Monday, January 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍៦ចំណុចដល់ស្ថាប័នសារព័ត៌មានដើម្បីអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ រាជធានីភ្នំពេញនៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដើម្បីឱ្យស្ថាប័នសារព័ត៌មានអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។

អនុសាសន៍ទាំង៦ចំណុចនោះរួមមាន៖
១- ស្ថាប័នព័ត៌មានទាំងអស់ត្រូវដើរតួនាទីជាស្ថាប័នព័ត៌មានពិតគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។ សូមកុំឱ្យកញ្ចក់នោះជាកញ្ចក់ដែលបែកធ្លុះផ្សាយព័ត៌មានមិនពិតពីសង្គម។
២- ស្ថាប័នព័ត៌មានរដ្ឋ និងឯកជនត្រូវផ្សព្វផ្សាយព័ត៌មានពិតជាមួយនឹងការពន្យល់ច្បាស់លាស់ទៅប្រជាពលរដ្ឋឱ្យបានយល់ជ្រួលជ្រាបអំពីទិសដៅនិងគោលបំណងរបស់រាជរដ្ឋាភិបាល។
៣- ស្នើឱ្យសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែលបានដាក់ចេញនៃក្រសួងស្ថាប័ននានាដើម្បីធ្វើការកែលំអរ។ មិនមែនរិះគន់ដើម្បីតែជាន់ពន្លិចនោះទេ។
៤- កុំធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទារលុយពីគេ។
៥- ត្រូវធ្វើនិងផ្សព្វផ្សាយព័ត៌មានឱ្យរហ័សទាន់ពេលវេលាកុំឱ្យព័ត៌មានយឺត (ព័ត៌មានផ្អូម)។
៦- ត្រូវជ្រើសរើសម៉ោងផ្សាយណាមួយដែលគេចង់មើលចៀសវាងផ្សាយនៅថ្ងៃសុក្រ សៅរ៍ ឬថ្ងៃអាទិត្យ ដែលគ្មានអ្នកចង់មើល៕






No comments:

Post a Comment