Monday, January 22, 2018

សញ្ញា ៥ ដែលរុស្ស៊ីកំពុងផ្លាស់ប្តូររបៀបដែលខ្លួនធ្វើជំនួញ

នៅ​ឆ្នាំ ២០១២ ប្រធានាធិបតី​ ពូទីន បាន​ឈរ​ដោយ​មោទនភាព​ នៅពេល​អ្នក​សេដ្ឋកិច្ច​ទទួល​​ពាន​រង្វាន់​ណូប៉ែល​ Paul Krugman បាន​ប្រាប់​ទស្សនិកជន​រុស្ស៊ី​អំពី​របៀប​ដែល​ប្រទេស​រុស្ស៊ី​កំពុង​​ទទួល​ផល​ពី​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឯករាជ្យ​របស់​គេ​ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក។ លោក Krugman ថែមទាំង​បាន​គូសបញ្ជាក់​ថា ប្រទេស​លោក​ខាងលិច​​មិន​មាន​ដំណើរ​ការ​ល្អ​ទេ​ បើ​ធៀប​ទៅ​នឹង​រុស្ស៊ី​នៅពេល​នោះ។ ក្នុង​ពេល​នេះ ការ​សម្រេច​ចិត្ត​សេដ្ឋ​កិច្ច​ស្ទើ​តែ​ទាំង​អស់គឺ​​ស្ថិត​លើ​លោក​ប្រធា​នាធិ​បតី ដោយ​មិន​បាន​ផ្តល់​ក្តី​សង្ឃឹម​ពី​ការ​ធ្វើ​ពិពិដ្ឋកម្ម​​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​ធនធាន​របស់​រុស្ស៊ីឡើយ​។​

នៅពេល​តម្លៃ​ថាមពល​ដាំ​ក្បាល​ចុះ សេដ្ឋកិច្ច​រុស្ស៊ី​បាន​​រង​គ្រោះ​យ៉ាង​ធំ។ សូម្បីតែ​សព្វ​ថ្ងៃ តម្លៃ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​​ទាប​យ៉ាង​ខ្លាំង​ជាង​នៅពេល​វា​មាន​តម្លៃខ្ពស់​នៅ​ឆ្នាំ ២០១១ និង​ ២០១២ ទៅ​ទៀត។ ប៉ុន្តែ រុស្ស៊ី​បាន​គេច​ផុត​ពី​ការ​ខ្ទេច​ខ្ទាំ​ហិរញ្ញវត្ថុ​ ដោយ​សារតែ​ធនាគារ​កណ្តាល​រុស្ស៊ី ដែល​ដឹក​នាំ​ដោយ​ប្រធានធនាគារ​កណ្តាល​អឺរ៉ុប​ដែល​ទទួល​បាន​ជ័យ​លាភី​ប្រចាំ​ឆ្នាំ ២ ដង គឺ លោក Elvira Nabiullina។ ចាប់​ពី​ទីផ្សារ​ថាមពល​បាន​ដួល​រលំ រុស្ស៊ីបាន​ចាប់​ផ្តើម​បើក​ទ្វារ​របស់​គេ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ទាំង​សម្រាប់​សម្ព័ន្ធ​មិត្ត​នយោ​បាយ​និង​ទាំងទំនាក់ទំនង​សេដ្ឋកិច្ច។ ឧទាហរណ៍​ដ៏លេច​ធ្លោរ​មួយ​​គឺ​នៅពេល​ស្តេចប្រទេស​អារ៉ាប៊ី សាអូឌីត Salman ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ​នៅ​ខែ​តុលា​មុន។ ប្រទេស​ទាំង​ពីរ​​បាន​ប្រឆាំង​គ្នា​អំពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ដោយ​រុស្ស៊ី​គាំទ្រ​​របប​របស់​ប្រធានាធិបតី​ Bashar Al Assad ហើយ​ប្រទេស​អារ៉ាប៊ី សាអូឌីត គាំទ្រ​ពួក​ឧទ្ទាម​ស៊ីរី។ ទោះជា​សង្គ្រាម​មាន​លក្ខណៈ​បំផ្លិច​បំផ្លាញ​ក៏​ដោយ​ ក៏​ប្រមុខរដ្ឋ​ទាំង​ពីរ​​អាច​ទុក​ភាព​ខ្វែងគំនិត​គ្នា​មួយ​ឡែក​​ដើម្បីជួយ​ពិភាក្សា​គ្នា​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដែរ។​

ការ​បើក​ចំហរ​និង​ការ​សម្រុះ​សម្រួល​បែបនេះ​មាន​ភាព​ថ្មី​មែន​ទែន សម្រាប់​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​ដូចជា Vladimir Putin។ អ្នក​ខ្លះ​មើល​ឃើញ​អំពើ​បែប​នោះ​ថា ជា​សញ្ញាដែល​វិមាន​ក្រឹមឡាំង​​អាច​​មាន​វិធានការ​ថ្មី​ៗ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់សេដ្ឋកិច្ច​របស់​ប្រទេស។ ដើម្បី​យល់​បន្ថែម​ទៀត​នោះ ខាង​ក្រោម​គឺជា​សញ្ញា​ទាំង​ ៥ ដែល​រុស្ស៊ី​កំពុង​ផ្លាស់ប្តូរ​របៀប​ដែល​ខ្លួន​ធ្វើជំនួញ។​

 កិច្ច​ព្រមព្រៀង​ជា​មួយ OPEC

កិច្ច​ជំនួប​រវាង​ប្រធានាធិបតី ពូទីន និង​ស្តេច Salman ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ដែល​ធ្វើ​ឡើង​រវាង​ OPEC ដែល​ប្រទេសអារ៉ាប៊ី សាអូឌីត​ ជា​សមាជិក​ និង​រុស្ស៊ី។ ប្រទេស​ទាំងពីរ​​បាន​រង់គ្រោះ​ នៅ​ពេ​ល​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​នៅឆ្នាំ ២០១៤។ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រុស្ស៊ីលោក Alexander Novak បា​ន​​ពន្យល់​ថា “​ក្នុង​នាម​ជាប្រទេស​ផលិត​ប្រេង​ធំជាង​គេ​ទាំង​ពីរ​ក្នុង​ពិភព​លោក រុស្ស៊ី​និង​អារ៉ាប៊ី សា​អូ​ឌីត​ មាន​បន្ធុក​ធ្ងន់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​មាន​ស្ថិរភាព”។ រុស្ស៊ី​បាន​ពឹង​ផ្អែក​ជា​យូរ​មក​ហើយ​លើ​​ប្រាក់​ដែល​បាន​ពីការ​លក់ប្រេង​របស់គេ ក្នុង​ខណៈ​ដែល​អារ៉ាប៊ី សាអូឌីត បានជួប​ប្រទេះ​នឹងការ​កើន​ឡើង​​ការ​គ្មាន​ការងារ​ធ្វើ​ ដោយ​សារតែ​តម្លៃ​ប្រេង​ធ្លាក់ចុះ។ គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នោះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្រេង​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ ហើយជា​លទ្ធផល​​តម្លៃ​ប្រេង​ពិភព​លោក​បាន​ងើប​ឡើង​វិញ។

 ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​មួយអាមេរិក

ប្រទេស​មួយ​ទៀតដែល​រុស្ស៊ី​បាន​ឈោង​ចាប់​ក្នុង​ផ្នែក​ជំនួញ​នោះ​គឺ​អាមេរិក។ ទោះជា​​មាន​ការ​ប្រេះ​ឆារ​នយោ​បាយ​រវាង​ប្រទេស​ទាំង​ពីរ​លើ​ការ​ចោទ​ប្រកាន់ពីការ​លូក​ដៃ​ចូល​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កន្លង​ទៅ​ក៏​ដោយ ក៏​នាយក​ប្រតិបត្តិនិង​ជា​សហស្ថាបនិកក្រុម​ហ៊ុន Arkadium បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​ធុរកិច្ច​​បាន​ដំណើរការ​ល្អ។ ក្រុម​ហ៊ុន​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​ញ៉ូយ៉ក​នោះ​ក៏​បាន​​ផ្តល់ការងារ​ដល់​មនុស្សជាង ៦៣ នាក់​នៅទីក្រុង​ភាគ​ខាង​ត្បូង​រុស្ស៊ី Krasnodar ផង​ដែរ ហើយ​នយោ​បាយ​មិន​បាន​ធ្វើ​ឲ្យ​ខូច​ដល់​ប្រតិបត្តិការរបស់គេ​ទេ។​ ប្រធាន​សភាពាណិជ្ជកម្ម​​រុស្ស៊ី-​អា​មេរិក​លោក Sergei Millian បាន​ផ្តល់​ទស្សនៈ​កាន់តែ​ទូលាយ ដោយ​បាន​បញ្ជាក់​ថា ធុរកិច្ច​ស្រ​ដៀង​គ្នា​​ជាង ១០.០០០ ដែល​មាន​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ជារួម ធុរកិច្ច​ទាំង​នោះ​បាន​ផ្តល់​ការ​ងារ​ជាង ៣ លាននាក់។​

