Friday, October 10, 2014

ឯកឧត្តម ឈាង វុន ៖ កម្ពុជា​ជាអ្នក​ខាត បើនៅតែ​បន្ត​បាតុកម្ម​ទាម​ទារ​ឲ្យអ្នក​នាំពាក្យ​​សា្ថនទូត​​វៀតណាម សុំទោស​រឿង​បំភ្លៃ​ប្រវត្តិ​សាស្រ្ត​ទឹកដី​ខ្មែរកម្ពុជា​ក្រោម


ឯកឧត្ដម ឈាង វុន សមាជិកគណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍រដ្ឋសភា និង ជា​ប្រធាន​គណៈ​កម្មការ​​​​​កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោស​​នាការ និង​ព័ត៌មាន​ ​នៃរដ្ឋសភា បានលើកឡើងថា សកម្មភាពរបស់បាតុករ ដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាពវៀត​ណាម​​សុំទោស​រឿង​ បំភ្លៃប្រវត្តិសាស្រ្តទឹកដី ខ្មែរកម្ពុជាក្រោម ដែលបានដុតទង់​ជាតិវៀតណាម​នោះ គឺជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជា​អ្នក​ខាត​បង់​ក្នុងរឿងនេះ។

ឯកឧត្តម ឈាង វុន មាន​ប្រសាសន៍​បែ​បនេះនៅក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយនិង បណ្តាញ​ពត៌មានរាជរដ្ឋាភិបាល (GNN) នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ។

ឯកឧត្តម បាន​អះ​អាង​ថា សកម្មភាពរបស់បាតុករដែលទាមទារឲ្យអ្នកនាំពាក្យស្ថានភាព​វៀតណា​ម​​ សុំទោសរឿងបំភ្លៃ​ប្រវត្តិសាស្រ្តទឹក​ដីខ្មែរ​កម្ពុជា​ក្រោម ដែលបានដុតទង់ជាតិ​វៀត​ណាម​​នោះ គឺ​ជ្រុលហួសហេតុពេក និងថា កម្ពុជា គឺជាអ្នកខាតបង់ក្នុងរឿងនេះ។

ឯកឧត្តម ឈាង វុន បានបន្តថា តាមការយល់ឃើញរបស់ឯកឧត្តម « សកម្មភាពទាមទារ របស់​បងប្អូនបាតុករ គឺជ្រុលហួសបន្តិចហើយ ម្យ៉ាងអ្នកដែលទទួលខុសត្រូវ ធ្វើឲ្យមាន បញ្ហា​នេះ គឺត្រូវបានរដ្ឋាភិបាលវៀតណាមផ្លាស់ចេញទៅហើយ។ ឯកឧត្តមបញ្ជាក់ថា ការ​ផ្លាស់ចេញនេះ គឺចាត់ទុកថាខាងវៀតណាម គេយល់ថាគាត់មានកំហុសក្នុងរឿងហ្នឹង ហើយ​​បើយើងនៅតែបង្ខំ នៅតែចចេសចង់ឲ្យគេសុំទោស រឺក៏ធ្វើអ្វីហួសពីនេះទៀតវាហាក់ ដូចជា​មិនសមស្របនិងការងារការទូតទេ »។

សូម​បញ្ជាក់ថា រយៈពេល៥ថ្ងៃកន្លងមកនេះ សកម្មភាពបាតុកម្មរបស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​​ក្រោម នឹង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជា​ធិប​តេយ្យ ដែលធ្វើឡើងក្នុងបំណង​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំទោសនិងទទួលស្គាល់​ប្រវត្តិសាស្ត្រ​​ពិតទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​គេមើល ឃើញថា ហាក់មានសភាពជ្រុលហួស។ ការមើលឃើញ​ពីភាព​ជ្រុល​ហួសនេះ គឺដោយសារ តែសកម្មភាពទាំងនោះ បាន​លេច​ចេញ​នូវអំពើ​ហិង្សា​មួយ​ចំនួន ដូចជាការដុត នឹងជាន់ឈ្លី ទង់ជាតិវៀតណាម, ការដុតលុយវៀតណាម នឹងការដុត​មួក​ដួនរបស់ជនជាតិវៀតណាម។ ក្រៅពីនោះក្រុមបាតុករបាន សរសេរអក្សរជេរប្រមាថ ​ហើយ​រួមទាំងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ ទំនិញវៀតណាម​ថែម​ទៀត​ផង។

