទី២ ស្មារតីសហគមន៍ ដែលអាស៊ាន​ធ្វើការ​តាម​​កុង​សង់​ស៊ីស ដោយអត់មាន បែងចែកប្រទេសតូចប្រទេសធំ ប្រទេសមាន រឺក្រីក្រទេ ប៉ុន្តែ​ក្នុង​ចំណោមប្រទេស១០ ត្រូវ​មាន​កុងសង់​ស៊ីស​នឹង​គ្នា។ កត្តាទី ៣ គឺនៅត្រង់ថា កម្ពុជាបាន​ទទួល​ផល​ប្រយោជ​​ពីការ​កាត់​បន្ថយ​​គំលាត និងសមាហរណកម្មក្នុងក្របខណ្ឌអាស៊ាន។ តាំង​ពីការ​ចាប់ ផ្តើម​ចូលអាស៊ាន កម្ពុជាបាន​ទទួល​ផលប្រយោជន៍ជា​ច្រើន ពីបញ្ហានៃការអភិវឌ្ឍ​ប្រទេ​ស ក្នុងនោះរួមមាន​ការ​អភិវឌ្ឍធនធានមនុស្ស តាម​រយៈ​ការ​កាត់បន្ថយគំលាត​នេះដែរ និង​កត្តាទី៤ តួអង្គ​អាស៊ានជា​ច្រក​ចេញ​​ដ៍សំខាន់​ផ្នែកកាទូត​របស់​កម្ពុជា ទៅ​សហ​គមន៍អន្តរជាតិ។

សម្តេចតេជោ បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងព្រៀងច្បាប់ថវិកា ហើយនិងត្រូវឆ្លង​នៅ​អាទិត្យ​​ទី៤​ នៅខែតុលានេះ ។ ដោយ​មាន​ការ​ផ្តួច​ផ្តើម​គំនិតពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​កាត់​​បន្ថយនៃអ្នកជាប់ពន្ធបៀវត្តន៍ ដែលមានប្រាក់ ខែពី ៨០ម៉ឺនចុះ លែង​ជាប់​ពន្ធ​ទៀតហើយ។
សម្តេច​តេជោ បញ្ជាក់ថា គ្រាន់តែប៉ុណ្ណឹង រដ្ឋត្រូវបាត់បង់ចំណូលរហូតដល់១០លានដុល្លារ ។ ប៉ុន្តែយ៉ាងណាក៍ដោយ​រាជរដ្ឋា​ភិបាល ​ធ្វើ​ដូច្នេះ​ដើម្បីមន្ត្រីរាជការ កម្មករ កម្មការនីរបស់យើង​មិន​ជាប់ពន្ធលើប្រាក់ បៀវត្តន៍នោះដែរ។ ប្រទេស​ណាក៍​ដោយ​ក៍មាន​ជាប់​ពន្ធ​បៀវត្តនោះដែរ ហើយម្សិល​ម៉ិញខ្ញុំបានចារឯកភាពលើចំនុចនេះហើយដើម្បីរៀបចំ ព្រោះច្បាប់ថវិការបស់យើង ត្រូវធ្វើនៅខែ​តុលានេះ ។


គួររំលឹកថា សេចក្តីព្រាងច្បាប់​ថវិកា​ជាតិ ឆ្នាំ​២០១៤គឺមាន​ទំហំ​ទឹកប្រាក់​ចំនួន ១៣ លាន​លាន​រៀល ស្មើនឹង​​ជាង ៣.៤០០លាន​ដុល្លារ​អាមេរិក ដោយផ្តោតលើការ​យកចិត្ត​ទុក​ដាក់​លើ​ការអភិវឌ្ឍន៍​ធន​ធាន​​មនុ​ស្ស សង្គមកិច្ចសុខាភិ​បាល កសិកម្ម អ​ភ​វឌ្ឍន៍​ជនបទ ឧស្សាហកម្ម កសិក​ឧស្សាហកម្មនិង​ផ្តោតលើ​កិច្ច​ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ និង​ការពារ​បូរណៈភាព​ទឹកដីនិង​ការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារ​ចនា​សម្ព័​ន្ធ ដែល​​​ខូច​ខាតដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀងសរុប​ជា​ទឹកប្រាក់​ខូចខាត​ប្រមាណ​ជិត ១.០០០ លាន​ដុល្លារ​អាមេរិក៕ 

សេចក្ដីជូនដំណឹងស្ដីពី សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