 ការ​អនុវត្ត​គម្រោង Blockchains រដ្ឋាភិបាល

រុស្ស៊ីតែ​ងតែ​គាំទ្រ​ដល់​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រព័ន្ធ​ជា​ច្រើន​របស់គេ។ Conwire បាន​រាយការណ៍​ថា ពួកគេ​ថ្មីៗនេះ​បាន​អនុវត្ត​គម្រោង​ Blockchains ជា​មធ្យោបាយ​ថ្មី​​សម្រាប់​ប្រតិបត្តិការណ៍​ហិរញ្ញវត្ថុ​រប​ស់​គេ ដែល​បាន​ក្លាយជា​ប្រទេសដំបូង​គេ​មួយ​ក្នុងការ​ទទួល​ស្គាល់​និង​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​បច្ចេ​ក​វិទ្យា​នោះ។ វិទ្យាស្ថាន​ហិរញ្ញវត្ថុ​រដ្ឋ​ Sberbank បាន​ប្រកាសជាផ្លូវ​ការ​នូវ​កិច្ច​សហការ​ណ៍​របស់គេ​ជា​មួយ​​សេវា​ប្រឆាំង​ភាព​ផ្តាច់មុខ​សហព័ន្ធ​ (Federal Antimonopoly Service – FAS) ដើម្បី​ការ​អនុវត្តិ​នោះ​។

 ការ​លក់​មូល​ប័ត្រ​ប្រាក់​អឺរ៉ូ

ក្រសួងហិរញ្ញវត្ថុ​របស់​ប្រទេស​នោះ​បាន​ចេញ​មូល​ប័ត្រ​ប្រាក់​អឺរ៉ូ​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​បំពេញ​តាម​តម្រូវការ​របស់​វិនិយោគិន​មូលប័ត្រ​ពិភព​លោក​ជាច្រើន។ នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​មុន​ពេល​អាមេរិក​ដាក់​ទណ្ឌ​កម្ម​ថ្មីៗ​លើ​រុស្ស៊ី។ អ្នក​វិភាគ​ខ្លះ​បាន​លើក​ឡើង​ថា ទ​ណ្ឌ​​កម្ម​អាមេរិក​អាច​បង្កើន​តម្រូវការ​ដល់​មូល​ប័ត្រ​ប្រាក់​អឺរ៉ូ​របស់​រុស្ស៊ី ពិសេស​ដោយ​សារតែ​វា​បាន​រក្សា​​ក្រុង​ម៉ូស្គូ​ឲ្យ​នៅ​ឆ្ងាយ​ពី​​ទីផ្សារ​មូល​ប័ត្រ​អន្តរជាតិ។

 គម្រោង​ថាម​ពល​ថ្មីៗ​

ជាង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក រុស្ស៊ី​នៅតែ​ត្រូវ​ដោះ​ស្រាយ​ជា​មួយការ​ដួល​រលំ​តម្លៃ​ប្រេង​ឆ្នាំ ២​០១៤។ ក្រៅពី​កិច្ច​ព្រមព្រៀង​ជា​មួយ​ OPEC រុស្ស៊ី​ក៏​បាន​ចាប់​ផ្តើម​លើ​គម្រោង​ដែល​នឹង​ជួយ​ផ្តល់​កម្លាំង​ឧស្សាហកម្ម​ប្រេង​ឡើង​វិញ​ដែរ។ គម្រោង​មួយ​ជា​ពិសេស​នោះ​គឺ​ការ​ចូល​ហ៊ុន​របស់​ក្រុម​ហ៊ុន​ប្រេង Rosneft នៅ​ Kurdistan ដោយ​បង្កើត​គម្រោង​ដែល​មាន​តម្លៃ​ ៤០០ លាន​ដុល្លារ។ ប្រ​ធា​នា​ធិបតី​ ពូទីន បាន​មើល​ឃើញ​ការ​ចូល​ហ៊ុន​នេះ​ថា ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ចសម្រាប់​រុស្ស៊ី Kurd​istan និង​អ៊ីរ៉ាក់។​ ដោយ​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កំពុង​កើត​ឡើង​នៅរុស្ស៊ី ពួក​គេ​នៅតែ​ទទួល​បន្ទុក​ធ្ងន់​​លើ​ការ​ងើប​ចេញ​ពី​វិបត្តិសេដ្ឋកិច្ច​របស់​គេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ពួក​គេ​ឥឡូវ​នេះ​កំពុង​ប្រើ​ប្រាស់​មធ្យោ​បាយ​ដើម្បី​វិលទៅ​រក​ស្ថិរភាព​ហិរញ្ញវត្ថុ​​វិញសម្រាប់​ប្រទេស​របស់គេ ដែល​កំពុង​បង្ហាញ​ឡើង​ថា មាន​ប្រសិទ្ធភាព​៕

(ប្រភព៖ IPP Review ចុះថ្ងៃ២១ ខែមករា​ ​ឆ្នាំ២០១៨)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឱ្យសិល្បៈការិនីទាំងអស់បញ្ឈប់ការលើកឡើងថា មានអ្នកធំ ឬឧកញ៉ាជាច្រើនតាមស្រឡាញ់ខ្លួន

ដោយសារតែមានការលើកឡើងជារឿងៗពីមាត់សិល្បៈការិនីខ្មែរថា មានអ្នកធំឬឧកញ៉ាច្រើនណាស់តាមស្រឡាញ់ខ្លួននោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំដល់សិល្បការិនីល្បីៗទាំងអស់ទម្លាយឈ្មោះមន្ត្រីធំៗ ឬឧកញ៉ាៗដែលតាមទាក់ទងខ្លួន ក្នុងន័យលួចលាក់ឱ្យដឹងជាសាធារណៈ កុំលើកឡើងជារួមព្រោះវានឹងប៉ះពាល់ដល់កិត្តិយសមន្រ្តីធំៗ និងឧកញ៉ាល្អៗជាច្រើនទៀត។

លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មាន ជាច្រើនរូបចូលរួមផងដែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញនៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងមកក្មួយៗតារាៗជានារីដែលឡើងតាមកញ្ចក់ទូរទស្សន៍ និងការសម្ភាសន៍ និងវិទ្យុនានា ឬក៏ការចុះផ្សាយតាមសារព័ត៌មានតែងតែមានមួយចំនួនអះអាងថាអ្នកធំៗ និងឧកញ៉ាតាមស្រឡាញ់ខ្លួនច្រើនណាស់។ លោកបានលើកឡើងជាសំនួរថា តើការដែលនារីតារាៗលើកឡើងថាមានអ្នកធំជាច្រើនណាស់តាមស្រឡាញ់ខ្លួននោះ តើជាការពិត ឬជាការប្រឌិតគ្រាន់តែចង់ល្បីឈ្មោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំដល់នារីតារាៗទាំងអស់ សូមបញ្ឈប់ការនិយាយដែលអាចប៉ះពាល់ដល់កិត្តិយសរបស់អុ្នកធំ ឬឧកញ៉ាទូទៅ ហើយនេះមិនមែនជាការជេរស្តីទេបើអាចឈប់និយាយបានឈប់ទៅ។ លោកបានបន្ថែមថា លោកមិនស្អប់ខ្ពើមឬធុញទ្រាន់នឹងតារាណាមួយនោះទេ ប៉ុន្តែលោកជ្រិញជាមួយនឹងអ្នកទំយើរខ្លួន អួតថាមានអ្នកធំ ឬឧកញ៉ាច្រើនណាស់តាមស្រឡាញ់ខ្លួន ហើយការលើកឡើងដូចនេះ មិនមែនជារឿងដែលល្អមានប្រយោជន៍សម្រាប់ខ្លួនឯងនោះទេ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន លើកទី៦៥

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Horinoughi Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ និងសម្តែងការគាំទ្រចំពោះខួបអនុស្សាវរីយ៍នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុនលើកទី៦៥។