ទង្វើ​នេះ ត្រូវ​បាន​ឯកឧត្តម ឈាង វុន បញ្ជាក់ថា នៅក្នុងបរិបទនៃការទូត មិនដែល​ប្រទេស​ណាមួយគេមក សុំទោសយើងទេ វាជាកិត្តិយស​របស់​ប្រទេសគេ ដូច្នេះគេមិនអាចធ្វើ​ទៅ​បាន​ទេ ហើយនៅ ក្នុងប្រវត្តិសាស្ត្រមនុស្សលោក មិនទាន់មានប្រទេសណា​គេសុំទោស​ក្នុង​រឿង​បែប​ហ្នឹងទេ។ ឯកឧត្តម ឈាង វុន ក៏បានឲ្យដឹងថា នៅក្នុងឱកាស​ដែលឯកឧត្តម​បានជួប​ជាមួយក្រុមបាតុករ កាលពីថ្ងៃទី៧ កន្លងទៅ ឯកឧត្តម ក៏បាន​ធ្វើការ​ណែនាំ​ទៅក្រុម​បាតុករ​ថា ក្នុងនាមជាអ្នកនយោបាយ, ក្នុងនាមអ្នកតំណាងរាស្ត្រ ហើយក្នុងនាមជា​អ្នកមាន​បទ ពិសោធន៍ការងារការទូត ដែល​ធ្លាប់​ធ្វើជាអគ្គរាជទូតព្រះ​រាជាណាចក្រកម្ពុជា​ជាង១០​ឆ្នាំ និង​ក្នុងនាមជាប្រធានគណៈកម្មការកិច្ចការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម បាន លើកហេតុផលជាច្រើនជម្រាបជូនទៅក្រុមបាតុករ ថា ស្អីដែលយើងគួរ​ធ្វើ​និង​ស្អីដែលយើង​មិន​គួរ​ធ្វើ។

ឯកឧត្តម ឈាង វុន បានសង្កត់ធ្ងន់ថា បើក្រុមបាតុករនៅតែចចេស អ្នកខាងបង់ និង​ជាអ្នកចាញ់ក្នុងរឿងនេះគឺកម្ពុជាយើង មិន​មែន​វៀត​ណាម​ទេ។ ឯកឧត្តម បានបង្ហាញ ឲ្យឃើញថា តាមរយៈសកម្មភាពបាតុកម្មកន្លងមកនេះ​ បានធ្វើឲ្យសេដ្ឋកិច្ចមានការកករ​ល្អក់, ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​វារាំង​ស្ទះ, ធ្វើឲ្យអ្នកលក់ដូរមានការអាក់អន់ចិត្ត, ហើយអ្នកធ្វើ ចរាចរក៏​អាក់អន់ចិត្តដែរ។ ដោយឡែកការដែលយើង ដុតទង់ជាតិរបស់គេ ម្តងជាពី២ដងហ្នឹង នៅក្នុង​អាស៊ានគេមិនសប្បាយចិត្តនឹងយើងទេ។ យើងជិតកសាងសហគមន៍អាស៊ានមួយ ក្នុង​ពេល​ឆាប់ៗនេះហើយ គឺនៅឆ្នាំ២០១៥ ហើយ​បើកម្ពុជា​យើងទៅដុតទង់ជាតិនៅមុខ សា្ថនទូត​មួយ ដែលជាសមាជិកអាស៊ានអីញ្ចឹង គឺនាំឲ្យមានបញ្ហាល្អក់កករ។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ក៏បានមានប្រសាសន៍ប្រាប់សារពត៌មាន (GNN) ថា ការធ្វើបាតុកម្ម​ដោយមានសកម្មភាព ដង្ហែរក្បួន, ដុត និងការជាន់ឈ្លីទង់ជាតិវៀតណាម ការដុតលុយវៀតណាម នឹងការដុត មួកដួន​របស់​ជនជាតិវៀតណាម ដែលថែមទាំងមានការសរសេរអក្សរជេរប្រមាថ ​ហើយរួម ទាំងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋឈប់ ប្រើ​ប្រាស់​ទំនិញ​វៀត​ណាមនោះ គឺជាទង្វើរ ខុសច្បាប់ទាំងស្រុង ព្រោះសាលារាជធានីភ្នំពេញពុំបានអនុញ្ញាតឲ្យក្រុមបាតុករ​ធ្វើសកម្ម ភាព​ទាំងនោះទេ ក្រៅ​តែអំពីការអនុញ្ញាតឲ្យមានការជួបជុំគ្នា នៅទីលាន​ប្រជាធិប​តេយ្យ៕

No comments:

Post a Comment