Friday, October 10, 2014

រដ្ឋមន្ត្រី​ក្រសួង​ធម្មកា​រដឹក​​នាំ​ក្រុម​ការ​ងារ​​ចូល​​បំ​ភ្លឺ​នៅ​​រដ្ឋ​សភា​​អំពីទី​តាំង​វិទ្យាស្ថាន​​ពុទ្ធសាសន​បណ្ឌិត្យ

មន្ត្រី​កំពូលៗ​របស់​ក្រសួង​ធម្មការ និង​សាសនា បានចូលទៅ​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់​ចំពោះមុខ​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា នា​រសៀល​ថ្ងៃទី​៩ ខែ​​តុលា​ ឆ្នាំ​២០១៤នេះ ។


ឯកឧត្តម មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា បាន​បញ្ជាក់ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសន បណ្ឌិត្យសព្វថ្ងៃ ស្ថិត​នៅជាប់​វិមាន​រដ្ឋសភា មិនមាន​ការរុះរើ ឬ​ដោះដូរ​នោះទេ​។ ​​ចំពោះ​ការលើក​ឡើងរបស់​រដ្ឋ​មន្ត្រី​ដូច្នេះ ត្រូវបាន​ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ប្រធាន​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា បាន​ទទួលយក ហើយ​លើកឡើងថា ក្រុម​អ្នកតំណាង​រាស្ត្រ នឹង​តាមឃ្លាំមើល ហើយ​គណៈកម្មការ នឹងធ្វើ​លិខិត​ទៅកាន់​ស​ម្តេច​ប្រធានរដ្ឋសភា ដើម្បី​ចុះទៅពិនិត្យ ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​។

​​អ្នក​​តំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ ក៏បាន​ថ្លែង​ទៅកាន់​លោក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ និង​​សាសនា ដោយ​ស្នើ​ឲ្យ​ក្រសួង​ធម្មការ និង​សាសនា តម្រូវ​ឲ្យ​ក្រុមហ៊ុនសណ្ឋាគារ និង​កាស៊ីណូ ណាហ្គាវើ​ល រុះរើ​ចេញ​រាល់​ការដ្ឋាន​សំណង់​ណាមួយ នៅ​លើដី​ទីតាំង​ពុទ្ធសាសនបណ្ឌិត្យ ជាបន្ទាន់​។​​​ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី មិន ឃិន ក៏បានបន្ថែមថា ដីមួយផ្នែក​ដែលណាហ្គាវើល បើក​ការដ្ឋាននោះ មានកិច្ចសន្យាសុំខ្ចី ដោយក្រសួងធម្មការ និងសាសនា មិនទទួលបាន​កំរ៉ៃ​អ្វី​​ពី​ណាហ្គា វើលទេ ហើយថា ក្រសួង​ កំពុងតែ​ឲ្យ​ណាហ្គា​វើល រុះរើ​ចេញ​វិញហើយ​។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ទៅគណៈកម្មការជំនាញរដ្ឋសភាថា ​កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ​២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទូលថ្វាយលិខិត ទៅ​ព្រះករុណា ព្រះ​មហាក្សត្រ ដោយសម្តេច បាន​បញ្ជាក់ទូលថ្វាយ​ព្រះអង្គ​ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ មិនមាន​ការ​លក់ដោះដូរអ្វីទេ​។​

​​ក្នុង​កិច្ច​ប្រជុំ​នោះ ក៏មាន​វត្តមាន​របស់​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ ទាំង ១០ របស់​រដ្ឋ​សភា ចូលរួម​ស្តាប់ និង​ចោទ​ជា​សំណួរ​ផងដែរ​។ ចំណែក​អ្នកកាសែត ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ចូល​ថតរូប​មួយ​ភ្លែត​ប៉ុណ្ណោះ នៅពេល​បើក​កិច្ចប្រជុំ​។​​



កិច្ចប្រជុំ ដែល​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ត្រូវ​ចូល​ឆ្លើយបំភ្លឺ​នោះ បានធ្វើ​ឡើង តាម​លិខិត​កោះ​អញ្ជើញ​របស់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា​។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា អះអាងថា​ឯកឧត្តម​នឹង​ស្នើ​ទៅ​កាន់​ប្រធានរដ្ឋសភា​ដើម្បី​ចុះ​ទៅ​ ពិនិត្យផ្ទាល់​ មើល​ការសាងសង់​ដែល​កំពុងតែ​កើតមាន​នៅ​ក្បែរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ ។​

​ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ឯកឧត្តម យ៉ែម បុញ្ញ​ឫទ្ធិ បាន​លើកឡើង​បែប​នេះ នៅក្នុង​ការសាកសួ​ររដ្ឋមន្ត្រី​ក្រសួងធ​ម្ម​ការ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ទាក់ទិន​នឹង​ព័ត៌មាន​នៃ​ការលក់​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ទៅឲ្យ​ ក្រុមហ៊ុន​ណា​ហ្គា​វើល ។​

​ឯកឧត្តម យ៉ែម បុញ្ញ​ឫទ្ធិ ព្រមាន​ថា ប្រសិន​បើ​លោក​រកឃើញថា​មាន​សំណង់​របស់​ក្រុមហ៊ុន​ណាហ្គា នៅលើ​ដី​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នោះ​លោក​នឹង​បញ្ជា​ឲ្យ​ផ្អាក និង​ធ្វើការ​រុះរើ​ចេញ​ភ្លាម ។

​ព័ត៌មាន​នៃ​ការលក់​ទិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នេះ​កើតឡើង ខណៈ​ក្រុមហ៊ុន​ណាហ្គា​កំពុង​សាងសង់​ផ្លូវ Naga Walk តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ មុខ​វិទ្យាស្ថាន​នេះ និង​កំពុង​សាងសង់​Naga2 ដែល​ធ្វើឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិត​នៅ​ចំ​កណ្ដាល​Naga និង Naga2 ៕

​​ថ្មី​ៗនេះ ​ក្រុម​ព្រះសង្ឃ និង​ពលរដ្ឋមួយក្រុម បាន​តវ៉ា​ជាច្រើនលើក​មកហើយ ចំពោះព័ត៌មាន​ដែល​លិចឮថា មាន​ការ​ពុះ​ជ្រៀក​ដី​មួយផ្នែក នៅ​ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នៅជាប់​របង​វិមាន​រដ្ឋសភា ដែលជួល​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ និង​សណ្ឋាគារណាហ្គាវើ​ល​។ ក្រុម​ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋព្រួយ​​បារម្ភ​ថា ទីតាំង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ នឹងត្រូវ​ប្រគល់​ឲ្យណាហ្គាវើ​ល ធ្វើជា​សណ្ឋាគារកាស៊ីណូ ទៅ​ថ្ងៃ​ខាងមុខ​ ប៉ុន្តែ ការ​តវ៉ា​ទាំង​នោះ ក្នុង​មាន​សង្ឃមួយ​ចំ​នួន​បាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ចរិតហិង្សាផង​ដែរ ជា​មួយ​នឹង​ការ​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​គណបក្ស​ប្រឆាំង​។

No comments:

Post a Comment