នៅក្នុងជំនួបនោះ លោក Horinoughi Hidehisa បានសម្តែងការអបអរសាទរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះលទ្ធផលនៃមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ លោក Horinoughi Hidehisa ក៏បានសម្តែងសេចក្តីរីករាយផងដែរ ចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលកាន់តែមានភាពល្អប្រសើរ និងទទួលបានជោគជ័យជាបន្តបន្ទាប់។ លោក Horinoughi Hidehisa បានមានប្រសាសន៍បន្តថា ចំនួនភ្ញៀវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសជប៉ុនពេលនេះ មានការកើនឡើងរហូតទៅដល់ ៥ដង។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងថា ឆ្នាំនេះទៀតសោត គឺជាឆ្នាំនៃទំនាក់ទំនងការទូតលើកទី ៦៥ រវាងកម្ពុជា-ជប៉ុនផងដែរ។ ក្រសួងការបរទេសជប៉ុន កំពុងធ្វើសហប្រតិបត្តិការជាមួយក្រសួងការបរទេសកម្ពុជា ដើម្បីរៀបចំកម្មវិធីនានាដើម្បីត្រៀមអបអរនៃទិវាខួបអនុស្សាវរីយ៍នេះ។ លោក Horinoughi Hidehisa ក៏បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរថា Logo ខួបអនុស្សាវរីយ៍នេះ បានសម្រេចហើយ គឺជាផ្លិតមានរូបម្ខាងជាទង់ជាតិកម្ពុជា និងម្ខាងទៀតមានរូបជាទង់ជាតិជប៉ុន។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោក Horinoughi Hidehisa ដែលបានសាទរ ចំពោះលទ្ធផលមហាសន្និបាត របស់គណបក្សប្រជាជនកម្ពុជា ហើយលោក ក៏បានវាយតម្លៃខ្ពល់ចំពោះស្លាកសញ្ញា Logo នៃចំណងមិត្តភាពការទូតកម្ពុជា-ជប៉ុន លើកទី ៦៥នេះ៕








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី បង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានថ្លែងជំរុញឱ្យវៀតណាម បង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ព្រឹកមិញនេះ។

ក្នុងឱកាសនោះដែរ លោកអគ្គរដ្ឋទូតវៀតណាមថ្មី បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជោគជ័យត្រចះត្រចង់ របស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានបញ្ចប់ទៅកាលពីម្សិលមិញនេះ។

លោក Vu Quang Minh បានជម្រាបថា បេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺលោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត។
លោក Vu Quang Minh ក៏បានប្ដេជ្ញាថានឹងអនុវត្តតាមអនុសាសន៍ទាំងឡាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសូមគោរពស្នើសុំអនុសាសន៍ផងដែរ ដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មរបស់លោកនៅកម្ពុជាឱ្យបានទទួលជោគជ័យ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍និងអបអរសាទរជូនចំពោះ លោក Vu Quang Minh ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខពីថ្នាក់ដឹកនាំរបស់វៀតណាម រួមទាំងការសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលនៃមហាសន្និបាតរបស់គណបក្សប្រជាជនផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំផ្ញើ លោក Vu Quang Minh ជំរុញកំណើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ឱ្យកើនឡើងថែមទៀត និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជំរុញការកសាង និងអភិវឌ្ឍន៍នៅតាមព្រំដែន ដើម្បីប្រជាជាតិនៃប្រទេសទាំងពីរ អាចប្រកបរបរទទួលទាន កាន់តែងាយស្រួលដោយសុខដុមនីយកម្ម៕





ក្រសួងការងាររៀបចំ សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍ សម្រាប់គាំពារកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង

នៅថ្ងៃច័ន្ទ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធស្តីពី យុទ្ធសាស្ត្រសុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិត វិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានអ្នកចូលរួមប្រមាណជា ១៥០នាក់ មកពីស្ថាប័នផ្សេងៗ ដែលរៀបចំដោយ អង្គការមូលនិធិបង្ការរបួសអាស៊ី(AIP)។

កម្មវិធីសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់កម្មករនិយោជិត និងផ្សព្វផ្សាយដល់ម្ចាស់រថយន្តដឹកកម្មករឲ្យយល់ដឹងពីវិធីសាស្រ្តការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរជាមួយ និងបានបង្ហាញអំពីយុទ្ធសាស្ត្រលើ សុវត្ថិភាពចរាចរណ៍សម្រាប់គាំពារកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ហើយមិនត្រឹមប៉ុណ្ណោះកម្មវិធីនឹងមានការប្រជុំពិភាក្សាជាក្រុម អំពីការបញ្ជូលយុទ្ធសាស្រ្តទៅក្នុងសកម្មភាពជាក់លាក់លើការសហការដើម្បីធ្វើឲ្យការគ្រប់គ្រង និងគណនេយ្យភាពលើសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង (ទិសដៅយុទ្ធសាស្រ្ត ១) សុវត្ថិភាពយានយន្ត (ទិសដៅយុទ្ធសាស្រ្ត២) សុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ (ទិសដៅយុទ្ធសាស្ត្រ ៣) និងសុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ (ទិសដៅយុទ្ធសាស្រ្ត៤)។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានថ្លែងអរគុណចំពោះអង្គការ AIP និងស្ថាប័នពាក់ព័ន្ធផងដែរ ដែលបានសហការជម្រុញឲ្យកម្មវិធីនេះបានដំណើរការដោយរលូន និងបានលើកទឹកចិត្តដល់អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ឲ្យប្រុងប្រយ័ត្ន និងត្រូវពិនិត្យមើលរថយន្តរបស់ខ្លួនឲ្យបានជាប្រចាំ៕





កូនស្រីលោក កឹម សុខា ប្រតិកម្មការលើកឡើងរបស់ លោក សម រង្ស៊ី ដែលថា ការប្រកាសជំហរឪពុករបស់នាង ធ្វើឡើងដោយភ័យខ្លាច

កញ្ញា កឹម សម្មាធីតា កូនស្រីម្នាក់ទៀត របស់លោក កឹម សុខា រួមទាំងមនុស្សជំនិត លោក កឹម សុខា មួយចំនួនទៀត បានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី កាលពីម្សិលមិញ ដែលបានចាត់ទុកថា ការប្រកាសជំហររបស់លោក កឹម សុខា ក្នុងការមិនគាំទ្រ និងចូលរួមជាមួយនឹង «ចលនាសង្រ្គោះជាតិ» គឺធ្វើឡើងដោយការភ័យខ្លាច។

នៅលើទំព័រ Facebook របស់ កញ្ញា កឹម សម្មាធីតា ដែលបង្ហោះកាលពីយប់មិញនេះ បានបញ្ជាក់យ៉ាង​ដូច្នេះថា៖ «ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថា រាល់ការសម្រេចចិត្ត​របស់ឪពុក​នាងខ្ញុំ គឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចចិត្តអ្វីមួយ ដែលផ្ទុយពីឆន្ទៈលោក ដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួន ដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថា គេមានបំណងចាប់ខ្លួនរូបលោកដែរ»។

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងត្រូវបាន​ឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហររបស់លោកតាមរយៈលោកមេធាវី ផែង ហេង ឱ្យដឹងថា លោកមិនគាំទ្រ និងចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី នោះទេ ហើយលោកបញ្ជាក់ប្រាប់សាធារណជនថា លោកនឹងនៅជាមួយប្រជាពលរដ្ឋ ដែលបោះឆ្នោតឱ្យ​គណបក្សសង្រ្គោះជាតិជារៀងរហូត។

ឆ្លើយតបនឹងការប្រកាសជំហរនេះ លោក សម រង្ស៊ី បានបង្ហាញសារប្រតិកម្មភ្លាមៗនៅលើបណ្តាញសង្គម Facebook។ លើទំព័រ Facebook ផ្ទាល់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នោះ លោក សម រង្ស៊ី បានហៅការប្រកាសជំហររបស់ លោក កឹម សុខា បែបនេះថា ធ្វើឡើងដោយការភ័យខ្លាច។ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតែលោកប្រធាន កឹម សុខា ស្ថិតក្នុងកណ្តាប់ដៃលោក ហ៊ុន សែន លោក កឹម សុខា មិនអាចប្រកាសថា លោកគាំទ្រចលនាសង្គ្រោះជាតិបានទេ ពីព្រោះចលនានេះ មានគោលដៅបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោត ឆ្នាំ២០១៨នេះ ហើយដណ្តើមយកជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន។ បើលោក កឹម សុខា ប្រកាសគាំទ្រចលនាសង្គ្រោះជាតិ ច្បាស់ជាលោក ហ៊ុន សែន នឹងធ្វើបាបលោក កឹម សុខា រឹតតែខ្លាំងថែមទៀត»។

កញ្ញា កឹម សម្មាធីតា បានចាត់ទុកថា ការលើកឡើងរបស់ លោក សម រង្ស៊ី នេះ គឺមានចេតនា​បរិហារកេរ្តិ៍ឪពុក​របស់នាង។ កញ្ញា បានសំណូមពរយ៉ាងដូច្នេះថា «នាងខ្ញុំសូមសំណូមពរឲ្យបញ្ឈប់នូវ​ការបរិហាកេរ្តិ៍មកលើ​ឪពុកនាងខ្ញុំដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោកគឺដោយសារលោកខ្លាចពីសុវត្តិភាពរបស់ខ្លួន»។
សូមបញ្ជាក់ថា ភាពចម្រូងចម្រាស់នៅក្នុងផ្ទៃក្នុងនៃអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានកើតឡើង​ជាបន្តបន្ទាប់ក្រោយពេល លោក សម រង្ស៊ី រួមទាំងបក្ខពួករបស់លោកមួយចំនួនទៀត បង្កើតចលនាថ្មីមួយ​ឈ្មោះ «ចលនាសង្រ្គោះជាតិ» កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ ចលនាថ្មីនេះ ត្រូវបានលោក សម រង្ស៊ី អះអាងថា បង្កើតឡើងដើម្បីចូលរួមស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឱ្យដោះលែង លោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្សសង្រ្គោះជាតិ អាចចូលរួមការបោះឆ្នោតខាងមុខនេះឡើងវិញ។
ក្រុម កឹម សុខា និយម បានចាត់ទុកថាចលនានេះនឹងបន្ថែមបន្ទុកទោសដល់ លោក កឹម សុខា ដែលកំពុង​ជាប់​ចោទពាក់ព័ន្ធ នឹងអំពើក្បត់ជាតិនៅកម្ពុជា។ ចំណែកគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ចលនានេះជា​ក្រុមឧទ្ទាម ដែលច្បាប់មិនអនុញ្ញាត៕



កាកបាទក្រហមខណ្ឌមានជ័យ ចុះសួរសុខទុក្ខដល់កម្មករកម្មការិនីរោងចក្រចំនួន៣០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី៣

ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសំណេះសំណាលសាកសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនីរោងចក្រចំនួន៣០គ្រួសារ រស់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
នាឱកាសនោះ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីប្រធាន ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនកម្មករ កម្មការិនីទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ព្រមទាំងសូមឲ្យបងប្អូនទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរពីសុខភាព បរិភោគចំណីអាហារដែលមានជីវជាតិ និងសូមប្រុងប្រយ័ត្នបង្ការចំពោះគ្រោះអគ្គីភ័យ ព្រមទាំងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ។

ជាមួយគ្នានោះ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌មកផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន អង្ករ១បាវ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១យួរ និងថវិកាចំនួន២ម៉ឺនរៀល ៕




តើសារព័ត៌មានបែបណាដែលសង្គមនិងប្រជាពលរដ្ឋចង់បាន?

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន បានស្នើដល់ស្ថាប័នសារព័ត៌មានទាំងរដ្ឋ និងឯកជនត្រូវស្វះស្វែងតាមប្រមាញ់ផ្ដិតយករូបភាព និងសកម្មភាពរបស់ស្ថាប័នរដ្ឋឱ្យបានត្រឹមត្រូវហើយត្រូវចេះ​ពាំនាំទុក្ខលំបាករបស់ប្រជាពលរដ្ឋ​មកផ្សព្វផ្សាយប្រាប់ស្ថាប័នរដ្ឋវិញដើម្បីឱ្យស្ថាប័នពាក់ព័ន្ធទាំងនោះចាត់វិធានការដោះស្រាយទាន់ពេលវេលា។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជា​តិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញនៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ មិនថាសារព័ត៌មានរដ្ឋ ឬឯកជននោះទេត្រូវធ្វើយ៉ាងណាប្រឹងប្រែងស្វះស្វែងតាមប្រមាញ់រកព័ត៌មានដោយខ្លួនឯង និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទើបក្លាយជាអ្នកសារព័ត៌មានចំណាន។ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានស្នើដល់សារព័ត៌មាននូវសំណូមពរមួយចំនួនដែលលោកចង់បានរួមមាន៖

ទី១- ចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវបំពេញឱ្យបាននូវតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំ​ងនូវស្ថានភាពពិតប្រាកដក្នុងសង្គមដាច់ខាតសារព័ត៌មានមិនត្រូវក្លាយជាកញ្ចក់បែកនោះឡើ​យ ព្រោះវាអាចជះឥទ្ធិពលដ៏អាក្រក់ចំពោះសង្គមកម្ពុជា ដូច្នេះទាំងសារព័ត៌មានរដ្ឋ និងឯកជនត្រូវមានតម្លាភាពដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងជាមួយគ្នា។

ទី២- ចង់បានព័ត៌មានមួយដែលជួយផ្ដល់ព័ត៌មានពីស្ថាប័នរដ្ឋទៅឱ្យប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកស្ថាប័នរដ្ឋវិញពោលសារព័ត៌មាន និងស្ថាប័នរដ្ឋត្រូវជួយគ្នាទៅវិញទៅមកដើម្បីជួយជ្រោមជ្រែងសង្គមកម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។ សារព័ត៌មានមានសារៈសំខាន់ខ្លាំងណាស់រវាងគោលនយោបាយរបស់រដ្ឋជាមួយប្រជាពលរដ្ឋ ដូច្នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យស្ថាប័នព័ត៌មាន និងស្ថាប័នរដ្ឋ ជួយបំពេញគ្នាទៅវិញទៅមកតាមរយៈការប​ញ្ជូនសារទាក់ទងទៅនឹងក្របខណ្ឌគោលនយោបាយរបស់រដ្ឋទៅដល់ប្រជាពលរដ្ឋ ហើយនាំទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រាប់មកស្ថាប័នរដ្ឋវិញដោយឆ្លុះបញ្ចាំងការពិតជាក់ស្ដែង។

ទី៣- ចង់បានព័ត៌មានចេះជួយរិះគន់ក្នុងន័យស្ថាបនាចេះជួយតាមពិនិត្យការអនុវត្តរបស់ស្ថាប័នរដ្ឋ ដោយប្រៀបធៀបជាមួយនឹងនយោបាយ ឬកម្មវិធីដែលបានដាក់ចេញព្រោះនេះជាចំណុ​ចមិនអាចខ្លះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។

ទី៤- ចង់បានស្ថាប័នព័ត៌មាន ដែលមានលទ្ធភាពចូលរួមវិភាគយុទ្ធសាស្ត្រនយោបាយ ក្នុងក្រ​ប​ខណ្ឌជាតិ និងអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កុំឱ្យសារព័​ត៌មានអន្តរជាតិសរសេរពីកម្ពុជា អ្នកសារព័ត៌មានកម្ពុជាគួរតែសរសេរពីអន្តរជាតិវិញម្ដង ហើយគ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវគោរពសេរីភាពនៃសារព័ត៌មានប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯង ក៏ត្រូវហ៊ានទទួលខុសត្រូវចំពោះការសរសេរ និងពាក្យសម្ដីរបស់ខ្លួនផងដែរ៕









គណ:ប្រតិភូកាកបាទក្រហមកម្ពុជា នាំយកបច្ច័យ ទេយ្យទាន​ ចូលបុណ្យគម្រប់១ឆ្នាំ​ នៃការទទួល​អនិច្ចធម្ម(សុគត)​ ព្រះឃោសធម្ម​ ញ៉ែម សុភ័ក្ត្រ​

គណ:ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ បាននាំយកបច្ច័យ ទេយ្យទាន ចូលបុណ្យគម្រប់១ឆ្នាំ នៃការទទួលអនិច្ចធម្ម(សុគត) ព្រះឃោសធម្ម ញ៉ែម សុភ័ក្ត្រ អតីតព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) ដែលពិធីនេះប្រារព្ធនៅក្នុងវត្តប្រជុំនទី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ លោកអគ្គលេខាធិការរងទី២ បានមានប្រសាសន៍ថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ តែងតែចង់ចាំជានិច្ចនូវគុណបំណាច់របស់ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត ដែលធ្លាប់បានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទកាលពីនៅមានព្រះជន្ម។

ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏បានយកនូវទេយ្យវត្ថុមួយចំនួន ដើម្បីជួយឧបត្ថម្ភដល់ពិធីបុណ្យគម្រប់១ឆ្នាំ ប្រគេនព្រះសព ក៏ដូចជាព្រះសង្ឃ ដែលគង់នៅវត្ដក្រពើហា ជាង២០០អង្គផងដែរ រួមមាន៖ អង្ករ២តោន, មី៣០កេស, ត្រីខ១០កេស, ទឹកក្រូច២០កេស, ទឹកសុទ្ធ២០កេស, តែ៥គីឡូក្រាម, ស្ករស៥០គីឡូក្រាម, កាហ្វេ៥កេស, ទឹកដោះគោខាប់៥កេស និងបច្ច័យមួយចំនួនទៀត។

សូមបញ្ជាក់ថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាព្រះរាជាគណៈថ្នាក់ទោ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និងជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា បានទទួលអនិច្ចធម្ម (សុគត) នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ដោយសារព្រះរោគាពាធ ក្នុងព្រះជន្ម៤៨ព្រះវស្សា៕




នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចំនួន៣ប្រចាំនៅកម្ពុជា

ក្រោយពីបានបញ្ចប់ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសអស់រយៈពេល៣ថ្ងៃ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០១៨ និងបានជួបសំណេះសំណាល និងបរិភោគអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកកាសែតជាង ៣,៤០០ នាក់កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កោះពេជ្រហើយ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតវៀតណាម និងជប៉ុន និង នៅរសៀលបន្តជួបឯកអគ្គរដ្ឋទូតឥណ្ឌាជាបន្តទៀតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបង្ហោះផ្សាយនៅព្រឹកមិញនេះ។

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា «ខ្ញុំអាចមានពេលសម្រាកមួយរសៀលដែរ នៅថ្ងៃអង្គារសប្តាហ៍នេះ មុននឹងចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងបំពេញទស្សនៈកិច្ចផ្លូវការនៅទីនោះចាប់ពីថ្ងៃទី២៤-២៨ ទើបវិលត្រឡប់មកកម្ពុជាវិញ។ ទោះបីរវល់មមារញឹកនឹងការងារបែបណា គឺខ្ញុំតែងតែនឹករឮកមកដល់បងប្អូនជនរួមជាតិគ្រប់ទីកន្លែង។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសអស់រយៈពេល៣ថ្ងៃមកនេះ ហើយសង្ឃឹមថាបងប្អូននឹងខិតខំរួមដៃគ្នាកាន់តែខ្លាំងឡើងដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕


វិស័យសារព័ត៌មានកំពុងរីកចម្រើនយ៉ាងខ្លាំង និងបានចូលរួមស្ថាបនា អភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វិស័យសារព័ត៌មានបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា និងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ចំណេះដឹង និងព័ត៌មានពិតដល់ប្រជាពលរដ្ឋ និងស្ថាបនាសង្គមជាតិឱ្យរីកចម្រើនទៅមុខ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញនៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសារព័ត៌មានកំពុងមានការីកចម្រើនយ៉ាងខ្លាំង។ ដើម្បីផលិតព័ត៌មានឱ្យបានល្អ អ្នកសារព័ត៌មានទាំងអស់ត្រូវយល់ដឹងឱ្យបានច្បាស់នូវរឿងរ៉ាវពិតដែលបានកើតមានឡើងក្នុងសង្គម ជាពិសេសត្រូវសរសេរព័ត៌មានទាំងល្អ និងមិនល្អដើម្បីជួយសង្គមជាតិចូលរួមធ្វើការកែលម្អក្នុងន័យស្ថាបនាអភិវឌ្ឍន៍សង្គមឱ្យរីកចម្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្តែងសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានអញ្ជើញមកជួបជុំសំណេះសំណាលជាមួយបងប្អូនកូនក្មួយជាអ្នកសារព័ត៌មានជាតិក្នុងគោលបំណងដើម្បីស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវអនុសាសន៍ល្អៗដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានឱ្យបានល្អត្រឹមត្រូវតាមក្រមសីលធម៌ច្បាស់លាស់ដើម្បីបំរើសង្គមជាតិឱ្យកាន់តែរីកចម្រើនផងដែរ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៦ចំណុចដល់ស្ថាប័នសារព័ត៌មានដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញនៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដើម្បីឱ្យស្ថាប័នសារព័ត៌មានអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ទាំង៦ចំណុចនោះរួមមាន៖
១- ស្ថាប័នព័ត៌មានទាំងអស់ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិតគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឱ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវផ្សព្វផ្សាយព័ត៌មានពិតជាមួយនឹងការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋឱ្យបានយល់ជ្រួលជ្រាបអំពីទិសដៅនិងគោលបំណងរបស់រាជរដ្ឋាភិបាល។
៣- ស្នើឱ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញនៃក្រសួងស្ថាប័ននានាដើម្បីធ្វើការកែលំអរ។ មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
៤- កុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទារលុយពីគេ។
៥- ត្រូវធ្វើនិងផ្សព្វផ្សាយព័ត៌មានឱ្យរហ័សទាន់ពេលវេលាកុំឱ្យព័ត៌មានយឺត (ព័ត៌មានផ្អូម)។
៦- ត្រូវជ្រើសរើសម៉ោងផ្សាយណាមួយដែលគេចង់មើលចៀសវាងផ្សាយនៅថ្ងៃសុក្រ សៅរ៍ ឬថ្ងៃអាទិត្យ ដែលគ្មានអ្នកចង់មើល៕






រដ្ឋបាលខណ្ឌដង្កោ បន្ដសំណេះសំណាលសួរសុខទុក្ខ​កម្មករ កម្មការិនី នៅតាមផ្ទះជួល និងប្រាប់អំពីអត្ថប្រយោជន៍ដែលលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ដល់ជូន

រដ្ឋបាលខណ្ឌដង្កោ ក្រោមការណែនាំផ្ទាល់ពីលោក នុត ពុធដារ៉ា អភិបាលខណ្ឌ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានបន្តចុះសំណេះសំណាល សួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីនៅតាមផ្ទះជួល នៅតាម មូលដ្ឋានដើម្បីផ្សព្វផ្សាយបន្ថែម អំពីអត្ថប្រយោជន៍ជាច្រើន ដែលលោក​នាយករដ្ឋមន្ត្រី បានផ្តល់ជូនដល់ បងប្អូនកម្មករនារយៈពេលកន្លងមក និងនៅឆ្នាំ២០១៨ខាងមុខ ដើម្បីឲ្យកាន់តែយល់ជ្រួតជ្រាបបន្ថែមទៀត។​

ក្នុងឱកាសនោះ ក្រុមការងារបាន​ផ្សព្វផ្សាយអត្ថប្រយោជន៍ជាច្រើន ដែលជាគោលនយោបាយរបស់ លោកនាយករដ្ឋមន្រ្ដី ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់ជូនដល់កម្មករ រួមមាន៖ ប្រាក់ឈ្នួលអប្បបរមា ១៧០ដុល្លារ ក្នុងមួយខែ (ប្រាក់ខែគោល) និងបូករួមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ការបញ្ចុះតម្លៃអគ្គិសនី បញ្ចុះតម្លៃទឹកស្អាត។ ការផ្តល់ការគាំពារសន្តិសុខសង្គម ដល់កម្មករ ចាប់ពីខែមករា ឆ្នាំ២០១៨ គឺម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវបង់ថ្លៃរបបសន្តិសុខសង្គម១០០ភាគរយ ដល់កម្មករ កម្មការិនី ដែលបងប្អូនកម្មករ អាចនៅសល់ប្រាក់ប្រមាណ​៨,០០០រៀល ទៅ​១២,០០០រៀល។

ជាមួយគ្នានេះ កម្មករ កម្មការិនីទាំងអស់ ទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតគិត ថ្លៃតាមរយៈមូលនិធិសមធម៌។ ចំពោះស្ត្រីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងារ រយៈពេល០៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយ លើសពីនេះ កម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជ រដ្ឋាភិបាល នៅពេលសម្រាលកូនដោយ អ្នកសម្រាលកូន០១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលកូនភ្លោះ០២ បានទទួល៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ០៣ ទទួលបាន១លាន ២០ម៉ឺនរៀល។

កម្មករកម្មការិនី ទទួលបានសេវាជិះរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ (Free) រយៈពេល​០២ឆ្នាំ (ពីខែសីហា ឆ្នាំ២០១៧-​ខែសីហា ឆ្នាំ២០១៩) ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួលបានប្រាក់សោធនិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន៨០ភាគរយនៃប្រាក់ខែ ដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ។

ក្នុង​ឱកាសនោះ បងប្អូនកម្មករកម្មការិនីទាំងអស់ បានភាពរីករាយ និងអបអរសាទរចំពោះអត្ថប្រយោជន៍ ដែលលោកនាយករដ្ឋមន្រ្ដី បានផ្តល់ជូនដល់ពួកគាត់កន្លងមក និងបន្ថែមថ្មីៗខាងមុខទៀត ព្រមទាំងថ្លែង អំណរគុណលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរ និងយកចិត្ត ទុកដាក់ដល់បញ្ហា និងការលំបាកនានារបស់ពួកគាត់ ព្រមទាំងដោះស្រាយជូនបានទាន់ពេលវេលា ធ្វើឲ្យពួកគាត់កាន់តែមានជីវភាពកាន់តែល្អប្រសើរឡើង ក្រោមម្លប់សន្តិភាពនៅទូទាំងប្រទេសកម្ពុជា ៕





អ្នកវិភាគអះអាងថា ព្រួញរបស់ សម រង្ស៊ី មួយ បាញ់បានសត្វដល់ទៅបី

សម រង្ស៊ី ដែលជាអ្នកនយោបាយប្រឆាំងគ្មានទីតាំងឈរជើង ហើយកំពុងតែរួតរឹតដោយបណ្តឹងនៅតុលាការ បានព្យាយាមស្វែងរកឱកាសម្តងហើយម្តងទៀត ដើម្បីជួយសង្គ្រោះជីវិត នយោបាយរបស់ខ្លួន និងគ្រប់គ្រង កម្លាំងប្រឆាំងឡើងវិញ ខណៈដៃគូនយោបាយ កឹម សុខា ដែលបានឡើងធ្វើជាប្រធាន បក្សសង្គ្រោះជាតិ មិនទាន់បានប៉ុន្មានផង ក៏ត្រូវជាប់គុកដោយសារ តែទង្វើក្បត់ជាតិ ហើយបក្សក៏ត្រូវបានរំលាយតាមអំណាច សាលដីការបស់តុលាការកំពូលថែមទៀត។ ដើម្បីបំពេញមហិច្ឆតាខ្លួន សម រង្ស៊ី ហ៊ានធ្វើអ្វីៗទាំងអស់ សូម្បីតែបំផ្លាញក្តីសង្ឃឹមចុងក្រោយ របស់ក្រុម កឹម សុខា ដែលខិតខំប្រឹងញុះញង់សហគមន៍អន្តរជាតិឱ្យ ដាក់សម្ពាធលើកម្ពុជា ជាថ្នូរថាជួយប្រស់បក្សសង្គ្រោះជាតិ ឱ្យរស់ឡើងវិញ និងអាចដោះលែង កឹម សុខា ចេញពីគុកបាន។

តាមពិតទៅពេលនេះ សម រង្ស៊ី ពុំមែនជាមេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិនោះទេ ហើយគ្មានតំណែង ណាមួយក្នុងរចនាសម្ព័ន្ធនៃគណបក្សសង្រ្គោះជាតិនោះដែរ។ សម្រាប់ សម រង្ស៊ី គណបក្សសង្រ្គោះជាតិ បានស្លាប់បាត់ទៅហើយ ដូចនេះដើម្បីអាចគ្រប់គ្រងកម្លាំងឡើងវិញ ចាំបាច់ត្រូវបង្កើតយន្តការថ្មីដោយប្រើ កម្លាំងចាស់គឺអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។ សម រង្ស៊ី បាននិងកំពុងស្ថិតនៅក្នុងស្ថានភាព លំបាកដោយសារតែខ្លួនមិនមែនជាសមាជិកបក្ស ហើយចេញមុខមកកាងក្នុងនាមបក្ស។

ជម្លោះផ្ទៃក្នុងបានផ្ទុះឡើងជាពិសេសក្នុងចំណោមអតីតសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ អតីតគណបក្សសង្គ្រោះជាតិ និងបានបើកកិច្ចប្រជុំសម្ងាត់កាលពីយប់ថ្ងៃទី១៩ ខែមករា ដើម្បីផ្សះផ្សារគ្នា។ អតីតគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ជាផ្នែក២ដាច់ពីគ្នា។ ប៉ុន្តែហេតុអ្វីបានជា សម រង្ស៊ី ចាំបាច់បង្កើតចលនាសង្គ្រោះជាតិធ្វើអ្វី? មកពីមានផលប្រយោជន៍! នៅលើជ្រុងយុទ្ធសាស្រ្ត ការបង្កើត ចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិគឺជាព្រួញមួយដែល សម រង្ស៊ី អាចបាញ់សត្វបានដល់ទៅ៣៖

ទី១៖ បង្កើតតំណែងមួយឱ្យ សម រង្ស៊ី ខ្លួនឯងដើម្បីធ្វើសកម្មភាពដោយពេញមុខពេញមាត់។ បើប្រើសំបកនៃគណបក្សសង្រ្គោះជាតិនោះ សម រង្ស៊ី គ្មានតួនាទីអ្វីទេ ហើយ កឹម មនោវិទ្យា នោះទៅវិញទេ ដែលអាចធ្វើការបានដោយពេញមុខ ពេញមាត់ជាមួយបរទេស។ ហេតុដូច្នេះហើយបានជាកន្លងមក សម រង្ស៊ី ប្រវ៉េប្រវ៉ាកាត់កេរ្តិ៍កាត់ខ្មាសធ្វើជាសុំចូលជាសមាជិក គណបក្សសង្រ្គោះជាតិវិញដើម្បីបានមីក្រូនិយាយ ប៉ុន្តែរហូតមកដល់ពេលនេះ ដូចមិនដែលឃើញមានសេចក្តីសម្រេច បញ្ចូលជាសមាជិកណបក្សសង្រ្គោះ ជាតិនៅឡើយទេ។

ទី២៖ យកឈ្មោះដូចគណបក្សសង្រ្គោះជាតិ ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ ងាយស្រួលលើកទង់សង្រ្គោះជាតិ ប្រមូលកម្លាំងអ្នកគាំទ្រ សកម្មជន និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។

ទី៣៖ ភ្ជាប់ខ្លួនក្នុងកញ្ចប់នៃការទាមទារឱ្យបរទេសជួយ។ កម្មវត្ថុសំខាន់នៃយុទ្ធនាការរបស់អ្នកនាង កឹម មនោវិទ្យា គឺទាមទារឱ្យបរទេស ជួយប្រស់សពគណបក្សសង្រ្គោះជាតិឱ្យរស់ឡើងវិញ និងទាមទារឱ្យដោះលែង កឹម សុខា។ ប៉ុន្តែការទាមទារឱ្យ សម រង្ស៊ី បានត្រឡប់ចូលស្រុកវិញដោយអត់ទោស គឺពុំមានឡើយក្នុងកញ្ចប់ នៃការទាមទារ។ បើបេសកកម្មនៃចលនាសង្រ្គោះជាតិ ដូចគ្នានឹងអ្វីដែល កឹម មនោវិទ្យា កំពុងធ្វើក្នុងនាម គណបក្សសង្រ្គោះជាតិ តើចាំបាច់អ្វីត្រូវបង្កើតចលនានេះ?

ដូចនេះក្រៅពីមានតំណែងពេញមុខពេញមាត់ជាថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ អាចគ្រប់គ្រង់ឡើងវិញ នូវកម្លាំងនៃអតីតបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី អាចភ្ជាប់ខ្លួនក្នុងកញ្ចប់នៃដំណោះស្រាយ វិលចូលស្រុក មកធ្វើប្រធានបក្សប្រឆាំងឡើងវិញ ប្រសិនបើបរទេសអាចជួយបានមែន។ ម្យ៉ាងទៀតប្រសិនបើអ្នកនាង កឹម មនោវិទ្យា អតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាប្រធានសាខាគណបក្សសង្រ្គោះជាតិ នៅក្រៅ ប្រទេសទាំងអស់ចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ី នោះមានន័យថា សព និងព្រលឹងនៃ គណបក្សសង្រ្គោះជាតិ ទាំងក្នុង និងក្រៅប្រទេស បានរលាយសូន្យក្លាយជាផ្សែងយ៉ាងពិតប្រាកដ។

សម រង្ស៊ី មិនខ្ចីខ្វល់ឡើយ! សម រង្ស៊ី គិតតែពីកេងចំណេញនយោបាយ ប៉ុន្តែ សម រង្ស៊ី ភ្លេចនិងបានបំភ្លេចនូវ ព្រលឹងខ្មែរ ដោយយកបរទេសធ្វើជាម៉ែឪ ហើយគិតថា បរទេសស្រឡាញ់ខ្មែរជាងខ្មែរ ស្រឡាញ់ខ្មែរទៅទៀត។ ចលនាសង្រ្គោះជាតិត្រូវបានបង្កើតឡើងដោយក្រុម សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិកមានបេសកកម្ម សំខាន់ៗគឺការញុះញង់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់។ ការបង្កើតចលនាបែបនេះគឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងប្រជាជនកម្ពុជាយ៉ាងពិត ប្រាកដ។ គោលបំណងពិតប្រាកដនៃចលនានេះ គឺការបង្កើតរណសិរ្សមួយដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌ បន្ទាប់ ពីបដិវត្តន៍នេះ បានទទួលបរាជ័យនាពេលកន្លងមក។ បដិវត្តន៍ពណ៌គឺជាទម្រង់មួយនៃការធ្វើ រដ្ឋប្រហារ អំណាច ដែលជាអំពើខុសច្បាប់ ហើយបដិវត្តន៍ពណ៌នេះដាច់ខាត មិនស្ថិតនៅលើគន្លងនៃ លទ្ធិប្រជាធិបតេយ្យសេរី ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរនោះទេ។

គណបក្សសង្រ្គោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយដឹកនាំធ្វើបដិវត្តន៍ពណ៌កន្លងមក គឺត្រូវបានតុលា ការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ បានដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីឱ្យបរទេសដែលជា ឪពុកម្តាយ បង្កើតបក្សសង្រ្គោះជាតិនេះជួយសង្រ្គោះ និងប្រស់សាកសព គណបក្សសង្រ្គោះជាតិឱ្យបានរស់ឡើងវិញ ហើយអ្នកនាង កឹម មនោវិទ្យា ដែលមានភាពលេចធ្លោជាងគេក្នុងការដឹកនាំយុទ្ធនាការនេះ បានអះអាងជា ច្រើនលើកច្រើនសាថា បរទេសនៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយយុទ្ធនាការនេះ បានលេច ចេញជាផ្លែផ្កានាពេលខាងមុខ។ ប៉ុន្តែការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិ គឺជាកំហុស ដ៏ធ្ងន់ធ្ងរផ្នែកយុទ្ធសាស្រ្តទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។

នៅក្រៅប្រទេស ការបង្កើតចលនាសង្រ្គោះជាតិ ដោយអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ គឺមានន័យស្មើនឹងការសម្លាប់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលអ្នកនាង កឹម មនោវិទ្យា អះអាងថា បរទេស នៅទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយក៏មានន័យស្មើនឹងការបំផ្លាញចោលនូវយុទ្ធសាស្រ្ត និងកិច្ចខំប្រឹងប្រែងកន្លងមករបស់អ្នកនាង កឹម មនោវិទ្យា នៅក្រៅប្រទេសដែរ។ ដូចនេះ ចាប់ពីពេលនេះតទៅ តើអន្តរជាតិត្រូវធ្វើការជាមួយអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដឹកនាំដោយក្រុម កឹម សុខា ឬធ្វើការជា មួយចលនាសង្រ្គោះជាតិដឹកនាំដោយក្រុម សម រង្ស៊ី។ សម្រាប់ផ្ទៃក្នុងប្រទេសវិញ ចលនាសង្រ្គោះជាតិ គឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងជាខ្មាំងនៃសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ អ្នកចូលរួមក្នុងចលនាឧទ្ទាមបែបនេះ គឺជាអ្នកប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងប្រឆាំងនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូចនេះ កម្លាំងផ្ទៃក្នុងរបស់អតីតបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងចលនានេះនឹងត្រូវបំផ្លាញ។

ប្រវត្តិសាស្រ្តកម្ពុជា បង្ហាញច្បាស់ហើយថា ការបង្កើតចលនានេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរខាងផ្នែកយុទ្ធសាស្រ្ត។ ចលនាមួយដែលយករាជការខ្មែរ ព្រមទាំង សុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ធ្វើជាសត្រូវ គឺត្រូវតែវិនាស។ ការប្រកួតប្រជែងអំណាច ត្រូវធ្វើក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ក្នុងគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងក្នុងក្របខណ្ឌនៃច្បាប់ ដើម្បីកម្ពុជាមួយ រស់ក្នុងសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕

ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨




សមាគមកម្ពុជាការពារអ្នកកាសែត ចេញសេចក្តីថ្លែងការណ៍ ស្តីពីពិធីជួបជុំរវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងអ្នកសារព័ត៌មានលើកទី២

នៅល្ងាចថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងធ្វើកិច្ចជំនួបព្រមទាំងបាយ សាមគ្គី ប្រចាំឆ្នាំជាលើកទី២ ជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យព្រមទាំងមន្រ្តីក្រសួងព័ត៌មានសរុបប្រមាណ ៣៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌ កោះពេជ្រ។

ជាមួយនោះដែរ សមាគមកម្ពុជាការពារអ្នកកាសែត សូមស្វាគមន៍ចំពោះការរៀបចំជំនួបប្រចាំឆ្នាំលើកទី២ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មានដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នេះក្រោមការសម្របសម្រួលរៀបចំដោយ ក្រសួងព័ត៌មាន។

សមាគមកម្ពុជាការពារអ្នកកាសែត បានលើកឡើងថា ជំនួបប្រចាំឆ្នាំរវាងលោកនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌ មានប្រមាណជាង៣ពាន់ នាក់នៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់សម្រាប់វិស័យសារព័ត៌មានកម្ពុជា និងជា ឱកាសពង្រីក និងពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងមន្ត្រីសាធារណៈជាប្រភពព័ត៌មាន និងអ្នកសារព័ត៌មាន ដែលត្រូវការប្រភពព័ត៌មានដើម្បីបម្រើឱ្យការផ្សព្វផ្សាយព័ត៌មានពិតឥតលម្អៀង រហ័ស និងជឿទុកចិត្តសម្រាប់ សាធារណជន។ ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍ របស់សមាគមកម្ពុជាការពារអ្នកកាសែត៖



លិខិតមិត្តអ្នកអាន៖ នៅក្រោយវាំងននចលនាសង្រ្គោះជាតិ

ចលនាសង្រ្គោះជាតិត្រូវបានបង្កើតឡើងដោយក្រុម សម រង្ស៊ី នៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងវីដេអូដែល បង្ហោះក្នុងគេហទំព័រហ្វេសប៊ុកឈ្មោះ សម រង្ស៊ី និងអេង ឆៃអ៊ាង បានបង្ហាញ អំពីបេសកកម្មសំខាន់ៗ នៃចលនាសង្រ្គោះជាតិ គឺការញុះញង់ឱ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំង នឹងរដ្ឋអំណាចស្របច្បាប់។ ការបង្កើតចលនាបែបនេះគឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។ គោលបំណងពិតប្រាកដនៃចលនានេះ គឺការបង្កើតរណសិរ្សមួយ ដើម្បីដឹកនាំធ្វើបដិវត្តន៍ពណ៌ បន្ទាប់ពីបដិវត្តន៍នេះ បានទទួលបរាជ័យនាពេលកន្លងមក។ បដិវត្តន៍ពណ៌គឺជាទម្រង់មួយនៃការធ្វើរដ្ឋប្រហារអំណាច ដែលជាអំពើខុសច្បាប់ ហើយបដិវត្តន៍ពណ៌នេះដាច់ ខាត មិនស្ថិតនៅលើគន្លងនៃ លទ្ធិប្រជាធិបតេយ្យសេរី ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរ នោះទេ។

គណបក្សសង្រ្គោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយដឹកនាំធ្វើបដិវត្តន៍ពណ៌កន្លងមក គឺត្រូវបាន តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ បានដឹកនាំយុទ្ធនាការនៅក្រៅប្រទេស ដើម្បីឱ្យបរទេសដែលជាឪពុកម្តាយ បង្កើតបក្សសង្រ្គោះជាតិនេះជួយសង្រ្គោះ និងប្រស់សាកសព គណបក្សសង្រ្គោះជាតិឱ្យបានរស់ឡើងវិញ ហើយអ្នកនាង កឹម មនោវិទ្យា ដែលមានភាពលេចធ្លោជាងគេក្នុងការដឹកនាំយុទ្ធនាការនេះ បានអះអាងជា ច្រើនលើកច្រើនសាថា បរទេសនៅតែទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយយុទ្ធនាការនេះ បានលេចចេញជាផ្លែផ្កានាពេលខាងមុខ។ ប៉ុន្តែការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិ គឺជាកំហុសដ៏ធ្ងន់ធ្ងរផ្នែកយុទ្ធសាស្រ្តទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។

នៅក្រៅប្រទេស ការបង្កើតចលនាសង្រ្គោះជាតិ ដោយអតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ គឺមានន័យស្មើនឹងការសម្លាប់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេសដែលអ្នកនាង កឹម មនោវិទ្យា អះអាងថា បរទេស នៅទទួលស្គាល់គណបក្សសង្រ្គោះជាតិ ហើយក៏មានន័យស្មើនឹងការបំផ្លាញចោលនូវយុទ្ធសាស្រ្ត និងកិច្ចខំប្រឹងប្រែងកន្លងមករបស់អ្នកនាង កឹម មនោវិទ្យា នៅក្រៅប្រទេសដែរ។ ដូចនេះ ចាប់ពីពេលនេះតទៅ តើអន្តរជាតិត្រូវធ្វើការជាមួយអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិដឹកនាំដោយក្រុម កឹម សុខា ឬធ្វើការ ជាមួយចលនាសង្រ្គោះជាតិដឹកនាំដោយក្រុម សម រង្ស៊ី។ សម្រាប់ផ្ទៃក្នុងប្រទេសវិញ ចលនាសង្រ្គោះជាតិ គឺជាចលនាឧទ្ទាម ដែលជាខ្មាំងរបស់រាជការខ្មែរ និងជាខ្មាំងនៃសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ អ្នកចូលរួមក្នុងចលនាឧទ្ទាមបែបនេះ គឺជាអ្នកប្រឆាំងនឹងរដ្ឋធម្មនុញ្ញនិងប្រឆាំងនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ហើយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ដូចនេះ កម្លាំងផ្ទៃក្នុងរបស់អតីតបក្សសង្រ្គោះជាតិ ដែលចូលរួមក្នុងចលនានេះនឹងត្រូវបំផ្លាញ។

តើ សម រង្ស៊ី ជានរណា? សម រង្ស៊ី ជាអ្នកនយោបាយប្រឆាំងគ្មានទីតាំងឈរជើង។ សម រង្ស៊ី ពុំមែនជាមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិនោះទេ ហើយគ្មានតំណែងណាមួយក្នុង រចនាសម្ព័ន្ធនៃគណបក្សសង្រ្គោះ ជាតិនោះដែរ។ សម្រាប់ សម រង្ស៊ី គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ដូចនេះ ចាំបាច់ត្រូវបង្កើត យន្តការថ្មី ដោយប្រើកម្លាំងចាស់ គឺអ្នកគាំទ្រ និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។ ជម្លោះផ្ទៃក្នុងបានផ្ទុះឡើងជាពិសេសក្នុងចំណោមអតីតសមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់អតីត គណបក្សសង្គ្រោះជាតិ និងបានបានបើកកិច្ចប្រជុំសម្ងាត់កាលពីយប់ថ្ងៃទី ១៩ ខែមករា ដើម្បីផ្សះផ្សារគ្នា។ អតីតគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ជាផ្នែក២ដាច់ពីគ្នា។ លើជ្រុងយុទ្ធសាស្រ្តវិញ ការបង្កើតចលនាសង្រ្គោះជាតិ ក្រៅគណបក្សសង្រ្គោះជាតិគឺជាព្រួញមួយដែល សម រង្ស៊ី បាញ់សត្វបានដល់ទៅ៣៖

ទី១៖ បង្កើតតំណែងមួយឱ្យ សម រង្ស៊ី ដើម្បីធ្វើសកម្មភាពដោយពេញមុខពេញមាត់។ បើប្រើសំបកនៃគណបក្សសង្រ្គោះជាតិ នោះ សម រង្ស៊ី គ្មានតួនាទីអ្វីទេ ហើយ កឹម មនោវិទ្យា នោះទៅវិញទេ ដែលអាចធ្វើការបានដោយពេញមុខ ពេញមាត់ជាមួយបរទេស។ ហេតុដូច្នេះហើយ បានជាកន្លងមក សម រង្ស៊ី ប្រវ៉េប្រវ៉ាកាត់កេរ្តិ៍កាត់ខ្មាសធ្វើជាសុំចូលជាសមាជិកគណបក្សសង្រ្គោះជាតិវិញដើម្បីបានមីក្រូនិយាយ ប៉ុន្តែ រហូតមកដល់ពេលនេះ ដូចមិនដែលឃើញមានសេចក្តីសម្រេចបញ្ចូលជាសមាជិគណបក្ស​សង្រ្គោះជាតិ​នៅឡើយទេ។

ទី២៖ យកឈ្មោះដូចគណបក្សសង្រ្គោះជាតិ ដើម្បីបង្កើតឱ្យមានការភ័ន្តច្រឡំ ងាយស្រួលលើកទង់សង្រ្គោះជាតិ​ប្រមូលកម្លាំងអ្នកគាំទ្រ សកម្មជន និងមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ។

ទី៣៖ ភ្ជាប់ខ្លួនក្នុងកញ្ចប់នៃការទាមទារឱ្យបរទេសជួយ។ កម្មវត្ថុសំខាន់នៃយុទ្ធនាការរបស់អ្នកនាង កឹម មនោវិទ្យា គឺទាមទារឱ្យបរទេស ជួយប្រស់សពគណបក្សសង្រ្គោះជាតិឱ្យរស់ឡើងវិញ និងទាមទារឱ្យដោះលែង កឹម សុខា។ ប៉ុន្តែការទាមទារឱ្យ សម រង្ស៊ី បានត្រឡប់ចូលស្រុកវិញដោយអត់ទោស គឺពុំមានឡើយក្នុង​កញ្ចប់នៃ​ការទាមទារ។ បើបេសកកម្មនៃចលនាសង្រ្គោះជាតិដូចគ្នានឹងអ្វីដែល កឹម មនោវិទ្យា កំពុងធ្វើក្នុងនាម​គណបក្សសង្រ្គោះជាតិ តើចាំបាច់អ្វីត្រូវបង្កើតចលនានេះ?

ដូចនេះ ក្រៅពីមានតំណែងពេញមុខពេញមាត់ជាថ្នាក់ដឹកនាំនៃចលនាសង្រ្គោះជាតិ អាចគ្រប់គ្រង់ឡើងវិញនូវ​កម្លាំងនៃអតីតបក្សសង្រ្គោះជាតិ គឺ សម រង្ស៊ី អាចភ្ជាប់ខ្លួនក្នុងកញ្ចប់នៃដំណោះស្រាយ វិលចូលស្រុក​មកធ្វើប្រធានបក្សប្រឆាំងឡើងវិញ ប្រសិនបើបរទេសអាចជួយបានមែន។ ម្យ៉ាងទៀត ប្រសិនបើអ្នកនាង កឹម មនោវិទ្យា អតីតថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ ក៏ដូចជាប្រធានសាខាគណបក្សសង្រ្គោះ​ជាតិនៅក្រៅ​ប្រទេសទាំងអស់ចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់ សម រង្ស៊ីនោះមានន័យថា សព និងព្រលឹងនៃ​គណបក្សសង្រ្គោះជាតិ ទាំងក្នុង និងក្រៅប្រទេស បានរលាយសូន្យក្លាយជាផ្សែងយ៉ាងពិតប្រាកដ។

សម រង្ស៊ី គិតតែពីកេងចំណេញនយោបាយ ប៉ុន្តែ សម រង្ស៊ី ភ្លេច និងបានបំភ្លេចនូវព្រលឹងខ្មែរ ដោយយកបរទេសធ្វើជាម៉ែឪ ហើយគិតថាបរទេសស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរទៅទៀត។ ប្រវត្តិសាស្រ្តកម្ពុជា បង្ហាញច្បាស់ហើយថា ការបង្កើតចលនានេះ គឺជាកំហុសដ៏ធ្ងន់ធ្ងរខាងផ្នែកយុទ្ធសាស្រ្ត។ ចលនាមួយដែលយករាជការខ្មែរ ព្រមទាំង សុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រជាជនកម្ពុជា ធ្វើជាសត្រូវ គឺត្រូវតែវិនាស។ ការប្រកួតប្រជែងអំណាច ត្រូវធ្វើក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ក្នុងគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងក្នុងក្របខណ្ឌនៃច្បាប់ ដើម្បីកម្ពុជាមួយ រស់ក្នុងសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕

ដោយ៖ ចៅ ចាក់ស្មុក, រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